ស្វែងរកការចេះដឹងនៅក្នុងព្រះពុទ្ធសាសនា - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ស្វែងរកការចេះដឹងនៅក្នុងព្រះពុទ្ធសាសនា

ចែករំលែកចំណេះដឹង
🙏ព្រះពុទ្ធ🙏
#ស្វែងរកការចេះដឹងនៅក្នុងព្រះពុទ្ធសាសនា
ស្រង់ពីការសម្ដែងព្រះធម៌លោកគ្រូធម្មាចារ្យ អុឹម រ៉ៃយ៉ា
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង
🌿💕✨🙏🌿💕✨🙏🌿💕✨🙏🌿💕✨
សិក្សារៀនសូត្រជាការសន្សំនូវការយល់ដឹង ឬក៏ជាការសន្សំនូវបញ្ញាបារមី ដោយការសិក្សារៀនសូត្របន្តិចៗហ្នឹង ព្រះគុណម្ចាស់កុំឃើញថា យើងព្យាយាមសិក្សារៀនសូត្រទន្ទេញនឹងថា ជាការងារតូចតាច គឺគប្បីសម្លឹងមើលឲ្យឃើញភាពសំខាន់ក្នុងការសិក្សាហ្នឹង ។ បើសិនជាមិនមានការត្រាស់ដឹងឡើងនៃព្រះសម្មាសម្ពុទ្ធទេ យើងទាំងអស់គ្នាគឺអត់អាចមានធម៌នឹងរៀនទេ ។ ហើយសូម្បីតែពាក្យថា អនិច្ចំ ទុក្ខំ អនត្តានេះ ក៏មិនងាយបានឮដែរ ទាល់តែព្រះអង្គត្រាស់ដឹងឡើងក្នុងលោក ទើបព្រះអង្គទ្រង់ត្រាស់សំដែងនូវព្រះធម៌ហ្នឹង ។
អញ្ចឹងហើយព្រះគុណម្ចាស់ ញាតិញោមពុទ្ធបរិស័ទ ព្យាយាមសង្វាតសិក្សារៀនសូត្រកុំខ្ជិល ។ សន្សំការយល់សន្សំការចាំ មួយពាក្យៗនឹង ដូចជាយើងសន្សំពីការចាំលក្ខណៈរបស់ផស្សៈអញ្ចឹង ដូចជាលក្ខណៈរបស់ផស្សៈមានការប៉ះខ្ទប់ជាលក្ខណ: ។ ផស្សៈនឹងដល់ពេលថ្ងៃក្រោយទៅ ព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទ ឮពាក្យថាផស្ស:ដឹងហើយ ។ អង្គដទៃធម្មកថិក លោកសម្ដែងអំពីពាក្យផស្សៈប៉ុណ្ណឹង ព្រះគុណម្ចាស់ស្ដាប់មកចាំបានថា ឱផស្ស:នឹងគឺជាធម្មជាតិដែលមានការប៉ះខ្ទប់ជាលក្ខណៈអញ្ចឹងទៅ ។
ហើយបើឮគេពោលពាក្យថាចិត្តៗនឹងគឺយើងដឹងហើយ ពាក្យថាចិត្តនឹងគឺជាធម្មជាតិដែលដឹងនូវអារម្មណ៍ ហើយនឹងពាក្យថាវិញ្ញាណ ។ មួយពាក្យថាចិត្ត មួយទៀតពាក្យថាវិញ្ញាណ អញ្ចឹងពាក្យទាំងពីរនឹងគឺមានន័យដូចគ្នា គឺធម្មជាតិដែលដឹងនូវអារម្មណ៍ដូចគ្នា ហៅថាចិត្តក៏បាន ហៅថាវិញ្ញាណក៏បាន គ្រាន់តែបាលីនឹងមកពីធាតុខុសគ្នាប៉ុណ្ណឹងទេ ។ ប៉ុន្តែដល់ពេលយើងមកយល់អត្ថហ្នឹង គឺជាធម្មជាតិដែលដឹងនូវអារម្មណ៍ដូចគ្នា អញ្ចឹងពាក្យចិត្តហើយនិងពាក្យវិញ្ញាណ គឺខុសគ្នាតែព្យញ្ជនៈទេ ក៏ប៉ុន្តែសេចក្តីអត្ថន័យគឺដូចគ្នា អញ្ចឹងយើងរៀនចាប់តាំងអំពីការយល់ពាក្យនឹងទៅ ។
ពាក្យថាអារម្មណ៍ មានន័យថាធម្មជាតិដែលចិត្តដឹង អញ្ចឹងចិត្តនឹងដឹងទៅលើធម្មជាតិណា ធម្មជាតិនឹងហៅថាអារម្មណ៍ ហើយអារម្មណ៍មាន ៦ គឺរូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ហើយនឹងធម្មារម្មណ៍ៗគឺដឹងតាមមនោទ្វារ មនោវិញ្ញាណអ្នកដឹងនូវធម្មារម្មណ៍ហ្នឹង ហើយយើងចែកល្អិតល្អន់ក្នុងធម្មារម្មណ៍នឹងទៅទៀតទៅ ។
ហើយបើសិនជាឮលោកពោលថាអំពីហេតុ ពោលអំពីហេតុគឺយើងដឹងភ្លាម ហេតុគឺមាន ៦ មានលោភៈ ទោសៈ មោហៈ ជាផ្នែកខាងអកុសល ហើយអលោភៈ អទោស: អមោហៈនឹង គឺហេតុខាងផ្នែកកុសល គឺយើងយល់ហើយ ។ ដល់ពេលជួនកាលទៅលោកពោលអំពីវត្ថុៗហ្នឹង គឺពោលទៅលើចក្ខុប្រសាទ គឺជាចក្ខុវត្ថុ ហៅថាចក្ខុប្រសាទក៏បាន ហៅថាចក្ខុវត្ថុក៏បាន ។
ហើយសោតប្រសាទហៅថាសោតវត្ថុ ឃានប្រសាទហៅថាឃានវត្ថុ ជិវ្ហាប្រសាទហៅថាជិវ្ហាវត្ថុ កាយប្រសាទហៅថាកាយវត្ថុ ហើយវត្ថុរូបមួយទៀតគឺហទយរូបៗជាវត្ថុរូបដែរ ។ ពីព្រោះអីវត្ថុនឹងគឺជាទីអាស្រ័យរបស់វិញ្ញាណ នឹងគឺយើងយល់ពីពាក្យនឹងទៅ មួយៗអញ្ចឹងទៅ រហូតព្រះគុណម្ចាស់យល់អំពីទាំងអស់នឹងហើយ ។ បានចាប់ផ្ដើមទៅយល់អត្ថន័យ យល់សេចក្តី ទន្ទេញសិក្សារៀនសូត្រ អានហើយអានទៀត ឱ្យបានយល់ ពីព្រោះព្រះគុណម្ចាស់ ទើបតែនិមន្តបួសថ្មីៗអញ្ចឹង មកស្ដាប់ទៅវាថ្មី ពាក្យនឹងថ្មីអញ្ចឹងទៅគឺមិនងាយចាំទេ ។
ញាតិញោមពុទ្ធបរិស័ទ ដែលគាត់ទើបតែជ្រះថ្លាថ្មីៗ ដល់ពេលមកស្ដាប់ពីរឿងការសំដែងអំពីសភាវធម៌ គឺពិបាកស្ដាប់មែនទែន មិនងាយយល់ទេ មកស្ដាប់ពីការសម្តែងសតិប្បដ្ឋាននឹងវាជ្រៅ ដោយសារពាក្យ ដោយសារព្យញ្ជនៈហ្នឹង ។ អញ្ចឹងហើយធ្វើឱ្យស្ដាប់មិនយល់អាចមានការធុញទ្រាន់ តែចេះតែតស៊ូទៅ សួរលោកអ្នកចេះដឹងទៅសន្សំបញ្ញារឿយៗទៅ ។ កុំឲ្យជួនកាលសទ្ធាមានហើយ ជ្រះថ្លាណាស់ពីរមុនដំបូងមកហ្នឹង ធ្វើទានទៅវត្តរក្សាសីល ប៉ុន្តែដល់មកស្ដាប់ធម៌ស្ដាប់អត់យល់ ស្ដាប់អត់យល់យូរៗក៏ធ្វើឲ្យមានការរារែកធ្លាក់ចុះមកវិញ ។
អញ្ចឹងវាទាល់តែមានសទ្ធា ហើយនឹងព្យាយាមសិក្សារៀនសូត្រនឹងផង ពាក្យ ពេចន៍ណាដែលមិនយល់ មិនចេះមិនដឹងគឺត្រូវសាកសួរ ត្រូវសាកសួរតាំងពីមួយព្យញ្ជនៈនឹងឡើងទៅ ។ ព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទកុំខ្ជិល ក្នុងការស្វែងរកចំណេះដឹងក្នុងព្រះពុទ្ធសាសនា ពីព្រោះតែកាលណាខ្ជិលហើយ វាអត់អាចចំរើនដោយការចេះដឹងបានទេ ។ ទាល់តែឧស្សាហ៍ទាល់តែមានឆន្ទៈ ឃើញសេចក្តីសំខាន់នៅក្នុងព្រះពុទ្ធសាសនា កាលណាដែលត្រូវបានចម្រើនដោយបញ្ញាហើយនោះ នឹងអាចរួចផុតចាកទុក្ខទាំងពួង ។
ដោយការកំណត់ដឹងនូវឧបាទានក្ខន្ធទុក្ខ តាមដែលព្រះអង្គទ្រង់ត្រាស់សម្ដែង វាអត់មានឃើញរូបនឹងវាជារបស់សំខាន់អី គួរឱ្យអស្ចារ្យ គួរឲ្យសរសើរនៅក្នុងរឿង អីនោះគឺអត់ទេ កំណត់ដឹងរូបរួចហើយរំលត់សេចក្តីប្រកាន់ ខ្ជិលដណ្ដើមអ្វីក្នុងលោកនេះ ។
កំណត់ដឹងនូវឧបាទានក្ខន្ធទុក្ខ តាមដែលព្រះអង្គទ្រង់ត្រាស់សម្តែង វាអត់មានឃើញរូបវាជារបស់សំខាន់អ្វីគួរឱ្យអស្ចារ្យ គួរឱ្យប្រសើរនៅក្នុងរឿងអ្វីគឺអត់ទេ ។ អញ្ចឹងហើយមាន តែការសិក្សាដើម្បីកំណត់ដឹងរូប រួចហើយក៏រំលត់សេចក្តីប្រកាន់ ខ្ជិលនៅដណ្តើមអ្វីក្នុងលោកនេះទៀត គឺអត់មានជាសំខាន់ អត់មានជាអស្ចារ្យអ្វីនោះទេ ។
ព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទ គិតមើលប៉ុន្មានរយប៉ុន្មានពាន់ឆ្នាំមកហើយ អ្នករស់មករស់នៅរហូតទេ ? គ្មានរស់នៅរហូតអ្វី តាំងពីជីដូនជីតាបុព្វបុរសយើងស្លាប់ទៅតែទាំងអស់ហ្នឹង ។ អញ្ចឹងហើយយើងឃើញថាជីវិតនឹងវាសំខាន់សម្រាប់យើង តើវាមានអីគួរឱ្យត្រេកអរត្រេកត្រអាលទៅ ។ ទីបំផុតទៅបានត្រឹមតែសេចក្តីអាល័យ បានត្រឹមតែសេចក្តីសោកស្ដាយ ខំប្រឹងអស់ពីកម្លាំងកាយចិត្តមួយជីវិតនឹងប្រឹងសម្បើម ព្រោះឃើញសេចក្តីសំខាន់ក្នុងការរស់នៅ ឃើញសេចក្តីសំខាន់នៅក្នុងការរីករាយ ។
អញ្ចឹងទៅក៏មិនបានគិតអ្វី មិនមានហេតុណាដែលអាចដើម្បីសម្លឹងឃើញការពិតនៃជីវិត ដែលជាវត្ថុចង្រៃជាទីធ្លាក់ចុះនៃឧបទ្រុឌទាំងឡាយទាំងពួងហ្នឹង គឺមិនដឹងសោះឡើយ ។ វង្វេងទៅនៅក្នុងវត្ថុកាមរួចហើយឈ្លោះគ្នា លើកអាជ្ញាដាក់គ្នាព្រោះតែដណ្ដើមរូបគ្នា ដណ្ដើមរូបដែលប្រាកដតាមផ្លូវភ្នែក ដណ្ដើមសំឡេង ដណ្ដើមក្លិន ដណ្ដើមរស ដណ្ដើមផោដ្ឋព្វៈគ្នា ។ រួចហើយក៏បង្ករទៅជាសេចក្តីសោក ប្រហារគ្នាដោយបាតដៃដោយដុំដី ដោយដំបង ប្រហារគ្នាដោយសាស្រ្តា ព្រោះតែមិនដឹងថា រូប សំឡេង ក្លិន រស ផោដ្ឋព្វ:នេះ ជារបស់ខ្លោចផ្សារអត់ដឹង ។
អត់ដឹងថាការបានអត្តភាពនេះ ជារបស់ខ្លោចផ្សារ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃឆ្អឹង ជារបស់ខ្លោចផ្សារទេ ។ វេទនា សញ្ញា សង្ខារ វិញ្ញាណ ធម្មជាតិដែលសោយអារម្មណ៍នេះក៏ជារបស់ខ្លោចផ្សា ការចាំអារម្មណ៍នេះក៏ជារបស់ខ្លោចផ្សា ធម្មជាតិដែលតាក់តែងចិត្តក៏ជារបស់ខ្លោចផ្សា វិញ្ញាណក៏ជារបស់ខ្លោចផ្សាដែរ ។
ព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទ តើយើងត្រូវទ្រាំជាមួយនឹងសេចក្តីប្រាថ្នានឹងប៉ុណ្ណា សេចក្តីប្រាថ្នាការចង់បានហ្នឹង លំបាកទ្រាំប៉ុណ្ណាទៅ លំបាកទ្រាំសម្បើមណាស់ មិនមែនជារឿងងាយទ្រាំទេ នឹងគ្រាន់តែរឿងលោភៈមួយផង ។ ដែលវាត្រូវពិបាកទ្រាំក្នុងលោកហ្នឹង គ្រាន់តែត្រូវរវល់ជាមួយលោភ:នឹងតើរវល់ប៉ុណ្ណា ឱ្យទៅធ្វើអាក្រក់ដើម្បីលោភៈក៏ទៅធ្វើដែរ ប្រព្រឹត្តទុច្ចរិតតាមផ្លូវកាយ សម្លាប់ទៅលួចទៅ ប្រព្រឹត្តខុសទៅក្នុងបុត្រភរិយាអ្នកដទៃទៅ ក៏ធ្វើកើតដែរ ។
ព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទ មើលអំពើសៅហ្មងដល់ប៉ុណ្ណឹងហើយធ្វើកើតដោយសារអ្នកណា អត់មានដោយសារអ្នកណាទេ គឺកិលេស គឺលោភៈសេចក្តីស្រឡាញ់ ភាពឆ្ងាញ់ពិសានៅក្នុងអារម្មណ៍ហ្នឹង ។ ភាពឆ្ងាញ់ពិសានៅក្នុងរូប ក្នុងសំឡេង ក្នុងក្លិន ក្នុងរស ក្នុងផោដ្ឋព្វៈ នៅពេលដែលរាគៈវាហូរទៅរករូបម្ដងៗ ព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទលំបាកទ្រាំទេ ? ជាមួយរាគៈដែលកើតឡើង ។
រាគៈជារបស់កាច មិនមែនជារបស់ស្លូតទេ កាយនេះគឺដូចជាដំបូកអញ្ចឹង ជាទីនៅនៃអសិរពិស ហើយអ្វីជាអសិរពិសគឺរាគៈ ។ ព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទសិក្សាមើល នៅក្នុងកាយដែលជាដំបូកហ្នឹង រាល់ថ្ងៃមានអសិរពិសនៅក្នុងនឹងទេ ។ ហើយយើងដឹងថានឹងជាអសិរពិសវាជាខ្លួនរបស់យើង មានបានឃើញថានឹងជាអសិរពិសអី អត់ទេខ្លួនយើង ។
ទោស:ក៏ជាអសិរពិស មោហៈក៏ជាអសិរពិស កាយនឹងគឺជាដំបូក ដែលជាទីនៅនៃអសិរពិស ។ អំពើសៅហ្មងទៅតាមផ្លូវវាចា ក៏និយាយទៅកើតដែរ ហើយអ្នកណាអ្នកឱ្យនិយាយគឺអសិរពិសនឹងហើយ គឺលោភៈនឹងហើយ ដែលឱ្យនិយាយ ។
និយាយទៅវចីទុច្ចរិត ៤ យ៉ាងហ្នឹង កុហក់ក៏បាន និយាយគ្រោតគ្រាតក៏បាន ពាក្យគំរោះគំរើយ ពាក្យស៊កសៀតធ្វើឲ្យអ្នកដទៃឈឺចិត្តក៏និយាយបាន ពាក្យរោយរាយឥតប្រយោជន៍ក៏និយាយបាន ។ ដោយសង្គ្រាមនៃកិលេសនឹងឆ្ងាញ់ពិសា នៅក្នុងទុច្ចរិត ហើយវាឲ្យផ្ទុះចេញមកតាមផ្លូវវាចា ។
យើងបានអត្តភាពនឹងមក ស្មានតែបានរបស់ប្រសើរណាស់ទៅឬ បើធាតុដីព្រះអង្គសម្ដែងថាពស់ដី កាលណាវាខាំក៏រឹងខ្លួនអញ្ចឹងទៅ ធាតុទឹកក៏ពស់ទឹកអញ្ចឹងទៅ ។ កាលណាដែលវាត្រូវខាំ ក៏ហើមខ្លួនរលេះរលួយ ធាតុខ្យល់ដូចជាសាស្រ្តាដូចជាលំពែង ពស់ខ្យល់កាលណាវាចឹកខាំទៅ ក៏ដល់នូវសេចក្តីទុក្ខលំបាក ហើយនិងធាតុ ភ្លើងក៏ដូចជាពស់ដែរ ។ ព្រះអង្គទ្រង់ត្រាស់សម្ដែងថាជាពស់ភ្លើង កាលណាវាខាំក្តៅរោលរៀល ហើយត្រូវឱ្យវាបរិភោគតាមកាលគួរ ឱ្យសម្រាកឲ្យដេកតាមកាលគួរ ឱ្យភ្ញាក់តាមកាលគួរ ។
ទាំងអស់នឹងដែលជារបស់បានមក វាសំខាន់ដូចម្ដេចទៅ ក៏ប៉ុន្តែសភាពមេអវិជ្ជានេះងងឹតណាស់ បិទបាំងអស់រលីង អត់ឃើញរបស់ទាំងអស់ហ្នឹង នាំមកនូវទុក្ខទោសទេ សម្គាល់ថាជាខ្លួនយើង ព្រោះមិនបានស្ដាប់ធម៌ ។ រួចហើយនឹកថាយើងនឹងពូកែណាស់យើងហ្នឹង យើងខ្លាំងណាស់ ក៏ប៉ុន្តែទីបំផុតត្រូវស្រក់ទឹកភ្នែក ជាមួយនឹងធាតុដី ដែលថាពូកែខ្លាំងពូកែកំពូលហ្នឹង ។ ម្នាក់ៗគ្រប់គ្នាកើតឡើងមកអត់ដឹងថាខ្លួនអន់ទេ ខ្លាំងពូកែរហូត ក៏ប៉ុន្តែត្រូវស្រក់ទឹកភ្នែកជាមួយនឹងធាតុដីសោះ ។ មើលត្រឡប់មកជាអញ្ចឹង ត្រូវស្រក់ទឹកភ្នែកជាមួយនឹងធាតុទឹក ធាតុភ្លើងធាតុខ្យល់ ត្រូវអញ្ចឹង ត្រូវស្រក់ទឹកភ្នែកជាមួយនឹងលោភៈទោសៈមោហៈ ដែលវាថាពូកែជាអ្នកក្លាហានហ្នឹង តែទីបំផុតគឺជាអ្នកចាញ់លោកនេះទាំងមិនអស់ចិត្ត ទៅទាំងជាប់ចំណង ។
ព្រះគុណម្ចាស់ញាតិញោមពុទ្ធបរិស័ទ ឱ្យតែនៅមានសេចក្តីសម្គាល់ដោយអំណាចនៃអវិជ្ជា ដែលមិនបានកំណត់ដឹងជីវិតនឹងទៅតាមសេចក្តីពិតនោះ អត់មានមួយពេល ណា ដែលយើងឈ្នះលោកនេះគឺអត់មានទេ ។ កុំឱ្យនឹកឃើញថាឱបាននូវភាពជាឯករាជ្យលើផែនដី ភាពជាធំនៅក្នុងលោកទាំងមូល ។
សូមអនុមោទនា ! ! !
🌿💕✨🙏🌿💕✨🙏🌿💕✨🙏🌿💕✨

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត