ប្រយោជន៍គឺសេចក្តីសុខ សេចក្តីចម្រើនដែលកើតអំពីកិច្ចប្រឹងប្រែង ខំធ្វើ ខំប្រព្រឹត្ត ខំប្រកបការងារបច្ចុប្បន្ន៤យ៉ាងគឺ៖
១-ឧដ្ឋានសម្បទា ដល់ព្រមដោយសេចក្តីព្យាយាម គឺព្យាយាមក្នុងការប្រកបកិច្ចជាគ្រឿងចិញ្ចឹមជីវិតក្តី, ក្នុងការសិក្សារៀនសូត្រក្តី ក្នុងកិច្ចធុរៈជាមុខនាទីរបស់ខ្លួនក្តី ។
២-អារក្ខសម្បទា ដល់ព្រមដោយការថែរក្សា គឺថែរក្សាទ្រព្យដែលរកបានមកដោយសេចក្តីព្យាយាមមិនឲ្យអន្តរាយទៅក្តី, រក្សាការងារមិនឲ្យសាបសូន្យទៅក្តី ។
៣-កល្យាណមិត្តតា ភាពជាអ្នកមានមិត្តល្អ មិនសេពគប់មិត្តអាក្រក់ ។
៤-សមជីវិតា ការចិញ្ចឹមជីវិតតាមសមគួរដល់កម្លាំងទ្រព្យដែលរកបានមក គឺមិនត្បិតត្បៀតពេកមិនខ្ជះខ្ជាយពេក ។
សម្បទាទាំងបួនប្រការនេះជាមូលដ្ឋានគ្រឹះដែលនាំឱ្យបានសម្រេប្រយោជន៍ក្នុងលោកនេះផង និងលោកខាងមុខផង ។
ប្រយោជន៍បច្ចុប្បន្ន៤យ៉ាង
នៅក្នុងសៀវភៅពុទ្ធវចនាធិប្បាយ បានពន្យល់ឱ្យមនុស្សចូលចិត្តនូវការប្រព្រឹត្តប្រយោជន៍៤យ៉ាង ឬហៅថាសម្បរាយិកត្ថប្រយោជន៍ ដែលឱ្យផលភ្លាមៗក្នុងពេលបច្ចុប្បន្ននេះ ។ ប្រយោជន៍៤យ៉ាងនោះគឺៈ១-ឧដ្ឋានសម្បទា ការខិតខំប្រឹងប្រែងក្នុងកិច្ចការទាំងពួង ខំប្រឹងកសាងសេចក្តីល្អ ខំប្រឹងធ្វើអ្វីដែលជាប្រយោជន៍ដល់ខ្លួនឯង សម្រាប់គ្រួសារ សម្រាប់សង្គមជាតិ និងសម្រាប់ពិភពលោកទាំងមូល ។
២-អារក្ខសម្បទា ការរក្សានូវទ្រព្យដែលខ្លួលបានរកចេះសន្សំ ចេះរក្សា ចេះទុកដាក់ ចេះការពារទ្រព្យដែលខ្លួនរកបានហើយកុំឱ្យបាត់បង់ដោយហេតុណាមួយ ។
៣-កល្យាណមិត្តតា ចេះរាប់អានមិត្ត ព្រះពុទ្ធសម្តែងថា សេពគប់បណ្ឌិតរមែងជោគជ័យជាមង្គលដ៏ឧត្តម កុំសេពគប់បុគ្គលពាល ព្រោះពាលមិនដែលនាំមកនូវសេចក្តីចម្រើនឡើយ ។
៤-សមជីវិតា ការចិញ្ចឹមជីវិតបានត្រឹមត្រូវ រកបានតិច ចាយតិច កុំចាយលើសចំណូល កុំចំណាយទៅលើអំពើអបាយមុខចំណាយទៅលើអ្វីៗត្រូវត្រិះរិះពិចារណា ។
ធម៌នាំឱ្យកើតប្រយោជន៍៤យ៉ាងនេះកើតមានចំពោះបុគ្គលណា នឹងនាំក្តីចម្រុងចម្រើន នាំជោគជ័យដល់បុគ្គលនោះក្នុងបច្ចុប្បន្នជាតិនេះភ្លាមៗ ៕ សាន សារិន
No comments:
Post a Comment