ដើម្បីស្វែងរកប្រយោជន៍បានជោគជ័យដូចបំណងក្នុងពេលបច្ចុប្បន្ន
អ្នកគ្រប់គ្រងផ្ទះគប្បីសិក្សានូវគោលធម៌ជាពុទ្ធោវាទដើម្បីបានជាចំណេះដឹងតាមផ្លូវសុចរិត
ក្នុងការចេះចាយវាយ ចេះប្រើប្រាស់ ចេះចាត់ចែងទ្រព្យ
ឱ្យក្លាយជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចគ្រួសារ ជំនាញខាង
ចាត់ចែងទ្រព្យឱ្យប្រព្រឹត្តទៅជាប្រយោជន៍ ។
គោលធម៌ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្នមាន៤ប្រការគឺៈ
១-ឧដ្ឋានសម្បទា ដល់ព្រមដោយការប្រឹងប្រែង ព្យាយាម គឺការក្រោកឈរដោយស្មារតីតស៊ូ មិនខ្លាចហត់នឿយក្នុងមុខរបរស្វែងរកទ្រព្យ ដែលជាមុខរបរសុចរិត ជាមុខរបរថ្លៃថ្នូរស្របតាមកាលៈទេសៈបច្ចុប្បន្ន ។
២-អារក្ខសម្បទា ដល់ព្រមដោយការរក្សា គឺចេះគ្រប់គ្រងថែរក្សា សន្សំសំចៃ មិនខ្ជះខ្ជាយនូវទ្រព្យសម្បត្តិដែលខ្លួនខំប្រឹងប្រែងរកបានមក មិនឲ្យបាត់បង់ទៅដោយឥតប្រយោជន៍ឡើយ ។
៣-កល្យាណមិត្តតា គប់រកមនុស្សល្អជាមិត្ត មិនប្រព្រឹត្តតាមបុគ្គលណាដែលដើរក្នុងផ្លូវខុស គឺ សេពគប់មនុស្សណាដែលចេះដឹង ទ្រទ្រង់នូវគុណធម៌ ជាបុគ្គលគួរគោរពរាប់អាន ជាអ្នកណែនាំក្នុងផ្លូវល្អ ផ្លូវចម្រើនមកជាមិត្ត ដើម្បីចម្រើនក្នុងការងារ រស់នៅជាសុខក្សេមក្សាន្ត ។
៤-សមជីវិតា ចិញ្ចឹមជីវិតដោយស្មើ គឺចេះកំណត់ដឹងនូវចំណូល និងចំណាយ រស់នៅឲ្យល្មមនឹងទ្រព្យដែលជាចំណូល មិនមែនចេះតែចង់ហ៊ឺហាឡូយឆាយ ហើយទូលាយដោយការចាយវាយនោះឡើយ តែក៏មិនត្រូវកំណាញ់ពេកដែរ ។
គោលធម៌ទាំងបួនចំណុចនេះនឹងបានជាពន្លឺមួយចំណែកដល់អ្នកគ្រប់សេដ្ឋកិច្ចគ្រួសារយកជាលំអានក្នុងការរក្សា ចាត់ចែងទ្រព្យសម្បត្តិឱ្យបានចម្រើនឡើង ។
No comments:
Post a Comment