ខន្តីលោកចាត់ជាតបធម៌ដ៏ឧត្តមក្រៃលែងមួយក្នុងការកម្ចាត់អំពើអាក្រក់ទាំងឡាយ មានការំលោភបំពាន និងហិង្សាជាដើម និងជាគ្រឿងអលង្ការដ៏ល្អឯកសម្រាប់បុរសស្ត្រីផងដែរ។ កាលបើបុគ្គលមានការអត់ឱនឱ្យគ្នានិងគ្នាហើយ ក៏ត្រូវមានការឧបត្ថម្ភទ្រព្យសម្បត្តិរបស់ខ្លួនតទៅទៀតដែលលោកហៅថាចាគៈនោះឯង។ ចាគៈគឺជាការលះបង់សេចក្តីកំណាញ់ចេញឱ្យអស់ ហើយយកទ្រព្យសម្បត្តិដែលខ្លួនមានមួយចំណែកទៅធ្វើជាទានដល់អ្នកដែលគួរឲ្យទៅតាមទម្លាប់ព្រះពុទ្ធសាសនា។ គ្រហស្ថគប្បីបែងចែកទ្រព្យសម្បត្តិរបស់ខ្លួនជាចំណែក៤គឺៈ
១-ចិញ្ចឹមខ្លួន ចិញ្ចឹមមាតាបិតា បុត្រ ភរិយា ទាសកម្មករឲ្យបានសុខស្រួល
២-ទំនុកបម្រុងកល្យាណមិត្ត មិត្តល្អតាមដែលអាចធ្វើទៅបាន
៣-ប្រើប្រាស់ទ្រព្យនៅពេលកើតមានគ្រោះអន្តរាយដោយប្រការផ្សេងៗ
៤-ឲ្យទានដល់អ្នកបួសដែលប្រព្រឹត្តល្អ ។
បុគ្គលស្វែងរកទ្រព្យសម្បត្តិដោយផ្លូវសុចរិត គួរចេះចាយវាយនូវទ្រព្យនោះឲ្យបានជាប្រយោជន៍ មិនត្រូវទុកទ្រព្យឲ្យនៅទំនេរទេ។ បុគ្គលណាចាយវាយប្រើប្រាស់ទ្រព្យសម្បត្តិចិញ្ចឹមខ្លួន និងមាតាបិតាជាដើមផង បុគ្គលនោះឈ្មោះថា កាន់យកនូវប្រយោជន៍នៃទ្រព្យនោះដោយប្រពៃ។ ដោយឡែកបុគ្គលប្រើប្រាស់ទ្រព្យដែរ តែប្រើប្រាស់ក្នុងផ្លូវឥតប្រយោជន៍ ផ្លូវអន្តរាយដូចជា លេងល្បែងភ្នាល់ និងផ្គាប់ផ្គុនស្រីញីជាដើម ឈ្មោះថាមិនបានកាន់យកនូវប្រយោជន៍អំពីទ្រព្យសម្បត្តិនោះឡើយ ។
No comments:
Post a Comment