បើទោះជាដឹងថា រូបកាយយើងនេះរមែងស្ថិតក្នុងសាមញ្ញលក្ខណធម៌ គឺ អនិច្ចំ ទុក្ខំ អនត្តា យ៉ាងណាក៏ដោយ ក៏អ្នកខ្លះមិនចូលចិត្តឲ្យខ្លួនចាស់ឡើយ នៅពេលនឹកដល់រឿងចាស់ពេលណាក៏កើតទុក្ខ ព្រោះខ្លាចអស់ស្អាត ខ្លាចគេលែងស្រឡាញ់ ហើយក៏ខំព្យាយាមបិទបាំងនូវសភាពចាស់របស់ខ្លួន ប្រឹងប្រែងកែច្នៃប៉ះប៉ូវសព្វបែបយ៉ាង ដើម្បីបិទបាំងភ្នែកអ្នកដទៃឱ្យគេមើលឃើញនៅតែស្អាត នៅតែក្មេង ប៉ុន្តែតាមពិតសុទ្ធតែជារឿងកាឡៃសោះ ទីបំផុតភាពអនិច្ចតា គឺការប្រែប្រួល មិនទៀង ចាស់គឺនៅតែចាស់ដដែល ហេតុនេះទើបលោកពោលថា ធម៌ទាំងបីនេះគ្រាន់តែជាធម៌លួងចិត្តចាស់កុំឱ្យកើតទុក្ខខ្លាំងប៉ុណ្ណោះ ។
តាមពិតទៅខ្លួនប្រាណយើងនេះកំពុងចាស់គ្រប់ដង្ហើម
ចាស់ជានិច្ចចាប់តាំងពីខ្លួនកើតមកពេលណាគឺយើងចាយអាយុរហូតចាយទាល់តែអស់ពោលគឺ
កំពុងតែសន្សឹមៗទៅរកឈាបនដ្ឋានគ្រប់គ្នា
មិនមានអ្នកណាម្នាក់គេចចាស់ គេចស្លាប់រួចឡើយ ទោះជាព្រះពុទ្ធ
និងព្រះអរហន្តទាំងឡាយក៏ស្ថិតនៅក្នុងធម៌បីនេះដែរ ។
ត្រូវដឹងថា អ្នកដែលកើតមកយូរហើយ អាយុរបស់ខ្លួនកំពុងស្រកស្រុតចុះទៅជាលំដាប់ គឺកាន់តែអស់ទៅបន្តិចម្តងៗ ប្រៀបដូចដាក់ទឹកមួយកែវនៅកណ្តាលថ្ងៃ ពីមួយខណៈទៅមួយខណៈទឹកនោះនឹងស្រកបន្តិចម្តងៗយ៉ាងណា អាយុជីវិតរបស់មនុស្សយើងក៏មានសភាពយ៉ាងនោះដែរ ព្រោះជរារួមរឹតរាងកាយនេះឯង។
តាមទ្រឹស្តីព្រះពុទ្ធសាសនាបានលើកឡើងថា ធម៌បីប្រការគឺ អនិច្ចំ ទុក្ខំ អនត្តា គឺជាច្បាប់ធម្មជាតិ ជាធម៍ពិតមិនប្រែប្រួល សព្វសត្វលោកត្រូវជួប ត្រូវទទួលយកគ្រប់ៗគ្នា តាមហេតុ បច្ច័យ ពីមុនក៏អ៊ីចឹង ក្រោយក៏ក៏អ៊ីចឹង មនុស្សក៏អញ្ចឹង ពួកសត្វ អមនុស្សក៏អញ្ចឹង គឺស្មើៗគ្នា ។១. អនិច្ចំ ប្រែថា សេចក្តីគ្រប់យ៉ាងមិនទៀងទាត់ ត្រូវតែប្រែប្រួល អញ្ចឹងហើយវត្ថុគ្រប់យ៉ាងក្នុងលោកកុំសង្ឃឹមពេក ត្រូវល្មមៗក្នុងចិត្ត ទៅបានហើយ ព្រោះគង់តែប្រែប្រួលទេ កុំប្រកាន់ពេក ។អនិច្ចំ ៖ ហេតុអ្វីបានជាអ្វីៗទាំងអស់ក្នុងលោកសុទ្ធតែជាអនិច្ចំ (មិនទៀង ប្រែប្រួល) ? អនិច្ចំ គឺជាហេតុផលតែមួយគត់ ដែលបង្កើតលោកនេះឡើង។ បើអ្វីៗទាំងអស់ក្នុងលោកសុទ្ធតែទៀង មិនប្រែប្រួល មិនផ្លាស់ប្តូរនោះចក្កវាឡនេះនឹងជាប់គាំងនឹងមិនអាចវិលវិវឌ្ឍកើត។ ចំណែកឯពេលវេលាក៏នឹងមិនដើរ ព្រោះពិភពលោកមានដំណើរផ្លាស់ប្តូរពីខណៈមួយទៅខណៈមួយទៀត ទើបបង្កើតបានជាពេលវេលា បង្កើតបានជាអតីត បច្ចុប្បន្ន និងអនាគត។២. ទុក្ខំ អ្វីៗលើលោកគឺជាសេចក្តីទុក្ខ ឈឺចិត្ត សោកសង្រេង មិនពេញចិត្ត ខកបំណង សុទ្ធតែជាសេចក្តីទុក្ខ ។ទុក្ខំ៖(ភាពបែកធ្លាយ ភាពមិនអាចតាំងនៅបាន) ទុក្ខំ គឺសភាពមិនអាចតាំងនៅបានជាអចិន្រៃ្តយ៍ ។ ទុក្ខមិនមែនមានន័យត្រឹមតែជាសេចក្ដីព្រួយ សេចក្ដីលំបាកនោះទេ។ តាមការពិតក្នុងអ្វីៗដែលយើងរាប់ថាជាវត្ថុធាតុក្នុងអ្វីៗដែលយើងនាំគ្នាយល់ថា មានក្នុងលោកនេះ គ្រាន់តែជាអនិច្ចំតែប៉ុណ្ណោះ។៣. អនត្តា មានន័យថា គ្រប់យ៉ាងមិនមែនរបស់ខ្លួន យើងមិនអាចឃាត់
មិនអាចបញ្ជាឡើយ ចឹងកុំហួងហែងពេក ពេលណាគេយកទៅវិញ គេយកហើយ
លោកនេះគឺអញ្ចឹង ។អនត្តា ៖ អ្វីណាមិនទៀង អ្វីនោះជាទុក្ខ។
អ្វីណាជាទុក្ខ អ្វីនោះឯងគឺជាអនត្តា។
មិនមានអ្វីនៅក្នុងលោកនេះមានខ្លួនវាជាតួខ្លួនវាទោលដាច់ដោយឡែក
ហើយកើតឡើងតែឯងដោយខ្លួនវាបានទេ។ នៅក្នុងវា និងភាពជាវា
គឺសុទ្ធតែផ្សំចេញពីអ្វីៗផ្សេងៗទៀតទាំងអស់
ហើយនៅក្នុងអ្វីផ្សេងៗទៀតដែលផ្សំជាវានោះ
ក៏សុទ្ធតែកើតចេញពីអ្វីផ្សេងៗទៀតតៗគ្នា ដោយមិនមានខ្លួនវាឡើយ។
ធម៌ទាំងបីយ៉ាងនេះ លោកហៅថា សាមញ្ញលក្ខណធម៌ មានន័យថាជាធម៌កើតមានដល់សព្វសត្វជាធម្មតា មិនប្រែប្រួល មិនលម្អៀងឡើយ ៕
No comments:
Post a Comment