អានព្រះត្រៃបិដក ៦៦ អត្តទណ្ឌសុត្តនិទ្ទេស ទី១៥ - Business Buddhism



Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត

អានព្រះត្រៃបិដក ៦៦ អត្តទណ្ឌសុត្តនិទ្ទេស ទី១៥

ចែករំលែកចំណេះដឹង

អានព្រះត្រៃបិដក ៦៦ អត្តទណ្ឌសុត្តនិទ្ទេស ទី១៥

៩០, ព្រះមានព្រះភាគត្រាស់ថា ភ័យកើតអំពីអាជ្ញារបស់ខ្លួន អ្នកទាំងឡាយ ចូលមើលជនអ្នកឈ្លោះគ្នា តថាគតនិងសម្ដែងសំវេគធម៌ តាមដែលតថាគតធ្លាប់សំវេគហើយ។
មហានរក មានជ្រុង៤ មានទ្វារ៤ ដែលធម្មតា ចែកតាក់តែងដោយចំណែក ព័ទ្ធដោយកំពែងដែក គ្របដោយដែក។ ទីនៃមហានរកនោះដែកសុទ្ធ ដែលរុងរឿងប្រកបដោយកម្ដៅផ្សាយទៅអស់ ១០០យោជន៍ដោយជុំវិញ ឋិតនៅសព្វកាល ។ មហានរកទាំងនោះ ក្តៅដ៏ពន្លឹកអស់កាលជានិច្ច មានអណ្ដាតភ្លើងដែលបុគ្គលចូលទៅបានដោយក្រ ។ មានសភាពគួរជាទីព្រឺរោម តក់ស្លុត ជាទុក្ខ គួរខ្លាច ។ គំនរអណ្ដាតភ្លើងដែលតាំងឡើងអំពីជញ្ជាំងខាងកើតឆាបឆេះសត្វទាំងឡាយដែលមានបាបកម្មផ្ទប់ទៅនឹងជញ្ជាំងខាងលិច ។ គំនរអណ្ដាតភ្លើងដែលតាំងឡើងអំពីជញ្ជាំងខាងលិចឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ផ្ទប់ទៅនឹងជញ្ជាំងខាងកើត ។ គំនរអណ្ដាតភ្លើងដែលតាំងឡើងអំពីជញ្ជាំងខាងជើងឆាបឆេះសត្វទាំងឡាយដែលមានបាបកម្មផ្ទប់ទៅនឹងជញ្ជាំងខាងត្បូង ។ គំនរអណ្ដាតភ្លើងដែលតាំងឡើងអំពីជញ្ជាំងខាងត្បូងឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ផ្ទប់ទៅនឹងជញ្ជាំងខាងជើង។ គំនរអណ្ដាតភ្លើង ដែលតាំងឡើងអំពីខាងក្រោម ឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ផ្ទប់ទៅនឹងជញ្ជាំងដំបូល ។ គំនរអណ្ដាតភ្លើង ដែលតាំងឡើងអំពីដំបូល ឆាបឆេះសត្វទាំងឡាយ ដែលមានបាបកម្ម ផ្ទប់ទៅនឹងផែនដី។ អំបែងដែកកំពុងឆេះក្តៅសព្វ រុងរឿងយ៉ាងណា នរកអវិចី ក៏ប្រាកដដល់សត្វ ដែលតាំងនៅអំពីខាងក្រោម ខាងលើ អំពីខាង ក៏យ៉ាងនោះដែរ។ សត្វទាំងឡាយ ជាអ្នកលោភធំ ធ្វើអំពើអាក្រក់ច្រើនយ៉ាង មានអំពើបាបតែមួយយ៉ាង រមែងឆេះតែមិនស្លាប់ ក្នុងនរកនោះ។ កាយនៃសត្វទាំងឡាយ ដែលអាស្រ័យក្នុងនរកនោះ ប្រាកដស្មើដោយភ្លើង អ្នកចូលមើលភាពនៃកម្មដ៏មាំមួនចុះ សត្វទាំងនោះ មិនទៅជាផេះ មិនទៅជាធ្យូង។ សត្វនរកទាំងឡាយ រមែងស្ទុះទៅទិសខាងកើត ស្ទុះអំពីទិសនោះ មកទិសខាងលិចខ្លះ ស្ទុះទៅទិសខាងជើង ស្ទុះអំពីទិសនោះ មកទិសខាងត្បូងខ្លះ ។ សត្វនរកទាំងនោះស្ទុះទៅទិសណាៗ ទ្វារក្នុងទិសនោះៗ ក៏បិទជិតឯង សត្វនរកទាំងនោះ សុទ្ធតែមានសេចក្តីប្រាថ្នា ដើម្បីចេញស្វែងរកនូវការរួចចេញ ។ ប៉ុន្តែសត្វនរកទាំងនោះ មិនបានចេញអំពីនរកនោះ ព្រោះកម្មជាបច្ច័យបាបកម្ម របស់សត្វទាំងនោះ មានច្រើនយ៉ាង ដែលខ្លួនធ្វើហើយ ជាកម្មឲ្យផលមិនទាន់អស់។
៩៥, ភ័យ ចូលមកកាន់តថាគត ព្រោះឃើញប្រជាជន កំពុងញាប់ញ័រ ដូចពួកត្រីក្នុងទីមានទឹកតិច ព្រោះឃើញពួកជន ដែលទាស់ទែងគ្នីគ្នា។
១០០, លោក មិនមានខ្លឹមដោយជុំវិញ សង្ខារក្នុងទិសទាំងអស់ ញាប់ញ័រ តថាគត កាលប្រាថ្នាសេចក្តីចម្រើនដើម្បីខ្លួន មិនបានឃើញនៅទីណាមួយ ដែលទុក្ខមិនញាំញីឡើយ។
វិមានន៎ុះ ភ្លឺរុងរឿងខ្លាំង ក្នុងទិសក៏មែនពិតហើយ តែបុគ្គលអ្នកមានប្រាជ្ញាល្អ ឃើញទោស ដែលឲ្យញាប់ញ័រក្នុងរូបសព្វកាល ព្រោះហេតុនោះ ទើបមិនត្រេកអរក្នុងរូប។
លោក ត្រូវមច្ចុគ្រប់សង្កត់ ត្រូវជរាចោមរោមត្រូវសរគឺតណ្ហាមុត ប្រកបដោយផ្សែង គឺសេចក្តីប្រាថ្នាគ្រប់កាល លោកទាំងមូលត្រូវភ្លើងឆេះ លោកទាំងមូលច្រាលរន្ទាល លោកទាំងមូលសន្ធោសន្ធៅ លោកទាំងមូលរំភើប។
ពួកធម៌ទាំងន៎ុះ គឺលោភៈ អលោភៈ យស អយស និន្ទា បសំសា សុខនិងទុក្ខ ជាសភាពមិនទៀង មិនឋិតថេរ មានការប្រែប្រួលជាធម្មតា ក្នុងពួកមនុស្ស
១០៥, សេចក្តីមិនត្រេកអរ កើតមានដល់តថាគត ព្រោះឃើញសត្វទាំងឡាយ ដែលទាស់ចិត្ត ក្នុងកាលជាទីសាបសូន្យតែម្យ៉ាង ទាំងតថាគត់បានឃើញសរក្នុងពួកសត្វន៎ុះ ជាសរអាស្រ័យនៅក្នុងហឬទយ័ ដែលគេកម្រឃើញបាន។
១១០, បុគ្គលដែលត្រូវសរណាមុតហើយ រមែងស្ទុះទៅកាន់ទិសទាំងពួង បុគ្គលដកសរនោះហើយ ទើបមិនស្ទុះទៅ មិនលេចចុះ។
១១៤, ព្រះមានព្រះភាគត្រាស់ថា អារម្មណ៍ទាំងឡាយណាក្នុងលោកដែលសត្វជាប់ជំពាក់ ការសិក្សាក្នុងអារម្មណ៍ទាំងនោះ គេតែងរៀន បុគ្គលមិនគប្បីខ្វល់ខ្វាយក្នុងគ្រឿងជាប់ជំពាក់ទាំងនោះទេ គប្បីយល់ច្បាស់នូវកាមទាំងឡាយ ដោយសព្វគ្រប់ហើយ គប្បីសិក្សា នូវព្រះនិព្វានដើម្បីខ្លួន។
១១៩, មុនិ គប្បីជាអ្នកមានសច្ចៈ ជាអ្នកមិនឃ្នើសឃ្នង មិនមានមាយា មានពាក្យញុះញង់លះបង់ហើយជាអ្នកមិនក្រោធ រមែងឆ្លងផុតលោភៈដ៏លាមក និងសេចក្តីកំណាញ់បាន។
១២៣, ជនមានចិត្តស្លុងទៅ កាន់ព្រះនិព្វានគប្បីគ្របសង្កត់នូវការដេកលក់ នូវការខ្ជិល នូវការរុញរា មិនគប្បីនៅរួមដោយសេចក្តីប្រហែស មិនគប្បីតាំងនៅ ក្នុងការមើលងាយឡើយ។
បណ្ឌិតទាំងឡាយ ឲ្យទាន មិនមែនព្រោះហេតុសុខនៃឧបធិ ដើម្បីភពថ្មីទេ បណ្ឌិតទាំងនោះ ឲ្យទាន ដើម្បីការអស់ឧបធិ មិនដើម្បីភពថ្មីដោយពិត។ បណ្ឌិតទាំងឡាយ ចម្រើនឈាន មិនមែនព្រោះហេតុសុខនៃឧបធិ ដើម្បីភពថ្មីទេ បណ្ឌិតទាំងនោះ ចម្រើនឈាន ដើម្បីការអស់ឧបធិ មិនដើម្បីភពថ្មីដោយពិត។ បណ្ឌិតទាំងនោះមានចិត្តត្រេកអរសពចំពោះការរលត់ទើបឲ្យទាន មានចិត្តទន់ទោរទៅកាន់ព្រះនិព្វាននោះ មានចិត្តចុះស៊ុបទៅកាន់ព្រះនិព្វាននោះ បណ្ឌិតទាំងនោះមានព្រះនិព្វានជាទីប្រព្រឹត្តទៅខាងមុខ ដូចស្ទឹងទាំងឡាយដែលហូរទៅកាន់ទីកកណ្ដាលនៃសាគរ។
ហេតុនោះទ្រង់ត្រាស់ថាជនមានចិត្តស្លុងទៅកាន់ព្រះនិព្វាន។
១២៨, បុគ្គលគប្បីគេចចេញចាកពាក្យកុហក មិនគប្បីធ្វើសេចក្តីស្នេហាក្នុងរូប គប្បីស្គាល់មានះ ទាំងគប្បីប្រព្រឹត្តវៀរស្រឡះ ចាកសាហសាចរិយា។
១៣៣, បុគ្គលមិនគប្បីត្រេកអរចំពោះបុរាណក្ខន្ធ(ក្ខន្ធចាស់) មិនគប្បីធ្វើសេចក្តីពេញចិត្តក្នុងនវក្ខន្ធ(ខណ្ឌថ្មី) មិនគប្បីសោកស្ដាយចំពោះវត្ថុកាលវិនាស មិនគប្បីជាអ្នកអាស្រ័យភាវៈជាគ្រឿងទាញមក។
១៣៨, តថាគតពោលថា សេចក្តីប្រាថ្នាជាអន្លង់ធំ ពោលថា តណ្ហាជាអាចម ជាបំណង ជាអារម្មណ៍ជាគ្រឿងញាប់ញ័រ ថាកាមជាភក់ ដែលសត្វកន្លងបានដោយក្រ។
១៤៣, មុនិ មិនឃ្លាតចាកសច្ចៈ ជាព្រាហ្មណ៍ ឋិតនៅលើទីទួល មុនិនោះ លះបង់វត្ថុទាំងពួងមុនីនោះឯង តថាគតហៅថា អ្នកស្ងប់។
១៤៨, មុនិនោះ ឈ្មោះថាអ្នកដឹង មុនិនោះ ឈ្មោះថាអ្នកដល់នូវវេទ ឈ្មោះថាមិនអាស្រ័យធម៌ ព្រោះដឹង មុនិនោះ ឈ្មោះថារស់នៅក្នុងលោកដោយប្រពៃ តែមិនស្រឡាញ់ចំពោះបុគ្គលណាមួយក្នុងលោកនេះ។
១៥៣, បុគ្គលណា បានឆ្លងនូវកាមផង នូវគ្រឿងជំពាក់ដែលសត្វឆ្លងបានដោយក្រក្នុងលោកផង បុគ្គលនោះ រមែងមិនសោកស្ដាយ មិនសញ្ជប់សញ្ចឹង ព្រោះជាអ្នកមានខ្សែដាច់ហើយ ជាអ្នកមិនមានចំណង។
១៥៧, កិលេសជាតិណា ដែលកើតក្នុងកាលមុន អ្នកចូលញ៉ាំងកិលេសជាតិនោះ ឲ្យរីងស្ងួត កិលេសជាតិជាគ្រឿងកង្វល់ កុំមានដល់អ្នក ក្នុងកាលជាខាងក្រោយឡើយ បើអ្នកមិនកាន់យកក្នុងខន្ធជាកណ្ដាលទេ អ្នកនឹងជាបុគ្គលស្ងប់ ត្រាច់ទៅ។
១៦២, សេចក្តីប្រកាន់ ក្នុងនាមនិងរូប ដោយសព្វគ្រប់ នៃបុគ្គលណាមិនមានទេ បុគ្គលនោះ រមែងមិនសោក ព្រោះសត្វនិងសង្ខារ ដែលមិនមាន បុគ្គលនោះឯង រមែងមិនសាបសូន្យ ក្នុងលោកឡើយ។
ព្រះអង្គសាបសូន្យចាករថ សេះ កែវមុន្នី និងកណ្ដុល សាបសូន្យចាបុត្រនិងភរិយា ដូច្នេះដែរ កាលភោគៈទាំងអស់ ព្រះអង្គមិនបានសេពសោយហើយ ហេតុអ្វី ទើបព្រះអង្គមិនក្តៅក្រហាយ ក្នុងការដែលគួរសោក។ ភោគៈទាំងឡាយលះបង់សត្វមុនក៏មាន សត្វលះបង់ភោគៈទាំងនោះ មុនជាងទៅទៀត ក៏មាន បពិត្រព្រះអង្គ អ្នកមានប្រាថ្នាកាម ពួកជនអ្នកមានភោគ: មិនមានអ្វីជារបស់ខ្លួនទេ ហេតុនោះទើបខ្ញុំមិនសោក ក្នុងកាលដែលគួរសោក។ ព្រះចន្ទរមែងរះឡើង រួចពេញវង់ ហើយអស់ទៅវិញ ព្រះអាទិត្យអស់ស្តង់គត់ទៅ លោកធម៌ទាំង៨ខ្ញុំដឹងច្បាស់ហើយ ហេតុនោះ ទើបខ្ញុំមិនសោក ក្នុងកាលដែលគួរសោក។
យូរណាស់ហើយ យើងទើបឃើញព្រាហ្មណ៍ ដែលមានទុក្ខរសាត់ហើយ ដែលមិនមានសេចក្តីត្រេកអរ ដែលមិនមានសេចក្តីតាន់តឹង ជាភិក្ខុឆ្លងតណ្ហា ដែលផ្សាយទៅកាន់អារម្មណ៍ផ្សេងៗក្នុងលោក។
១៦៦, ខន្ធនីមួយ ដែលគួរប្រកាន់ថា នេះជារបស់អញ ឬថា នេះបស់បុគ្គលដទៃ នៃបុគ្គលណាមិនមានទេ បុគ្គលនោះ កាលមិនបានសេចក្តីប្រកាន់ រមែងមិនសោកថា អញមិនមានរបស់នេះ ដូច្នេះឡើយ។
ម្នាលមោឃរាជ អ្នកចូលមានស្មារតីគ្រប់កាលសម្លឹងមើលនូវលោកថាជារបស់សូន្យចុះ បុគ្គលដកអត្តានុទិដ្ធិ ហើយគប្បីឆ្លងមច្ចុបាន ដោយវិធីយ៉ាងនេះ មច្ចុរាជ រមែងមិនជួបប្រទះនូវបុគ្គល ដែលសម្លឹងមើលលោក យ៉ាងនោះ។
បពិត្រអ្នកជាធំ បុគ្គលកាលឃើញនូវការកើតឡើងនៃការប្រព្រឹត្តទៅសុទ្ធ នូវដំណរនៃសង្ខារសុទ្ធ ភ័យរមែងមិនមានដោយពិត បុគ្គលឃើញដោយបញ្ញានូវសត្វលោក ទុកស្មើដោយស្មៅនិងកំណាត់ឈើ ក្នុងកាលណា ក្នុងកាលនោះ រមែងមិនប្រាថ្នានូវវត្ថុដទៃបន្តិចបន្តួច ក្រៅអំពីមិនបដិសន្ធិ។
-វជិរាភិក្ខុនី បានពោលពាក្យនុះ នឹងមារចិត្តបាបថា
ម្នាលមារ អ្នកជឿនូវអ្វីហ្ន៎ថាជាសត្វ ទិដ្ឋិរបស់អ្នកដូចម្ដេចដូច្នោះ ឬនេះជាគំនរនៃសង្ខារសុទ្ធ សត្វក្នុងគំនរនេះ បុគ្គលរកមិនបានទេ ពាក្យថារថដូច្នេះ រមែងកើតមានព្រោះគ្រឿងផ្សំនៃអវយវ:យ៉ាងណាមិញ សេចក្តីសន្មត់ ថាសត្វ ក៏រមែងមានយ៉ាងនោះដែរ ពិតណាស់ ទុក្ខហ្នឹងឯង រមែងកើតឡើង ទុក្ខរមែងឋិតនៅផង រលត់ទៅផង មិនមានធម្មជាតិណាមួយ ក្រៅអំពីទុក្ខ កើតឡើង មិនមានធម្មជាតិដទៃ ក្រៅអំពីទុក្ខរលត់ទៅ។
១៧០, តថាគតដែលត្រូវគេសួរ អំពីពួកបុគ្គលអ្នកមិនញាប់ញ័រហើយ នឹងពោលនូវអានិសង្សនៃពួកបុគ្គលនោះគឺបុគ្គលអ្នកមិនមានសេចក្តីច្រណែន អ្នកមិនប្រាថ្នា អ្នកមិនមានការញាប់ញ័រ អ្នកមានចិត្តស្មើក្នុងធម៌ទាំងពួង។
១៧៤, ការតាក់តែង ណានីមួយ នៃបុគ្គលអ្នកមិនមានការញាប់ញ័រ អ្នកដឹងច្បាស់មិនមានទេ បុគ្គលនោះវៀរចាក ការផ្ដើមផ្សេងៗ រមែងឃើញសេចក្តីក្សេម ក្នុងទីទាំងពួង។
១៧៩, មុនិ មិននិយាយក្នុងហេតុដ៏ស្មើទេ មិននិយាយក្នុងហេតុដ៏ថោកទាបទេ មិននិយាយក្នុងហេតុដ៏ខ្ពង់ខ្ពស់ទេ ព្រោះលោកជាអ្នកស្ងប់ ប្រាសចាកកំណាញ់ មិនប្រកាន់ មិនរលាស់ចោល ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះ។

No comments:

Post a Comment

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ប្រយោជន៍ដ៏ខ្ពង់ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត