ទស្សនវិជ្ជាព្រះពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច
បង្រៀនអំពីគំនោលសេដ្ឋកិច្ចជាន់ទាប
គំនោល ឬគម្រោងបង្រៀននៃពុទ្ធសាសនា ដែលគេបានឃើញថា មានការទាក់ទងជាមួយនិងសេដ្ឋកិច្ចផ្ទាល់ ខ្លួនរបស់មនុស្សម្នាក់ៗ ឬគ្រួសារជាទូទៅគឺ ៖
ទិដ្ឋធម្មិកត្ថ (ប្រយោជន៍បច្ចុប្បន្ន) បានដល់ការបង្រៀនឲ្យតាំងខ្លួននៅក្នុងរ មាំទាំ តាមផ្លូវសេដ្ឋកិច្ច ប្រកបដោយអង្គ ៤ ប្រការគឺ :
ក/ ការសំភីសង្វាតស្វែងរកទ្រព្យគ្រប់ប្រភេទទាំងមានរូប ទាំងគ្មានរូប
ខ/ ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្តិ ឬចេះសន្សំ ចេះសំច័យ
គ/ ការចេះសេពគប់នឹងមិត្តសំឡាញ់មានចរិយាថ្លៃថ្នូរ ឬចេះច្នៃមិត្តអាក្រក់ឲ្យបានជាមិត្តល្អ
ឃ/ ការចេះចាយវាយឲ្យសមគួរល្មមដល់ឋានៈនៃទ្រព្យសម្បត្តិ ឬចេះរៀនរស់ក្នុងភាពសន្តោស, ឬភាពល្មម គ្រប់គ្រាន់ជានិច្ច ។
ទទួលបានផលប្រយោជន៍បច្ចុប្បន្នភ្លាមៗនោះគឺ៖
១-ការប្រឹងប្រែងធ្វើការងារ
មិនខ្ជិលច្រអូសជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា។ ត្បិតបូរាណបានផ្ដាំយើងថា “កុំចាំថ្ងៃស្អែក, ធ្វើអ្វីធ្វើឲ្យហើយ”។ ព្រះពុទ្ធបរមគ្រូបានបង្រៀនយើងថា ៖ កុំអាងហេតុ ៦យ៉ាងគឺ ៖
១.ព្រឹកណាស់
២.ល្ងាចណាស់
៣.ស្រេកណាស់
៤. ឃ្លានណាស់
៥. ក្ដៅណាស់
៦. ត្រជាក់ណាស់
ព្រះបរមគ្រូទ្រង់រំឭកតទៅទៀតថា
“វិរិយេន ទុក្ខមច្ចេតិ “ចង់រួចចាកទុក្ខត្រូវព្យាយាម”
ចំពោះការងារគ្រប់ចំពូក។
ភាសិតសម័យវិទ្យាសាស្ត្រថា “ខំស៊ូចំពោះធម្មជាតិ,..ក្ដៅ,ត្រជាក់,ឈឺចាប់”កុំទម្រន់ខ្លួន។
២-ការរក្សានូវទ្រព្យដែលខ្លួលបានរកចេះសន្សំសំចៃ
ចេះរក្សា ចេះទុកដាក់ ចេះការពារទ្រព្យដែលខ្លួនរកបានហើយកុំឱ្យបាត់បង់ដោយហេតុណាមួយ
ឈ្មោះថា អារក្ខសម្បទា។
វិធីថែរក្សាទ្រព្យ៤យ៉ាង
ក/ ចេះស្វែងរករបស់ដែលបាត់
របស់ដែលបាត់ ជួនកាលបាត់ដោយអស់បុណ្យ ជួនការបាត់ដោយអកុសលបៀតបៀនជួនកាលក៏បាត់ ដោយអាស្រ័យការធ្វេសប្រហែសនៃម្ចាស់របស់។ ប៉ុន្តែបើទុកជាទ្រព្យនោះត្រូវបាត់បត់ទៅដោយប្រការណាក៏ដោយ ក៏ត្រូវស្វែងរកដែល ព្រោះថាជួនកាលអាចឃើញមកវិញដោយពិតប្រាកដ តែថាបើរកមិនឃើញទេ ត្រូវចេះទទួលស្គាល់ការពិតផង ត្រូវចេះហាមប្រាមចិត្តដែលសោកស្ដាយខ្លាំងៗ និងសេចក្ដីក្រោធខឹងកុំឲ្យកើតឡើង បើមិនដូច្នោះទេ យើងមិនមែនបាត់បង់ត្រឹមតែទ្រព្យប៉ុណ្ណោះទេ ទ្រព្យដែលបាត់នោះ បានឆក់យកនូវសេចក្ដីសុខរបស់យើងទៅជាមួយផងដោយពិត។
២/ ចេះជួសជុលរបស់ដែលខូចឬចាស់
វត្ថុសម្រាប់ប្រើប្រាស់ទាំងអស់ សុទ្ធតែត្រូវប្រែប្រួលនិងចាស់គ្រាំគ្រា ទីបំផុតនឹងត្រូវខូចខាតទៅដោយឥតមានសេសល់ឡើយ ប៉ុន្តែថ្វីបើយ៉ាងនេះហើយក៏ដោយ បើចេះថ្នមវាក៏អាចប្រើប្រាស់បានកាលយូរអង្វែង មិនសូវខាតប្រាក់ក្នុងការទិញរបស់ថ្មីមកប្រើជំនួស ហើយយើងអាចសន្សំប្រាក់សម្រាប់ទុកធ្វើជាដើមទុនក្នុងមុខរបរ ឬក៏អាចធ្វើអ្វីដែលជាប្រយោជន៍ផ្សេងទៀតបាន។
របស់របរខ្លះ មិនមែនថាចាស់រហូតដល់ប្រើលែងបាននោះទេ គ្រាន់តែអន់រូបអន់រាងបន្តិចប៉ុណ្ណោះ ដូចជានៅក្នុងរឿងទូរស័ព្ទ ត្រឹមតម្លៃ ៧០ ឬ ៨០ ដុល្លា ក៏ល្មមសមគួរនឹងប្រើប្រាស់ក្នុងការទំនាក់ទំនងគ្នាបានដោយស្រួលទៅហើយ ប៉ុន្តែដោយចង់ដេញម៉ូតដេញសម័យ ត្រូវថែម ១០០ ឬ ២០០ ដុល្លាទៀតដើម្បីដូរយករបស់ថ្មី ទង្វើបែបនេះ មិនមែនត្រឹមតែដើម្បីប្រយោជន៍រស់នោះទេ គឺថាប្រាក់ដែលបន្ថែមពីលើនេះ គឺជាការបូជាតណ្ហាដោយពិត។ ចំណែកភិក្ខុសាមណេរ ត្រូវតែគិតអំពីបញ្ហានេះ កុំភ្លេចខ្លួនឲ្យសោះ។
ប្រុសសង្ហា មិនមែនដោយសារទូរស័ព្ទទេ បូរាណបានពោលថា " ស្រីស្រស់ព្រោះចរិយា ប្រុសសង្ហាព្រោះវិជ្ជា " ចំណែកបព្វជិត ក៏មិនខុសពីស្ត្រីប៉ុន្មានដែរ បើមានតែវិជ្ជាខ្វះចរិយា ដូចផ្លែល្វាល្អតែក្រៅ។
របស់ខ្លះចាស់ទៅមែន តែនៅមានប្រយោជន៍ ហើយបើរបស់នោះមិនចេះយំទារចំណីស៊ីទេ គប្បីតែថែរក្សាទុកឲ្យបានល្អ ជួនកាលពេលនេះយើងមិនត្រូវការ ដោយអាងថា មានគ្រប់គ្រាន់ហើយ ប៉ុន្តែថ្ងៃណាមួយយើងនឹងអាចត្រូវការវាជាក់ជាមិនខាន។
គ/ បរិភោគល្មមប្រមាណ
ការបរិភោគល្មមប្រមាណ សំដៅដល់ការចេះសន្ដោសក្នុងការបរិភោគ មិនល្មោភតាមតែចំណង់ ព្រោះយើងមិនមែនបរិភោគតែមួយពេលហើយឈប់នោះទេ ត្រូវគិតទៅដល់ថ្ងៃក្រោយផង ក្រែងលោរកមិនបានដូចថ្ងៃនេះ។
ឃ/ មិនតាំងបុរសឬស្ត្រីទ្រុស្ដសីលជាធំ
បុរសឬស្ត្រី ដែលទ្រុស្ដសីលក្នុងទីនេះសំដៅយកបុរសស្ត្រីណា ដែលមិនមានការស្មោះត្រង់ ហើយចូលចិត្តប្រព្រឹត្តអបាយមុខ ដូចជាល្បែងស៊ីសងជាដើម។ ការដែលប្រគល់ឲ្យបុរសឬស្ត្រីប្រភេទនេះ ឲ្យជាអ្នកកាន់កាប់ទ្រព្យសម្បត្តិតែងតែមានការវិនាសអន្តរាយមិនខានឡើយ ដូចនៅក្នុងខុទ្ទកនិកាយ សុត្តនិបាត ឧរគវគ្គបរាភវសូត្រទី ៦ គាថាទី ១១ ព្រះមានព្រះភាគទ្រង់ត្រាស់តបបញ្ហារបស់ទេវតាថា
" ឥត្ថឹសោណ្ឌឹ វិកិរណឹ បុរិសំ វាប តាទិសំ ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ"
ប្រែថា " បុរសបុគ្គលតាំងស្ត្រីអ្នកលេងខ្ជះខ្ជាយ ឬបុរសបែបនោះដែរ ក្នុងឋានៈជាធំនោះជាប្រធាននៃសេចក្ដីវិនាស " ។
បុរសស្ត្រីដែលខ្ជះខ្ជាយដូច្នេះ ប្រៀបដូចជាកញ្ជើដែលមានបាត់ធ្លុះ បើទុកជាគេខំដាក់របស់បំពេញយ៉ាងណា ក៏មិនអាចពេញបានឡើយ។
ត្រូវចេះបែងចែកទ្រព្យសម្បត្តិ ៤ យ៉ាង
១. ដោះបំណុលចាស់ សេចក្តីថាយើងគប្បីដឹងប្រាកដក្នុងចិត្តថា
ការដែលយើងទាំងអស់គ្នាមានជីវិតរស់នៅសព្វថ្ងៃ និងធំធាត់មកដល់ពេលនេះគឺបានមកដោយការផ្តល់កំនើតពីមាតាបិតាយើង
និងការចិញ្ចឹមបីបាច់ថែរក្សាយើងតាំងពីតូចមក។ វាមិនមែនជារឿងងាយស្រួលនោះទេដែលពួកគាត់បានចិញ្ចឹមយើងមកដល់ពេលនេះ
ត្រូវចំណាយច្រើនណាស់ ចំណាយកម្លាំងកាយ-ចិត្ត ពួកគាត់ហត់នឿយខ្លាំងណាស់។ ហេតុនេះយើងជាកូនត្រូវយកចិត្តទុកដាក់ចិញ្ចឹមថែរក្សាពួកគាត់វិញដូចគ្នា
នេះឈ្មោះថាយើងដោះបំណុលចាស់។
២. បុលបំណុលថ្មី សេចក្តីថាការដែលយើងបង្កើតកូនមកហើយត្រូវតែមានទំនួលខុសត្រូវ
ក្នុងនាមជាមាតាបិតា ត្រូវមានការយកចិត្តទុកដាក់ក្នុងការចិញ្ចឹមថែរក្សាកូនៗរបស់ខ្លួនឱ្យបានល្អ និងគប្បីរៀបចំអនាគតសម្រាប់កូនៗរបស់យើងឱ្យបានប្រសើរ ពោលគឺត្រូវបំពេញខ្លួនឱ្យបានត្រឹមត្រូវតាមតួនាទីទាំង៥ ដែលមានចែងក្នុងព្រះពុទ្ធសាសនា។ ការបើបានធ្វើល្អដាក់កូនៗបែបនេះពេលដែលកូនរកស៊ីមានបានធូរធារហើយត្រូវតែតបស្នងសងគុណពួកគាត់វិញ។
៣. បោះចូលទៅក្នុងជ្រោះជ្រៅ សេចក្តីថាជ្រោះដែលជ្រៅបំផុតដែលបំពេញមិនចេះ
ពេញនោះគឺក្រពះ រូបកាយយើងប្រៀបបានដូចជាជ្រោះ
មាត់របស់យើងប្រៀបបានដូចជាមាត់ជ្រោះ សេចក្តីនេះលោកចង់ឱ្យយើងទុកទ្រព្យសម្បតិ្តមួយផ្នែកសម្រាប់ចិញ្ចឹមជីវិត
ការចិញ្ចឹមជីវិតនេះទៀតសោតត្រូវចិញ្ចឹមជិវិតប្រកបដោយធម៌ វៀរចាកការចិញ្ចឹមជីវិតខុសដោយការទៅលួច
ឆក់ ប្លន់គេជាដើម។នៗធំឡើងពួកគេនិងប្រតិបត្តិមកវិញដូចគ្នាយើងនោះដែរ នេះឈ្មោះថាបុលបំណុលថ្មី។
៤. កប់ទុកក្នុងធរណី សេចក្តីថា
មានទ្រព្យសម្បត្តិហើយយើងគប្បីយកទ្រព្យទៅទុកដាក់ឱ្យបានល្អ ចៀសពីចោរទាំងឡាយ។
ចោរក្នុងនេះមានពីរ គឺចោរខាងក្រៅ និងចោរខាងក្នុង ចោរខាងក្រៅសំដៅដល់ចោរគឺអ្នកដទៃមិនមែនខ្លួនឯងដែលមានសេចក្តីប៉ងប្រាថ្នាចង់យករបស់ទ្រព្យអ្នកដទៃ
រឺឯចោរខាងក្នុងសំដៅដល់កិលេសតណ្ហារបស់ខ្លួនឯង មនុស្សភាគច្រើនជាប់ជំពាក់និងទ្រព្យសម្បត្តិខ្លាំងពេកបានបណ្តាលឱ្យពួកគេក្លាយទៅជាមនុស្សកំណាញ់
មិនមានការលះបង់ជាទាន មិនមានការចែករំលែកដល់សង្គម។
ហេតុនេះត្រូវដឹងថាចោរខាងក្នុងខ្លួនវាបង្កហានិភ័យដល់ខ្លួនខ្លាំងណាស់
វាអាចធ្វើឱ្យយើងក្លាយទៅជាមនុស្សអាក្រក់បានដោយសារទ្រព្យសម្បត្តិ ដូចនេះត្រូវយកទ្រព្យមួយចំណែកកប់ទៅក្នុងធរណី
គីមានន័យថាយកទៅធ្វើបុណ្យកុសលទុកសម្រាប់ខ្លួនយើងទៅជាតិមុខៗទៀត។ជីវិតរបស់យើងម្នាក់ៗមានតម្លៃណាស់ក្នុងរង្វង់ក្រុមគ្រួសារ
ស្វាមីភរិយាតែងតែត្រូវការភាពស្មោះត្រង់រវាងគ្នា កូនប្រុសស្រី តែងត្រូវការភាពកក់ក្តៅអំពីឪពុកម្តាយ
ចំណែកឯឪពុកម្តាយក៏ត្រូវការភាពឱនលំទោន និងការស្តាប់បង្គាប់ពីកូនវិញផងដែរ។
ទ្រព្យសម្បត្តិរកបានមកហើយ មិនមែនថាមិនត្រូវអស់វិញនោះទេ
ប៉ុន្តែគួរតែឲ្យអស់ទៅក្នុងហេតុដែលគួរអស់។ តាមពុទ្ធឱវាទដែលបង្រៀនឲ្យមនុស្សចេះបែងចែកទ្រព្យសម្បត្តិមានចំនួន
៤ យ៉ាងក្នុងការប្រើប្រាស់នៃការចំណាយដោយមានហេតុផលត្រឹមត្រូវ។
ព្រះតេជគុណមានសង្ឃដីកាថា៖
«ទ្រព្យសម្បត្តិ ៤ យ៉ាង សម្រាប់ប្រើប្រាស់មានមូលហេតុត្រឹមត្រូវ ៖
ទី១ សម្រាប់ការចិញ្ចឹមជីវិតខ្លួនឯង មាតាបិតា បុត្រ ភរិយា ឬទាសកម្មករដែលនៅជាមួយខ្លួន។
ទី ២ ចាយទ្រព្យដើម្បីការពារទ្រព្យ គឺចាយដោយការវៃឆ្លាត ដើម្បីដោះខ្លួនឯងឲ្យរួចផុតពីសេចក្តីអន្តរាយផ្សេងៗដូចជា អន្តរាយព្រោះភ្លើង ទឹក ឬក៏ចោរកម្មជាដើម»។
«ទី៣ ចំណាយទ្រព្យចាត់ចែង សម្រាប់ជួយសង្គ្រោះញាតិ និងទុកសម្រាប់ទទួលភ្ញៀវ ដែលមកអំពីចម្ងាយគឺសំដៅទៅលើពលី ៥ យ៉ាង គឺមានញាតិពលីជាដើម និង
ទី ៤ ចាត់ចែងបរិច្ចាគទាន ទៅសមណព្រាហ្មណ៍ អ្នកមានសីលជាទីស្រឡាញ់»។
ការចិញ្ចឹមជីវិតស្មើសំដៅដល់ការដឹងប្រមាណក្នុងការចាយវាយទ្រព្យសម្បត្តិ មិនខ្ជះខ្ជាយ ឬមិនហ៊ឺហាតាមសម័យពេក ឬចេះសម្លឹងមើលកាលជាអនាគតព្រោះមនុស្សគ្រប់គ្នា មានការកើតមកពេញលក្ខណៈជាមនុស្ស។ បើមិនស្លាប់ពីក្មេងទេគង់តែនឹងក្លាយជាអ្នកគ្រប់គ្រងក្រុមគ្រួសារមិនខាន។ អ្នកអាចគ្រប់គ្រងក្រុមគ្រួសារបានល្អគឺជាមនុស្សមិនខ្ជះខ្ជាយ ខណៈចេះចាយវាយទ្រព្យសម្បត្តិតាមគន្លងធម៌គឺជាពរដ៏ប្រសើរសម្រាប់គ្រប់គ្នា។ «ការអស់ទ្រព្យសម្បត្តិ តាមវិធីដែលរៀបរាប់មកនេះឈ្មោះថាអស់ទៅដោយប្រពៃមិនគួរឲ្យសោកស្តាយឡើយ។ តែបើអស់ទៅហើយថែមទាំងគួរឲ្យរង្កៀសចិត្តនោះគឺសំដៅការចំណាយប្រាក់ក្នុងអបាយមុខផ្សេងៗដូចជា ចំណាយក្នុងការដើរលេងស្រី ការផឹកទឹកស្រវឹង និងសេពគ្រឿងញៀនផ្សេងៗ ការសប្បាយបរិភោគក្នុងនាមជាអ្នកលេងផឹកស៊ី ការលេងល្បែងស៊ីសង ដើរលេងតាមច្រកល្ហករឿយៗនៅពេលយប់ព្រលប់ ការមើលមហោស្រព ឬល្បែងច្រៀងរាំជារឿយៗ ឬការប្រកបរឿយៗនូវសេចក្តីខ្ជិលច្រអូស និងសេពគប់បាបមិត្តជាដើមផងដែរ»៕
សុខរបស់គ្រហស្ថមាន ៤ ប្រការគឺ :
ក/ សុខកើតអំពីការមានទ្រព្យ (ដោយកម្លាំងធ្វើការរបស់ខ្លួន),
ខ/ សុខកើតអំពីបានចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន,
គ/ សុខកើតអំពីការគ្មានជំពាក់បំណុលគេ,
ឃ/ សុខកើតអំពីការប្រកបអាជីវកម្មដែលគ្មានទោស ។
ត្រកូលស្តុកស្តម្ភមាំមួននិងតាំងនៅយូរមិនបានព្រោះហេតុ ៤ ប្រការគឺ :
ក/ របស់ណាបាត់ទៅមិនរកមកវិញ,
ខ/ របស់ណាទ្រុឌទ្រោមដាច់ដាចមិនជួសជុលជាថ្មី,
គ/គ្មានចេះដឹងស្គាល់ប្រមាណក្នុងការប្រើប្រាស់ទ្រព្យ,
ឃ/ ប្រគល់មុខងារធំដុំក្នុងគ្រួសារឲ្យស្ត្រី ឬបុរសគ្មានសីល គ្មានវិន័យ... ទុកដាក់ទ្រព្យ ។
អត្ថាធិប្បាយ
+ ត្រកូលស្តុកស្តម្ភមាំមួននឹងតាំងនៅយូរមិនបានដោយហេតុ
៤យ៉ាងគឺ
~~~~~~~~~~~~~~~~~~
១- របស់ណាដែលបាត់បង់ទៅ មិនស្វែងរកយកមកវិញ របស់របរសម្ភារប្រើប្រាសពេលប្រើដឹងតែយកទៅប្រើ ក្រោយពីប្រើរួចហើយអត់ខ្វល់ចង់បាត់របស់អ្វីបាត់ទៅ
។
២- របស់ណាដែលទ្រុឌទ្រោម ខូចខាតបាក់ បែកដាច់ដាច ប៉ុន្តែអាចជួសជុលកែកុនប្រើប្រាសវិញបាន តែមិនព្រមជួសជុលកែលម្អយកមកប្រើវិញ
ដឹងតែខូចហើយចោលអាងទិញថ្មី។
៣- មិនចេះដឹងស្គាល់ប្រមាណក្នុងកាលប្រើប្រាស មិនយល់ថាអ្វីដែលគួរនឹងអ្វីដែលមិនគួរ ។
៤- តាំងស្ត្រីឬបុរស ជាអ្នកទ្រុស្តសីលឱ្យធ្វើជាមេផ្ទះ ជាអ្នកពេញចិត្តការប្រព្រឹត្តអបាយមុខផ្សេងៗ
។
ឧបមាថា បើស្ត្រីជាមេផ្ទះអត់ចេះរៀបចំផ្ទះសម្បែងចង្ក្រានជើងឆ្នាំង
មិនចេះទុកដាក់ថែរក្សាទ្រព្យសម្បត្តិ ពេលប្តីរកបានមកចាយវាយគ្មានដឹងទិសដំបន់ ចង់តែល្អស្អាតសម្ញែងតែខ្លួន
ប្រព្រឹត្តតែអបាយមុខ ល្បែងភ្នាល់ស៉ីសង ជាអ្នកលេងសុរា សេពគប់បាបមិត្តជាដើម។បុរាណលោកថាខាតលក្ខណ៍
ឬកញ្ជើធ្លុះ ពាក្យចាស់តែងពោលថា បើកញ្ជើនាងវាធ្លុះហើយ ទោះប្តីនាងពូកែរកចាក់កើបទាំងល្អីក៏វាមិនសល់ដែរ
។ចំណែកបុរសវិញកាលបើធ្វើខ្លួនឱ្យធ្លាក់ចុះទៅក្នុងហេតុ ជាទីតាំងជាប្រធាននៃសេចក្តីវិនាសហើយខាតលក្ខណ៍ដូចគ្នា
ការងារអត់ប្រឹងប្រែងធ្វើ គិតតែពីសប្បាយហ៉ឺហា ផឹកស៊ីស្រីញីត្រសងលិចកើតជើងត្បូង ប្រព្រឹត្តល្បែងភ្នាល់ស៉ីសង
ក្បត់ចិត្តភរិយាលបលួចមានស្រីថ្មីជាដើម ៕
២- ការវៀរចាកអបាយមុខ (ហេតុនាំឲ្យសូន្យទ្រព្យ) ៤ ប្រការគឺ :
ក/ ជាអ្នកប្រព្រឹត្តល្បែងបុរស ស្ត្រី
ខ/ ជាអ្នកប្រព្រឹត្តល្បែងផឹកសុរា,
គ/ ជាអ្នកប្រព្រឹត្តល្បែងស៊ីសង,
ឃ/ ជាអ្នកគប់មនុស្សអាក្រក់ ដោយគ្មានកែ គ្មានច្នៃឲ្យល្អសិនជាមិត្ត ។
អ្នកអានគប្បីធ្វើការកត់សម្គាល់ថា អបាយមុខដែលគេគូរវៀរចាកទាំង ៤ ប្រការនេះ លោកសំដៅយកពាក្យ លេង ឬមានលក្ខណៈលេងជាធំ គឺអ្នកប្រព្រឹត្តមានគំនិតជាលេង រហូតដល់មានទម្លាប់ប្រកបកម្មនោះរឿយៗ ជានិចុច ជាប្រក្រតី លុះត្រាញៀនលែងមិនរួច, ឈប់មិនកើត ។ ក្នុងទីបំផុតត្រូវបានគេឲ្យឈ្មោះថា អ្នកស្ត្រី, នាងប្រុស, អ្នកប្រមឹក, អ្នកបាំងផ្ចិត, អ្នកបូកម៉ាក ។
៣-ចេះរាប់អានមិត្ត ព្រះពុទ្ធសម្តែងថា សេពគប់បណ្ឌិតរមែងជោគជ័យជាមង្គលដ៏ឧត្តម កុំសេពគប់បុគ្គលពាល ព្រោះពាលមិនដែលនាំមកនូវសេចក្តីចម្រើនឡើយ ឈ្មោះថា កល្យាណមិត្តតា។
បរាភវសូត្រ
នៅក្នុងគម្ពីរព្រះត្រៃបិដក សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត តតិយភាគ (សៀវភៅភាគ៥៤ ទំព័រទី ៣៦) (បរាភវសូត្រ) មានតំណាលអំពីសេចក្តីបង្រៀនរបស់ព្រះពុទ្ធឲ្យមនុស្សស្គាល់មូលហេតុ ១២ ប្រការដែលនាំមកនូវក្តីវិនាស ។ ជាគូនឹងបរាភវសូត្រ នៅក្នុងគម្ពីរព្រះត្រៃបិដក ផ្នែកសុត្តន្តបិដក ខុទ្ទកនិកាយ ត្រង់ ខុទ្ទកបាឋៈ (សៀវភៅភាគ៥២ ទំព័រទី ១ ដល់ ២០) មានរៀបរាប់អំពីកិច្ចការចំនួន ៣៨ ប្រការ ដែលនាំមកនូវសេចក្តីចម្រើន ឬ មង្គលសូត្រ (ទំព័រទី ៤ ដល់ទី ៦) ។ ប្រសិនបើមនុស្សទាំងឡាយអនុវត្តតាមគោលការណ៍ទាំង ៣៨ ប្រការនៅក្នុងមង្គលសូត្រ ហើយវៀរចាកអំពើគួរចៀសវាងទាំង ១២ នៅក្នុងបរាភវសូត្រ មនុស្សទាំងឡាយនឹងបានសុខស្ងប់ និង ចម្រុងចម្រើន ។
បរាភវសូត្រ ស្រង់ចេញពីព្រះត្រៃបិដក
[១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី ។ គ្រានោះឯង ទេវតា ១ អង្គ កាលដែលរាត្រីបឋមយាមកន្លងទៅហើយ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាងហើយ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយស្ថិតក្នុងទីសមគួរ ។ លុះទេវតានោះ ស្ថិតនៅក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដោយគាថាដូច្នេះថា ។
[១១] យើងទាំងទ្បាយ មកដើម្បីសួរព្រះគោតមដ៏ចម្រើន (ដោយគិតថា)យើងទាំងទ្បាយ សូមសួរអំពីបុរសបុគ្គល ដែលមានសេចក្តីវិនាសចុះអ្វីជាប្រធាននៃសេចក្តីវិនាស ។
(ព្រះមានព្រះភាគ ត្រាស់ថា) ១. បុរសដែលចម្រើន ជាបុគ្គល គឺបណ្ឌិតដឹងបានដោយងាយបុរសដែលវិនាស ជាបុគ្គល គឺបណ្ឌិតដឹងបានដោយងាយដែរ បុគ្គលអ្នកប្រាថ្នាធម៌ រមែងចម្រើន អ្នកស្អប់ធម៌ រមែងវិនាស ។
យើងទាំងទ្បាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ១ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ២ អ្វីជាប្រធាននៃសេចក្តីវិនាស ។
២. បុគ្គលមានពួកអសប្បុរសជាទីស្រឡាញ់ មិនធ្វើសេចក្តីស្រឡាញ់ចំពោះពួកសប្បុរស ពេញចិត្តចំពោះធម៌របស់ពួកអសប្បុរស នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ២ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៣ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៣. ជនអ្នកដេកលក់ច្រើនក្តី និយាយច្រើនក្តី មិនខ្មីឃ្មាតក្តី ខិ្ជលច្រអូសក្តី ប្រាកដតែខាងក្រោធក្តី នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៣ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៤ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៤. បុគ្គលជាអ្នកស្តុកស្តម្ភ តែមិនចិញ្ចឹមមាតាក្តី បិតាក្តី ដែលចាស់ មានវ័យកន្លងហើយ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៤ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៥ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៥. បុគ្គលបញ្ឆោតព្រាហ្មណ៍ក្តី សមណៈក្តី ឬអ្នកសូមដទៃក្តី ដោយពាក្យកុហក នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៥ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៦ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៦. បុរសបុគ្គល មានទ្រព្យជាគ្រឿងត្រេកអរច្រើន មានប្រាក់ សម្បូណ៌ភោជនបរិភោគនូវភោជនមានរសឆ្ងាញ់តែម្នាក់ឯង នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៦ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៧ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៧. ជនដែលរឹងត្អឹងដោយអាងជាតិក្តី រឹងត្អឹងដោយអាងទ្រព្យក្តី រឹងត្អឹងដោយអាងគោត្រកូលក្តី ហើយមើលងាយញាតិរបស់ខ្លួន នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាស ទី ៧ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៨ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៨. ជនជាអ្នកលេងស្រីក្តី លេងសុរាក្តី លេងល្បែងភ្នាល់ក្តី រមែងញុំាងទ្រព្យ ដែលខ្លួនបានហើយ បានហើយ ឲ្យវិនាសទៅ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៨ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ៩ អ្វីជាប្រធាននៃសេចក្តីវិនាស ។
៩. ជនមិនត្រេកអរនឹងប្រពន្ធរបស់ខ្លួន ទៅខូចចំពោះពួកស្រីពេស្យា ឬខូចចំពោះប្រពន្ធនៃបុគ្គលដទៃ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ៩ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ១០ អ្វីជាប្រធាននៃសេចក្តីវិនាស ។
១០. បុរសមានវ័យកន្លងហើយ នាំយកស្រ្តី (ក្មេង) ដែលមានដោះក្បំ ដូចជាផ្លែទន្លាប់ រមែងដេកមិនលក់ ព្រោះសេចក្តីប្រច័ណ្ឌចំពោះស្រ្តីនោះ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ១០ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ១១ អ្វីជាប្រធាននៃសេចក្តីវិនាស ។
១១. បុរសបុគ្គល តាំងស្រ្តីអ្នកលេងខ្ជះខ្ជាយ ឬបុរសបែបនោះដែរ ក្នុងឋានៈជាធំ នោះជាប្រធាននៃសេចក្តីវិនាស ។
យើងទាំងឡាយ ដឹងច្បាស់នូវហេតុនុ៎ះថា នោះជាសេចក្តីវិនាសទី ១១ បពិត្រព្រះមានព្រះភាគ សូមព្រះអង្គសំដែងនូវហេតុទី ១២ អ្វីជាប្រធាននៃសេចក្តីវិនាស ។
១២. បុគ្គលដែលកើតក្នុងខតិ្តយត្រកូល មានភោគៈតិច តែមានសេចក្តីប្រាថ្នាធំ ទៅប្រាថ្នារជ្ជសម្បត្តិ នោះជាប្រធាននៃសេចក្តីវិនាស ។
បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញដ៏ប្រសើរ ពិចារណាឃើញច្បាស់ នូវសេចក្តីវិនាសទាំងនុ៎ះក្នុងលោក បណ្ឌិតនោះ រមែងគប់រកនូវលោក ដែលមានសេចក្តីសុខដ៏ក្សេមក្សាន្ត [បាលីថា សិវំ ក្នុងទីឯទៀតៗ បានដល់ព្រះនិព្វាន តែក្នុងទីនេះ អដ្ឋកថាប្រាប់ថា បានដល់សេចក្តីសុខក្សេមក្សាន្ត ក្នុងមនុស្ស និងទេវតា ។] ។
ចប់ បរាភវសូត្រ ទី៦ ។
(ព្រះត្រៃបិដក ភាគ៥៤ ទំព័រទី ៣៦ សុត្តន្តបិដក ខុទ្ទកនិកាយ សុត្តនិបាត)
ប្រមុខនៃក្តីវិនាស ១២ ប្រការ
ទី ១ - បុគ្គលអ្នកទ្រុស្តធម៌ ស្អប់ធម៌
ពាក្យថា "ធម៌" មានអត្ថន័យច្រើនណាស់ ប៉ុន្តែនៅទីនេះ ក្នុងន័យទូលាយ ធម៌ មានន័យថា ការបង្រៀន ឬ សភាវៈពិត ។ នៅក្នុងន័យចង្អៀត ធម៌ គឺជាការបង្រៀនរបស់ព្រះពុទ្ធ ។ សូមកុំច្រឡំការបង្រៀនរបស់ព្រះពុទ្ធ និង ធម៌សម្រាប់សូត្រពេលបុណ្យទាននានា ។ ដោយសារនៅទីនេះ ធម៌ ផ្តោតជាពិសេសទៅលើសេចក្តីពិត, ច្បាប់ធម្មជាតិ ឬ វិទ្យាសាស្ត្រ ដូច្នេះមនុស្សដែលស្រឡាញ់សេចក្តីពិត អនុវត្តតាមច្បាប់វិទ្យាសាស្ត្រនឹងចេះស្វែងរកទិន្នន័យឬព័ត៌មានត្រឹមត្រូវ គ្រប់គ្រាន់ និងទាន់សម័យសម្រាប់ធ្វើការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតឬបញ្ញាញាណ ។ ពួកគេរស់នៅមានសេរីភាព រួចផុតពីសេចក្តីបង្រៀនក្លែងក្លាយទាំងឡាយ ដែលជាអន្ទាក់, សំណាញ់, ឬរនាំងហ៊ុំព័ទ្ធបិទបាំងពួកគេមិនឲ្យមើលឃើញការពិត ។ មនុស្សជឿលើសេចក្តីពិតតាមបែបវិទ្យាសាស្ត្រនឹងរស់នៅប្រកបដោយសេចក្តីសុខស្ងប់ គ្មានការរវល់អំពល់ទុក្ខ ឬភ័យព្រួយបង្កឡើងដោយការបន្លាច ឬការអូសទាញឲ្យជឿទៅលើសេចក្តីជំនឿឥតហេតុផល ឬអរូបិយជំនឿទាំងឡាយ ដូចជាជំនឿថាមានមនុស្ស, សត្វ ឬហេតុការណ៍អស្ចារ្យ ស្ថាននរក ស្ថានសួគ៌ ខ្មោច ប្រេត អតីតជាតិ អនាគតជាតិ ទេវតា ព្រហ្ម ឬអាទិទេពជាដើម ។ ជារួម មនុស្សជឿសេចក្តីពិត មិនងាយសម្រេចចិត្តជឿតាមសម្តីពន្យល់ឬសេចក្តីបង្រៀនណាមួយដែលមិនទាន់មានការសិក្សាស្រាវជ្រាវពិសោធន៍ល្អិតល្អន់ដោយអ្នកវិទ្យាសាស្ត្រនោះឡើយ ។
ចំណែកមនុស្សដែលមិនស្វែងយល់សេចក្តីពិត ពួកគេនឹងធ្លាក់ចូលក្នុងសេចក្តីបង្រៀនក្លែងក្លាយ ដែលនាំទៅដល់ការខាតបង់ពេលវេលា ទ្រព្យសម្បត្តិ និង ជីវិតក៏អាចមាន ។ មនុស្សនៅក្នុងក្រុមនេះនឹងធ្វើខ្លួនងាយឲ្យមនុស្សដទៃបោកបញ្ឆោត បំភ័យ ឬអូសទាញឲ្យធ្វើអំពើផ្សេងៗដែលគ្មានភាពប្រកដនិយម ដូចជាត្រូវគេបោកឲ្យជឿលើការសាក់លើខ្លួនប្រាណ ការទិញកន្សែងយ័ន្ត, ការទិញថ្នាំបុរាណធ្វើពីឫសឈើឬសត្វងាប់, ការស្រោចទឹកលើករាសី, ការទស្សន៍ទាយមើលអនាគត, ពិធីសែនព្រេន ជំនឿហោះហើរដើរលើអាកាស ឬការវិនិយោគទុនបោកប្រាសតាមបែបពីរ៉ាមីដ ។ មនុស្សក្រុមនេះនឹងងាយត្រូវគេបញ្ឆោតឲ្យចំណាយពេលវេលា ទ្រព្យសម្បត្តិ ឬជីវិតទៅលើគោលលទ្ធិមួយ ។ ពួកគេនឹងក្លាយទៅជាមនុស្សយន្តធ្លាក់ចូលក្នុងការបញ្ជារបស់ជនបោកប្រាស់ដែលរង់ចាំឱកាសកេងប្រវ័ញ្ចយកប្រយោជន៍ទៅបម្រើបុគ្គលផ្ទាល់ខ្លួនឬបក្សពួករបស់គេ ។ មនុស្សមិនស្រឡាញ់ការពិត ឬសេចក្តីបង្រៀនតាមបែបវិទ្យាសាស្ត្រនឹងសម្រេចចិត្តយ៉ាងងាយដោយមិនបានគិតពិចារណាឲ្យបានត្រឹមត្រូវតាមបែបវិទ្យាសាស្ត្រ ។
ទី ២ - សេពគប់នឹងជនជាអសប្បុរស (មិនសេពគប់បុគ្គលពាល ឬជនពាល)
ដើម្បីយល់ច្បាស់អត្ថន័យនៅក្នុងគោលការណ៍មួយនេះ យើងត្រូវសិក្សាពាក្យសប្បុរស និង អសប្បុរសឲ្យបានល្អិតល្អន់ ជាមុនសិន ។ ពាក្យថា សប្បុរស គឺបុរស (មនុស្សប្រុសក្តី ស្រីក្តី) ជាអ្នកស្ងប់ មិនធ្វើអំពើអាក្រក់ដោយកាយ វាចា ឬចិត្ត ។ សប្បុរសជន ជាមនុស្សប្រព្រឹត្តល្អ ត្រឹមត្រូវតាមច្បាប់រដ្ឋនិងច្បាប់សាសនា ។ សប្បុរសជនជាមនុស្សរស់នៅចុះសម្រុងនឹងមនុស្សដទៃនៅក្នុងសហគមន៍ ឬសង្គមជាតិទាំងមូល ។ ពួកសប្បុរសជនគោរពសិទ្ធិមនុស្សយ៉ាងខ្ជាប់ខ្ជួន និង មានមេត្តាករុណាដល់សត្វ និង រុក្ខជាតិនៅលើផែនដី ។ សប្បុរសជនមិនគិតតែប្រយោជន៍ផ្ទាល់ខ្លួនឬប្រយោជន៍របស់ក្រុមបក្សខ្លួននោះទេ ។ ពួកគេចេះជួយឧបត្ថម្ភមនុស្សដទៃដែលជាជនល្ងិតល្ងង់ឲ្យមានប្រាជ្ញា ជួយជនរងទុក្ខឲ្យមានសេរីភាព ជួយជនក្រីក្រស្រេកឃ្លានឲ្យទទួលបានអាហារបរិភោគ ជួយជនខ្វះទីជម្រកឲ្យមានគេហដ្ឋានត្រឹមត្រូវ បង្រៀនមនុស្សខ្វះទ្រព្យសម្បត្តិឲ្យចេះប្រកបអាជីពត្រឹមត្រូវសម្រាប់ជួយយឹតយោងខ្លួននិងគ្រួសារ ។ លើសពីនោះទៀត សប្បុរសជនប្រដៅបង្រៀនកូនចៅរបស់ពួកគេឲ្យចេះគោរពមនុស្សដទៃដោយគ្មានការរើសអើងវណ្ណៈ ឬសាសនា ។ ពួកគេចេះគោរពសេចក្តីសម្រេចចិត្តរបស់មនុស្សដទៃ ស្តាប់យោបល់ល្អរបស់មនុស្សផ្សេងទៀតដើម្បីកែលម្អខ្លួនគេឲ្យកាន់តែប្រសើរ ។ ការសម្រេចចិត្តរបស់សប្បុរសជន គឺធ្វើឡើងបន្ទាប់ពីពួកគេបានសិក្សាស្រាវជ្រាវរាវរកព័ត៌មានត្រឹមត្រូវ និង ប្រឹក្សាយោបល់ជាមួយមនុស្សមានបទពិសោធន៍ច្រើន ឬជនជាបណ្ឌិត ។ ការប្រតិបត្តិជីវិតតាមមាគ៌ារបស់សប្បុរសជននឹងធ្វើឲ្យមនុស្សរស់នៅយ៉ាងសុខស្ងប់ ចម្រុងចម្រើន និង សន្តិភាពនៅក្នុងសង្គម ។ ហេតុដូច្នេះហើយទើបបុរាណាចារ្យប្រដៅឲ្យមនុស្សជំនាន់ក្រោយសេពគប់រាប់រកមនុស្សជាសប្បុរសជន ។
ផ្ទុយពីសប្បុរសជន មនុស្សជាអសប្បុរសជនខ្វះខាតគុណសម្បត្តិទាំងឡាយដែលសប្បុរសជនមានដូចបានរៀបរាប់ខាងលើស្រាប់ ។ ពិនិត្យមើលពីជ្រុងជ្រោយទ្រព្យសម្បត្តិ ទោះបីអសប្បុរសជនមានទ្រព្យច្រើនសន្ធឹកយ៉ាងណា ក៏មនុស្សនៅក្នុងក្រុមនេះមិនអើពើចែករំលែកទ្រព្យរបស់ខ្លួនធ្វើជាប្រយោជន៍ដល់មនុស្សដទៃ ដូចជាការចែកទានដោយផ្ទាល់ដល់ជនក្រីក្រ ឬការបង្កើតមូលនិធិសម្រាប់ជួយសិស្សនិស្សិតក្រីក្រ កសាងសាលារៀន មន្ទីរពេទ្យ ឬផ្លូវថ្នល់ ដែលជាប្រយោជន៍ដល់សហគមន៍ទាំងមូលនោះទេ ។ កុំថាឡើយដល់ទៅការចែករំលែកទ្រព្យសម្បត្តិរបស់ខ្លួនដល់មនុស្សដទៃ អសប្បុរសជនមិនរវល់អើពើចំណាយពេលវេលាស្ម័គ្រចិត្តជួយកិច្ចការសង្គម ដូចជាការជួយបង្ហាត់បង្រៀនជនល្ងិតល្ងង់ ការជួយកិច្ចការវត្តវ៉ាអារាម សាលារៀន ឬមន្ទីរពេទ្យជាដើម ។ អសប្បុរសជនសម្រេចចិត្តធ្វើអ្វីមួយតែងឈរលើមូលដ្ឋានទាញយកប្រយោជន៍មកដល់ខ្លួនឬបក្សពួករបស់ខ្លួនជាមុន ។ អសប្បុរសជនទាញយកគ្រប់ហេតុផលដើម្បីបន្តអំពើរើសអើងវណ្ណៈ ជំនឿសាសនា និង ពណ៌សម្បុណ៌ស្បែករបស់មនុស្សដទៃដែលមិនមែននៅក្នុងវណ្ណៈរបស់ពួកគេ ។
ដើម្បីជាភស្តុតាងសម្រាប់អះអាងចំណុចទាំងពីរខាងលើនេះ សូមយើងនាំគ្នាពិនិត្យមើលសង្គមមនុស្សនៅប្រទេសឥណ្ឌានៅសម័យព្រះពុទ្ធ ថាតើសប្បុរសជន និង អសប្បុរសជន បានគិតពិចារណា និង ធ្វើសកម្មភាពអ្វីខ្លះសម្រាប់ខ្លួនគេនិង បក្សពួករបស់គេ ។ នៅប្រទេសឥណ្ឌា មនុស្សត្រូវបានបែងចែកចេញជា ៤ វណ្ណៈធំៗ ពោលគឺ វណ្ណៈព្រាហ្មណ៍ វណ្ណៈក្សត្រ វណ្ណៈវេស្សៈ និង វណ្ណៈសូទ្រៈ ។ ជាទូទៅមនុស្សវណ្ណៈព្រាហ្មណ៍ ទាញយកហេតុផលថា ពួកគេជាមនុស្សកើតមកពីមាត់មនុស្សទេពឈ្មោះ "មនុ" ឬកើតមកពីព្រះឱស្ឋរបស់ព្រះព្រហ្ម ដែលធ្វើឲ្យពួកគេជាមនុស្សខ្ពង់ខ្ពស់ជាងមនុស្សមកពីវណ្ណៈដទៃ ។ ពួកមនុស្សវណ្ណៈព្រាហ្មណ៍បានបង្កើតគម្ពីរ មនុ សស្ត្រៈ ដើម្បីបោកប្រាស់ កេងប្រវ័ញ្ច ជិះជាន់មនុស្សនៅវណ្ណៈក្រោមៗ ជាពិសេសមនុស្សចណ្ឌាល (ជនក្រៅវណ្ណៈ) ដោយគ្មានសុភវិនិច្ឆ័យឡើយ ។ ទោះបីមកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌាមានច្បាប់រដ្ឋធម្មនុញ្ញ ដែលការពារសិទ្ធិរបស់ជនក្រៅវណ្ណៈទាំងឡាយក៏ដោយ ក៏មនុស្សនៅវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ បន្តជិះជាន់ កេងប្រវ័ញ្ច និង រើសអើងមនុស្សវណ្ណៈវេស្សៈ សូទ្រៈ និង ជនក្រៅវណ្ណៈ (ចណ្ឌាល) ជានិច្ច ។ រឿងនិទានអំពីជីវិតរបស់តួអង្គព្រះពុទ្ធបានឆ្លុះបញ្ចាំងឲ្យឃើញការរើសអើងវណ្ណៈដ៏តឹងតែងនៅក្នុងសង្គមឥណ្ឌានាសម័យបុរាណ ។ មាតាបិតារបស់ព្រះពុទ្ធគឺជាមនុស្សនៅក្នុងវណ្ណៈក្សត្រ (ម្ចាស់ដី) ដែលតែងប្រមូលភោគផលកសិកម្មពីប្រជាកសិករនៅក្នុងវណ្ណៈសូទ្រៈ និង មនុស្សក្រៅវណ្ណៈ ។ អំពើជិះជាន់ កេងប្រវ័ញ្ច និង រើសអើងវណ្ណៈ បានបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀតដោយគ្មានការកែប្រែ ដោយសារពួកមនុស្សនៅវណ្ណៈខាងលើ (វណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ) បានចូលដៃឃុបឃិតគ្នាបង្កើតជាគម្ពីរសាសនាច្រើនរាប់មិនអស់សម្រាប់បិទបាំងគំនិតអាក្រក់របស់ពួកគេ និង សម្រាប់បំបាក់ផ្នត់គំនិតមនុស្សដទៃទៀតឲ្យទ្រាំទទួលយកគម្ពីរសាសនាទាំងនោះព្រោះជាបំណងរបស់ព្រះអាទិទេព ។ គម្ពីរសាសនា និង ពិធីសាសនាច្រើនស្អេកស្កះទាំងនោះបានក្លាយទៅជាឧបករណ៍សម្រាប់គាបសង្កត់ផ្នត់គំនិតមនុស្សនៅវណ្ណៈក្រោមៗឲ្យបន្តទ្រាំទ្រទទួលយកស្ថានភាពជីវិតរបស់ខ្លួនដោយគ្មានការពិចារណា ឬងើបប្រឆាំងនឹងអំពើអយុត្តិធម៌សោះ ។ ពួកអសប្បុរសជននៅវណ្ណៈខាងលើបន្តពន្យល់ពួកមនុស្សនៅវណ្ណៈក្រោមថា មូលហេតុដែលធ្វើឲ្យពួកខ្លួនមានទ្រព្យសម្បត្តិច្រើន រស់នៅសុខស្រួល មានបាវបម្រើច្រើននៅជាតិនេះ គឺមកពីពួកខ្លួនបានធ្វើបុណ្យច្រើនពីជាតិមុនៗ ហើយមូលហេតុដែលធ្វើឲ្យពួកមនុស្សនៅវណ្ណៈក្រោមៗក្លាយជាជនក្រីក្រដូច្នេះ គឺមកពីពួកគេបានធ្វើកម្មអាក្រក់ ឬថាមិនបានធ្វើបុណ្យច្រើនពីជាតិមុនៗ ។ ដូច្នេះពួកគេត្រូវស៊ូទ្រាំខាំមាត់សង្កត់ចិត្តទទួលយកស្ថានភាពក្រីក្រនៅក្នុងជាតិនេះ ហើយខំធ្វើបុណ្យដាក់ទានឲ្យបានច្រើន ដើម្បីអាចកើតមកម្តងទៀតនៅជាតិក្រោយ ជាសេដ្ឋីមានបាវបម្រើច្រើន ដូចពួកវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ ។ ការបកស្រាយបង្វែទិសរបៀបនេះទទួលបានផលរហូតមករាប់រយជំនាន់ មនុស្សនៅវណ្ណៈក្រោមមិនហ៊ានងើបឡើងប្រឆាំងនឹងមនុស្សនៅវណ្ណៈខាងលើដើម្បីទាមទារយកសិទ្ធិសេរីភាពរបស់ខ្លួនទេ ។ មកដល់សម័យកាលព្រះពុទ្ធ មនុស្សជាច្រើនបានជួបប្រាស្រ័យទាក់ទងគ្នាដើម្បីដោះដូរទំនិញព្រមទាំងគំនិតថ្មីៗ និង បច្ចេកវិទ្យាទំនើបៗ ដែលធ្វើឲ្យមនុស្សជាច្រើនចាប់ផ្តើមសួរដេញដោលអំពីទ្រឹស្តីទាំងឡាយដែលមានចែងនៅក្នុងគម្ពីរវេទរបស់ពួកព្រាហ្មណ៍ថាតើវាមានភាពប្រាកដនិយមក្នុងកម្រិតណា ។ ព្រះពុទ្ធក៏ជាទស្សវិទូម្នាក់ក្នុងចំណោមទស្សនវិទូទាំងឡាយដែលបានមើលឃើញអំពើអយុត្តិធម៌នៅក្នុងសង្គមឥណ្ឌានៅសម័យនោះ ។ ព្រះអង្គបានដេញដោល និង បដិសេធទ្រឹស្តីទាំងឡាយដែលបានចែងនៅក្នុងគម្ពីរវេទដែលព្រះអង្គបានរៀនសូត្រជាមួយគ្រូតាំងពីកុមារភាពមក ។ ព្រះអង្គបានតស៊ូស្វិតស្វាញប្រឆាំងនឹងការបែងចែក និង រើសអើងវណ្ណៈ ។ បិតារបស់ព្រះអង្គក៏ជាមនុស្សនៅក្នុងក្រុមរើសអើងវណ្ណៈដែរ ។ សេចក្តីបង្រៀនរបស់ព្រះពុទ្ធបានធ្វើឲ្យមនុស្សនៅក្នុងវណ្ណៈក្រោមពេញចិត្ត និង យកទៅអនុវត្តតាម ក៏ប៉ុន្តែសេចក្តីបង្រៀននោះបានធ្វើឲ្យមនុស្សនៅវណ្ណៈខាងលើខឹងសម្បាយ៉ាងខ្លាំង ។ បដិវត្តន៍ខាងគំនិតរបស់ព្រះពុទ្ធបានហុចផលយ៉ាងសម្បើមដោយមានមនុស្សជាច្រើនបានងាកទៅប្រតិបត្តិតាមសេចក្តីបង្រៀនរបស់ព្រះអង្គ ដែលធ្វើឲ្យសង្គមមានយុត្តិធម៌ មនុស្សមានសិទ្ធិសេរីភាព ។ មនុស្សចាប់ផ្តើមយល់អំពីតម្លៃនៃពាក្យថា មេត្តា ករុណា ចំពោះគ្នាទៅវិញទៅមក ។ ប្រជាជនចាប់ផ្តើមបោះបង់ពិធីខាងសាសនាដែលពួកព្រាហ្មណ៍បានបង្ខំឲ្យធ្វើរាប់ពាន់ឆ្នាំកន្លងទៅ ។ នេះគឺជាឧទាហរណ៍បញ្ជាក់អំពីផលប្រយោជន៍នៃការសេពគប់មិត្តជាសប្បុរសជន និង ផលអាក្រក់បានពីការសេពគប់មិត្តជាអសប្បុរសជន ។
ទី ៣ - កិរិយាដេក, និយាយ, ខ្ជិល, ខឹងច្រើន
នៅក្នុងគោលការណ៍នេះ មានកិរិយាខាងរាងកាយសំខាន់ៗចំនួន ៤ ដែលយើងគួរពិចារណា និង ទាញយកភស្តុតាងមកអះអាងការពារគំនិតនីមួយៗឲ្យបានច្បាស់លាស់ ។ មនុស្ស និង សត្វគ្រប់រូបតែងមាន និង ប្រើប្រាស់កិរិយាទាំង ៤ នេះប្រចាំថ្ងៃ ដើម្បីឲ្យរាងកាយប្រព្រឹត្តទៅប្រកបដោយតុល្យភាព និង សុខភាព ។ យើងសូមផ្តោតយកតែមនុស្សហើយសុំមិនលើកជីវិតសត្វមកបរិយាយនៅទីនេះទេ ។
កិរិយាទី ១ គឺការដេក ។ ជាទូទៅ មនុស្សត្រូវចំណាយពេល ៨ ម៉ោង សម្រាប់ដេកសម្រាក ដើម្បីឲ្យខួរក្បាលត្រជាក់ផង និង ទុកពេលឲ្យរាងកាយបញ្ចេញចោលសារជាតិគីមីពុលដែលសល់នៅក្នុងខ្លួន និង ខួរក្បាល ផង ។ លើសពីនោះទៀត ក្នុងពេលដេកលង់លក់ ខួរក្បាលមនុស្សចាប់ផ្តើមរៀបចំព័ត៌មានដែលទទួលបានកាលពីពេលភ្ញាក់ដឹងខ្លួន (ព័ត៌មានទទួលបានតាមរយៈភ្នែក, ត្រចៀក, អណ្តាត, ច្រមុះ, ស្បែក, និង ចិត្ត) ឲ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវ ។ ព័ត៌មានណាដែលគ្មានប្រយោជន៍ ខួរក្បាលមនុស្សនឹងបោះបង់ចោលដើម្បីទុកលំហសម្រាប់រក្សាទុកព័ត៌មានដែលមានប្រយោជន៍ ។ ចំពោះព័ត៌មានដែលមានប្រយោជន៍វិញ ជាពិសេសព័ត៌មានទាក់ទងនឹងទីកន្លែងមានម្ហូបចំណី សុវត្ថិភាព និង វិធីការពារខ្លួនឲ្យរួចផុតពីគ្រោះថ្នាក់ជាដើម ត្រូវបានខួរក្បាលយកទៅតម្រៀបទុកតាមលំដាប់លំដោយសម្រាប់មនុស្សយកមកប្រើប្រាស់នៅពេលខាងមុខ ។ បន្ទាប់ពីដេកលក់បាន ៧ ឬ ៨ ម៉ោង មនុស្សម្នាក់ៗនឹងភ្ញាក់ឡើងប្រកបដោយអារម្មណ៍ភ្លឺថ្លា គិតដោះស្រាយបញ្ហាអ្វីមួយបានលឿន ព្រមទាំងមានប្រតិកម្មតបនឹងស្ថានភាពអាសន្នមួយយ៉ាងរហ័សរហួនផងដែរ ។ មនុស្សដែលដេកមិនគ្រប់គ្រាន់ច្បាស់ជាមានប្រតិកម្មយឺតៗ អាចបង្កគ្រោះថ្នាក់នៅពេលបើកបរ ឬបញ្ជាគ្រឿងយន្ត ចំណែកសិស្សានុសិស្សដែលដេកមិនគ្រប់គ្រាន់វិញក៏ពិបាកនឹងចងចាំមេរៀនដែលបានរៀនកាលពីថ្ងៃម្សិលមិញដែរ ។
ដូច្នេះ ការដេកគឺពិតជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ទោះបីមនុស្សខ្លះត្រូវការពេលវេលាត្រឹម ៣ ទៅ ៤ ម៉ោងក៏អាចដេកលក់គ្រប់គ្រាន់ក៏ដោយ ។ សេចក្តីបង្រៀននៅក្នុងគោលការណ៍ទី ៣ នេះ គឺ កុំចំណាយពេលដេកលើសពីសេចក្តីត្រូវការរបស់រាងកាយ ។ ការចំណាយពេល ៩ ឬ ១០ ម៉ោង សម្រាប់ដេកពួន គឺពិតជាបង្ហិនពេលវេលាសំខាន់លើសពី ១ ភាគ ៣ ក្នុងមួយថ្ងៃសម្រាប់ធ្វើការងារជាប្រយោជន៍ដល់ខ្លួនឯង ដល់គ្រួសារ និង សង្គម ។ បើយើងពិចារណាពីជ្រុងជ្រោយសុខភាព ការដេកច្រើនក៏នឹងបង្កឲ្យសាច់ដុំចុះខ្សោយ ឆ្អឹងងាយផុយស្រួយ តម្រងនោម និង សួតពិបាកធ្វើការ ។ ការដេកច្រើនពេកក៏នឹងបង្កឲ្យស្បែកខ្នងរលាក ហើយក្រពះក៏ពិបាករំលាយអាហារ ដែលបង្កទៅជារោគទល់លាមកក៏មាន ។ មានរោគជាច្រើនបង្កឡើងដោយសារតែការដេកច្រើនហួសសេចក្តីត្រូវការរបស់រាងកាយ ។ ដូច្នេះយើងមិនត្រូវដំអក់ទម្រន់មិនក្រោកពីគ្រែឬទីដេកនៅពេលដល់ម៉ោងត្រូវភ្ញាក់នោះទេ វៀរលែងតែករណីមានជម្ងឺ ។ ការពិសារគ្រឿងញៀនស្រវិងក៏នឹងបង្កឲ្យមនុស្សម្នាក់ៗត្រូវចំណាយពេលវេលាសម្រាប់ដេកពួនលើសពីសេចក្តីត្រូវការរបស់រាងកាយដែរ ។ ហេតុនេះយើងក៏ត្រូវជៀសវាងគ្រឿងញៀនឬស្រវឹងទាំងឡាយដែលបង្កបញ្ហាដល់សុខភាពខួរក្បាល សួត ថ្លើម និង តម្រងនោម ។
កិរិយាទី ២ គឺការនិយាយច្រើនហួសហេតុដែលមនុស្សគ្រប់រូបគួរកាត់បន្ថយ ។ ជាទូទៅ មនុស្សនិយាយប្រាស្រ័យទាក់ទងគ្នាជាប់ជាប្រចាំ ដើម្បីចែករំលែកព័ត៌មាន ចំណេះដឹង វិធីធ្វើការងារ និង ជួញដូរ ។ ការនិយាយគឺជាអំពើដែលរាងកាយមនុស្សប្រើសម្ពាធខ្យល់បញ្ចេញពីសួតដើម្បីបញ្ជាប្រអប់សំឡេងឲ្យមានចេញជាសំឡេងស្រែក ខ្សិប ឬនិយាយ ។ យើងឃើញថាមនុស្សម្នាក់ៗត្រូវប្រើថាមពលយ៉ាងច្រើនដើម្បីនិយាយទាក់ទងគ្នា ។ បើមនុស្សនិយាយតិច គាត់ក៏នឹងចំណាយថាមពលតិច បើគាត់និយាយច្រើន គាត់ក៏ចំណាយថាពលច្រើនដែរ ។ ពេលយើងដឹងការពិតដូច្នេះហើយ យើងត្រូវកាត់បន្ថយការនិយាយឲ្យបានតិចតាមអាចធ្វើបានដើម្បីសន្សំថាមពលទុកប្រើប្រាស់នៅក្នុងកាយវិការដទៃទៀត ។ មនុស្សមួយដែលចំនួនប្រកបអាជីពខ្លះៗដែលទាមទារការនិយាយច្រើន ដូចជាគ្រូបង្រៀន ភិក្ខុ មេធាវី ឬតំណាងរាស្ត្រ ។ ការនិយាយរបស់ពួកគាត់ភាគច្រើនជាការនាំប្រយោជន៍ដល់មនុស្សច្រើននាក់ ។ ប៉ុន្តែពួកគាត់ក៏ខាតបង់ថាមពលច្រើនណាស់ដែរនៅពេលនិយាយម្តងៗ ។ ប៉ុន្តែមនុស្សខ្លះបែរជាចង់បញ្ចេញសំដីរោយរាយព្រោកប្រាជ្ញឥតប្រយោជន៍តាមតៀមស្រា ឬវត្តវ៉ាអារ៉ាម ដោយគ្មានគោលដៅពិតប្រាកដ ព្រោះពួកនេះមានអំនួតខ្ពស់ និង ចង់ឲ្យមនុស្សដទៃកោតក្រែងខ្លួនថាជាអ្នកចេះដឹងច្រើន ។ ការនិយាយបែបនេះគឺជាការបង់ខាតថាមពលរបស់ខ្លួន ។ បើជ្រុលជានិយាយដើមអាក្រក់ឬបង្ខូចកិត្តិយសរបស់មនុស្សដទៃវិញ ជនព្រោកប្រាជ្ញឥតបានការទាំងនោះច្បាស់ជានឹងត្រូវគេជេរស្តីឬវាយប្រហារឲ្យឈឺសាច់ជាមិនខាន ។ បើនៅក្នុងវង់ជជែកវិញ មនុស្សនិយាយច្រើនមិនទុកឱកាសឲ្យដៃគូបញ្ចេញគំនិតរបស់គេទេ ។ នេះគឺពិតជាការខាតបង់ដ៏ធំមួយ ព្រោះថាមនុស្សម្នាក់ៗតែងមានគំនិតល្អរៀងៗខ្លន គ្រាន់តែគេមិនចង់បញ្ចេញឲ្យក្រុមពិភាក្សាដឹងព្រោះគាត់គ្មានឱកាស ។ ដូច្នេះមនុស្សនិយាយច្រើនគួរតែទុកឲ្យកាសស្តាប់យោបល់របស់មនុស្សដទៃ កុំគិតថាមានតែខ្លួនទេទើបមានយោបល់ល្អ ឬចេះដឹងច្រើនជាងគេ ។ ម្យ៉ាងទៀតការនិយាយច្រើននឹងនាំឲ្យបែកធ្លាយការណ៍សម្ងាត់ដែលនាំឲ្យជនបង្កប់លួចយកព័ត៌មានទៅប្រើសម្រាប់ធ្វើអំពើអាក្រក់ដល់ខ្លួនឬប្រទេសរបស់ខ្លួន ។
កិរិយាទី ៣ គឺភាពកំជិលដែលមនុស្សម្នាក់ៗត្រូវជៀសវាង ។ គ្មានជនណាម្នាក់អាចអួតអាងថាខ្លួនគេគ្មានភាពកំជិលនៅក្នុងខ្លួននោះឡើយ ។ មនុស្សម្នាក់ៗតែងមានភាពកំជិលនេះជាប់មកតាំងពីកំណើត ។ យើងខិតខំបង្កើតរបៀបធ្វើការងារ និង បង្កើតឧបករណ៍បច្ចេកវិជ្ជាផ្សេងៗ ដើម្បីធ្វើកិច្ចការមួយបានសម្រេចដោយប្រើពេលវេលាតិច ដើម្បីសន្សំពេលយកទៅសម្រាកលំហែកម្សាន្ត ពោលគឺភាពកំជិល ។ មនុស្សខ្លះបានជួលឬប្រើមនុស្សផ្សេងទៀតឲ្យធ្វើការងារជំនួសខ្លួនក៏មាន ។ ក្រុមមនុស្សមានអំណាចប្រើប្រាស់មនុស្សនៅក្រោមបង្គាប់ឲ្យធ្វើការងាររាប់ពាន់ប្រភេទជំនួសខ្លួន ។ ពួកម្ចាស់ដីប្រើកូនឈ្នួលធ្វើការងារកសិកម្មយ៉ាងលំបាកនិងផ្តល់ប្រាក់ឈ្នួលបន្តិចបន្តួចឬមិនឲ្យសោះក៏មាន ។ នោះហើយជាភាពកំជិលរបស់មនុស្ស ។ រីឯអ្នកវិទ្យាសាស្ត្រក៏បានស្វះស្វែងរកវិធីធ្វើការងារ ឬបង្កើតឧបករណ៍សម្រាប់ធ្វើការងារឲ្យបានច្រើនដោយប្រើពេលវេលានិងថាមពលតិចបំផុត ។ ឧទាហរណ៍ មនុស្សជំនាន់ដើមត្រូវធ្វើស្រែដោយប្រើសត្វជាជំនួយព្រោះខ្ជិលប្រើកម្លាំងរបស់ខ្លួន ហើយក្រោយមកមនុស្សក៏បានបង្កើតគ្រឿងយន្តជំនួសសត្វវិញព្រោះវាជួយឲ្យពួកគេសម្រេចគោលដៅឆាប់ ។ យើងលើកយកភាពកំជិលបែបទីមួយមកបង្ហាញសិនថា ភាពកំជិលមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ។ យើងឲ្យឈ្មោះភាពកំជិលប្រភេទនេះថា "ទុកពេលស្វែងរកគំនិតល្អផ្សេងទៀតដើម្បីធ្វើការងារមួយឲ្យបានឆាប់និងប្រសើរជាងមុន" ។ ភាពកំជិលបែបនេះគឺមានប្រយោជន៍ច្រើនជាងការធ្វើការងារតាមវិធីដដែលៗ តាមក្បួនចាស់ តាមទម្លាប់ ដែលចំណាយពេល ឬកម្លាំងច្រើន និង បានផលតិច ។
ចំណែកឯភាពកំជិលដែលយើងត្រូវវៀរចាកឲ្យឆ្ងាយនោះគឺជាភាពកំជិលដែលមនុស្សម្នាក់មិនអនុវត្តតាមវិធីធ្វើការងារដ៏ប្រសើរដែលគេបានណែនាំ និង មិនរវល់គិតគូររកវិធីធ្វើការងារថ្មីដើម្បីសម្រេចគម្រោងណាមួយឡើយ ។ ឧទាហរណ៍ទី ១ កសិករម្នាក់ត្រូវភ្ជួរស្រែមួយហិកតាឲ្យចប់ក្នុងរយៈពេល ១០ ថ្ងៃ ។ ប្រសិនបើគាត់មានតែគោឬក្របីមួយនឹមនិងនង្គ័លតែមួយ ជាធម្មតាគាត់ត្រូវក្រោកពីព្រលឹមដើម្បីភ្ជួស្រែឲ្យបានយូរក្នុងមួយថ្ងៃៗ ។ ប៉ុន្តែគាត់បែជាខ្ជិលក្រោកពីព្រលឹម ហើយរង់ចាំថ្ងៃរះផុតព្រៃ ឬរង់ចាំជិតថ្ងៃត្រង់ទើបចេញទៅស្រែ ។ គាត់មិនអាចនឹងសម្រេចទិសដៅរបស់គាត់បានឡើយ ។ ជម្រើសទី ២ គាត់អាចជួលមនុស្សដទៃឲ្យមកជួយការងារនោះ ពេលនោះគាត់នៅតែអាចសម្រេចទិសដៅបាន ។ ប៉ុន្តែគាត់ខ្ជិលចំណាយប្រាក់ឬគ្មានប្រាក់សម្រាប់ចំណាយ ពេលនោះគម្រោងរបស់គាត់នឹងមិនអាចសម្រេចតាមទិសដៅដាក់ចុះឡើយ ។ ឧទាហរណ៍ទី ២ និស្សិតម្នាក់ត្រូវសរសេរនិក្ខេបបទកម្រាស់ ២០០ ទំព័រ ដើម្បីការពារគំនិតរបស់គាត់សម្រាប់បញ្ចប់ថ្នាក់បរិញ្ញាប័ត្រ ។ គាត់ត្រូវបញ្ចប់គម្រោងនោះក្នុងរយៈពេល ១២ ខែ ដោយរាប់បញ្ចូលទាំងការរៀបចំគម្រោង ការចុះស្រាវជ្រាវយកទិន្នន័យ ការវិភាគទិន្ន័យ និង ការសរសេរនិក្ខេបបទផងដែរ ។ និស្សិតម្នាក់នោះខ្ជិលធ្វើកិច្ចការទាំងនោះនិងរង់ចាំជិតដល់ឆ្នាំបញ្ចប់សឹមចាប់ផ្តើមធ្វើការងារនោះ ។ ពេលវេលាចេះតែរំកិលទៅមុខគ្មានរង់ចាំនិស្សិតកំជិលនោះទេ ។ នៅចុងឆ្នាំគាត់គ្មានទាំងគម្រោង ទាំងទិន្នន័យ សម្រាប់សរសេរ ហើយក៏គ្មានឯកសារសម្រាប់បញ្ជាក់ថាគាត់បានធ្វើកិច្ចការទាំងនោះ ។ ឧទាហរណ៍ទី ៣ ភិក្ខុមួយអង្គត្រូវរៀនគម្ពីរព្រះត្រៃបិដកទាំង ១១០ ក្បាល និងគម្ពីរផ្សេងៗរបស់ពុទ្ធសាសនា និង របស់សាសនាផ្សេងៗទៀតឲ្យចេះចាំយ៉ាងស្ទាត់សម្រាប់យកទៅការពារគំនិតនៅពេលតស៊ូមតិ (សង្គាយនា) ជាមួយនឹងភិក្ខុដទៃនៅថ្ងៃប្រគួតប្រឡងបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ ។ ភិក្ខុមួយអង្គនោះអានតែគម្ពីរព្រះត្រៃបិដកជាភាសាខ្មែរ និង ខ្ជិលអានសៀវភៅផ្សេងទៀត ។ ថ្ងៃប្រគួតបានឈានមកដល់ ការជជែកដេញដោលបានឈានឡើងដល់កម្រិតជ្រៅនិងលំបាកយ៉ាងខ្លាំង ។ ភិក្ខុជាដៃគូប្រគួតបានចោទសួរភិក្ខុកំជិលយ៉ាងចាស់ដៃ និង បានធ្វើឲ្យភិក្ខុកំជិលចាញ់ដៃអាម៉ាស់មុខ ខឹងចិត្តទៅសម្ងំសូធ្យរៀនបន្ថែមសម្រាប់ឡើងទៅប្រយុទ្ធនៅពេលក្រោយទៀត ។ ឧទាហរណ៍ទី ៤ បុរសម្នាក់ចង់ក្លាយជាមនុស្សមានទ្រព្យសម្បត្តិច្រើនប៉ុន្តែគាត់ខ្ជិលទៅប្រកបអាជីវកម្មឬធ្វើការងារបម្រើក្រុមហ៊ុនដទៃ ។ គាត់គិតថាបើគាត់ទៅកាស៊ីណូ គាត់អាចនឹងឈ្នះល្បែងបានប្រាក់ច្រើនសន្ធឹកក្នុងពេលឆាប់ៗ បើមិនដូច្នោះទេ គាត់អាចនឹងទិញឆ្នោតដែលអាចឲ្យគាត់ត្រូវបានប្រាក់រាប់លានដុល្លា ។ បុរសម្នាក់នោះបន្តទៅកាស៊ីណូដើម្បីលេងល្បែងគ្មានលោះថ្ងៃ ។ ថ្ងៃខ្លះក៏ឈ្នះ ថ្ងៃខ្លះក៏ចាញ់ ។ ជាសរុបគាត់ចាញ់ល្បែងអស់ប្រាក់រាប់ម៉ឺនដុល្លា ត្រូវបញ្ចាំផ្ទះដើម្បីយកប្រាក់ទៅលេងល្បែងទៀត ។ គាត់ក៏បានចំណាយប្រាក់សន្ធឹកណាស់ដែរដើម្បីទិញលេខឆ្នោត ។ ទីបំផុត ផ្ទះក៏អស់ ការងារក៏គ្មាន ព្រមទាំងជំពាក់ប្រាក់អ្នកដទៃយ៉ាងច្រើនទៀតផង ។ នេះជាលទ្ធផលនៃភាពកំជិល ដែលមនុស្សគ្រប់រូបគួរវៀរចាកឲ្យឆ្ងាយ ។
កិរិយាទី ៤ ការខឹងសម្បារ ដែលមនុស្សត្រូវកាត់បន្ថយឲ្យបានតិចបំផុត ។ មនុស្សគ្រប់គ្នាតែងមានអារម្មណ៍ខឹងស្បារ ទោះបីជាជនសាមញ្ញ ឬ អ្នកចេះដឹងខ្ពស់ក្លាយជាអរហន្តក៏ដោយ គ្រាន់តែកម្រិតនៃកំហឹងមានខុសគ្នាទៅតាមកម្រិតនៃភាពចេះដឹង និង ការចេះខន្តី ឬសណ្តោស ។ កំហឹងគឺជាអារម្មណ៍ឆេះក្តៅ ពុះកញ្ជ្រោលឡើងនៅក្នុងក្បាលរបស់បុគ្គលម្នាក់នៅពេលស្ថានភាពមួយមិនកើតឡើងតាមការរំពឹងទុក ឬ មនុស្សម្នាក់បង្កបញ្ហាឬមិនធ្វើការងារឲ្យសមនឹងចិត្តចង់បានរបស់បុគ្គលទីមួយនោះ ។ មនុស្សដែលមានខន្តី និង យល់ស្ថានការណ៍ ព្រមទាំងទុក្ខលំបាករបស់ជនដទៃ ក៏ចេះបន្ធូរអារម្មណ៍ខឹងបានឆាប់ និង មិនជះកំហឹងទៅលើជនទីពីរ ។ មនុស្សគ្មានខន្តី មិនស្វែងយល់ស្ថានការណ៍របស់ជនដទៃ នឹងបន្តរក្សាកំហឹងឲ្យឆេះងំនៅក្នុងក្បាលរបស់ខ្លួន រួចហើយជះកំហឹងនោះទៅលើជនទីពីរ និង មនុស្សនៅក្បែរខ្លួនដូចជាកូនចៅ ប្តីសី ឬ មនុស្សនៅក្រោមបង្គាប់ ។ សូម្បីរបស់មានតម្លៃ និង ជាទីស្រឡាញ់របស់ខ្លួនក៏មនុស្សមិនចេះទប់កំហឹងនោះនឹងវាយបំបែកឲ្យខ្ទេច ។ គ្មាននរណាម្នាក់ចង់រស់នៅក្បែរមនុស្សមិនចេះទប់កំហឹងសោះឡើយ ព្រោះកំហឹងរបស់បុគ្គលនោះនឹងឆ្លងដល់ខ្លួនមិនខាន ។ កំហឹងដែលមិនមានការទប់ស្កាត់ត្រឹមត្រូវគឺជាភាពចង្រៃដល់សីលធម៌ (moral hazard) ។
ការបកស្រាយខាងលើបានបង្ហាញឲ្យឃើញថា ការដេកច្រើន, ការនិយាយច្រើន, ភាពកំជិល, និង កំហឹងគ្មានការគ្រប់គ្រងគឺជាមូលហេតុនាំមកនូវក្តីវិនាសទី ៣ ។ ហេតុនេះបុគ្គលគ្រប់រូបគួរជៀសវាងឬកាត់បន្ថយការបញ្ចេញអារម្មណ៍ទាំងនោះឲ្យបានតិចបំផុតតាមអាចធ្វើបានដើម្បីអាចរស់នៅសុខចម្រើន និង ចុះសម្រុងជាមួយមនុស្សដទៃនៅក្នុងគ្រួសារ និង សហគមន៍ ។ មានវិធីប្រកបដោយប្រសិទ្ធភាពជាច្រើនដែលមនុស្សគ្រប់រូបគួររៀននិងប្រតិបត្តិតាមដើម្បីជួយខ្លួនឯងឲ្យជៀសវាងការដេកទ្រមក់ ការនិយាយច្រើន ភាពកំជិល និង កំហឹងឥតគម្របរបស់ខ្លួន ។
ទី ៤ - មិនចិញ្ចឹមមាតាបិតា (ឪពុកម្តាយ)
តាមច្បាប់ធម្មជាតិ មេបាសត្វប្រភេទខ្លះបង្កើតកូនដើម្បីបន្តពូជពង្សរួចហើយក៏បន្តរកចំណីមកបញ្ចុកកូនរហូតដល់កូនធំធាត់អាចស្វែងរកចំណីដោយខ្លួនឯង ។ មេបាសត្វខ្លះថែមទាំងបង្រៀនកូនឲ្យចេះរកចំណីអាហារ និង ជួយការពារកូនឲ្យរួចផុតពីសត្វដទៃដែលអាចចាប់កូនធ្វើជាចំណី ។ នៅពេលកូនធំធាត់ដឹងក្តី ពួកគេបន្តជីវិតដោយខ្លួនឯង និង ដើរតួនាទីជាមេបាដើម្បីបន្តពូជពង្សសត្វប្រភេទនោះបន្តទៀត ។ អ្នកវិទ្យាសាស្ត្រនៅមិនទាន់រកឃើញកូនសត្វប្រភេទណាមួយវិលត្រឡប់យកចំណីមកជួយមេបារបស់ខ្លួនទេ វៀរលែងតែមនុស្សប៉ុណ្ណោះ ។ មនុស្សក៏ជាពូជសត្វម្យ៉ាងដែរ ប៉ុន្តែមនុស្សជាសត្វមានភាសាពិសេសសម្រាប់ឆ្លើយឆ្លងគ្នា សម្រាប់បង្រៀនឬផ្ទេរចំណេះដឹង និង បច្ចេកវិជ្ជាទៅមនុស្សជំនាន់មួយទៀត ។ មនុស្សប្រើប្រាស់ភាសាពន្យល់គ្នាឲ្យចេះជួយបែងចែកចំណីអាហារ ជួយធ្វើការងារ និង ការពារគ្នាតាមលទ្ធភាពដែលពួកគេមាន ។ មនុស្សរស់នៅក្នុងកុលសម្ព័ន្ធ សហគមន៍ ឬ ប្រទេសជាមួយគ្នាបានបង្កើតច្បាប់ទម្លាប់សម្រាប់មនុស្សនៅក្នុងកុលសម្ព័ន្ធ សហគមន៍ ឬប្រទេសនោះ ។ មនុស្សបានបង្កើតច្បាប់សម្រាប់គ្រប់គ្រងកុលសម្ព័ន្ធឬរដ្ឋ និង ច្បាប់សាសនាដើម្បីឲ្យមនុស្សរស់នៅចុះសម្រុង និង ចេះជួយគ្នាដើម្បីឲ្យពូជមនុស្សអាចរស់នៅប្រកបដោយសេចក្តីសុខ ។ ការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា ភាគច្រើននៃច្បាប់សាសនាបានបង្រៀនមនុស្សជាកូនចៅទទួលយកភារៈចិញ្ចឹមឪពុកម្តាយដោយស្ម័គ្រចិត្ត និង ពេញចិត្ត ។ ឧទាហរណ៍ នៅក្នុងគម្ពីរព្រះត្រៃបិដកនៃពុទ្ធសាសនានិកាយថេរវាទ មានសេចក្តីបង្រៀនថា កូនមានតួនាទីចំពោះឪពុកម្តាយស្របតាមប្រការ ៥ យ៉ាង គឺ ១- ជួយចិញ្ចឹមបីបាច់, ២- ជួយធ្វើការងារជំនួស, ៣- ជួយការពារនិងរក្សាវង្សត្រកូល, ៤- ប្រតិបត្តិខ្លួនឱ្យត្រឹមត្រូវសមជាអ្នកទទួលនិងគ្រប់គ្រងមរតកពីពួកគាត់, និង ៥- ធ្វើបុណ្យទានជូនពួកគាត់ពេលពួកគាត់លាចាកលោកនេះ ។ ប៉ុន្តែមានមនុស្សមួយចំនួនមិនអនុវត្តតាមច្បាប់សាសនាទាំងនោះទេ ពោលគឺមិនខ្វល់ជួយចិញ្ចឹមឪពុកម្តាយរបស់ខ្លួនទោះបីពួកគេមានលទ្ធភាព និង សមត្ថភាពគ្រប់គ្រាន់ក៏ដោយ ។
យើងសង្កេតឃើញថាច្បាប់សាសនាគ្មានវិធីអ្វីដើម្បីចាប់បង្ខំពួកកូនទាំងនោះឲ្យអនុវត្តតាមច្បាប់ទាំងនោះទេ ក្រៅតែវិធីពីរយ៉ាង ពោលគឺ ទី ១ ការលើកទឹកចិត្តថាវាជាកិច្ចការដែលព្រះអាទិទេពដាក់ចុះឬទេវតានឹងជួយរក្សាពួកខ្លួនឲ្យមានសុវត្ថិភាព និង វិធីទី ២ គឺការនិយាយបំភិតបំភ័យដើម្បីបន្លាចឲ្យពួកកូនទាំងនោះទទួលយកនិងធ្វើតាម ។ យើងមិនត្រូវបន្ទោសពួកកូនៗថាពួកគេមិនចិញ្ចឹមឪពុកម្តាយឲ្យបានត្រឹមត្រូវ ដោយយើងមិនបានសិក្សាមើលអំពីលទ្ធភាពរបស់ពួកកូនៗទាំងនោះក្នុងការបំពេញកិច្ចការទាំងនោះឡើយ ។ ប្រសិនបើពួកកូនទាំងនោះគ្មានលទ្ធភាពធ្វើកិច្ចការទាំងនោះទេ តើអ្នកណាជាអ្នកជួយពួកគេ ? យើងត្រូវពិនិត្យមើលឲ្យហួសពីការទទួលខុសត្រូវរបស់ពួកកូនៗ និង ត្រូវសួរថាតើសហគមន៍ទាំងមូលមានតួនាទីអ្វីខ្លះដែលអាចជួយមនុស្សចាស់នៅក្នុងភូមិ និង ជួយបានក្នុងកម្រិតណា ? តើភិក្ខុសង្ឃអាចដើរតួជាអ្នកដឹកនាំប្រជាជនជាពុទ្ធបរិស័ទចំណុះជើងវត្តឲ្យចូលរួមគ្នាជួយពួកមនុស្សចាស់ទាំងនោះបានក្នុងកម្រិតណា ? តើប្រទេសទាំងមូលអាចបង្កើតច្បាប់ការពារមនុស្សចាស់បានក្នុងកម្រិតណា រាប់ទាំងការគោរពសិទ្ធិមនុស្ស និង សិទ្ធិទទួលបានការឧបត្ថម្ភត្រឹមត្រូវពីរដ្ឋាភិបាលទាំងផ្នែកចំណីអាហារ ទីជម្រក ការថែទាំសុខភាព និង សុខុមាលភាព ? ប្រសិនបើសហគមន៍ វត្តអារាម និង រដ្ឋាភិបាលរួមគ្នាជួយមនុស្សចាស់ទាំងឡាយ ពេលនោះបន្ទុកក្នុងការចិញ្ចឹមបីបាច់ឪពុកម្តាយនឹងមិនសូវជាធ្ងន់ពេកសម្រាប់ពួកកូនៗដើម្បីទទួលយកនោះឡើយ ។
ទី ៥ - ភូតកុហក បោកបញ្ឆោត
នៅក្នុងគោលការណ៍នេះយើងត្រូវបែងចែកជាពីរផ្នែកឲ្យដាច់ស្រឡះដើម្បីឲ្យយើងអាចបកស្រាយ និង រកភស្តុតាងអំណះអំណាងមកការពារចំណុចនីមួយៗឲ្យបានពេញលេញ និង ងាយយល់ ។ ផ្នែកទី ១ គឺពាក្យថា ភូតឬកុហក ។ តើសំដីកុហកផ្តល់ប្រយោជន៍ឬគុណវិបត្តិអ្វីដល់មនុស្សជាអ្នកនិយាយ និង មនុស្សជាអ្នកស្តាប់ ? ជាទូទៅ គ្មានមនុស្សណាម្នាក់អាចអួតអាងថាមិនធ្លាប់និយាយកុហកសោះក្នុងមួយជីវិត ។ មានពេលខ្លះសំដីកុហកអាចផ្តល់ប្រយោជន៍ដល់អ្នកនិយាយ និង គ្មានមនុស្សណាមកចាប់ទោសអូសដំណើរអ្វីទេប្រសិនបើគេប្រើវាសម្រាប់ដោះទាល់ឬការពារសុវត្ថិភាពរបស់ខ្លួន ឬ សុវត្ថិភាពមនុស្សដទៃ ។ ឧទាហរណ៍ មានជនចំឡែកម្នាក់មកសុំស្នាក់នៅក្នុងវត្តមួយនៅក្នុងបំណងស៊ើបអង្កេតមើលស្ថានភាពរបស់ប្រជាជនក្នុងភូមិ ដូចជាចង់ដឹងថាតើគ្រួសារណាមានទ្រព្យច្រើនជាងគេ ឬថាតើមានការយាមកាមត្រឹមត្រូវឬអត់ ។ ប្រសិនបើជនចំឡែកសួរភិក្ខុមួយអង្គនៅក្នុងវត្តនូវសំណួរទាំងឡាយប្រភេទនេះ តើភិក្ខុអង្គនោះត្រូវឆ្លើយយ៉ាងណា ? បើឆ្លើយតាមការពិត ជនចំឡែកនឹងប្រើប្រាស់ព័ត៌មាននោះក្នុងផ្លូវអាក្រក់ដូចជាការមកលួចឬប្លន់ទ្រព្យប្រជាជនជាដើម ។ បើមិនឆ្លើយតាមការពិតទេ ភិក្ខុនឹងមានកំហុសថាបានពោលពាក្យមុសា ។ ដូច្នេះភិក្ខុអង្គនោះត្រូវថ្លឹងមើលថា តើក្នុងចំណោមអំពើទាំងពីរនោះ អំពើមួយណានឹងនាំទៅដល់ផលវិបត្តិតិចជាងគេ ។ ប្រសិនបើមិនអាចគេចវេសមិនឆ្លើយតបចំពោះសំណួរទាំងនោះបានទេ ភិក្ខុអង្គនោះអាចនឹងជ្រើសយកការមិនផ្តល់ព័ត៌មានពិត ឬអាចឆ្លើយថាមិនដឹងជាការស្រេច ។ អំពើរបស់ភិក្ខុនោះជួយការពារទ្រព្យសម្បត្តិឬអាយុជីវិតរបស់ប្រជាជន ដែលជាប្រយោជន៍ប្រសើរជាងការនិយាយព័ត៌មានពិតក្នុងបំណងរក្សាសីល "មិនពោលពាក្យមុសាវាទ" ។ ប៉ុន្តែការពោលពាក្យកុហកមួយចំនួននឹងនាំផលអវិជ្ជមានដល់ខ្លួនផង និង ដល់មនុស្សដទៃផងដែរ ។ ឧទាហរណ៍ ភិក្ខុមួយអង្គពោលពាក្យអួតអាងថាអាចព្យាបាលជម្ងឺច្រើនមុខជូនអ្នកស្រុក ដោយលោកគ្រាន់តែប្រើថ្នាំឫសឈើមួយឆ្នាំងប៉ុណ្ណោះ ។ ជម្ងឺអេដស៍គឺជាជម្ងឺមួយក្នុងចំណោមជម្ងឺដែលភិក្ខុអង្គនោះអួតថាអាចព្យាបាលឲ្យជាសះស្បើយ ។ មានគ្រួសារមួយដែលមានកូនប្រុសម្នាក់កើតជម្ងឺអេដស៍ដែលបុគ្គលិកពេទ្យគ្មានវិធីព្យាបាលឲ្យជាសះស្បើយទេ គឺមានតែការចំណាយប្រាក់សម្រាប់ទិញថ្នាំលេបដើម្បីបង្ក្រាបកុំឲ្យចំនួនវីរុសកើនឡើងច្រើនពេកដែលអាចឈានទៅដល់សម្លាប់បុរសវ័យក្មេងនោះ ។ ឪពុកម្តាយយុវជននោះមិនជឿពាក្យណែនាំរបស់ពេទ្យក៏នាំកូនទៅជួបភិក្ខុពូកែអួតអាងអង្គនោះដើម្បីសុំឲ្យលោកជួយព្យាបាល ។ ការពិតគឺគ្មានថ្នាំឫឈើណាអាចសម្លាប់មេរោគអេដស៍បានឡើយ ។ ដោយក្តីអំណួត មោទនភាព និង ខ្លាចខ្មាស់ប្រជាជនផងប្រសិនបើភិក្ខុអង្គនោះពោលពាក្យពិត "អាត្មាមិនអាចព្យាបាលរោគអេដស៍" ជាជាងការពោលពាក្យពិត ភិក្ខុអង្គនោះកុហកថាលោកអាចព្យាបាលយុវជនឲ្យជាសះស្បើយពីរោគអេដស៍ ។ ទីបំផុតឪពុកម្តាយក៏អស់ប្រាក់ យុវជននោះក៏ស្លាប់ព្រោះមិនបានទទួលថ្នាំពេទ្យត្រឹមត្រុវដើម្បីសម្លាប់មេរោគអេដស៍ ។ នេះគឺជាការពេលពាក្យកុហកដែលបង្កឲ្យមនុស្សដទៃបាត់បង់ទ្រព្យ គ្រោះថ្នាក់ និង ស្លាប់បាត់បង់ជីវិត ។
ផ្នែកទី ២ គឺការបោកបញ្ឆោត ។ ពាក្យថា បោកបញ្ឆោត គឺជាសំដីដែលមនុស្សទី ១ និយាយលួងលោមមនុស្សទី ២ ឲ្យធ្វើអំពើមួយដែលនឹងមិននាំផលល្អដល់មនុស្សទី ១ ទេ ប៉ុន្តែមនុស្សទី ២ បែរជាបានផលទៅវិញ ។ ឧទាហរណ៍ មនុស្សសាមញ្ញម្នាក់បានពោលពាក្យបញ្ឆោតប្រជាជនទូទៅថា រូបខ្លួនគឺជាព្រះសិរីអារ្យមេត្រីចុះមកចាប់ជាតិដើម្បីជួយសង្គ្រោះមនុស្សលោក ។ បុរសម្នាក់នោះមានក្រុមបក្សរបស់ខ្លួនជាច្រើនព្រមទាំងមានមនុស្សមានអំណាចជួយការពាររូបគេផងដែរ ។ ជនបោកប្រាស់នោះបានបញ្ឆោតមនុស្សជាច្រើនឲ្យជឿ និង ចំណាយប្រាក់ជាច្រើនដើម្បីទិញជ័រគ្រីស្តាល់របស់ខ្លួនដោយនិយាយថាជ័រនោះនឹងក្លាយទៅជាដុំពេជ្រនៅពេលអនាគត ។ លើសពីនោះទៀត ជនបោកប្រាស់ម្នាក់នោះនៅបានបោកប្រជាជនជាច្រើនឲ្យចំណាយប្រាក់សង់វិមានធំស្កឹមស្កៃនៅលើដីវត្តរបស់ខ្លួនព្រោះនៅពេលដល់ពេលកំណត់ជនបោកប្រាស់នោះនឹងហោះឡើងទៅស្ថានសួគ៌ ហើយមនុស្សណាដែលរស់នៅក្នុងវិមាននៅក្នុងដីវត្តនោះអាចនឹងតោងជើងជនបោកប្រាស់នោះហោះឡើងទៅស្ថានសួគ៌ជាមួយដែរ ។ ទីបំផុតអំពើបោកប្រាស់ក៏ត្រូវបានបើកបង្ហាញឲ្យដឹងជាសាធារណៈ ជនបោកប្រាស់ក៏បានសារភាពនូវអំពើបោកប្រាស់របស់ខ្លួន ។ មេបោកប្រាស់នេះសមនឹងទទួលពិន័យយ៉ាងធ្ងន់ធ្ងរស្របនឹងច្បាប់ជាធរមាន ប៉ុន្តែដោយសារតែមានខ្សែឬខ្នងបង្អែកធំ ជនបោកប្រាស់ក៏បានដោះលែងឲ្យរួចខ្លួនបន្ទាប់ពីបានពោលពាក្យសុំទោសបែបលាក់កំណួចរបស់ខ្លួន ។ ចំណែកប្រជាជានរាប់ពាន់នាក់ដែលត្រូវជនបោកប្រាស់បញ្ឆោតឲ្យចំណាយប្រាក់រាប់ម៉ឺននោះវិញបានត្រឹមតែខឹងមួម៉ៅក្តៅក្រហាយ និង ជេរប្រទេចដាក់បណ្តាសាមនុស្សគម្រក់នោះប៉ុណ្ណោះ ព្រោះមិនអាចធ្វើអ្វីកើត និង ឈឺចិត្តមិនគួរនឹងល្ងង់ខ្លៅត្រូវគេបោកប្រាស់យ៉ាងងាយដូច្នេះសោះ ។ ទីបំផុត លោភៈ និង មោហៈ បានត្រឹមនាំមកនូវទោសៈដាក់ខ្លួនប៉ុណ្ណោះ ។ ដូច្នេះសូមប្រជាជនទាំងអស់ប្រុងប្រយ័ត្នខ្លួន មិនត្រូវធ្លាក់ខ្លួនចាញ់ពាក្យល្បងលួងលោមរបស់ជនពាលឡើយ ទោះជនពាលជាភិក្ខុសង្ឃ ឬ ជនសាមញ្ញក៏ដោយ ។
ទី ៦ - លាក់អាហារឆ្ងាញ់ និង ធនធាន
នៅក្នុងគោលការណ៍នេះក៏មានពីរផ្នែកដែលយើងត្រូវបកស្រាយដាច់ដោយឡែកពីគ្នា ។ ផ្នែកទី ១ ការលាក់អាហារឆ្ងាញ់មិនចែករំលែកជាមួយនឹងមនុស្សដទៃ ។ តាមច្បាប់ធម្មជាតិ សត្វមួយចំនួនធំស្វែងរកចំណីអាហារសម្រាប់ចិញ្ចឹមជីវិតត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ព្រោះពួកគេមិនដែលខ្វល់ខ្វាយកើបប្រមូលអាហារមកទុកសម្រាប់ថ្ងៃស្អែកទេ ។ បើថ្ងៃស្អែកឡើងរកមិនបានអាហារពួកវាក៏នឹងស្វែងរកអាហារនៅថ្ងៃស្អែកទៀត ។ មានសត្វបក្សីប្រភេទខ្លះត្រូវហើរផ្លាស់ទីចម្ងាយរាប់ពាន់គីឡូម៉ែត្រដើម្បីស្វែងរកចំណី ដោយចំណាយពេលហើរច្រើនថ្ងៃទើបទៅដល់គោលដៅក៏មាន ។ សត្វខ្លះក៏រស់នៅក្នុងជីវិតក្រាំងមិនស៊ីអាហាររយៈពេលច្រើនខែ ឧទាហរណ៍ កង្កែបក្រាំងនៅខែប្រាំង ឬ សត្វខ្លាឃ្មុំនៅដំបន់ប៉ូលខាងជើង ។ ប៉ុន្តែក៏មានសត្វមួយចំនួនចេះគិតគូរយកចំណីទៅជីកកប់លាក់ទុកសម្រាប់ពេលក្រោយផងដែរ ឧទាហរណ៍ សត្វក្អែកប្រភេទខ្លះយកចំណីទៅជីកកប់នៅទីតាំងច្រើនកន្លែងដើម្បីកុំឲ្យក្អែកដទៃទៀតរកឃើញ ហើយក៏មានសត្វក្អែកខ្លះលួចតាមសង្កេតមើលសកម្មភាពជីកកប់លាក់ចំណីនោះដើម្បីទៅលួចយកចំណីនោះមកស៊ីក៏មានដែរ ។ ពួកសត្វស្វាមួយចំនួនក៏មានវិធីលួចលាក់ចំណីមិនឲ្យស្វាដទៃរកឃើញផងដែរ ។ រីឯមនុស្សក៏ជាសត្វដែលត្រូវការចំណីដើម្បីបន្តជីវិតដូចសត្វដទៃ ដូច្នេះមនុស្សក៏មានល្បិចកលជីកកប់ចំណីលាក់ទុកសម្រាប់យកមកបរិភោគនៅថ្ងៃក្រោយដែរ ។ ល្បិចនេះគឺដុះឡើងក្នុងខួរក្បាលមនុស្សចាប់តាំងពីពេលពូជមនុស្សដំបូងៗដែលដើរស្វែងរកចំណីយ៉ាងលំបាកលំបិន ។ សូម្បីមកដល់សម័យទំនើបនេះដែលងាយរកចំណីក៏ដោយ ក៏នៅមានមនុស្សមួយចំនួនបន្តកើបប្រមូលចំណីលាក់ទុកសម្រាប់ខ្លួនឯង ឬក្រុមគ្រួសាររបស់ខ្លួនដែរ ។ ឧទាហរណ៍ជាក់ស្តែង មនុស្សខ្លះទៅវត្តអារាមដើម្បីប្រមូលយកចំណីមកផ្ទះវិញដោយមិនខ្ចីខ្វល់ទុកចំណីខ្លះសម្រាប់មនុស្សដទៃឡើយ ។ បើថ្ងៃនេះយើងមានចំណីអាហារទទួលទាន ហើយយើងចែករំលែកឲ្យមនុស្សដទៃបានបរិភោគដូចយើង ពួកគេក៏សប្បាយរីករាយជាមួយនឹងយើង ។ ថ្ងៃក្រោយនៅពេលពួកគេមានចំណីឆ្ងាញ់ពួកគេនឹកឃើញអំពើល្អរបស់យើង ពេលនោះពួកគេក៏នឹងចែកចំណីឆ្ងាញ់ជាមួយយើងដែរ ។
ផ្នែកទី ២ ពាក្យថា "ធនធាន" មានអត្ថន័យទូលំទូលាយដែលអាចរាប់បញ្ចូលទាំងចំណីអាហារ ប្រាក់កាស់ ចំណេះដឹង និង បច្ចេកវិជ្ជា ។ នៅទីនេះយើងសូមលើកយកអត្ថន័យរបស់ "ធនធាន" ដែលមានន័យត្រឹមតែជាទ្រព្យសម្បត្តិដូចជាលុយកាក់ឬមាសប្រាក់ប៉ុណ្ណោះ ។ បើមនុស្សម្នាក់លាក់បំពួនចំណីអាហារមិនចែករំលែកជាមួយមនុស្សដទៃ មនុស្សម្នាក់នោះក៏មានវិធីលាក់បំពួនទ្រព្យរបស់ខ្លួនមិនចែករំលែកជាមួយអ្នកផ្សេងដែរ ។ លុយកាក់ ឬ មាសប្រាក់គឺជាវត្ថុងាយស្រួលសម្រាប់យកទៅលាក់ទុកជាងចំណីអាហារឆ្ងាយណាស់ ។ សព្វថ្ងៃមនុស្សមានទ្រព្យច្រើនបានយកទ្រព្យទាំងនោះទៅផ្ញើទុកនៅឯធនាគារ ដែលមានសុវត្ថិភាពជាងការលាក់ទុកនៅឯផ្ទះ ។ ពេលអ្នកជិតខាង ឬ មិត្តភក្តិម្នាក់មកពឹងពរសុំឬខ្ចីបុល ជនកំណាញ់នោះក៏ពោលថាគ្មានប្រាក់សេសសល់នៅផ្ទះសម្រាប់ឲ្យខ្ចីបុលទេ ។ នៅពេលចូលដល់វ័យចំណាស់ មនុស្សកំណាញ់នោះបន្តប្រើល្បិចចុងក្រោយដើម្បីជីកកប់ទ្រព្យសម្បត្តិរបស់ខ្លួនសម្រាប់បើកយកមកចាយនៅជាតិក្រោយទៀត ។ តើមានអ្នកស្លាប់ប៉ុន្មាននាក់ដែលបានចេញមុខមកអះអាងបញ្ជាក់ថាគាត់បានបើកលុយកាក់របស់គាត់យកទៅចាយរួចហើយ ។ ទ្រព្យសម្បត្តិដែលគាត់ខំសន្សំ ឬលាក់ទុកទាំងប៉ុន្មាននឹងត្រូវធ្លាក់ចូលទៅក្នុងកណ្តាប់ដៃមនុស្សដែលនៅរស់យកទៅប្រើប្រាស់បន្តទៀត ។
ទី ៧ - ប្រកាន់ជាតិ, ត្រកូល, ទ្រព្យ, ឋានៈ និង មិនរាប់សាច់ញាតិរបស់ខ្លួន
មុននឹងអាចយល់គំនិតបង្កប់នៅក្នុងគោលការណ៍នេះ យើងត្រូវពិនិត្យមើលសង្គមឥណ្ឌានៅសម័យកាលព្រះពុទ្ធ និង សម័យបច្ចុប្បន្ននេះ ដើម្បីវាយតម្លៃមើលថាតើពួកមនុស្សទាំងនោះបន្តប្រព្រឹត្តតាមទំនៀមទម្លាប់ចាស់គំរិលរាប់ពាន់ឆ្នាំរបស់ពួកគេឬមានការកែប្រែក្នុងកម្រិតណា ។ យើងបានសិក្សា និង ដឹងរួចហើយថា សង្គមមនុស្សនៅប្រទេសឥណ្ឌាត្រូវបានបែងចែកជា ៤ ក្រុមឬវណ្ណៈដាច់ស្រឡះពីគ្នា ។ លើសពីនោះទៀត មានមនុស្សមួយក្រុមពិសេសទៀតគឺពួកចណ្ឌាល ដែលជាមនុស្សនៅក្រៅវណ្ណៈទាំង ៤ ខាងលើ ។ មានខជាច្រើននៅក្នុងគម្ពីរ មនុ ដែលពួកមនុស្សនៅក្នុងវណ្ណៈព្រាហ្មណ៍បានតាក់តែងឡើងដើម្បីគ្រប់គ្រងមនុស្សនៅក្នុងវណ្ណៈដទៃទៀត ។ ពួកព្រាហ្មណ៍អះអាងថាពួកគេជាមនុស្សពិសេសដែលព្រះអាទិទេពចាត់ឲ្យរៀនគម្ពីរវេទ និង គម្ពីរផ្សេងទៀត សម្រាប់រៀបចំពិធីយញ្ញសម្រាប់បូជាអាទិទេព ។ ពួកនេះប្រកាន់យ៉ាងតឹងរឹងថា គ្មានមនុស្សណាផ្សេងនៅក្នុងវណ្ណៈផ្សេងទៀតអាចអានឬរៀនគម្ពីរវេទឬគម្ពីរមនុបានឡើយ ហើយក៏គ្មានមនុស្សវណ្ណៈផ្សេងណាអាចរៀបចំធ្វើពិធីបូជាណាមួយបានដែរ ។ មនុស្សស្ទើរតែទូទាំងប្រទេសឥណ្ឌានៅបន្តជឿថាត្រកូលរបស់ពួកគេប្រសើរជាងត្រកូលរបស់មនុស្សនៅវណ្ណៈក្រោម ។ ការរើសអើងមនុស្សដោយអាងលើកំណើតនៅក្នុងវណ្ណៈខ្ពស់ឬត្រកូលល្អបានឆ្លុះបញ្ចាំងឲ្យឃើញអំពើអយុត្តិធម៌ដែលស៊ីចាក់ជ្រៅចូលដល់ភូមិស្រុកនៅទីកន្លែងឆ្ងាយដាច់ស្រយាល ។ មនុស្សនៅក្នុងវណ្ណៈក្រោមគ្មានទ្រព្យសម្បត្តិ ឬដីធ្លីសម្រាប់ប្រកបរបរកសិកម្ម ឬគ្មានចំណេះវិជ្ជាសម្រាប់បម្រើក្នុងសេវាសង្គមណាមួយក្រៅពីការដើររើសប្រមូលខ្មោចមនុស្ស ឬ ខ្មោចសត្វយកទៅដុតចោល ឬ កើបលាមកពីបង្គន់របស់មនុស្សនៅវណ្ណៈខាងលើយកទៅចាក់ចោលនៅទីឆ្ងាយ ដើម្បីជាការដោះដូរយកដុំបាយឬអាហារសេសសល់ ។ ទោះបីមនុស្សនៅវណ្ណៈក្រោមបានរៀនសូត្រចេះដឹងច្រើន និង មានមុខងារខ្ពស់យ៉ាងណា ក៏មនុស្សកំប៉ិកកំប៉ុកនៅក្នុងវណ្ណៈខាងលើបន្តរើសអើង មាក់ងាយ មនុស្សម្នាក់នោះគ្មានថ្ងៃបញ្ចប់សោះឡើយ ។ ឧទាហរណ៍ លោកបណ្ឌិត អាំបិដការ ដែលជាមនុស្សមកពីវណ្ណៈចណ្ឌាល ដែលបានទទួលរងការមើលងាយមើលថោកគ្រប់ពេលវេលាពីសំណាក់សិស្សឬគ្រូដែលជាមនុស្សនៅវណ្ណៈខាងលើ ។ នៅសាលារៀនលោកមិនអាចចូលអង្គុយក្នុងថ្នាក់ជាមួយសិស្សផ្សេងទៀត មិនអាចបរិភោគទឹកដោយខ្លួនឯងព្រោះត្រូវតែមានមនុស្សវណ្ណៈខាងលើម្នាក់ចាក់ទឹកចេញពីក្អមមកពីទីខ្ពស់ឲ្យ ព្រោះពួកមនុស្សទាំងនោះប្រកាន់មាំថា មនុស្សចណ្ឌាលមិនអាចប៉ះពាល់ទឹករបស់ពួកគេឡើយ ។ ការរើសអើងនេះបន្តកើតមានរហូតដល់សកលវិទ្យាល័យដែលលោកទៅបង្រៀន នៅសភាជាតិឥណ្ឌាដែលលោកគឺជាប្រធានគណៈកម្មការព្រាងច្បាប់រដ្ឋធម្មនុញ្ញហើយក៏ដោយ ។ សូម្បីច្បាប់រដ្ឋធម្មនុញ្ញឥណ្ឌាដែលទទួលបានការបោះឆ្នោតអនុម័តដោយសំឡេងភាគច្រើនក៏ដោយ ក៏មនុស្សនៅវណ្ណៈខាងលើមិនទទួលយកច្បាប់នោះទៅអនុវត្តភ្លាមៗដែរព្រោះគេគិតថាមិនមែនជាច្បាប់ដែលផ្តល់ប្រយោជន៍ដល់ពួកគេ ។ នេះជាភស្តុតាងបញ្ជាក់ឲ្យឃើញអំពើរើសអើងដែលបានកើតឡើងនិងកំពុងកើតឡើងនៅក្នុងសង្គមឥណ្ឌា ។ សព្វថ្ងៃមនុស្សនៅក្នុងវណ្ណៈក្រោមបំផុតកំពុងងើបឡើងតស៊ូប្រឆាំងដោយចំហចំពោះការគ្រប់គ្រងប្រកបដោយភាពអយុត្តិធម៌ និង ការរើសអើងរបស់មន្ត្រីមកពីវណ្ណៈព្រាហ្មណ៍ និង វណ្ណៈក្សត្រ (ម្ចាស់ដី) ។ មនុស្សចណ្ឌាលមួយចំនួនបានផ្លាស់ប្តូរជំនឿពីសាសនាព្រាហ្មណ៍ទៅកាន់សាសនាព្រះពុទ្ធវិញ ព្រោះពុទ្ធសាសនាគ្មានការរើសអើងវណ្ណៈ គ្មានការប្រកាន់ជាតិ ត្រកូល ឋានៈ ឡើយ ។ ពួកមនុស្សចណ្ឌាលមានសេរីភាពដើរហើរ និង ចូលបម្រើក្នុងក្រសួងជាច្រើនដោយគ្មានខ្លាចការរើសអើង ។ ប៉ុន្តែយើងនៅតែសង្កេតឃើញមានករណីរើសអើង ករណីមនុស្សវណ្ណៈខាងលើចាប់រំលោភស្ត្រីជាមនុស្សគ្មានវណ្ណៈ ករណីរដ្ឋាភិបាលមិនរៀបចំខ្ទង់ថវិកាសម្រាប់អភិវឌ្ឍដំបន់ដែលមានមនុស្សចណ្ឌាលរស់នៅច្រើន ។
ទោះបីនៅប្រទេសកម្ពុជាគ្មានប្រពៃណីប្រកាន់វណ្ណៈដីឆ្កួតលីលាដូចនៅប្រទេសឥណ្ឌាក៏ដោយ ក៏យើងសង្កេតឃើញក្រុមមេដឹកនាំប្រទេស និង អ្នកជំនួញដែលមានប្រាក់រាប់លានដុល្លារើសអើងប្រជាជនក្រីក្រឬបុគ្គលិកតូចតាច ។ យើងក៏ឃើញមានករណីបងប្អូនឈប់រាប់រកគ្នាដោយសារតែឋានៈមិនដូចគ្នា ឬ ទ្រព្យសម្បត្តិមិនច្រើនដូចគ្នា ឧទារហរណ៍ បងប្រុសជាមនុស្សមានប្រាក់រាប់លានដុល្លា ចំណែកប្អូនប្រុសជាជនក្រីក្ររកស៊ីរត់ម៉ូតូឌុប ។ បងប្រុសមិនហ៊ានប្រាប់ញាតិមិត្តខាងភរិយាខ្លួនថាមានប្អូនប្រុសម្នាក់ជាអ្នករត់ម៉ូតូឌុបទេព្រោះខ្លាចអាម៉ាស់មុខខ្លួន ។ នេះគឺជាអំពើរើសអើងដ៏លាមកដែលកំពុងកើតមាននៅប្រទេសកម្ពុជាសព្វថ្ងៃ ។ យើងជាជនជាតិខ្មែរមិនត្រូវបន្តទំនៀមទម្លាប់រើសអើងដ៏ថោកទាបនេះទៀតទេប្រសិនបើយើងមានមោទនភាពជាខ្មែរ ជាប្រទេសធ្លាប់មានវប្បធម៌រុងរឿង និង ជាអារ្យប្រទេស ។
ទី ៨ - ប្រព្រឹត្តល្បែង ៣ ប្រការ
ពាក្យថាល្បែង ៣ ប្រការគឺរាប់បញ្ចូលនូវល្បែងស្រី ល្បែងស្រា និងល្បែងប៉ោបៀ ។ ពាក្យថាល្បែងស្រីគឺសំដៅការចំណាយពេលវេលាទៅលើការដើរហើរជាមួយស្រីកំណាន់ឬស្រីរកស៊ីផ្លូវភេទ នាំឲ្យបង់ខាតពេលវេលា ប្រាក់កាស់ និង ទឹកចិត្ត លើសពីនោះទៀតបុគ្គលនោះអាចនឹងឆ្លងរោគសង្គមដូចជារោគស្វាយ ប្រម៉េះ ឬអេដស៍ជាដើម ។ បើយើងស្រាវជ្រាវរកមើលគំនិតដើមរបស់គោលការណ៍នេះ យើងអាចទាញសេចក្តីសន្និដ្ឋានថា គោលគំនិតដើមគឺការប្រដៅបង្រៀនមនុស្សប្រុសជាអ្នកប្រតិបត្តិព្រហ្មចរិយធម៌ឲ្យជៀសវាងអំពើទាំងឡាងដែលនាំឲ្យពួកគេមិនអាចសម្រេចគោលដៅមោក្ខធម៌ ។ ប៉ុន្តែមនុស្សប្រុសជាអ្នកគ្រប់គ្រងផ្ទះសម្បែងក៏អាចយកគោលការណ៍នេះទៅអនុវត្តសម្រាប់ដឹកនាំជីវិតរបស់ពួកគេឲ្យបានជាប្រយោជន៍ដែរ ។ ចំណែកស្ត្រីជាអ្នកប្រតិបត្តិព្រហ្មចរិយធម៌ និង ស្ត្រីជាមេផ្ទះក៏អាចគោលការណ៍នេះសម្រាប់ដឹកនាំជីវិតបានដូចគ្នា ដោយគ្រាន់តែប្តូរពីពាក្យថា ល្បែងស្រី ទៅជា ល្បែងប្រុស ជាការស្រេច ។ សម្រាប់ស្ត្រីជាមេផ្ទះ ពួកគាត់ត្រូវមានភក្តីចំពោះស្វាមី និង គ្រួសារ ដោយមិនត្រូវបណ្តោយចិត្ត និង ខ្លួនប្រាណទៅជាឧបករណ៍បម្រើភេទរបស់បុរសដទៃឡើយ ។
ពាក្យថាល្បែងស្រា គឺការចំណាយពេលវេលា និង ប្រាក់កាស់ទៅលើគ្រឿងស្រវឹង និង គ្រឿងញៀនគ្រប់ប្រភេទ ។
ត្រេកអរចំពោះភរិយាខ្លួនជាការប្រពៃ ប៉ុន្តែការលេងល្បែងស្រី រមែងជួបផលអវិជ្ជមានជាច្រើនដូចជា ខូចខាតទ្រព្យដែលមានស្រាប់ ខានបានរកទ្រព្យថ្មី មានបញ្ហាទាស់ទែងគ្នាជារឿយៗ ដើរលេងចោលទ្រព្យសម្បត្តិ ខានថែទាំគ្រួសារ (អាចជាហេតុធ្វើឲ្យប្រពន្ធផិតក្បត់ក៏មាន ) ខូចកិត្តិយសខ្លួន និង វង្សត្រកូល មានរឿងអាស្រូវច្រើនមិនចេះចប់ សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងជំងឺផ្សេងៗ ជាពិសេសរោគសង្គម និង កាមរោគ ។
អ្នកលេងល្បែងស្រានាំមកនូវគុណវិបត្តិយ៉ាងច្រើនដូចជា វិនាសទ្រព្យសម្បត្តិដែលមានស្រាប់ ខាតពេលមិនបានរកទ្រព្យថ្មី និង ខានប្រកបការងារផ្សេងៗ មានរឿងរ៉ាវច្រើន បង្កការឈ្លោះទាស់ទែង និង អំពើហិង្សាញឹកញាប់ និយាយស្តីគ្មានសតិ គ្មានសុជីវធម៌ បាត់បង់សីលធម៌ ខូចភាពថ្លៃថ្នូរ (អាចឲ្យគេមើលងាយដល់កូន ប្រពន្ធ និង វង្សត្រកូល) មិនបានថែគ្រួសារ ខ្សោយប្រាជ្ញា និង ខ្សោយសុខភាពជាលំដាប់ ។
ល្បែងភ្នាល់គ្រប់យ៉ាងក៏ធ្វើឲ្យស្រកស្រុតស្រយុតរបូតទ្រព្យសម្បត្តិ យ៉ាងលឿនរហូតលក់កេរមរតក និង ប្រព្រឹត្តខុសផ្សេងៗទៀត ដូចជាសំណូកសូកប៉ាន់ ពុករលួយ និង ចោរកម្ម នាំឲ្យមានទំនាស់បែកបាក់គ្រួសារ ខូចកេរ្តិ៍ឈ្មោះ ធ្វើឲ្យអ្នកដទៃអស់ទំនុកចិត្ត (គេមើលងាយដល់កូនចៅ) ។ ហេតុនេះ ល្បែងស្រី ល្បែងស្រា និង ល្បែងស៊ីសង ល្បែងមួយណាក៏ជាប្រមុខនៃក្តីវិនាសទី៨ ។
ទី ៩ - បុរសមិនត្រេកអរនឹងប្រពន្ធខ្លួន
ការរួមភេទគឺជាកាតព្វកិច្ចរបស់មនុស្ស, សត្វ និង រុក្ខជាតិដើម្បីបន្តពូជពង្សមនុស្ស, សត្វ និង រុក្ខជាតិនោះនៅលើផែនដី ។ ចំពោះមនុស្ស ការរួមភេទដើរតួលើសពីការបន្តពូជពង្សទៀត ។ សត្វ និង រុក្ខជាតិមានពេលវេលារបស់ពួកគេក្នុងការរួមភេទដើម្បីបន្តពូជពង្សរបស់គេ ។ ប៉ុន្តែចំពោះមនុស្ស លើសពីតួនាទីបន្តពូជពង្ស មនុស្សរួមភេទដើម្បីជាការកម្សាន្តសប្បាយ ឬពង្រឹងចំណងមិត្តភាពរវាងស្វាមីនិងភរិយា ដើម្បីទាក់ទាញឪពុកម្តាយឲ្យចូលរួមក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនៗរបស់ពួកគេ ។ ជាធម្មជាតិ មនុស្សប្រុសក៏ដូចជាសត្វឈ្មោលដែរ ពួកគេរមែងចង់រួមភេទជាមួយនឹងមនុស្សស្រីច្រើនរូប ព្រោះចំណង់ក្នុងការបន្តពូជរបស់ខ្លួនផង និង ការកម្សាន្តសប្បាយផង ។ ការរស់នៅជាគូស្វាមីភរិយាមួយទល់នឹងមួយគឺជារឿងរបស់មនុស្សសម័យទំនើបនៅក្នុងវប្បធម៌របស់មនុស្សមួយភាគធំ ។ នៅក្នុងវប្បធម៌នៃជនជាតិខ្លះៗ មនុស្សប្រុសបាននិងកំពុងជ្រើសយកមនុស្សស្រីច្រើនរូបធ្វើជាភរិយា ឧទាហរណ៍នៅក្នុងវប្បធម៌របស់ជនជាតិដែលកាន់សាសនាអ៊ិស្លាម ឬពួកអ្នកកាន់សាសនាគ្រិស្តនៃនិកាយម៉័រម៉ឹន ឬនិកាយស្មបន្ទាល់ព្រះយេហូវ៉ាជាដើម ។ ចំពោះមនុស្សប្រុសដែលរស់នៅក្នុងបណ្តាប្រទេសដែលមានច្បាប់ហាមឃាត់ឲ្យមានតែប្តីឬប្រពន្ធមួយ ថ្វីត្បិតតែពួកគេមិនយកប្រពន្ធច្រើនមែន ប៉ុន្តែពួកគេបែរជាអាចទៅរួមភេទជាមួយស្ត្រីរកស៊ីផ្លូវភេទដើម្បីកម្សាន្តសប្បាយ ។ ការធ្វើដូច្នោះនឹងនាំឲ្យមនុស្សប្រុសទាំងនោះបង់ខាតទ្រព្យសម្បត្តិ និង ពេលវេលា ថែមទាំងកើតជំងឺឆ្លងតាមផ្លូវភេទដូចជាជំងឺស្វាយ ប្រមេះ ឬអេដស៍ជាដើម ។ ដូច្នេះហើយទើបព្រះពុទ្ធទ្រង់ទូន្មានថា បុរសដែលមិនត្រេកអរនឹងប្រពន្ធខ្លួនគឺជាប្រមុខនៃក្តិវិនាសទី ៩ ។
ទី ១០ - បុរសចាស់យកស្រីក្មេងធ្វើជាភរិយា
មនុស្សចាស់ដែលសម្រេចចិត្តជ្រើសរើសយកមនុស្ស ដែលមានអាយុក្មេងជាងខ្លួនធ្វើជាគូកំណាន់ តែងជួបប្រទះទុក្ខទោមនស្ស ។ ឧទាហរណ៍ ប្រសិនបើមនុស្សប្រុសចាស់ម្នាក់សម្រេចចិត្តជ្រើសរើសយកស្ត្រីវ័យក្មេងម្នាក់មកធ្វើជាភរិយា បុរសចាស់នោះច្បាស់ជាចំណាយពេលវេលាច្រើនដើម្បីផ្គាប់ចិត្តភរិយាក្មេង ។ នៅក្នុងបរិបទដូចគ្នា ស្ត្រីចាស់ម្នាក់ដែលសម្រេចចិត្តជ្រើសរើសយកមនុស្សប្រុសវ័យក្មេងម្នាក់ធ្វើជាស្វាមី ក៏នឹងជួបទុក្ខទោមនស្សច្រើនមិនខុសគ្នាដែរ ។ ទោះជាយ៉ាងណាក៏ដោយ មិនមែនការសម្រេចចិត្តបែបនេះសុទ្ធតែជារឿងមិនល្អទាំងអស់នោះឡើយ ។ ប្រសិនបើគូស្នេហ៍ទាំងពីរជាមនុស្សមានចិត្តស្មោះ និង សណ្តោសចំពោះគ្នាពិតប្រាកដមែន នោះពួកគេនឹងមានសុភមង្គលអស់មួយជីវិត ។ មានឧទាហរណ៍ច្រើនណាស់សម្រាប់ឆ្លុះបញ្ចាំង និង ទូន្មានមនុស្សជំនាន់ក្រោយឲ្យចេះសម្រេចចិត្តត្រឹមត្រូវទាក់ទងនឹងការជ្រើសរើសគូកំណាន់ខុសវ័យគ្នានេះ ។ ដូច្នេះទើបមានពាក្យទូន្មានថា បុរសឬស្ត្រីវ័យចំណាស់ដែលសម្រេចចិត្តជ្រើសយកស្ត្រីឬបុរសវ័យក្មេងធ្វើជាភរិយាឬស្វាមី គឺជាប្រមុខនៃក្តីវិនាស ទី ១០ ។
ទី ១១ - ការជ្រើសរើសយកស្ត្រី ឬបុរសដែលជាមនុស្សខ្ជះខ្ជាយធ្វើជាគូកំណាន់
ការសម្រេចចិត្តជ្រើសរើសមនុស្សម្នាក់ធ្វើជាមិត្តភក្តិគឺជារឿងសំខាន់ ។ លើសពីនោះទៀត ការសម្រេចចិត្តជ្រើសរើសមនុស្សប្រុសឬស្រីម្នាក់ធ្វើជាស្វាមី ឬភរិយាពិតជារឿងសំខាន់យ៉ាងខ្លាំងនៅក្នុងជីវិតរបស់គ្រហស្ថ ។ ប្រសិនបើជ្រើសរើសខុស បុគ្គលនោះនឹងជួបប្រទះទុក្ខលំបាកទាំងផ្លូវចិត្ត និង ផ្លូវកាយ ។ ឧទាហរណ៍ ប្រសិនបើបុគ្គលម្នាក់ជ្រើសគូកំណាន់ចិត្តដែលជាមនុស្សល្ងង់ខ្លៅ បុគ្គលនោះនឹងរលាយបង់ទាំងទ្រព្យសម្បត្តិ និង កិត្តិយស ។ ប្រពៃណីខ្មែរ និង ប្រពៃណីជនជាតិមួយចំនួននៅលើពិភពលោក បានបណ្តោយឲ្យឪពុកម្តាយ ឬចាស់ព្រឹទ្ធាចារ្យ ជាអ្នកសម្រេចចិត្តជំនួសយុវជនក្នុងការជ្រើសរើសគូស្រករ ។ ការធ្វើដូច្នេះមិនមែនសុទ្ធតែបានផលល្អគ្រប់ពេលនោះទេ ។ ដូច្នេះ ជនជាបណ្ឌិតគួរជៀសវាងការសម្រេចចិត្តខុសក្នុងការជ្រើសយកមនុស្សប្រុសឬមនុស្សស្រីម្នាក់មកធ្វើជាគូគាប់ ។ នេះគឺជាប្រមុខនៃក្តីវិនាសទី១១ ។
ទី ១២ - ជនកើតក្នុងត្រកូលក្សត្រប្រាថ្នាចង់ធ្វើជាស្តេច
បុគ្គលដែលកើតនៅក្នុងត្រកូលក្សត្រ (ឬអ្នកដឹកនាំ) មានចិត្តលោភលន់ ចង់បានអំណាច និង គំនរទ្រព្យសម្បត្តិ ។ ជនទាំងនោះគ្មានចំណេះវិជ្ជា គ្មានសមត្ថភាព និង ទ្រព្យសម្បត្តិ ប៉ុន្តែបែរជាមានចិត្តចង់ឡើងគ្រងរាជសម្បត្តិ ។ ប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថា ជនទាំងនោះមួយចំនួនបានបង្កើតក្រុមបក្ស និង បង្កចលនាតស៊ូបដិវត្តដើម្បីផ្តួលរំលំស្តេចកំពុងគ្រងរាជសម្បត្តិ ។ នៅពេលបានអំណាចនៅក្នុងកណ្តាប់ដៃ ជនទាំងនោះមិនគិតគូរដល់ការកសាងជាតិ កសាងសមត្ថភាព និង អប់រំកែលម្អប្រជារាស្ត្រឲ្យបានសេចក្តីសុខ-ចម្រើនទេ ។ ជាលទ្ធផលប្រទេសជាតិធ្លាក់ចូលក្នុងភាពអន្តរាយ រលាយទ្រព្យសម្បត្តិ ប្រជារាស្ត្រធ្លាក់ក្នុងទុរ្ភិក្ស ក្រីក្រ ស្រេកឃ្លាន ។ ទីបំផុត សង្គ្រាមកាប់សម្លាប់គ្នាបានកើតឡើងបន្តបន្ទាប់គ្មានទីបញ្ចប់ ។
នៅក្នុងការឆ្លើយនឹងប្រស្នារបស់មនុស្ស និង ទេវតា ព្រះសម្មាសម្ពុទ្ធបានត្រាស់សម្ដែងថា ប្រមុខនៃក្តីវិនាស មាន ១២ ប្រការយ៉ាងនេះឯង ។
កំណត់សំគាល់
(១) សំណាង = ការសាង គឺទង្វើដែលគេធ្វើ ឬ អ្វីដែលជាសមិទ្ធផលនៃការសាង ដូច្នេះពាក្យថា ព្រេងសំណាង មិនមែនសំដៅលើបុណ្យពីជាតិមុនតែម្យ៉ាងឡើយ គឺមានន័យ ថា អ្វីទាំងឡាយណាដែលគេបានធ្វើហើយពីកាលមុន ដោយរួមទាំងពីអតីតជាតិ និង ក្នុងជាតិនេះ ដូចជាកាលពីខែមុន ឆ្នាំមុន ជាដើមផងដែរ ។ ឧទាហរណ៍ ចំណេះវិជ្ជាដែលយើងបានសិក្សាហើយ ក៏ចាត់ទុកជាព្រេងសំណាងមួយដែរ ។ បើបុគ្គលណានិយាយថា ពឹងលើសំណាង មានន័យថា ពឹងលើអ្វីដែលគេធ្វើ ។
កំណាព្យជាបាលីបែបបឋ្យាវត្ត
១- បរាភវន្តំ បុរិសំ មយំ បុច្ឆាម គោតមំ…..ភវន្តំ បុដ្ឋុមាគម្ម កឹ
បរាភវតោ មុខំ ។
២- សុវិជានោ ភវំ ហោតិ សុវិជានោ បរាភវោ…..ធម្មកាមោ
ភវំ ហោតិ ធម្មទេស្សី បរាភវោ ។
៣- ឥតិ ហេតំ វិជានាម បឋមោ សោ បរាភវោ…..ទុតិយំ
ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
៤- អសន្តស្ស បិយា ហោន្តិ សន្តេ ន កុរុតេ បិយំ…..អសតំ ធម្ម រោចេតិ តំ បរាភវតោ មុខំ ។
៥- ឥតិ ហេតំ វិជានាម ទុតិយោ សោ បរាភវោ......តតិយំ ភគវា ព្រូហិ កឹ
បរាភវតោ មុខំ ។
៦- និទ្ទាសីលី សភាសីលី អនុដ្ឋាតា ច យោ នរោ…..អលសោ កោធបញ្ញាណោ តំ បរាភវតោ មុខំ ។
៧- ឥតិ ហេតំ វិជានាម តតិយោ សោ បរាភវោ…..ចតុត្ថំ
ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
៨- យោ មាតរំ បិតរំ វា ជិណ្ណកំ គតយោព្វនំ…..បហុសន្តោ
ន ភរតិ តំ បរាភវតោ មុខំ ។
៩- ឥតិ ហេតំ វិជានាម ចតុត្ថោ សោ បរាភវោ…..បញ្ចមំ
ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
១០- យោ ព្រាហ្មណំ សមណំ វា អញ្ញំ វាបិ វនិព្វកំ…..មុសាវាទេន វញ្ចេតិ តំ បរាភវតោ មុខំ ។
១១- ឥតិ ហេតំ វិជានាម បញ្ចមោ សោ បរាភវោ…..ឆដ្ឋមំ
ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
១២- បហុតវិត្តោ បុរិសោ សហិរញ្ញោ សភោជនោ…..ឯកោ
ភុញ្ជតិ សាទូនិ តំ បរាភវតោ មុខំ ។
១៣- ឥតិ ហេតំ វិជានាម ឆដ្ឋមោ សោ បរាភវោ......សត្តមំ ភគវា ព្រូហិ កឹ
បរាភវតោ មុខំ ។
១៤- ជាតិត្ថទ្ធោ ធនត្ថទ្ធោ គោត្តត្ថទ្ធោ ច យោ នរោ…..សញ្ញាតឹ អតិមញ្ញេតិ តំ បរាភវតោ មុខំ ។
១៥- ឥតិ ហេតំ វិជានាម សត្តមោ សោ បរាភវោ…..អដ្ឋមំ
ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
១៦- ឥត្ថីធុត្តោ សុរាធុត្តោ អក្ខធុត្តោ ច យោ នរោ......លទ្ធំ លទ្ធំ
វិនាសេតិ តំ បរាភវតោ មុខំ ។
១៧- ឥតិ ហេតំ វិជានាម អដ្ឋមោ សោ បរាភវោ…..នវមំ
ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
១៨- សេហិ ទារេហិ អសន្តុដ្ឋោ វេសិយាសុ បទុស្សតិ…..ទុស្សតិ បរទារេសុ តំ បរាភវតោ មុខំ ។
១៩- ឥតិ ហេតំ វិជានាម នវមោ សោ បរាភវោ......ទសមំ ភគវា ព្រូហិ កឹ
បរាភវតោ មុខំ ។
២០- អតីតយោព្វនោ បោសោ អានេតិ តិម្ពរុត្ថនឹ......តស្សា ឥស្សា ន
សុបតិ តំ បរាភវតោ មុខំ ។
២១- ឥតិ ហេតំ វិជានាម ទសមោ សោ បរាភវោ…..ឯកាទសមំ
ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
២២- ឥត្ថី សោណ្ឌឹ វិកិរណឹ បុរិសំ វាបិ តាទិសំ…..ឥស្សរិយស្មឹ ឋបេតិ តំ បរាភវតោ មុខំ ។
២៣- ឥតិ ហេតំ វិជានាម ឯកាទសមោ សោ បរាភវោ…..ទ្វាទសមំ
ភគវា ព្រូហិ កឹ បរាភវតោ មុខំ ។
២៤- អប្បភោគោ មហាតណ្ហោ ខត្តិយេ ជាយតេ កុលេ…..សោ ច រជ្ជំ បត្ថយតិ តំ បរាភវតោ មុខំ ។
២៥- ឯតេ បរាភវេ លោកេ បណ្ឌិតោ សមវេក្ខិយ…..អរិយទស្សនសម្បន្នោ
ស លោកំ ភជតេ សិវំ ។
បរាភវសុត្តំ និដ្ឋិតំ
កំណាព្យជាភាសាខ្មែរ
១- យើងខ្ញុំទាំងឡាយមកសូមទូលសួរ.....នូវហេតុដែលគួរចម្រើនវិនាស
ប្រុសស្រីក្នុងលោកសន្និវាស.....ដែលនឹងវិនាសសាបសូន្យចាកគុណ ។
ឆ្ពោះព្រះគោតមព្រះអង្គមានបុណ្យ.....មេត្តានិមន្តសម្តែងឲ្យទាន
ធម្មជាតដូចម្តេចដែលជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
២- អ្នកដែលចម្រើនតថាគតស្គាល់ងាយ.....អ្នកដែលអន្តរាយតថាគតស្គាល់ពិត
អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត.....ហើយខំប្រព្រឹត្តនឹងបានចម្រើន
។
អ្នកដែលទ្រុស្តធម៌ស្អប់ធម៌ឥតកើន.....ឥតកើនចម្រើនវិនាសទៅមុខ ។
៣- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី ១ ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ២ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
៤- អ្នកដែលស្រឡាញ់ពេញចិត្តសេ្នហា.....តែនឹងមនុស្សណាអសប្បុរស
តែងមិនស្រឡាញ់ពេញចិត្តទាំងអស់.....នឹងអ្នកសប្បុរសមកធ្វើជាមិត្រ ។
សេចក្តីស្រឡាញ់ពេញចិត្តគំនិត.....ហើយទៅគប់មិត្រអសប្បុរស
គាប់ចិត្តក្នុងធម៌ឬមួយរបស់.....ហេតុនោះទាំងអស់នាំឲ្យវិនាស ។
៥- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី២ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៣ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
៦- អ្នកដេកច្រើន១និយាយច្រើន១.....និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង
អ្នកខ្ជិលប្រអូសមិនមានខ្នះខ្នែង.....ខឹងច្រើនសម្តែងឲ្យគេឃើញបាន ។
ហេតុធម៌ទាំងនោះមិនជាកល្យាណ.....នាំឲ្យខកខានខាតខូចប្រយោជន៍
មានជាប្រធានតិចច្រើនដោយហោច.....នាំបង់ប្រយោជន៍ហើយឲ្យវិនាស ។
៧- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៣ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៤ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
៨- នរជនណាមានទ្រព្យធនធាន.....ហើយខ្លួនមិនបានចិញ្ចឹមរក្សា
មាតាបិតាដែលចាស់ជរា.....ហេតុនោះទៅជានាំឲ្យវិនាស ។
៩- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៤ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៥ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
១០- ជនបញ្ឆោតព្រាហ្មណ៍ឬពួកសមណៈ.....ពួកស្មូមឬអ្នកដទៃៗ
ដោយមុសាវាទឃ្លាតពាក្យប្រពៃ.....នោះប្រធាននៃសេចក្តីវិនាស ។
១១- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៥ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៦ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
១២- បុរសអ្នកមានទ្រព្យធនធានច្រើន.....មាសប្រាក់ចម្រើននិងគ្រឿងអាហារ
លបលាក់របស់ដែលឆ្ងាញ់ពិសា.....ស៊ីម្នាក់ឯងជាប្រធានវិនាស ។
១៣- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៦ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៧ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
១៤- អ្នកដែលប្រកាន់ជាតិទ្រព្យត្រកូល.....ហើយមិនប្រមូលសាច់ញាតិសន្តាន
មើលងាយញតិខ្លួនដោយអាងខ្លួនមាន.....នោះជាប្រធានសេចក្តីវិនាស ។
១៥- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៧ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៨ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
១៦-
ជនអ្នកប្រព្រឹត្តល្បែងបីប្រការ.....ល្បែងស្រីល្បែងស្រាល្បែងភ្នាល់ទាំងឡាយ
ធ្វើទ្រព្យខ្លួនមានឲ្យអន្តរាយ.....ការល្បែងទាំងឡាយនោះនាំវិនាស ។
១៧- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៨ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ៩ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
១៨- ប្រុសមិនត្រេកអរនឹងប្រពន្ធខ្លួន.....ហើយទៅជាប់ជួននឹងស្រីពេស្យា
ទ្រុស្តនឹងប្រពន្ធកូនជននានា.....ហេតុនោះទៅជានាំឲ្យវិនាស ។
១៩- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី៩ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ១០ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
២០- បុរសមានវ័យដែលចាស់ហួសពេក.....ហើយមានតម្រេក ដោយក្តីតណ្ហា
នាំយកស្រីក្មេងមកធ្វើភរិយា.....ហេតុនោះទៅជានាំឲ្យវិនាស ។
២១- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី១០ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ១១ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
២២- បុរសតាំងស្រីអ្នកលេងខ្ជះខ្ជាយ.....ឬស្រីទាំងឡាយតាំងបុរសនោះ
ដែលជាអ្នកលេងខ្ជះខ្ជាយដូច្នោះ.....អំពើទាំងនោះនាំឲ្យវិនាស ។
២៣- យើងខ្ញុំទាំងឡាយបានដឹងជាក់ស្តែង.....វិនាសនេះឯងព្រោះហេតុដូច្នោះ
ក្តីវិនាសនេះបើរាប់សង្រ្គោះ.....វិនាសនោះឈ្មោះទី១១ទាន់ហន់ ។
បពិត្រព្រះអង្គព្រះនាមភគវន្ត.....សូមទ្រង់និមន្តសម្តែងឲ្យទាន
វិនាសទី ១២ អ្វីជាប្រធាន.....នាំសត្វឲ្យមានសេចក្តីវិនាស ។
២៤- ជនណាកើតក្នុងត្រកូលជាក្សត្រ.....អ្នកក្សត់សម្បតិហើយប្រាថ្នាធំ
ចង់បានជាស្តេចសោយរាជ្យស្តុកស្តម្ភ.....ហេតុនោះនឹងនាំឲ្យដល់វិនាស ។
២៥- ជនជាបណ្ឌិតគំនិតប្រសើរ.....បានឃើញដំណើរនៃហេតុវិនាស
ដល់សត្វក្នុងលោកសន្និវាស.....គេចពីវិនាសគប់រកចម្រើន ។
បរាភវសូត្រ ហេតុដែលនាំឱ្យវិនាស ទាំង១២ប្រការ
រៀងរាល់ពេលព្រឹកព្រលឹមថ្ងៃកាន់បិណ្ឌទី១ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ (ចាប់ផ្តើមពីថ្ងៃ ១រោច ដល់ ១៥រោច ខែភទ្របទ) គេតែងបានឮព្រះសង្ឃសូត្រធម៌ ដែលគេហៅថា បរាភវសូត្រ។ បរាភវសូត្រ គឺជាធម៌របស់សម្មាសម្ពុទ្ធដាស់តឿនដល់ប្រជាពុទ្ធបរិស័ទនូវមូលហេតុ ១២ ប្រការនាំដល់ក្តីវិនាសក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ បរាភវសូត្រ ទាំង១២ រួមមាន ៖
- បរាភវសូត្រគាថាទី១ ៖ " អ្នកប្រាថ្នាធម៌ល្អិតល្អក្នុងចិត្ត ហើយខំប្រព្រឹត្តនឹងបានចម្រើន ។ អ្នកដែលទ្រុស្តធម៌ឥតកើន ឥតកើនចម្រើនវិនាសទៅមុខ " ។ នេះជាហេតុនៃសេចក្តីវិនាសទី១
- បរាភវសូត្រគាថាទី ២៖ អ្នកដែលស្រឡាញ់ពេញចិត្តសេ្នហា.....តែនឹងមនុស្សណាអសប្បុរស តែងមិន ស្រឡាញ់ពេញចិត្តទាំងអស់.....នឹងអ្នកសប្បុរសមកធ្វើជាមិត្រ ។ សេចក្តីស្រឡាញ់ពេញចិត្តគំនិត.....ហើយទៅគប់មិត្រអសប្បុរស គាប់ចិត្តក្នុងធម៌ឬមួយរបស់.....ហេតុនោះទាំងអស់នាំឲ្យវិនាស ។ នេះជាហេតុនៃសេចក្តីវិនាសទី ២
- បរាភវសូត្រគាថាទី៣៖ អ្នកដេកច្រើន១និយាយច្រើន១...និងអ្នកឥតព្រួយឥតគិតប្រឹងប្រែង អ្នកខ្ជិលប្រអូសមិនមានខ្នះខ្នែង.....ខឹងច្រើនសម្តែងឲ្យគេឃើញបាន ។ ហេតុធម៌ទាំងនោះមិន ជាកល្យាណ .....នាំឲ្យខកខានខាតខូចប្រយោជន៍ មានជាប្រធានតិចច្រើន ដោយហោច...នាំបង់ប្រយោជន៍ហើយឲ្យវិនាស។ នេះជាហេតុនៃសេចក្តីវិនាសទី ៣
- បរាភវសូត្រគាថាទី៤ ៖ នរជនណាមានទ្រព្យធនធាន.....ហើយខ្លួនមិនបានចិញ្ចឹមរក្សា មាតាបិតាដែលចាស់ជរា.....ហេតុនោះទៅជានាំឲ្យវិនាស ។ នេះជាហេតុនៃសេចក្តីវិនាសទី ៤
- បរាភវសូត្រគាថាទី៥ ៖ អ្នកពោលពាក្យកុហកបោកប្រាស់ចំពោះអ្នកមានសីល អ្នកក្រក្សត់ ឬពួកអ្នកប្រាជ្ញរាជបណ្ឌិតព្រឹទ្ធាចារ្យ។នេះជាហេតុនៃសេចក្តីវិនាសទី៥
- បរាភវសូត្រគាថាទី៦ ៖ អ្នកមានរបស់របរទ្រព្យសម្បត្តិបរិបូរណ៍ហូរហៀហើយលបលួចលាក់ស៊ីចុកធ្វើមានធ្វើបានតែម្នាក់អែង ឬក្រុមគ្រួសារបក្ខពួកខ្លួនឯង។ នេះជាហេតុនៃសេចក្តីវិនាសទី៦
- បរាភវសូត្រគាថាទី៧ ៖ អ្នកដែលប្រកាន់ជាតិ វង្សត្រកូល អំបូរពូជពង្សហើយមិនប្រមូលរាប់អានញាតិសន្តាន ព្រៀងលាន អ្នកភូមិផងរបងជាមួយ។ នេះជាហេតុនៃសេចក្តីវិនាសទី៧
· បរាភវសូត្រគាថាទី៨ ៖ អ្នកប្រព្រឹត្តល្បែងស្រីស្រាល្បែងស៊ីសងគ្រប់ប្រភេទដែលធ្វើទ្រព្យរបស់ឲ្យវិនាសដោយឥតប្រយោជន៍។នេះជាហេតុនៃសេចក្តីវិនាសទី៨
· បរាភវសូត្រគាថាទី៩ ៖ បុរស ស្ត្រី ដែលមិនពេញចិត្ត មិនគាប់ចិត្ត ភរិយាស្វាមីរបស់ខ្លួន ហើយទៅលបលួចប្រព្រឹត្តកាមគុណជាមួយនិងស្រ្តី បុរសខាងក្រៅ។ នេះជាហេតុនៃសេចក្តីវិនាសទី៩
· បរាភវសូត្រគាថាទី១០ ៖ បុរស ស្រ្តី ដែលមានវ័យចាស់ហួសពេកទៅហើយ ទៅមានទំនាក់ទំនងស្នេហាផ្លូវកាមគុណជាមួយបុរសស្រ្តី ដែលមានវ័យក្មេងពេក។ នេះជាហេតុនៃសេចក្តីវិនាសទី១០
· បរាភវសូត្រគាថាទី១១ ៖ បុរស ស្រ្តីណាដែលតែងតាំងអ្នកមិនចេះសន្សំសំចៃ ខ្ជះខ្ជាយមិនដឹងខាតបង់ឲ្យមើលការខុសត្រូវទ្រព្យសម្បត្តិរបស់របរ។ នេះជាហេតុនៃសេចក្តីវិនាសទី១១
· បរាភវសូត្រគាថាទី១២ ៖ ស្តេចប្រមុខដឹកនាំប្រធានមេកោយអ្នកជាប្រមុខដែលមិនមាននូវទ្រព្យសម្បត្តិគ្រប់គ្រាន់ (រូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងគុណសម្បត្តិ)។ នេះជាហេតុនៃសេចក្តីវិនាសទី១២
៤-ការចិញ្ចឹមជីវិតបានត្រឹមត្រូវ រកបានតិច ចាយតិច កុំចាយលើសចំណូល កុំចំណាយទៅលើអំពើអបាយមុខចំណាយទៅលើអ្វីៗត្រូវត្រិះរិះពិចារណា ឈ្មោះថា សមជីវិតា ។ ព្រះពុទ្ធលោកបង្ហាញពីលក្ខណៈធ្វើជំនួញ៣យ៉ាងដើម្បីបានក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បរិបូរដោយអ្នកស្រឡាញ់រាប់អានច្រើន ដើម្បីបញ្ចៀសទស្សនៈមួយចំនួនដែលថា ព្រះពុទ្ធបង្រៀនមនុស្សតែពីរឿង កម្ម ផល បុណ្យ បាបអ៊ីចឹងហើយបានជាអ្នកដើរតាមភាគច្រើនជាអ្នកក្រ ។ដើម្បីឱ្យជំនួញរបស់ខ្លួនដើរទៅដោយរលូននោះ សាធុជនគួរអនុវត្តទៅតាមទិសដៅបីចំណុចរបស់ព្រះពុទ្ធដូចតទៅៈ
១-ជាអ្នកមានបញ្ញា គឺភាពវៃឆ្លាតក្នុងការលក់ចេញទិញចូល ដឹងថាធ្វើយ៉ាងណាខាត និងធ្វើយ៉ាងណាឱ្យចំណេញ
ស្គាល់កាល ស្គាល់រដូវនៃមុខរបរនីមួយៗ ស្គាល់ទីផ្សារសម្រាប់លក់ដូចជា
កន្លែងណាលក់បានថ្លៃ កន្លែងណាលក់បានថោក ស្គាល់សេចក្ដីត្រូវការរបស់មនុស្សក្នុងទីនោះៗ
គេត្រូវការទំនិញណាត្រូវយកទំនិញនោះទៅលក់ តាមសេចក្ដីត្រូវការរបស់គេជាដើម ឈ្មោះថា បញ្ញាចក្ខុ
។
២-ប្រឹងប្រែង ព្យាយាម គឺខិតខំសង្វាតធ្វើកិច្ចការដែលខ្លួនកំពុងធ្វើនោះ
ពោលគឺមិនខ្ជិលច្រអូស មិនទុកបង្អាប់ឲ្យហួសសេចក្ដីត្រូវការរបស់អ្នកទិញ ឈ្មោះថា វីរិយារម្ភៈ
។
៣-ជាអ្នកប៉ិនប្រសប់ ក្នុងការទាក់ទងអតិថិជនបានច្រើន ទៅទីណាៗតែងមានគេរាប់អាន មានគេស្រឡាញ់
ចេះធ្វើខ្លួនឲ្យគេស្រឡាញ់រាប់អាន និងជាទីទុកចិត្តរបស់អ្នកដទៃ ជាអ្នករួសរាយរាក់ទាក់
ឈ្មោះថា សនាថោ ។
ដែលមានដំណាលថា ថ្ងៃមួយព្រះសម្មាសម្ពុទ្ធ ព្រះអង្គបានណែនាំកូដទន្តព្រាហ្មណ៍ដែលគាត់បានធ្វើសំណួរចំពោះ ព្រះអង្គអំពីបញ្ហាបូជាយញ្ញ, ព្រះសម្មាសម្ពុទ្ធពុំបានឲ្យចម្លើយចំណុចនៃបញ្ហានេះទេ, តែព្រះអង្គបានឆ្លៀតឱកាសបំភ្លឺ ព្រាហ្មណ៍នោះក្បែរៗសំណួររបស់គាត់ថា, ខ្លួនអ្នកជាបុគ្គលមានមុខងារគ្រប់គ្រងរក្សាពួកព្រហ្មណ៍ ក្នុងស្រុកមានភូមិ មានសង្កាត់ច្រើន ។ អ្នកជាមនុស្សម្នាក់ដែលព្រាហ្មណ៍ទាំងអស់ទទួលស្គាល់, ទទួលស្គាល់ឳវាទដំបូន្មាន ។ អ្នកត្រូវ ចាត់សេដ្ឋកិច្ចក្នុងស្រុកនេះឲ្យបានត្រឹមត្រូវ, មានវឌ្ឍនភាពខ្ពស់មានស្ថេរភាពនឹងន នៅក្នុងកម្រិតល្អប្រសើរមុន ដែលខ្លួនអ្នកនឹងត្រូវធ្វើអ្វីៗទៀត ។ ម្នាលព្រាហ្មណ៍! កម្មវិធីបំរាបចោរកម្ម គេមិនត្រូវធ្វើដោយដាក់ទណ្ឌកម្មណាៗ រហូតដល់កាប់សម្លាប់ទេ ព្រោះទំវើអស់ទាំងនេះ, វាគ្មានប្រសិទ្ធិភាព គឺវាមិនអស់មនុស្សប្រព្រឹត្តទំវើចោរកម្មទេ ។ ព្រោះអ្វី? ព្រោះមានរូបមនុស្សទុច្ចរិតផ្សេងទៀតមកជំនួស, មកប្រព្រឹត្តទំវើចោរកម្មជាថ្មីទៀត ។ តែបើគេបានចាត់ ការសេដ្ឋកិច្ចល្អ, ឲ្យមនុស្សមានការងារតាមគួរដល់សមត្ថភាព, ដល់សេចក្តីចេះដឹងរបស់គេ ។ ជាមួយគ្នានេះ គេត្រូ វមានផែនការណ៍ជួយទំនុកបម្រុងកសិករ, ពាណិជ្ជករ, ភ្នាក់ងាររដ្ឋការឲ្យរស់នៅក្នុងករណីយ៍ ក្នុងអាជីវកម្ម របស់ ខ្លួនឲ្យបានស្រួលនោះ ស្រុកប្រទេសរបស់អ្នកនឹងបានឋិតនៅក្នុងភាពសុខសាន្តចម្រុងចម្រើនជាមិនខានឡើយ ។
ដោយអាស្រ័យល័ខឋាន, ដែលព្រះសម្មាសម្ពុទ្ធបានបង្ហាត់បង្រៀនទាក់ទងដល់សេដ្ឋកិច្ច និងសីលធម៌ដូច បានពោលមកនេះ ។ យើងអាចឆ្លើយបញ្ហាដែលចោទថា ព្រះពុទ្ធសាសនាបង្រៀនមនុស្សឲ្យខ្ជិល, ឲ្យរស់នៅដោយ អាស្រ័យជំនួយទេវត, ឲ្យដេកផ្សងព្រេង ។ល។ ដែលពុទ្ធសាសនាគ្មានបានបង្រៀនយ៉ាងនេះ សូម្បីត្រឹមតែមួយម៉ាត់ ក៏គ្មានផង ។ ក្រៃលែងជាងនេះទៀត, ក្នុងករណីខ្លះព្រះពុទ្ធបរមគ្រូ ព្រះអង្គបានសម្តែងអំពីធម្មសម្បត្តិ ក្នុងការប្រកប អាជីវកម្មប្រភេទខ្លះ ដូចការលក់ដូរដោយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា អ្នកលក់ដូរប្រសិនបើខ្លួនគេបានប្រកប ដោយធម្មសម្បត្តិ ៣ ប្រការ គេមុខជានឹងមានកម្រៃយ៉ាងខ្ពស់ជាមិនខាន ។ ធម្មសម្បត្តិ ៣ គឺ៖
ក/ គេជាបុគ្គលមានភ្នែកល្អ ឬភ្នែកភ្លឺ ដោយយកសេចក្តីចេះដឹងប៉ិនប្រសប់ក្នុងមុខរបរជំនួញ, ស្គាល់ដើម ទុន, ស្គាល់កម្រៃ ។ ជាពិសេសចេះក្បួនសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។
ខ/ គេជាបុគ្គលមានសេចក្តីព្យាយាមយ៉ាងមោះមុត ដៅយកកំហំយ៉ាងទូលំទូលាយ ចេះស្ទង់, ចេះពិចារណា, ចេះពិនិត្យកាលៈទេសៈ ។ មានគំនិតបច្ចេកទេស មានសេចក្តីវៃឆ្លាតក្រៅតម្រា ដឹងកិច្ច, ដឹងកលដូចជាដឹងថា ទៅទិញរបស់នៅកន្លែងណាមានតម្លៃថោក, យកទៅលក់ផ្សារណាមានតម្លៃខ្ពស់ ។ ជាពិសេសបើបានចំណេញ ច្រើន គេមិនភ្លេចស្មារតីខាតទុន គេមិនសុខចិត្តលះបង់ចោល ឬរាងចាល ។
គ/ គេជាបុគ្គលមានមនុស្សនិយមរាប់អានច្រើន សូម្បីមិត្តសំឡាញ់, ស្គាល់របៀបធ្វើខ្លួនឲ្យមនុស្សគ្រប់ មជ្ឈដ្ឋានទូទៅបាក់ចិត្តនិយម, មានជំនឿ, បានសេចក្តីទុកចិត្តទុកថ្លើម រហូតដល់ស៊ូខាតស៊ូចំណេញជាមួយគ្នា ផងទៀត ។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់បរមគ្រូនៃយើងទ្រង់ត្រាស់សម្ដែងអំពីជំនួញ ៥ប្រការដែលពុទ្ធបរិស័ទទាំងឡាយគួរវៀរចាក មិនគួរប្រព្រឹត្ត គឺ៖
១- សត្ថវណិជ្ជា ជួញគ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ គឺធ្វើគ្រឿងសាស្ត្រាវុធនោះដោយខ្លួនឯង
ឬឲ្យអ្នកដទៃគេធ្វើឲ្យ ឬបានមកដោយហេតុឯណាមួយហើយលក់គ្រឿងសាស្ត្រាវុធនោះ
។
២- សត្តវណិជ្ជា ជួញមនុស្ស គឺមនុស្សមិនត្រូវជួញដូរមនុស្សជាតិដូចគ្នាដើម្បីធ្វើជាទាសាទាសីរបស់ជនណាមួយ
ឬសម្រាប់បម្រើកាមគុណ ឬក៏ក្នុងរូបបែបណាមួយឡើយ ។ មនុស្សទាំងអស់មានសិទ្ធស្មើគ្នាក្នុងការរស់នៅមានសេរីភាព។
៣- មំសវណិជ្ជា ជួញសាច់
គឺចិញ្ចឹមនូវសត្វទាំងឡាយ
មានជ្រូកជាដើមលុះដល់សត្វទាំងឡាយនោះចម្រើនធំឡើងក៏សម្លាប់យកសាច់លក់
។
៤- មជ្ជវណិជ្ជា ជួញទឹកស្រវឹង ឬគ្រឿងស្រវឹង គ្រឿងញៀន គឺផ្សំគ្រឿងណាមួយឲ្យកើតឡើងជាគ្រឿងស្រវឹងដោយខ្លួនឯង
ឬទិញគេយកមកហើយលក់នូវទឹកស្រវឹង គ្រឿងស្រវឹងនោះ ។
៥- វិសវណិជ្ជា ជួញថ្នាំពិស
ឬថ្នាំពុល គឺចាត់ចែងថ្នាំពិសឲ្យកើតឡើងដោយខ្លួនឯង ឬឲ្យគេផ្សំឲ្យ ឬបានមកដោយហេតុឯណានីមួយ
ហើយលក់នូវថ្នាំពិស ថ្នាំពុលនោះ ។
ជំនួញ៥ប្រការនេះឧបាសក
ឧបាសិកា ពុទ្ធបរិស័ទមិនគប្បីជួញឡើយព្រោះជាហេតុនាំមកនូវអសន្តិសុខ អសន្តិភាព
ការជួញនូវជំនួញទាំង៥នេះមានឈ្មោះថា មិច្ឆាជីវៈ ឬមិច្ឆាជីព ដែលផ្ទុយអំពីសម្មាអាជីវៈ
។
ដោយ៥០០០ឆ្នាំ
ធម៌នាំឱ្យកើតប្រយោជន៍៤យ៉ាងនេះកើតមានចំពោះបុគ្គលណា
នឹងនាំក្តីចម្រុងចម្រើន នាំជោគជ័យដល់បុគ្គលនោះក្នុងបច្ចុប្បន្នជាតិនេះភ្លាម។
ធម៌ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំ សម្រាប់បណ្ដុះបណ្ដាល និង ទ្រទ្រង់នូវអង្គការពិភពលោក
អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗ ឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។
បើខ្វះធម៌ណាមួយ អង្គការនោះៗ ត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ
មានអង្គការជាច្រើន ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ជាដើម។ផ្នែកសេដ្ឋកិច្ច
ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើអ្នកកាន់ការទាំងឡាយ ក្នុងពិភពលោក ខ្វះធម៌
ទី ១ គឺ ឧដ្ឋានសម្បទា កម្ជិលមិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា
ច្រណែនគ្នា អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ
សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ
លួចប្លន់កេងកិប សូកស៊ីសំណូក ច្របូកច្របល់ក្នុងដំណើរជីវិត
ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតសីលសិក្ខា បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យា ត្រង់ទី
៣ ទី ៤ និងទី ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ
ជាច្រើនឆ្នាំទៀតដរាប ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ ដែលហៅថា
អរិយចរិយា។
បើមានឧដ្ឋានសម្បទា ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ
មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះតែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់
នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផលនៃឧស្សាហកម្ម
និងពាណិជ្ជកម្មត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី ៣ គឺកល្យាណមិត្តតា
មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ
ឬក៏មានសហការីរបស់ខ្លួន ជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់
ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទី ១ ទី ២ ទី ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី ៤ គឺ
សមជីវិតា មានការចំណាយច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះប្រើ
គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ ៤ ឬ ៥ នាក់ទើបកើត ហើយមិនល្អទៀត ឬទិញរបស់មួយមុខៗ
ចូលច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់គ្រាន់
ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
កាលបើសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះខ្លួនខ្វះសមត្ថភាព
ឬព្រោះខ្លួនទុច្ចរិតហើយ ខំតម្លើងតម្លៃទំនិញដើម្បីទប់ទល់នោះ
រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ អ្នកប្រើប្រាស់ថែមទៀត ។ ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក
ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនៈស្រាប់។
(ការងារមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរខំបំពេញ អកុសលមាននៅក្នុងខ្លួនគួរលះចេញ ជំនួញមានចំណេញគួរខំជួញ។)
(មេរៀនឃរាសវាសធម៌ ប្រយោជន៍ ៣ យ៉ាង -បិដកអដ្ឋកថាលេខ ៤៨ សន្ធានវគ្គ ទំព័រ ២៥១-២៥៩)
តោះយើងទាំងអស់គ្នាមកអានរឿងអប់រំកូនចៅប្រុសស្រីដូចខាងក្រោម៖
រឿងនិទាន
រឿងរៃ និងស្រមោច
និទាននេះមានដំនាលក្នុងក្បួនបារាំងសែស
។ មានរៃមួយជាសត្វខ្ជិល ដល់រដូវកាលខែពិសាខ ជេស្ឋ អាសាធ ជាវស្សានរដូវ ក៏ហើរច្រៀងលេងតាមអំពើចិត្ដខ្លួន
ពុំគួរខ្វល់ខ្វាយនឹងរកស្បៀងអាហារទុកដាក់ សំរាប់ខ្លួន។ មានសត្វស្រមោច មួយពួក ជាសត្វអុស្សាហ៍ពាំនាំស្រូវអង្ករទុកដាក់ក្នុងសំបុកខ្លួន
គិតក្រែង ក្ដីក្រទៅមុខ។ លុះដល់រដូវភ្លៀងអោរជោគជាំមកសត្វរៃនោះរកអាហារបរិភោគគ្មាន កើតក្ដីឃ្លានចំណី
ក្រៃពេក ទើបហើរទៅខ្ចីអង្ករស្រមោចថា សំលាញ់អើយសំលាញ់ខ្លួនអញនេះពុំមានអ្វីអាស្រ័យឡើយ
ព្រោះខែនេះភ្លៀងបង្អោរជោគជាំណាស់ នឹងចេញស្វែងរកអាហារពុំបាន យើងមកនេះប្រាថ្នានឹងសូមខ្ចី
អង្ករសំលាញ់អាស្រ័យសិន ទម្រាំដល់ខែប្រាំងកាលណា នឹងរកសងសំលាញ់ឯងវិញ ចូរសំលាញ់មេត្តា
អាណិតជួយយើង អោយផុតអំពីក្ដីក្រម្ដងនេះផងសំលាញ់ ។
ឯស្រមោចឮដូច្នោះ ក៏តបសួរទៅថា «រៃឯង កាលអំពីដើមឆ្នាំខែប្រាំងរាំងរិះនោះ
តើហេតុម្ដេចអ្នកឯងមិនស្វែង
រកអាហារទុកដាក់សំរាប់ខ្លួន អ្នកអែងមានរវល់កង្វល់ដោយការអ្វី?»។ រៃតបថា «សំលាញ់អើយ! យើងនេះពុំមានកិច្ច
ការអ្វីទេ រវល់តែនឹងហើរទំដោយឈើព្រៃ
ស្រែកច្រៀងលេងតាមអំពើចិត្ដប៉ុណ្ណេះអែង បានជាពុំបានរកស្បៀងទុក
នោះ»។ ស្រមោចថា «អើពីដើមអ្នកអែងធ្លាប់ច្រៀងយ៉ាងណា
អិលូវនេះចូរអ្នកអែងរកទំនុកច្រៀងលេងទៅទៀតទៅ
វិស័យនាក់ច្រៀងរាំហើយ ត្រូវតែយើងច្រៀងរាំទៅកុំឈប់
ល្បែងច្រៀងរាំនេះជាប្រយោជន៍ចិញ្ចឹមជីវិតរបស់អ្នកហើ
យអញ្ជើញច្រៀងទៅទៀតមើល ខ្ញុំអែងនឹងស្ដាប់ផង»។
អែរៃឆ្លើយតបថា «អោ! សំលាញ់អើយ គ្នាអត់បាយស្ទើរតែដាច់ពោះស្លាប់ហើយ
តើនឹងទៅច្រៀងរាំអែណាក៏បាន ចូរ
សំលាញ់បែងចែកអង្ករអោយខ្ចីបានអាស្រ័យខ្លះទៅអេះ »។ ស្រមោចតបថា « អង្ករស្រូវរបស់យើងក៏មានខ្លះដែរតែ
យើងទុកល្មមតែកូនចៅញាតិផៅរបស់ជាជាតិដូចគ្នា
នឹងបានមានច្រើនអាចផ្សាយដល់អ្នកអែងផងនេះពុំបានទេអ្នកអែងទៅរកខ្ចីគេអែងទៀតទៅ»។ អែរៃបានលឺស្រមោចពោលកាត់ដូច្នោះក៏ទាល់បញ្ញា ទើបហើរចេញចាកទីនោះឆ្ពោះ
ទៅកាន់លំនៅនៃអាត្មា បានក្ដីវេទនាដោយអត់អាហាររកបានដោយកម្រ
ខំត្រដរអត់ឃ្លានតាមនិស្ស័យទៅហោង។ រឿងនេះអែងស្ដាប់មើលចុះ តើចុះប្រៀបដោយគតិយ៉ាងណា
អែងថាទៅចុះ។
សិស្សតបថា សូមទាន និទានរឿងនេះបានដល់មនុស្សខ្ជិលប្រកបការរកស៊ីនឹងគេ
គឺដល់រដូវកាលគេធ្វើស្រែចំការ ខ្លួនមិនធ្វើនឹងគេ ក៏ផុតកាលរដូវនោះទៅ
ម៉្លោះហើយក្ដីក្រ ក្ដីលំបាកក៏កើតមានដល់មនុស្សនោះដែ ព្រោះអំនាចល្បែង
លែងមិនគិតរកស៊ីធ្វើការ នឹងទៅរកខ្ចីបុលគេស៊ី នរណាឡើយនឹងអោយបាន
គេក៏បំរុងរូបគេដែរ ខ្លួនក៏តោងទ្រាំវេទ
នាទៅតាមយថាកម្ម
ដូចយ៉ាងរៃរកខ្ចីអង្ករស្រមោចៗពុំបានអោយខ្ចីដូច្នោះហោង។
រឿង ស្រមោចនិងរៃ
(បទ ពាក្យ៧)
នៅលើវាលស្មៅស្រស់ខៀវខ្ចី
ក្រោមពន្លឺថ្ងៃចាំងភ្លឺថ្លា
ស្រមោចមួយហ្វូងប្រឹងធ្វើការ រកភោជនាហារមកស្តុកទុក
។
ខ្នះខ្នែងអូសទាញញាប់ជើងដៃ ខំប្រឹងឃ្មាតខ្មីដើរតត្រុក
ស្វែងរកស្បៀងមកដាក់ជង្រុក សន្សំគរទុកខែវស្សា
។
ទោះក្តៅលំបាកក៏ស៊ូទ្រាំ ស្រមោចខំពាំនាំអាហារ
ត្រៀមទុកធ្វើស្បៀងក្នុងគ្រួសារ នៅខែវស្សានាថ្ងៃមុខ ។
មានសត្វរៃមួយនៅមិនឆ្ងាយ ច្រៀងរាំសប្បាយឥតកើតទុក្ខ
អត់បារម្ភព្រួយទៅថ្ងៃមុខ មិនរកស្បៀងទុកផ្គត់ផ្គង់ខ្លួន
។
ពេលឃើញស្រមោចប្រឹងធ្វើការ រៃក៏វាចាថាមិត្តស្ងួន
ខំប្រឹងអ្វីម្ល៉េះធ្វើបាបខ្លួន កម្លាំងមាំមួនមករាំលេង
។
ស្រមោចឆ្លើយប្រាប់រៃវិញថា ខ្ញុំជាប់កិច្ចការច្រើនធំធេង
ប្រមូលស្បៀងទុកដាក់កន្លែង គួរបងរៃឯងពិចារណា
។
រៃឆ្លើយតបវិញឥតខ្វល់ភ័យ ទៅបារម្ភថ្វីខែវស្សា
សម្បូរមិនខ្វះម្ហូបអាហារ ឥឡូវនេះណាយើងរាំច្រៀង
។
វស្សាភ្លៀងធ្លាក់ត្រជាក់ខ្យល់ រៃមានកង្វល់ព្រោះដាច់ស្បៀង
បែរមើលស្រមោចមានស៊ីលៀង ដ្បិតអីបានព្រាងប្រឹងឧស្សាហ៍ ។
ឥឡូវទើបរៃដឹងខ្លួនខុស សប្បាយជ្រុលហួសភ្លេចកិច្ចការ
លុះពេលអត់ឃ្លានទើបដឹងថា គួរប្រឹងធ្វើការពេលទំនេរ
៕
កុំសប្បាយខុសក្បួន ប្រយ័ត្នផុងខ្លួនអត់អ្វីឆី
(ដកស្រង់ចេញពី រឿងល្បើកនិងរឿងនិទាន ភាគទី៣)
រឿងមាយើង
រឿងមាយើង បង្រៀនមនុស្សឱ្យចេះរកស៊ី និងគោរពពាក្យសច្ចៈ
រឿងមាយើង ជារឿងអក្សរសិល្ប៍ប្រជាប្រិយដែលស្ថិតក្នុងប្រភេទ និទានកថាប្រជាប្រិយ។ ចាស់ព្រឹទ្ធាចារ្យតែងនិទានឱ្យកូនចៅស្តាប់កម្សាន្ត ពិសេសក្មេងស្រី និងការប្រៀនប្រដៅរបស់ឪពុកម្តាយដែលនិយមលើកយករឿងនេះ មកជាឧទាហរណ៍ឱ្យកូលស្រីយល់ ពីទង្វើរបស់ខ្លួនដែលប្រព្រឹត្តឆ្កាំឆ្គង ក្នុងកិច្ចការរៀបចំទុកដាក់របស់ទ្រព្យដែលប្ដីរកបាន។ មិនតែប៉ុណ្ណោះរឿងនេះក៏បានបង្ហាញសិល្បៈនៃទំនាក់ទំនងក្នុងជីវភាពរស់នៅនៃសង្គមផងដែរ។ខ្ញុំសូមបង្ហាញខ្លឹមសារសំខាន់ នៃរឿងមាយើងនេះដូចទៅ។
កាលកន្លងទៅហើយ…មានព្រះមហាក្សត្រមួយព្រះអង្គ
ព្រះនាមព្រហ្មទត្ត សោយរាជនៅក្រុងពារាណសី។ កាលនោះនៅក្នុងក្រុងមានមាណពម្នាក់
ជាអ្នកកម្សសត់ទុគ៌ត រស់នៅពីរនាក់ប្តីប្រពន្ធ។ ឯនាងប្រពន្ធវិញមានរូបស្រស់សោភា ជាទីគាប់ភ្នែកនៃជនផងទាំងពួង
ប៉ុន្តែចិត្តកំណាញ់ ប្រទូស្តញាតិព្រៀងលាន គេពុំចូលចិត្តឡើយ។
សម័យថ្ងៃមួយមាណពនឹងភរិយានាំគ្នាទៅជញ្ជាត់ត្រី ឯកញ្ជើទៀតសោតធ្លុះធ្លាយ
ដ្បិតនាងប្រពន្ធពុំចេះជួយថែរក្សា ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូលរមែង
ចេញតាមប្រហោងនោះទៅ។ លុះជញ្ជាត់យូរៗ ក៏ទៅជិតដល់សំពៅធំមួយ
នាយភេត្រានឹងភរិយាមើលពីលើសំពៅមកឃើញកញ្ជើធ្លុះ ប្រពន្ធនាយភេត្រាលន់មាត់ថា “នាងអ្នកជាប្រពន្ធម្តេចមិនយកអ្វីចុកកុំឱ្យត្រីលេច” >ឮដូច្នោះ នាយភេត្រាក្រោធខឹង
ហើយដេញនាងឱ្យចុះទៅនៅជាមួយមាណពនោះ ឯនាយភេត្រាម្ចាស់សំពៅ
ដូរយកប្រពន្ធមាណពដែលជាស្រីខាតលក្ខណ៍។ នាងជាប្រពន្ធថ្មីរបស់មាណពនោះ
ក៏កាន់កញ្ជើដើរទៅរកអ្វីមកចុក កុំឱ្យលេចរួចត្រីដែលជញ្ជាត់បាន រួចដើរតាមមាណពរហូតទៅ។
ពេលត្រឡប់មកផ្ទះវិញ នាងចាត់ចែងឱ្យប្តីជាមាណពកម្សត់យកត្រីទៅជូនញាតិព្រៀងលាន។
អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នា ព្រោះចៅមាណព និងប្រពន្ធពុំដែលមានចិត្តសប្បុរសឡើយ។ លុះពួកគេទៅលេងផ្ទះមាណព
ទើបដឹងថាមាណពបានប្រពន្ធថ្មីប្រកបដោយលក្ខិណា។ ថ្ងៃមួយ
មាណពចូលទៅក្នុងព្រៃដើម្បីកាប់អុស លុះរែកត្រឡប់មកវិញប្រពន្ធឃើញថា
ឈើនោះសុទ្ធតែឈើមានតម្លៃ នាងជាប្រពន្ធឱ្យប្តីទៅកាប់ចងបាច់ឱ្យបានច្រើន
ហើយជួលរទេះអ្នកជិតខាងឱ្យដឹកមកគរទុក។ ពេលអ្នកដើរសំពៅរកទិញ នាងក៏លក់បានសម្បត្តិជាច្រើន
ហើយរៀបចំធ្វើផ្ទះយ៉ាងធំ និងមានជួលខ្ញុំបម្រើផង។ចំណុចដូចរៀបរាប់ខាងលើ
បង្រៀនយើងឱ្យចេះរៀបចំទុកដាក់ និងថែរក្សារបស់ទ្រព្យដែលរកបាន នោះទើបធ្វើឱ្យជីវិត
និងគ្រួសាររីកចម្រើន មានបាន។ បន្ថែមពីនោះ ក្នុងរឿងមាយើងដដែលក៏បានបង្ហាញពី
ការប្រាស្រ័យទាក់ទងអ្នកមានមុខមាត់ មន្ត្រីរាជការ ទើបការរស់នៅកាន់តែមានភាពរីកចម្រើន
និងរឹងមាំ។ តួយ៉ាងក្នុងរឿងបន្តថា…
ឯប្តីនោះក៏បានស្គាល់ចៅដៃ ចៅព្រះ ចៅឃ្លាំង ស្គាល់ពញាជាដើម។
ថ្ងៃមួយនាងស្រដីនឹងប្តីថា នាងចង់ឱ្យប្តីនាងរៀនរត់ឱ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា
ប្តីក៏ធ្វើតាម ហើយក៏រត់រហូតទល់តែលែងហត់។ ប្រពន្ធឃើញថាប្តីខ្លួនបានរត់បានលឿន
មានកម្លាំងបរបូរណ៌ហើយ ក៏នាំទៅជួបមន្ត្រី ដើម្បីឱ្យប្តីបានទៅបម្រើព្រះមានក្សត្រ។
នាកាលថ្ងៃមួយ ព្រះមហាក្សត្រទ្រង់យាងទៅប្រពាតព្រៃស។ ចៅមាណពក៏ប្រាប់ប្រពន្ធរៀបចំ
អាហារដើម្បីចូលរួមដង្ហែរព្រះរាជា។ ឯនាងប្រពន្ធក៏រៀបចំឱ្យប្តី និងផ្ចិតផ្ចង់ក្រយាសម្រាប់ព្រះមាហាក្សត្រ
នាងគិតថា ព្រះមាហាក្សត្រនឹងឃ្លាតពីមន្រ្តីទាំងឡាយ
មានតែមាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។ ដោយសេចក្ដីពេញចិត្តពីការបម្រើ នៃមាណព
ព្រះមហាក្សត្រទ្រង់សន្មតឱ្យនាមថា “ចៅមាយើង”។ លុះថ្ងៃពេលទ្រង់ឃ្លានក្រយា ចៅមាយើងក៏ទូលទៅថា មានក្រយាសម្រាប់ព្រះអង្គទ្រង់សោយ។
ក្រោយទ្រង់សោយដោយពេញព្រះទ័យហើយ ទ្រង់ក៏ផ្ទុំលើភ្លៅមាយើង
ទ្រង់ថានឹងនិទានរឿងឱ្យចៅមាយើងស្តាប់ ពុំទាន់នឹងនិទានផងព្រះអង្គក៏ផ្ទុំលក់បាត់ទៅ។
ទាំងនេះបង្ហាញពីទំនាក់ទំនងល្អ ចេះយកអាសារ ស្រឡាញ់ពេញចិត្តរវាងអ្នកដឹកនាំគ្រប់គ្រង
និងប្រជានុរាស្ត្រខ្លួន។បន្ថែមពីការមានទំនាក់ទំនង មនុស្ស
ពិសេសអ្នកដឹកនាំក៏ត្រូវប្រកាន់យកពាក្យសច្ចផងដែរ។ ផ្ទៃរឿងបន្តថា
កាលនោះមានទេវតារក្សាដើមជ្រៃ ឮថាស្តេចទ្រង់និទានរឿងឱ្យមាយើងស្តាប់
ក៏បបួលគ្នាមូលមីរលើដើមជ្រៃ លុះយល់ស្តេចនិទ្រាលង់លក់
ទេវក៏ក្រោធខឹងនិងសេ្តចព្រហ្មទត្ត ថាមុសាវាត ពុំកាន់ពាក្យសត្យ។ ក៏គិតគ្នាថា
នឹងកាច់មែកជ្រៃទម្លាក់សង្កត់ ស្តេចឱ្យបង់ព្រះជន្មជីវី បើពុំបានពេលនេះទេ
ស្តេចយាងទៅដល់បុរី និងកាច់ក្លោងទ្វារសង្កត់ឱ្យក្ស័យ បើឆ្លងផុតទៀត
ពេលយប់និងកាឡាជាសត្វពស់ ទៅចឹករហូតដល់ក្រឡាព្រះបន្ទំ។ ឮដូច្នោះចៅមាយើងក៏ដាស់ស្តេច
ហើយក៏បាននាំព្រះអង្គឆ្លងផុតដំណាក់កាលទាំងបី ដំណាក់កាលចុងក្រោយនេះ ពេលដែលសម្លាប់ពស់
ឈាមពស់ខ្ទាត់ទៅប្រឡាក់ដល់ព្រះថនាព្រះទេពី។ ចៅមាយើង គិតថា
បើដាស់ក្រឡាបន្ទំយល់ពុំគួរ បើយកដៃជូតពុំជា
រួចហើយក៏យកខ្មោចពស់ទៅដាក់ក្រោមក្រឡាបន្ទំ ហើយលិឍឈាមដែលប្រឡាក់សុដន់ក្សត្រី។
ព្រះទេពីក៏ភ្ញាក់ឡើង ដាស់ព្រះភូមីហើយបា្រប់ថា ចៅមាយើងយកអណ្តាតមកលិឍដោះរបស់ខ្លួន។
ស្តេចព្រហ្មទត្តស្តាប់ប៉ុណ្ណោះហើយ ក៏ក្រេវក្រោធពេកក្រៃ
មិនបានជាគិតវែងឆ្ងាយក៏បញ្ជាឱ្យពេជ្ឈឃាត
ចាប់ចៅមាយើងយកទៅប្រហាជីវិតទាំងយប់។ចំណុចខាងលើបង្ហាញច្បាស់ថា
ការមិនគោរពពាក្យសន្យានឹងនាំគ្រោះដល់ខ្លួន ហើយក៏បង្ហាញយ៉ាងច្បាស់ថា
អ្នកធំប្រៀបដូចជាភ្លើង នៅឆ្ងាយរងា ទៅជិតពេកក្ដៅរលាក”។
ប៉ុន្តែពាក្យសច្ចៈនៅតែមានអានុភាពចំពោះអ្នកគោរព ពិសេសអ្នកកាន់ច្បាប់
ដូចសាច់រឿងនេះស្រាប់ថា ដោយមានការរារាំងពីឆ្មាំទ្វារទាំងបួនទិស ព្រោះថា
ច្បាប់នគរមិនអាចយកមនុស្សទៅ ប្រហារជីវិតទាំងថ្ងៃមិនទាន់រះបានទេ ឆ្មាំទ្វារនីមួយៗក៏បានពន្យល់ប្រាប់
ហេតុផលជាច្រើនដល់ពេជ្ឈឃាត ដើម្បីឱ្យកុំឱ្យពេជ្ឈឃាតប្រហារជីវិត
ចៅមាយើងហើយធ្វើឱ្យស្តេចទ្រង់សោយស្តាយជាក្រោយ។ និយាយពីស្តេចព្រហ្មទត្តវិញ
កាលដែលតើនឡើង ហើយពិចារណាលើហេតុផលសព្វគ្រប់ ឃើញថា
ចៅមាយើងមានគុណលើព្រះអង្គក្រាស់ក្រៃ ទ្រង់ត្រាស់បញ្ជាឱ្យអាមាត្យរត់ទៅតាមពេជ្ឈឃាតនោះ
ហើយក៏បានទៅទាន់ដំណើរពេជ្ឈឃាត នៅទ្វារទិសឧត្តរដែលជាទ្វារចុងក្រោយ
ហើយក៏នាំចៅមាហើយត្រឡប់មកវិញ។ ស្តេចព្រហ្មទត្តតា្រស់សួរចៅមាយើង
ហើយបានដឹងរឿងរ៉ាវសព្វគ្រប់ទាំងអស់។ ស្តេចព្រហ្មទត្តបានសុំខមាទោសចៅមាយើង
ហើយទ្រង់សូមឱ្យចៅមាយើងកុំខឹងនឹងព្រះអង្គ ដោយព្រះអង្គបានប្រទានសក្ដិយស
ដល់ចៅមាយើងយ៉ាងសមរម្យ។ ចៅមាយើងបានវិលមករស់នៅ
ជាមួយនឹងភរិយាយ៉ាងសុខសាន្ត។តាមសេចក្ដីនៃចំណុចនេះបញ្ជាក់ពីការគោរពពាក្យសច្ចៈ
និងការឱ្យតម្លៃលើច្បាប់ ពិតជាបាននាំមកនូវសេចក្ដីសុខយ៉ាងពិតប្រាកដ។ថ្លែងពីនាយសំពៅ
កាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍
មិនជួយធ្វើការរកស៊ីអ្វីសោះ គិតតែពីចាយវាយពេលដែលកូនជុះអាចម៍ ជុះនោមនាង មិនយកទៅលាងទេ
នាងតែងតែហែកហូលព្រែថ្មីៗជូតហើយ ក៏បោះចោលគ្មានស្តាយស្រណោះ
មាសប្រាក់ធ្លាប់មានក៏ត្រូវរលាយសាបសូន្យអស់ រហូតដល់លក់សំពៅចាយទៀត។
លុះអស់ប្រាក់ពីខ្លួនទាំងពីនាក់ប្តីប្រពន្ធ បានដើរពរកូនសុំទានគេ។
ដើរសុំយូរៗទៅក៏បានទៅដល់ផ្ទះចៅមាយើង នាងភរិយាចៅមាយើងឃើញហើយ ក៏ហៅឱ្យទានដូចសព្វមួយដង
ហើយស្គាល់ជាក់ថាជាអតីតប្តីរបស់ខ្លួន ធ្លាប់ជានាយសំពៅ
ហេតុម្តេចចុះឥឡូវក៏សុំទានគេទៅវិញ។ ចំណែកបុរសជាអតីតស្វាមីឃើញដូចនោះអៀនខ្មាស
ក៏នាំប្រពន្ធកូនគេចទៅឆ្ងាយបាត់ទៅ។ដូចសេចក្ដីនៃរឿងខាងលើបង្ហាញថា
ទោះបីជាយើងរកស៊ីមានបានយ៉ាងណាក្ដី ប្រសិនបើយើងមិនចេះថែរក្សា សន្សំសំចៃទេ
នោះទ្រព្យសម្បត្តិដែលរកបាននឹងរលាយជាក់ជាមិនខាន៕
រៀបរៀដោយ៖
-និស្សិត ថុល អ៊ុន បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែក អក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យព្រះសីហនុរាជ
-បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែក ព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ បៀលបា្រយ
អាស័យដ្ឋាន៖ ភូមិ ស្យាអំពិល ឃុំ បារាយណ៍ ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម។
ឯកសារយោង
ធម្មបាល ខៀវ ជុំ សៀវភៅ (សកលចិន្រ្តា)
ឧត្តមប្រីជា ចាប ពិន សៀវភៅ (ប្រយោជន៍៣យ៉ាង)
ឈន អៀម សៀវភៅ (ទស្សនវិជ្ជាសេដ្ឋកិច្ចពុទ្ធសាសនា)
លោក សាន សុជា សៀវភៅ (ប្រយោជន៍បីប្រការ)
(មេរៀនឃរាសវាសធម៌ ប្រយោជន៍ ៣ យ៉ាង -បិដកអដ្ឋកថាលេខ ៤៨ សន្ធានវគ្គ ទំព័រ ២៥១-២៥៩)
ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > សុត្តនិបាត > តតិយភាគ > បរាភវសូត្រ (សៀវភៅភាគ៥៤ ទំព័រទី ៣៦) พระไตรปิฎก เล่มที่ ๒๕ > พระสุตตันตปิฎก เล่มที่ ๑๗ > ขุททกนิกาย > ขุททกปาฐะ-ธรรมบท-อุทาน-อิติวุตตกะ-สุตตนิบาต > ปราภวสูตร Archived 2017-10-18 at the វេយប៊ែខ ម៉ាស៊ីន.ที่ ๖
Parabhava Sutta: Downfall (SN 1.6)
ព្រះត្រៃបិដក > សុត្តន្តបិដក > ខុទ្ទកនិកាយ > ខុទ្ទកបាឋៈ > មង្គលសូត្រ (សៀវភៅភាគ៥២ ទំព័រទី ១ ដល់ ២០)
พระไตรปิฎก เล่มที่ ๒๕ > พระสุตตันตปิฎก เล่มที่ ๑๗ > ขุททกนิกาย > ขุททกปาฐะ-ธรรมบท-อุทาน-อิติวุตตกะ-สุตตนิบาต > มงคลสูตร[តំណភ្ជាប់ខូច]ที่ ๔
Protection (SN 2:4)
Mangala Sutta: Blessings (Khp 5)
សុខព្រោះហេតុ ៩ យ៉ាង
Download
No comments:
Post a Comment