#ជីវប្រវត្តិរបស់ព្រះមហាសានុ_មហាសាមណេរទី៦
“ដែលលោកជាព្រះអរហន្តមួយរូបនៅក្នុងព្រះពុទ្ធសាសនា”
សានុសាមណេ ជាអ្នកបព្វជ្ជា ក្នុងព្រះពុទ្ធសាសនា ពេលលោកនៅក្មេង ជាក្មេងនៅក្នុងឱវាទពាក្យប្រៀនប្រដៅរបស់ ឧបជ្ឈាយ៍ ជាក្មេងដែលចេះទទួលខុសត្រូវ ចំពោះតួនាទី បានទទួលការតែងតាំងឱ្យយ៉ាងពេញចិត្ត តាម សមត្ថភាព មិនថា នឹងជាការងារប្រើកំលាំងកាយ ឬ ប្រើចំណេះ លោកតាំងចិត្តធ្វើពិតប្រាកដ ដូចពាក្យពោលថា “ការងារស្រាលក៏ធ្វើ ការងារធ្ងន់ក៏តស៊ូ” ។
#ប្រវត្តិអតីតជាតិកាលព្រះសម្មាសម្ពុទ្ធសិទ្ធត្ថៈ
ជីវប្រវត្តិរបស់ សានុសាមណេរ បានសម្តែងទុកទាំង អតីតជាតិ និងបច្ចុប្បន្ន ហើយជីវប្រវត្តិអតីតជាតិរបស់ លោកមានពោលនៅក្នុងអដ្ឋកថា គម្ពីរបរមត្ថទីបនី ដែល អធិប្បាយសេចក្តីបាលីគម្ពីរខុទ្ទកនិកាយ ថេរគាថា÷
សានុសាមណេ មានបុណ្យកុសល ដែលបានធ្វើទុក ក្នុងសម័យ ព្រះពុទ្ធអង្គមុនៗ ដែលជាឧបនិស្ស័យ (សេចក្តី ល្អជាទុនក្នុងចិត្ត ) នៃព្រះនិពា្វនទុកក្នុងជាតិនោះៗ ។
ក្នុងកប្បទី ៩៤ រាប់ថយក្រោយទៅអំពីភទ្ទកប្បនេះ លោកបាននាំយកទឹកទៅថ្វាយ ព្រះសិទ្ធត្ថសម្មាសម្ពុទ្ធ ដើម្បី ជាប្រយោជន៍សំរាប់លាងព្រះហស្ត និងព្រះបាទ ហើយទ្រង់ ខ្ពុរមាត់ ក្នុងវេលាដែល ព្រះអង្គសោយ លោកចាំសង្កេត មើលអាការរបស់ ព្រះអង្គ ហើយបង្អោននាំទឹកយកទៅថ្វាយ នៅពេលព្រះលាងព្រះហស្ត និងព្រះបាទហើយ ក្រោយ ពេលសោយរួចទ្រង់មានព្រះបំណង និងទុរព្រះឱស្ឋ ក៏ដឹងព្រះអាការនោះហើយ ទើបយកទឹកទៅថ្វាយ ដើម្បី ខ្ពុរព្រះឱស្ឋ ។
ព្រះបរមសាស្តា ទ្រង់ជម្រះព្រះឱស្ឋរួចស្រេចហើយ ទ្រង់មានសេចក្ដីអនុគ្រោះ ទើបទ្រង់ត្រេកអរចំពោះ វេយ្យាវច្ចកិច្ច (កិច្ចគឺការជួយទំនុកបំរុងឬបំរើ) ដែលរៀបចំថ្វាយ ដោយការតាំងចិត្តមាំយ៉ាងនេះ ។
ដោយផលបុណ្យដែលលោកបានធ្វើហើយ និង បដិបត្តិ ចំពោះ ព្រះសិទ្ធត្ថសម្មាសម្ពុទ្ធ រួចហើយនោះ ពេលលោកអស់ជីវិតទៅ បានទៅកើតក្នុងទេវលោក ហើយលោក ក៏ធ្វើបុណ្យកុសលក្នុងជាតិតៗមក លោកបានត្រាច់រង្គត់នៅក្នុងទេវតា ហើយនឹងមនុស្សរហូតអស់កាលជាយូរ ។
#ប្រវត្តិជាតិបច្ចុប្បន្ន
ជីវប្រវត្តិរបស់ សានុសាមណេរ ក្នុងជាតិបច្ចុប្បន្ន
ជារឿងដែល ព្រះបរមសាស្តា ទ្រង់ប្រារឰដល់រឿងរបស់លោក កាលគង់នៅវត្តជេតពន ក្នុងក្រុងសាវត្ថី ដោយមានសម្តែងនៅក្នុងអដ្ឋកថាគម្ពីរធម្មបទ នៃ នាគវគ្គក្នុងរឿងសានុសាមណេ និងគម្ពីរអដ្ឋកថាបរមត្ថទីបនី ដែលពង្រីកសេចក្តីបាលីខុទ្ទកនិកាយ ថេរគាថាដូច្នោះថា÷
ក្នុងពុទ្ធុប្បាទ គឺកាលជាទីឧប្បត្តិរបស់ព្រះពុទ្ធនេះ សានុសាមណេរ បានបដិសន្ធិនៅក្នុងគ្រួសារមួយនៅក្នុង «ក្រុងសាវត្ថី» ពេលលោកនៅក្នុងគភ៌របស់មាតា បិតារបស់លោក ក៏ចេញចាកផ្ទះទៅនៅទីដទៃ ។
កាលលោកនៅក្នុងគភ៌គ្រប់ ១០ ខែ មាតារបស់ លោក ក៏ប្រសូតលោកមកនឹងដាក់ឈ្មោះថា #សានុ ។ សានុសាមណេរ ជាបុត្រតែមួយរបស់ឧបាសិកាម្នាក់អ្នកដែលមានសទ្ធាក្នុងព្រះពុទ្ធសាសនា ។ ឧបាសិកានោះ បានឱ្យ សានុ ជាកូនប្រុសចេញបព្វជ្ជា ជាសាមណេរ តាំងតែពីនៅវ័យក្មេង ។
រាប់តាំងពី សានុ នោះបព្វជ្ជជា សាមណេរ ហើយ សានុសាមណេរ ជាអ្នកមានសីលបរិសុទ្ធ បោសចាសមន្ទិល ពោរពេញទៅដោយការប្រព្រឹត្តប្រតិបត្តល្អ ជាពហុស្សូត ( អ្នកដែលបានចេះដឹងដោយការស្តាប់ ឬអ្នកដែលរៀន ច្រើន បានប្រតិបត្តិចំពោះគ្រូអាចារ្យ ព្រះឧបជ្ឈាយ៍ ហើយ នឹងលោកជា អាគន្តុកៈ គឺលោកដែល ត្រាច់មកទាំងឡាយ ។
សានុសាមណេ បានក្រោកឡើងអំពីព្រឹកព្រលឹម ដងទឹកដាក់ក្នុងបន្ទប់ទឹកបោសសំអាតរោងស្តាប់ធម៌ រៀបចំ ប្រទីបទុក ហើយប្រកាសការស្តាប់ធម៌ ដោយសំឡេងយ៉ាងពីរោះ ដែលក្នុងមួយខែ មាន ៨ ថ្ងៃ ជារៀងរហូតមក ។
ភិក្ខុទាំងឡាយដឹងអំពីសមត្ថភាពរបស់ សានុសាមណេរ បានយ៉ាងល្អ ទើបអារធនា សានុសាមណេរថា÷ "លោកចូរ សូត្រនូវព្រះធម៌ចុះ” ។
សានុសាមណេរ មិនដែលសំដងកិរិយារង្កៀស ( សំដងអាការមិនពេញចិត្ត ឬមានពាក្យដោះសារយ៉ាង ណាមួយថា÷ "លោកម្ចាស់ដ៏ចម្រើន ខ្ញុំកើតរោគឈឺចុកសៀត ឬថា ខ្ញុំត្រូវរោគ ក្អកបៀតបៀន” ពាក្យទាំងអស់នេះ សាមណេរ មិនដែលយកមកប្រើឡើយ ( មិនដូចមនុស្សខ្ជិល ដែល មានពាក្យ អន់ផ្សេងៗ ដើម្បីគេចវេសពីការងារ ) ។ កាលដែលសានុសាមណេរ បានស្តាប់ពាក្យរបស់ភិក្ខុ ទាំងឡាយហើយ លោកក៏ឡើងកាន់ធម្មាសនៈ ( កន្លែង សំរាប់ភិក្ខុសាមណេរអង្គុយសំដែងធម៌ ហើយពោលធម៌ បៀបបីដូចនិងឱ្យទឹកធ្លាក់ពីអាកាសចុះមក ហើយពេល ដែលលោកចុះពីធម្មាសនៈ ក៏ពោលថា÷ ខ្ញុំម្ចាស់សូមឱ្យចំណែកបុណ្យក្នុងកាលពោលធម៌នេះ ចំពោះមាតាបិតារបស់ខ្ញុំម្ចាស់ ។ បុគ្គលទាំងឡាយមិនដឹងថា សានុសាមណេរ ចែកចំណែកបុណ្យឱ្យចំពោះមាតាបិតាមួយណាហ្ន៎ ចំណែកមាតារបស់ សានុសាមណេរ ក្នុងអតីតជាតិដែលបន្តបន្ទាប់មកលំដាប់ តែបានកើតមកជា «យក្ខិនី» ហើយ នាងយក្ខិនី នោះ បានមកជាមួយទេវតា ... ដើម្បីស្តាប់ធម៌ លុះស្ដាប់ធម៌រួច ហើយកាលដែលនឹងអនុមោទនាចំណែកបុណ្យដែល សានុសាមណេរ ចែកឱ្យ ទើបពោលថា÷ "នែសាមណេរ នាងខ្ញុំសូម អនុមោទនា គឺការត្រេកអផង” ។
ភិក្ខុទាំងឡាយ អ្នកដែលមានសីលបរិសុទ្ធល្អ ដែលជាទីស្រលាញ់របស់មនុស្សលោកនេះ និងទេវលោក ព្រោះដូច្នោះ ទេវតាទាំងឡាយ ទើបមានការអៀនខ្មាស់ មានសេចក្តីគោរព សានុសាមណេរ រាប់អាន សានុសាមណេរ បីដូចជាមហាព្រហ្ម ហើយបៀបបីដូចជាគំនរភ្លើងដ៏ធំ ទេវតាទាំងឡាយ រមែងឃើញ យក្ខិនី ជាទីគោរព ព្រោះឃើញនាងសំដែងការគោរពចំពោះ សានុសាមណេរ ។
ក្នុងសម័យទាំងឡាយ មានសម័យស្តាប់ព្រះធម៌ នឹងសម័យពួកយក្ខ ប្រជុំគ្នាជាដើម មនុស្សទាំងឡាយបានឱ្យអាសនៈ គីទីអង្គុយដ៏ល្អ ទឹកដ៏ល្អ អាហារដ៏ល្អ ចំពោះនាងយក្ខិនី ដោយគិតថា នាងយក្ខិនីជាមាតារបស់ សានុសាមណេរ ។ សូម្បីនាងយក្សមានសក្ខ័ធំ ឃើញ នាងយក្ខិនី នោះហើយក៏បើកផ្លូវឱ្យ ឬក្រោកឡើងពីទីអង្គុយ ដោយសំដែង សេចក្តីគោរព ។ តមក សានុសាមណេរមានការធំធាត់ចម្រើនឡើង មានរាងកាយរឹងមាំ អស់សេចក្តីត្រេកអរក្នុងការបួស នឹកចង់សិក លោកមិនអាចបន្ទោបង់ការចង់សិកនោះចេញបាន បណ្ដោយឱ្យសក់នឹងក្រចកទុកវែង បណ្ដោយ ស្បង់ ( សំពត់ ស្លៀក និងចីវរ ( សំពត់ដណ្តប់ ) ប្រឡូកប្រឡាក់ និងមិនប្រាប់សេចក្តីនោះដល់នរណា លោកបានកាន់បាត្រ នឹងចីវរទៅកាន់ផ្ទះរបស់ឧបាសិកាជាមាតាតែម្នាក់ឯង ។
កាលឧបាសិកា ឃើញ សានុសាមណេរ ជាកូនប្រុស ទើបលើកសំពះ ហើយ សួរថា÷ សាមណេរ កាលមុននោះ លោកកូនធ្លាប់មកជាមួយគ្រូអាចារ្យ និងឧបជ្ឈាយ៍ខ្លះឬក៏មកព្រមជាមួយភិក្ខុកំលោះ ឬក៏សាមណេរ ខ្លះ ចុះហេតុអ្វី បានជាក្នុងថ្ងៃនេះ លោកកូនមកមា្នក់ឯងអញ្ចឹង ។ សានុសាមណេរ ឆ្លើយថា÷ ញោម អាត្មាចង់សិក (លាសិក្ខាបទ ) ។
ឧបាសិកា ដែលជាមាតាអ្នកមានសទ្ធា បានសំដែងទោសក្នុង ឃរាវាស គឺជាអ្នកគ្រប់គ្រងផ្ទះ ឬជីវិតអ្នកស្រុក ដោយអាងហេតុផលប្រការផ្សេងៗ ដាស់តឿន សាមណេរ ជាកូនប្រុស ក៏មិនអាចធ្វើឱ្យ សាមណេរ ដែលជាកូនយល់ ចូលចិត្តបាន តែនាងក៏មិនបានច្រានចេញទៅឱ្យផុតដោយ គិតថា ទោះជាយ៉ាងណា សាមណេរ ជាកូនប្រុសរបស់យើង នឹងមានការដឹងខ្លួនបានដោយ សញ្ជាតញ្ញាណ (ការ ដឹងដែលមានមកពីរកំណើតរបស់មនុស្ស និងសត្វធ្វើឱ្យមានការយល់បាន នឹងធ្វើបានដោយខ្លួនឯង មិនចាំបាច់មាន នរណាប្រៀនប្រដៅ របស់ខ្លួនឯង” ។ នាងទើបពោលថា÷ នែសាមណេរ សូមកូននៅចាំ ញោមៗ នឹងរៀបចំបបរនិងបាយ ដើម្បីលោកកូនបានឆាន់បបរនិងបាយស្រេចហើយ ញោមនឹងនាំយកសម្ពត់សាច់ល្អ គួរជាទីពេញចិត្ត មកប្រគេនលោកកូន ហើយនាងតុបតែង អាសនៈប្រគេនចំពោះ សានុសាមណេរ ដែលជាកូន ។
ចំណែក សានុសាមណេ អង្គុយចុះលើអាសនៈនោះ ឧបាសិកា ចាត់ចែងបបរហើយ នឹងរបស់ទំពាញ៉ាំរួច មួយរំពេចប៉ុណ្ណោះ ហើយនាងនាំមកថ្វាយ ហើយបន្ទាប់មក ឧបាសិកាគិតថា យើងនឹងដាំបាយ ទើប អង្គុយលាងអង្ករ នៅក្បែរៗអាសនះ សាមណេរអង្គុយនោះ ។
នៅគ្រានោះ នាងយក្ខិនី ជាមាតាក្នុងអតីតជាតិ របស់ សានុសាមណេរ រំពឹងរកមើល សានុសាមណេរ នៅទីណាហ្ន៎! លោកបានអាហារហើយ ឬក៏នៅ ក៏ដឹងរឿងរបស់ សានុសាមណេ ដែលអង្គុយគិតចង់សិក នាងយក្ខិនី គិតថា សាមណេរ កុំធ្វើឱ្យយើងខ្មាស់ទេវតាទាំងឡាយ ឡើយ យើងនឹងទៅរារាំងការសិករបស់សាមណេរ ហើយ នាងយក្ខិនី ទើបមកចូលក្នុងរាងកាយរបស់ សានុសាមណេរ ប្រកាច់ដួលទៅនឹងដី ។
សានុសាមណេ មានភ្នែកត្រឡប់ទាំងពីរខាង មាន ទឹកមាត់ហូរពេញមាត់ ដេកបំរាស់ននៀលនៅនឹងដី ។ ឧបាសិកាជាម្តាយបានក្រលេកឃើញអាការៈ ចំឡែករបស់ សានុសាមណេរ ជាកូន ទើបប្រញាប់លើកកូនឡើង ។ ពួកអ្នកស្រុកក៏នាំគ្នាមកធ្វើការបួងសួង ដោយគឿងសំណែន មានពលីកម្ម គឺបូជាជាដើម ។ គ្រានោះឯង ឧបាសិកា នោះខ្សឹកខ្សួល បានពោល គាថាទាំងនេះក្នុងវេលានោះថា÷
ខ្ញុំបានឮព្រះអរហន្តទាំងឡាយថា បុគ្គលទាំងឡាយ ណារក្សាឧបោសថ ប្រកបដោយអង្គ ៨ ក្នុងថ្ងៃទី ១៤ ថ្ងៃទី ១៥ និងទី ៨ នៃបក្ស ទាំងបារិហារិកបក្ខ ផង ឈ្មោះថា ប្រព្រឹត្តព្រហ្មចរិយ ពួកយក្សមិន យាយីបុគ្គលនោះឡើយ ឥឡូវថ្ងៃនេះ ខ្ញុំឯងឃើញពួកយក្ស យាយី សានុសាមណេរ។ នាងយក្ខិនី បានស្តាប់ពាក្យរបស់ញោមជាមាតា របស់ សានុសាមណេរ ហើយពោលថា÷ នាងបានឮពាក្យព្រះអរហន្តទាំងឡាយ ដោយ ប្រពៃថា÷ បុគ្គលទាំងឡាយណា រក្សាឧបោសថ ប្រកប ដោយ អង្គ ៨ ក្នុងថ្ងៃទី ១៤ ថ្ងៃទី ១៥ ថ្ងៃទី ៨ នៃបក្ស ទាំងបាវិហារិបក្ខ ឈ្មោះថា ប្រព្រឹត្ត ព្រហ្មចរិយ ពួកយក្ស មិនយាយីបុគ្គលនោះទេ ។ ហើយនាងយក្ខិនី ទើបពោលបន្តទៀតថា÷ នាងគប្បីនិយាយប្រាប់ សានុសាមណេរ ដែលភ្ញាក់ឡើងថា
នេះជាពាក្យរបស់ពួកយក្ស ( ប្រាប់ ) ថាលោកកុំធ្វើ អំពើអាក្រក់ក្នុងទីចំពោះមុខ ឬទីកំបាំងឡើយ លោកនឹងធ្វើ ឬកំពុងធ្វើនៅអំពើដ៏លាមក លោកទុជាហោះរត់ទៅក៏មិនរួច អំពីសេចក្តីទុក្ខដែរ ។ នាងយក្ខិនី នោះពោលសេចក្តីនេះថា ការរួចផុតនិងមិនមានចំពោះអ្នកដែលធ្វើបាបកម្មហើយ ទោះបីជាហោះហើរគេចទៅដូចជាបក្សីក៏ដោយ” ហើយក៏លែង សានុសាមណេរ ចំណែក សានុសាមណេរ ពេលបើកភ្នែកឡើងបានក្រឡេកឃើញញោមជាមាតាកំពុងរំសាយសក់ ខ្សឹក ខ្សួល ជាមួយអ្នកស្រុកដែលមកជួបជុំគ្នា មិនទាន់ដឹង សេចក្ដីដែលខ្លួនតូ្រវ នាងយក្ខិនីចូល ទើបនឹកសង្ស័យថា ពេលមុនយើង អង្គុយនៅលើគ្រែ ញោមជាមាតាអង្គុយ លាងអង្ករនៅក្បែរ ឥឡូវនេះ យើងត្រលប់ជាដេកនៅនឹងដីនេះ ព្រោះហេតុអ្វីទៅហ្ន៎ នៅខណៈពេលដែលលោក ដេកនៅទីនោះ នេះឯងពោលជាមួយញោមជាមាតាថា÷ ញោមពួកជនតែងយំរកបុគ្គល ដែលស្លាប់ទៅហើយ ឬបុគ្គលដែលរស់នៅតែគេមិនឃើញ ញោម អាត្មានៅរស់ នៅឡើយញោមហេតុអ្វីក៏ញោមយំរកអាត្មា ។គ្រានោះឧបាសិកា ញោមជាម្តាយរបស់ សានុសាមណេរ កាលសំដែងទោសក្នុងការដែលកូនលះវត្ថុ ( វត្ថុគួរឱ្យ ត្រេកត្រអាល គឺកាមគុណ និងបានដល់រូប សម្លេង ក្លិន រស វត្ថុដែលប៉ះពាល់ដោយកាយ ) នឹងកិលេសកាម ( កិលេសដែលធ្វើឱ្យចង់បានដល់ #រាគៈ សេចក្តីតម្រេក #លោភៈ ការចង់បាន #ឥស្សា ឬ #ឥច្ចា ឬស្យាមិនឱ្យអ្នកណាល្អជាងខ្លួន ចេញបព្វជ្ជា ហើយត្រឡប់មកដើម្បី នឹងសិក ទើបពោលថា÷ លោកកូន ជនទាំងឡាយតែងយំរក បុគ្គលដែលស្លាប់បាត់ទៅហើយ ឬបុគ្គលដែលរស់នៅតែគេ មិនឃើញ ម្យ៉ាងទៀត បុគ្គលណា លះបង់កាមទាំងឡាយ ហើយ បែរជាត្រឡប់មករកកាម ក្នុងលោកនេះវិញ លោកកូនសូម្បីតែបុគ្គលនោះ ក៏ពួកជនយំរកដែរ ព្រោះថា បុគ្គលនោះរស់នៅមែន តែទុកដូចជាមនុស្សស្លាប់ហើយ ។
កាលឧបាសិកានោះ ពោលយ៉ាងនេះហើយ កាល នឹងសំដែងទោស ក្នុងឃរាវាស ការនៅគ្រប់គ្រងផ្ទះ ការធ្វើនាទីជាអ្នកគ្រប់គ្រងផ្ទះឱ្យដូចជាគំនរផេះ ដែលគ្មានរងើកភ្លើង តែនៅមានកំដៅ ) នឹងបីដូចជាជ្រោះ ទើបពោលថា÷ លោកកូនខ្ញុំបានស្រង់លោកអំពីរណ្ដៅហើយ លោកចង់ធ្លាក់ទៅក្នុងរណ្តៅវិញ ។ វេលាតមក កាលដែលឧបាសិកា នឹងមានបំណង ចំពោះសានុសាមណេរ ថា÷ កូនអើយ សូមកូនមានសេចក្តីចម្រើនចុះញោម និងរំលែកទុក្ខជាមួយនរណា និងឱ្យនរណាជួយគិតសេចក្តី នេះថា បុត្រតូចរបស់យើងនេះ ដែលយើងនាំទៅឱ្យបួស ក្នុងព្រះពុទ្ធសាសនា ហាក់បីដូចជាវត្ថុដែលត្រូវនាំចេញពីផ្ទះ ដែលត្រូវភ្លើងឆេះហើយ ក៏នៅតែត្រូវការឱ្យក្ដៅរោលរាល ក្នុងឃរាវាសទៀត សូមលោកទាំងឡាយ ចូលជួយហាម ឃាត់លោកឱ្យដល់ខ្ញុំផងចុះ ។ នាងទើបពោលគាថានេះ ជាមួយ សានុសាមណេរ កូនបុសថា÷
លោកចូរស្ទុះទៅ សេចក្តីចម្រើនចូលមានដល់លោក ខ្ញុំនឹងប្រាប់ដល់អ្នកកើតលោក(ចេញពីឃរាវាសទៅបួស ហើយ ) ដូចជាគ្រឿងភណ្ឌៈ ដែលគេនាំចេញអំពីផ្ទះភ្លើង ឆេះ ហើយចង់ឆេះ( ក្នុងឃរាវាស )វិញ ។ កាលមាតាពោលដូច្នេះ សានុសាមណេរ ក៏យល់ចូលចិត្ត ទើបពោលថា÷ ខ្ញុំមិនមានសេចក្តីត្រូវការចង់សិក ទៅជាគ្រហស្ថ ( អ្នកគ្រប់គ្រង ឬក៏អ្នកស្រុក) ហើយ ។
គ្រានោះ ឧបាសិកាមាតា របស់ សានុសាមណេរ ពោលថា÷ សាធុ ( ល្អហើយ ) សាមណេរ អើយ នាង ត្រេកអរ ទើបប្រគេនអាហារប្រណីត ឱ្យឆាន់ហើយសួរថា÷ សាមណេរ មានអាយុប៉ុន្មានហើយ លុះនាងដឹងថា សាមណេរ ជាកូនប្រុសមានអាយុគ្រប់ (ដែលនឹងឧបសម្បទា គឺបួស ជាភិក្ខុបានហើយ ក៏ចាត់ចែងចីវរឱ្យ ។
សានុសាមណេរ មានបាត្រ និងត្រៃចីវរគ្រប់ហើយ ក៏បានឧបសម្បទាជាភិក្ខុ ក្នុង ព្រះពុទ្ធសាសនា ។ កាលតមក ពេល ព្រះបរមសាស្តា ទ្រង់ធ្វើ ព្រះសានុត្ថេរ អ្នកដែលបួសហើយមិនយូរឱ្យកើតឧស្សាហ៍ ក្នុងការ គ្របសង្កត់ចិត្ត ទើបត្រាស់ថា÷ ធម្មតាចិត្តនេះត្រាច់ទៅក្នុង អារម្មណ៍ផ្សេងៗ រហូតអស់កាលយូរមកហើយ ការទទួល រាក់ទាក់រមែងមិនមានចំពោះ អ្នកមិនគ្របសង្កត់ចិត្តនោះ ចុះបាន ព្រោះដូច្នោះ បុគ្គលទើបគួរធ្វើសេចក្តីព្យាយាមក្នុងការគ្របសង្កត់ចិត្ត ដូចនាយហ្មដំរី ( អ្នកទន្មានដំរី ) ធ្វើសេចក្តីព្យាយាមក្នុងការគ្រប់គ្រងដំរីចុះប្រេង ដោយហេតុដូច្នេះហើយ ព្រះអង្គត្រាស់ព្រះគាថា ដែលមានប្រាកដនៅ ក្នុងគម្ពីរខុទ្ទកនិកាយ ធម្មបទថា÷
ក្នុងកាលមុនអំពីកាលនេះ ចិត្តនេះបានត្រាច់ទៅកាន់ ចារិក តាមអាការដែលខ្លួនប្រាថ្នា តាមអារម្មណ៍ ដែលខ្លួនប្រាថ្នា តាមសេចក្តីសប្បាយ ក្នុងថ្ងៃនេះ អញនឹងសង្កត់សង្កិនចិត្តនោះដោយ ឧបាយ ដូចហ្វូ ដំរីកាន់កង្វេរសង្កត់សង្កិនដំរីចុះប្រេង ដូច្នោះដែរ ។
#ព្រះអដ្ឋកថាចារ្យ បានអធិប្បាយសេចក្តីនព្រះគាថាថា÷នេះចិត្តនេះត្រាច់ទៅក្នុងអារម្មណ៍ទាំងឡាយ មានរូប ជាដើម រហូតអស់កាលយូរ ឈ្មោះថា តាមអាការដែល ប្រាថ្នា ដោយអំណាចនៃអាការរបស់កិលេសទាំងឡាយ មាន រាគៈ ចំណង់ជាដើម ដែលជាហេតុប្រាថ្នា ឈ្មោះថា ត្រាច់ទៅតាមអារម្មណ៍ ដែលជាទីប្រាថ្នា ដោយអំណាចនៃអារម្មណ៍ ជាទីកើតតម្រេករបស់ចិត្តនោះ ឈ្មោះថា សេចក្តី សុខសប្បាយ ព្រោះកាលចិត្តត្រាច់ទៅដោយអាការណា សេចក្ដីសុខសប្បាយ ទើបមានចិត្តត្រាច់ទៅដោយអាការនោះ ថ្ងៃនេះយើងនឹងគ្របសង្កត់ចិត្ត ដោយយោនិសោមនសិការ និងមិនព្រមឱ្យចិត្តកន្លងហួសទៅបានប្រៀបដូចអ្នកកាន់ជន្លួញ ដែលឆ្លាត គឺនាយហ្មដំរីចុះប្រេងដូច្នោះ ។
ក្នុងពេល ព្រះបរមសាស្ដា ទ្រង់ទេសនាចប់ ធម្មាភិសម័យ ( ការត្រាស់ដឹងធម៌ការសម្រេចមគ្គផល ) បានមានដល់ ទេវតាជាច្រើន អ្នកចូរទៅដើម្បីស្តាប់ធម៌ព្រមជាមួយ ព្រះសានុត្ថេរ ចំណែក ព្រះសានុត្ថេរ នោះ បានរៀនព្រះពុទ្ធវចនៈ គឺ ពាក្យព្រះពុទ្ធ ទាំងព្រះត្រៃបិដកហើយ លោកបានជាធម្មកថិក ( អ្នកពោលបង្រៀនធម៌ ដ៏ជំនាញ លោកធ្វើឱ្យជម្ពូទ្វីប ទាំងអស់ឱ្យល្បីនោះខ្ចាយទៅ ។
#ការពោលគាថារបស់ព្រះមហាសានុត្ថេរ
ពេល ព្រះសានុត្ថេរ បានជាព្រះអរហន្តហើយ លោកបានពោលគាថា ដែលមាននៅក្នុងបាលីគម្ពី ខុទ្ទកនិកាយ អប្បទាន នៃកណិការបុបិ្ជយវគ្គថា÷
ខ្ញុំឃើញ ( នូវព្រះសិទ្ធត្ថសម្ពុទ្ធ) ជាសមណៈ កំពុង ឆាន់ចង្ហាន់បានដងទឹកមិនល្អកមួយក្អម ថ្វាយដល់ ព្រះសិទ្ធត្ថសម្ពុទ្ធ ក្នុងថ្ងៃនេះ ខ្ញុំមិនមានមន្ទិល ប្រាសចាកមន្ទិល អស់សេចក្តីសង្ស័យ ក្នុងភពដែលខ្ញុំកើតហើយ ផលរមែង កើតដល់ខ្ញុំ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ក្នុងកាលនោះ ព្រោះហេតុដែលខ្ញុំបានថ្វាយទឹក ខ្ញុំមិនដែលស្គាល់ទុក្ខ ជាផលនៃការថ្វាយទឹក ក្នុងកប្បទី ៩១ អំពីកប្បនេះ ខ្ញុំ បានកើតជាស្តេចចក្រពត្តិមួយអង្គ ព្រះនាម #វិមលៈ ទ្រង់បរិបូណ៌ ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ ធ្លាក់មករំពេចនេះ ខ្ញុំម្ចាស់បានដុតកិលេសអស់ហើយ បានដកភពទាំងពួង ហើយបានរំលាយគ្រឿងចងឱ្យដាច់ទៅ ប្រៀបដូចដំរីទំលាយគោលឱ្យដាច់ទៅដូច្នេះ កាលដែល ខ្ញុំម្ចាស់ចូរមកក្នុងសំណាក់របស់ព្រះពុទ្ធនេះ រាប់ជាការមកល្អហើយ ខ្ញុំម្ចាស់បានគុណ ពិសេសទាំងនេះ គឺវិជ្ជា (សេចក្តីយល់ច្បាស់ ៣ ប្រការ បដិសម្ភិទា ៤ វិមោក្ខ ៨ អភិញ្ញា ៦ បានធ្វើឱ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំបានប្រតិបត្តិហើយ ។ ព្រះសានុត្ថេរមានជីវិតនៅ ១២០ ឆ្នាំហើយ លោក បរិនិព្វាន ការរលត់ដោយមិនសល់គឺរលត់ទៅទាំង កិលេសហើយ និងបញ្ចក្ខន្ធ ) ៕
(ចប់ ជីវប្រវត្តិរបស់ព្រះមហាសានុសាមណេរ)
_ព្រះឧទកទាយកត្ថេរ - បិដកថា ៦១ ។
_ចុះប្រេង មានប្រេង ឬក៏ខ្លាញ់ជ្រាបចេញត្រង់ ស្បែកមានអាការ ដូចការប្រទុសរ៉ាយ ។
_ឬបដិជាគរឧបោសថ គឺការរក្សាសីល ឧបោសថ ៣ថ្ងៃ ៣យប់ ។
























































