ព្រះពុទ្ធ សិក្សាសន្ទនាព្រះធម៌ ព្រះអដ្ឋកថាធម្មបទ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

ព្រះពុទ្ធ សិក្សាសន្ទនាព្រះធម៌ ព្រះអដ្ឋកថាធម្មបទ

ចែករំលែកចំណេះដឹង
ព្រះពុទ្ធ🙏
#សិក្សាសន្ទនាព្រះធម៌ #ព្រះអដ្ឋកថាធម្មបទ
កាលពីថ្ងៃសុក្រ ១២ កើត ខែបុស្ស ឆ្នាំរោង ឆស័ក
ព.ស. ២៥៦៨/ ត្រូវនឹងថ្ងៃទី 10 ខែ មករា ឆ្នាំ 2025
បង្រៀនដោយព្រះអង្គគ្រូ អភិធម្មានន្ទោ ម៉ៅ ឯក
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង
🌿💖✨🙏🌿💖✨🙏🌿💖✨🙏🌿💖✨
២- រឿងសទ្ទិវិហារិករបស់ព្រះមហាកស្សបត្ថេរ
-------------------------------------------------
ព្រះសាស្ដា កាលប្រថាប់នៅក្នុងក្រុងសាវត្ថី ទ្រង់ប្រារព្ធសទ្ធិវិហារិករបស់ព្រះមហាកស្សបត្ថេរ ត្រាស់ព្រះធម៌ ទេសនានេះថា ÷
ចរញ្ចេ នាធិគច្ឆេយ្យ សេយ្យំ សទិសមត្តនោ
ឯកចរិយំ ទឡ្ហំ កយិរា នត្ថិ ពាលេ សហាយតា ។
បុគ្គលកាលស្វះស្វែងរកកល្យាណមិត្ត បើមិនបានមិត្តដ៏ប្រសើរជាងខ្លួន ឬមិត្តដែលស្មើនឹងខ្លួនទេ គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ឱ្យខ្ជាប់ខ្ជួនវិញ ព្រោះថាសហាយតាគុណ
មិនមានក្នុងបុគ្គលពាលឡើយ ។
ក្នុងកាលចប់ព្រះធម៌ទេសនា អាគន្តុកភិក្ខុបានសម្រេចសោតាបត្តិផល សូម្បីជនដទៃជាច្រើន ក៏បានអរិយផលទាំងឡាយ មានសោតាបត្តិផលជាដើម ទេសនាបានជាកថាមានប្រយោជន៍ដល់មហាជន ដោយប្រការដូច្នេះ ។
(ព្រះត្រៃបិដកលេខ ៥២ ទំព័រ ៣៤ )
🪻លោកពន្យល់នៅក្នុងបទថា ចរំ = ចរញ្ចេ ត្រាច់ សេចក្តីថាបណ្ឌិតគប្បីជ្រាបការត្រាច់ទៅដោយចិត្ត មិនទាក់ទងការត្រាច់ទៅដោយឥរិយាបថ អធិប្បាយថា កាលស្វែងរកនូវកល្យាណមិត្ត ។ ត្រង់ដែលថា ពោលអំពីការត្រាច់ក្នុងទីនេះ គឺបានដល់ជាការត្រាច់ទៅដោយចិត្ត ។ រូបកាយមានជើងទើបអាចត្រាច់ទៅបាន ព្រោះជើងធម្មតាជាគ្រឿងនាំសកលកាយនឹងទៅ ហើយដល់ពេលចិត្តមានធម៌ជាគ្រឿងនាំទៅដែរ ដូចវិតក្កៈប្រៀបដូចជាជើងរបស់ចិត្ត ។
អញ្ចឹងគឺការត្រាច់ទៅដោយចិត្ត វាអត់ទាក់ទងដូចឥរិយាបថទេ យើងមើលឥរិយាបថ ឃើញឥរិយាបថដើរ ភិក្ខុអង្គនោះលោកត្រាច់គោចរនិមន្តទៅណាហ្ន៎ អានឹងយើងមើល ឃើញរូបារម្មណ៍ទេ ។ តែត្រាច់ក្នុងទីនេះ គឺលោកពន្យល់បានដល់ការត្រាច់ទៅដោយ ចិត្ត អត់មានទាក់ទងដោយឥរិយាបថកាយទេ ឥរិយាបថគឺឥរិយាបថរបស់កាយហ្នឹង ។
ហើយបានលោកអធិប្បាយ អំពីការដែលស្វែងរកនូវកល្យាណមិត្ត នឹងដោយអត្ថដោយសេចក្តីចង់បញ្ជាក់ហ្នឹង ។ ពុទ្ធបរិស័ទយើងរាល់ថ្ងៃមានកល្យាណមិត្តទេ គឺមិត្តល្អញាតិញោមមានមិត្តល្អទេ ? កំពូលកល្យាណមិត្តគឺព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គបរិនិព្វានទៅក៏ពិត ក៏ប៉ុន្តែព្រះធម៌និងព្រះវិន័យបដិស្ថានជំនួសព្រះអង្គ ជាគ្រូជាសាស្ដាជំនួសព្រះអង្គ យើងបានសិក្សាព្រះពុទ្ធដិកា ដូចបានចូលគាល់ព្រះសម្មាសម្ពុទ្ធអញ្ចឹង ។
នៅក្នុងគេហដ្ឋាន អានព្រះត្រៃបិដក បានកត់ត្រាសរសេរព្រះពុទ្ធគាថា ទន្ទេញព្រះធម៌ ដូចបានចូលគាល់ព្រះសម្មាសម្ពុទ្ធអញ្ចឹង ព្រោះធម៌ដែលព្រះអង្គប្រកាសសម្ដែងក្តី វិន័យក្តី ជាគ្រូជាសាស្ដាជំនួសព្រះអង្គ ។
🪻បទថា សេយ្យំ សទិសមត្តនោ មិត្តអ្នកប្រសើរជាងឬស្មើ ដោយគុណរបស់ខ្លួន សេចក្តីថាប្រសិនបើ មិនបាននូវសម្លាញ់ដែលប្រសើរជាង ឬស្មើដោយគុណមានសីល សមាធិបញ្ញា នឹងខ្លួនទេ ។ អញ្ចឹងដែលថាមិត្តដែលប្រសើរជាងយើង ទាក់ទងជាមួយនឹងដោយគុណ មានសីល គុណ សមាធិគុណ ឬក៏បញ្ញាគុណ ។
ប្រសិនបើយើងរក្សាសីល ៥ ថ្ងៃ ឧបោសថក៏សីល ៥ ក៏ប៉ុន្តែកល្យាណមិត្តរបស់យើងស្រាប់តែថ្ងៃឧបោសថ គាត់រក្សាឧបោសថ ធម្មតាគាត់រក្សាសីល ៥ អញ្ចឹងទៅ ។ នឹងគឺប្រសើរជាងយើងដោយសីលគុណ ហើយសមាធិ ទាក់ ទងការអប់រំចិត្ត ។ ហើយបញ្ញាការឈ្លាវឈ្លាសការចេះដឹង បើយើងបានសេពគប់នឹងមិត្ត ដែលប្រសើរជាងយើង ដោយគុណមានសីលជាដើម យើងហ្នឹងគឺថានិងបាននូវសេចក្តីចម្រើន ។
ហើយបើសិនជាយើង បានសេពគប់នូវមិត្តដែលស្មើនិងយើង មានគុណធម៌ មានសីលសមាធិ បញ្ញា ដូច្នេះសេចក្តីសាបសូន្យនៃកុសលមិនមានទេ ទាល់តែយើងសេពគប់ជាមួយនិងបាបមិត្ត និងបានសាបសូន្យកុសល ។ ដល់ពេលមិត្តដែលស្មើនឹងខ្លួន គឺអត់សាបសូន្យចាកគុណមានសីលជាដើមទេ ។ ហើយយើងក៏មានគុណធម៌ មានសីលជាដើម ហើយកល្យាណមិត្តរបស់យើងក៏មានគុណធម៌ មានសីលជាដើមស្មើគ្នាអញ្ចឹងទៅ ។ នឹងប្រសិនបើយើងរកអ្នកប្រសើរជាងអត់បាន ក៏សេពគប់ជាមួយអ្នកដែលស្មើ នឹងខ្លួនអញ្ចឹងទៅ ។
🪻បទថា ឯកចរិយំ នេះ គប្បីត្រាច់ទៅតែឯង សេចក្តីថា ក៏ក្នុងបណ្តាសម្លាញ់ទាំងនោះ បុគ្គលកាលបានសម្លាញ់ប្រសើរជាងខ្លួន រមែងចម្រើនដោយគុណទាំងឡាយមានសីល ជាដើម ។ ប្រសិនបើយើងបានសម្លាញ់ដែលប្រសើរជាងយើង មានគុណជាដើមអត់ មាននិយាយទ្រព្យសម្បត្តិក្នុងលោកយើងនេះទេ ។ និយាយទាក់ទងអំពីគុណធម៌ ដែលប្រសើរជាងយើងមានសីលជាដើម ការបានសម្លាញ់ស្មើនឹងខ្លួនរមែងមិនសាបសូន្យ ។ អញ្ចឹងប្រសិនបើយើងសេពគប់ជាមួយនឹងមិត្តណា ដែលប្រសើរជាងយើងដោយគុណមានសីលជាដើម យើងនឹងប្រសើរឡើងដោយគុណនឹងផងដែរ ។
ជួនកាលអត់ទាន់ហ៊ានរក្សាឧបោសថទេ ត្រឹមសីល ៥ ៗ យូយារណាស់ហើយ ដល់ ពេលទៅសេពគប់អ្នករក្សាឧបោសថ ចេះហ៊ានរក្សាឧបោសថដែរ ។ ជួនកាលទៅមួយខែត្រឹមតែ ៦ ដងទេ ហើយថ្ងៃ ៥ កើត ៥ រោចអត់ទេ តែដល់ពេលសេពគប់ជាមួយអ្នកដែលរក្សាដូចថា ៨ ដងអញ្ចឹងទៅ ជ្រះថ្លាអង់អាចហ៊ានរក្សាតាមដែរ គុណនឹងប្រសើរត្រូវតាមហ្នឹង ។ ហើយបើយើងសេពគប់ជាមួយសម្លាញ់ណា ដែលស្មើនឹងយើង ដែលគុណមានសីលជាដើមហ្នឹង មិនសាបសូន្យចាកគុណមានសីលជាដើមនឹងទេ ចំណុចនេះពិរោះណាស់ ។
បើសេពគប់ជាមួយសម្លាញ់ណា ដែលប្រសើរដោយគុណ មានសីលជាដើមជាងយើងៗនឹងចម្រើនគុណធម៌ តែបើសិនជាយើងសេពគប់ជាមួយបុគ្គល ឬសម្លាញ់ណាដែលមានសីលស្មើនឹងយើង គឺមិនសាបសូន្យចាកគុណធម៌ មានសីលជាដើមនឹងទេ ។ប៉ុន្តែការនៅរួមជាមួយនឹងសម្លាញ់ដែលអន់ជាងខ្លួន អាប់ឥតតប្រាជ្ញា ហើយធ្វើនៅការបរិភោគរួម និងបរិភោគដោយភាពជាពួកជាគ្នា រមែងសាបសូន្យចាកគុណទាំងឡាយមានសីលជាដើម ។
អញ្ចឹងបើសិនយើងទៅគប់រកជាមួយបុគ្គលណា ដែលមានគុណធម៌ទាបជាងយើង ៗ មានត្រឹមតែសីល ៥ ហើយស្រាប់តែបុគ្គលដែលយើងទៅសេពគប់ហ្នឹង អត់ទាំងមានសទ្ធា អត់ទាំងមានសីលប្រាំផង ហើយអាប់ឥតប្រាជ្ញា ។ ហើយយើងទៅដើររួមទៅអាស្រ័យរួម បរិភោគរួមៗរស់នៅអាស្រ័យយូរទៅ ប្រព្រឹត្តតាមគេម៉េចអញអញ្ចឹងហើយ ចេះតែទៅតាមគេ ព្រោះការសេពគប់មិនត្រឹមត្រូវ ។ អញ្ចឹងសាបសូន្យចាបគុណធម៌មានសីលជាដើមនឹងហើយ ។
យើងឧបោសថដល់ជួនកាល ទៅសេពគប់ជាមួយនឹងអ្នកដែលអត់មានគុណធម៌ អត់មានសីល គេចេះតែនិយាយថា ឧបោសថអីទេ អត់បាយល្ងាចធ្វើឱ្យវេទនាខ្លួន ហើយដល់ពេលឮដំបូងៗអត់អីទេ ។ ដល់ពេលដើរចូលគ្នាអង្គុយចូលគ្នា ទទួលទាន ដំណេក បរិភោគរួមគ្នាយូរទៅតាមគេ ឧបោសថក៏ធ្លាក់យូរទៅសីល ៥ អត់ជាប់ទៀត
សាបសូន្យចាកគុណ ។
ព្រោះហេតុនោះ ទើបព្រះដ៏មានព្រះភាគទ្រង់ត្រាស់ពាក្យនេះថា បុគ្គលបែបនោះបណ្ឌិតមិនគប្បីសេព មិនគប្បីគប់រក មិនគប្បីចូលទៅអង្គុយជិត វៀរតែសេចក្តីអាណិត សេចក្តីអនុគ្រោះ ។ បុគ្គលដែលមិនមានគុណធម៌ ហើយមិនមានប្រាជ្ញា ព្រះអង្គទ្រង់ត្រាស់ថាបណ្ឌិតមិនគប្បីសេព ។ ភាពជាបណ្ឌិត មិនគប្បីទៅសេពគប់ជាមួយបុគ្គលនឹងទេ ។ ពាក្យថាមិនសេពគប់ មិនមែនប្រែមកថាស្អប់ទេ ។ យើងអ្នកមានគុណធម៌មានសីលជាដើម ហើយមិនសេព គប់ជាមួយនឹងបុគ្គលដែលទ្រូស្តសីល បុគ្គលដែលអត់សីល ពាក្យថាមិនសេពគប់មិនមែនប្រែថាស្អប់ទេ ។
បណ្ឌិតដែលមិនសេពគប់គឺមិនគប្បីគប់រក មិនគប្បីចូលទៅអង្គុយជិត រហូតដល់ការបរិភោគរួមនៅរួមជាមួយ ។ ហើយរហូតដល់ទៅមិនប្រព្រឹត្តតាមទេ គឺត្រូវវៀរមានករណីវៀរ ។ តែសេចក្តីអាណិតនិងការអនុគ្រោះ និងព្រះអង្គទ្រង់ត្រាស់មានចំណុចដែលត្រូវវៀរ ។ ប្រសិនបើអាស្រ័យករុណាបុគ្គលដែលគាត់អត់មានសទ្ធា អត់មានគុណធម៌ អត់មានសីលហ្នឹង ។ ប្រសិនបើបុគ្គលនឹងអាស្រ័យករុណា គិតថាបុគ្គលនេះ អាស្រ័យយើងនឹងចម្រើនដោយគុណទាំងឡាយ មានសីលជាដើម ។ មិនសង្ឃឹមការតបគុណអំពីបុគ្គលនោះ ឈ្មោះថារមែងអាចសង្គ្រោះបុគ្គលនោះបាន ។
អាស្រ័យករុណាសង្គ្រោះដូច្នេះនេះគឺជាការល្អ បើមិនអាចសង្គ្រោះបានទេ គប្បីត្រាច់ទៅតែម្នាក់ឯងដោយសេចក្តីមិនប្រមាទ ។ គឺថាធ្វើនូវភាវៈជាអ្នកត្រាច់ទៅតែម្នាក់ឯងឲ្យមាំ ទាំ នៅតែម្នាក់ឯងក្នុងឥរិយាបថទាំងពួង នៅតែម្នាក់ឯងឱ្យមាំទាំ ដោយការមាននូវសតិ មាននូវស្មារតី ។
អញ្ចឹងគឺថាវៀរតែការអាណិត ឬក៏ការអនុគ្រោះឧទាហរណ៍ថាបុគ្គលនិងស្រាប់តែមានជម្ងឺ ពីដើមឡើយអត់មានសីល តែយើងមានសេចក្តីអាណិតអាសូរ ចូលទៅដំណាក់ការចុងក្រោយ ។ ជីវិតចុងក្រោយសម្រាប់បុគ្គលហ្នឹង បាន ឃើញលោកអ្នកមានសទ្ធា អ្នកមានសីលឬក៏ព្រះសង្ឃនាំសូត្រធម៌ ។ ឬក៏បូជាផ្កាចំពោះព្រះពុទ្ធចេតិយ ឬក៏ឲ្យទទួលនូវព្រះត្រៃសរណគមន៍ សីលប្រាំអញ្ចឹងទៅ ។ ហើយអាចគាត់ទទួលព្រមបាន ព្រោះពេលនឹងគាត់អស់ទីពឹង ។ ពេលហ្នឹងយើងអាចចូលទៅសង្គ្រោះអនុគ្រោះ ដោយសេចក្តីអាណិតអាសូរបាន ។
ហើយបានលោកសួរព្រោះហេតុអ្វី ឆ្លើយថាព្រោះគុណដែលជាសម្លាញ់ ពាក្យថាសហាយតាគុណ បានន័យថាគុណដែលជាសម្លាញ់ ។ ហើយបើគុណធម៌រមែងមិនមានក្នុងបុគ្គលពាលទេ កុំទៅស្វះស្វែងរក ។ អាត្មាអញដឹងហើយថាគាត់អត់មានសីលទេ ក៏ប៉ុន្តែចេះតែទៅៗក្រែងបានគុណធម៌ ក្នុងពួកបុគ្គលពាលហ្នឹង អត់ទេ ។
សីល សមាធិ បញ្ញា ដឹងហើយថាគាត់ជាបុគ្គលពាល តែចេះស្ដាប់ៗគាត់ទៅក្រែងបាននូវការចេះដឹង អត់ទេ ញាតិ ញោម ។ និងដូចយើងសង្ឃឹមបានខ្លឹមពីដើមចេក គឺអត់មានខ្លឹមអីនៅក្នុងដើមចេកទេ ។ ហើយគុណធម៌ ដែលជាសហាយតាគុណៗដែលជាសម្លាញ់ មិនមាននៅក្នុងបុគ្គលពាល ដូចខ្លឹមអត់មាននៅក្នុងដើមចេកអញ្ចឹង ។
សហាយតាគុណ លោកពោលមានច្រើនណាស់ មានទាំងពីចូលសីល មជ្ឈិមសីល មហាសីល នៅក្នុងព្រះត្រៃបិដកលេខ ១៤ ទំព័រ ០៧ ។
សូមអនុមោទនា! ! !
🌿💖✨🙏🌿💖✨🙏🌿💖✨🙏🌿💖✨

 

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត