

#ពាលវគ្គ ទី ៥
សិក្សាសន្ទនាព្រះធម៌ ព្រះអដ្ឋកថាធម្មបទ
កាលពីថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំរោង ឆស័ក
បង្រៀនដោយព្រះអង្គគ្រូ អភិធម្មានន្ទោ ម៉ៅ ឯក
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង















៤- រឿងចោរអ្នកទម្លាយបង្វេចទ្រព្យ
----------------------------------
ព្រះសាស្ដា កាលប្រថាប់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធចោរជាអ្នកទម្លាយនូវបង្វេចទ្រព្យ ត្រាស់ព្រះធម្មទេសនានេះថា ÷
យោ ពាលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ
ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។
អ្នកណា ជាមនុស្សពាល ហើយដឹងនូវភាពនៃខ្លួនថាជាពាល អ្នកនោះនឹងទៅជាបណ្ឌិតបានខ្លះ ដោយហេតុដែលដឹងខ្លួន ថាជាពាលនោះ ម្យ៉ាងទៀត អ្នកណា ជាមនុស្សពាលមាន
សេចក្តីប្រកាន់ថា ខ្លួនជាបណ្ឌិត អ្នកនោះ ឈ្មោះថាជាមនុស្សពាល ដោយពិត ។
ក្នុងកាលចប់ព្រះធម៌ទេសនា មហាជនព្រមទាំងញាតិទាំងឡាយរបស់ចោរដែលជាសោតាបន្ននោះ បានសម្រេចសោតាបត្តិផល ដូច្នេះឯង ។
(ព្រះត្រៃបិដកលេខ ៥២ ទំព័រ ៣៤)
បណ្ដាបទទាំងនោះបទថា យោ ពាលោ អ្នកណាជាមនុស្សពាល សេចក្តីថាអ្នកណាជាមនុស្សពាលគឺមិនមែនជាបណ្ឌិត ហើយសម្គាល់គឺដឹងនូវភាវៈនៃខ្លួនថាជាមនុស្សពាល គឺភាពជាមនុស្សល្ងង់ខ្លៅ នោះឯងដោយខ្លួនឯងថាយើងជាមនុស្សពាល ។ ប្រសិនបើបុគ្គលណាជាមនុស្សពាលៗដូចម្ដេច ? គឺមិនមែនជាបណ្ឌិត ហើយដឹងនូវភាវៈនៃខ្លួន ថាអាត្មាអញជាមនុស្សពាល ជាមនុស្សល្ងង់ខ្លៅ ។ ដឹងៗថាអាត្មា អញជាមនុស្សពាល មិនមែនជាបណ្ឌិតទេ មិនឆ្លាតមិនឈ្លាស ដឹងខ្លួនឯងថាជាបុគ្គលពាលហ្នឹង ។
ហើយធម្មតា បើយើងដឹងថាយើងអត់ចេះ អត់ឈ្លាវឈ្លាស ជាអ្នកល្ងិតល្ងង់ បើដឹងអញ្ចឹងស្វែងរកប្រទីបគឺបញ្ញា បើអត់ដឹងនឹងគឺយ៉ាប់មែនទែន ។ ងងឹតហើយអត់ដឹងថាងងឹត មិនដឹងស្វែងរកពន្លឺមកធ្វើអ្វី ទាល់តែដឹងថាងងឹតទើបស្វែងរកពន្លឺអញ្ចឹងទៅ ។ ហើយយ៉ាងណាមិញមនុស្សសត្វលោកយើងនេះដូចគ្នាអញ្ចឹង ។ បើខ្លួនឯងជាមនុស្សពាលមិនមែនជាបណ្ឌិត ហើយដឹងភាវៈនៃខ្លួនជាបុគ្គលពាលមែនអាត្មាអញហ្នឹង ។ ហើយជាមនុស្សល្ងិតល្ងង់ខ្លៅ ដឹងខ្លួនដោយខ្លួនឯង យើងអត់ចេះយើងស្វែងរកអ្នកចេះទៅ គង់បាននូវការចេះដឹងហើយ ។
បទថា តេន សោ បុគ្គលនោះ ព្រោះហេតុនោះ សេចក្តីថា ព្រោះហេតុនោះ បុគ្គលនោះនឹងជាបណ្ឌិតបានខ្លះ ឬស្មើ នឹងបណ្ឌិតបានខ្លះ ។ ដឹងថាខ្លួនឯងជាបុគ្គលពាលមិនមែនជាបណ្ឌិត ដឹងថាខ្លួនឯងនៅមានសេចក្តីល្ងង់ខ្លៅ មិនឆ្លាតមិនឈ្លាស ដឹងខ្លួនដោយខ្លួនឯង គឺថាបុគ្គលនោះឯង នឹងជាបណ្ឌិតបានខ្លះ ឬក៏ស្មើនឹងបណ្ឌិត ។
ពិតហើយបុគ្គលនោះ កាលដឹងថាយើងជាបុគ្គលពាល ចូលទៅរក ចូលទៅអង្គុយជិត អ្នកដទៃដែលជាបណ្ឌិត ។ កាលបណ្ឌិតនោះ ទូន្មានប្រៀនប្រដៅដើម្បីប្រយោជន៍ដល់ភាពជាបណ្ឌិត រៀនយកឱវាទនោះហើយ រមែងជាបណ្ឌិត ឬជាបណ្ឌិតដ៏ក្រៃលែងបាន ។ អ្នកខ្លះកាលពីដើមឡើយសទ្ធាក៏អត់ សីលក៏អត់ ការចេះដឹងក្នុងព្រះបាលី ពោលគឺព្រះពុទ្ធដិកា ជាព្រះគាថា ឬក៏ជាព្រះសូត្រ ព្រះជាតកផ្សេងៗអត់ចេះទេ ដឹងថាអាត្មាអញអត់ចេះ នៅល្ងិតល្ងង់ ។ អញ្ចឹងទៅក៏ចូលទៅរកបណ្ឌិត ធម្មតាបណ្ឌិតតែងទូន្មានប្រៀនប្រដៅ នូវពាក្យជាធម៌ នូវឱវាទណាដែលប្រកបដោយប្រយោជន៍ ។
ដល់ពេលយើងចូលទៅជិតបណ្ឌិតនោះ ដែលបណ្ឌិតប្រៀនប្រដៅដោយសេចក្តីអនុគ្រោះ ប្រាប់ទូន្មានណែនាំបើកបង្ហាញអញ្ចឹងទៅ ។ យើងបានស្ដាប់ទៅៗជាបណ្ឌិត ឬក៏ជាបណ្ឌិតក្រៃលែង ។ ដូចជាចោរដែលចូលទៅលួច ហើយអង្គុយស្ដាប់ធម៌ កំពូលបណ្ឌិតហើយ ។ ព្រះសម្មាសម្ពុទ្ធព្រះអង្គកំពុងតែសម្ដែងព្រះធម៌ ហើយគាត់ចូលទៅ ដល់ ពេលស្ដាប់ទៅជាបណ្ឌិតក្រៃលែង ដឹងនូវអរិយសច្ចធម៌ រហូតបិទនូវអបាយភូមិជាព្រះសោតាបន្ន អស្ចារ្យណាស់ ។ ហើយមិនត្រឹមតែប៉ុណ្ណឹងទេនាំញាតិទៅគាត់ព្រះដ៏មានព្រះភាគ ញាតិស្ដាប់ព្រះធម៌បានសម្រេចសោតាទៀត ។
ហើយបទថា ស វេ ពាលោ ចំណែកអ្នកណាជាមនុស្សឬក៏ជាបុគ្គលពាល សេចក្តីថាចំណែកអ្នកណាជាមនុស្សពាល ហើយសម្គាល់ថាខ្លួនជាបណ្ឌិតតែម្យ៉ាង ពាលទេអ្នកហ្នឹង ។ តែសម្គាល់ខ្លួនឯងជាបណ្ឌិត ដឹងរឿងដឹងសព្វដឹងគ្រប់ ខ្លះគេហៅថាមហាដឹង សួស្អីក៏ដឹងស្អីក៏ចេះ ពាលទេតែសម្គាល់ខ្លួនឯងជាបណ្ឌិត ។
ហើយគិតថា អ្នកដទៃណាជាពហុសូត្រនោះ ជាធម្មកថិក ជាអ្នកទ្រទ្រង់វិន័យ មានវាទពោលនូវគុណ ដែលជាគ្រឿងដុះខាត់កិលេស ប្រាកដស្មើនឹងយើង គិតអញ្ចឹងមនុស្សពាលហ្នឹង ។ ហើយសំគាល់ខ្លួនឯងជាបណ្ឌិតតែម្យ៉ាង ក្រៅពីខ្លួនឯងអត់មានអ្នកណាអ្នកចេះអ្នកដឹងទេ អ្នកដទៃណាចេះពោល ទោះបីថាជាពហុសូត្រអ្នកចេះដឹងច្រើន ជាធម្មកថិកអ្នកសម្តែងធម៌ ឬក៏ជាអ្នកទ្រទ្រង់វិន័យ ។ អញ្ចឹងទៅមានវាទពោលនូវគុណដែលជាគ្រឿងដុះខាត់នូវកិលេស ឱ្យស្មើនឹងខ្លួនឯងវាអត់មាន មានតែខ្លួនឯងនឹងឯង បានពូកែបានជាអ្នកចេះដឹង ។
ដល់ពេលគិតអញ្ចឹងយល់ឃើញអញ្ចឹងទៅ បុគ្គលនឹងឯងគឺអត់ចូលទៅរកឬក៏ចូលទៅអង្គុយជិតបុគ្គលដទៃ ដែលជាបណ្ឌិតទេ ព្រោះសម្គាល់ថាខ្លួនឯងអ្នកចេះដឹងច្រើនហើយ មានចូលទៅរកបណ្ឌិតអ្នកចេះដឹងទៀតឯណាទេ ។
ដល់អញ្ចឹងអត់មានបានរៀនព្រះបរិយត្តិ ហើយធម្មតាព្រះបរិយត្តិនេះក្រៃលែងណាស់ព្រះបរិយត្តិធម៌ ។
នៅក្នុងវិន័យបិដកមានពោលពីរោះណាស់ពោលថា ធម្មតាព្រះបរិយត្តិធម៌រមែងញ៉ាំងព្រះសទ្ធម្ម ៣ ប្រការឲ្យតាំងមាំ ទាំងព្រះបរិយត្តិសទ្ធម្ម បដិបត្តិសទ្ធម្ម និងបដិវេទសទ្ធម្មនឹងឯង រមែងតាំងនៅមាំបានព្រោះព្រះបរិយត្តិធម៌ ។ អត់មានការសិក្សារៀនសូត្រទេចប់ហើយ តែព្រះបរិយត្តិសទ្ធម្មវិនាសហើយ បដិបត្តិក៏អត់មានដែរ បដិបត្តិសទ្ធម្មវិនាសហើយ បដិវេទក៏អត់មានដែរ អត់មានអង្គុយទៅត្រាស់ដឹងឯងអត់ទេ ។
ត្រាស់ដឹងដោយអង្គឯង ទាល់តែថាជាព្រះបច្ចេកពោធិញាណ ជាព្រះបច្ចេកពុទ្ធ ឬក៏ព្រះសម្មាសម្ពោធិញ្ញាណ ជាព្រះពុទ្ធបារមគ្រូ នឹងទើបត្រាស់ដឹងដោយព្រះអង្គឯង ។ បើជាសាវ័កគឺត្រូវតែស្ដាប់ៗច្រើនរៀនច្រើន សិក្សាទន្ទេញអញ្ចឹងទៅ ។ ជួនកាលទៅស្ដាប់ហើយរៀនហើយ ទន្ទេញបដិបត្តិហើយ ជាតិនឹងអត់ទាន់បានត្រាស់ដឹងទៀត ទាល់តែទៅជាតិខាងមុខ ឥន្ទ្រិយចាស់ក្លាពេលណា បានត្រាស់ដឹងពេលនឹងទៅ ឧបនិស្ស័យដល់ព្រមនោះ ។
បុគ្គលពាលដែលអត់ចូលទៅជិតបណ្ឌិត អត់រៀនព្រះបរិយត្តិ រមែងមិនបំពេញនូវវ័តបដិបត្តិ រមែងដល់នូវភាព ជាបុគ្គលពាលដោយពិត ព្រោះសម្គាល់ថាខ្លួនឯងជាអ្នកចេះ ដឹងហើយ ដល់អញ្ចឹងអត់មានចូលទៅជិតបណ្ឌិតណាទេ ។ អត់ចូលទៅជិតធ្វើម្ដេចបានស្ដាប់ធម៌ ដល់ពេលអត់ស្ដាប់ធម៌ហើយ កិច្ចដែលត្រូវយល់ក្នុងបរិយត្តិ ឬក្នុងបដិបត្តិបំពេញវ័តផ្សេងៗ អត់មានដល់បុគ្គលពេលហ្នឹង ។ ដល់អញ្ចឹងបុគ្គលនោះឯងទៅជាបុគ្គលពាលដោយពិត បុគ្គលនោះរមែងដូចជាចោរអ្នកទម្លាយបង្វេចទ្រព្យដូច្នោះ ។
ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ ស វេ ពាលោតិ វុច្ចតិ បុគ្គលនោះឯង តថាគតហៅថាជាមនុស្សពាល ។
សូមអនុមោទនា ! ! !















No comments:
Post a Comment