ព្រះពុទ្ធ

២៥៦៨/០១ មករា ២០២៥
គ្រួសារសតិប្បដ្ឋាន ទី ១៥
រំឮកធម្មានុបស្សនាសតិប្បដ្ឋាន
ដោយសេចក្តីគោរពជ្រះថ្លា និង ដោយគោរពកោតក្រែង















កាមច្ឆន្ទនីវរណៈ
-------------------
យើងនិងបានបន្តធម្មានុបស្សនាសតិប្បដ្ឋានជាបន្តទៅទៀត ដើម្បីពុទ្ធបរិស័ទយើងសន្សំនូវស្មារតី សន្សំនូវសតិសម្បជញ្ញៈ កាន់តែមានស្មារតីគឺចម្រើនឡើង អាស្រ័យដោយការស្តាប់ អាស្រ័យដោយការចងចាំ ។ ការស្តាប់រឿយៗពិចារណារឿយៗ នេះឯង ធ្វើឲ្យមាននៅការយល់មាននៅការចងចាំ ។ ដូច្នេះសតិសម្បជញ្ញៈក៏ចម្រើនឡើងដឹងនៅកិច្ចរបស់ខ្លួន ដែលត្រូវរក្សាចិត្តដោយសតិ ។ ជួនកាលយើងអត់ដឹងថា យើងនេះគឺត្រូវរក្សាចិត្តទេ ដូច្នេះហើយឱកាសនៃការ បាត់បង់ស្មារតីច្រើន ។ យើងស្តាប់នឹងរហូតទាល់តែយើងដឹងថាយើងនេះឯង គឺត្រូវរក្សាចិត្តដោយសតិ ព្រោះចិត្តនេះ ឯងគឺមានសតិជាទីពឹង ។ ហើយប្រសិនបើយើងអត់មានសតិ មិនមានសម្បជញ្ញៈទេ មានន័យថាចិត្តនេះ គឺមិនមានទីពឹង ។ នេះគឺជាការចម្រើនឡើងនូវបញ្ញា នូវការយល់ដឹង ដែលធ្វើឲ្យពុទ្ធបរិស័ទយើងនឹងគឺបានដឹងថា អាត្មាអញត្រូវរក្សាចិត្តដោយសតិ ពីព្រោះចិត្តនេះគឺព្រះដ៏មានព្រះភាគសម្តែងហើយ ថាមានសតិជាទីពឹង ។
នៅក្នុងធម្មានុបស្សនាសតិប្បដ្ឋាននេះ យើងមកដល់នីវរណៈ មានកាមច្ឆន្ទនីវរណ: ព្យាបាទនីវរណ: ហើយនៅក្នុងធម៌ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្តែងនេះ វាទាក់ទងទៅនឹងការស្គាល់ ។ ហើយយើងស្គាល់នូវកាមច្ឆន្ទនីវរណៈ ព្យាបាទនីវរណៈគឺយើងពិតជាបានស្គាល់ ថានេះគឺពិតជានីវរណធម៌មែនឬទេ ត្រង់នឹងសំខាន់ណាស់ ។ ពុទ្ធបរិស័ទយើងត្រូវដឹងថា ធម៌ដែលជារនាំងខាងក្នុងហ្នឹង គឺយើងស្គាល់ ដូចព្រះអង្គទ្រង់ត្រាស់សម្តែងស្គាល់នូវមហាភូតរូប បុគ្គលស្គាល់រូបតើដូចម្តេច ?
នៅក្នុងព្រះត្រៃបិដកអដ្ឋកថាលេខ ៥៤ ទំព័រ ១៧៨ ។
នៅក្នុងនីវរណធម៌ជារនាំង ដែលយើងធ្លាប់បានកត់ ធ្លាប់បានអានពីមុនមកហើយ នេះគ្រាន់តែយើងសើររើរំឮកឡើងវិញនូវកាមច្ឆន្ទនីវរណៈ ការអប់រំចម្រើននូវសតិប្បដ្ឋាន ដែលជាការអប់រំចម្រើននូវវិបស្សនានេះ ។ ពុទ្ធបរិស័ទចាំសេចក្តីនឹងការអប់រំចម្រើននូវសតិប្បដ្ឋាន គឺការអប់រំចម្រើននូវវិបស្សនា ការអប់រំចម្រើននូវវិបស្សនា គឺការ អប់រំចម្រើននូវសតិប្បដ្ឋាន ។ សតិប្បដ្ឋានគឺវិបស្សនានេះឯង ។
ក្នុងអដ្ឋកថាពន្យល់ ព្រះអង្គសម្តែងសតិប្បដ្ឋាន ៤ ដើម្បីអនុគ្រោះដល់បុគ្គលពីរគឺសមថយានិកមួយ និងវិបស្សនាយានិកមួយ ដូច្នេះមានន័យថា សមថយានិកនេះ
គឺជាបុគ្គលដែលចម្រើននូវវិបស្សនា ដែលមានសមថៈកើត មុន ។ ហើយវិបស្សនាយានិកនេះ គឺជាបុគ្គលដែលចម្រើនវិបស្សនា មិនមានសមថៈកើតមុនទេ គឺមិនមានអប្បនាសមាធិឬក៏ឧបចារសមាធិកើតមុនទេ បុគ្គលនេះពិចារណាសង្ខារធម៌សុទ្ធ នេះគឺឈ្មោះថាជាការចម្រើននូវសតិប្បដ្ឋាន ។ វិបស្សនាប្រព្រឹត្តទៅក្នុងចំណែកខាងដើម កំណត់កាយ ១៤ វិធី ឈ្មោះថា កាយានុបស្សនាសតិប្បដ្ឋាន ដូច្នេះសតិប្បដ្ឋានគឺវិបស្សនានេះឯង ។
នឹងគឺនូវក្នុងព្រះអដ្ឋកថា ពុទ្ធបរិស័ទចាំត្រង់ហ្នឹង គឺមុនព្រះសម្មាសម្ពុទ្ធបរិនិព្វាន ធម៌ដែលព្រះអង្គសម្ដែងហើយ
ដោយប្រាជ្ញាដ៏ឧត្តម អ្នកទាំងឡាយគប្បីសម្គាល់ គួររៀនគួរទន្ទេញ គួរចងចាំ ពោធិបក្ខិយធម៌គឺមានសតិប្បដ្ឋាន ៤ នេះ ឯង ដែលព្រះអង្គទ្រង់ត្រាស់សំដែងផ្លូវមូលតែមួយគឺសតិប្បដ្ឋាន ៤ ឥតមានផ្លូវដទៃទេ ។ ដូច្នេះហើយបាននៅក្នុងអត្ថសេចក្ដីនឹង ការចម្រើនសតិប្បដ្ឋាន គឺការចម្រើននូវវិបស្សនា
នឹងឯងដែលជាមគ្គ គឺជាផ្លូវមូលតែមួយ មិនមានទៅចម្រើនផ្លូវដទៃទៀតទេ ។ ពុទ្ធបរិស័ទកុំចេញចាកពីព្រះពុទ្ធដីកា និងចេញចាកពីអដ្ឋកថា ហើយប្រព្រឹត្តបដិបត្តិស្ដាប់ហើយពិចារណារឿយៗ ថាបទនិងព្យញ្ជនៈនេះ ជាព្រះពុទ្ធដិការបស់ព្រះដ៏មានព្រះភាគដែរឬទេ ? អត្ថនេះជាសេចក្តីអធិប្បាយនៅក្នុងព្រះអដ្ឋកថាដែរឬទេ ? ។
ទោះបីអ្នកខ្លះពោលថាមាននៅក្នុងព្រះអដ្ឋកថាក៏ដោយ តែបុគ្គលនឹងអាចនាំអត្ថនៅក្នុងព្រះអដ្ឋកថានឹងមកខុសទៀតក៏ថាបានដែរ អញ្ចឹងយើងត្រូវពិចារណាផ្ទៀងផ្ទាត់ នៅក្នុងព្រះពុទ្ធដិកា នៅក្នុងព្រះអដ្ឋកថា ។ ទាក់ទងទៅនឹងការអប់រំចម្រើននូវសតិប្បដ្ឋាននេះ ដែលព្រះអង្គទ្រង់ត្រាស់សម្ដែងនសតិប្បដ្ឋាន ៤ ដើម្បីអនុគ្រោះដល់បុគ្គលពីពួក គឺសមថយានិកមួយ ហើយនិងវិបស្សនាយានិកមួយ ។ នឹងដែលពុទ្ធបរិស័ទយើងកុំឲ្យវង្វេងនៅក្នុងបដិបទា កុំឱ្យភាន់ ច្រឡំនៅក្នុងបដិបទា ថាមានផ្លូវដទៃក្រៅអំពីសតិប្បដ្ឋានគឺអត់មានទេ ។ ព្រោះព្រះតម្រាស់របស់ព្រះដ៏មានព្រះភាគ ត្រាស់សម្ដែងហើយសតិប្បដ្ឋាន ៤ ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ។
ហើយឥឡូវយើងចូលមកក្នុងធម្មានុបស្សនាសតិប្បដ្ឋាន នីវរណបព្វៈ ហេតុកើត ឡើងនៃកាមច្ឆន្ទៈៗ សេចក្តីត្រេកអរពេញចិត្តនៅក្នុងវត្ថុកាម តួកាមច្ឆន្ទៈគឺបានដល់កិលេសកាម គឺតណ្ហាៗដែលប្រព្រឹត្តទៅនៅក្នុងកាមគុណ ៥ ។ សេចក្តីប្រាថ្នា សេចក្តីត្រេកអរ សេចក្តីរីករាយ សេចក្តីស្រឡាញ់ ដែលប្រព្រឹត្តទៅនៅក្នុងកាមគុណ ៥ គឺមានរូប សំឡេង ក្លិន រស ផោដ្ឋព្វៈហ្នឹង អាសេចក្តីត្រេកអរនេះឯង ឈ្មោះថា កាមតណ្ហា ។
គោរពសួរពុទ្ធបរិស័ទបន្តិច រាល់ថ្ងៃពុទ្ធបរិស័ទមានសេចក្តីត្រេកអរ ពេញចិត្តនៅក្នុងរូបជាទីស្រឡាញ់ឬអត់ ? នៅក្នុងសំឡេង ក្លិន រស ផោដ្ឋព្វៈ កាមគុណមាន ៥ រូប
សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីស្រឡាញ់ជាទីពេញចិត្ត នេះគឺឈ្មោះថាវត្ថុកាម ឬក៏កាមគុណ សេចក្តីត្រេកអរក្នុងរូបជាទី ស្រឡាញ់ ។ ដូច្នេះសេចក្តីត្រេកអរនៅក្នុងរូបជាទីស្រឡាញ់
សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីស្រឡាញ់នេះ សេចក្តីត្រេកអរនេះ គឺជាកាមច្ឆន្ទៈ មានន័យថា សេចក្តីពេញចិត្តនៅក្នុងកាម ។ ហើយពុទ្ធបរិស័ទជាប្រក្រតីស្គាល់កាមច្ឆន្ទៈនេះដែរឬទេ ? ហើយនៅពេលដែលកាមច្ឆន្ទៈនេះកើតឡើងក្នុងរូបសំឡេង ក្លិន រស ផោដព្វ: ក្នុងកាមគុណ ៥ ។
កាលបើកាមឆន្ទៈនោះកើតឡើងក្នុងកាមគុណ ៥ ដែលជាទីពេញចិត្ត ជាសុភនិមត្តិ ពុទ្ធបរិស័ទរឮកខ្លួនឯងមើល រាល់ការត្រេកអររីករាយពេញចិត្តនៅក្នុងកាមគុណ ៥ ហ្នឹង ។ ពុទ្ធបរិស័ទមាននូវស្មារតីមាននូវបញ្ញា ដឹងថានេះជាកាមច្ឆន្ទៈ ដែលព្រះដ៏មានព្រះភាគទ្រង់ត្រាស់សម្ដែងហើយ កើតខាងក្នុង ។ ពុទ្ធបរិស័ទឃើញស្គាល់នូវនីវរណធម៌នឹង
ហើយឬនៅ ឬក៏មិនទាន់ស្គាល់ ? ដឹងថាយើងត្រូវការយើងស្រឡាញ់ អញ្ចឹងយើងទៅរករូបនោះ ដោយមិនបានកំណត់ដឹង មិនបានពិចារណានូវកាមឆន្ទៈ ដែលកើតខាងក្នុងថានេះ
ឯងជាកាមឆន្ទៈ ដែលព្រះដ៏មានព្រះភាគសម្ដែងហើយថា ជាធម៌ធ្វើបញ្ញាឲ្យរលត់។ ពុទ្ធបរិស័ទមានស្មារតីឃើញថានេះកាមច្ឆន្ទៈ ជាគំនរនៃអកុសល ។
មិនចាំបាច់ពោលទៅថ្វីដល់នីវរណធម៌ទាំង ៥ ទេ សូម្បី តែនីវរណធម៌មួយក៏ញុាំងបញ្ញាឲ្យរលត់ដែរ ។ កាមច្ឆន្ទៈមួយហ្នឹង ជាធម៌ធ្វើបញ្ញាឲ្យមានកម្លាំងខ្សោយ ជាធម៌ធ្វើបញ្ញាឲ្យរលត់ ។ ក៏ប៉ុន្តែត្រង់ពុទ្ធបរិស័ទ ជាអ្នកអប់រំចម្រើននូវសតិប្បដ្ឋានចំណុចពិសេស គឺនៅត្រង់ដឹងថាកាមច្ឆន្ទៈកើតឡើងខាង ក្នុង នៅមានខាងក្នុងដឹងៗថានេះជាកាមច្ឆន្ទ: ហើយកើត ឡើងដោយហេតុណាក៏ដឹង នេះឯងជាការស្គាល់ ជាការចម្រើន ឡើងនៃវិបស្សនា ។ បើថាបុគ្គលនឹងជាសមថយានិកទេ ក៏ចម្រើនសមថៈមុនទៅសមថ:កើតមុន វិបស្សនាកើតក្រោយ ។ បើបុគ្គលនឹងជាវិបស្សនាយានិកទេ គឺមិនមានអប្បនាសមាធិ មិនមានឧបចារសមាធិទេ គឺបុគ្គលនឹងពិចារណាសង្ខារធម៌សុទ្ធ នេះគឺជាវិបស្សនាយានិក ។
អញ្ចឹងពុទ្ធបរិស័ទពិសោធន៍បានទេតើ ទោះបីអត់មានសមាធិ អត់មានសមថ: កើតមុន ប៉ុន្តែនៅពេលកាមឆន្ទៈកំពុងកើតឡើង រឿងអីដែលថាដឹងមិនបាន ដឹងបានទេតើ ។ ដែលយើងជាវិបស្សនាយានិក វាអត់ចាំបាច់ទៅញ៉ាំងសមថៈឱ្យកើត មុនទេ គឺកាមច្ឆន្ទៈកើតឡើងក្នុងសម័យណា ព្យាបាទៈសេចក្តីខឹងក្រោធកើតឡើងក្នុងសម័យណា ក៏បានដឹងថា នេះគឺព្យាបាទនីវរណ:កើតឡើង នេះគឺកាមច្ឆន្ទនីវរណ:កើតឡើង
អាស្រ័យដោយការស្ដាប់នេះ ។ អញ្ចឹងពុទ្ធបរិស័ទ ចំណុចពិសេសគឺនៅត្រង់កាមច្ឆន្ទៈកើតឡើង សេចក្តីពេញចិត្ត សេចក្តីត្រេកអរ សេចក្តីស្រឡាញ់ នៅក្នុងរូបប្រកបដោយកាមគួរឲ្យកើតតម្រេក គឺនៅក្នុងកាមគុណទាំង ៥ នៅត្រង់ដែលរាល់ពេលពេញចិត្តស្រឡាញ់ក្នុងរូបហ្នឹង ។ ពុទ្ធបរិស័ទមានស្មារតីដឹងថា នេះកាមច្ឆន្ទៈដែលព្រះសម្មាសម្ពុទ្ធសម្ដែងហើយ អាត្មាអញគឺនៅមានកើតនៅខាងក្នុង ត្រង់នេះឯងឈ្មោះថាជាអ្នកមាននូវធម្មានុបស្សនាសតិប្បដ្ឋាន ។
ឈ្មោះថាជាអ្នកពិចារណាឃើញនូវធម៌ក្នុងធម៌ គឺនីវរណធម៌ នេះឯងប្រព្រឹត្តទៅ ជាការអប់រំចម្រើននូវវិបស្សនា ត្រង់នឹងគឺជាការបដិបត្តិការដឹងអញ្ចឹង ។ ហើយដល់ ពេលបដិបត្តិកំណត់ដឹងកាមច្ឆន្ទ:ត្រង់ហ្នឹង សួរថាលះបង់អី គឺលះបង់ការមិនដឹងថានឹង ជាកាមច្ឆន្ទៈគឺលះបង់អវិជ្ជា នេះជាការបដិបត្តិ ។ ជាអ្នកបាញ់ត្រង់ព្រោះបើយើងមិនទាន់បានស្ដាប់ព្រះសម្មាសម្ពុទ្ធ ស្មារតីមិនទាន់ចម្រើនឡើង យើងមិន ដឹងថានេះកាមច្ឆន្ទៈដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងហើយឯណា ។ យើងគិតថាខ្លួនយើងគិតថាអ្នកដទៃ គិតថាជាមនុស្សគិតថាជាទេវតាវង្វេង តែនៅពេលដែលយើងដឹងមាន ស្មារតី អាស្រ័យការស្ដាប់យ៉ាងបរិបូណ៌មក ជាមួយនិងយោនិសោមនសិការ ដល់ពេលកាមច្ឆន្ទៈកើតឡើងនៅក្នុងរូបជាទីពេញចិត្ត ក៏ដឹងថាកាមច្ឆន្ទៈកើតឡើង នេះគឺកាមច្ឆន្ទៈមែន ។ ការដឹងរឿយៗនេះឯង ពុទ្ធបរិស័ទនិងចម្រើនទៅដោយស្មារតីតទៅទៀត ។ រហូតមានស្មារតីចេះគិតចេះពិចារណាតទៅទៀតថា កាមច្ឆន្ទៈដែលកើតនេះ មុននេះអត់កើតទេ ។
ពេលដែលយើងកំណត់បានហើយថានេះជាកាមច្ឆន្ទៈ ដល់ពេលកាមច្ឆន្ទៈរលត់ទៅវិញក៏ដឹងថា កាមច្ឆន្ទៈដែលកើតអម្បាញ់មិញ ឥឡូវកាមច្ឆន្ទៈនេះក៏ស្ងប់ទៅវិញហើយ ។ នេះឯងជាការអប់រំចម្រើននូវសតិប្បដ្ឋាន វិជ្ជានឹងឯងក៏ចម្រើនឡើង នេះឯងឈ្មោះថាជាការលះបង់នូវសក្កាយទិដ្ឋិ ។ ពុទ្ធបរិស័ទបានចុះចិត្តស៊ប់ថា ធម៌នេះមានបច្ច័យតាក់តែងឱ្យកើតឡើង កាមច្ឆន្ទៈនេះមានបច្ច័យតាក់តែងឲ្យកើតឡើង ហើយរលត់ទៅវិញ ។ ពុទ្ធបរិស័ទឃើញធម៌ដែលកើតអំពីបច្ច័យ ហើយរលត់ទៅវិញនេះ បានភ្ញាក់ ខ្លួនដឹងថា រឿងនេះពិតហើយ ព្រះដ៏មានព្រះភាគព្រះអង្គទ្រង់ត្រាស់សម្តែងពិតមែន ហើយ តថាគតពោលនូវសត្វថាមិនមានក្នុងបច្ចុប្បន្ន ។ សត្វនឹងអត់មានទេ ចុះត្រង់សេចក្តីកើតឡើងពេញចិត្តនៅក្នុងរូបជាអ្វី ? ប្រសិនបើសត្វមិនមាន ថានោះជាកាមច្ឆន្ទៈជាគំនរនៃអកុសល ។ នេះឯងឈ្មោះថាពុទ្ធបរិស័ទមាននូវវិបស្សនា មាននៅនាមរូបបរិច្ឆេទញាណ កំណត់ដឹងកាមច្ឆន្ទៈនឹងឯងដែលជានាមធម៌ ។
ត្រង់នេះឯងដែលពុទ្ធបរិស័ទគឺជាព្រះចូឡសោតាបន្ន ព្រះថេរៈជាន់ដើមហៅបុគ្គលនេះថា ជាចូឡសោតាបន្ន ។ ដូច្នេះពុទ្ធបរិស័ទពិចារណាស្ទាបស្ទង់មើល តើយើងអាចដឹងកាមច្ឆន្ទ: ឬក៏ព្យាបាទៈ ដែលកើតឡើង ទោះបីមិនអាស្រ័យសមាធិ តើយើងអាចដឹងបានដែរឬទេ ? ដែលព្រះអដ្ឋកថាពន្យល់ហើយ គឺវិបស្សនាយានិកគឺការចម្រើនវិបស្សនា មិនអាស្រ័យអប្បនាសមាធិ មិនអាស្រ័យឧបចារៈសមាធិ នេះអដ្ឋកថាពន្យល់ វិសុទ្ធិមគ្គក៏ពន្យល់ដែរ ។ អញ្ចឹងបុគ្គលនឹងឯង ក៏ប្រព្រឹត្តទៅនៅក្នុងការអប់រំចម្រើននូវវិបស្សនា នឹងគឺជាការចម្រើននូវសតិប្បដ្ឋាន ។
សតិប្បដ្ឋានគឺវិបស្សនាហ្នឹង គ្រាន់តែវិបស្សនារបស់បុគ្គលពួកមួយ មានសមថៈកើតមុន វិបស្សនាកើតក្រោយ ។ ហើយវិបស្សនានឹងគឺសតិប្បដ្ឋានរបស់បុគ្គលពួកមួយ
មិនមានសមថ:កើតមុនទេ គឺពិចារណាសង្ខារធម៌សុទ្ធ ។ នេះការកំណត់ដឹងនូវកាមច្ឆន្ទៈនឹងហេតុកើតឡើងនៃកាមច្ឆន្ទៈ ដែលយើងត្រូវដឹង ដូច្នេះនៅត្រង់ដែលដឹងនឹងឯង ដែលលះបង់នូវការមិនដឹង ។ លះបង់នូវការវង្វេង លះបង់នូវការមិនមានស្មារតី នេះឯងឈ្មោះថា ចម្រើនស្មារតី ឈ្មោះថាមានសតិ មានសម្បជញ្ញៈ ស្មារតីយ៉ាងហ្នឹងឯង ។
ហើយពុទ្ធបរិស័ទនិងបានយល់ដឹងថា ការមានស្មារតីផ្សេងអំពីការមិនមានស្មារតី ការមាននូវវិបស្សនា ផ្សេងអំពីការមិនមាននូវវិបស្សនា ។ ការមិនមាននូវវិបស្សនាឃើញថាយើង ឃើញថាអ្នកដទៃ ឃើញថាមនុស្ស ឃើញថាទេវតា នេះងងឹត ឃើញខុសយល់ខុស វិបល្លាស ។ ដល់ពេលមានស្មារតី មាននូវវិបស្សនា ឃើញកាមច្ឆន្ទៈនេះ បានដែលព្រះអង្គទ្រង់ត្រាស់សំដែងថាមិនមែនបុរសស្រ្តីទេ នេះគឺជាគំនរនៃអកុសល នេះឯងឈ្មោះថា ជាការអប់រំចម្រើននូវសតិប្បដ្ឋាន ។
ដល់ពេលអញ្ចឹងទៅ អាសេចក្តីធ្លាប់តែយល់ខុសថា យើងជាអ្នកមានកាមច្ឆន្ទៈអ្នកដទៃមានកាមច្ឆន្ទៈ យើងមានតណ្ហា អ្នកដទៃមានតណ្ហា អាការយល់កន្លែងនឹងគឺលែងមានហើយ គំនិតគិតខុសកន្លែងនឹងគឺលែងមានហើយ លែងឃើញថាមានអ្នកដទៃហើយ ។ តែត្រឡប់មកឃើញធម៌គឺកាមច្ឆន្ទៈនៅកើតឡើង ដោយហេតុណាក៏ដឹងនៅហេតុនោះ នេះគឺជាយាន គឺជាវិបស្សនាញាណ ដែលចម្រើនឡើងដែលជាការអប់រំចម្រើននូវសតិប្បដ្ឋាននឹងឯង នេះជាការបដិបត្តិធម៌ប្រព្រឹត្តទៅជាធម្មានុបស្សនាសតិប្បដ្ឋាន ។
បាននៅក្នុងនឹងអដ្ឋកថាពន្យល់ ហេតុកើតឡើងនៃកាមច្ឆន្ទៈក្នុងនិមិត្តទាំងពីរនោះ កាមច្ឆន្ទៈរមែងកើតឡើង ព្រោះមនសិការដែលមិនត្រូវទំនងក្នុងសុភនិមិត្ត ។ និងការធ្វើទុកក្នុងចិត្តខុស ក្នុងសុភនិមិត្ត ក្នុងអារម្មណ៍ដែលស្អាត ថាជារបស់អញ ថាជាអញ ថាជាសុខអញ្ចឹងទៅ នឹងការធ្វើទុកក្នុងចិត្តខុស ។ ក្នុងវត្ថុដែលស្អាត អារម្មណ៍ដែលល្អក្តីឈ្មោះ
ថាសុភនិមិត្ត ។ ការធ្វើទុកក្នុងចិត្តមិនដោយឧបាយ ការដាក់ ចិត្តក្រៅផ្លូវ ការដាក់ចិត្តក្នុងវត្ថុ ដែលមិនទៀងថាទៀង ក្នុងវត្ថុដែលជាទុក្ខថាសុខ ក្នុងវត្ថុដែលមិនមែនខ្លួនថាខ្លួន ឬក្នុងវត្ថុដែលមិនស្អាតថាស្អាត ឈ្មោះថា អយោនិសោមនសិការ ការធ្វើទុកក្នុងចិត្តមិនត្រូវទំនង ។
កាលភិក្ខុធ្វើអយោនិសោមនសិការនោះ ឱ្យកាន់តែច្រើនឡើងក្នុងសុភនិមិត្ត កាមច្ឆន្ទ:រមែងកើតឡើង ។ ហេតុដែលនាំឲ្យកើតកាមច្ឆន្ទៈ ព្រោះធ្វើទុកក្នុងចិត្តក្នុងសុភនិមិត្ត មានន័យថា អារម្មណ៍ដែលល្អដែលស្អាត គឺធ្វើទុកក្នុងចិត្តខុស ថាទៀង ថាសុខ ថាជាខ្លួន ថាជារបស់ស្អាតអញ្ចឹងទៅ នឹងគឺកាមច្ឆន្ទៈកើតឡើង ។
ព្រោះហេតុនោះព្រះមានព្រះភាគទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សុភមនិមិត្តមានហើយ កាលធ្វើឲ្យច្រើននូវអយោនិសោមនសិការ ក្នុងសុភនិមិត្តនោះ នេះជាអាហារដើម្បីការកើតឡើងនៃកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ឬដើម្បីធ្វើកាមច្ឆន្ទៈដែលកើតឡើងហើយ ឱ្យកាន់តែកម្រើកក្រៃលែងឡើង ។ ដូច្នេះយ៉ាងនេះឯងដែលពុទ្ធបរិស័ទស្គាល់នូវកាមច្ឆន្ទ: ទាំងស្គាល់ហេតុដែលនាំឲ្យកើតឡើងនូវកាមច្ឆន្ទ: ។
យើងឆ្ងល់ថាហេតុអ្វីបានជាកាមច្ឆន្ទៈកើតឡើង ថាមកពីយើងធ្វើទុកក្នុងចិត្តខុសចំពោះសុភនិមិត្ត ថាទៀង ថាសុខ ថាខ្លួន ថាជារបស់ស្អាត ។ ដូច្នេះកាមច្ឆន្ទៈដែលមិនទាន់កើតឡើង គឺរមែងកើតឡើង ហើយកាមច្ឆន្ទៈដែលកើតឡើងហើយ រឹងរឹតតែចម្រើនឡើងជាភិយ្យោភាពទៅ ។ យ៉ាងនេះឯងឈ្មោះថា បុគ្គលប្រតិបត្តិដើម្បីកំណត់ដឹងនូវកាមច្ឆន្ទ: ។ ហើយទន្ទឹមនឹងការកំណត់ដឹងនូវកាមច្ឆន្ទ:នេះឯង បុគ្គលនេះឈ្មោះ ថាកំពុងតែលះបង់នូវកាមច្ឆន្ទៈ គឺលះការមិនដឹងថានឹងជាកាមច្ឆន្ទៈនេះឯង គឺលះបង់នូវអវិជ្ជា ។ ការដែលលះបង់អវិជ្ជានេះឯង ឈ្មោះថា វិជ្ជាកើតឡើងគឺវិបស្សនាវិជ្ជា ។ យ៉ាងនេះឯងគឺឈ្មោះថា បុគ្គលអប់រំចម្រើននូវសតិប្បដ្ឋាន ។
ដូច្នោះពុទ្ធបរិស័ទ យល់ការអប់រំចម្រើននូវសតិប្បដ្ឋានច្បាស់ហើយៗបានស្ដាប់យ៉ាងនេះហើយ ពុទ្ធបរិស័ទស្ដាប់រឿយៗទៀត ពិចារណាពិនិត្យផ្ទៀងផ្ទាត់ ហើយជួបជុំ គ្នាសន្ទនាគ្នាៗពីរឿងកាមច្ឆន្ទ:ហ្នឹង ។ ពុទ្ធបរិស័ទទៅតាមសភាធម៌ នៃគ្រួសារសតិប្បដ្ឋាននីមួយៗហ្នឹង ជួបជុំគ្នាលើកកាមច្ឆន្ទៈមកសន្ទនាគ្នា តាមដែលយើងបានស្ដាប់ព្រះពុទ្ធដិកានិងព្រះអដ្ឋកថាមក ដើម្បីអី ដើម្បីថាពេលដែលយើងសន្ទនាគ្នាហ្នឹង សាកច្ឆាទៅវិញទៅមកហ្នឹង គឺរមែងញ៉ាំងវិមុត្តិឱ្យចាស់ក្លា ធ្វើឱ្យយើងអ្នកសន្ទនាចំរើនដោយសតិសម្បជញ្ញៈ ហើយចំរើនដោយបញ្ញា កាន់តែស្គាល់កាន់តែដឹងនូវកាមច្ឆន្ទៈ ដឹងនៅហេតុកើតឡើងនៃកាមច្ឆន្ទៈ ការដឹងនេះឯងគឺជាវិបស្សនាសម្មាទិដ្ឋិ ប្រព្រឹត្តទៅដើម្បីលះបង់នូវអវិជ្ជា នៅក្នុងបដិបទាជាចំណែកខាងដើម គឺការដឹងធម៌តាមសេចក្តីពិតហ្នឹង ។ នេះគឺជាចំណុចនៃការបដិបត្តិយ៉ាងត្រឹមត្រូវ តាមពាក្យទូន្មានប្រៀនប្រដៅនៃព្រះសម្មាសម្ពុទ្ធ ។
ដូច្នេះគឺនៅត្រង់នឹងគឺសំខាន់ណាស់ នៅក្នុងបដិបទាដែលយើងបានទទួលពីព្រះសម្មាសម្ពុទ្ធ បដិបទាដែលព្រះអដ្ឋកថា ព្រះថេរៈទាំងឡាយ ព្រះខីណាស្រពទាំងឡាយ ដែលបានពន្យល់ណែនាំ បើកបង្ហាញអត្ថហ្នឹង ដើម្បីឱ្យយើងបានដឹង ។
ពុទ្ធបរិស័ទបានស្ដាប់ហើយ ហ្វឹកហាត់ពិចារណារឿយៗ ដើម្បីបានឃើញបានស្គាល់ថា កាមច្ឆន្ទៈនៅកើតឡើងខាងក្នុងក៏ដឹងច្បាស់ ហើយមិនកើតឡើងសម័យណាក៏ដឹងច្បាស់ កើតឡើងដោយហេតុណាក៏ដឹងច្បាស់ នេះឈ្មោះថា ជាអ្នកស្គាល់ជាអ្នកដឹងនូវកាមច្ឆន្ទៈហ្នឹង ។ ហើយព្យាយាម យើងមិនមែនចេះតែមានឱកាស អាចជួបជុំអាចសន្ទនាគ្នាស្ដាប់រឿងនឹងបានទេ ហើយយើងត្រូវរត់រកគ្នា អ្នកណាដែលមានអធ្យាស្រ័យចូលចិត្តជជែក គ្នា សន្ទនាគ្នាពីរឿងសតិប្បដ្ឋានហ្នឹង ។ ដើម្បីញ៉ាំងនូវសតិន្ទ្រិយនឹងឱ្យបរិសុទ្ធ គឺលះបង់បុគ្គលដែលមិនមានសតិ សេពគប់ៗរកបុគ្គលដែលមានសតិ ហើយពិចារណានូវសតិប្បដ្ឋាន ៤ ។
សូមអនុមោទនា ! ! !















No comments:
Post a Comment