លោភៈ ទោស: មោហៈ ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

លោភៈ ទោស: មោហៈ ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង

ចែករំលែកចំណេះដឹង

ព្រះពុទ្ធ 🙏
លោភៈ ទោស: មោហៈ
ជាមន្ទិលខាងក្នុង ជាអមិត្តខាងក្នុង
------------------------------------------
ស្រង់ពីការសំដែងធម៌លោកគ្រូធម្មាចារ្យ អុឹម រ៉ៃយ៉ា
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង
🌿💕✨🙏🌿💕✨🙏🌿💕✨🙏🌿💕✨
ព្រះអង្គទ្រង់ត្រាស់សម្តែងបពិត្រមហារាជ បុរិសធម៌ៗរបស់បុរសបី កាលកើតឡើងរមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ បុរិសធម៌បីតើដូចម្តេច ?
បពិត្រមហារាជ លោភៈជាបុរិសធម៌ កាលកើតឡើងរមែងកើតឡើង ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ ។ បពិត្រមហារាជ ទោសៈជាបុរិសធម៌កាលកើត ឡើង រមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ ។ បពិត្រមហារាជ មោហៈជាបុរិសធម៌ កាលកើតឡើងរមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ ដើម្បីការនៅមិនសប្បាយ ។
បពិត្រមហារាជបុរិសធម៌បីនេះឯង កាលកើតឡើងរមែងកើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីជាទុក្ខ ដើម្បីការនៅមិនសប្បាយ ។ បុរិសធម៌ៗរបស់បុរស ហើយក្នុងនឹងក៏នារីផងដែរ ។ ដូច្នេះលោភៈ ទោសៈ និងមោហៈនេះ កាលកើត ឡើង គឺរមែងកើតឡើងដើម្បីមិនជាប្រយោជន៍ទេ ។ ពុទ្ធបរិស័ទដែលភ្ញាក់ខ្លួនដែលរឮក កាលដែលលោភ:កើត ឡើង ទោសៈកើតឡើង មោហៈកើតឡើង ដឹងថាធម៌ដែលមិន ជាប្រយោជន៍បានកើតឡើងក្នុងសរីរៈនេះ ក្នុងអត្តភាពនេះ ។ហើយអាត្មាអញត្រូវបន្ទោបង់ចេញ ។
ដូច្នេះហើយវាត្រូវប្រព្រឹត្តទៅដោយការអប់រំចិត្តចម្រើនសតិប្បដ្ឋាននេះឯង អត់មានផ្លូវដទៃទេ ។ ទៅមើលនៅក្នុងមហាបរិនិព្វានសូត្រ ព្រះអង្គសំដែង គឺផ្លូវមូលតែមួយ ។
ធម៌ណាដែលតថាគតត្រាស់ដឹងហើយ សំដែងហើយ ដោយបញ្ញាដ៏ឧត្តម អ្នកទាំងឡាយគប្បីសេព ចម្រើនរៀនសូត្រសិក្សាធម៌នោះគឺអ្វី គឺសតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពល: ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨ ប្រការ ។
នឹងដែលព្រះសម្មាសម្ពុទ្ធផ្ដាំឱ្យយើងសិក្សារៀនសូត្រ អប់រំចម្រើនគឺសតិប្បដ្ឋាន ៤ ជាផ្លូវមូលតែមួយ មិនមានផ្លូវដទៃទេ ។ កុំទៅគេចរកផ្លូវដទៃ គឺនឹងមិនបានសម្រេចនូវអមតមហានព្វានឡើយ ទើបយើងអាចកំណត់ដឹងនៅមន្ទិលខាង ក្នុងនឹងបាន ។ មន្ទិលខាងក្នុង ពេជ្ឈឃាតខាងក្នុង ជាសត្រូវខាងក្នុង ជាអមិត្ត ជាបច្ចាមិត្តខាងក្នុងហ្នឹង គឺលោភៈ ទោសៈ មោហៈនេះឯង ។
បានព្រះអង្គទ្រង់ត្រាស់បន្តទៅថា លោភៈទោសៈនិងមោហៈកើតអំពីខ្លួន រមែងបៀតបៀននូវបុរសអ្នកមានចិត្ត អាក្រក់ ។ ដូចជាឈើមានសំបកជាខ្លឹម គឺដើមឬស្សីរមែងវិនាសដោយសារផ្លែរបស់ខ្លួន ។ យ៉ាងណាលោភៈ ទោសៈ មោហៈ កើតអំពីខ្លួន រមែងបៀតបៀននូវបុរសអ្នកមានចិត្ត អាក្រក់នឹងឯង ។
គោរពសួរពុទ្ធបរិស័ទរាល់ថ្ងៃភ័យរឿងអ្វីជាងគេ ? ភ័យខ្លាចស្លាប់ជាងគេ យើងភ័យនិងសេចក្តីស្លាប់ តែយើងអត់ភ័យនិងពិជ្ឈឃាត ដែលជាអ្នកសម្លាប់ទេ ។
រូបសម្លាប់នាមៗសម្លាប់រូប បើអត់មានអ្នកសម្លាប់ទេធ្វើម្តេចស្លាប់ ខន្ធ ៥ នេះជាពេជ្ឈ ឃាត លោភៈ ទោសៈ មោហៈ ក៏ជាពេជ្ឈឃាតដែរ គឺរាប់បញ្ជូលទៅក្នុងខន្ធ ៥ ហ្នឹង ។
រាល់ថ្ងៃលោភៈកើតឡើង ទោសៈកើតឡើង មោហៈកើតឡើង វង្វេងមិនដឹងនូវទុក្ខ មិនដឹងហេតុជាទីកើតឡើងនៃទុក្ខ មិនដឹងទីរលត់ទុក្ខ មិនដឹងបដិបទាជាដំណើរទៅកាន់ទីរលត់ទុក្ខនេះ តើភ័យដែរឬទេ ។
ព្រះអង្គទ្រង់ត្រាស់សំដែងថា លោភៈជាកិលេសញុំាងសេចក្តីវិនាសឲ្យកើត លោភៈជាកិលេសញ៉ាំងចិត្តឱ្យកម្រើក ភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ ។ យើងឃើញតែសេចក្តីស្លាប់បានភ័យ ត្រង់ដែលភ័យកើតឡើងខាង ក្នុង គឺលោភៈ ទោសៈ មោហៈ ជាភ័យ កើតឡើងខាងក្នុង ។ ញ៉ាំងសេចក្តីវិនាសឲ្យកើតនេះ ។ ព្រះអង្គទ្រង់ត្រាស់សំដែងថា ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ ។ និងលោភៈទោស:មោហៈ ដែលកើតឡើងញ៉ាំងសេចក្តីវិនាសឲ្យកើត ញ៉ាំងចិត្តឱ្យកម្រើក ព្រះអង្គទ្រង់ត្រាស់សំដែងថា ជនមិនយល់ច្បាស់នូវភ័យនោះទេ ។
លោភៈជាភ័យកើតហើយខាងក្នុង ទោសៈជាភ័យកើតហើយខាងក្នុង មោហៈជាភ័យកើតហើយខាងក្នុង ជនរមែងមិនយល់ច្បាស់នូវភ័យនោះទេ បុគ្គលអ្នកលោភរមែងមិនដឹងអត្ថ បុគ្គលអ្នកលោភរមែងមិនឃើញធម៌ ។
ត្រង់នេះឯងដែលពុទ្ធបរិស័ទយើង ចាប់ផ្ដើមវិលត្រឡប់មកឃើញភ័យខាងក្នុង កាល ដែលលោភៈមានហើយ ទោសៈមានហើយ មោហៈមានហើយ គឺបុគ្គលដែលជាអ្នកលោភ បុគ្គលដែលជាអ្នកខឹង បុគ្គលដែលជាអ្នកវង្វេង រមែងមិនដឹងអត្ថ រមែងមិនដឹងធម៌ទេ ។ ហើយប្រសិនបើមិនឃើញអត្ថ មិនឃើញធម៌ទេ តើការរួចផុតចាកទុក្ខមានឬអត់ ? សេចក្តីងងឹតដ៏មានកម្លាំងក៏កើតឡើងក្នុងកាលនោះ ។
ពុទ្ធបរិស័ទយើងអានស្ដាប់នៅក្នុងព្រះសូត្រនឹងហើយ តើយើងត្រូវធ្វេសប្រហែសឬក៏ប្រឹងប្រែងព្យាយាម និងដែលពុទ្ធបរិស័ទយើងវិលត្រឡប់មកពិចារណា នៅក្នុងកិច្ចនៅក្នុងព្រះសាសនា របស់ព្រះដ៏មានព្រះភាគ ។ ដែលយើងត្រូវប្រព្រឹត្តត្រូវប្រដិបត្តិនេះ ឯង ។ ដូច្នេះនៅពេលដែលពុទ្ធបរិស័ទយើងបានស្ដាប់ ចាប់ផ្ដើមសង្កេតពិនិត្យចាប់ផ្ដើមយល់ហើយ លោភៈក្តី ទោសៈក្តី មោហៈក្តី កើតអំពីខ្លួន រមែងបៀតបៀននូវបុរសអ្នកមានចិត្តអាក្រក់ ដូចជាឈើមានសំបកជាខ្លឹម គឺឬស្សីដែលវិនាសដោយសារផ្លែរបស់ខ្លួន ។
ដូច្នេះគោរពសួរពុទ្ធបរិស័ទចុងក្រោយ បុរសក្តីស្រ្តីក្តីវិនាសព្រោះអ្វី ? វិនាសព្រោះលោភៈទោសៈ មោហៈ ។ ០លោភៈ ទោសៈ មោហៈ ជាអន្តរាយខាងក្នុង ជាធម៌ធ្វើឲ្យវិនាស ។ ពុទ្ធបរិស័ទយល់អំពីវិនាស ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងហ្នឹង ។ ហើយកាលណាតែវិនាសហើយ សេចក្តីទុក្ខជាប់តាម ។ លោភៈ ទោសៈ មោហៈ នឹងឯងគឺថាជាភ័យខាងក្នុង កើតឡើងធ្វើនូវសេចក្តីអន្តរាយដល់បុរស បុរិសធម៌ៗរបស់បុរសដែលធ្វើនូវសេចក្តីវិនាសហ្នឹង ។ ហើយប្រសិនបើវិនាសនឹងហើយ កើតឡើងដើម្បីមិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ ដើម្បីនៅមិនសប្បាយ សេចក្តីទុក្ខនឹងគឺត្រូវជាប់តាម ។
លោភៈ ទោសៈ មោហៈ មានហើយ សេចក្តីទុក្ខគឺត្រូវជាប់តាម អន្តរាយវិនាសគឺត្រូវកើត ឡើង ។
សេចក្តីអន្តរាយគឺលោភៈ ទោសៈ មោហៈ រមែងញាំញីនូវបុគ្គល អន្តរាយទាំងឡាយនោះរមែងទន្ទ្រានជិះជាន់ គ្របសង្កត់រួបរិតបំផ្លាញញីញក់នូវបុគ្គលនោះ ។ ហេតុនោះទ្រង់ត្រាស់ថាអន្តរាយទាំងឡាយ រមែងញាំញីបុគ្គលនោះ ទុក្ខរមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយនោះ សេចក្តីទុក្ខនោះគឺជាប់តាម ។
អធិប្បាយថា ទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តទៅតាមបុគ្គលនោះ ព្រោះសេចក្តីអន្តរាយនោះៗ គឺជាតិទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ។ ជរាទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ។ ព្យាធិទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ។មរណៈទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ។ សោក: បរិទេវ ទុក្ខ ទោមនស្ស សុបាយាស: ទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ។ ទុក្ខក្នុងនរក ទុក្ខក្នុងកំណើតតិរច្ឆាន ទុក្ខក្នុងបេតវិស័យរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ។ ទុក្ខក្នុងពួកមនុស្ស ទុក្ខមានកិរិយាចុះកាន់គ័រជាមូល ទុក្ខមានកិរិយាតាំងនៅក្នុងគ័រជាមូល ទុក្ខមានកិរិយាចេញចាកគ័រជាមូល ។ ទុក្ខព្រោះប្រកបដោយការចង ដោយគ្រឿងចង ដោយការថែទាំ អាការថែទាំក៏ជាទុក្ខដែរ ។
យើងស្មានតែមាតាយើង មើលថែរក្សាយើងដែលនៅពីតូចនៅបៅដោះ យើងស្មានតែសុខណាស់ វាជាទុក្ខយ៉ាងក្រៃលែង និងគឺជាទុក្ខព្រោះតែការថែរក្សា ព្រោះអីព្រោះថានេះមានធម៌បីខាងក្នុងហ្នឹង គឺលោភៈ ទោសៈ មោហៈ នឹងឯង ដែលធ្វើនូវសេចក្តីអន្តរាយដែលធ្វើឲ្យជាប់ទៅនូវសេចក្តីទុក្ខនឹងឯង ។ ទុក្ខអាស្រ័យអ្នកដទៃៗក៏អាចបៀតបៀនបាន ។ របស់សត្វដែលកើតហើយ ទុក្ខព្រោះការព្យាយាមរបស់ខ្លួន ទុក្ខព្រោះការព្យាយាមរបស់អ្នកដទៃ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ទុក្ខទុក្ខរមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម ។
សង្ខារទុក្ខ វិបរិណាមទុក្ខ រោគក្នុងភ្នែក រោគក្នុងត្រចៀក រោគក្នុងច្រមុះ រោគក្នុងអណ្ដាត រោគក្នុងកាយ រោគក្នុងក្បាល រោគត្រង់ស្លឹកត្រចៀក រោគក្នុងមាត់ រោគត្រង់ធ្មេញ ។ រោគក្អក រោគហឺត រោគក្តៅក្នុងច្រមុះ រោគគ្រុនក្តៅក្រហាយ រោគរីងរៃ រោគក្នុងពោះ ខ្យល់ចាប់ រោគធ្លាក់ឈាម ។ ចុកសៀតចុករោយ ឃ្លង់ រោគពក ស្រែង ស្រកី អណ្ដែង ឆ្កួតជ្រូក ដំណួចពិស រមាស់កម រោគអេះក្លាយ ឃ្លង់ដែក មួលឈាម រោគប្រម៉ាត់ ប្រមេះទឹកបាយ ឫសដូងដុះ ក្អកឈាម ឫសដូងបាត ។
អាពាធកើតអំពីមាត់ អាពាធអំពីស្លេស្ម អាពាធកើតអំពីខ្យល់ អាពាធកើតអំពីទីប្រជុំនៃខ្យល់ប្រមាត់ស្លេស្ម អាពាធកើតអំពីការផ្លាស់ប្ដូររដូវ អាពាធកើតពីការរក្សាឥរិយាបថមិនស្មើ អាពាធកើតពីសេចក្តីព្យាយាមខ្លាំង ។ អាពាធកើតអំពីផលកម្ម ត្រជាក់ ក្តៅ ឃ្លាន ស្រេក ឧចារៈ បស្សាវ: សម្ផស្សនៃរបោម មូស ខ្យល់ កម្តៅថ្ងៃ និងពស់តូចពស់ធំ ។ ទុក្ខព្រោះកិរិយាស្លាប់នៃមាតា ទុក្ខព្រោះកិរិយាស្លាប់នៃបិតា ទុក្ខព្រោះកិរិយាស្លាប់នៃបងប្អូនប្រុស ទុក្ខព្រោះកិរិយាស្លាប់នៃបងប្អូនស្រី ទុក្ខព្រោះកិរិយាស្លាប់កូនប្រុស ទុក្ខព្រោះកិរិយាស្លាប់កូនស្រី ។
ទុក្ខព្រោះវិនាសញាតិ ទុក្ខព្រោះវិនាសភោគៈ ទុក្ខព្រោះវិនាសគឺរោគ ទុក្ខព្រោះវិនាសគឺសីល ទុក្ខព្រោះវិនាសគឺទិដ្ឋិ រមែងជាប់តាម ទៅតាម ប្រព្រឹត្តតាម នៅបុគ្គលនោះ ហេតុនោះទ្រង់ត្រាស់ថា ទុក្ខរមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយនោះ ។
សេចក្តីទុក្ខនឹងគឺរមែងជាប់តាមបុគ្គលនោះ ព្រោះអន្តរាយនោះ ហើយអន្តរាយនោះគឺអ្វី ? អន្តរាយនោះគឺជាលោភៈ ទោសៈ មោហៈ នេះឯង ។ លោភៈ ទោសៈ មោហៈ នេះ
គឺជាធម៌ដែលកើតឡើងក្នុងបុរសហើយ ធ្វើនូវសេចក្តីអន្តរាយដ៏ក្រៃលែង ទុក្ខរមែងជាប់តាមនូវអន្តរាយនោះ ។
សូមអនុមោទនា ! ! !
🌿💕✨🙏🌿💕✨🙏🌿💕✨🙏🌿💕✨


 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត