[៥៩] ម្នាលភិក្ខុទាំងឡាយ តថាគតនោះ
មានសេចក្តីត្រិះរិះ យ៉ាងនេះថា ចតុរារិយសច្ចធម៌
ដែលតថាគត បានត្រាស់ដឹងហើយនេះឯង
ជាធម៌ជ្រាលជ្រៅ ជាធម៌ដែលសត្វឃើញបានដោយកម្រ
ជាធម៌ស្ងប់ ជាធម៌ឧត្តម ជាធម៌ដែលសត្វមិនគប្បីស្ទង់ប្រមើល ដោយសេចក្តីត្រិះរិះបាន ជាធម៌ល្អិត
មានតែអ្នកប្រាជ្ញទើបដឹងបាន
ឯពួកសត្វនេះ សុទ្ធតែកំពុងរីករាយ ក្នុងអាល័យ គឺតណ្ហា១០៨ កំពុងត្រេកត្រអាល ក្នុងអាល័យ កំពុងស្រើបស្រាល ក្នុងអាល័យ (ទៅរកកាមទាំងឡាយនៅឡើយ)
ក៏បដិច្ចសមុប្បាទធម៌ ដែលជាបច្ច័យ
នៃធម៌មានសង្ខារ ជាដើមនេះ ជាហេតុ
ដែលសត្វនៅរីករាយ ក្នុងអាល័យ នៅត្រេកត្រអាល
ក្នុងអាល័យ នៅស្រើបស្រាល ក្នុងអាល័យ
ឃើញបានដោយកម្រ
មួយទៀត ធម៌ណា រម្ងាប់នូវសង្ខារទាំងពួង
ជាគ្រឿងលះបង់នូវឧបធិ គឺខន្ធ និងកិលេសទាំងពួង
ជាទីអស់ទៅ នៃតណ្ហា ជាទីនឿយណាយ
ចាករាគៈ ជាទីរំលត់ទុក្ខ គឺព្រះនិព្វាន
ធម៌នេះ ជាហេតុដែលសត្វឃើញបាន ដោយកម្រដែរ
បើទុកជាតថាគត សំដែងធម៌ទៅ ក៏ពួកសត្វដទៃ
មិនអាចនឹងត្រាស់ដឹង នូវធម៌របស់តថាគតបានឡើយ ព្រោះហេតុនោះ សេចក្តីលំបាក សេចក្តីនឿយព្រួយ
មុខជានឹងមានដល់តថាគត មិនខាន។
មួយទៀត គាថាទាំងឡាយ ដែលមិនជាអស្ចារ្យណាស់ណានេះ តថាគត មិនដែលបានឮមក ក្នុងកាលមុនឡើយ
ក៏ភ្លឺស្វាងដល់តថាគតថា
ឥឡូវនេះ តថាគត មិនគួរសំដែងធម៌
ដែលតថាគតបានត្រាស់ដឹង ដោយលំបាក (នោះទេ)
ព្រោះពួកសត្វដែលមាន
រាគៈ ទោសៈ គ្របសង្កត់
មិនងាយនឹងត្រាស់ដឹងធម៌នេះបានឡើយ
ពួកសត្វដែលកំពុងត្រេកអរ ដោយរាគៈ
ដែលគំនរងងឹតគឺ អវិជ្ជាគ្របសង្កត់ហើយ
មុខជានឹងមិនឃើញធម៌ ដែលនាំសត្វ ឲ្យដល់ព្រះនិព្វាន
ជាធម៌ល្អិតឆ្មារ ជ្រាលជ្រៅ សត្វឃើញបានដោយកម្រនោះទេ។
ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពិចារណាឃើញដោយន័យ ដូច្នេះហើយ ចិត្តក៏ឱនទៅ ដើម្បីសេចក្តីខ្វល់ខ្វាយតិច
មិនឱនទៅដើម្បីសំដែងធម៌ឡើយ។
[៦០] ម្នាលភិក្ខុទាំងឡាយ គ្រានោះ
សហម្បតិព្រហ្ម បានដឹងនូវបរិវិតក្កៈក្នុងចិត្ត របស់តថាគត ដោយចិត្ត (របស់ខ្លួន) ហើយទើបរំពឹងដូច្នេះថា
ឱសត្វលោក នឹងវិនាសហើយតើហ្ន៎ ឱសត្វលោក នឹងវិនាសហើយតើហ្ន៎
ព្រោះព្រះហឫទ័យ របស់ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ បង្អោនទៅ ដើម្បីសេចក្តីខ្វល់ខ្វាយតិច
មិនបង្អោនទៅ ដើម្បីសំដែងធម៌ឡើយ។
ម្នាលភិក្ខុទាំងឡាយ គ្រានោះ សហម្បតិព្រហ្ម ក៏បាត់អំពីព្រហ្មលោក មកប្រាកដ ក្នុងទីចំពោះមុខតថាគត ដូចជាបុរស ដែលមានកំឡាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។
ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះមករកតថាគត ពោលនឹងតថាគតយ៉ាងនេះថា
ពីមុនរៀងមក ធម៌ដែលពួកជន អ្នកប្រកបដោយមន្ទិលបាន
គិតហើយ ជាធម៌មិនបរិសុទ្ធ ក៏កើតប្រាកដហើយក្នុងដែន
មគធៈ សូមព្រះអង្គបើកទ្វារនៃព្រះនិព្វាននុ៎ះ ពួកសត្វប្រុងចាំស្តាប់ធម៌ដែលព្រះអង្គជាអ្នកប្រាសចាកមន្ទិល ទ្រង់ត្រាស់
ដឹងតាម (លំអានព្រះពុទ្ធអំពីបុរាណ) ដូចជាបុរសឈរ
លើកំពូលភ្នំថ្មសុទ្ធ ក្រឡេកមើលឃើញប្រជុំជន ដោយ
ជុំវិញខ្លួន យ៉ាងណាមិញ
បពិត្រព្រះអង្គអ្នកមានបញ្ញាល្អ
មានបញ្ញាចក្ខុជុំវិញ ព្រះអង្គជាអ្នកមានសេចក្តីសោកសៅទៅ
ប្រាសហើយ ស្តេចឡើងកាន់ប្រាសាទ គឺធម៌ដែលមានឧបមា
យ៉ាងនោះ ពិចារណាមើល នូវប្រជុំជន អ្នកច្រឡំដោយ
សេចក្តីសោក ដែលជាតិជរា កំពុងគ្របសង្កត់
បពិត្រព្រះអង្គ
អ្នកមានព្យាយាម អ្នកឈ្នះនូវសង្គ្រាម ហើយជានាយកនៃ
ពួកសត្វ អ្នកមិនជំពាក់បំណុលគឺកាម
សូមព្រះអង្គក្រោកឡើង សូមស្តេចទៅក្នុងលោក
សូមព្រះមានព្រះភាគទ្រង់សំដែងធម៌ ដ្បិត ពួកសត្វ
អ្នកបំរុងនឹងត្រាស់ដឹងធម៌ក៏គង់មានដែរ។
បិដកភាគ២១ ទំព័រ១៤៥-១៤៩ ឃ្នាប៥៩-៦០
សូមនមស្ការ ចំពោះព្រះមានព្រះភាគ
ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ។
No comments:
Post a Comment