យុវជន​និង​ការ​ថែ​ទាំសុខភាព​ផ្លូវ​ចិត្ត (៦) - Business Buddhism

Website

យុវជន​និង​ការ​ថែ​ទាំសុខភាព​ផ្លូវ​ចិត្ត (៦)

ចែករំលែកចំណេះដឹង

៣-​លំហាត់​ពោ​ពាក្យ​ផ្ទួន​ៗ​
​លំហាត់​ពោល​ពាក្យ​ផ្ទួន​ៗ​ជា​វិធី​សាស្ត្រ ​សមាធិបែប​បុរាណ​មួយ​បែប​ក្នុង​ចំណោម​វិធី​សាស្ត្រ​សមាធិ​ផ្សេង​ៗ​ទៀត ដែល​អាច​បង្កើត​ឲ្យ​មាន​ភាព​សុខ​សាន្ត​ផ្នែក​អារម្មណ៍​រួម​នឹង​ការ​កាត់​ បន្ថយ​ការ​តាន​តឹង​ចិត្ត​បាន​យ៉ាង​ល្អ​។ អ្នក​ធ្វើ​លំហាត់​សមាធិ​ដោយ​ពោល​ពាក្យ​ផ្ទួន​ៗ​នេះ ត្រូវ​សម្រួល​ឥរិយា​បទ​ឲ្យ​បាន​ធូរ​ស្រួល​តាម​តែ​ចិត្ត​ដែល​យើង​ចង់​ធ្វើ​ បន្ទាប់​មក​ក៏​ព្យាយាម​បំ​ភ្លេច​ចោល​នូវ​រឿង​រ៉ាវ​អ​វិជ្ជមាន​ទាំង​ឡាយ​ ហើយ​ចាប់​ផ្តើម​បិទ​ភ្នែក​សមាធិ​ដោយ​ពោល​​ក្នុង​អារម្មណ៍​ ឬ​ពោល​ខ្សឹប​ៗ​នូវ​ពាក្យ​ដដែល​ៗ​ ឧ​ទាហរណ៍​ដូច​ជា​ពោល​ពាក្យ​ថា “​ពុទ្ធោ” ជា​ដើម​ ឬ​ក៏​គាថា​ខ្លី​ៗ​ណា​មួយ​នៃ​ព្រះ​ធម៌​របស់​ព្រះ​ពុទ្ធ​ដែល​យើង​ចេះ​ក៏​បាន​ ដូច​ជា​៖
-​ចិត្តំ ទន្តំ សុខាវហំ (​មាន​ន័យ​ថា ចិត្ត​ដែល​គេ​ទូន្មាន​បាន​ហើយ នាំ​មក​នូវ​សេចក្តី​សុខ​។)
-ចិត្តំ គុត្តំ សុខាវហំ (​មានន័យ​ថា ចិត្ត​ដែល​គេ​គ្រប់​គ្រង​បាន​ហើយ នាំ​មក​នូវ​សេចក្តី​សុខ​។)
-​ន ហិ សាធុ កោធោ (​មាន​ន័យ​ថា សេចក្តី​ក្រោធ​ មិន​ល្អ​សោះ​ឡើយ​។)
-អនត្ថ​ជននោ កោធោ (​មានន័យថា សេចក្តីក្រោធ បង្ក​នូវ​សេចក្តី​វិនាស។)
-​នត្ថិ សន្តិ បរំ​ សុខំ (​មានន័យថា មិន​មាន​សេចក្តី​សុខ​ណា ក្រៅ​ពី​សេចក្តី​ស្ងប់​ឡើយ​។)
​ការ​ពោល​ពាក្យ​ផ្ទួន​ៗ​ដដែល​ៗ​នេះ គឺ​អាច​អនុវត្ត​ទៅ​តាមច​ង្វាក់​នៃ​ខ្យល់​ដក​ដង្ហើម​ចេញ​ និង​ចូល​ ដោយ​ពោល​ពាក្យ​ “​ពុទ្ធ” នៅ​ពេល​ដក​ដង្ហើម​ចូល និង​ពាក្យ​ “​ទ្ធោ” នៅ​ពេល​ដក​ដង្ហើម​ចេញ​។ លំហាត់​ពោល​ពាក្យ​ផ្ទួន​ៗ​នេះ ក៏​អាច​អនុវត្ត​ផង​ដែរតាម​រយៈ​ការ​ទន្ទេញ​ក្នុង​អារម្មណ៍(​ភាវនា​) នូវ​ពាក្យ​ដដែល​ៗ​ ឬ​គាថា​ខ្លី​ណា​មួយ​ដែល​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ជា​ បរមគ្រូដែល​យើង​ចេះ​តាម​រយៈ​ឧ​ទាហរណ៍​ដូច​បាន​លើក​ឡើង​ខាង​ដើម​។ ការ​ផ្ទង់​អារម្មណ៍​ពោល​ពាក្យ​ដដែល​ៗ​នេះ អាច​អនុវត្ត​ក្នុង​រយៈ​ពេល​ប្រមាណ​ជា​១០​នាទី ឬ​លើស​ពី​នេះ​តាម​តែលទ្ធភាព​ដែល​អាច​ធ្វើ​បាន​។
៤-​លំហាត់​សមាធិ​ផ្សេង​ៗ
សមា​ធិ​ គឺ​ជា​ការ​ហ្វឹក​ហាត់​ចិត្ត ប្រមូល​ផ្តុំ​អារម្មណ៍​ឲ្យ​មូល​តាម​រយៈ​ការ​គ្រប់​គ្រង​អារម្មណ៍​ប្រកប​ដោយ​ ភាព​ស្ងប់​ស្ងាត់​និង​វិន័យ​ខ្ពស់​បំផុត​។ សមាធិ គឺ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​កាត់​បន្ថ​យ​ការ​តាន​តឹង​ ចិត្ត​ដែល​មាន​ចំណាស់​ជា​យូរ​យា​ណាស់​មក​ហើយ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត​នៃ​ទ្វី​ប​អាស៊ី​។​
នៅ​ក្នុង​ការ​អនុវត្ត​លំហាត់​សមាធិ​បែប​ បុរាណ យើង​អាច​ប្រើ​ប្រាស់​ឥរិយា​បទ​អង្គុយ​ពែន​ភ្នែន​ឲ្យ​ត្រង់​ខ្លួន​ ដោយ​ដាក់​ជើង​ស្តាំ​ត្រួត​លើ​ជើង​ឆ្វេង ដោយ​បាត​ដៃ​ស្តាំ​ត្រូត​លើបាត​ដៃ​ឆ្វេង​ ហើយ​មេ​ដៃ​ទាំង​ពី​រ​ដាក់​ទល់​គ្នា (​ស្ទើរ​ប៉ះ ស្ទើរ​មិន​ប៉ះ​) ។ ចំ​ពោះ​ការ​អង្គុយ​បែប​នេះ ត្រូវ​មាន​ឥរិយា​បទ​ដែល​សម្រាក​យ៉ាង​ស្រួល​បំផុត​ដោយ​មិន​មាន​ការ​ខំ​ប្រឹង​ ឡើយ។ ចំ​ពោះ​អ្នក​ដែល​ពុំ​ស្ទាត់​ជំនាញ​ក្នុង​ការ​អង្គុយ​បែ​ប​នេះ អាច​អង្គុយ​សំយុង​ជើង​លើ​កៅ​អី ដោយ​ដាក់​ដៃទាំង​ពីរ​លើ​ភ្លៅ​ដូច​អធិប្បាយ​ខាង​ដើម ឬ​ប្រើ​ប្រាស់​ឥរិយា​បទ​ផ្សេង​ៗ​ទៀត​ដែល​យើង​យល់​ថា​ ធ្វើ​ឲ្យ​រាង​ការយ​របស់​យើង​ឋិត​ក្នុង​ស្ថាន​ភាព​សម្រួល​ឥរិយា​បទ​ណា​មួយ​ ឲ្យ​បាន​សម្រាក​យ៉ាង​ស្រួល​បំផុត​ហើយ​ពុំ​តឹង​តែង​ចំ​ពោះ​ខ្លួន​យើង។
បន្ទាប់​ពី​អង្គុយ​សម្រួល​ឥរិយា​បទ​បាន​ ស្រួល​ហើយ​យើង​អាច​បិទ​ភ្នែក​ប្រមូល​ផ្តុំ​អារម្មណ៍​សមាធិ​ទៅ​លើ​ខ្យល់​ដក​ ដង្ហើម​ចេញ​ និងចូល​ តាម​ដំណើរ​ខ្យល់​ដង្ហើម​ជា​ធម្មតា ក្នុង​នោះ​ត្រូវ​តាំងអារម្មណ៍​ឲ្យ​ដឹង​ថា ខ្លួន​យើង​ដក​ដង្ហើម​ចូល​(​ដឹង) និង​ដក​ដង្ហើម​ចេញ​(ដឹង​)​ ដោយ​រក្សា​អារម្មណ៍​កុំ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពី​ការ​ដក​ដង្ហើម​ចេញ​ចូល​នោះ ឬ​ក៏​អនុវត្ត​ដូច​គ្នា​នេះដែរ ក៏​ប៉ុន្តែ​បើ​ក​ភ្នែក​ព្រឹម​ៗ​សម្លឹង​ចុះ​ស្រប​តាម​ចុង​ច្រមុះ​គួប​ផ្សំ​ នឹង​ការ​ដក​ដង្ហើម​។
​បច្វុប្បន្ន​នេះ​ អ្នក​ជំនាញ​ការ​ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្ត​បាន​អភិវឌ្ឍរបៀប​សមាធិ ដោយ​ផ្ចង់​អារម្មណ៍​លើ​ខ្យល់​ដក​ដង្ហើម​ចេញ-ចូល​ មួយ​បែប​ទៀត​ដេល​មាន​បី​តំណាក់​កាល​គឺ​៖
១-​ដក​ដង្ហើម​ចូល
២-​ទប់​ដង្ហើម​ (​រក្សា​ខ្យល់​ដក​ដង្ហើម​ក្នុង​សួត​ប្រហែល​បី​វិនាទី)
៣-​ដក​ដង្ហើម​ចេញ​។
វិធីសាស្ត្រ​នេះ​មាន​គុណប្រយោជន៍​មួយ​ចំនួន ​បន្ថែ​មគឺ ធ្វើ​ឲ្យ​អ្នក​សមាធីផ្ចង់​អារម្មណ៍​លើការ​ដក​ដង្ហើម​បាន​ល្អ​ជាង​វិធី​ សាស្ត្រ​បុរាណ​។ ម៉្យាង​ទៀត​អាច​រក្សា​ខ្យល់​ដក​ដង្ហើម​ដែល​ស្រូប​ចូល​ក្នុង​សួត​បាន​រយៈ​ពេល ​យូរ​ធ្វើ​ឲ្យ​ឈាម​អាច​ស្រួប​យក​អុក​ស៊ី​សែន​បានយ៉ាង​ល្អ​ប្រើសើរ​លើស​ពី​ ការ​ដក​ដង្ហើម​ធម្មតា​។
ក្រៅ​ពី​របៀប​សមាធី​ដោយ​ផ្ទង់​អារម្មណ៍​លើ​ ខ្យល់​ដង្ហើម​ចេញ​-ចូល យើង​អាច​ជ្រើ​រើស​វត្ថុ​ផ្សេង​ៗ​ទៀត​នៅ​ជុំ​វិញ​ខ្លួន​យើង​ដើម្បី​ធ្វើ​ជា​ គោល​ក្នុង​ការ​ផ្តោ​អារម្មណ៍​ទៅ​រក​វត្ថុ​នោះ​ដូច​ជា​ ផ្កាឈូក ផ្កា​ផ្សេង​ៗ​ អណ្តាត​ភ្លើង​ទៀន ឬ​ពណ៌​ផ្សេងៗ​ជា​ដើម​។ បន្ទាប់​មក​យើង​ក៏​ចាប់​ផ្តើម​ចម្រើន​សមាធិ​ប្រមូល​ផ្តុំ​អារម្មណ៍​ បើ​ក​ភ្នែក​សម្លឹង​មើល​ទៅវត្ថុ​ដែល​យើង​បាន​កំណត់​នោះ ដោយ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​ជ្រះ​ថ្លា​ រីករាយ​ បំភ្លេច​ទុក្ខ​កង្វល់​ និង​រឿង​រ៉ាវ​អវិជ្ជមាន​ទាំងឡាយ​ ហើយ​ក៏​ចាប់​ផ្តើ​ម​គ្រប់​គ្រង​អារម្មណ៍​សមាធិ កុំ​ឲ្យ​បែក​ចេញ​ពី​វត្ថុ​ដែល​យើង​សម្លឹង​នោះ​។ បើ​អារម្មណ៍​របស់​យើង​បែក​ទៅ​គិត​អំ​ពី​អ្វី​ផ្សេង​ទៀត​ យើង​ត្រូវ​ព្យាយាម​ទាញ​អារម្មណ៍​របស់​យើង​មក​កាន់​វត្ថុ​ដែល​យើង​កំពុង​ ផ្តោត​នោះ​វិញ​ដោយ​សន្សឹម​ៗ​ តាម​រយៈ​ការ​ដក​ដង្ហើម​ចេញ​និង​ចូល​មួយ​ដង​យ៉ាង​វែង​ ជា​ការ​រំលឹក​ចិត្ត​ឲ្យ​ងាក​មក​រក​វត្ថុ​ដែល​យើង​កំពុង​ផ្តោត​អារម្មណ៍​ទៅ​ រក​នោះ។
​ការ​ធ្វើ​សមាធិ​បែប​នេះ ត្រូវ​ធ្វើ​នៅ​ពេល​ដូច​គ្នា​ជា​ប្រចាំ​ និង​នៅ​ទី​កន្លែង​ស្ងៀម​ស្ងាត់​គ្មាន​ការ​រំខាន​។ យើង​អាច​ប្រើ​ប្រាស់​ពេល​វេលា​វែង​ ឬ​ខ្លី​ក្នុង​ការ​ធ្វើ​សមាធិ​តាម​តែ​យើង​អាច​ធ្វើ​បាន​ (​៥​នាទី ១០នាទី ២០នាទី ឬ​វែង​ជា​ង​នេះ​)​។​
​ផ្នែក​ទី​២​
ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​

តើ​ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​គឺ​ជា​អ្វី​?

​ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​ គឺ​ជា​វិធី​អប់​រំ​ និង​ទូន្មាន​ចិត្ត​ជា​ប្រចាំ​ឲ្យ​មាន​សុ​ទិដ្ឋិនិយម​ និង​ការ​គិត​ដេល​មាន​ប្រយោជន៍ដល់​ចិត្ត ធ្វើ​ឲ្យ​ស្ថាន​ភាព​ផ្លូវ​ចិត្ត​របស់​យើង​មាន​ភាព​រឹង​មាំ​ អាច​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ជីវិត​រស់​នៅ​ប្រក​ប​ដោយ​ទស្សន​វិជ្ជមាន​។ ការ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ​គឺ​ជា​ចំ​ណែក​មួយ​យ៉ាង​សំខាន់​នៃ​ការ​ថែ​ ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស​គ្រប់​រូប​ និង​គ្រប់​វ័យ​។
ការ​គិត​ប្រកប​ដោយ​ទស្សន​វិជ្ជមាន​
​ការ​គិត​អាច​បង្កើត​ឡើង​នូវ​សេចក្តី​ ស្រឡាញ់ ទឹក​ចិត្ត​សប្បាយ​រីករាយ​ ការ​គុំំ​គួន ការ​ខូច​ចិត្ត​ ។ល។ នៅ​ពេល​ដែល​យើង​គ្រប់​គ្រង​អារម្មណ៍​របស់​យើង​បាន​ល្អ​ហើយ​ ចិត្ត​យើង​មាន​ភាព​ស្ងប់​ស្ងាត់​ ស្រស់​ស្រាយ ភ្លឺ​ថ្លា និង​សុទិដ្ឋិ​និយម​។ មាន​ពុទ្ធ​ភាសិត​មួយ​ល្បះ​ពោល​ថា «​ចិត្ត​ដែល​គេ​ទូន្មាន ឬ​គ្រប់​គ្រង​បាន​ល្អ​ហើយ រមែង​នាំ​មក​នូវ​សេចក្តី​សុខ​»។​
​ក្នុង​មួយ​ថ្ងៃ​ៗ​ គេ​អាច​ប៉ាន់​ប្រមាណ​ឃើញ​ថា មនុស្ស​ម្នាក់​បាន​ប្រើ​ប្រាស់​ការ​គិត​ប្រមាណ​ពី ៣០.០០០ ទៅ ៥០.០០០ គំនិត​ផ្សេង​ៗ​គ្នា​។ យើង​អាច​ចែក​ការ​គិត​ទាំង​អស់​ជា​បួន​ប្រភេទ​សំខាន់​ៗ​គឺ​៖
១-​ការ​គិត​ឥត​ប្រយោជន៍ៈ គឺ​ជា​ការ​ប្រើ​គំនិត​ដែល​មាន​លក្ខណៈ​ខ្ជះ​ខ្ជាយ​ឥត​ប្រយោជន៍​ពី​រឿង​អតី​ តកាល ឬ​អនាគត​ដែល​ពុំ​ជាក់​លាក់​ រួម​ទាំង​គំនិត​មន្ទិល​សង្ស័យ​ផ្សេង​ៗ​ ដោយ​បង្កើត​អារម្មណ៍​រវើរវាយ​ដែល​មិន​ពិត​ រួម​នឹង​ការ​ព្រួយ​បារម្ភ​អំ​ពី​អ្វី​ដែល​មិន​ចាំបាច់​។
២-​ការ​គិត​ប្រកប​ដោយ​ទស្សនអវិជ្ជមានៈ គឺ​ជា​គំនិតអវិជ្ជមាន​ទាំង​ឡាយ​ដែល​គិត​ឡើង​ហើយ ធ្វើ​ឲ្យ​អន្តរាយ​ដល់​ខ្លួន​ឯង ឬ​អ្នក​ដទៃ​។ ការ​ក្រោធខឹង ការគុំ​គួន ការ​ស្អប់​ខ្ពើម ការ​ថ្នាំង​ថ្នាក់​ចិត្ត គំនិត​ប្រកាន់ ឬ​រើស​អើង​ (​ជាតិសាសន៍ ក្រុម​ ពួក) ការ​ច្រណែន​និន្ទា រួម​នឹង​គំនិត​អវិជ្ជមាន​ផ្សេង​ទៀត គឺ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ចិត្ត​របស់​យើង​កក្រើក​រញ្ជួយ​ ល្អក់​កករគ្មាន​ភាព​សុខ​សាន្ត​ក្នុង​អារម្មណ៍​។
៣-​ការ​គិត​ដែល​មាន​ប្រយោជន៍ៈ ជា​គំនិត​ទាំង​ឡាយ​ណា​ដែល​មាន​ភាព​ ជាក់​លាក់​ ពុំ​ស្រមើ​ស្រ​មៃ ដែល​បង្កើត​បាន​ជា​ផែន​ការ​សម្រាប់​ខ្លួន​ក្នុង​ដំណើរ​ជីវិត​ ដូច​ជាការ​សិក្សា ការ​ប្រកប​មុខ​របរ​ចិញ្ចឹម​ជិវិត ការផ្តួច​ផ្តើមគំនិត​ជួយ​ដល់​អ្នក​ដទៃ​ ។ល។
៤-​ការ​គិត​ប្រកប​ដោយ​ទស្សន​វិជ្ជមានៈ គឺ​ជា​គំនិត​ដែល​នាំ​មក​នូវ​ផល​ប្រយោជន៍​ចំពោះ​ខ្លួន​ឯង​ និង​អ្នក​ដទៃ​ ហើយ​បង្កើត​បាន​នូវ​ភាព​ស្ងប់​ស្ងាត់​ក្នុង​អារម្មណ៍​ សុទិដ្ឋិ​និយម ការ​អធ្យាស្រ័យ និង​សេចក្តី​សង្ឃឹម។ ការ​គិត​ប្រកប​ដោយ​ទស្សនវិជ្ជមាន គឺ​ជា​ថាមពល​ដ៏​មហិមា​បង្កើត​ឲ្យ​មាន​កម្លាំង​ចិត្ត​អាច​ឲ្យ​យើង​គ្រប់​គ្រង ​អារម្មណ៍​ បង្កើត​បាន​នូវ​ភាពសប្បាយ​រីករាយ​ក្នុង​ក្នុង​ចិត្ត​ ក្នុង​ដំណើរ​ជីវិត​ដ៏​វែង​ឆ្ងាយ​។

ផល​មិន​ល្អ​នៃ​ការ​គិត​ប្រកប​ដោយទស្សនៈ​អវិជ្ជមាន​

នៅ​ពេល​ដែល​យើង​មាន​គំនិត​អវិជ្ជមាន​នៅ​ក្នុង​អារម្មណ៍ វា​អាច​បង្ក​ឲ្យ​មាន​ផល​អាក្រក់​ជា​ច្រើន​ដល់​សុខ​ភាព​របស់​យើង​ទាំង​ផ្លូវ​ កាយ​និង​ផ្លូវ​ចិត្ត​។ ឧ​ទាហរណ៍​ ពេល​ដែល​យើង​ព្រួយ​បារម្ភ ក្រោធខឹង ច្រណែន ស្អប់​ខ្ពើម គុំ​គួន ជា​ដើម​ អារម្មណ៍​អវិជ្ជមាន​ទាំង​នេះ បង្កើត​ឲ្យ​យើង​មាន​ការ​តាន​តឹង​ចិត្ត​ ធ្វើ​ឲ្យ​សាច់​ដុំ​របស់​យើង​ឡើង​តឹង បេះ​ដូង​ដើរ​ញាប់​ បណ្តាល​ឲ្យ​ដំណើរ​ឈាម​មាន​ចលនា​ប្រែ​ប្រួល​ខុស​ធម្មតា ធ្វើ​ឲ្យ​សម្ពាធ​ឈា​ម​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​លើ​រាង​កាយដូច​ជា ការឈឺក្បាល ឈឺក អស់​កម្លាំងកាយ ថប់​ក្នុង​អារម្មណ៍ពិបាក​ដក​ដង្ហើម ។ល។
ផល​នៃ​ការ​គិត​ប្រកប​ដោយ​ទស្សនវិជ្ជមាន
​នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​វិជ្ជមាន ចិត្ត​របស់​យើង​ក៏​ស្ងប់​ស្ងាត់ សាច់​ដុំ​របស់​យើង​សម្រាក​ចុះ ហើយ​ទទួល​បាន​នូវ​អុក​ស៊ី​សែន​គ្រប់​គ្រាន់​ សម្ពាធ​ឈាម​ទាប ហើយ​ប្រការ​សំខាន់​នោះ គឺ​អត្រា​ចង្វាក់​បេះ​ដូង​បាន​ថយ​ចុះ ដែល​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​គាំ​ទ្រ ឲ្យ​រាង​កាយ​យើង​មាន​សុខ​ភាព​ល្អប្រសើរ​។ ទន្ទឹម​នឹង​នេះ​ដែរ ការគិតដោយ​វិជ្ជមាន គឺ​ជា​មធ្យោ​បាយ​មួយ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​ដ៏​មាន​ប្រសិទ្ធិភាព​ បំផុត​។
នៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ ការ​គិត​ប្រកប​ដោយ​ទស្សនវិជ្ជមាន ធ្វើ​ឲ្យ​យើង​ងាយ​បង្កើត​នូវ​ភាព​យោគ​យល់ និង​ចុះ​សម្រុង​ជា​មួយ​អ្នក​ដទៃ​នៅ​ជុំ​វិញ​ខ្លួន​យើង​ ព្រម​ទាំង​បាន​បង្កើត​ទស្សន​សុទិដ្ឋិ​និយម​ ហើយ​មិន​អស់​សង្ឃឹម​ក្នុង​ការ​រស់​នៅ​។

តើ​ត្រូវ​កសាង​កម្លាំង​ចិត្ត​រឹង​មាំ និង​បណ្តុះ​ទស្សនវិជ្ជមាន​តាម​របៀប​ណា?

​ការ​កសាង​កម្លាំង​ចិត្តរឹង​មាំ​ និង​ការ​បណ្តុះ​បណ្តាល​ទស្សនវិជ្ជមាន​ឲ្យ​កើត​មាន​ឡើង​ក្នុង​អារម្មណ៍​របស់​ យុវជន​យើង​ មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត ពី​ព្រោះថា យើង​អាច​កាត់​បន្ថយ​ការ​តាន​តឹង​ក្នុង​អារម្មណ៍​ និង​បង្កើត​នូវ​សេចក្តី​សុខ​ក្នុង​ចិត្ត​ ដែល​ជា​កត្តា​ធ្វើ​ឲ្យ​យើង​មាន​សុខ​ភាព​ផ្លូវ​ចិត្ត​រឹង​មាំ និង​ល្អ​ប្រសើរ​ជា​ប្រចាំ​។ “​មានសុខ​ភាព​ផ្លូវ​ចិត្ត​ល្អ គ្មាន​ភាព​តាន​តឹង​ចិត្ត គ្មាន​អំ​ពើ​ហិង្សា គ្មាន​ជម្លោះ​គ្រប់​យ៉ាង​។
​ដើម្បី​កសាង​កម្លាំង​ចិត្ត​រឹង​មាំ និង​បណ្តុះ​នូវ​ទស្សនវិជ្ជមាន យុវវ័យ​យើង​គួរ​ខំ​ហ្វឹក​ហាត់​ជា​ប្រចាំ​ និង​គ្រប់​គ្រង​អារម្មណ៍​អវិជ្ជមាន​របស់​យើង​ឲ្យ​បានប្រសើរ​តាម​វិធី​ សាស្ត្រ​មូល​ដ្ឋាន​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ​
+ព្យាយាម​កាត់​បន្ថយ​ការ​គិត​ដែល​ពុំ​ចាំ​បាច់​ និង​គំនិត​អវិជ្ជមាន​ទាំង​ឡាយ ដែល​តែង​តែ​ផុស​ឡើង​ជា​ប្រ​ចាំ​នៅ​ក្នុង​អារម្មណ៍​របស់​យើង​។
+​ហ្វឹក​ហាត់​អប់​រំ​ចិត្ត​ឲ្យ​ស្ងប់​ និង​កសាង​ទស្សនសុទិដ្ឋិ​និយម​តាម​រយៈ​ការ​សិក្សា​កម្រង​ទស្សនៈ​របស់​ព្រះ​ ពុទ្ធ​ដែល​ជា​ទស្សនវិជ្ជា​ដ៏​ល្អ​ប្រសើរ​បំផុត​មាន​ចំណាស់ និង​ជា​ប្រពៃ​ណី​ដ៏​យូរ​លង់​ណាស់​មក​ហើយ​នៅ​ប្រទេស​កម្ពុជា​យើង​ក្នុង​វិស័យ ​អប់​រំ​សីល​ធម៌ ចរិយាធម៌ និង​ការ​អប់រំចិត្ត​ឲ្យ​មាន​អារម្មណ៍សន្តិ​ភាព​។
+​ការ​បណ្តុះ​ភាព​រឹង​មាំ​ក្នុង​ចិត្ត​ ដើម្បី​បង្កើន​ការ​ជឿទុក​ចិត្ត​ចំពោះ​ខ្លួន​ឯង និង​ឲ្យ​តម្លៃ​ខ្ពស់​ ក៏​ដូច​ជាការ​គោរព​ខ្លួន​ឯង​ផ្ទាល់​ (​គឺ​មិន​ធ្វើ​ការ​វាយ​តម្លៃ​ទាប​ចំពោះ​ខ្លួន​ឯង​)​។
+​ហ្វឹក​ហាត់​ជាប្រចាំ​នូវ​វិធី​សាស្ត្រ​សម្រាក​កាយ​-ចិត្ត​ និង​របៀប​ធ្វើ​សមាធិ គួប​ផ្សំ​នឹង​ការ​ហាត់​ប្រាណ​ ការ​លេង​កី​ឡា​ផ្សេង​ៗ ដែល​ជា​មូល​ដ្ឋាន​នៃ​ការ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​។ ត្រូវ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​សកម្មភាព​ទាំងនេះ​ ក្លាយ​ជា​ទម្លាប់​ធម្មតាក្នុង​ជិវិត​ប្រចាំ​ថ្ងៃ​របស់​យើង​។ ហេតុ​ផល​សំខាន់​គឺ បើ​យើង​ពុំចេះ​វិធី​សាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​ការ​តាន​តឹង​ចិត្ត​ដែល​ កើត​ឡើង​ជា​ប្រចាំ​ចំពោះ​ខ្លួនយើង​​ទេនោះ យើង​ក៏​ពុំ​អាច​បណ្តុះ​គំនិត​សុ​ទិដ្ឋិ​និយម​ ឬ​អារម្មណ៍​វិជ្ជមាន​បាន​ឡើយ​។
ចប់​
———————————
ឯកសារពិគ្រោះ
១.សុខភាព​ផ្លូវ​ចិត្ត​សហគមន៍​កម្ពុជា: Transcultural Psychosocial Organization (TPO) បោះពុម្ពដោយ​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌ ឆ្នាំ១៩៩៧។
២.​គ្រឿង​ញៀន​នៅ​ប្រទេសកម្ពុជា: បោះពុម្ព​ដោយ​ការិយាល័យ​អង្គការ​សហប្រជាជាតិ ទទួលបន្ទុក​គ្រប់​គ្រង​គ្រឿង​ញៀន​និង​បង្ក្រាប​បទ​ឧ​ក្រិដ្ឋមជ្ឈ​មណ្ឌល​ ប្រចាំ​តំបន់​អាស៊ី​បូព៌ា និង​ប៉ា​ស៊ី​ភិច ការិយាល័យ​ទំនាក់​ទំនង​នៅ​កម្ពុជា ឆ្នាំ​២០០១ រួម​នឹង​ឯកសារ​ពាក់​ព័ន្ធ​ផ្សេង​ៗ​។
៣. POSITIVE OF THINKING: រៀប​រៀង​ដោយ​លោក​ស្រី Trish Summerfield បុគ្គលិក​អង្គការ​ Living VAlue Education. www.livingvalues.net
៤. សាសនសុភាសិត : បោះពុម្ព​ឡើង​វិញ​ដោយ​វិទ្យា​ស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ ឆ្នាំ ១៩៩៤។
គណៈ​​កម្មការ​​អភិវឌ្ឍ​សៀវ​ភៅ​អប់រំ​យុវជន​ក្នុង​​វិស័យ​​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្ត​
១-​លោក​ស្រី​វេជ្ជ​បណ្ឌិត ឱក វណ្ណកា តំណាង​អនុគណៈ​កម្មការ​សុខភាព​ផ្លូវ​ចិត្ត​ ក្រសួង​សុខាភិបាល​
២-​លោកវេជ្ជបណ្ឌិត ជី វុទ្ធី ប្រធាន​ក្រុម​ការ​ងារ​គ្លីនិច​សុខ​ភាព​ផ្លូវ​ចិត្ត​ អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌​/TPO
៣-​លោក​ស្រី ទេព​ ឆព័ណ្ណ មន្ត្រី​នាយកដ្ឋាន​ថែ​ទាំ​សុខ​ភាព​ជនបទ ក្រសួង​អភិវឌ្ឍ​ន៍​ជនបទ
៤-​កញ្ញា ភោគ សុធារ៉ា មន្ត្រី​នាយ​កដ្ឋាន​សុខមាល​ភាព​កុមារ ក្រសួង​សង្គមកិច្ច និង​ការងារបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​នីតិ​សម្បទា
៥-​លោកស្រី ធឹម លន់ មន្ត្រី​នាយកដ្ឋាន​សុខភាព​សិក្សា ក្រសួងអប់​រំ​យុវជន​ និង​កីឡា​
៦-​លោក​ ហួន​ សារឿន មន្ត្រី​នាយក​ដ្ឋាន​ស្រាវ​ជ្រាវគរុកោសល្យ ក្រសួង​អប់​រំ យុវជន និងកីឡា​
៧-​លោក នូ​ មុនី​សេដ្ឋា មន្ត្រី​នាយក​ដ្ឋានមធ្យម​សិក្សា​ចំណេះ​ទូ​ទៅ​ ក្រសួង​អប់​រំ​យុវជន​ និង​កីឡា​
៨-​លោក ឆែ​ លឹម​សឿន មន្ត្រី​នាយក​ដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ ក្រសួង​អប់រំ យុវជន និងកីឡា
៩-​លោក ថី ចន្ទោ អ្នក​សម្រប​សម្រួល​កម្មវិធី ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​កុមារ​ក្នុង​សហគមន៍​
១០-​លោក ឡុង បូរ៉ុម ជំនួយ​ការ​កម្មវិធី ថែ​ទាំង​សុខភាព​ផ្លូវ​ចិត្ត​កុមារ​ក្នុង​សហគមន៍​, សមាគម​រញ្ជន​ពុទ្ធិ​ពោ​ធន​មិត្ត/CamboKids
១១-​លោក វ៉ែន សុន អ្នក​សម្រប​សម្រួល​ផ្នែក​អភិវឌ្ឍន៍​សៀវភៅ​សម្រាប់​បណ្ណាល័យ​កុមារ​ក្នុង​សហគមន៍​, សមាគម​រញ្ជន​ពុទ្ធិ​ពោ​ធន​មិត្ត/CamboKids​
យុវជន និង​ការ​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្ត​
បោះ​ពុម្ព​ផ្សាយ​ដោយ​នាក​ដ្ឋាន​ថែ​ទាំ​សុខ​ភាព​ជន​បទ ក្រសួង​អភិវឌ្ឍន៍​ជន​បទ រួម​សហការ​ជា​មួយ​នឹងៈ
សមាគមរញ្ជនពុទ្ធិបពោធនមិត្ត/CamboKids
អាសយដ្ឋានៈ # ​៤៥ . ផ្លូវ​លេខ​ ២០៦ . សង្កាត់​​ផ្សារ​ដើម​គរ​ . ខ័ណ្ឌ​ទួល​គោក រាជ​ធានី​ភ្នំ​ពេញ
ទូរស័ព្ទ​លេខៈ (៨៥៥) ២៣ ៨៨២ ៥៧៥
Email: cambokids@online.com.kh
Web Page: www.bigpond.com.kh/Cambokids
អត្ថន័យ​លើ​ក្រប​សៀវភៅៈ
១-ពណ៌​បៃ​តង​ ជា​តំណាង​ទឹក​ចិត្ត​ស្រស់​ថ្លា
២-រូប​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ គង់​ធ្វើ​សមាធិក្នុង​ឥរិយាបថ​អង្គុយពែន​ភ្នែន​បែបវិរាសនៈ ជា​និមិត្តរូប​នៃ​ទឹក​ចិត្ត​ស្ងប់​ស្ងាត់​ ប្រកប​ដោយ​អារម្មណ៍​ជ្រះ​ថ្លា និង​ទស្សន​សុទិដ្ឋិនិយម ជា​គោល​ការណ៍​នៃ​ការ​ថែ​ទាំ​សុខភាព​ផ្លូវ​ចិត្ត​ ដែល​មានចំណាស់​យូរ​លង់​មក​ហើយ​ក្នុង​សង្គម​និង​វប្បធម៌​ខ្មែរ។

No comments:

Post a Comment