ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​យ៉ាង - Business Buddhism

Website

ធម៌​ដែល​នាំ​ឲ្យ​កើត​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ ៤​យ៉ាង

ចែករំលែកចំណេះដឹង

 

ទិដ្ឋធម្មិក​ធម៌ គឺ​ហេតុ​ឲ្យ​កើត​ផល​ប្រយោជន៍​ក្នុង​ពិភពលោក​នេះ​ មាន ៤ គឺ៖
១. ការ​ប្រឹងប្រែង​ធ្វើ​ការងារ មិន​ខ្ជិល​ច្រអូស​ជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា។
២. ការ​ថែរក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ជានិច្ច ឈ្មោះថា អារក្ខសម្បទា។
៣. ភាព​ជា​អ្នកសេពគប់​មិត្ត​ល្អ ឈ្មោះថា កល្យាណមិត្តតា។
៤. ភាព​នៃ​ការ​ចិញ្ចឹម​ជីវិត​តាម​លទ្ធភាព ឈ្មោះ​ថា សមជីវីតា។

ធម៌​ទាំង​នេះ​ឯង ជាប្រភព និង​ជា​គ្រឹះ​យ៉ាង​មាំ​ សម្រាប់​បណ្ដុះ​បណ្ដាល និង​ ​ទ្រទ្រង់​នូវ​អង្គការ​ពិភព​លោក អង្គការរដ្ឋ និង​អង្គការ​គ្រួសារ​មួយៗ​ ឲ្យ​បាន​ប្រកប​ដោយ​វឌ្ឍនធម៌ ចម្រើន​រុងរឿង ។ បើ​ខ្វះ​ធម៌ណាមួយ អង្គការ​នោះ​ៗ​ ត្រូវ​មាន​វិបត្តិ​មិន​ខាន ។ ក្នុង​រដ្ឋមួយៗ​ មាន​អង្គការ​​ជាច្រើន​ ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ជាដើម។
ផ្នែក​សេដ្ឋកិច្ច ដូច​ខាង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បើ​អ្នក​កាន់​ការ​ទាំងឡាយ​ ក្នុង​ពិភព​​លោក ខ្វះ​ធម៌ទី​ ១​ គឺ ឧដ្ឋានសម្បទា កម្ជិល​មិន​ប្រឹង​ប្រែង​ចំពោះ​ករណីយកិច្ច រវល់​តែ​ប្រចាំ​គ្នា ច្រណែន​គ្នា អំពី​​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ខំ​រវៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឲ្យ​ដើរ​ទាន់​សម័យ​ទេ សេដ្ឋកិច្ច​​មិន​​ត្រូវ​​អមតៈ​បាន​ឡើយ ព្រោះ​នៅ​មាន​ការ​កុហក​បោក​ប្រាស នៅ​មាន​អំពើ​ពុករលួយ លួច​ប្លន់​កេងកិប សូក​​ស៊ី​​សំណូក ច្របូកច្របល់​ក្នុង​ដំណើរ​ជីវិត ត្រូវ​សិក្សា​បង្កើត​​ថ្នាក់​ឲ្យ​ដល់​កម្រិត​សីលសិក្ខា​ បាន​ដល់​ការ​សិក្សា​តាមមគ្គសច្ចវិទ្យា ត្រង់ទី​ ៣ ទី​ ៤ និងទី​ ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជា​ច្រើន​ឆ្នាំ​ទៀត​ដរាប ដល់​អប់រំ​ចរិយាមារយាទ​ឲ្យ​បាន​ថ្លៃថ្នូរ ស្អាត​បរិសុទ្ធ​ ដែល​ហៅ​ថា អរិយចរិយា។

បើ​មាន​ឧដ្ឋានសម្បទា​ ហើយ​ខ្វះអារក្ខសម្បទា មាន​ការ​ខ្ជះខ្ជាយ មិន​ត្រួត​ពិនិត្យ​ឲ្យ​ដល់​ទី​កន្លែង ចេះ​​តែ​ប្រចាំ បណ្ដាក់គ្នា ម្នាក់​អាង​លើ​ម្នាក់ នៅ​តែ​ក្នុង​ការិយាល័យ រំពឹង​តែ​លើ​ក្រដាស លើ​បញ្ជី​នោះ ផល​​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ត្រូវ​ខូចខាត សេដ្ឋកិច្ច​ត្រូវ​ធ្លាក់ចុះ។

បើ​មាន​ធម៌​ទាំង​ពីរ​នេះ​ហើយ ប៉ុន្តែ​ខ្វះ​ធម៌​ទី​ ៣ គឺ​កល្យាណមិត្ត​តា មាន​ការ​ទាក់ទង​ជា​មួយ​អ្នក​​លក់ អ្នក​​ទិញ ជា​មនុស្ស​ទុច្ចរិត មាន​ការ​គៃបន្លំ និង​នាំ​គៃបន្លំ​ដោយ​ហេតុ​ណា​មួយ ឬ​​ក៏​​មាន​សហការី​របស់​ខ្លួន​ ជាមនុស្សពុករលួយ ត្រូវ​ជើង​នឹង​អ្នក​ទិញ ឬ​អ្នក​លក់ ធ្វើ​ឲ្យ​ខូចខាត​ផល​ឧស្សាហកម្ម ពាណិជ្ជកម្ម​​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ។
 បើ​មាន​ធម៌​ទី​ ១ ទី​ ២ ទី​ ៣ នេះ​គ្រប់គ្រាន់​ហើយ នៅ​ខ្វះធម៌​ទី​ ៤​ គឺ សមជីវិតា មាន​ការ​ចំណាយ​​ច្រើន​​ជាង​ចំណូល ដោយ​ការ​ខ្ជះខ្ជាយ ឬ​ដោយ​ប្រើ​បុគ្គលិក​ច្រើន​ហួស​ដែល​បណ្ដាល​មក​ពី​មិន​ចេះ​​ប្រើ គឺ​អំពើ​ដែល​គេ​ធ្វើ​តែ​ម្នាក់​កើត យើង​ធ្វើ​ ៤ ឬ​ ៥​ នាក់​ទើប​កើត ហើយ​មិន​ល្អ​ទៀត ឬ​ទិញ​​របស់​​មួយ​​មុខៗ​ ចូល​ច្រើនហួស ដើម្បី​បាន​ភាគរយ​អំពី​អ្នក​លក់ ឯ​របស់​ដទៃ​ទៀត​គ្មាន​លុយ​ទិញ​គ្រប់​​គ្រាន់ ដែល​​នាំ​​ឲ្យ​​រអាក់រអួល​ដំណើរ​ឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ។

កាល​បើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ព្រោះ​ខ្លួន​ខ្វះ​សមត្ថភាព ឬ​ព្រោះ​ខ្លួន​ទុច្ចរិត​ហើយ ខំ​តម្លើង​តម្លៃ​ទំនិញ​​ដើម្បី​​​ទប់ទល់​នោះ រឹត​តែ​នាំ​ឲ្យ​ចង្រៃ​ធំ​ដល់​សង្គមជាតិ​ អ្នក​ប្រើប្រាស់​ថែម​ទៀត ។ ទិដ្ឋធម្មិកធម៌​នេះ មាន​ន័យ​ធំ​ទូលាយ​គ្រប់​ករណីកិច្ច​ទាំង​អស់​របស់​អ្នក​ពិភពលោក ដូច​​បាន​​នាំ​កូន​ចំណុច​តូចមួយខាងលើ​នេះ​ជា​និទស្សនៈ​ស្រាប់។

ប្រភព
ដោយ ៥០០០ឆ្នាំ




No comments:

Post a Comment