មូលដ្ឋាន​គ្រឹះ​នៃ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ - Business Buddhism

Website

មូលដ្ឋាន​គ្រឹះ​នៃ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះសម្មាសម្ពុទ្ធ

ចែករំលែកចំណេះដឹង

 

ព្រះពុទ្ធ​សាសនា​មាន​ដើម​កំណើត​នៅ​ប្រទេស​ឥណ្ឌា ក្នុង​សតវត្ស​ទី​៦ មុន​គ្រិស្ត​សករាជ។ ឯកសារ​ស្រាវជ្រាវ​នានា​បង្ហាញ​ថា ស្ដេច​ចក្រពត្តិ​មួយ​អង្គ​ព្រះនាម ព្រះបាទ អសោក ឬ ធម្មាសោក បាន​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា​ពាសពេញ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ឥណ្ឌា ក្នុង​សតវត្ស​ទី​៣ មុន​គ្រិស្ត​សករាជ។ រហូត​មក​ដល់​សព្វថ្ងៃ​នេះ ព្រះពុទ្ធ​សាសនា ស្ថិត​ក្នុង​ចំណោម​សាសនា​ដែល​មាន​មនុស្ស​គោរព​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក។

តើ​អ្វី​ជា​គោលការណ៍ ឬ​មូលដ្ឋាន​គ្រឹះ​នៃ​ព្រះពុទ្ធ​សាសនា​ដែល​ញ៉ាំង​ឱ្យ​មាន​ការ​និយម​ប្រតិបត្តិ​តាម​យ៉ាង​ដូច្នេះ?

ក្រោយ​ពី​ព្រះសម្មាសម្ពុទ្ធ ព្រះនាម​សមណគោតម ទ្រង់​បរិនិព្វាន​ទៅ​បាន ៣​ខែ ភិក្ខុសង្ឃ ៥០០​អង្គ​ដែល​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត ជា​អ្នក​ប្រាជ្ញ​បណ្ឌិត បាន​សម្រេច​ធម៌​ជាន់​ខ្ពស់ បាន​ប្រ​ជុំ​គ្នា​ធ្វើ​សង្គាយនា ឬ​មហាសន្និបាត ដើម្បី​ចងក្រង​ពុទ្ធវចនៈ ឬ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ​ឲ្យ​បាន​ត្រឹមត្រូវ រក្សា​ទុក​ក្នុង​ភាព​បរិសុទ្ធ​ដូច​ដើម សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​សិក្សា​រៀន​សូត្រ។

មហាសន្និបាត ឬ​សង្គាយនា​លើក​ទី​១​នេះ ដែល​រៀបចំឡើង​នៅ​ក្នុង​ឆ្នាំ​៥៤៤ មុន គ.ស. ឧបត្ថម្ភ​ដោយ​ព្រះបាទ អជាតសត្តុ ឬ​អជារសត្រូវ (Ajatasattu) នៃ​នគរ​មគ្គធៈ ស្ថិត​នៅ​ឥណ្ឌា​ប៉ែក​ខាងជើង បាន​ចារឹក​ធម្មទេសនា​ទាំង ៨​ម៉ឺន ៤​ពាន់​ធម្មក្ខន្ធ ជា​គម្ពីរ​ព្រះ​ត្រៃបិដក ដែល​មាន​ន័យ​ថា កញ្ជើ​បី ឬ​ល្អី​បី រួម​មាន​ព្រះ​វិន័យ​បិដក ព្រះ​សុត្តន្តបិដក និង​ព្រះ​អភិធម្មបិដក។

ពុទ្ធវចនៈ​ទាំង​អស់​បំព្រួញ​សេចក្ដី​មក​មាន​បី​ប្រការ គឺ​ទី​១ កុំ​ធ្វើ​អំពើ​បាប​ទាំង​ពួង ទី​២ ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល និង​ទី​៣ ដុសខាត់​ចិត្ត​របស់​ខ្លួន​ឱ្យ​ស្អាត​បរិសុទ្ធ​ផូរផង់។  ព្រះសម្មាសម្ពុទ្ធ​សមណគោតម​ទ្រង់​ត្រាស់​សំដែង​ថា គោលការណ៍​ទាំង​បី​នេះ គឺជា​ពាក្យ​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ ដែល​មាន​សេចក្ដី​ជា​ភាសា​បាលី​ថា៖ «សព្វ​បាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ ឯតំ ពុទ្ធាន សាសនំ»។

ព្រះ​គ្រូ​ចៅអធិការ​វត្ត​ខ្មែរ «បាលិល័យ្យ» នៅ​ទីក្រុង​ហ្វីឡាដែលហ្វីយា (Philadelphia) រដ្ឋ​ផេនស៊ីលវែនីញ៉ា (Pennsylvania) សហរដ្ឋអាមេរិក ភិក្ខុ​ សែម សុឃឿន បញ្ញាបទីបោ មាន​ថេរដីកា​បក​ស្រាយ​អំពី​គាថា​បទ​ទី​១ ដែល​ទាក់ទង​នឹង​ការ​ធ្វើ​អំពើ​បាប ឬ​បាបកម្ម៖  «ក្នុង​ពាក្យ​ទាំង​បី​វគ្គ​ហ្នឹង "សព្វបាបស្ស អករណំ កុសលស្សូបសម្បទា សចិត្តបរិយោទបនំ ឯតំ ពុទ្ធាន សាសនំ”។  សព្វបាបស្ស អករណំ លោក​ហាម​យើង​កុំ​ឱ្យ​ធ្វើ​អំពើ​បាប​គ្រប់​យ៉ាង អ្វី​ពាក្យ​ថា​បាប គឺ​សេចក្ដី​អាក្រក់។  បាប​ហ្នឹង​វា​ចេញ​តាម​ផ្លូវ​ណា វា​ចេញ​តាម​ផ្លូវ​កាយ​ក៏​មាន ចេញ​តាម​ផ្លូវ​វាចា​ក៏​មាន ផ្លូវ​ចិត្ត​ក៏​មាន។ ធ្វើ​ដោយ​ចេតនា ប៉ុនប៉ង​គ្រប់​បែប​យ៉ាង​ទាំង​អស់ បំផ្លាញ​បៀតបៀន​អ្នក​ដទៃ​ឱ្យ​គេ​វិនាស ដល់​គិត​អ៊ីចឹង​គឺ​ចូល​ក្នុង​អំពើ​បាប​ហើយ។  អ៊ីចឹង​បាន​ជា​លោក​ហាម​ឱ្យ​វៀរចាក​តាំង​ពី​​សត្វ​តូច​សត្វ​ធំ​ទៅ លួច​គេ ដើរ​ជិះជាន់​គេ ទៅ​សង្កត់​សង្កិន​គេ អាង​បុណ្យ​អាង​សក្ដិ អាង​អំណាច​អី​ទៅ វា​ចូល​ក្នុង​បាប​ទាំង​អស់ អា​ហ្នឹង​នៅ​ក្នុង​សព្វបាបស្ស»

ពាក្យ​ថា​បាប ដែល​ខ្មែរ​យើង​ប្រើ​សព្វ​ថ្ងៃ​នេះ គឺ​ជា​ភាសា​បាលី មាន​ន័យ​ថា ទុគ្គតិ ឬ​អាក្រក់ លាមក វិនាស មិន​ចម្រើន។  រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​ជា​បច្ច័យ​បណ្ដាល​ឱ្យ​កើត​មាន​ហេតុ​ទាំង​អស់​នេះ គឺ​ចាត់​ជា​បាបកម្ម អំពើ​បាប អំពើ​អកុសល ឬ​អកុសលធម៌។

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​លះ​អំពើ​បាប?  ប្រការ​នេះ​ទាក់ទង​នឹង​គាថា​បទ​ទី​២ គឺ «កុសលស្សូបសម្បទា» ដែល​មាន​ន័យ​ថា «ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល»។

ស្ថាបនិក​នៃ​គេហទំព័រ​ពុទ្ធ​សាសនា ៥០០០​ឆ្នាំ លោក ស្រ៊ុង ចាន់ណា រស់​នៅ​រាជធានី​ភ្នំពេញ បង្ហាញ​អំពី​ការ​យល់​ឃើញ​ចំពោះ​សារសំខាន់​គោលការណ៍​គ្រឹះ​របស់​ព្រះពុទ្ធ​សាសនា​ក្នុង​ការ​ធ្វើ​នូវ​សេចក្ដី​ល្អ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ៖ «ជា​គ្រឹះ​ហ្នឹង គឺ​ឱ្យ​មនុស្ស​ប្រព្រឹត្ត​នូវ​សេចក្ដី​ល្អ និង​មាន​ការ​សមាទាន​សីល ដូច​ជា​ការ​សមាទាន​សីល​៥  គឺ​ជា​ធម៌​របស់​មនុស្ស​ហើយ។  បន្ទាប់​មក​ជ្រៅ​ទៅ មាន​ឧបោសថ​សីល សីល​៨ ហើយ​និង​មាន​ការ​ប្រព្រឹត្ត​សីល សមាធិ បញ្ញា តាម​លំដាប់​លំដោយ​ក្នុង​ព្រះពុទ្ធ​សាសនា។ ហ្នឹង​គឺ​ជា​សេចក្ដី​ល្អ ដូចជា​ក្នុង​សិក្ខាបទ​និច្ចសីល សីល​៥​ហ្នឹង មាន​ការ​មិន​សម្លាប់ មិន​លួច​អី​ជា​ដើម គឺ​សត្វ​ទាំង​អស់ សត្វ​លោក​សុទ្ធតែ​ចង់​រស់ គ្មាន​នរណា​ចង់​ឱ្យ​គេ​សម្លាប់​ទេ  ហើយ​កាលណា​យើង​វៀរ​ទៅ គឺ​យើង​មាន​ចេតនា​ធ្វើ​នូវ​អំពើ​ល្អ​ហើយ»

កាល​បើ​បុគ្គល​បាន​លះបង់​នូវ​អំពើ​បាប​ទាំង​ពួង ដោយ​ការ​រក្សា​នូវ​សីល​ជាដើម ឈ្មោះ​ថា បាន​បំពេញ​នូវ​អំពើ​ជា​កុសល ដែល​ព្រះពុទ្ធ​ទ្រង់​ត្រាស់​សរសើរ​ថា ជា​អភ័យ​ទាន គឺ​ការ​ផ្ដល់​នូវ​សេចក្ដី​សុខ​ដល់​ជន​ដទៃ ផ្ដល់​នូវ​សេចក្ដី​អាណិត​មេត្តា​ដល់​មនុស្ស​សត្វ​ផង​គ្នា។

ទោះ​បី​ជា​យ៉ាង​ណា​ក្តី ការ​សំអាត​ចិត្ត​ឱ្យ​បរិសុទ្ធ ជា​កត្តា​សំខាន់​ណាស់​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ គឺ​គាថា​បទ​ទី​៣ «សចិត្តបរិយោទបនំ»។  បុគ្គល​ម្នាក់​អាច​មាន​ការ​យល់​ដឹង​យ៉ាង​ច្បាស់​ថា អាត្មា​អញ​តោង​ធ្វើ​តែ​អំពើ​ល្អ ហើយ​ត្រូវ​ចៀសវាង​កុំ​ធ្វើអំពើ​បាប ដែល​នឹង​នាំ​ឱ្យ​មាន​ទុក្ខ​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ។  ប៉ុន្តែ​ជា​ញឹកញយ​ណាស់ ខណៈ​ដែល​ចិត្ត​ពាល់​ត្រូវ​ដោយ​គ្រឿង​សៅហ្មង​ផ្សេងៗ មាន​លោភៈ ក្តី​លោភលន់ ឬ​ទោសៈ កំហឹង​និង​ការ​ស្អប់​ខ្ពើម​ជាដើម បុគ្គល​នោះ​រមែង​ត្រូវ​គ្រប់​សង្កត់​ជាប់​ដោយ​មោហៈ គឺ​ក្តី​ភ័ន្ត​ភាំង​មិន​ដឹង​ការ​ពិត វង្វេង​មិន​ស្គាល់​ខុស​ត្រូវ  ហើយ​ប្រព្រឹត្ត​នូវ​អំពើ​ជា​អកុសល​ទាំង​ពួង​បាន​ដោយ​ងាយ។

ពលរដ្ឋ​ម្នាក់​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល លោក ស្រី ឈុំ ចែក​រំលែក​នូវ​បទពិសោធន៍​ផ្ទាល់​អំពី​ការ​ព្យាយាម​ដុសខាត់​ជម្រះ​ចិត្ត​ឱ្យ​បាន​រឿយៗ តាម​ការ​ចំរើន​សមាធិ​វិបស្សនា​កម្មដ្ឋាន៖ «សំខាន់​នៅ​លើ​ការ​ពិសោធ​ជាក់ស្ដែង​របស់​យើង ហៅ​ថា សមាធិ​របស់​យើង គឺ​យើង​សំដៅ​ហាត់​ពត់​លត់ដំ​ផ្លូវ​ចិត្ត​របស់​យើង។  ធម្មតា​មនុស្ស​ម្នាក់ៗ ទាំង​គេ​ទាំង​ខ្ញុំ លែង​អី​នឹង​មាន​ការ​ឆេវឆាវ​ទាស់ទែង​គ្នា​តិចតួច​ក្នុង​គ្រួសារ លែង​អី​មាន​ការ​លោភលន់។  អ៊ីចឹង​បើ​យើង   បាន​ឆ្លងកាត់​ការសិក្សា​ខាង​វិបស្សនា ដែល​យើង​បាន​ឆ្លងកាត់​ហើយ​នេះ មិន​មែន​ថា ឲ្យ​ប្រែប្រួល​ទាំង​ស្រុង​បាន​ភ្លាម​ទេ យើង​អាច​កាត់​បន្ថយ​បណ្តើៗ​បាន ទាំង​ការ​លោភលន់ ទាំង​ការ​ឆេវឆាវ​របស់​យើង។ ជា​ជំហាន​ដំបូង​ធ្វើ​ឱ្យ​មាន​ការ​កក់​ក្ដៅ ត្រជាក់​រាក់ទាក់​ជាមួយ​គ្នា​ក្នុង​រង្វង់​គ្រួសារ កូនចៅ​របស់​យើង។  ក្នុង​ហ្នឹង​ដែរ អ្នក​ជិត​ខាង​យើង​ក៏​យើង​អាច​សម្របសម្រួល​បាន​ដែរ អ៊ីចឹង​យើង​ឃើញ​ថា ​ការ​ពង្រីក​ភាព​កក់ក្ដៅ​រវាង​សង្គម​មនុស្ស​តូច នឹង​ឈាន​ទៅ​ធំ​ជា​បន្តបន្ទាប់»

​បុគ្គល​ទាំង​ឡាយ​ដែល​បាន​ត្រាស់​ដឹង​ជា​ព្រះសម្មាសម្ពុទ្ធ​ក្នុង​លោក តែង​បង្រៀន​ពី​គោលការណ៍​គ្រឹះ​ទាំង​បី​ប្រការ​នេះ គឺ​កុំ​ធ្វើ​អំពើ​បាប​ទាំង​ពួង ប្រព្រឹត្ត​តែ​អំពើ​ជា​កុសល និង​ដុសខាត់​ចិត្ត​របស់​ខ្លួន​ឱ្យ​ស្អាត​បរិសុទ្ធ​ផូរផង់ ដែល​ដល់​ព្រម​ដោយ​សីល សមាធិ បញ្ញា ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការ​អនុវត្ត​ជាក់ស្ដែង​ក្នុង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ។

នា​ពុទ្ធ​សតវត្ស​ទី​៣ (ព.ស. ២៣៤) គឺ​មុន​គ.ស. ៣០០​ឆ្នាំ ព្រះបាទ ធម្មាសោក ដែល​ជា​ពុទ្ធសាសនិក​ដ៏​ឆ្នើម​ក្នុង​ប្រទេស​ឥណ្ឌា បាន​បញ្ជូន​សមណ​ទូត​ពីរ​ព្រះអង្គ គឺ​ព្រះ​សោណត្ថេរ និង​ព្រះ​ឧត្តរត្ថេរ ឱ្យ​នាំ​យក​ព្រះពុទ្ធ​សាសនា​ថេរវាទ​មក​ផ្សព្វផ្សាយ​នៅ​ដែនដី​សុវណ្ណ​ភូមិ ដែល​បច្ចុប្បន្ន​គឺ​តំបន់​អាស៊ី​អាគ្នេយ៍។

សៀវភៅ «អរិយធម៌​ខ្មែរ» របស់​អ្នកស្រី ត្រឹង ងា កត់ត្រា​ថា តាម​សិលាចារឹក​វ៉ូកាញ់ ក្នុង​ទឹកដី​កម្ពុជា​ក្រោម ទំនង​ជា​ព្រះពុទ្ធ​សាសនា​ចូល​មក​ប្រតិស្ឋាន​ក្នុង​ប្រទេស​ខ្មែរ​នៅ​សតវត្ស​ទី​២ នៃ​គ.ស. ក្នុង​រជ្ជកាល​ព្រះបាទ ស្រីមារៈ ឬ ហ្វាន់ចេម៉ាន់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។




No comments:

Post a Comment