ប្រវត្តិ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ទំនៀមចូលឆ្នាំ - Business Buddhism

Website

ប្រវត្តិ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​ទំនៀមចូលឆ្នាំ

ចែករំលែកចំណេះដឹង

 មនុស្ស​គ្រប់​ជាតិ​សាសន៍ តែង​ប្រារព្ធ​ពិធី​ចូលឆ្នាំ​ថី្ម​ដែល​ជា​ប្រពៃណី​របស់​ប្រជាជាតិ​រៀងៗ​ ខ្លួន។ គ្រាន់​តែ​គេ​និយម​កំណត់​ពេល​វេលា​នៃ ការរៀបចំ​បុណ្យ​នេះបែ្លកៗ​​គ្នា​ស្រប​ទៅ​តាម​ជំនឿ​ទំនៀម​ទម្លាប់និង​ប្រពៃណី​ របស់​​គេ​ប៉ុណ្ណោះ។ ជនជាតិ​ខែ្មរ​យើង ក៏​មាន​ប្រវតិ្ត​ធ្វើ​បុណ្យចូលឆ្នាំ​តាំង​ពី​បុរាណកាល​ជា​រៀង​រាល់​ឆ្នាំ​ រហូត​មក យើង​បាន​ប្រទះឃើញ​ឯកសារ​ជាច្រើន ដែល​និយាយ​ពី​ពិធី​បុណ្យចូលឆ្នាំ​និង​ឧស្សាហ៍ បាន​ស្តាប់​ការ​និទាន​រឿង​របស់​ចាស់ទុំ​ជា​ច្រើន។


១- ពេលវេលា​ចូល​​ឆ្នាំខ្មែរ
២- ទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរ
៣- ជំនឿទេវតា​ឆ្នាំថ្មី
៤- ទំនៀមចូលឆ្នាំ
៥- វាលុកចេតិយ
៦- រួមអានិសង្ស
៧- អានិសង្សវាលុកចេតិយ
៨- ផ្សឹកវាលុកចេតិយ
៩- ល្បែងប្រជាប្រិយខ្មែរ
១០- របាំប្រពៃណីខ្មែរ

ពិធីបុណ្យ​នេះ ដែល​មាន​និទាន​ជាលំដា​ប់ដូចតទៅ៖ 


១- ពេលវេលា​ចូល​​ឆ្នាំខ្មែរ

កាលដើម​ឡើយ​ខ្មែរយើង​ប្រារព្ធ​ធ្វើ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ក្នុង​ខែ​មិគសិរ ព្រោះ​គេ​កំណត់​យកខែ​នេះជា​ដើមឆ្នាំ។

នាសម័យ​ពីព្រេងនាយ​ឆ្នាំនីមួយៗ ចែកជាបី​រដូវគឺ ហេមន្តរដូវ គិម្ហរដូវ និងវស្សានរដូវ។ បុរាណ​លោក​គិត​​

ហេមន្ត​រដូវ = រដូវ​ត្រជាក់​ចាត់​ទុកជា​រដូវ​ដើម​ឆ្នាំ​ ប្រៀប​បាន​ដឹង​​ពេល​​ព្រឹក​ដែល​​ផុតពី​រាត្រី​គឺជាដើមថ្ងៃ។

គិម្ហរដូវ = រដូវ​ក្ដៅ​ត្រូវ​សន្មត​ទុក​ជា​កណ្ដាល​ឆ្នាំ​ប្រៀប​ដូច​ជា​ពេល​ថ្ងៃត្រង់។

វស្សានរដូវ = ជារដូវ​មេឃ​មីរ​ងងឹត​មាន​ភ្លៀង​ផ្គរ​ត្រូវ​ទុក​ជា​ចុង​ឆ្នាំ​ប្រៀប​បាន នឹងពេលព្រលប់។

ចំណេរកាល​ក្រោយមក គ្រាដែល​បុព្វបុរស​ខ្មែរយើង អនុលោម​ប្រើចុល្លសករាជ ជា​សំខាន់​នោះមិន​ដឹង​ជា​ប្រើ​នៅ​ក្នុង​រដូវ​កាល​ នៃ​ព្រះរាជា​មួយព្រះអង្គ ទើប​កាល​ចូល​ឆ្នាំថ្មី​មាន​ការ​ប្រែ​ប្រួល​​ហើយ​កំណត់​យក​ខែចេត្រ ជាខែដើមឆ្នាំវិញ ព្រោះ​បុព្វ​បុរស​យើង​យល់​ថា​ស្ថិត​នៅ​ក្នុង​ខែ​មិគសិរ នេះប្រជានុរាស្ត្រ កសិករខ្មែរ​យើង​ជាប់​រវល់​មមា​ញឹក​ក្នុង​បេសកកម្ម​មាន​ការ​រៀប ចំ​​ធ្វើស្រែចម្ការ​ជាដើម។ ទើបលោកកំណត់​យកពេល​ចូលឆ្នាំ​មកធ្វើ​នៅក្នុង​កំលុង​ខែ ចេត្រ​វិញ ពីព្រោះថា ខែចេត្រ​កិច្ចការ​ច្រូតកាត់​បោក​បែន​របស់​ប្រជា​កសិករ​បាន​ចប់​សព្វ​គ្រប់​ហើយ​ បណ្ដាប្រជាពល​រដ្ឋខ្មែរ យើងមាន​ពេល​ទំនេរ​មាន​ឱកាស ដើម្បី​ធ្វើ​បុណ្យ​ទាន​តាម​ធន​ធាន​​របស់​ខ្លួនមាន។ ម្យ៉ាងទៀតបានកម្សាន្ត​សប្បាយ​តាម​សេចក្ដី​ប្រាថ្នា​ការ​កំណត់​នេះ​ក៏​ជាប់​​ជា​ប្រពៃណីរ​ហូតមក​ដល់សព្វ​ថ្ងៃនេះ។

 

២- ទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរ

បុណ្យចូល​ឆ្នាំខ្មែរ​ជាព្រឹត្តិការណ៍​យ៉ាង​ធំមួយ​ក្នុងទឹក​ចិត្ត និងជីវភាព​ខ្មែរមុន​ពេល​បុណ្យ​ចូលឆ្នាំ​មកដល់ គេ​នាំ​គ្នារៀប​ចំបោស​សម្អាត តុបតែង​ផ្ទះសម្បែង​សម្អាត​ទីធ្លា​វត្ត​អារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋាន សង់​រាន​ទេវតា បុកអង្កររកឧសដងទឹក ត្រៀម សម្លៀក​បំពាក់​ថ្មីៗ​ ។ល។ ឲ្យ​ហើយស្រេច។

ពេល​ចូលឆ្នាំ ជាពេល​ជម្រះ​ឧបទ្រពចង្រៃ​ នៃឆ្នាំចាស់ ឲ្យជ្រះស្រឡះ​ដើម្បី​ទទួល​ឆ្នាំថ្មី ទេវតា​ថ្មី ​ក្នុង​ក្ដី​សោម​នស្ស​ក្សេម​ក្សាន្ត និងសុភមង្គល។ ឆ្នាំថ្មីមក​ដល់ ស្នូរស្គ រ​គាំង​សំឡេង​ធម៌​ពរ​ជ័យ​ លាន់ឮ រន្ទឺអឺងកង ចេញ​ពី​វត្ត​​អារាម និងពី​ភូមិ​ប្រជាជន ព្រោះ​វត្តខ្លះ​នៅ​ឆ្ងាយ​ពី​ភូមិ​គេ​រៀប​ចំ​កន្លែង​មួយ​ក្នុង​ភូមិ​របស់​គេ រួចនិមន្ត​ព្រះ​សង្ឃ​មក ។​ ភ្លើង​ទៀន​ឆេះ​ព្រោង​ព្រាត ផ្សែង​ធូប​ហុយ​​ចេញ​​ពី​គ្រប់​​​រាន​​ទេវតា​​​តាមដង​ផ្លូវមុខ​ផ្ទះ​សំបែង​វត្ត​អារាម។ ចាស់ទុំ ក្រមុំ កំលោះ​ក្មេង​ក្មាង​តូចធំ​ប្រដាប់​ប្រដា​ដោយ​សម្លៀក​បំពាក់​ស្អាតៗ ចេញមក​ទទួល​ទេវតា​ឆ្នាំថ្មី។ ម្នាក់ៗ​មាន​ទឹកមុខ​រីករាយ​ស្រស់​ស្រាយ រំភើ​បក្រៃលែ​ង​ ក្រមុំ – កំលោះ ក្មេងៗ​សប្បាយ​ក្អាក​ក្អាយ​​ជាង​គេ ព្រោះជា​ឱកាស​ក៏ពិសេស​បំផុត​សម្រាប់​ពួក​គេចូល​ឆ្នាំថ្មី​កម្សាន្ត​លេង​ល្បែង​ប្រជា​ប្រិយ​ជាមួយ​គ្នា​​ដោយ​គ្មាន​ចាស់​ទុំណា​ម្នាក់ឃាំង​ឃាត់​អ្វីឡើយ។

ពេលព្រលប់​គេនាំគ្នា​ទៅស្ដាប់​ធម៌​អាថ៌​ ជាការ​ផ្ដុំ​នូវ​កុសល​សម្រាប់​ជីវិត​ជាតិ​នេះ​និង​ជាតិ​ខាង​មុខរួច​ក៏មក​ប្រមូល​ផ្ដុំគ្នា​លេង​ល្បែងប្រ​ជាប្រិយ​ផ្សេងៗ តាម​ចំណង់​ចំណូល​​ចិត្ត។ គេនាំ​គ្នាលេង​ល្បែង ចាប់កូនខ្លែង លាក់​កន្សែង ក្រុងកូនមាន់ ទាញព្រ័ត្រ ឬច្រៀង ចម្រៀង​ប្រពៃណី ឬលេង​ស្ដេចចង់ ចោលឈូង បោះអង្គញ់ លោតអន្ទាក់ រាំវង់ ។ល។ យ៉ាង​សប្បាយ​រីករាយ​។ ទោះបីយ៉ាង​ណាគេពុំ​ភ្លេចរៀប​ចំចង្ហាន់​ទៅប្រគេន​ដល់​ព្រះសង្ឃ ដើម្បី​បង្សុកូល​ឧទ្ទឹស​កុសលជូ​នបុព្វការីជន ញាតិសន្ដាន ដែល​បានចែក​ឋានទៅ​កាន់​បរលោក​ហើយ​នោះ​ទេ​។ គេនាំគ្នា​ជញ្ជូន​ដីដាក់​វត្ត ពូនភ្នំខ្សាច់ រែកទឹក​ស្រង់​ព្រះពុទ្ធរូប ព្រះសង្ឃចាស់ៗ ព្រឹទ្ធាចារ្យ​ ពេលត្រឡប់​ដល់ផ្ទះ​វិញ​គេអញ្ជើញ មាតាបិតា ចាស់ទុំ មក​ផ្ងូត​ទឹក​ហើយ​ជូន​សម្លៀក​បំពាក់ថ្មីៗ នំចំណី​ដើម្បី​ជាកិច្ច​តបស្នង​សងគុណ​ចំពោះ​បុព្វការី​ជន ​របស់​គេ​ជា​។ ទម្លាប់​​ដល់​ថ្ងៃ​​ឆ្លង​បុណ្យ គេពិនិត្យឃើញ​​តាមក្រោម​ម្លប់​ឈើធំៗ មាន​លេង​ល្បែង​ប្រជា​ប្រិយ​ផ្សេង​ៗ តាមចំណង់​ចំណូល​ចិត្តរៀងៗ​ខ្លួន អ្នកខ្លះ​ទៀត​គេនាំ​គ្នាទៅ​ទស្សនា​កម្សាន្ត ប្រាសាទ​បុរាណ និង​រមណីយដ្ឋាន គោរព​បូជា​វត្ថុស័ក្តិសិទ្ធិ​ភ្ជាប់​បរិយាកាស​រីករាយ​នេះទៅ នឹង​បរិយាកាស​សម័យ​ពីព្រេង​នាយ ដ៏​រុងរឿង តាមតំបន់​ជាច្រើន​យ៉ាង​សន្ធឹក​សន្ធាប់។

នៅ​ក្នុង​​ពេល​ចូល​ឆ្នាំ​ម្ដងៗ ពួកគេ​មិន​មែន​សប្បាយ​ត្រឹម​តែ រយៈ​ពេល​៣ថ្ងៃ​ប៉ុណ្ណោះ​ទេ​គេ​ចាប់លេង​សប្បាយ​របៀប​នេះមុន និងក្រោយ​ថ្ងៃចូល​ឆ្នាំ​ប៉ុន្មាន​ថ្ងៃទៀត​ផង ហើយគេ​នាំ​គ្នា​ធ្វើ​បុណ្យ​កុសល ឲ្យអស់ចិត្ត​សប្បាយ​ដើម្បី​អបអរសាទ​រចំពោះ​ជីវិត​ថ្មី​របស់​គេ ដែល​បាន​ហែល​ឆ្លង​កាត់​ឧបសគ្គ ទទួលជោគជ័យក្នុ​ងរយៈ​ពេលឆ្នាំ​ចាស់​កន្លងទៅ និង​ដើម្បី​ត្រៀម​ចាំ​ទទួល​ភារកិច្ចថ្មី ត្រៀមចាំ​រដូវសាប​ព្រោះ ដកស្ទូង ត្រៀមចាំទឹក​ភ្លៀង ដែលនឹង​បង្អុរចុះ​មក នា ដើមវស្សាន​រដូវ នៃឆ្នាំថ្មី​ដ៏ខ្លីខាងមុខ។

 

៣- ជំនឿទេវតា​ឆ្នាំថ្មី
 

ពាក្យថា«សង្ក្រាន្ត​​»គឺជាចន្លោះ​ពេលវេលា នៃដំណើរដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ដែលមាន​ការ​ទាក់​ទង​យ៉ាង​ជិត​ស្និត ជាមួយនិងរាសីចក្រទាំង៧ ក្នុងសង្រ្គាន្ត។ សូត្រ​និទាន​ថា ក្នុងដើម​​ភទ្ទកប្ប​​នេះមាន​​បុរស​ម្នាក់​ឈ្មោះ ធម្មបាល ជា​អ្នក​ប្រាជ្ញ​ចេះ​ចប់​ត្រៃ​វេទ ។ ឳពុក ធម្មបាល បានសាងសង់​ប្រាសាទមួយ នៅក្រោម​ដើម​​ជ្រៃ នៅ​ច្រាំងទន្លេ ដែល​មាន​ហ្វូង​សត្វ​រស់​នៅជាច្រើន ធម្មបាលកុមារ​មានសមត្ថភាពពិសេស អាច​និយាយ និងស្តាប់​​ភាសា​​សត្វ​ទៀត​​ផង។ ខណៈនេះហើយដែលធ្វើឱ្យគាត់ ក្លាយជាមនុស្សម្នាក់ ដែល​មាន​តួនា​ទី​ក្នុង​ការ​ចាត់​ចែង​ពិធី​បុណ្យសម្រាប់ប្រជាជនទាំងអស់។ ​ធម្មបាល ​តែង​សម្ដែង​មង្គល​ដល់​មនុស្ស​ផង​ទាំង​​ពួង។ ក្នុងការលេចឮ ដល់មេដឹកនាំសាសនាដ៏ទៃទៀត ដែលស​ម័យ​នោះ​​គេគោរ​ព​បូជា​​មហា​ព្រហ្ម។ មហា​​ព្រហ្ម​បានជ្រាប​ថា ធម្មបាល​កុមារ ជាអ្នក​ប្រាជ្ញក៏​បាន​​ដាក់​ប្រស្នា៣ខ ទៅ ​ធម្មបាល ​ហើយ​សន្យា​ថា ប្រសិន​​បើធម្មបាល​ដោះ​ស្រាយ​​ប្រស្នា​នេះរួច កបិល​មហា​ព្រហ្ម​នឹងកាត់ព្រះ​សិរសរបស់​​ខ្លួន​ បូជា​ធម្មបាល តែ​បើ​​ធម្មបាល​ដោះ​ស្រាយ​ប្រស្នាមិ​នរួ​ច​ទេ​ត្រូវ​​កាត់​ក្បាល​​បូជា​​មហា​ព្រហ្មវិញ។

ធម្មបាល​សុំបង្អង់​៧​​ថ្ងៃសិន ដើម្បីគិត​ប្រស្នា​ប៉ុន្តែ​៦​ថ្ងៃ​កន្លង​ផុតទៅ ហើយ​នៅតែ​គិត​មិន​ឃើញ​សោះ។ ធម្មបាល​ក៏សម្រេច​ចិត្តរត់គេចពី កបិល​មហា​ព្រហ្ម​​ ដោយ​បណ្តោយ​តាម​វាសនា​ ដោយ​ភាព​អស់​កំលាំង​ និង​នឿយ​​ហត់ពេកធម្មបាលកុមារ  បាន​ទៅសម្រាក​ក្រោម​ដើម​ត្នោត​ ដែល​​ជា​លំ​នៅ​នៃ​​សត្វ​ឥន្ទ្រី​មួយគូរ។ ជា​ភ័ព្វ​​​សំ​​ណាង​​​ធម្មបាល​បានឮ​សត្វ​ឥន្ទ្រី ញី ឈ្មោល និយា​យ​គ្នា៖

ញី– តើ​ព្រឹកស្អែក​នេះយើ​ង​​បាន​​អីឆី?

ឈ្មោល– យើងឆីសាច់ធម្មបាល​កុមារ​ ព្រោះ​ត្រូវ​​កបិល​​មហា​​ព្រហ្ម​​កាត់ក ដោយ​​ដោះប្រស្នា​មិន​រួច។

ញី– ប្រស្នានោះ​ដូច​ម្ដេច?

ឈ្មោល- ​ប្រស្នា​ទី១ វេលាព្រឹក​សិរី​សួស្តីស្ថិតនៅ​ត្រង់ណា? ត្រូវ​ឆ្លើយ​ថាសិរីសួស្តី​ពេល​ព្រឹក​​​ស្ថិតនៅ​មុខ​ ដូច្នេះ​មនុស្ស​ទាំង​ឡាយ​ត្រូវ​យក​ទឹកលាង​មុខប្រស្នា​ទី២ ថ្ងៃត្រង់​សិរី​​សួស្តីស្ថិត​នៅត្រង់ណា? ត្រូវឆ្លើយ​ថាសិរីសួស្តី​ស្ថិត​នៅដើម​ទ្រូង​ ដូច្នេះ​​មនុស្ស​ត្រូវ​​លាង​​ទ្រូង ​ឬយកទឹក​មកស្រឡាប​លើទ្រូង។ ប្រស្នា​ទី៣ ពេល​យប់​​សិរី​សួស្តី​ស្ថិតនៅត្រង់​ណា? ឆ្លើយ​ថា​សិរី​សួស្តី​ស្ថិត​​នៅជើង ដូច្នេះមនុស្សត្រូវ​លាងជើង។

ហេតុនេះ​ពាក្យពេចន៍​ទាំងប៉ុន្មាន​របស់ស​ត្វ​ឥន្ទ្រី​ទាំងពីរ​ក៏បាន​ជាពន្លឹក ដល់ធម្មបាល ក្នុង​ការដោះស្រាយ​ប្រស្នា កបិលមហាព្រហ្ម រួចចៀស​ផុតពីមរណៈ។ កបិលម​ហា​ព្រហ្ម សុខ​ចិត្ត​ចុះចាញ់​ដោយ​កាត់​ព្រះសិរសា​បូជា​ចំពោះ​ធម្មបាល​។​ មុននឹង​កាត់ព្រះ​សិរ​សា កបិល​មហា​ព្រហ្ម បានត្រាស់​ហៅទេព​​ធីតា​ទាំង៧អង្គ ដែលជា​បុត្រី របស់ខ្លួន ដោយឆ្តាំថា ព្រះសិរ របស់កបិល​មហា​ព្រហ្ម មិនអាចដាក់ក្នុងភពទាំងបី ណា​មួយ​បាន​ទេ ​​បើដាក់លើដី ដីនិងឆេះ បើបោះទៅក្នុងអាកាស នឹងបង្កឱ្យមានភាពរាំងស្ងួត​គ្មានភ្លៀង បើសិន​បោះ​ចូល​សមុទ្រ សមុទ្រនិងរីងស្ងួត ។ ទើប​កបិល​មហា​ព្រហ្ម ឱ្យបុត្រីទាំង៧ យកជើងពានមកតម្កល់ ព្រះសិ​រសា ​ដោយប្រគល់ឱ្យ ទៅបុត្រីទី១ ព្រះនាម ទុង្សា ទេវី ដែលជាបុត្រីច្បង ហើយ​ព្រះនាង​បាន​កំដរ​សិរសា​បិតា​​ដាក់​លើជើង​ពាន រួចធ្វើពិធីប្រទាក់សិនជុំវិញភ្នំព្រះសុមេរុអស់រយៈ​ពេល ៦០នាទី រក្សាជើង​ពាន​យ៉ាង​គោរ​ព​នៅលើព្រះហស្ថស្តាំ ហើយបន្តទៅ ប្រតិស្ឋាន​ទុក​នៅ​ក្នុងមណ្ឌលភ្នំកៃលាស។

លុះដល់​គម្រប់មួយ​ឆ្នាំសង្ក្រាន្ត​ថ្មីចូល​មកដល់ ទើបនាងធីតា​ទាំង​៧អង្គ ផ្លាស់​វេន​គ្នា​ដង្ហែ​ព្រះសិរសា កបិល​មហា​ព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុ​ជារៀង​រាល់ឆ្នាំ។

ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គ្រឿងអាភរណៈ

ថ្ងៃ ទេពធីតាមហាសង្រ្កាន គ្រឿងអាភរណៈ
ថ្ងៃអាទិត្យ ព្រះនាង ទុង្សាទេវី សៀតផ្កាទទឹម​​ គ្រឿងប្រដាប់បទុមរាគ ភក្សាហារ​ផ្លែ​ឧទុម្ពរ អាវុធ​ស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ ។
ថ្ងៃចន្ទ័ ព្រះនាង គោរាគទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធ​ស្តាំព្រះខ័ន អាវុធឆ្វេងឈើច្រត់ ពាហនៈ ខ្លា ។
ថ្ងៃអង្គារ ព្រះនាង រាគ្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត
អាវុធ​​ស្តាំត្រីសូល៍ អាវុធឆេ្វងធ្នូ ពាហនៈអស្សតរ ។
ថ្ងៃពុធ ព្រះនាង មណ្ឌាទេវី សៀតផ្កាចំប៉ា គឿ្រងប្រដាប់ពិទូរ្យ ភក្សាហារ​ទឹកដោះ​សប្បិ​ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។
ថ្ងៃព្រហស្បតិ៍ ព្រះនាង កិរិណីទេវី សៀតផ្កាមណ្ឌា  គ្រឿងប្រដាប់មរកត  ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។
ថ្ងៃសុក្រ ព្រះនាង កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារ​ចេក​​ណាំវ៉ា អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណ ពាហនៈក្របី ។
ថ្ងៃសៅរ៍ ព្រះនាង មហោទរា សៀតផ្កាត្រកៀត  គ្រឿងប្រដាប់នីលរត័ន៍  ភក្សាហារសាច់ទ្រាយ អាវុធស្តាំ កងចក្រ  ឆេ្វងត្រីសូល៍ ពាហនៈក្ងោក ។

ដោយ​មានជំនឿ​បែប​នេះ​ហើយ ទើប​ខ្មែរ​យើង​បាន​រៀប​ចំពី​បូជា​ទេវតា​ដែល​ត្រូវ​ដង្ហែ​ព្រះសិរសា កបិល​មហា​ព្រហ្ម​ និង​ត្រូវ​អភិបាល​ពិភព​លោក​រាល់ឆ្នាំ​ចូលម​ក​ដល់​មិន​ដែល​អាក់​ខាន​ឡើយ​។

 

៤- ទំនៀមចូលឆ្នាំ
 

ទំនៀម​​ពិធី​​ចូល​​ឆ្នាំ​​​ប្រព្រឹត្ត​​ទៅ​​ចំនួន ៣ថ្ងៃ។ ថ្ងៃ​ដំបូង​ជា​ថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ​វារៈវ័នបត ថ្ងៃទី៣ ជាថ្ងៃ​វារៈឡើង​ស័ក។ ឯ​ការ​​កំណត់​ខែ ថ្ងៃ ម៉ោង នាទី​​ ដែល​ឆ្នាំ​ចាស់​​ត្រូវ​ផុត​កំណត់ ហើយ​ទេព្តា​​ឆ្នាំ​ថ្មី​ត្រូវ​ចុះ​មក​​ទទួល​​តំណែង​​ពី​ទេព្តា​​ឆ្នាំ​​ចាស់​​នោះ គេ​អាច​ដឹង​​បាន​យ៉ាង​​ទៀង​ទាត់ ដោយ​​អាស្រ័យ​​តាម​ក្បួន​ហោរា​សាស្ត្រ​​បែប​​បុរាណ ​គឺ​ក្បួន​មហាសង្ក្រាន្ត​ នេះឯង។

តើ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ របស់​ខ្មែរ​យើង​ត្រូវ​លើ​ខែ​ណា ? ថ្ងៃ​ណា ? ចាប់​ពី​ត្រឹម​​សម័យ​ក្រុង​​នគរធំ​ឡើង​​ទៅ​ខ្មែរ​​យើង​ប្រើ​​ចន្ទគតិ (ដំណើរ​ព្រះចន្ទ) ទើប​​កំនត់​យក​​ខែ​មិគ​​សិរ​ ជា​ខែ​ចូល​ឆ្នាំ ហើយ​ជា​ខែទី​១ ខែកត្តិក ជា​ខែ​ទី១២ ។ លុះ​ក្រោយ​​មក​ទើប​គេ​​និយម​ប្រើ​សុរិយគតិ (ដំណើរ​ព្រះអាទិត្យ)ជា​សំខាន់​​វិញ​ហើយ កំណត់​ ចូលឆ្នាំ​ក្នុង​ខែចែត្រ (ខែទី៥) ដែល​ជា​ឆ្នាំ​​កំនត់​ព្រះអាទិត្យ​ចូល​កាន់​​មេ​រាសី ហើយ​ថ្ងៃ​ចូល​ឆ្នាំ រ​មែង​ត្រូវ​លើថ្ងៃ​ទី១៣ នៃ​ខែមេសា (ចេត្រ) រៀង​រាល់ឆ្នាំ ប៉ុន្តែ​យូរៗ​​ទៅ​មាន​​ភ្លាត់​ម្តងៗ ចូល​ឆ្នាំ​​ក្នុង​ថ្ងៃទី១៤ ក៏​មាន​ខ្លះដែរ ។ មហា​សង្ក្រាន្ត​​ដែល​​ប្រើ​​របៀប​​គន់គូរ​​តាម​​សុរិយ​គតិ​មាន​​ឈ្មោះ​ថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យ​ដើរ​​ត្រង់​ពី​លើ​ក្បាល​​ជា​​សង្ក្រាន្ត)។ មហា​សង្ក្រាន្ត​​ដែល​ប្រើ​​របៀប​​គន់​គូរ​​តាម​ចន្ទ​គតិ​ហៅថា «អាយន្តសង្ក្រាន្ត» (ពេល​ដែល​​ព្រះអាទិត្យ​​ដើរ​បញ្ឈៀង​​មិន​ត្រង់​​ពី​លើ) ។ គេ​នៅ​​ប្រើ​ចន្ទ​គតិ​​អែប​គ្នា នឹ​ង​​សុរិយគតិ​ដែរ ព្រោះ​ច​ន្ទគតិ​មាន​​ទំនាក់ទំនង​​នឹង​​ពុទ្ធប្បញ្ញត្តិ​ច្រើន ។ ចំនែក​​ឯ​ថ្ងៃ​ចូលឆ្នាំ​​តាម​ចន្ទគតិ​មិន​បាន​ទៀង​ទាត់​ជា​ថ្ងៃ​​ណា​មួយ​ទេ ជួន​កាល​​ចូល​ឆ្នាំ​ក្នុង​វេលា​ខ្នើត ជួនកាល​ទៀត​ក្នុង​វេលា​រនោច​ទៅ​វិញ ។ ប៉ុន្តែ​នៅ​ក្នុង​រវាង​១​ខែគឺ​មិន​មុន​ថ្ងៃ ៤​កើត ខែ​ចេត្រ និង​មិន​ហួស​ថ្ងៃ ៤​កើត ខែ​ពិសាខ​ទេ ដូចនេះ​សង្ក្រាន្ត​ខ្លះ​ធ្លាក់​ទៅ​ក្នុង​ខែ​ពិសាខ​ក៏​មាន ។

ចំពោះ​ពិធី​ផ្សេងៗ​ខ្មែរ​យើង​មាន​រៀបចំ​​តាម​ប្រពៃណី​ដូច​ត​ទៅ នៅ​ពេល​មុន​​ចូល​ឆ្នាំ​​គេ​នាំ​​គ្នា​​ប្រុង​​ប្រៀប រក​ស្បៀង​​អាហារ​​សំអាត​​ផ្ទះ​សំបែង រែក​ទឹក​ដាក់​​ពាង រក​អុស​​ទុក​កាត់​​សំលៀក​បំពាក់​ថ្មីៗ​ជា​ដើម ។

ថ្ងៃ​ចូល​ឆ្នាំ​មក​​ដល់​គេ​រៀប​​គ្រឿង​​សក្ការៈ​​បូជា​​សំរាប់​​ទទួល​​ទេវតា​ថ្មី​​មាន : បាយ​សី​​មួយ​គូ ស្លា​ធម៌​១​គូ ធូប​៥ ទៀន​​៥ ទឹកអប់​១​គូ ផ្កា​ភ្ញី លាជ ទឹក​មួយ​ផ្តិល និងភេសជ្ជៈនំនែក ផ្លែ​ឈើ​គ្រប់​មុខ​។ ចំនែក​ផ្ទះ​​សំបែង​​គេ​តុប​តែង​​រំលេច​​ដោយ​​អំពូល​អគ្គីសនី​ខ្សែ​តូចៗ​​ចំរុះ​ពណ៌ រឺ​ចង្កៀង​គោម គ្រប់​ពណ៌​​សំរាប់​​ទទួល​​ទេព្តា​ថ្មី​។ លុះ​ដល់​​វេលា​​កំណត់​​ទេព្តា​ថ្មី​ចុះ​​មក​ហើយ គេ​នាំ​កូ​ន​ចៅ​​អង្គុយ​ជុំ​គ្នា នៅ​ជិត​​កន្លែង​រៀប​​គ្រឿង​សក្ការៈ​នោះ ហើយ​​អុជ​ទៀន ធូប​បាញ់​ទឹកអប់ បន់​ស្រន់​សុំ​សេចក្តី​សុខ​ចំរើន​គ្រប់​ប្រការ​ពី​ទេព្តា​ថ្មី ។ ចំពោះ​គ្រឿង​សក្ការៈ ​និង​​ក្រយា​ស្ងោយ​ដាក់​ថ្វាយ​ទេព្តោ​នាះ គេ​និយម​តំរូវ​តាម​ចិត្ត​ទេវតា​ដែល​នឹង​ត្រូវ​ចុះ​ក្នុង​ឆ្នាំ​នីមួយៗ​។

ឧទាហរណ៍ : បើ​ទេវតា​ដែល​ត្រូវ​ចុះ​មក​នោះ​សោយ​ល្ង សណ្តែក គេ​ដាក់​សណ្តែក ល្ង ថ្វាយ…ឯ​ពិធី ៣​ថ្ងៃ​នៃ​ថ្ងៃ​​ចូល​​ឆ្នាំ​​នោះ​គឺ :

ថ្ងៃទី១ : គេ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ។ ពេល​ល្ងាច​គេនាំ​គ្នា​ជញ្ជូន​ខ្សាច់​សាង​វា​លុក​ចេតិយ​នៅ​ជុំវិញ​​ព្រះវិហារ រឺ​នៅ​ជុំវិញ​​ដើម​ពោធិ៍ណា​មួយ​នៅ​ក្នុង​វត្ត​នោះ ។ នៅ​ពេល​ព្រលប់​គេ​​ប្រគេន​​ភេសជ្ជៈ​ដល់​ព្រះសង្ឃ និមន្ត​លោក​ចំរើន ព្រះបរិត្ត និង​សំដែង​ធម្ម​ទេសនា ។

ថ្ងៃទី២ : កូនចៅ​ជូន​សំលៀក​បំពាក់ នំ​ចំណី លុយ​កាក់​ដល់​អ្នក​មាន​គុណ មាន​ឪពុក​ម្តាយ ជី​ដូន​ជីតា​ជា​ដើម ។ ជួន​កាល​គេ​ធ្វើ​ទាន ដល់​មនុស្ស​បំរើ រឺ​អ្នកក្រីក្រ​ទៀត​ផង ។ ពេល​រសៀល​គេ​នាំ​គ្នា​ទៅ​ពូន​ភ្នំ​ខ្សាច់​ទៀត ហើយ​សូត្រធម៌​អធិដ្ឋាន​ភ្នំខ្សាច់​ដែល​គេ​សន្មត់​ទុក​ដូច​ជាចូឡាមណី ចេតិយ ហើយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​ចេតិយ​បញ្ជូន​មគ្គផល​ដល់​វិញ្ញាណ​ក្ខន្ធ​បង ឬ ប្អូនដែល​បាន​ស្លាប់​ទៅ ។

ថ្ងៃទី៣ : ពេល​ព្រឹក​និមន្ត​ព្រះសង្ឃ​ឆ្លង​ភ្នំខ្សាច់ ។ ពេល​ល្ងាច​និមន្ត​ព្រះសង្ឃ​ស្រង់​ទឹក និង​ស្រង់ព្រះពុទ្ធរូប (តាម​ការ​និយម​នៃស្រុក​ខ្លះ) ។ នៅ​ក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​ថ្មី​នេះ គេ​នាំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​កំសាន្ដ​សប្បាយ​ជា​ច្រើន ដូច​ជា​លេង បោះ​អង្គញ់ ចោល​ឈូង ទាញ​ព្រ័ត្រ លាក់​កន្សែង ចាប់​កូន​ខ្លែង​ជា​ដើម និង​មាន​របាំត្រុដិ (ច្រើន​មាន​នៅខេត្តបាត់ដំបង និង សៀមរាប) ជា​ពិសេស​ទៀត​គឺ​រាំ​វង់​តែ​អាស្រ័យ​ទៅ​តាម​ការ​និយម​ចូលចិត្ត​របស់​មនុស្ស​ ម្នាក់ៗ គឺ​ខ្លះ​និយម​នាំ​គ្នា​ដើរ​​កំសាន្ដ​បន្ត ខ្លះ​និយម​ធ្វើ​បុណ្យ​ទាន​តាម​វត្ត​អារាម។

 

៥- វាលុកចេតិយ
 

ពាក្យ​​សាម​ញ្ញ​ហៅ​ថា «ពូនភ្នំខ្សាច់» ។ ការ​ពូន​ភ្នំនេះ​​គឺ​គេ​យក​ខ្សាច់​​សុទ្ធ​មក​​ចាក់​នៅ​​កណ្តាល​ទីធ្លា ​ដែល​គេ​ បាន​​កំណត់ រួចពូនអោយ​​ចេញ​ជា​រាង​​ចេតិយ​បែរ​មុខ​ទៅ​ទិស​ខាង​កើត ហើយ​គេ​​សន្មត់​​ហៅ​ថា «វាលុក​ចេតិយ​» គឺ​តំណាង​​អោយ​ព្រះ​ចូឡាម​ណី​ចេតិយ ​ដែល​សាង​​សំរាប់​​បញ្ចុះ​​ព្រះ​កេសា និង​​ព្រះ​ចង្កូម​កែវ​​នៃ​ព្រះ​ពុទ្ធ​បរមគ្រូ ។ ការពូន​​ភ្នំ​នេះ បច្ចុប្បន្ន​តំបន់​ខ្លះ គេ​និយ​ម​ពូន​ភ្នំ​អង្ករ​នៅសាលា​​ឆាន់ ឬ ក្នុង​ព្រះវិហារ​​ផង​ដែរ។ ភ្នំខ្សាច់​​ដែល​​គេ​ពូន​​មិន​មាន​​កំណត់​ថា ត្រូវ​មាន​​ខ្នាត​តូច​​ខ្ពស់​​ទាប​​ប៉ុណ្ណា​ទេ គឺ​ប្រព្រឹត្ត​​ទៅ​តាម​​ការ​ពេញ​ចិត្ត​របស់​​អ្នក​ស្អាង​។ ប៉ុន្តែ​ចាំ​បាច់​ត្រូវ​មាន​​ភ្នំ​មួ​យ​នៅ​​កណ្តាល ហើយ​ត្រូវ​​មាន​​ភ្នំ​តូច​ៗ ៤ ​ព័ទ្ធ​ជុំវិញ​​គ្រប់​ទិស​តូច​ទាំង ៤ ។ នៅ​ជុំវិញ​​ភ្នំ​គេ​មាន​​ធ្វើរាជ​វត័ តុប​តែង​​លំអ​ស្លឹក​​ដូង ស្លឹក​​រំសែ​​ជា​បួន​​ជ្រុង​​មាន​​ទ្វារ ចេញ​​ចូល​តាម​ទិស​​ធំ​ទាំង ៤ ។ នៅ​ជុំវិញរា​ជ​វ័តគេ​​មាន​​រៀប​រាន​​ទេវតា​គ្រប់​​ទិស​ទាំង ៨។ នៅ​លើ​រាន​​ទេវតា​និមួយៗ​​គេ​រៀប​ស្លាធម៌​​មួយ​គូ​បាយ​​សី​មួយ​ថ្នាក់ មួយ​គូ ទៀន​៥ ធូប​៥ ផ្កាភ្ញី និង​អុជ​​ទៀន​​ធូប​​ថ្វាយ ។ នៅ​ពី​​មុខ​​ភ្នំ​ខ្សាច់​​ក្រៅ​រាជវត័ គេ​រៀប​រាន​ធំៗ​បី​ទៀត សំរាប់​ថ្វាយ​ព្រះយម​រាជ ស្ថិត​នៅកណ្តាលខាង​ឆ្វេង​រាន​ព្រះយម​រាជ គឺ​រាន​ព្រះពុទ្ធ​គុណ និង​ខាងស្តាំ​គឺ​រាន​ព្រះពិស្ណុការរាន​ធំ​ទាំង​បី​នេះ គឺ​គេ​រៀប​គ្រឿង​សក្ការៈ​បូជា​ដូច​រាន​ទេវតា​ដែរ តែ​បាយ​សី​ខ្ពស់​រហូត​ដល់ ៩​ថ្នាក់ និង​មាន​ដាក់​សំលៀកបំពាក់​ឆ្វេងស្តាំ ហើយ​មាន​ដាក់​ក្រយា​ថ្វាយ​សោយ​ទៀត​ផង។ ការ​សាង​វា​លុក​ចេតិយ​នេះ ដោយ​គេ​សំគាល់​ថា នឹង​បាន​ជា​ផល្លា​និសង្ស​វិសេស​វិសាល​ណាស់ ដូច​មាន​សំដែង​ក្នុង​រឿង «អានិសង្សវាលុកចេតិយ» មហា​សំការ​សូត្រ ។

 

៦- រួមអានិសង្ស
 

ព្រះបរម​សាស្តាទ្រង់បានសំដែង​អំពីអានិសង្ស​ ដែលបានកសាង​បុណ្យកុសល ក្នុងឱកាស​ដាច់ ឆ្នាំចាស់ ចូល​ឆ្នាំថ្មី ដោយពិស្តារ​អ្នកដែលបាន ផ្ងូតទឹកអោយមាតា​បិតាគ្រូ​ឧបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងឱកាស សង្ក្រាន្ត​នោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរដាសដោយ​ពពួក​នាង​នារី​សឹងមានរូបឆោម​ដ៏ល្អនិងសំបូរដោយ​ចតុរង្គសេនា ជាអ្នក បាននូវ​សេចក្តីសុខ​គ្រប់យ៉ាង ។ អ្នក​ដែល​បាន​លែង​សត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយ​អំណាច​ដែល​បាន​លែង​សត្វ​អម្បាល​នោះអ្នក​នោះ​រមែងជា អ្នកមានអាយុ​យឺនយូរ ជាអ្នក​មាន​សុខ​ច្រើន​ឥត​មាន​រោគ​ភ័យ​មក​បៀត​បៀន​ក្នុងកាលទាំងពួង ប្រកបតែសេចក្តីសុខ។ ដោយផល្លានិ​សង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះ​ទោះ​ទៅ​កើតក្នុង ភពណាៗក្តី រមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមាន​សម្បុរ​កាយ​ផូរ​ផង់ ជាទី គាប់ចិត្តជាទីគួរអោយមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះ សូត្រ និង​ព្រះ​វិន័យ ជាអ្នកទ្រទ្រង់និងចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺន យូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយា​នូវ​គណាញាតិសុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹក ក្នុងពេលចូលឆ្នាំ។ ដោយ​ប្រការ​ដូច្នេះហើយបានជានៅឱកាសចូលឆ្នាំ មនុស្សទាំងឡាយតែង នាំគ្នាដោះ​លែង​សត្វ​ផ្សេងៗ​តែង​នាំគ្នា​ធ្វើ​បុណ្យ​ផ្សេងៗ..ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។

 

៧- អានិសង្សវាលុកចេតិយ
 

អំពីមហា​សំការ​សូត្រ​នៅមាន​រឿង​ទៀត​ហៅថា «អានិសង្សវាលុកចេតិយ» ជារឿង​ដែល​គេ តែង​ជា​ភាសា​ខ្មែរ​មក​យូរ ហើយមានចំនួន ១ខ្សែសំដែងអំពីការសាងវា​លុក​ចេតិយថាមានផល្លា និសង្សជា​អនេ​កប្បកា​រវេលា​ឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿង អានិសង្សវាលុកចេតិយនោះនាំនិទាន ៣ រឿងម​កប្រកបជាឧទាហរណ៍គឺ :

និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅនាសម័យមួយបាវិកបើក សំពៅទៅជួញ​បាន​ប្រទះ​ឃើញផ្នូក​ខ្សាច់សល្អនៅតាម​ឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ ដែលទៅជួញ ជាមួយគ្នា​បើក​សំពៅ​ឆៀង​ចូល​ចត​នៅទៀប ផ្នូកខ្សាច់នោះ ហើយនាំគ្នាក ជាវាលុកចេតិយឧទ្ទិស​ជាតំណាងចូ​ឡាមណី​ចេតិយ​ដែល​បញ្ចុះព្រះ​ចង្កូម​កែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណសឹង​ប្រតិស្ឋាន​នៅឋាន​ត្រៃត្រិង្ស​ទេវ​លោក​​ស្រេចហើយ​ពួកពាណិជ ទាំងនោះក៏បេះយកផ្កា​ឈើមកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំ​គ្នាចុះ​សំពៅ​បើកចេញ ទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយ បានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិលុះច្យុតពីសួគ៌ក៏កើតក្នុងមនុស្ស លោកបាន​ជា​ស្តេច​​ឯរាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិក ពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាច​ផល្លានិសង្ស ដែលបានវាលុកចេតិយ ។

និទានទី២ ដំណាលពីនាយ​នេសាទ១ នាក់ (មិនប្រាកដឈ្មោះ) ថានាយនេសាទនោះ ធ្វើតែបាប​សំលាប់ស​ត្វប​រិភោគតាំងពី​តូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ ម្តងសោះ ។ នាថ្ងៃមួយ​មាន​ភិក្ខុ​សង្ឃ ១រូបនឹកអាណិតនាយនេសាទខ្លាំងណាស់ក៏គិតរក ឧបាយអោយបានសាងបុណ្យកុសលខ្លះ លុះ​គិត​ដូច្នេះ​លោកក៏ឃ្លុំចីវរកាន់យកនូវបាត្រ ដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះ​វេលា​ព្រឹកនាយ​នេសាទ​លី​លំពែង​ ១ និងពុនបាយ ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។   ដំបូង​នាយ​ នេសាទប្រកែកដាច់ខាតថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏ រំលែក បាយ ១​ពំនូត​ប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ ត្រូវ ពួកយម បាល​ឬ​យម​ភូបាល​យកខ្លួនទៅសួរយកចំលើយអំពីរឿងកាលនៅមនុស្សលោក នោះបាន ធ្វើបុណ្យខ្លះដែរឬទេ ? នាយ​នេសាទ​​តបថា មិន បានធ្វើបុណ្យអ្វី ធ្វើតែបាបតាំង ពីតូចមក ។ ពួកយម​បាល​ក៏នាំ​គ្នា​ចាប់​បោះ​ទៅក្នុង​រណ្តៅ​ភ្លើង​នរកតែមិនឆេះ ត្រឡប់ជា​ខ្ទាតចេញមកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួល​នាយ​នេសាទ​ក្រឡេក ទៅឃើញអណ្តាតភ្លើងមានសំប្បុរដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួន បាន​ធ្វើទើប ឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូប ដែរ ។ ពួកយម ភូបាល​ប្រាប់ថា បើដូច្នេះអ្នកអែងត្រូវទៅកើតអែឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើង នឹងយក​ខ្លួន​មក​អោយទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះ វិញ្ញាណរបស់នាយនេសាទ ក៏បាន​ទៅ​កើត​ឯឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និង​ស្រី​ទេព​​កញ្ញាបំរើត្រៀបត្រាមាន នាងសុវណ្ណឱរ៉ៃជាទេពី។ អន្នំ លោកង្សិនីទេវបុត្រសោយសម្បត្តិមកបាន ៦ថ្ងៃ​នឹក​ឃើញ ដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ប្រមាណ ហើយចូលទៅដេក នាង សុវណ្ណ​ឱរ៉ៃ​ឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិនីទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងអំពី ដើមរហូតដល់ចប់។ នាងសុវណ្ណឱរ៉ៃលួងលោមថា បើដូច្នោះ សូមព្រះអង្គកុំជាទុក្ខ ទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះ​អ្នកណាធ្វើបាប អម្បាលម៉ានក្តីបើចង់ អោយរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាង​វាលុក​ចេតិយ​ធ្វើបុណ្យ​ឆ្លងហើយនឹង រួចអំពីកម្មពៀរនោះហោង» ហេតុនេះ​សូមព្រះ​អង្គ​ធ្វើតាមព្រះ​ពុទ្ធ​បន្ទូល​នេះចុះ​ទៀងជា ដោះ រួចចាកកម្មពៀរជាមិនខាន ។

អន្នំលោកង្សិនីទេវបុត្របានលឺដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយនិងធ្វើ បុណ្យឆ្លង​ហើយ​ស្រេច​ក្នុងរវាង ៧ថ្ងៃនោះឯង ។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាមពួកយម បាលក៏​ទៅដល់​ស្រែក​ហៅ​រក​ខ្លួន​អន្នំលោកង្សិនីទេវបុត្រអោយចេញមក គ្រានោះអន្នំលោក ង្សិនីទេវបុត្រគេចមុខចេញ នាង​សុវណ្ណ​ឱរ៉ៃចេញ​មកទទួល។ និយាយជាសំនួរ តបយមបាលថា យើងមិនព្រមបើកអោយស្វាមីយើងទៅទេ ព្រោះ​ស្វាមី​យើងបានសាងវាលុកចេតិយនិងធ្វើ បុណ្យឆ្លងរួចហើយ បាបកម្មទាំងពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើ​នៅតែត្រូវការយកខ្លួនទៅ ធ្វើទោស ក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យម​បាល​​តបថា មិនសល់ ក្រអ្វី ទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់​ខ្សាច់ ដែល យកចេញអំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែឯគ្រាប់ ខ្សាច់ក្នុងពែងគង់នៅដដែលគ្មានស្រកស្រុតទៅណាសោះ ពួកយមបាលទាល់ចំណេះនឹងរាប់ ហើយ ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។

ចំណែកអន្នំ​លោក​ង្សិនី​ទេវបុត្របាន នៅសោយសម្បត្តិក្នុងទេវលោកអស់​កាលអ​ង្វែងត​មកទៀត មិន​បាន​ទៅ​សោយ​ទុក្ខក្នុងនរក ដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាច ផល្លានិសង្ស​ដែល​បាន​សាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោលហើយ។

– និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់ នោះរាល់ៗថ្ងៃ ប្រឡាក់​ទៅដោយដីខ្សាច់ព្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា«ចៅកំជិល ខ្សាច់» ។ នាថ្ងៃមួយ ព្រះឥន្ទ្រ​បើក​ទិព្វ​ចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់ អោយនាងទេពធីតា ១អង្គចុះមកធ្វើ ជាប្រពន្ធ​ចៅកំជិល​ខ្សាច់។ ដំបូងចៅកំជិលខ្សាច់ ប្រកែកមិនព្រមយកដោយថ្លែងថា ខ្លួននៅ​ក្មេង​ណាស់​មិន​ទាន់ចេះរកស៊ីចិញ្ចឹម នាងទេព ធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួន​ជា​ទេព​ធីតា​ ព្រះ​ឥន្ទ្រប្រើ អោយចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្ត ដោយ​នាង​មានរូបឆោមល្អ ទើបសំណេះសំណាលលួងលោមចៅកំជិលខ្សាច់ ទាល់តែ ព្រម យក ។ ចៅកំជិល​ខ្សាច់​តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាត បាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ ណាស់​ដោយ​នាងទេពធីតាជួយថែសំអាតទាំង សមរម្យគ្នា នឹងប្រពន្ធនោះណាស់ ទាល់​តែល្បី​កេរ្តិ៍​ឈ្មោះ​ទៅថា ចៅកំជិលខ្សាច់បាននាង ទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះ​ពួកមន្ត្រីសេនាបតីជាដើម ក៏បាន​ទៅ ពិនិត្យមើល ឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មាន អ្នក​ទទួល រាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជា ម្ចាស់ផែន ដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវ លើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅអោយសោយរាជ្យ ព្រម ទាំងនាងទេព ធីតា។ ផល​ដែល​ជាទិដ្ឋ​ធម្ម​វេទនីយ ដូច្នេះលោកថាបាន ដោយហេតុដែល បានពូនភ្នំខ្សាច់ នោះឯង។​កាលកើត​មានរឿង​សំដែង​អំពី​អានិ​សង្ស នៃការស្អាងវាលុក ចេតិយដូច្នេះហើយ ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើត​សេច​ក្តី​ជឿ​និង​ជ្រះថ្លា ទើបបាននាំគ្នាស្អាង វាលុកចេតិយជាប់ជាប្រវេណីដរាបមក ដល់បច្ចុប្បន្នកាល ។

១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយអោយតំនាងព្រះចូឡាមណី ចេតិយ រួចយក​កំណាត់​សប្រវែងប្រមាណមួយ​ម៉ែត្រកន្លះទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងអោកាសនោះដែរព្រះសង្ឃសូត្រធម៌ ចំរើនព្រះបរិត្ត នៅសាលាធម្មដោយ​បន្ត​អំបោះ​មកដល់​ភ្នំ​ទាំងអស់។ ភ្នំដែលបានឡើងជា អង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលងឬរំលាយ​មុន​គេផ្សឹក​ទុកត្រូវទទួលបាប ។

 

៨- ផ្សឹកវាលុកចេតិយ
 

ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់ អស់ទេវតា ព្រះយមរាជ ដែលតែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំ ខមាទោស​ចំពោះ​អំពើ​ខុស​ឆ្គង​ទាំង​ឡាយកន្លងមក ដោយការអនុគ្រោះ សុំអោយផ្តាច់កម្មផ្តាច់ ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នក ដែល ចែកឋានទៅមានមាតាបិតាជីដូន ជីតា​ព្រម​ទាំង​ញតិ​មិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយ​បង្គំ​ព្រះ​សមា​ទាន​សីលនៅធម្មសាលា ។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅពេល​បញ្ចប់ ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់​ផ្តើមពិធី​នៅ​ចំពោះ ភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត ។ ជាមួយ​គ្នានេះ​ដែរ​ព្រះសង្ឃ​សូត្រ​ពុទ្ធ​មន្ត​ប្រសិទ្ធិពរ​ជ័យ​សិរី​មង្គល​​នៅធម្មសាលា។ អាចារ្យបាន បន្តពិធីនៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើ​កិច្ចផ្សឹក​ភ្នំវិញ​ដោយ​ពោល​ថា : «ឥមំវាលុក ចេតិយំ បច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកឥឡូវនេះនូវវាលុកចេតិយនេះចេញ» គឺលែង​ប្រកាន់​​ថាជា ចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្ត ប្រ គេនព្រះ​សង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះនិង អារាធនា ព្រះសង្ឃ​សំដែង​ធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កាបាញ់ទឹកអប់ «ស្រង់ព្រះ»។​ នេះ​ជាពិធីតាមបែបសាសនា ៕

 

៩- ល្បែងប្រជាប្រិយខ្មែរ
  1. ល្បែងចាប់កូនខ្លែង
  2. ល្បែងទាញព្រ័ត្រ
  3. ល្បែងចោលឈូង
  4. ល្បែងលាក់កន្សែង
  5. ល្បែង​ស្តេចចង់​ ឬល្បែងអៀវ
  6. ល្បែង​បោះ​អង្គញ់
  7. ល្បែង លោតអន្ទាក់
  8. ល្បែង​ប្រជល់មាន់
  9. ល្បែងបិទពួន
  10. ល្បែង​គ្របមាន់
  11. ល្បែង​ឱបត្រឡាច ឬបេះឳឡឹក
១០- របាំប្រពៃណីខ្មែរ

ឯកសាយោង: ចុចអានបន្ត:....https://km.wikipedia.org/wiki/%E1%9E%85%E1%9E%BC%E1%9E%9B%E1%9E%86%E1%9F%92%E1%9E%93%E1%9E%B6%E1%9F%86%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A

ចុចអានបន្ត:....https://en.wikipedia.org/wiki/Cambodian_New_Year

No comments:

Post a Comment