

សិក្សាសន្ទនាព្រះធម៌ ព្រះអដ្ឋកថាធម្មបទ
ថ្ងៃពុធ ១០ កើត ខែបុស្ស ឆ្នាំរោង ឆស័ក
ព.ស.២៥៦៨/ត្រូវនឹងថ្ងៃទី 08 ខែ មករា ឆ្នាំ 2025
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង















ពាលវគ្គ ទី ៥
"ពោលដោយពួកបុគ្គលពាល"
១-រឿងបុរសម្នាក់
--------------------------
ព្រះសាស្ដា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះបាទបសេនទិកោសល និងបុរសម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា ÷
ទីឃា ជាគរតោ រត្តិ ទីឃំ សន្តស្ស យោជនំ
ទីឃោ ពាលាន សំសារោ សទ្ធម្មំ អវិជានតំ ។
រាត្រីវែង ចំពោះតែអ្នកភ្ញាក់រឮក (អ្នកដេកមិនលក់) យោជន៍វែង ចំពោះតែអ្នកនឿយហត់ សង្សារវដ្តវែង ចំពោះតែបុគ្គលពាល មិនដឹងច្បាស់នូវព្រះសទ្ធម្ម ។
ក្នុងកាលចប់ព្រះធម៌ទេសនា បុរសនោះក៏បានសម្រេចសោតាបត្តិផល សូម្បីជនដទៃជាច្រើន ក៏បានសម្រេចអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម ព្រះធម៌ទេសនាមានប្រយោជន៍ដល់មហាជន ដោយប្រការដូច្នេះឯង ។
(ព្រះត្រៃបិដកលេខ ៥២ ទំព័រ ៣៤)
អដ្ឋកថាលោកពោលបណ្ដាបទទាំងនោះ បទថា ទីឃា យូរ ជាដើម ទីឃា ទីឃ ប្រែថាវែងក៏បាន ប្រែថាឆ្ងាយក៏បាន ប្រែថាយូរក៏បាន ទៅតាមបយោគ អត្ថ សេចក្តី ដូចនិយាយអំពីរឿងរាត្រីនឹងយើងថាយូរអញ្ចឹង ។ យើងនិយាយថារាត្រីវែង ស្ដាប់ទៅអត់សូវពិរោះទេ វែងទាក់ទងពីចម្ងាយ រឿងយោជន៍ រឿងផ្លូវឯណោះ ។
ឈ្មោះថារាត្រីមានត្រឹមតែបីយាមប៉ុណ្ណោះ គឺបឋមយាម មជ្ឈិមយាម និងបច្ឆិមយាម យើងនិយាយធម្មតាក្បាល
ព្រលប់ យប់ជ្រៅ ទាបភ្លើង មានតែបីយាមទេ ។
ប៉ុន្តែសម្រាប់អ្នកភ្ញាក់ អ្នកភ្ញាក់ក្នុងទីនេះ គឺមិនសំដៅដល់អ្នកដែលភ្ញាក់ដោយសតិទេ ពាក្យថាភ្ញាក់ខាងដើម គឺអ្នកដែលមិនដេកលក់នឹងឯង ។
តាមពិតទៅក្នុងមួយរាត្រីមានតែបីយាមប៉ុណ្ណោះ ក៏ប៉ុន្តែដល់ពេលអ្នកភ្ញាក់ដោយ អំណាចនៃការដេកមិនលក់ ដូចជាយូរណាស់ រមែងប្រាកដដូចជាគុណនិងពីរ ឬគុណនិងបីអញ្ចឹងឯង បានន័យថា ពេលវេលានឹងហាក់ដូចគុណនិងពីរជាទ្វេដងឬបីដងអញ្ចឹងទៅ ។ ហើយបុគ្គលដែលខ្ជិលច្រអូស ធ្វើខ្លួនឱ្យជាចំណីនៃពួកសង្កើច ដេកប្រែប្រួលៗរហូតព្រះអាទិត្យរះឡើងក្តី បុគ្គលអ្នកសេពកាម ហើយបរិភោគភោជនដ៏ប្រណិត ហើយដេកលើទីដ៏មានសេរីក្តី រមែងមិនដឹងថារាត្រីនោះវែងទេ ។ លោកពោលអំពីបុគ្គលខ្ជិលស្រះអូស ធ្វើខ្លួនឱ្យជាចំណីនៃពួកសង្កើច ។
ហើយបានលោកលើកអំពី ចំណែកព្រះយោគាវចរ គឺអ្នកប្រារព្ធនូវសេចក្តីព្យាយាម រហូតដល់អស់រាត្រីទាំងមូល គឺបីយាមក្នុងមួយរាត្រីហ្នឹង ។ លោកពោលទាំងពីព្រះធម្មកថិកសម្តែងធម្មកថា រហូតមួយយប់ទល់ភ្លឺក្តី ហើយបុគ្គលអ្នកដែលស្ដាប់ធម៌នៅជិតអាសនៈ រហូតមួយយប់ទល់ភ្លឺក្តី ។ អ្នកដែលត្រូវរោគទាំងឡាយ មានរោគកើតក្នុងក្បាល ឈឺក្បាល ឬក៏វិលមុខជាដើមពាល់ត្រូវក្តី ឬក៏អ្នកដល់នូវសេចក្តីទុក្ខ មានការកាត់ដៃកាត់ជើងជាដើម ត្រូវទុក្ខវេទនាគ្របសង្កត់ ការសោយអារម្មណ៍មិនជាទីប្រាថ្នា ប្រព្រឹត្តទៅតាមផ្លូវកាយ ។
ហើយអ្នកដើរផ្លូវឆ្ងាយ ដើររហូតអស់រាត្រីទាំងមូលក្តី រមែងដឹងនូវភាវនៃរាត្រីនោះជារាត្រីដ៏វែង បានន័យថាដូចជាយូរណាស់ តែតាមការពិតមួយរាត្រីហ្នឹងនៅតែបីយាមប៉ុណ្ណឹងឯង វាមិនលើសពីបីយាមឯណា ។
ហើយបទថា យោជនំ សេចក្តីថាសូម្បីយោជន៍ក៏មានប្រមាណត្រឹម ៤ គាវុធប៉ុណ្ណោះ មួយគាវុធ ៤ គីឡូ ។ តែសម្រាប់បុគ្គលអ្នកនឿយហត់ គឺអ្នកស្បើយកម្លាំងដូចជាវែងឆ្ងាយ គឺថារមែងប្រាកដដល់បុគ្គលនោះ ដូចជាគុណនឹងពីរឬនឹងបីអញ្ចឹងឯង ។ ពិតហើយបុគ្គលអ្នកធ្វើដំណើរអស់មួយថ្ងៃ នឿយហត់ហើយ ជួបបុរសអ្នកដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ក៏សួរថាស្រុកខាងមុខនៅឆ្ងាយប៉ុណ្ណា ? កាលគេប្រាប់ថាមួយយោជន៍ ដើរទៅបានបន្តិចក៏សួរអ្នកដទៃទៀត ។ សូម្បីសួរអ្នកដទៃទៀតនោះឯងប្រាប់ថាមួយយោជន៍ ដើរទៅបានបន្តិចទៀតក៏សួរដទៃទៀត សូម្បីគេក៏ប្រាប់ថាមួយយោជន៍ ។ បុគ្គលទាំងនោះ ត្រូវអ្នកដំណើរនោះ សួរហើយទៀតក៏ប្រាប់ថាមួយយោជន៍ ។ អ្នកដំណើរនោះរមែងគិតថា យោជន៍នេះឆ្ងាយពិតមែនហ្ន៎ រមែងសម្គាល់មួយយោជន៍
ដូចជាពីរឬក៏បីយោជន៍អញ្ចឹងឯង ។
ខ្លួនឯងវានឿយហត់ អស់កម្លាំង ល្ហិតល្ហៃ ដល់ពេលដើរទៅដូចឆ្ងាយៗណាស់ឆ្ងាយ ។ ដើរទៅសុទ្ធតែជួបអ្នកដែលដើរមកបញ្ច្រាសទិសគ្នា សួរគេទៅស្រុកហ្នឹងនៅឆ្ងាយប៉ុន្មាន មួយយោជន៍ ហើយដើរទៅបានប៉ុន្មានជំហ៊ានសួរគេទៀត មួយយោជន៍ទៀត ។ មួយយោជន៍ដូចពីយោជន៍បីយោជន៍ តាមការពិតនៅតែមួយយោជន៍ដដែល ។
ហើយនៅក្នុងបទ ពាលាន សម្រាប់បុគ្គលពាលទាំង ឡាយជាដើម សេចក្តីថាចំណែកសង្សារវដ្តរបស់ជនពាលទាំងឡាយ ដែលជាអ្នកមិនដឹងនូវប្រយោជន៍ក្នុងលោកនេះ និងប្រយោជន៍ក្នុងលោកខាងមុខ ។ គឺអ្នកមិនអាចធ្វើទីបំផុតនៃសង្សារវដ្ត អ្នកមិនដឹងច្បាស់នូវព្រះសទ្ធម្ម មានពោធិបក្ខិយធម៌ ៣៧ ប្រការជាដើម ដែលព្រះអរិយទាំងឡាយដឹងច្បាស់ហើយ ធ្វើនៅទីបំផុតនៃសង្សារវដ្តបាន រមែងឈ្មោះថាវែង ។ ព្រះអរិយលោកធ្វើនូវទីបំផុតបាន ដល់ពេលបុថុជ្ជនធ្វើអត់បានឈ្មោះថាវែង ។
ពិតណាស់សង្សារវដ្តនោះឈ្មោះថាវែង តាមធម្មតារបស់ខ្លួនឯងសមដូចព្រះពុទ្ធវចនៈ ដែលព្រះដ៏មានព្រះភាគត្រាស់ទុកថា ម្នាលភិក្ខុទាំងឡាយ សង្សារវដ្តនេះមានខាងដើមនិងខាងចុង ដែលបុគ្គលណាៗដឹងមិនបាន ។ ខាងដើមខាងចុងនៃសង្សារវដ្តនោះរមែងមិនប្រាកដ ។ តែសម្រាប់ជនពាលទាំងឡាយ ដែលជាអ្នកមិនអាចធ្វើនៅទី បំផុតបាន រមែងមានសភាពដ៏វែងឆ្ងាយដោយពិត ស្ដាប់អញ្ចឹងទៅក៏នាំឲ្យកើតនូវសេចក្តីសង្វេគ ។
បុគ្គលពាលមិនដឹងប្រយោជន៍ក្នុងលោកនេះ នឹងលោកខាងមុខ ។ ប្រយោជន៍ក្នុងលោកនេះ ពោលអំពីការរស់ នៅគឺទាក់ទងពីរឿងដល់ព្រមដោយការខ្នះខ្នែងស្វែងរកនូវទ្រព្យសម្បត្តិ នឹងទៅតាមធម៌ ។ ហើយរកបានមកត្រូវចេះថែរក្សា ហើយត្រូវមានកល្យាណមិត្ត ហើយចិញ្ចឹមជីវិតប្រពៃ ប្រយោជន៍ក្នុងលោកខាងមុខ ទាក់ទងជាមួយរឿងសទ្ធា រឿងសីល សុត្តៈ ចាគៈបញ្ញាអញ្ចឹងទៅ ។ កំពូលមែនទែនគឺ បរមត្ថប្រយោជន៍គឺព្រះនិព្វាន ។
សូមអនុមោទនា! ! !















No comments:
Post a Comment