យុវជន​និងការ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​ (​៥) - Business Buddhism

Website

យុវជន​និងការ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​ (​៥)

ចែករំលែកចំណេះដឹង

ជំ​ពូក​ទី​ III
ការ​សម្រាកចិត្ត​-​កាយ​ និង ការ​ក​សាង​កម្លាំង​ចិត្ត​រឹង​មាំ​
ដើម្បី​ចៀស​វាង​កុំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ បញ្ហា​ និង​ជំ​ងឺ​ផ្លូវ​ចិត្ត​ផ្សេង​ៗ​ យុវ​ជន​ត្រូវ​យល់​ដឹង​និង​ចេះ​ថែ​ទាំសុខ​ភាព​ផ្លូវ​ចិត្ត​របស់​ខ្លួន​ ទៅ​តាម​វិធី​សាស្ត្រ​ទាំង​ឡាយ​ដេល​បាន​អធិប្បាយ​ក្នុង​ផ្នែក​ខាង​ដើម​។ ការ​ចៀស​វាង​ដោយ​នៅ​ឆ្ងាយ​ពី​គ្រឿង​ញៀន​គ្រប់​ប្រភេទ​ ការ​កំណត់​ព្រំ​ដែន​ចិត្ត​ ការ​គ្រប់​គ្រង​អារម្មណ៍​ស្នេហា និង​អារម្មណ៍​ផ្លូវ​ភេទ​ឲ្យ​បាន​ល្អ​នោះ គឺ​ជា​ការ​រួម​ចំណែក​ក្នុង​ការ​ថែ​ទាំសុខ​ភាព​ផ្លូវ​ចិត្ត​របស់​យុវ​ជន​។
​នៅ​ពេល​ដែល​យុវជន​យើង​ប្រឈម​មុខ​នឹង​ស្ថាន ​ភាព​តាន​តឹង​ផ្លូវ​ចិត្ត​និង​បញ្ហា​ផ្លូវ​ចិត្ត​កម្រិត​ស្រាល​ផ្សេងៗ​ បច្ចេកទេស​សម្រាក​ចិត្ត​-កាយ​ និង​ការ​ហ្វឹកហាត់​កសាង​កម្លាំង​ចិត្ត​ឲ្យ​រឹង​មាំ​ គឺ​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​បំផុត​ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​។
នៅ​ក្នុង​ផ្នែក​ទី​១​ នឹង​ទី​២ នៃ​ជំ​ពូក​ទី III​ នេះ គឺ​ជា​សេចក្តី​ណែ​នាំ​ជា​មូល​ដ្ឋាន​មួយ​ចំនួន​ដែល​ទាក់​ទង​នឹង​បច្ចេក​ទេស​ សម្រាក​ចិត្ត​-កាយ​ រួម​នឹង​ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​ដែល​យុវ​ជន​យើង​គួរ​ហ្វឹក​ហាត់​ជា​ ប្រចាំ​ សម្រាប់​ការ​ថែ​សុខភាព​ផ្លូវចិត្ត​របស់​ខ្លួន។​
ផ្នែក​ទី​១​
លំហាត់​សម្រាក​ចិត្ត​-កាយ​
តើ​លំ​ហាត់​សម្រាក​ចិត្ត​-កាយ​គឺ​ជា​អ្វី​?
លំហាត់​សម្រាក​ចិត្ត​-កាយ​គឺ​ជា​បច្ចេក​​ ទេស​នៃ​ការ​ប្រើ​ប្រាស់​របៀប​សមាធិ (​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​គ្រប់​គ្រង​អារម្មណ៍​ឲ្យ​ស្ងប់​ល្អ​) គួប​ផ្សំ​នឹង​លំហាត់​ដក​ដង្ហើម​ ការ​សម្រួល​សាច់​ដុំ​ និង​សម្រួល​ឥរិយា​បថ​ឲ្យ​បាន​សម្រាក​ព្រម​ជា​មយយ​នឹង​ចិត្ត​ ដែល​ជា​មធ្យោ​បាយ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​តាន​តឹង​ ចិត្ត​។
​នៅ​ពេល​ដែល​យើង​មាន​ការ​តាន​តឹង​ចិត្ត​ យើង​គប្បី​ហ្វឹក​ហាត់​និង​អនុវត្ត​ជា​ប្រចាំ​នូវ​លំ​ហាត់​សម្រាក​ចិត្ត​-កាយ ​មួយ​ ឬ​ច្រើន​ប្រភេទ​ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​បាន​។
លំ​ហាត់​ទាំង​នេះ​មាន​ ៤​ប្រភេទ​គឺ​៖
១-លំហាត់​ដក​ដង្ហើម​
២-​លំហាត់​សម្រាក​សាច់​ដុំ​ជា​ដំណាក់​ៗ
៣-​លំហាត់​ពោល​ពាក្យ​ផ្ទួន​ៗ​
៤​-​លំហាត់​សមា​ធិ​តាម​របៀប​ផ្សេង​ៗ​។
ដើម្បី​ធ្វើ​លំ​ហាត់​ចិត្ត​-កាយ​នី​មួយ​ៗ​ ដូច​ខាង​លើ​ យើង​គួរ​មាន​សម្លៀក​បំពាក់​ធូរ​រលុង​ រើស​ទី​កន្លែង​ស្ងៀម​ស្ងាត់​គ្មាន​ការ​រំខាន​។ គួរ​ធ្វើ​លំហាត់​ឲ្យ​បាន​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ គឺ​ពេល​ព្រឹក​១​ដង ពេល​ល្ងាច​ ១ដង នៅ​មុន​ពេល​បរិភោគ​អាហារ​។ យើង​អាច​ជ្រើស​រើស​យក​លំហាត់​ណា​មួយ​ដេល​ងាយ​ស្រួល​សម្រាប់​ខ្លួន​ ឬ​ធ្វើ​លំ​ហាត់​ផ្សេង​ទៀត​តាម​តែ​យើង​អាច​ធ្វើ​បាន​។
វិធី​ធ្វើ​លំហាត់​សម្រាក​ចិត្ត​-កាយ​
១-លំហាត់​ដក​ដង្ហើម​
ក្នុង​ពេល​ដែល​ផ្លូវ​ចិត្ត​របស់​យើង​មាន​ ការ​រំខាន​ ដំណើរ​ដក​ដង្ហើម​របស់​យើង​មាន​លក្ខណៈ​ខ្លី​ៗ​ និង​មិន​ធម្មតា​ បើ​យើង​អាច​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​ផ្នែក​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​ ហើយ​អាច​ប​ង្កើត​ឡើង​នូវ​ភាព​សុខ​សាន្ត​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​របស់​យើង​បាន​។
ដើម្បី​ធ្វើ​លំហាត់​ដក​ដង្ហើម​ យើង​អាច​ជ្រើស​រើស​យក​ឥ​រិយា​បថ ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​យើង​ដូច​ជា ឈរ អង្គុយ​លើ​កៅ​អី ឬ​ដេក​ត្រង់​ខ្លួន​លើ​គ្រែក្នុង​លក្ខណៈ​សម្រាក​យ៉ាង​ស្ងៀម​ស្ងាត់​ ហើយ​ដក​ដង្ហើម​ចេញ​ចូល​វែង​ៗ​រយៈ​ពេល​ពី​២​ទៅ​៣​នាទី ឬអាច​លើស​ពី​នេះ​។ តាម​ធម្មតា​យើង​សម្គាល់​ឃើញ​ថា ដើមទ្រូង​របស់​យើង​មាន​ចលនា​ពេល​ណា​យើង​ដក​ដង្ហើម​ចេញ​-ចូល​។ ចំពោះ​ការ​ធ្វើ​លំហាត់​នេះ​ យើង​ត្រូវ​រៀន​ធ្វើ​ចលនា​ពោះ​របស់យើង ​រួម​ជា​មួយ​នឹង​ការ​ដក​ដង្ហើម ។ យើង​នឹង​សង្កេត​ឃើញ​ថា ដើមទ្រូង​និង​ពោះ​របស់​យើង​​ ក៏​រីក​ឡើង​​នៅ​ពេល​ដែល​យើង​ដក​ដង្ហើម​ចូល​។ យើង​ត្រូវ​រៀន​ដក​ដង្ហើម​ចូល​ និង​ចេញ​យឺត​ៗ​ជា​បន្ត​បន្ទាប់​ឲ្យ​បាន​វែង​ៗ​។ យើង​អាច​នឹង​ធ្វើ​លំ​ហាត់​នេះ​ដោយ​ងាយ​ស្រួល​ ប្រសិន​បើ​យើង​ប្រមូល​អារម្មណ៍​ឲ្យ​មូល​ទៅ​លើ​ពោះ ដែល​វា​នឹង​រីក​ឡើង​សន្សឹម​ៗនៅ​ពេល​យើង​ដក​ដង្ហើម​ចូល​វែង​ៗ​។ បន្ទាប់​ពី​នោះ​មក​ យើង​ដក​ដង្ហើម​ចេញ​ដោយ​ស្វ័យ​ប្រវត្តិ​ដើម្បី​ឲ្យ​សាច់​ដុំ​ទ្រូង​និង​ពោះ​ បាន​សម្រាក​។ យើង​គួរ​ព្យាយាម​ធ្វើ​បែ​ប​នេះយ៉ាង​យឺតៗ​និង​ជា​បន្ត​បន្ទាប់​ ដោយ​ការ​ដក​ដង្ហើម​ពុំ​ឲ្យ​ឮ​សូរ​សម្លេង​។ ក្នុង​ការ​ធ្វើ​លំហាត់​ដក​ដង្ហើម​នេះ​ យើង​ត្រូវ​ព្យាយាម​បំភ្លេច​ចោល​រឿង​រ៉ាវ​អវិជ្ជមានទាំង​ឡាយ​ដែលបាន​កើត​ឡើង​ ដោយ​ខិត​ខំប្រមូល​អារម្មណ៍​របស់​យើង​សមាធិ​តែ​លើ​ការ​ដក​ដង្ហើម​ចេញ​ និង​ចូល​ តាម​រយៈ​ការ​រាប់​លេខ ឬ​នឹក​ក្នុង​អារម្មណ៍​នូវ​ពាក្យ​ដូច​ជា “ពុទ្ធោ” គឺ​ “ពុទ្ធ” ពេល​ដក​ដង្ហើម​ចូល និង “ទ្ធោ” ពេល​ដក​ដង្ហើម​ចេញ។ តាម​បែប​នេះ​ជា​បណ្តើរ​ៗ យើង​ត្រូវ​បង្កើន​រយៈ​ពេល​នៃ​ការ​ពោល​ពាក្យ​ “ពុទ្ធោ​”​នេះ ឬ​បង្កើន​ចំនួន​នៃ​ការ​រាប់​តាម​ខ្យល់​ដក​ដង្ហើម។ ការ​ដក​ដង្ហើម​នេះ មិន​ត្រូវ​ប្រឹង​ធ្វើ​ដោយ​លំ​បាក​នោះ​ឡើយ​ គឺ​ត្រូវ​ធ្វើ​ដោយ​សម្រួល​ជា​និច្ច​ ក៏​ប៉ុន្តែ​ត្រូវ​ព្យាយាម​គ្រប់​គ្រង​អារម្មណ៍សមាធិ​របស់​ខ្លួន​លើ​ខ្យល់​ដក ​ដង្ហើម​ឲ្យ​បាន​ល្អ​។
លំហាត់​សម្រាក​សាច់​ដុំ​ជា​ដំណាក់​ៗ​
ក្នុង​ខណៈ​ដែល​យើង​មាន​ការ​តាន​តឹង​ចិត្ត​ ពេល​នោះ​សាច់​ដុំ​ទាំង​ឡាយ​ នឹង​ស្ថិត​នៅ​ក្នុង​សភាព​កន្ត្រាក់​ និង​តាន​តឹង​។ ព្រម​ជា​មួយ​គ្នា​នេះ​ដែរ​ អាការៈ​មួយ​ចំនួន​ក៏​បាន​លេច​ចេញ​លើ​រាង​កាយ​របស់​យើង​ដូច​ជា ឈឺ​ក្បាល ឈឺ​ខ្នង រោយ​ក ឈឺ​សន្លាក់​ដៃ​ជើង ខ្សោយ​កម្លំាង​ និង​នឿយ​ហត់​ ។ ក្រៅ​ពី​នេះ​អាការៈ​ដែល​កើត​ឡើង​លើ​ផ្លូវ​ចិត្ត​មាន​ដូច​ជា ការ​ភ័យ​ខ្លាច ការ​តាន​តឹង​ចិត្ត អារម្មណ៍​មួម៉ៅ​ ឬ​ងាយ​ភ្ញាក់​ផ្អើល​ក្នុង​ចិត្ត​ជា​ដើម​។ អាការៈ​ផ្នែក​ផ្លូវ​ចិត្ត​នេះ បាន​ជម្រុញ​ឲ្យ​មាន​ការ​កន្ត្រាក់​សាច់​ដុំ​ជា​ប្រចាំ​ ជា​ហេតុ​នាំ​ឲ្យ​មាន​រោគ​សញ្ញា​លើ​រាង​កាយ​ដូច​ខាង​លើ​។
ការ​អនុវត្ត​លំហាត់​សម្រាក​សាច់​ដុំ​ជា​ ដំណាក់​ៗ​ដូច​ខាង​ក្រោម​នេះ រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ការ​តាន​តឹង​ចិត្ត​ដ៏​មាន​ ប្រសិទ្ធិភាព​ដូច​ជាលំហាត់​ដង្ហើ​មខាង​ដើម​ដែរ​។

​ដើម្បី​ធ្វើ​លំហាត់​សាច់​ដុំ​ជាដំណាក់​ៗ​ យើង​ត្រូវ​ផ្ចង់​អារម្មណ៍​លើ​ផ្នែក​នី​មួយ​ៗ​នៃ​រាង​កាយ​ក្នុង​ស្ថាន​ភាព​ ដេក​ត្រង់​ខ្លួន​ បន្ទាប់​មក​ចាប់​ផ្តើម​គិត​ពី​ម្រាម​ជើង​ជា​ដំណាក់​ៗ​រហូត​ដល់​ក្បាល​ គឺ ម្រាម​ជើង ប្រអប់​ជើង​ទាំងសង្ខាង​ ក​ជើង សាច់​ដុំ​កំភួន​ជើង​ ក្បាល​ជង្គង់​ សាច់​ដុំ​ភ្លៅ​ ត្រគាក​ ចង្កេះ គួទ ខ្នង ក្បាល​ពោះ ដើមទ្រូង ម្រាម​ដៃ និង​ប្រអប់​ដៃ​ទាំង​សងខាង​ កំភួន​ដៃ កែង​ដៃ ដើម​ដៃ ស្មា ក កញ្ចឹងក ក្បាល មុខ និង​ច្រមុះ។ ពេល​គិត​ត្រង់​កន្លែង​ណាមួយ​រួច​ហើយ ត្រូវ​ទុក​សាច់​ដុំ​កន្លែង​នោះ​ឲ្យ​ស្ថិត​ក្នុង​លក្ខណៈ​សម្រាក​ដូច​ជា
+​គិត​ដល់​ម្រាម​ជើង បន្ទាប់​មក​ពោល​ក្នុង​ចិត្ត​​ថា “​ម្រាម​ជើង​ខ្ញុំ​បាន​សម្រាក​ដោយ​សុខ​ហើយ!”។
+​គិត​ដល់​ប្រ​អប់​ជើង បន្ទាប់​មក​ពោល​ក្នុង​ចិត្ត​ថា “ប្រអប់​ជើង​របស់​ខ្ញុំ​បាន​សម្រាក​ដោយ​សុខ​ហើយ​!​”។
+គិត​ដល់​ក​ជើង បន្ទាប់​មក​ពោល​ក្នុង​ចិត្ត​ថា “​ក​ជើង​របស់​ខ្ញុំ​បាន​សម្រាក​ដោយ​សុខ​ហើយ​!”។
អនុវត្ត​នូវ​វិធី​ដូច​ខាង​លើ​នេះ​ត្រង់​ ផ្នែក​នី​មួយ​ៗ​ដូច​បាន​រៀប​រាប់​ខាង​ដើម​ជា​ដំណាក់​ៗ​ និង​បន្ត​បន្ទាប់​រហូត​ដល់​ក្បាល​ មុខ និង​ច្រមុះ​។ លំហាត់​សម្រាក​សាច់​ដុំ​ជា​ដំណាក់​ៗ​នេះ នៅ​ពេល​ដែល​យើង​អនុវត្ត​បាន​ល្អ​ប្រសើរ​ហើយនោះ ចិត្ត​របស់​យើង​បាន​ស្ងប់​ចុះ​យ៉ាង​ល្អ ចំណែក​ឯ​រាង​កាយ​ក៏​បាន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​សម្រាក​មួយ​ដ៏​ស្ងៀម​ ស្ងាត់​ ប្រៀប​បី​ដូច​ជា​គល់​ឈើ​មួយ​ដែល​នៅ​នឹង​ថ្កល់​។ប្រភពពី:http://saloeurm.wordpress.com/

No comments:

Post a Comment