—៙ស្វែងយល់ពីខ្លឹមសារសំខាន់ៗ នៃបុណ្យមាឃបូជា៙—
បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជនាថៃ្ងទី១៥កើតខែមាឃក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។
បុណ្យមាឃបូជានេះ ពុទ្ធសាសនិកគ្រប់រូបនិយមប្រារព្ធឡើងដោយរឭកចំពោះហេតុសំខាន់ៗ ៣យ៉ាង ៖
១.មហាចតុរង្គសន្និបាតៈ កិច្ចប្រជុំដ៏ធំដែលប្រកបដោយអង្គ៤
ក. ព្រះសង្ឃសមណទូត ១,២៥០អង្គដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ បញ្ជូនទៅកាន់តំបន់ផ្សេងៗដើម្បីផ្សព្វផ្សាយ គោលធម៌បានវិលត្រឡប់ មកចូលគាល់ ព្រះអង្គវិញយ៉ាង ព្រមព្រៀងគ្នា (សព្វេ ខីណាសវា)។
ខ. ព្រះសង្ឃទាំងអស់សុទ្ធតែជាឯហិភិក្ខុ ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បំបួស ឱ្យដោយផ្ទាល់ដែល ហៅថា ឯហិភិក្ខុឧបសម្បទា (សព្វេ ឯហិភិក្ខុកា) ។
គ. ព្រះសង្ឃទាំងអស់សុទ្ធតែជាព្រះអរហន្តបានអភិញ្ញា ៦ គឺ សម្តែងឫទ្ធិបាន, ត្រចៀកទិព្វ, ភ្នែកទិព្វ, កំណត់ដឹងចិត្តអ្នកដទៃ, រលឹកជាតិបាន និងអស់អាសវៈមកជួបប្រជុំគ្នាក្នុងវត្តវេឡុវ័ន ដោយមិនបាន ណាត់មត់ទុកជាមុន (សព្វេ អនិមន្តិតា) ។
ឃ. ថ្ងៃដែលព្រះសង្ឃទាំងអស់ជួបប្រជុំគ្នានោះ ត្រូវនឹងថ្ងៃពេញបូណ៌មីខែមាឃ (មាឃនក្ខត្តេ បុណ្ណចន្ទោ)។
ចតុរង្គសន្និបាតនេះប្រារព្ធធ្វើនៅក្នុងវត្តវេឡុវ័នក្នុងក្រុងរាជគ្រឹះនៃមគធរដ្ឋរបស់ព្រះបាទពិម្ពិសារ ក្រោយពីព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹង អនុត្តរសម្មាសម្ពោធិញាណកន្លងហើយបាន ៩ខែ គឺ មុន ព.ស.៤៥ឆ្នាំ។
២.ឱវាទបាតិមោក្ខៈ
នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍មួយចំនួន១១ សម្រាប់ឱ្យ សមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយ ដល់ជនដទៃទៀត ឱ្យបានយល់ពីពុទ្ធសាសនា។
គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឱ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ ៖ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឱ្យយល់ដឹង និងអនុវត្ត។
គោលការណ៍ទាំង ១១ប្រការនេះ គឺជាផែនការជីវិតសម្រាប់ពុទ្ធសាសនិកគ្រប់រូប ដោយផែនការនេះ អាចបែងចែកជា ៣ផ្នែកធំៗគឺ គោលបំណង វិធានការ និងការរៀបចំខ្លួន។
ក.គោលបំណង មាន១ចំណុចៈ
• គោលបំណងបានដល់ ព្រះនិព្វានចាត់ជាគោលបំណងខ្ពង់ខ្ពស់របស់ព្រះពុទ្ធសាសនា (សេចក្តីសុខ ភាពងាយស្រួលរស់នៅក្នុងជីវិត)
ខ.វិធានការ មាន៣ចំណុចៈ
• មិនធ្វើអំពើអាក្រក់ទាំងពួង (សន្តិសុខ)
• ធ្វើអំពើល្អឱ្យដល់ព្រម (ប្រយោជន៍សង្គម)
• ធ្វើចិត្តរបស់ខ្លួនឱ្យផូរផង់(អត្តាភិវឌ្ឍន៍)។
គ.ការរៀបចំខ្លួន មាន៧ចំណុចៈ
• ខន្តី គឺឧត្តមគតិបានដល់ អំណត់អត់ធ្មត់ចាត់ជាការតស៊ូយ៉ាងសិ្វតស្វាញ (អភ័យទានផ្នែកនយោបាយ)។
• វិធីបដិបត្តិបានដល់ មិនរំលោភសិទ្ធិមនុស្សនិងសត្វ (សិទ្ធិមនុស្ស)។
• មិនតិះដៀលបរិហារកេរ្តិ៍បុគ្គលណា (វចីសុចរិត)
• រស់នៅក្នុងច្បាប់មិនធ្វើទុក្ខបុកម្នេញបុគ្គលណា (អហិង្សា ឬ សន្តិវិធី)
• ស្គាល់ប្រមាណក្នុងអាហារ (សេដ្ឋកិច្ច)
• អង្គុយឬសិងក្នុងទីស្ងាត់ (នគរូបនីយកម្ម)
• ការគ្រប់គ្រងចិត្ត គឺប្រកបព្យាយាមក្នុងអធិចិត្ត (សិក្សាធិការ)។
គោលការណ៍ទាំង១១ចំណុចខាងលើនេះ ចាត់ជាគោលនយោបាយរបស់ព្រះពុទ្ធសាសនា ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឱ្យយល់ដឹង និងអនុវត្ត។
ថ្ងៃមាឃបូជាចាត់ជាថ្ងៃព្រះធម៌, ថ្ងៃវិសាខបូជាចាត់ជាថ្ងៃព្រះពុទ្ធ, ថ្ងៃអាសាឡ្ហបូជាចាត់ជាថ្ងៃព្រះសង្ឃ។
៣.ព្រះសម្មសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ
ពេលចេញវស្សាទី៤៥ ព្រះពុទ្ធទ្រង់ប្រកាសដាក់អាយុសង្ខារនៅចំពោះមុខមារថា ព្រះអង្គនឹងបរិនិព្វានក្នុងរយៈពេលបីខែទៀត។ កាលដែលព្រះបរមសាស្តានៃយើងទ្រង់នៅមានព្រះជន្ម បើគិតតាមឈ្មោះខែ នៅខ្វះ ៤ខែ, បើគិតតាមចំនួនថ្ងៃ នៅខ្វះតែ ៨៨ ថ្ងៃទៀត នឹងគ្រប់ ៨០ ឆ្នាំគត់, ព្រះអង្គទ្រង់កំណត់នូវព្រះជន្មាយុសង្ខារថា ម្នាលភិក្ខុទាំងឡាយ គិតពីថ្ងៃនេះទៅ នៅខ្វះតែ ៣ ខែទៀតទេ តថាគតនឹងរំលត់ខន្ធចូលកាន់និព្វាន។
ការកំណត់ព្រះជន្មាយុនេះ គឺនៅថ្ងៃ ១៥កើត ខែមាឃនេះឯង។ តិថីនេះជាឧបលក្ខិតសម័យដ៏ឧត្តម ក្នុងព្រះពុទ្ធសាសនា គឺជាថ្ងៃសម្រាប់ពុទ្ធមាមកជន ទាំងបព្វជិតទាំងគ្រហស្ថ ប្រជុំគ្នាធ្វើសក្ការបូជា ចំពោះព្រះសម្មាសម្ពុទ្ធអង្គនោះ ព្រមទាំងព្រះធម៌ជាបរមពុទ្ធោវាទ និងព្រះអរិយសង្ឃជាសាវ័ករបស់ព្រះអង្គ។ ជាពិសេសបានឱកាសពិចារណានូវវិបរិណាមធម៌ដើម្បីសន្សំជាបច្ច័យរួចផុតចាកទុក្ខក្នុងជាតិណាមួយ។
ប្រយោជន៍នៃថ្ងៃមាឃបូជាគឺ៖
១. ពុទ្ធសាសនិកជនបានយល់ដឹងយ៉ាងត្រឹមត្រូវ ដល់សារៈសំខាន់នៃថ្ងៃមាឃបូជានេះ។
២. យល់ដឹងគោលធម៌ និងគោលជំហររបស់ព្រះពុទ្ធសាសនា។
៣. បណ្តុះសទ្ធាជ្រះថ្លាឱ្យកាន់តែភិយ្យោភាពឡើង ក្នុងគោលធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់។
៤. បានបដិបត្តិតួនាទីរបស់ពុទ្ធសាសនិកជន ក្នុងថ្ងៃមាឃបូជានេះ។
៥. បានជួយជ្រោមជ្រែងព្រះពុទ្ធសាសនា ឱ្យស្ថិតស្ថេរចីរកាលយូរអង្វែង។
ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥
No comments:
Post a Comment