អានព្រះត្រៃបិដក ៦៧ ឧបសីវមាណវកប្បញ្ហានិទ្ទេស
២៣៨, ឧបសីវ: មានអាយុ ទូលសួរដូច្នេះថា បពិត្រព្រះអង្គជាសក្កៈ ខ្ញុំព្រះអង្គម្នាក់ឯងមិនបានអាស្រ័យ បុគ្គលឬធម៌ ទើបមិនអាចឆ្លងអន្លង់ដ៏ធំបាន បពិត្រព្រះអង្គជាសមត្តចក្ខុ សូមព្រះអង្គសម្ដែងនូវអារម្មណ៍ ដែលនាំឲ្យខ្ញុំព្រះអង្គអាស្រ័យ ហើយឆ្លងនូវអន្លងនេះបាន ។
អ្វីមួយក្នុងលោក ដែលព្រះតថាគតមិនឃើញ មិនជ្រាប ឬមិនគប្បីជ្រាប មិនមានទេ របស់ណាដែលគួរដឹង ព្រះតថាគតទ្រង់ជ្រាបរបស់ទាំងអស់នោះ ហេតុនោះ ព្រះតថាគតទ្រង់ព្រះនាមថា សមន្តចក្ខុ។
២៤៨, ឧបសីវៈ មានអាយុ ទូលសួរដូច្នេះថា បុគ្គលណាមិនមានតម្រេក ក្នុងកាមទាំងឡាយទាំងពួង លះបង់សមាបត្តិដទៃ អាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ុបក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ បុគ្គលនោះ ជាអ្នកមិនឃ្លាត គប្បីតាំងក្នុងអាកិញ្ចញ្ញាយតនជ្ឈានបានដែរឬទេ។
២៥៣, ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវៈ បុគ្គលណាមិនមានតម្រេក ក្នុងកាមទាំងឡាយទាំងពួង លះបង់សមាបត្តិដទៃអាស្រ័យអាកិញ្ចញ្ញាយតនជ្ឈាន ចុះចិត្តស៊ប់ក្នុងសញ្ញាវិមោក្ខដ៏ប្រសើរ បុគ្គលនោះជាអ្នកមិនឃ្លាត គប្បីតាំងនៅក្នុងអាកញ្ចិញ្ញាយតនជ្ឈាននោះបាន។
២៥៨, ឧបសីមាណពទូលសួរថា បពិត្រព្រះអង្គជាសមន្តចក្ខុ បើបុគ្គលនោះជាអ្នកសាបសូន្យ គប្បីតាំងនៅក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះ សូម្បីអស់គំនរនៃឆ្នាំទាំងឡាយ បុគ្គលនោះគប្បីជាអ្នកត្រជាក់រួចស្រឡះ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាននោះឯង ចុះវិញ្ញាណ របស់បុគ្គលមានសភាពដូច្នោះ ត្រូវកើតទៀតឬទេ។
២៦២, ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលឧបសីវៈ អណ្ដាតភ្លើង ដែលត្រូវកម្លាំងខ្យល់ផាត់ហើយ រមែងដល់នូវការរលត់ មិនដល់នូវការរាប់ថាទៅក្នុងទីណាយ៉ាងណា មុនិ រួចស្រឡះហើយ ចាកនាមកាយ រមែងដល់នូវការរលត់ មិនដល់នូវការរាប់ថា ទៅក្នុងទីណាក៏យ៉ាងនោះដែរ។
២៦៧, ឧបសីវមាណក្រាបបទូលថា បុគ្គលនោះដល់នូវការរលត់ ឬថាបុគ្គលនោះ រមែងមាន ពុំនោះសោត បុគ្គលនោះមិនមានរោគ ប្រៀបដោយសស្សតិវត្ថុ បពិត្រព្រះមុនី សូមព្រះអង្គសម្តែងប្រាប់ខ្ញុំព្រះអង្គឲ្យជាក់ច្បាស់នូវហេតុនោះ ត្បិតថាធម៌នោះ ព្រះអង្គជ្រាបហើយ ។
២៧២, ព្រះមានព្រះភាគត្រាស់ថា ម្នាលឧបសីវ: បុគ្គលដែលរលត់ហើយ ប្រមាណពុំមានទេ បុគ្គលទាំងឡាយពោល ចំពោះបុគ្គលនោះ ដោយកិលេសណា កិលេសនោះរបស់បុគ្គលនោះ មិនមានឡើយ កាលបើធម៌ទាំងពួងបុគ្គលគាស់រំលើងអស់ហើយ សូម្បីកន្លងនៃវាទៈទាំងពួង ក៏បុគ្គលនោះគាស់រំលើងហើយដែរ។
****************************************
អានព្រះត្រៃបីដក ៦៧&៦៨ (ពួកព្រាហ្មណ៍ទាំង១៦) សម្រាប់បុគ្គល សម្រាប់អរិយបុគ្គល ប្រាថ្នាព្រះនិព្វាន
អាជីត១ តិស្សមេត្តេយ្យ១ បុណ្ណកៈ១ មេត្តគូ១ ធោតក:១ ឧបសីវ:១ នន្ទ:១ ហេមក:១ ជនទាំង២នាក់គឺ តោទេយ្យ:១ កប្ប:១ និង ជតុកណ្ណីបណ្ឌិត១ ភទ្រាវុធ១ ឧទយ:១ បោសាលព្រាហ្មណ៍១ មោឃរាជ ជាអ្នកប្រាជ្ញ១ បិង្គិយ: ជាអ្នកស្វែងរកគុណធំ១ ព្រាហ្មណ៍ទាំង ១៦ នាក់នោះ ចូលមកគាល់ព្រះពុទ្ធជាឥសី ទ្រង់មានចរណៈបរិបូណ៌ បានចូលមកគាល់សួរប្រស្នាដ៏ល្អិត ចំពោះ ព្រះពុទ្ធប្រសើរ ។
No comments:
Post a Comment