សូក្រាត (Socrates) កើតនៅឆ្នាំ ៤៦៩ មុន គ.ស ជិតក្រុងអាតែននៃប្រទេសក្រិចគឺកើតក្រោយសង្រាមនៅសាឡាមីន ១០ ឆ្នាំ ។ បិតារបស់គាត់ ឈ្មោះសូប្រូនីស៍ ជាជាងចម្លាក់នៅក្រុងអាតែន មាតាឈ្មោះហ្វេណារ៉ែត ជាឆ្មបជួយសង្រ្គោះជីវិតមនុស្សមិនរើសមុខ ។ដូច្នេះហើយបានជាសូក្រាតតែងនិយាយថា«ម្តាយខ្ញុំជាឆ្មបសំរាលកូន ឯខ្ញុំជាឆ្មបសំរាយគំនិត» ។
តាមឯកសាររបស់អារីស្តូតបានបញ្ជាក់ថា សូក្រាតមានភរិយាឈ្មោះសង់ទីប និងមានកូន ៣ នាក់ ។កូនរបស់សូក្រាត ជាជនសាមញ្ញខាងផ្លូវបញ្ញា និងគំនិតគ្មានទេពកោសល្យ ដូចឪពុកឡើយ ។ សូក្រាតជាយុវជនដ៏ឆ្នើមឯកម្នាក់ គាត់ធ្លាប់ចូលប្រយុទ្ធក្នុងឋានៈជាទាហាននៃកងពលថ្មើរជើងនៅសមរភូមិជាច្រើនដូចជានៅស្រុកសាមូសនៅទីប៉ូដេនៅដេលឺយុង.....ជាដើម ៕
លក្ខណៈទូទៅរបស់សូក្រាត
លោកសូក្រាត (៤៦៩-៣៩៩) មុន គ.ស បានក្លាយជាអ្នកទស្សនវិជ្ជាម្នាក់ដែលសំខាន់ និងល្បីល្បាញនៅក្នុងប្រវត្តិសាស្រ្តរបស់ពិភពលោក ។ គាត់ត្រូវបានរដ្ឋាភិបាលក្រុងអាតែន ដែលគ្រងប្រទេសខ្លួននាពេលនោះ តាមរបបប្រជាធិបតេយ្យបែបផ្ទាល់ បានចោទប្រកាន់គាត់ថាគាត់មិនបានគោរពដល់ព្រះរបស់ទីក្រុងនាសម័យនោះ ហើយនឹងបានផ្សព្វផ្សាយ នូវដំណឹងអកុសលផ្សេងៗទៀត ហើយថែមទាំងបានបំផ្លាញដល់អនាគតរបស់យុវជន ។ នៅពេលនោះរដ្ឋាភិបាលយល់ថា ផ្នែកនយោបាយពុំមានទោសកំហុសអ្វីទេចំណែកឯបញ្ហាសាសនាវិញស្ថិតក្រោមសមត្ថកិច្ចរបស់រដ្ឋ ។ លោកសូក្រាតបានបង្រៀនថា «នយោបាយ គឺជាសិល្បៈដែលទាមទារឲ្យមាននូវចំណេះដឹងជាមូលដ្ឋានដ៏ល្អ» ។ទោះជាយ៉ាងណាក៏ដោយ ក្នុងចំណោមនោះ មានប្រជាជនភាគច្រើនរាប់បញ្ចូលទាំងអ្នកនយោបាយនាសម័យនោះ ពុំមានចំណេះដឹងជាមូលដ្ឋានល្អនោះឡើយ ហើយជាហេតុធ្វើឲ្យពួកគេពុំអាចដោះស្រាយនូវបញ្ហានយោបាយបានល្អទេ ។ ទស្សនៈខាងលើនេះ វាប្រឆាំងទៅនឹងគំនិតប្រជាធិបតេយ្យរបស់អាតែន ដែលត្រូវការចាំបាច់នូវសំឡេងមនុស្សគ្រប់រូបត្រាប់តាមមាត់របស់ពួកគេដូចៗគ្នា ។ ហើយនៅពេលនោះ សូក្រាតបានទាក់ទងនឹងពួកគណាធិបតេយ្យ(Oligarchy)ដែលកាន់អំណាចនៅក្រុងអាតែនក្នុងកំឡុងឆ្នាំ ៤១១ មុន គ.ស ហើយឆ្នាំ ៤០៤-៤០៣ មុន គ.ស. ហើយកិច្ចការរបស់ពួកគណាធិតយ្យ (Oligarchy) នេះត្រូវបាពួករាជាធិបេតយ្យ (Monarchy) នាពេលនោះគិតថាមានគ្រោះថ្នាក់បំផុត ។ មួយចំនួននៃពួកនេះមានពីរបីនាក់ធ្លាប់ជាអតីតក្លើរបស់គាត់ពីមុន ។ទោះជាយ៉ាងណាក៏ដោយ សូក្រាតយល់ថា ពលរដ្ឋទាំងអស់ ទោះជាក្នុងករណីណាក៏ដោយត្រូវតែគោរពបង្គាប់របស់រដ្ឋ ហើយមិនអាចក្បត់នឹងមនសិការនេះឡើយ ។ គាត់បានប្រកែកដាច់ខាតចំពោះការជួយរូបគាត់ឲ្យរត់ចេញពីគុក ។ ហេតុផល ៣ យ៉ាងដែលគាត់បានផ្តល់គឺ៖
១-កិច្ចការទំនាក់ទំនងរវាងរដ្ឋ ហើយនឹងពលរដ្ឋ គឺវាមិនដូចគ្នាទៅនឹងទំនាក់ទំនងរវាងឪពុកម្តាយហើយនឹងកូនទេ គឺថារដ្ឋជំពាក់គុណពលរដ្ឋ ព្រោះថាពលរដ្ឋ ជាឪពុកម្តាយរបស់រដ្ឋ ។
២-ក្នុងនាមសូក្រាត ជាអ្នកគោរពច្បាប់ម្នាក់ ហើយគាត់ជាពលរដ្ឋអាតែនគាត់បានទទួលនូវការទំនុកបំរុងនានាដើម្បីទ្រទ្រង់ជិវិតរបស់គាត់ ដូច្នេះគាត់បានចុះហត្ថលេខាជាមួយអាតែនថា គាត់ត្រូវតែគោរពច្បាប់អាតែន ។
៣-ការរំលោភលើច្បាប់រដ្ឋ ហើយប្រសិនបើអ្នកគ្រប់គ្រងគិតថា ត្រឹមត្រូវនោះលទ្ធិផលបានមកវិញគឺប្រកបដោយគ្រោះថ្នាក់បំផុត ក្នុងការវិនិច្ឆ័យតាមគតិយុត្តបែបនេះ ។
លក្ខណៈសំខាន់ៗមួយចំនួនទៀត
សូក្រាត ត្រូវបានជនជាតិក្រិចទាំងអស់ប្រសិទ្ធិនាមថា ជាបិតាទស្សនៈវិជ្ជានិងជាបិតាវិទ្យាសាស្រ្តនយោបាយ ។ ប្រជាជនអាតែននាពេលនោះ ទទួលស្គាល់គាត់ថា ជាវាគ្មិនពូកែនិយាយពូកែសួរ ពូកែឆ្លើយ ទីណាមានសូក្រាត ទីនោះមានមនុស្សរោមជុំវិញ ។ កិច្ចការរបស់គាត់គឺស្វែងរកការពិតមានសុភវិនិច្ឆ័យសមហេតុផលមានតំលៃមានសុជីវធម៌ សីលធម៌ ដែលកត្តាទាំងនេះជាលក្ខណៈរបស់រដ្ឋ និងច្បាប់ ។ បើមានការភិក្សាស្តីអំពីសីលធម៌នយោបាយគាត់បានពន្យល់ច្បាស់លាស់និងមានលក្ខណៈនិយមន័យ ។ លោកបានលើកពីលក្ខណៈខុសគ្នារវាងសិទ្ធិពិត និងច្បាប់រដ្ឋ ឃើញថាចំនុចទាំងពីរនេះមានប្រភពចេញអំពី Intellector Reason ទាំងអស់ជាដំបូង ។ គាត់បានព្យាយាមធ្វើការបកស្រាយឆ្លុះបញ្ចាំងពីការរៀបចំប្រមូលផ្តុំនូវលក្ខណៈធម្មជាតិ Intellect ដែលជាប្រភពមានសុជីវធម៌នៃនយោបាយ និងនៃបាតុភូតផ្សេងៗរបស់ច្បាប់ ។ ដូច្នេះគាត់បានចេញនូវសេចក្តីសន្និដ្ឋានថា Intellect យុត្តិធម៌ និងច្បាប់វាជាសទិសន័យនឹងគ្នា ។ សូក្រាត ជាមនុស្សម្នាក់ដែលគោរពច្បាប់បំផុត ព្រោះច្បាប់ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ហើយពលរដ្ឋត្រូវតែទទួលខុសត្រូវរាល់ទង្វើរបស់ខ្លួន ។ម្យ៉ាងទៀត ការបង្ហាញឲ្យឃើញនូវភាពត្រឹមត្រូវមួយទៀត អំពីច្បាប់ និងយុត្តិធម៌ គុណធម៌ព្រមទាំងអំពើល្អដែលផ្តល់ផលប្រយោជន៍ទាំងអស់នេះ អាចចាត់ទុកក្នុងចង្កោមដែលមានមូលដ្ឋានពីចំណេះដឹង និងការអប់រំល្អ ។ទស្សនៈខុសគ្នាអំពីសុជីវធម៌ច្បាប់នយោបាយ ហើយនឹងការអនុវត្តន៍ជាក់ស្តែងរបស់រដ្ឋាភិបាល ហើយមិនមែននៅតែក្នុងរបបប្រជាធិបតេយ្យ (Democracy) ប៉ុណ្ណោះទេ សូម្បីតែនៅក្នុងរបបគណាធិបតេយ្យ (Oligarchy) របបទុជនាធិបតេយ្យ (Tyranny) អភិជនាធិបតេយ្យ (Aristocracy)ផងដែរ ។សូក្រាត បានតិះទៀន នូវរាល់កំហុសទាំងឡាយរបស់រដ្ឋដែលគ្មានភាពសច្ចៈបង្ហាញពីហេតុផលឲ្យបានច្បាស់លាស់ឡើយ ។ ចំណេកឯទស្សនៈទ្រឹស្តីនយោបាយវិញការបកស្រាយរបស់សូក្រាតពុំមានលក្ខណៈដូចទៅ នឹងការបកស្រាយរបស់អ្នកបា្រជ្ញដទៃឡើយ ។រដ្ឋដែលរីកចម្រើន គឺដោយសារច្បាប់ដឹកនាំ។គាត់បានឲ្យតំលៃយ៉ាងខ្លាំងរបស់ពួកអភិជនាធិបតេយ្យ (Aristocracy) ហើយបដិសេធនូវការដឹកនាំបែបប្រជាធិបតេយ្យជ្រុល ដែលជាកត្តាធ្វើឲ្យប្រទេសជាតិជួបនូវវិបត្តិជាច្រើនរហូតរលាយដល់រដ្ឋាភិបាលនោះតែម្តង ។ សូក្រាតឃើញភាពអសមត្ថភាពរបស់មេដឹកនាំប្រជាធិបតេយ្យនាសម័យនោះ។ អ្នកដឹកនាំត្រូវតែមាននូវចំណេះដឹងយល់ដឹងច្រើនហើយការទាមទារនេះ គឺគំនិតចំបងរបស់សូក្រាតស្តីអំពីសុភវិនិច្ឆ័យរបស់រដ្ឋាភិបាល និងសិទ្ធិជាកត្តាចាំបាច់ដំបូងដែលមានការពាក់ព័ន្ធចាំបាច់ទៅគ្រប់ទម្រង់ គ្រប់គ្រងនយោបាយទាំងអស់ស្តេចទាំងឡាយនិងអ្នកដឹកនាំទាំងឡាយ ត្រូវមានលក្ខណៈចាំបាច់ជាច្រើនដូចខាងលើមិនមែនសំដៅទៅលើតែមនុស្សពាក់ម្កុដ និងគ្រឿងអលង្ការពេញខ្លួន ឬមិនមែនសំដៅទៅលើតែមនុស្សដែលគេជ្រើសរើសដោយសារមានទ្រព្យសម្បត្តិច្រើនឬប្ញកពាខ្ពស់សមរម្យ ឬមិនមែនសំដៅទៅលើមនុស្សដែលបានអំណាចដោយសារកម្លាំងអាវុធ និងអំពើហិង្សាពូកែភូតភរនោះទេ ក៏ប៉ុន្តែចាំបាច់ត្រូវការអ្នកមានសមត្ថភាពដឹកនាំនិងគ្រប់គ្រង ។ ការតិះទៀនគំនិតនយោបាយស្តីអំពីចំណេះដឹងក្នុងការដឹកនាំដែលត្រូវមាននោះ បានងាកចេញឆ្ងាយអំពីគោលការណ៍នានារបស់ប្រជាធិបតេយ្យពួកគហបតីរបស់ពួកអេលីត និងរបស់ពួកផ្តាច់ការ ។ សូក្រាតតិះទៀនរបបផ្តាច់ការខ្លាំងជាងគេបំផុត ។
ក្នុងគំរោងនៃគំនិតនយោបាយរបស់សូក្រាត បានបង្ហាញ នូវភាពមានសមត្ថភាព ក្នុងការដឹកនាំ ចេះវិធីសាស្រ្ត និងចំណេះដឹង ដែលចាំបាច់សម្រាប់ដឹកនាំ ពោលគឺគោលការណ៍សំខាន់ៗ ទាំងអស់នៃសមត្ថភាព នៃការគ្រប់គ្រងមិនតែប៉ុណ្ណោះ នៅក្នុងគំរោងគំនិតនយោបាយ បានព្យាយាមពន្យល់ទ្រឹស្តីខ្លះនិងបង្កើតនូវមូលដ្ឋាន នៃសុជីវវិនិច្ឆ័យ ហើយនឹងខ្លឹមសាររបស់រដ្ឋ ។ ដោយមានជំនឿជឿជាក់លើគំនិត និងចំណេះដឹងរបស់ខ្លួន ស្គាល់ច្បាស់ថាអ្វីជាយុត្តិធម៌ជាច្បាប់ ហើយនឹងធ្វើជាគំនិតសុភវិនិច្ឆ័យ ក្នុងការដឹកនាំគ្រប់គ្រង ចំណែកសូក្រាត ជាច្រើនលើកច្រើនសារ ធ្លាប់បានប្រឈមមុខគ្នា ជាមួយរដ្ឋអំណាច (ដូចរដ្ឋអំណាចប្រជាធិបតេយ្យ បែបផ្ទាល់ និងរដ្ឋអំណាចផ្តាច់ការ) ក្នុងគោលបំណងព្យាយាមបញ្ចូល នូវឥទ្ធិពលទៅលើគូបដិបក្ស និងបញ្ចូលនូវនយោបាយតិះទៀន ដ៏ល្បីល្បាញរបស់គាត់ ។ ក៏ប៉ុន្តែចុងបញ្ចប់សូក្រាតត្រូវតែផឹកថ្នាំពិស ។ ការកាត់ទោសសូក្រាត ដោយមេដឹកនាំក្រុងអាតែន ដែលកាន់របបប្រជាធិបតេយ្យ ដោយបានចោទប្រកាន់ថាគាត់មិនជឿព្រះ មិនគោរពច្បាប់ និងបំផ្លាញអនាគតយុវជន ។ ការកាត់ទោសប្រហារជីវិត ពុំបានធ្វើឲ្យសូក្រាតតក់ស្លុតឡើយ ផ្ទុយទៅវិញ គាត់នៅតែមានជំនឿទៅលើគោលការណ៍របស់គាត់ មិនរំលោភច្បាប់ មិនធ្វើអ្វីដែលឆ្លើយតបនឹងភាពគ្មានយុត្តិធម៌ ដោយអំពើអយុត្តិធម៌ឡើយ ហើយគាត់បានបដិសេធ ចំពោះការជួយគាត់ឲ្យរត់ចេញពីគុក ។ មរណៈភាពរបស់សូក្រាតបានលេចឡើងនូវចំណោទជាច្រើន រាប់មិនអស់ ស្តីអំពីការគំរាមគំហែងដល់បញ្ញាវន្ត ដែលកំពុងតែចូលរួមក្នុងកិច្ចការនយោបាយ ។ទ្រឹស្តីរបស់សូក្រាត ជិវិតរបស់គាត់ និងមរណៈភាពរបស់គាត់ បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងផងដែរ មកលើអ្នកបា្រជ្ញដែលទទួលស្គាល់ស្នាដៃ និងគំនិតរបស់គាត់ជំនាន់ក្រោយៗ ថែមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំង ទៅលើទំព័រប្រវត្តិទស្សនវិជ្ជា និងគំនិតនយោបាយ ។ ឥទ្ធិពលសូក្រាតបានសម្តែងឡើងនូវជ័យជំនះដ៏ធំធេងរបស់គាត់ ក៏ដូចជារបស់ប្រជាជនក្រិចទាំងមូល ស្តីអំពីគំនិតនយោបាយ និងច្បាប់ដូចជាទស្សនៈនយោបាយរបស់ ផ្លាតូ ហើយនឹងនយោបាយវិទ្យារបស់លោក អារីស្តូត ៕
វិធីសាស្រ្តបង្រៀនរបស់សូក្រាត
សូក្រាត មានវិធីបង្រៀនពីរយ៉ាងគឺ សិល្បៈបង្កើតគំនិត និងការចំអក ។ សូក្រាត ប្រើវិធីបង្កើតគំនិត ចំពោះមនុស្សសាមញ្ញ ដែលមិនចេះអួតអាង ហើយដឹងថាខ្លួនគ្មានចេះអ្វីសោះ ។ សូក្រាត ប្រើវិធីចំអកចំពោះពួកសូហ្វីស (ពួកទស្សនវិជ្ជាមួយក្រុម ដែលប្រឆាំងនឹងទស្សនវិជ្ជារបស់សូក្រាត) ពួកនេះអួតអាងមានជំនឿថា ខ្លួនមានចំណេះជាសកល ។ ឃ្លាចំបងរបស់សូក្រាតស្តីពីទស្សនវិជ្ជាគឺ «ខ្ញុំដឹងតែមួយមុខគត់ គឺគ្មានចេះអ្វីសោះ» ៕
ទស្សនវិជ្ជារបស់សូក្រាត
ទស្សនវិជ្ជារបស់សូក្រាតគឺ៖
-ត្រូវយល់ពីដំណើរប្រព្រឹត្តទៅនៃធម្មជាតិ។
-ត្រូវយល់អ្វីដែលនៅជិតយើងមុននឹងយល់អ្វីដែលនៅឆ្ងាយពីយើង។
-ត្រូវស្គាល់ខ្លួនឯងដោយខ្លួនឯង។
-ត្រូវដុះខាត់ព្រលឹង(ចិត្ត)ឲ្យបានប្រសើរជាងដុះខាត់សរីរៈ។
-ត្រូវនិយមប្រើពាក្យថា«ខ្ញុំមិនចេះអ្វីសោះ»។
-ត្រូវជជែកគ្នាដើម្បីរកការពិតព្រោះការជជែកជាវិធីបង្កើតគំនិត។
-លទ្ធផលដែលល្អជាលទ្ធផលដែលបានទទួលការរិះគន់រួចហើយ។
សូក្រាតពោលថា «ពុំមានអ្នកណាម្នាក់ កាចដោយចេតនាទេ ។ មនុស្សម្នាក់ៗ សុទ្ធតែមានបំណងល្អ តែបើប្រែជាអាក្រក់វិញ គឺពិតជាមានបុព្វហេតុ ដូចជាបុព្វហេតុផ្ទាល់ខ្លួន ឬក្រៅខ្លួន» តែចំពោះបា្លតុងវិញយល់ថា «មនុស្សកើតមកមានអាកប្បកិរិយាខុសៗ គ្នា ខ្លះល្អ ខ្លះអាក្រក់ ខ្លះស្លូត ខ្លះកាចតាមនិស័យពីធម្មជាតិ» ។ ក្នុងតំលៃសីលធម៌ សូក្រាត ចេញមុខប្រឆាំង នឹងពួកសូហ្វីស ជាពួកពូកែអួត ដែលចូលចិត្តយកពាក្យសំដីទៅប្រើផ្លូវខុស ហើយធ្វើអាកប្បកិរិយា ដូចជាអ្នកចេះដឹងច្រើន ។ សូក្រាត ជាមនុស្សថ្មីចំឡែក ដែលបានក្លាយជាទស្សនវិទូគំរូមួយរូប សម្រាប់មនុស្សជំនាន់ក្រោយ ។ គេតែងនិយាយថា «សូក្រាត ជាមនុស្សនៃក្រុងអាតែន ដែលមានរូបអាក្រក់ ហើយល្អជាងគេបំផុត» ៕
No comments:
Post a Comment