នីវរណធម៌ទាំង៥ជាអាហាររបស់អវិជ្ជា - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

នីវរណធម៌ទាំង៥ជាអាហាររបស់អវិជ្ជា

ចែករំលែកចំណេះដឹង

ព្រះពុទ្ធ🙏
#នីវរណធម៌ទាំង៥ជាអាហាររបស់អវិជ្ជា
ស្រង់ពីការបង្រៀនធម៌លោកគ្រូធម្មាចារ្យ អុឹម រ៉ៃយ៉ា
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង
🌿💕✨🙏🌿💕✨🙏🌿💕✨🙏🌿💕✨
រាល់ថ្ងៃសម្រាប់យើងនេះ វិជ្ជាចម្រើនជាង ឬក៏អវិជ្ជាចម្រើនជាង នៅពេលដែលកាមរាគៈគ្របសង្កត់ចិត្ត ។ ការមិនដឹងមិនឃើញនេះឯង ជាហេតុជាបច្ច័យនៃអវិជ្ជា ។
នីវរណៈទាំង ៥ គឺជាអាហារនៃអវិជ្ជាៗមានអាហារ មិនមែនមិនមានអាហារទេ ។ ដល់យើងស្ដាប់មកយើងពិចារណា អស់យប់មួយនិងថ្ងៃមួយនេះ តើសម្រាប់យើងវិជ្ជាចម្រើនជាងឬក៏អវិជ្ជាចម្រើនជាង ? ហើយដែលយើងដឹងថាអវិជ្ជាចម្រើនជាងនៅត្រង់ណា ? គឺនៅត្រង់យើងឃើញហេតុបច្ច័យនេះ កាលដែលចិត្តត្រូវកាមរាគ:គ្របសង្កត់ ។
ដូច្នេះអស់យប់មួយនិងថ្ងៃមួយ វារីករាយតែក្នុងរូប ក្នុងសំឡេង ក្នុងក្លិន ក្នុងរស ក្នុងផោដ្ឋព្វៈ ។ ដូច្នេះបើវាត្រេក អររីករាយ តែក្នុងបញ្ចកាមគុណនេះហើយ មានន័យថាអវិជ្ជានឹងគឺចម្រើនហើយ ។ តែបើសិនជាអវិជ្ជាចម្រើនហើយ ទៅលះបង់អវិជ្ជាម្ដេចកើត នេះដែលយើងត្រូវដឹងនឹងមួយអញ្ចឹងទៅ ។
បានយើងដឹងថាការរស់នៅរបស់យើងជីវិតជាប្រក្រតីហ្នឹង កាលបើឃើញរូបជាទីត្រេកអរ ស្ដាប់សំឡេងជាទីត្រេក អរ ធំក្លិនជាទីត្រេកអរ លិឍភ្លក្សរសជាទីត្រេកអរប៉ះពាល់សម្ផស្សជាទីត្រេកអរ ជាទីស្រឡាញ់ហើយ យើងត្រូវដឹងថានេះជាវត្ថុកាម ។
ប្រសិនបើសេចក្តីត្រេកអរទៅនៅក្នុងរូបជាទីស្រឡាញ់នឹងហើយ ជាទីគាប់ចិត្តនឹងហើយ មានន័យថា នេះឯងជាហេតុជាបច្ច័យនៃអវិជ្ជាហើយ ។ ដូច្នេះយើងត្រូវចាំច្បាស់ត្រង់ហ្នឹង ។ កាលដែលយើងត្រេកអរនៅក្នុងរូបជាទីស្រឡាញ់ នេះគឺជាហេតុជាបច្ច័យនៃអវិជ្ជា នៃការមិនដឹងការមិនឃើញៗនេះហើយជាអវិជ្ជា ។
ហើយពុទ្ធបរិស័ទយើងពិចារណាមើល យើងកើតក្នុងជាតិនឹងជួបព្រះសម្មាសម្ពុទ្ធឱ្យស្រឡាំង មានអត្តភាពប្រាកដនៅក្នុងព្រះសទ្ធម្ម តែបែជាអវិជ្ជាចម្រើន អវិជ្ជានៅតែចម្រើនជាភិយ្យោភាព ត្រង់នេះឯងដែលយើងត្រូវភ្ញាក់ខ្លួន ។ យប់មួយនឹងថ្ងៃមួយ ហេតុបច្ច័យនៃការមិនដឹងមិនឃើញ តើសម្រាប់យើងៗប្រតិបត្តិ យើងត្រូវប្រយ័ត្នសិក្សាដូចម្ដេច ? ។
ម្នាលរាជកុមារ មួយទៀតក្នុងសម័យដែលបុគ្គលមានចិត្តដែលព្យាបាទរួបរិត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹងមិនឃើញច្បាស់ នៅការរលាស់ព្យាបាទដែលកើតហើយ ម្នាលរាជកុមារនេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹងមិនឃើញ ។ ការមិនដឹងមិនឃើញរមែងមានហេតុមានបច្ច័យយ៉ាងនេះ ។
យើងមើលក្នុងសម័យណា ដែលបុគ្គលមានចិត្តដែលព្យាបាទរួបរិត ដែលព្យាបាទ:គ្របសង្កត់ រមែងមិនដឹងមិន ឃើញ ។ ដូច្នេះនៅពេលដែលសេចក្តីថ្នាំងថ្នាក់ សេចក្តីខឹង ក្រោធ ការអាក់អន់ចិត្តគ្របសង្កត់ហើយ គឺរមែងមិនដឹងមិន ឃើញទេ អវិជ្ជានឹងចម្រើនឡើង ។ ហើយយើងវាត្រូវដឹង សេចក្តីថ្នាំងថ្នាក់ សេចក្តីព្យាបាទ អាក់អន់តូចចិត្តរួច ហើយ នឹងមានន័យថា ចិត្តនឹងគឺត្រូវព្យាបាទក្របសង្កត់ហើយ រមែងមិនដឹងមិនឃើញច្បាស់ នូវការរលាស់នៃព្យាបាទនឹងទេ ។
ពុទ្ធបរិស័ទយើងស្ដាប់ត្រង់នឹងហើយ យើងមកផ្ទៀងផ្ទាត់ក្នុងការរស់នៅជាប្រកប្រតីរបស់យើង ការស្ដាប់ព្រះធម៌ ពុទ្ធបរិស័ទអាចស្ដាប់នៅខ្ញុំព្រះករុណាអរតនាពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ រីឯការសង្កេតពិនិត្យត្រង់ធម៌ដែលកើតឡើង នេះគឺរៀងៗខ្លួន ។ នៅពេលនោះគឺពុទ្ធបរិស័ទរស់នៅរៀងៗខ្លួនទេ ដែលត្រូវពិនិត្យ ទោះបីជាយើងរស់នៅជុំគ្នាក៏ដោយ តែត្រង់ការសង្កេតពិនិត្យធម៌ កំណត់ដឹងធម៌ គឺស្មារតីរៀងៗខ្លួន ។ ត្រូវដឹងថាយើងនេះគឺមិនទាន់ឈ្នះកិលេសណាមួយទេ ដែលបានជាស្ថាពរ បានជាសមុច្ឆេទដោយអរិយមគ្គទេ គ្រាន់តែបានគ្របសង្កត់ ឬក៏ថាលះបង់បានជាខណៈ ៗ តែប៉ុណ្ណោះ ដូច្នេះវាអត់ទាន់បានលះបង់ជាសមុច្ឆេទទេ ។
ម្នាលរាជកុមារមួយទៀត ក្នុងសម័យណាដែលបុគ្គលមានចិត្តដែលថីនមិទ្ធៈរួបរិត បុគ្គលមានចិត្តដែលឧទ្ធច្ចកុក្កុច្ចៈរួបរិត បុគ្គលមានចិត្តដែលវិចិកិច្ឆារួបរិត ដែលវិចិកិច្ឆាគ្របសង្កត់ រមែងមិនដឹងមិនឃើញ នៅការរលាស់វិចិកិច្ឆាដែលកើតឡើងហើយទេ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យនៃការមិនដឹងមិនឃើញ ។ ការមិនដឹងមិនឃើញ រមែងមានហេតុមានបច្ច័យយ៉ាងនេះឯង ។
ព្រះអង្គទ្រង់ត្រាស់សម្ដែងគឺនៅក្នុងនីវរណៈ ៥ នឹងជាហេតុជាបច្ច័យនៃការមិនដឹងមិនឃើញហ្នឹង ជាហេតុជាបច្ច័យនៃអវិជ្ជា ការមិនដឹងការមិនឃើញហ្នឹង ។
បានព្រះអង្គទ្រង់ត្រាស់សម្ដែងដូច្នេះហើយ អភយរាជកុមារក៏ពោល ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ធម្មបរិយាយនេះតើឈ្មោះដូចម្ដេច ?
បានព្រះអង្គទ្រង់ត្រាស់ថា ÷ ម្នាលរាជកុមារ ធម្មបរិយាយទាំងនោះឈ្មោះថានីវរណៈ ឈ្មោះថាធម៌ជារនាំង ។
បពិត្រព្រះដ៏មានព្រះភាគ ឲ្យឈ្មោះថានីវរណៈសមហើយ បពិត្រព្រះសុគតឱ្យ ឈ្មោះថានីវរណៈសមហើយ បពិត្រព្រះអង្គដ៏ចម្រើន សូម្បីបុគ្គលដែលមានតែនីវរណៈមួយៗគ្របសង្កត់ គង់មិនគប្បីដឹង មិនគប្បីឃើញច្បាស់ទៅហើយ នឹងបាច់ចាំនិយាយថ្វីដល់នីវរណធម៌ទាំង ៥ គ្របសង្កត់ ។
អភយរាជកុមារ ពេលដែលបានស្ដាប់ហើយ សូម្បីតែនីវរណធម៌មួយគ្របសង្កត់ ក៏វាមិនដឹងមិនឃើញទៅហើយ មិនចាំបាច់ពោលទៅថ្វីដល់គ្របសង្កត់ទាំង ៥ ទេ ។
គឺកាមច្ឆន្ទៈ កាមរាគ: សេចក្តីត្រេកអររីករាយនៅក្នុងវត្ថុកាម ព្យាបាទៈសេចក្តីថ្នាំងថ្នាក់ ហើយថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆា
គោរពសួរពុទ្ធបរិស័ទ រាល់ថ្ងៃតើធម៌ ៥ ប្រការនេះ សំបូរពេញប្រៀបដែរទេ កាមច្ឆន្ទៈ ១ ព្យាបាទ: ១ សេចក្តីថ្នាំងថ្នាក់ ថីនមិទ្ធៈ សេចក្តីងងុយងោកងក់ សេចក្តីរួញរានៃចិត្ត ។ ឧទ្ធច្ចកុក្កុច្ចៈ សេចក្តីរាយមាយ សេចក្តីក្តៅក្រហាយ ហើយវិចិកិច្ឆាសេចក្តីសង្ស័យ ។ រាល់ថ្ងៃធម៌ ៥ ប្រការនេះ គឺនៅក្នុងពុទ្ធបរិស័ទពេញលេញដែរឬទេ ? ហើយចំណុចពិសេស គឺត្រង់យើងដែលជាអ្នកប្រព្រឹត្តទៅនៅក្នុងការអប់រំចម្រើននូវសតិប្បដ្ឋាននេះ ។ គឺដឹងសម័យណាកាមរាគ:កើតឡើង សម័យណាព្យាបាទ:កើតឡើង ដឹងថាព្យាបាទ: នេះកើតឡើង សេចក្តីថ្នាំងថ្នាក់ សេចក្តីទាស់ចិត្ត សេចក្តីទុក្ខតូចចិត្ត សេចក្តីចង្អៀតចិត្ត គឺព្យាបាទ: សេចក្តីក្រោធនឹងកើតឡើង ។
ហើយត្រូវដឹងថាសេចក្តីក្រោធដែលកើតឡើងនេះឯង ជាហេតុជាបច្ច័យនៃការមិនដឹងនៃការមិនឃើញ ជាហេតុជាបច្ច័យនៃអវិជ្ជា ហើយបើសិនវាជាហេតុជាបច្ច័យនៃអវិជ្ជាហើយ វិនាសហើយ ។ មានន័យថាការរស់នៅរបស់យើងនេះ គឺដល់នូវសេចក្តីវិនាសយ៉ាងពិតប្រាកដព្រោះអវិជ្ជាៗនេះ គឺជាប្រធាននៃការជួបប្រសព្វនូវអកុសលធម៌ ។
អហិរិក ការមិនខ្មាស់បាប អនោតត្ត មិនខ្លាចបាបក៏កើតដោយ សារមានអវិជ្ជានេះឯង ។
ដូច្នេះកាលដែលពុទ្ធបរិស័ទស្ដាប់ត្រង់នេះឯង ដែលពុទ្ធបរិស័ទត្រឡប់មានស្មារតី មិនវង្វេងទេ ត្រឡប់មានស្មារតីនឹងដឹងថា កាមរាគ:នេះក្តី ព្យាបាទ:នេះក្តី ថីនមិទ្ធៈឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆានេះក្តី មុននេះមិនទាន់កើតឡើងទេ តែឥឡូវនេះកើតឡើងហើយគង់នឹងរលត់ទៅវិញ ។ នៅត្រង់នេះៗគឺត្រឡប់ទៅជាចម្រើនឡើងនូវវិជ្ជាទៅវិញ ដែលបានដឹង វិជ្ជាគឺនៅត្រង់នឹងពុទ្ធបរិស័ទ មិនមែនឃើញថាជាខ្លួន ។ ឃើញថាជាយើង ឃើញថាជាអ្នកដទៃឃើញថាយ៉ាងនេះ គឺនៅតែក្នុងអវិជ្ជា នៅតែក្នុងការយល់ខុសទេ ។
តែពុទ្ធបរិស័ទបានឃើញ សិក្សាសង្កេត ត្រឡប់ទៅជាបានដឹងធម៌នេះ ទៅតាមសេចក្តីពិតវិញ ព្រោះយើងបានស្ដាប់ពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ ។
នេះឯងគឺជាការមាននូវសតិ ដែលផ្សេងអំពីការមិនមានសតិ មិនមានសតិនៅ ពេលដែលកាមរាគ:កើតឡើងអត់ដឹងទេ អត់ដឹងថានេះជាកាមរាគ:ទេ វាមានតែសេចក្តីត្រេកអរទៅ ហើយយល់ខុសថាជាខ្លួន យល់ខុសថាជាអ្នកដទៃ ថាជាសត្វ ថាជាបុរស ថាជាស្រ្តី ។ អត់ដឹងថានេះជាអកុសលធម៌ដែលកើតឡើង កាមរាគ:នឹងឯង គឺជាហេតុជាបច្ច័យនៃការមិនដឹងមិនឃើញ វាអត់ដឹងត្រង់ហ្នឹង ។ អត់ដឹងត្រង់កន្លែងនឹងនេះឈ្មោះថាមិនបានចម្រើនដោយបញ្ញាទេ ។
ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែង ព្រះអរហន្តសម្តែងហើយថា ÷ វិញ្ញាណគួរកំណត់ដឹង ប្រាជ្ញាគួរចម្រើន ដល់ពេលធម៌នោះកើតឡើងហើយ អត់បានកំណត់ដឹងថា ធម៌នឹងមានបច្ច័យតាក់តែងឲ្យកើតឡើង ។ ហើយទាំងធម៌នេះឯងគឺនីវរណធម៌មួយៗនឹងឯង គឺជាហេតុជាបច្ច័យនៃការមិនដឹងមិនឃើញ វាអត់មានការដឹងត្រង់ហ្នឹង នេះជាការមិនមានស្មារតី ។
ពុទ្ធបរិស័ទជាក់ច្បាស់ហើយឬនៅ ? រវៀងការមានស្មារតីនិងការមិនមានស្មារតី ដឹងខ្លួនឯងហើយសម័យណាដែលមិនមានស្មារតី មិនមានសតិសម្បជញ្ញៈ សម័យណាដែលមានសតិសម្បជញ្ញៈ ។ ពុទ្ធបរិស័ទអាចដឹង អាចជាក់ច្បាស់ដោយខ្លួនឯង ដូចសម័យណាដែលយើងបិទភ្នែកអត់ឃើញរូប ហើយសម័យណាដែលយើងបើកភ្នែកវាខុសគ្នា ។
ដូច្នេះពុទ្ធបរិស័ទចាប់ត្រង់ចំណុចនេះ ការអប់រំចម្រើននូវសតិប្បដ្ឋាន គឺការ កំណត់ដឹងច្បាស់ មានន័យថា នីវរណធម៌ដែលកើតឡើងខាងក្នុង ដោយហេតុណាក៏ដឹងច្បាស់ ហើយមិនមានខាងក្នុង មិនកើតឡើងដោយហេតុណាក៏ដឹងច្បាស់ ។ ដូច្នេះត្រង់នេះឯងឈ្មោះថាមានស្មារតី ឈ្មោះថាចម្រើននូវសតិប្បដ្ឋាន ជាអ្នកពិចារណាឃើញនូវធម៌ក្នុងធម៌ ។
ដូច្នេះគោរពសួរពុទ្ធបរិស័ទ សង្កេតឃើញដែរទេថាការមានស្មារតី ផ្សេងអំពីការមិនមានស្មារតី ពុទ្ធបរិស័ទសង្កេត ឃើញត្រង់នេះដែរអត់ ? នៅពេលដែលកាមរាគៈកើត ឡើងក្តី ព្យាបាទ:កើតឡើងក្តី គឺត្រូវដឹងថាការមានស្មារតី ហើយនិងការមិនមានស្មារតីផ្សេងគ្នាឬមិនផ្សេងគ្នា ។
ឬក៏សម័យណាថីនមិទ្ធៈ ចិត្តនឹងគឺរុញរាធុញទ្រាន់ ងងុយងោកងក់ ហើយនិងសម័យណាចិត្តនោះរាយមាយ ហើយក្តៅក្រហាយ ហើយសម័យណាចិត្តនោះ គឺមាននូវសេចក្តីសង្ស័យគ្របសង្កត់ ដោយវិចិកិច្ឆានីវរណៈ ។ សង្ស័យនៅក្នុងព្រះសម្មាសម្ពុទ្ធសង្ស័យនៅក្នុងព្រះធម៌ សង្ស័យនៅក្នុងព្រះសង្ឃ សង្ស័យនៅក្នុងសិក្ខា សង្ស័យនៅក្នុងខន្ធជាអតីតអនាគត ខន្ធទាំងអតីតទាំងអនាគត សង្ស័យនៅក្នុងធម៌ដែលអាស្រ័យគ្នាកើតឡើងថា ធម៌នេះពិតជាអាស្រ័យគ្នាកើតឡើងមែនឬក៏មិនមែន ។ សង្ស័យក្នុងព្រះសម្មាសម្ពុទ្ធ សង្ស័យនៅក្នុងព្រះវរកាយរបស់ព្រះដ៏មានព្រះភាគ សង្ស័យនៅក្នុងព្រះញាណរបស់ព្រះដ៏មានព្រះភាគ សព្វញ្ញុតញ្ញាណរបស់ព្រះដ៏មានព្រះភាគ មានពិតមែនឬក៏មិនមាន នេះគឺជាសេចក្តីសង្ស័យ ។
អញ្ចឹងដល់ពេលសេចក្តីសង្ស័យនឹងកើតឡើង បើអត់មានស្មារតីទេក៏វង្វេងអញ្ចឹងទៅ មិនបានដឹងថានេះគឺជាអកុសលធម៌ ជាហេតុជាបច្ច័យនៃការមិនដឹងមិនឃើញ ជាអាហារនៃអវិជ្ជា ជាធម៌ដែលធ្វើបញ្ញាឲ្យរលត់របៀបនេះ ។ កាលណាបើអត់មានការរឮកដឹងនៅធម៌ ដែលកើតឡើងអំពីបច្ច័យណាៗ អត់ដឹងយ៉ាងនេះៗឈ្មោះថាជាអ្នកមិនមានស្មារតីទេ ។ តែបើត្រឡប់ទៅជាដឹងតាមពាក្យទូន្មានប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធមក រឮកដឹងបានសង្កេតពិនិត្យបាននៅក្នុងពេលហ្នឹង នេះគឺឈ្មោះថាជាអ្នកមាននូវស្មារតី ជាអ្នកអប់រំចម្រើននូវសតិប្បដ្ឋាន នៅក្នុងធម្មានុបស្សនាសតិបដ្ឋាន ។
ដូច្នេះគុណវិសេសគឺនៅត្រង់នេះ ពុទ្ធបរិស័ទសង្កេតហើយស្ដាប់មួយៗ គុណវិសេសនៅត្រង់ថា ពីដើមមុនមកដែលយើងមិនទាន់បានជួបព្រះសម្មាសម្ពុទ្ធ មិនទាន់បានជួបសាវ័ករបស់ព្រះអង្គ មិនទាន់បានស្ដាប់ មិនទាន់បានហ្វឹកហាត់ចិត្ត នៅក្នុងធម៌របស់ព្រះអរិយ គឺសតិប្បដ្ឋាន ។ ទោះបីជាកាមរាគ:ឬកាមច្ឆន្ទៈ ព្យាបាទ: ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ចៈ វិចិកិច្ឆានេះ ជាអកុសលធម៌ ដែលមានផលជាទុក្ខ កើតឡើងយ៉ាងណាក៏ដោយ គឺយើងមិនដែលដឹងថា នេះជាអកុសលធម៌ទេ យើងមិនដែលដឹងថា នេះគឺជាធម៌ធ្វើបញ្ញាឱ្យរលត់ យើងអត់ដែលបានដឹងទេ ។
នេះធម៌ជារនាំង ប្រព្រឹត្តទៅនៅក្នុងហេតុដែលនាំឲ្យសង្សារវដ្តហ្នឹង ភវចក្កហ្នឹង ប្រព្រឹត្តទៅគឺយើងអត់បានដឹងទេ តែឥឡូវដល់ពេលយើងជួបព្រះសម្មាសម្ពុទ្ធ ជួបសាវ័ករបស់ព្រះអង្គ បានស្ដាប់នូវអរិយធម៌ បានហ្វឹកហាត់ចិត្តនៅក្នុងអរិយធម៌ គឺសតិប្បដ្ឋាននេះ ។
ពុទ្ធបរិស័ទក៏ត្រឡប់កំណត់ដឹងថា ឥឡូវនេះបានដឹងថា កាមច្ឆន្ទៈនោះគឺមានពិតមែន ព្យាបាទ:គឺមានពិតមែន ជាធម៌ដែលកើតអំពីបច្ច័យ ។ ថីនមិទ្ធៈ ការងងុយងោកងក់សភាពធុញទ្រាន់គ្មានពិតមែន ។ ឧទ្ធច្ចកុក្កុច្ចៈ សេចក្តីរាយមាយនិងសេចក្តីក្តៅក្រហាយមានពិតមែន វិចិកិច្ឆា សេចក្តីសង្ស័យមានពិតមែន ម្យ៉ាងៗនេះជាអកុសលធម៌ ដែលជាហេតុជាបច្ច័យនៃអវិជ្ជា ជាហេតុជាបច្ច័យនៃការមិនដឹងមិនឃើញ ។
នៅត្រង់នេះឯងពុទ្ធបរិស័ទ ត្រឡប់មានស្មារតីបានជាក់ច្បាស់នូវធម៌នោះៗ នេះឯងដែលឈ្មោះថា ជាអ្នកបានជាក់ច្បាស់នៅធម៌ បានដឹងធម៌ ហើយអាការបានជាក់ច្បាស់នូវធម៌ ការបានដឹងធម៌តាមសេចក្តីពិតនេះឯង ដឹងនូវនីវរណធម៌តាមសេចក្តីពិតនេះឯង ។ សេចក្តីយល់ខុសថាជាបុរស ថាជាស្រ្តីមិនមានទៀតទេ នេះគឺឈ្មោះថាជាការលះបង់នូវសក្កាយទិដ្ឋិ ។ ការអប់រំចម្រើននូវសតិប្បដ្ឋាន សង្កេតកំណត់ដឹងធម៌នឹងរឿយៗ សេចក្តីវង្វេង សេចក្តីយល់ខុស នៅក្នុងធម៌ហ្នឹង គឺអត់វង្វេងអត់យល់ខុសដូចដែលយើងអត់ទាន់បានស្ដាប់ អត់ទាន់បានហ្វឹកហាត់ចិត្ត នៅក្នុងធម៌របស់ព្រះអរិយនឹងទៀតទេ ។
នឹងគឺជាគុណវិសេស មានន័យថា ពុទ្ធបរិស័ទបានជាក់ច្បាស់នូវធម៌ទៅតាមសេចក្តីពិត គ្រាន់តែថាការជាក់ច្បាស់របៀបនេះ ជាវិបស្សនាដែលជាលោកិយ បានដឹងច្បាស់ជាក់ច្បាស់នៅធម៌នោះ ។ ធម៌ណាដែលជាអកុសលក៏រាប់ថាជាអកុសល ធម៌ណាដែលជាកុសលក៏រាប់ថាជាកុសល ធម៌ណាដែលប្រព្រឹត្តទៅដើម្បីមិនជាប្រយោជន៍ ក៏រាប់ថាមិនជាប្រយោជន៍ ធម៌ណាដែលប្រព្រឹត្តទៅដើម្បីជាប្រយោជន៍ក៏ដឹងថា ជាប្រយោជន៍ ។ ធម៌ណាដែលមិនមានទោស ក៏រាប់ថាមិនមានទោស ធម៌ណាដែលមាន ទោសក៏រាប់ថាមានទោស នេះគឺជាបញ្ញាពលៈ ។ នេះឯងដែលពុទ្ធបរិស័ទឈ្មោះថា ជាអ្នកបានជាក់ច្បាស់នូវធម៌ ដឹងនូវធម៌ទៅតាមសេចក្តីពិត ។
រួចហើយនៅត្រង់កន្លែងនឹងពុទ្ធបរិស័ទបានដឹងតទៅទៀត គឺលះបង់ធម៌ខ្មៅចម្រើនធម៌ស លះបង់នូវអកុសលហើយចម្រើននូវកុសល ។ នៅត្រង់នេះឯង ពុទ្ធបរិស័ទនឹងបានទទួលការដឹងដោយញាណ ដូចបុគ្គលម្តងបើកភ្នែក ម្តងបិទភ្នែក នៅពេលដែលបិទភ្នែកដឹងថា អត់បានឃើញរូបដែលប្រាកដតាមផ្លូវភ្នែក ។ នៅពេលដែលបើកភ្នែកក៏បានដឹងថា ឃើញរូបប្រាកដតាមផ្លូវភ្នែក ។ យ៉ាងណាពុទ្ធបរិស័ទនឹងឃើញសេចក្តីផ្សេងគ្នា រវៀងការមិនមានសតិ ហើយនិងការមានសតិ មានន័យថា ការមិនមានស្មារតី ហើយនិងការមានស្មារតី ក្នុងធម៌ដែលប្រព្រឹត្តទៅជាប្រក្រតី ក្នុងជីវិតគ្រប់ឥរិយាបថទាំង ៤ ហ្នឹង ។
ពុទ្ធបរិស័ទនិងបានដឹងថា ពេលណាដែលមិនមានសតិសម្បជញ្ញៈ គឺមិនមានស្មារតី ពុទ្ធបរិស័ទនិងឃើញនូវសេចក្តីវង្វេង ឃើញនូវសេចក្តីភាន់ច្រឡំ ឃើញយើងឃើញអ្នកដទៃ ។ ដល់ពេលត្រឡប់មានស្មារតី ពុទ្ធបរិស័ទនិងឃើញនូវអកុសលធម៌ ឃើញនូវកុសលធម៌ ទៅតាមសេចក្តីពិត ត្រង់នេះឯងដែលពុទ្ធបរិស័ទ បែងចែកញែកឲ្យបានជាក់ច្បាស់ថា ការមិនមានស្មារតីយ៉ាងនេះ ការមានស្មារតីយ៉ាងនេះ ក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធបានត្រាស់ដឹង ។
ដូច្នេះហើយនៅត្រង់នេះ គឺពុទ្ធបរិស័ទនឹងបានជាក់ច្បាស់ថា ឱការពិតការអប់រំចម្រើននូវសតិប្បដ្ឋាន ការអប់រំចម្រើននូវវិបស្សនាយ៉ាងនេះ សតិសម្បជញ្ញៈ មានន័យថា ស្មារតីសេចក្តីដឹងខ្លួនគឺមានយ៉ាងនេះ ។ ហើយពេលណាដែលមិនមាន ស្មារតី មិនមានសេចក្តីដឹងខ្លួនទេគឺយ៉ាងនេះ វង្វេងយ៉ាងនេះ មានន័យថា អាការធ្វើទុកក្នុងចិត្ត អាការគិតទៅខុសពីព្រះអង្គទ្រង់ត្រាស់សម្តែងទាំងអស់ ។ និងគឺអត់មានស្មារតី ធ្វើទុកក្នុងចិត្តដោយសេចក្តីវង្វេង គឺខុសពីអ្វីដែលព្រះសម្មាសម្ពុទ្ធបានត្រាស់សម្តែង ។ ពីព្រោះព្រះសម្មាសម្ពុទ្ធបានត្រាស់សម្តែង គឺព្រះអង្គឃើញធម៌តាមសេចក្តីពិត ព្រះអង្គបានប្រាប់យើងតាមសេចក្តីពិត ។
ដល់ពេលសម័យណាយើងអត់បានឃើញធម៌ ដូចតាមដែលយើងបានស្តាប់មកយើងដឹងថា យ៉ាងនេះឯងដែលមិនមានស្មារតី ប្រៀបដូចជាម្តងដែលយើងបិទភ្នែក ម្តងដែលយើងបើកភ្នែកអញ្ចឹង ។ នៅត្រង់នឹងបានពុទ្ធបរិស័ទ អាចផ្គូផ្គងផ្ទៀងផ្ទាត់បាន ថាអាត្មាអញបាត់បង់ស្មារតីច្រើន ឬក៏មានស្មារតីច្រើន បានអប់រំចម្រើននូវសតិប្បដ្ឋាន ឬក៏អត់បានទេ វិជ្ជាចម្រើនឡើង ឬក៏អវិជ្ជាចម្រើនឡើង ។ ត្រង់នឹងបានពុទ្ធបរិស័ទចេះផ្គូផ្គងដឹងដោយខ្លួនឯងយ៉ាងនេះៗឯង ឈ្មោះថា វិជ្ជាចម្រើនឡើង គឺវិបស្សនាវិជ្ជានៅត្រង់ហ្នឹង ។
អញ្ចឹងពុទ្ធបរិស័ទ បានជាក់ច្បាស់នៅត្រង់កន្លែងនឹងឬអត់ បានជាក់ច្បាស់បានរីករាយទៅទាំងអស់គ្នា ។ កន្លែងនឹងសំខាន់ណាស់ គឺការអប់រំចម្រើននូវពោធិបក្ខិយធម៌ គឺធម៌ជាចំណែកនៃការត្រាស់ដឹង គឺសតិប្បដ្ឋាន ៤ នេះឯង ជាផ្លូវមូលតែមួយប្រព្រឹត្តទៅដើម្បីបាននូវអរិយមគ្គប្រកបដោយអង្គ ៨ ប្រការ ។ ពុទ្ធបរិស័ទអត់ទៅរកផ្លូវដទៃទេ អត់វង្វេងទេ ពុទ្ធបរិស័ទនិងឃើញច្បាស់ដោយខ្លួនឯង នៅជាប្រក្រតី គ្រប់ឥរិយាបថទាំង ៤ មិនថានៅក្នុងទីស្ងាត់ក្តី នៅក្នុងពួកគណៈក្តី ក៏ប្រព្រឹត្តទៅដោយសតិសម្បជញ្ញៈ ។
២៥៦៨/០៧ មករា ២០២៥
សូមអនុមោទនា! ! !
🌿💕✨🙏🌿💕✨🙏🌿💕✨🙏🌿💕✨


 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត