មោរបរិត្ត
*ព្រះពុទ្ធសម្តែងពីមោរបរិត្ត ពេលព្រះពុទ្ធប្រសូត ត្រាស់ដឹង ឬសម្តែង ធម្មចក្កប្បវត្តនសូត្រ ចក្រវាឡទាំង១មុឺនលោកធាតុអំណាច"អាណាក្ខេត្ត"(ដែនអំណាចនៃមន្ត)កក្រើកញាប់ញ័រទាំងអស់។
(សូត្រពេលព្រឹក)
ឧទេតយញ្ចក្ខុមា ឯករាជា ហរិស្សវណ្ណោ បឋវិប្បភាសោ
តំ តំ នមស្សាមិ ហរិស្សវណ្ណំ បឋវិប្បភាសំ
តយជ្ជ គុត្តា វិហរេមុ ទិវសំ
យេ ព្រាហ្មណា វេទគុ សព្វធម្មេ
តេ មេ នមោ តេ ច មំ បាលយន្តុ
នមត្ថុ ពុទ្ធានំ នមត្ថុ ពោធិយា
នមោ វិមុត្តានំ នមោ វិមុត្តិយា
ឥមំ សោ បរិត្តំ កត្វា មោរោ ចរតិ ឯសនា។
(ក្ងោកពោធិសត្វ ពោលថា) សុរិយទេវបុត្រណា ជាឯករាជ មានចក្ខុ មានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី កំពុងរះឡើង ខ្ញុំសូមនមស្ការនូវសុរិយទេវបុត្រនោះ អ្នកមានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី ខ្ញុំសូមឲ្យលោកគ្រប់គ្រងរក្សា អស់វេលាថ្ងៃក្នុងថ្ងៃនេះ ពា្រហ្មណ៍ទាំងឡាយណា សំរេចនូវវេទ ក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងឡាយនោះ ទទួលនូវការនមស្ការរបស់ខ្ញុំ សូមព្រាហ្មណ៍ទាំងឡាយនោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមានដល់លោកអ្នកត្រាស់ដឹងទាំងឡាយ ការនមស្ការ ចូរមានដល់សេចក្ដីត្រាស់ដឹង ការនមស្ការ ចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការ ចូរមានដល់វិមុត្តិ ក្ងោកពោធិសត្វនោះ ធ្វើបរិត្តនេះរួចហើយ ទើបត្រាច់ទៅស្វែងរកអាហារ។
(សូត្រពេលល្ងាច)
អបេតយញ្ចក្ខុមា ឯករាជា ហរិស្សវណ្ណោ បឋវិប្បភាសោ
តំ តំ នមស្សាមិ ហរិស្សវណ្ណំ បឋវិប្បភាសំ
តយជ្ជ គុត្តា វិហរេមុ រត្តឹ
យេ ព្រាហ្មណា វេទគុ សព្វធម្មេ
តេ មេ នមោ តេ ច មំ បាលយន្តុ
នមត្ថុ ពុទ្ធានំ នមត្ថុ ពោធិយា
នមោ វិមុត្តានំ នមោ វិមុត្តិយា
ឥមំ សោ បរិត្តំ កត្វា មោរោ វាសមកប្បយីតិ។
(សុរិយទេវបុត្រណា) ជាឯករាជ មានចក្ខុ មានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី កំពុងអស្ដង្គតទៅ ខ្ញុំសូមនមស្ការ នូវសុរិយទេវបុត្រនោះ អ្នកមានសម្បុរដូចមាស មានពន្លឺផ្សាយទៅលើផែនដី ខ្ញុំសូមឱ្យលោកគ្រប់គ្រងរក្សា អស់រាត្រីក្នុងថ្ងៃនេះ ព្រាហ្មណ៍ទាំងឡាយណា សម្រចនូវវេទ ក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងនោះ ទទួលនូវការនមស្ការបស់ខ្ញុំ សូមព្រាហ្មណ៍ទាំងនោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមានដល់លោកអ្នកត្រាស់ដឹងទាំងឡាយ ការនមស្ការ ចូរមានដល់សេចក្ដីត្រាស់ដឹង ការនមស្ការ ចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការ ចូរមានដល់វិមុត្តិ ក្ងោកពោធិសត្វ ធ្វើបរិត្តនេះរួចហើយ ទើបបានសម្រេចការនៅ។
(បិ អ ៤៦/៦១)
*កំណត់ចំណាំ
ព្រះពោធិសត្វកាលយោនយកកំណើតជា ក្ងោកមាសដោយរស់នៅលើភ្នំទណ្ឌកមាស ក្នុងព្រៃហេមពាន្ត។ទ្រង់ការពារខ្លួនជារៀងរាល់ព្រឹកពេលព្រះអាទិត្យរះ ក្ងោកមាសតែងសូត្រមន្តនមស្ការព្រះអាទិត្យ និងព្រះពុទ្ធទាំងឡាយ ដើម្បីការពារខ្លួនក្នុងពេលថ្ងៃ។ ពេលល្ងាចមុនចូលសម្រាក ក៏សូត្រមន្តដដែលនេះ ដើម្បីការពារខ្លួនក្នុងពេលយប់។អានុភាពដោយសារអំណាចនៃមន្តនេះ ក្ងោកមាសមិនដែលជាប់អន្ទាក់របស់ព្រានព្រៃអស់រយៈពេលរាប់រយឆ្នាំ ទោះបីជាមានស្តេចជាច្រើនអង្គចង់ចាប់យកទៅចិញ្ចឹមក៏ដោយ។ ស្វាធ្យាយនូវមន្តនេះដោយកាយ វាចា ចិត្តដ៏បរិសុទ្ធនឹងកើតប្រយោជន៍មានលាភមង្គល និង ការពារភន្តរាយទាំងឡាយទាំងពួងបាន៕
សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានរមែងឈ្នះអស់ទានទាំងពួង!
មហាគ្រូ អេង សុវិន្រ្ទ

























































