និយមន័យពាក្យថា «ប្រជាធិបតេយ្យ»
ពាក្យថា «ប្រជាធិបតេយ្យ» ភាសាអង់គ្លេសថា «Democracy» ភាសាក្រិចមាន ២ ពាក្យថា «Demos»មានន័យថា «ប្រជាជន» និងពាក្យថា «Kratos» មានន័យថា «អំណាច» កាលបើរួមពាក្យទាំងពីរនេះចូលគ្នាមានន័យថា «អំណាចរបស់ប្រជាជន» ឬថា «ប្រជាជនជាម្ចាស់នៃអំណាច» ។
ចំណែកភាសាខ្មែរ ដែលមានមូលដ្ឋានមកពីភាសាបាលី និងភាសាសំស្រ្កឹតវិញថា «ប្រជាធិបតេយ្យ»ញែកចេញជា ២ ពាក្យ គឺ «បជា» ឬ «ប្រជា» មានន័យថា « ពួកសត្វ» ឬ «ប្រជាជន» និងមួយពាក្យទៀតថា «អធិបតេយ្យ» មានន័យថា «ភាពជាធំ» ឬ«អំណាច» រួមទាំងពីរពាក្យនេះចូលគ្នា ទៅជា «ប្រជាធិបតេយ្យ»មានន័យថា «ប្រជាជនជាធំ» ឬ «ប្រជាជនជាម្ចាស់នៃអំណាច» ។ ចំណែកនៅក្នុងវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ដែលបោះពុម្ភផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យថា «ប្រជាធិបតេយ្យ»មានន័យថា«ភាពនៃប្រទេសដែលមានប្រជារាស្រ្តជាអធិបតី គឺប្រទេសឬរដ្ឋបាលដែលមានប្រជាជនជាធំ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ឲ្យជាអ្នកសម្រេចកិច្ចការក្នុងប្រទេស » ។
ពិតណាស់ សមដូចលោករូស្ស៊ីអូ (Rousseau) ជាទស្សនៈវិទូបារាំងនាសតវត្សទី ៨ បានពោលថា «គោលការណ៍របស់ប្រជាធិបតេយ្យ គឺប្រជាជនទាំងមូលជាម្ចាស់នៃអធិបតេយ្យ ហើយប្រជារាស្រ្តខ្លួនឯង ជាអ្នកប្រើប្រាស់អធិបតេយ្យនោះ» ។ ក្នុងន័យនេះ ប្រធានាធិបតីទី ១៦ របស់សហរដ្ឋអាមេរិក គឺលោក Abraham Lincoln បានពោលថា «រដ្ឋាភិបាល (អំណាច) ជារបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន» ។
ដូច្នេះបញ្ជាក់ឲ្យឃើញថា រដ្ឋាភិបាល ដែលមានអំណាចបានក្លាយជាមេដឹកនាំ និងបានភាពជាធំ គឺប្រជាជនជាអ្នកប្រគល់អំណាចឲ្យ ដើម្បីដឹកនាំរដ្ឋ ឬប្រទេសជំនួសពួកខ្លួន (Representative) ដោយខ្លួនមិនចាំបាច់មកអង្គុយក្នុងសភាមិនចាំបាច់សម្រេចនូវរាល់កិច្ចការនានារវាងរដ្ឋមួយទៅរដ្ឋមួយផ្សេងទៀត (Foreign Affairs)ដូចជាការចុះសន្ធិសញ្ញានានា (Treaties) ការប្រកាសង្រ្គាម ការចរចារ(Negotiation) ឬការស្វែងរកសន្តិភាពដោយផ្ទាល់ឡើយ ព្រោះគេមានប្រមុខរដ្ឋរបស់ពួកគេ ដែលគេជ្រើសរើសរួចហើយ ដោយសម្លេងភាគច្រើនឲ្យចេញមុខជំនួស ។ មេដឹកនាំ ឬរដ្ឋាភិបាលនោះជាអ្នកធានា ឬនាំមកនូវសមភាព តុល្យភាព សុវត្ថិភាព ស្ថេរភាព ភាតរភាព សិទ្ធិសេរីភាព ទាំងផ្នែកសេដ្ឋកិច្ច ទាំងផ្នែកនយោបាយ និងដឹកនាំរដ្ឋទៅកាន់ភាពរុងរឿងដោយទទួលបាននូវកិត្យានុភាព និងទទួលស្គាល់លើឆាកអន្តរជាតិឲ្យដល់ម្ចាស់អំណាច គឺពលរដ្ឋដែលមានវត្តមាននៅក្នុងសង្គម ឬនៅក្នុងរដ្ឋនោះៗ ។ ដូច្នេះអំណាចនេះ គឺជារបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន ។
ប្រជាធិបតេយ្យមាន២ប្រភេទគឺ
១-ប្រជាធិបតេយ្យដោយត្រង់ (Directive Democracy) មានន័យថា ប្រជាជនដែលរស់នៅក្នុងសង្គម ឬរដ្ឋនោះៗ មានសិទ្ធិសេរីភាពស្មើៗ គ្នា ក្នុងការរស់នៅ ក្នុងការប្រកបមុខរបរ មិនថាផ្នែកសេដ្ឋកិច្ចមិនថាផ្នែកនយោបាយ គឺគ្រប់គ្នារួមគ្នាជាកម្លាំងមួយ ជួយអភិវឌ្ឍន៍សង្គម ឬរដ្ឋ ថែមទាំងជួយដោះស្រាយរាល់បញ្ហា ដែលពួកខ្លួនត្រូវប្រឈមមុខទៀតផង ។ ប្រជាធិបតេយ្យបែបនេះ ច្រើនឃើញមាននៅក្នុងសម័យក្រិចបុរាណ ។ សព្វថ្ងៃប្រជាធិបតេយ្យដោយត្រង់ (Directive Democracy) នេះ មិនឃើញមានវត្តមាននៅលើប្រទេសនានាឡើយ តែក៏ឃើញមានប្រើនៅក្នុងសង្គមតូចៗ ដូចជា សមាគមន៍ សហគមន៍ ឬអង្គការនានាផងដែរ ។
២-ប្រជាធិបតេយ្យដោយតំណាង (Representative Democracy) មានន័យថា គឺពលរដ្ឋជ្រើសរើសតំណាងរបស់ខ្លួនដែលខ្លួនយល់ឃើញថា មានសមត្ថភាពដើម្បីដឹកនាំរដ្ឋដោយសន្លឹកឆ្នោត ។ ប្រជាធិបតេយ្យបែបនេះ គឺឲ្យតំលៃខ្លាំងណាស់ទៅលើបុគ្គលដែលមានសុឆន្ទៈ មានសុទិដ្ឋិនិយម មានទស្សនៈវិស័យល្អ មានសមត្ថភាព ថែមទាំងឲ្យតំលៃទៅលើសិទ្ធិសេរីភាព កម្មសិទ្ធិឯកជនផងដែរ ។
ចំនុចសំគាល់របស់វា ក៏គឺនៅត្រង់
-ពហុបក្ស (Multi-parties)
-ការបោះឆ្នោត
-ការកំណត់អាណត្តិ
-គោរពសម្លេងភាគច្រើន
-ការបែងចែកអំណាច
-មួយនាក់មួយសន្លឹក
-មិនបន្លំសន្លឹកឆ្នោត
-ជ្រើសរើសម្នាក់ក្នុងចំណោមគណបក្សដែលឈ្នះឆ្នោត
-គាំទ្រឲ្យមានទីផ្សារសេរី ។
ពហុបក្ស មានន័យថា គណបក្សមានចាប់ពីពីរគណៈបក្សឡើងទៅ ហើយគណបក្សទាំងអស់មានការប្រកួតប្រជែងគ្នានៅក្នុងរង្វង់ច្បាប់ ។
ការបោះឆ្នោត មានន័យថា សង្គម ឬរដ្ឋាភិបាលនោះ មានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ឃុំ សង្កាត់ ទាំងអស់។ កាលណាមានការបោះឆ្នោតទូលំទូលាយអញ្ចឹង នេះហើយជាលក្ខណៈនៃប្រជាធិបតេយ្យ ឬក៏ប្រើពាក្យមួយថា democratization ភាសាខ្មែរថា ប្រជាធិបតេយ្យភាវូបនីយកម្ម ។
ការកំណត់អាណត្តិ មានន័យថា បីឆ្នាំ បួនឆ្នាំ ឬ ប្រាំឆ្នាំ ។ល។ មានការបោះឆ្នោតសារជាថ្មី ។
គោរពសម្លេងភាគច្រើន មានន័យថា រាល់កិច្ចការនយោបាយ កិច្ចការធំរបស់ជាតិត្រូវបានសម្រេចដោយមតិភាគច្រើន គឺចង់និយាយថា ៥០+១ ។
មានការបែងចែកអំណាច មានន័យថា មានការបែងចែកអំណាចដាច់ពីគ្នា រវាងអំណាចនីតិបញ្ញតិ្ត អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។
មួយនាក់មួយសន្លឹក មានន័យថា ប្រជាពលរដ្ឋមួយនាក់ មានសទ្ធិជ្រើសរើសអ្នកតំណាង ឬបោះឆ្នោតឲ្យបេក្ខជន ឬបេក្ខនារីទាំងនោះ បានតែមួយសម្លង ឬមួយសន្លឹកប៉ុណ្ណោះ ។
មិនបន្លំសន្លឹកឆ្នោត មានន័យថា ការគណនាសម្លេងឆ្នោត ត្រូវសុក្រឹតភាព ដោយជៀសវាងជា ខាច់ខាតនូវការបំភាន់ ក្លែងបន្លំ និងគួរគេចឲ្យផុតនូវរាល់អគតិ គឺការរាប់សម្លងឆ្នោត មានភាពទៀងត្រង់ មិនលំអៀង ។
ជ្រើសរើសម្នាក់ក្នុងចំណោមគណបក្សដែលឈ្នះឆ្នោត មានន័យថា សមាជិកក្នុងបក្ស ដែលឈ្នះឆ្នោតទាំងអស់ ត្រូវជ្រើសរើសម្នាក់ ដែលមានសុឆន្ទៈ មនោគតិ ឧត្តមគតិ មានវិចារណញ្ញាណ មានទស្សនវិស័យល្អ គិតបានល្អ ជាវាគ្មិន មានវោហារស័ព្ទ ប្រសប់ជានិយាយ ថែមទាំងជាបុគ្គលដែលខ្មីឃ្មាត ឧស្សាហ៍ និងសកម្មក្នុងកិច្ចការបក្ស និងសាធារណប្រយោជន៍ទៀតផង ពោលគឺជាបុគ្គលដែល «គិតយ៉ាងណា និយាយយ៉ាងណា ធ្វើយ៉ាងនោះ » ឲ្យធ្វើឯកភាពជានាយករដ្ឋមន្រ្តី ។
គាំទ្រឲ្យមានទីផ្សារសេរី មានន័យថា ជាទីផ្សារសម្រាប់សាធារណជន ដើម្បីលក់-ទិញ-ដូរ គឺជាទីផ្សារដែលមានការបើកចំហរ ។ល។ ទីផ្សារនេះ គឺឲ្យតំលៃទៅលើបុគ្គល ឬមូលធនបុគ្គលទាំងក្នុង និងក្រៅស្រុក ។
ចំណុចទាំងនេះហើយ គឺជាចំណុចសម្គាល់ថា (រដ្ឋមួយ សង្គមមួយ ឬក៏រដ្ឋាភិបាលមួយកំពុងតែដើរតាមផ្លូវ) ប្រជាធិបតេយ្យពិត ។
No comments:
Post a Comment