ទស្សនវិជ្ជាព្រះពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច - Business Buddhism


ថ្ងៃ ច័ន្ទ ទី 31 ខែ មីនា ឆ្នាំ 2025

demo-image

ទស្សនវិជ្ជាព្រះពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច

ចែករំលែកចំណេះដឹង
Buddhist%20Economics%20BEC47%20%2829%29
Buddhist%20Economics%20BEC47%20%2839%29

ទស្សនវិជ្ជាព្រះពុទ្ធសាសនាផ្នែកសេដ្ឋកិច្ច

ព្រះពុទ្ធជានរណា ?

                   ពាក្យថា ពុទ្ឋ ប្រែថា បុគ្គលអ្នកត្រាស់ដឹង គឺដឹងច្បាស់តាមសេចក្តីពិត ហើយទ្រង់យករឿងពិតនោះ មកបំភ្លឺសត្វលោក ឲ្យសត្វលោកប្រតិបត្តិដើម្បី រួចផុតចាកទុក្ខទាំងពួង ។

ពាក្យថា ព្រះពុទ្ធប្រែថា លោកអ្នកត្រាស់ដឹង ដែលមានន័យពីរយ៉ាង ៖

                    -ជាបុគ្គលត្រាស់ដឹង និងមានប្រវត្តិសាស្ត្រទទួលស្គាល់ ហើយគេបានរក្សាទុកជាឯកសារសំរាប់មនុស្សជាតិ ។ ព្រះពុទ្ធ ជាឱរសរបស់ រាជាសុទ្ធោទនៈ នេះ និងរាជិនីមហាមាយា នៃក្រុង កបិលភស្តុ ។ នៅពេលព្រះជន្មបាន ១៦វស្សា ព្រះអង្គបានរៀបមង្គលាភិសេកជាមួយនាង យសោធរា ឬពិម្ពា ។ លុះបានព្រះជន្ម ២៩ វស្សា មានឱរសមួយអង្គឈ្មោះ រាហ៊ុល ។ ក្នុងពេលជាមួយគ្នានោះ ទ្រង់បានចេញសាងផ្នួស ដើម្បីស្រាវជ្រាវរកសច្ចធម៌ ។ ទង្វើនេះ អស់រយៈពេល ៦ ឆ្នាំ ទើបបានត្រាស់ដឹង ឬបានជួបនិងសច្ចធម៌ ដែលជាធម៌រអាថ៌កំបាំងក្រៃលែង។ក្រោយពេលត្រាស់ដឹងហើយ ទ្រង់បានប្រកាសពុទ្ធសាសនា ប្រតិស្ថានធម្ម: ស្ថាបនាគណៈសង្ឃឡើងក្នុងលោក ។ ព្រមពេលជាមួយគ្នានេះ ព្រះអង្គបាននិមន្តទៅកាន់គ្រប់ទិសទី ដើម្បីធ្វើការផ្សព្វផ្សាយពុទ្ធសាសនា អស់រយៈពេល ៤៥ ឆ្នាំ ទើបរលត់ខន្ធចូលកាន់និព្វាន ក្នុងជន្មាយុ ៨០វស្សា ។

                   ២- ព្រះពុទ្ធមានព្រះតំណែងជាសាស្ត្រាចារ្យឯកក្នុងលោក  ទ្រង់បានបំពេញទសបារមីធម៌ គឺភាពល្អ ភាពថ្លៃថ្នូរគ្រប់យ៉ាង ទីបំផុតបានត្រាស់ដឹងនូវសច្ចធម៌ដែលជាធម៌កំពូលក្នុងពុទ្ធសាសនា រួចហើយទើបគេទទួលស្គាល់ថាជាព្រះពុទ្ធពិតមែន ។​ គឺ ព្រះពុទ្ធនេះហើយដែលជាអ្នកបង្កើតពុទ្ធសាសនា ។

ព្រះពុទ្ធសាសនាជាអ្វី ?

យើងទាំងអស់គ្នា ជាពុទ្ធសាសនិកជនបានជ្រាបស្រាប់ហើយថា៖ ពុទ្ធសាសនា គឺជា "ពាក្យប្រៀនប្រដៅទៅរបស់ព្រះសម្មាសម្ពុទ្ធ  ។ ឯពាក្យប្រៀនប្រដៅនោះឯង ឈ្មោះថា ព្រះធម៌ដែលប្រែថា ជាច្បាប់ ជាធម្មជាតិ ជាភាវៈទ្រទ្រង់លោក។ល។ មិនមែនជាសរណវត្ថុសំរាប់បន់ស្រន់ គោរពបូជា ឬក៏មន្តអាគមអូមរាម ហើយក៏មិនមែនតម្រូវឲ្យពុទ្ធសាសនិកជនត្រូវតែគោរពបូជា លើម្ចាស់លិទ្ធិ ឬអាទិទេពណាមួយឡើយ ។

              ដែលប្រែថា ច្បាប់គឺពុទ្ធសាសនាជាទ្រឹស្តីប្រកបដោយនីតិសាស្ត្រ ជាឃ្លាំងនៃក្បួនច្បាប់ប្រចាំពិភពលោក មានមាត្រាចែងជាបទបញ្ញត្តិ និងអនុញ្ញាតប្រកបដោយហេតុផលត្រឹមត្រូវឥតខ្ចោះ សម្រាប់សត្វលោកប្រតិបត្តិតាម ដើម្បីបានសេចក្តី សុខក្នុងលោកនេះ ក្នុងបរលោក និងព្រះនិព្វាន

               ដែលប្រែថា ធម្មជាតិគឺពុទ្ធសាសនាជាទ្រឹស្តីប្រកបដោយធម្មជាតិសាស្ត្រ ប្រាប់បង្ហាញសេចក្តីពិតរបស់ធម្មជាតិ គឺ មនុស្ស សត្វ ទឹក ដី ភ្លើង ខ្យល់ អាកាស ព្រៃព្រឹក្សា ភ្នំ ទន្លេ សមុទ្រ ទាំងអស់ដែលកើតមាននៅក្នុងលោក ទេវលោក ព្រហ្មលោក យមលោក និងក្នុងព្រះចន្ទ ព្រះអាទិត្យ ព្រមទាំងផ្កាយទាំងឡាយ ដើម្បីឲ្យសត្វលោក ចេះ ដឹង ស្គាល់ហេតុ បច្ច័យកើតរលត់នៃធម្មជាតិ តាមសភាវៈពិត ដែលជាបញ្ហាចាំបាច់បំផុតចំពោះជីវិត រូបកាយ ជាតិកំណើតរបស់ខ្លួន និងវត្ថុធាតុដែលនៅជុំវិញខ្លួន ។

               ដែលប្រែថា សភាវៈទ្រទ្រង់លោក  គឺពុទ្ធសាសនា ជាទ្រឹស្តីប្រាប់បង្ហាញអំពើល្អ អាក្រក់ បុណ្យ បាប គឺប្រាប់ សកម្មភាពរបស់សត្វលោក ដែលជាហេតុបច្ច័យនាំឲ្យបានសុខ ទុក្ខ វិនាស ចំរើន ក្នុងលោកនេះ ក្នុងបរលោក និងក្នុងព្រះនិព្វាន

               ម៉្យាងទៀត ព្រះពុទ្ធសាសនា គឺជាលោកុត្តរទស្សនវិជ្ជា ជាទស្សនវិជ្ជាចម្លងសត្វលោកឲ្យឆ្លងពីសេចក្តីល្ងង់ខ្លៅ ការជិះជាន់ ទុក្ខសោកក្រខ្សត់ ជាពិសេសពីការកើត ចាស់ ឈឺ ស្លាប់ ។ ពុទ្ធសាសនាជាសាសនាប្រាកដនិយម ឬជាធម្មជាតិនិយម មានភាពពិតប្រាកដចំពោះជីវភាព និងពិភពលោក ព្រោះទ្រឹស្តីពុទ្ធសាសនា និយាយតែអំពីសេចក្តីពិតរបស់ធម្មជាតិពីហេតុបច្ច័យនៃ ធម្មជាតិ ពីចលនានៃធម្មជាតិ និងពីកម្មផលប៉ុណ្ណោះឯង ។ ពាក្យថា ធម្មជាតិ នៅក្នុងទ្រឹស្តីពុទ្ធសាសនានេះ មិនមែនមានន័យ ដូចនៅក្នុងវិទ្យាសាស្ត្រធម្មជាតិនោះទេ គឺមានន័យទូលាយបានដល់ពិភពលោកទាំងមូល ។

ដូច្នេះពុទ្ធសាសនា គឺជាលោកុត្តរទស្សនវិជ្ជាមានរបៀប មានកម្មវត្ថុសិក្សាត្រឹមត្រូវចប់ចុងចប់ដើម មានឯកភាពជាវិទ្យាវិធី តាមសង្កាត់ ជាន់ថ្នាក់ ដែលហៅសរុបតាមពាក្យបច្ចេកទេសថា ព្រះព្រៃបិដក គឺ ព្រះសូត្រ ព្រះវិន័យ ព្រះអភិធម្មដែលមាន ៨៤.០០០ព្រះធម្មក្ខន្ធ ។ ទ្រឹស្តីក្នុងពុទ្ធសាសនា ឬព្រះត្រៃបិដក ដែលបំព្រួញមកទៀតហៅថា ធម៌ ហើយធម៌នេះ ចែកជាវិធី សិក្សា មាន ៣ គឺ ៖

                      ១-វីធីសិក្សាហ្វឹកហាត់ បង្កើតឧត្តមភាពចរិយា ឈ្មោះថា សីលសិក្ខា

                      ២-វិធីសិក្សាហ្វឹកហាត់បង្កើតឯកភាពចិត្ត ឈ្មោះថា ចិត្តសិក្ខា

                      ៣-វិធីសិក្សាហ្វឹកហាត់ បង្កើតសមត្ថភាពបញ្ញា ឈ្មោះថា បញ្ញាសិក្ខា

វិធីទាំបីយ៉ាងនេះ ប្រកបដោយសច្ចធម៌​ ចុះរួមក្នុងសច្ចធម៌ ៤យ៉ាង គឺចតុរារិយសច្ច ឬអរិយសច្ច: ៤ដែលមាន៖

-ទុក្ខសច្ច  ទុក្ខជាសេចក្តីពិត ជា បរិញ្ញាកិច្ច  ត្រូវកំណត់ឲ្យដឹង។

២-សមុទយសច្ច  ហេតុនៃទុក្ខជាសេចក្តីពិត ជា បហានកិច្ច ត្រូវលះបង់ ។

៣-និរោធសច្ច  ការបំបាត់ទុក្ខជាសេចក្តីពិត ជា សច្ឆិកាតព្វកិច្ច  ត្រូវធ្វើឲ្យជាក់ច្បាស់ ។

៤- មគ្គសច្ច  ត្រូវប្រតិបត្តិបំបាត់ទុក្ខជាសេចក្តីពិត ជា ភាវេតព្វកិច្ច  ត្រូវចម្រើនឲ្យបាន ។

អរិយសច្ចៈទាំង ៨ នេះ ជាទីប្រជុំចុះនៃធម៌ទាំង ៨៤.០០០ ធម្មក្ខន្ធ ។ អរិយសច្ចៈទាំង ៤ នេះឯង ជា ពុទ្ធសាសនា ជាទ្រឹស្តីលោកដែលមានអត្ថន័យជ្រាលជ្រៅ ធំទូលាយក្រៃលែង ស្រូបយកនូវចលនាលោកទាំងអស់ ។ ពិតមែនតែធម៌មានមច្រើនអនេកដល់ទៅ ៨៤.០០០ ធម្មក្ខន្ធ តែគោលបំណងមានតែមួយគត់ គឺជួយដោះស្រាយជួយសំរួលដល់បញ្ហាសង្គមតែប៉ុណ្ណោះ ។ តាមតម្រាសេដ្ឋកិច្ចរបស់អ្នកប្រាជ្ញបស្ចឹមប្រទេស វត្ថុបំណងរបស់សេដ្ឋកិច្ច គឺការបំពេញសេចក្តីត្រូវការបស់មនុស្ស ។

ឃរាវាសធម៌

ឃរាវាសធម៌ គឺជាធម៌ ឬច្បាប់សម្រាប់គ្រហស្ថអ្នកគ្រប់គ្រងផ្ទះ កាន់ឬប្រព្រឹត្តតាម ។ គ្រហស្ថទាំងឡាយដែលជាអ្នកគ្រប់គ្រងផ្ទះសំបែងតែងមានភរិយា បុត្រធីតាដែលជាសមាជិកនៃគ្រួសាររៀងៗខ្លួន ។ សមាជិកទាំងនោះ តែងបានចរិតខុសៗ ទោះបីអ្នកទាំងនោះមានឈាមជ័រតែមួយក៏ដោយ ។ ខ្លះមាននិស្ស័យចូលចិត្តសប្បាយ ហើយនិយាយច្រើន ខ្លះចូលចិត្តកំប្លែងលេង ក្រម៉ិចក្រមើម ខ្លះចូលចិត្តកុហកគេឯង ប្រើល្បិចគ្រប់យ៉ាង ខ្លះស្មោះត្រង់ ខ្លះចូលចិត្តស្ងប់ស្ងាត់ មិនចង់បានមានអ្វីហួសហេតុដែល ផ្ទុយពីចរិយាសម្បត្តិមាតាបិតា ។ ដូច្នេះហើយ បានជាព្រះសម្មាសម្ពុទ្ធទ្រង់បានសំដែងឃរាវាសធម៌ក្នុងគ្រួសារសម្រាប់អនុវត្តក្នុងគ្រួសារ​ បើនិយាយពីសេដ្ឋកិច្ចនៃពុទ្ធសាសនា មានលំដាប់ដូចតទៅ៖

 

មេរៀនឃរាសវាសធម៌ ប្រយោជន៍ ៣ យ៉ាង

១- ទិដ្ឋធម្មិកត្ថប្រយោជន៍ សេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន ។

២- សម្បរាយិកត្ថប្រយោជន៍ សេដ្ឋកិច្ចសម្រាប់ជីវិតថ្មី ។

៣- បរមត្ថប្រយោជន៍ សេដ្ឋកិច្ចសម្រាប់ជីវិតបាននិព្វាន ។

អ្នកអានគប្បីដឹងថា សេដ្ឋកិច្ចទាំង ៣ ប្រភេទនេះ បើស្តីអំពីលំដាប់ដែលគេត្រូវធ្វើ, ត្រូវប្រកបណាមុន ណាបន្ទាប់ ណាក្រោយធាតុនេះមានខ្ទង់លេខដូចសរសេរមកហើយនេះ ។

ចំណែកឯព្រះពុទ្ធសាសនាបានលើកអំពីគំនោលសីលធម៌ ដែលជាប់ទាក់ទងដល់គំនោលសេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន គឺ ៖

           គំនោលសេដ្ឋកិច្ចជាន់ទាប បានដល់ការប្រៀនប្រដៅមនុស្សឲ្យខំប្រឹងតាំងខ្លួន ពង្រីកជំហរឲ្យមាំមួន រឹងប៉ឹងក្នុងឋានៈសេដ្ឋកិច្ច គឺបំពេញសេចក្តីត្រូវការរបស់មនុស្ស។ ទ្រឹស្តីនៃពុទ្ធសាសនា ដែលគេឃើញមានការទាក់ទងទៅនឹងសេដ្ឋកិច្ចផ្ទាល់ខ្លួនមនុស្សម្នាក់ៗ គ្រួសារ ឫសង្គមជាទូទៅនោះ មានដូចជាៈ

ទិដ្ឋធម្មិកត្ថប្រយោជន៍  ប្រយោជន៍ក្នុងបច្ចុប្បន្ន ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សំដែង ចំពោះ ទីឃជាណុមាណព កាលចូលទៅក្រាប ទូលព្រះអង្គ ថា ខ្ញុំព្រះអង្គជាគ្រហស្ថជាអ្នកគ្រប់គ្រងផ្ទះ សម្បែង មានបុត្រភរិយា ត្រូវកាត្រូវការស្វែងរកទ្រព្យ ដើម្បីនឹងចិញ្ចឹមគ្រួសារ, សូមព្រះអង្គទ្រង់សំដែងនូវធម៌ណាមួយ សម្រាប់ជន ជាគ្រហស្ថក្នុងបច្ចុប្បន្ននេះ ព្រមទាំងធម៌ដែលគួរ ប្រតិបត្តិ សម្រាប់កាលក្នុងបរលោកផង។ ក្នុងគ្រានោះ ព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងអំពីអត្ថប្រយោជន៍ ទាំងបច្ចុប្បន្ន និងបរលោក។

 ទិដ្ឋធម្មិកត្ថ  (ប្រយោជន៍បច្ចុប្បន្ន) បានដល់ការរៀបចំខ្លួនឲ្យមានជំហររឹងប៉ឹង ដើម្បីរស់នៅក្នុងលោកនេះបានស្រួល, បានដល់ការបង្រៀនឲ្យតាំងខ្លួននៅក្នុងភាពមាំទាំ តាមផ្លូវសេដ្ឋកិច្ច ប្រកបដោយអង្គ ៤ ប្រការគឺ :

១. ឧដ្ឋានសម្បទា  ការសំភីសង្វាត់ស្វែងរកទ្រព្យសម្បត្តិគ្រប់យ៉ាងទាំងមានរូប ទាំងគ្មានរូប ។ ប្រទេសនានាក្នុងលោក បានធ្វើនិងកំពុងធ្វើផលិតកម្មយ៉ាងឃ្លាតខ្លី ដើម្បីបង្កើននូវផលិតផលសមតាមសេចក្តីត្រូវការទាំងក្នុង និងក្រៅប្រទេស ។ ផលិតកម្មប្រព្រឹត្តទៅបាន និងផ្តល់នូវផលិតផលគ្រប់គ្រាន់ លុះណាតែមានវីរិយៈប្រឹងធ្វើការ ទើបមានគ្រឿងឧបភោគ បរិភោគមកបំពេញសេចក្តីត្រូវការរបស់រាងកាយបាន ។ត្បិតបូរាណបានផ្ដាំយើងថា កុំចាំថ្ងៃស្អែក, ធ្វើអ្វីធ្វើឲ្យហើយ។ ព្រះពុទ្ធបរមគ្រូបានបង្រៀនយើងថា ៖ កុំអាងហេតុ ៦​យ៉ាងគឺ ៖
១.ព្រឹកណាស់
២.ល្ងាចណាស់
៣.ស្រេកណាស់
៤. ឃ្លានណាស់
៥. ក្ដៅណាស់
៦. ត្រជាក់ណាស់

ព្រះបរមគ្រូទ្រង់រំឭកតទៅទៀតថា
វិរិយេន ទុក្ខមច្ចេតិ ចង់រួចចាកទុក្ខ​ត្រូវព្យាយាម”​​ ចំពោះការងារគ្រប់ចំពូក។
ភាសិតសម័យវិទ្យាសាស្ត្រថា ខំស៊ូចំពោះធម្មជាតិ,..ក្ដៅ,ត្រជាក់,ឈឺចាប់កុំទម្រន់ខ្លួន។

២. អារក្ខសម្បទា ការចេះស្គាល់របៀបទុកទ្រព្យសម្បត្តិ ឬចេះសន្សំសំចៃ បានដល់ការសន្សំប្រាក់ទុកឲ្យផុតចាក ភយន្តរាយផ្សេងៗ ហើយនឹងចេះកែច្នៃយកផលពីទ្រព្យសម្បត្តិដែលមាននោះ​ ឲ្យបានតទៅទៀត ។ គ្រប់ប្រទេសនានាក្នុងសកលលោក គេមានកន្លែងសម្រាប់ប្រជាជនផ្ញើទ្រព្យទុក ដែលគេឲ្យឈ្មោះថា ធនាគារ  នេះក៏ដើម្បីឲ្យមនុស្សចេះសន្សំទ្រព្យ។ ការយកទ្រព្យទៅផ្ញើនិងធនាគារ ជាការធ្វើឲ្យទ្រព្យមិនរអន្តរាយផង និងការបណ្តុះផលឲ្យកើតពីទ្រព្យចាស់ផង​ (ការប្រាក់)​ ។

.កល្យាណមិត្តតា  ការចេះសេពគប់និងមិត្តសម្លាញ់មានចរិតថ្លៃថ្នូរ ឬចេះច្នៃមិត្តអាក្រក់ឲ្យទៅទៅល្អ:បញ្ហានេះជាការសំខាន់ណាស់ ការសេពគប់មនុស្សអាក្រក់ជាហេតុនាំឲ្យកើតសេចក្តីវិនាសគ្រប់យ៉ាង បើសេពគប់មនុស្សល្អ គេអាចជួយស្វែងរកសេចក្តីសុខទាំងផ្នែកទ្រព្យសម្បត្តិ ទាំងផ្នែកយសសក្តិតាមជំនាញរបស់គេ។ ក្នុងក្រុមហ៊ុនក្តី សហករណ៍ក្តី ការជ្រើសរើសបុគ្គលជាសមាជិកគឺ ត្រូវយកតែសមាជិកល្អត្រឹមត្រូវ ពុំដូច្នោះទេ គេពុំបានសម្រេចផលឡើយ សហករណ៍ ឬ ក្រុមហ៊ុននោះ នឹងត្រូវរលំជាពុំខាន ។

.សមជីវិតា  ការចេះចាយវាយឲ្យសមគួរល្មមដល់ឋាន:នៃទ្រព្យសម្បត្តិ ឬចេះរៀនរស់ក្នុងសភាពសន្តោស ឬភាពល្មមជានិច្ច បានសេចក្តីថា ចាយវាយទ្រព្យសម្បត្តិ មិនលើសពីទ្រព្យដែលរកបាន។ បើរកបានតិចចាយតាមតិច គួរវៀរចាកក្នុងការចាយមិនចាំបាច់ និងចេះសំចៃទុកខ្លះសម្រាប់ភាពក្រទៅថ្ងៃមុខទៀត ពោលគឺចំណាយមិនឲ្យហួសចំណូល។

គ្រួសារ ប្រទេសជាតិដែលនិងរីកចម្រើនលូតលាស់ទៅបានលុះត្រាតែចាយវាយទ្រព្យសម្បត្តិ ទាំងផ្នែករបស់គ្រួសារទាំងផ្នែករបស់ប្រទេសជាតិ ត្រូវត្បិតត្បៀតក្នុងរឿងដែលមិនត្រូវចាយព្យាយាមប្រើរបស់ណាដែលផលិតខ្លួនឯងបាន។ ការនិយមប្រើតែរបស់បរទេសដែលមិនចាំបាច់នាំឲ្យខាតរួបបិយប័ណ្ណជាតិ។

ទិដ្ឋធម្មិកត្ថប្រយោជន៍ទាំង ៤ប្រការនេះ ជាគោលមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាជីវិត រួចមួយជំហានយ៉ាងធំឆឆ្ពោះទៅរកវឌ្ឍនភាព។  តែវឌ្ឍនភាពដែលអាចមានសន្ទុះរហ័សទៅបាន លុះត្រាតែអ្នកសេដ្ឋកិច្ច ឬអ្នកជំនួញ ត្រូវមានលក្ខណៈ៣យ៉ាងថែមទៀត ។

លក្ខណៈអ្នកធ្វើជំនួញ ៣ យ៉ាង

ព្រះពុទ្ធលោកបង្ហាញពីលក្ខណៈធ្វើជំនួញ ៣ យ៉ាងដើម្បីបានក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ បរិបូរដោយអ្នកស្រឡាញ់រាប់អានច្រើន ដើម្បីបញ្ចៀសទស្សនៈមួយចំនួនដែលថា ព្រះពុទ្ធបង្រៀនមនុស្សតែពីរឿង កម្ម ផល បុណ្យ បាបអ៊ីចឹងហើយ​បានជាអ្នកដើរតាម​ភាគច្រើនជាអ្នកក្រ ។ ក្នុងករណីខ្លះព្រះពុទ្ធបរមគ្រូ ព្រះអង្គបានសម្តែងពីធម្មសម្បត្តិក្នុងការប្រកបអាជីវកម្ម ដូចជាការលក់ដូរ ដោយបានបញ្ជាក់យ៉ាងច្បាស់លាស់ថា អ្នកលក់ដូរ ប្រសិនបើពួកគេបានប្រកបដោយសម្បត្តិ ៣ ប្រការ ពួកគេពិតជាបានកម្រៃខ្ពស់មិនខាន ។ ដើម្បីឱ្យជំនួញរបស់ខ្លួនដើរទៅដោយរលូននោះ សាធុជនគួរអនុវត្តទៅតាមទិសដៅរបស់ធម្មសម្បត្តិ ៣ ប្រការនោះ គឺ៖

១. បញ្ញាចក្ខុ ជាអ្នកមានបញ្ញា ជាអ្នកមានភ្នែកល្អ ឬភ្នែកភ្លឺ ពិសេសជាអ្នកចេះក្បួនសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពោលគឺគេដឹងក្នុង រឿងលក់ចេញ ទិញចូល ធ្វើយ៉ាងណាទើបបានកម្រៃច្រើន ។ ជាពិសេសទៅទៀត គឺចេះដឹង ប៉ិនប្រសប់ ក្នុងរបរជំនួញ ធ្វើយ៉ាងណាចំណេញ ធ្វើយ៉ាងណាខាត ស្គាល់កាល ដូចជាស្គាល់រដូវនៃមុខរបរនិមួយៗ។ស្គាល់ទីកន្លែងលក់ដូរ គឺកន្លែងនេះលក់បានថ្លៃ កន្លែងនេះលក់បានថោក និងស្គាល់សេចក្តីត្រូវការរបស់មនុស្សក្នុងកន្លែងនិមួយៗ គេត្រូវការទិញអ្វី ត្រូវរកទិញនោះផ្តល់សេចក្តីត្រូវការឲ្យគេ ដូច្នេះជាដើម។

២. វិរិយារម្ភ  ជាបុគ្គលមានសេចក្តីព្យាយាម សង្វាតធ្វើការងារដែលខ្លួនកំពុងធ្វើមិនបង្អង់ឲ្យហួសពេលវេលានៃមុខរបរ​ និងសេចក្តីត្រូវការរបស់អ្នកទិញ។  ជារអ្នកមានគំនិតបច្ចេកទេស មានសេចក្តីវ័យឆ្លាត ដូចជាទិញរបស់នៅកន្លែងដែលមានតំលៃថោក យកទៅលក់នៅកន្លែងដែលមានកំរៃខ្ពស់។

៣. សនាថោ ជាអ្នកមានទីពឹងច្រើន ជាបុគ្គលមានមនុស្សនិយមរាប់អានច្រើន សំបូរមិត្តសម្លាញ់ច្រើនរបៀបធ្វើឲ្យមនុស្សគ្រប់មជ្ឈដ្ឋានបាក់ចិត្តនិយម មានជំនឿ មានសេចក្តីទុកចិត្តរហូតហ៊ានតស៊ូស្លាប់ ជាមួយគ្នាទៀតផង។ បើមានគុណសម្បត្តិទាំងបីប្រការនេះ រមែងនាំមកនូវភោគសម្បត្តិឲ្យកើតមានដល់អ្នកធ្វើតាមគ្រប់ពេលវេលា ។

បើមនលក្ខណៈសម្បត្តិប៉ុណ្ណេះហើយ ត្រូវខិតខំវៀរចាកអបាយមុខ ដែលជាហេតុនាំឲ្យវិនាសទ្រព្យសម្បត្តិផងដែរ ។

ការភ្ញៀរចាករអបាយមុខ (ហេតុនាំអោយវិនាសទ្រព្យសម្បត្តិ) ៤ ប្រការ

១. វៀរចាកការប្រព្រឹត្តល្បែងប្រុសស្រី

២. វៀរចាកការប្រព្រឹត្តល្បែងផឹកសុរា

៣. វៀរចាកការប្រព្រឹត្តល្បែងស៊ីសង

៤. វៀរចាកសេពគប់មនុស្សអាក្រក់ដោយមិនបានអប់រំ ឬកែច្នៃឲ្យល្អ ។

ធម៌ទាំង ៤ យ៉ាងនេះ ព្រះអង្គសំដែងឡើងដើម្បីប្រដៅមនុស្សឲ្យចេះប្រយ័ត្ន មិនបណ្តោយខ្លួនឲ្យធ្លាក់ទៅក្នុង សេចក្តីអន្តរាយ ។ មនុស្សម្នាក់ៗរហូតដល់ទូទាំងប្រទេស ទោះបីមានទ្រព្យ យសសក្តិ ច្រើនយ៉ាងណាក៏ដោយ បើនិយមតែស្រី ស្រា ល្បែងភ្នាល់ និងនិយមបក្សពួក ជាមនុស្សខូចកាច នឹងឃើញផលនៃក្តីវិនាស ។ ព្រោះហេតុទាំង ៤យ៉ាង​ ធ្វើឲ្យវិនាសទ្រព្យសម្បត្តិយ៉ាងច្រើន ខូចពេលវេលាផង ។ ដូចជាបុរស បើមានចិត្តឈ្លក់និងស្រីណាមួយហើយ តែងតែទៅរកគេនឹងយក ទ្រព្យសម្បត្តិទៅផ្គប់គុណគេជានិច្ច យូរៗទៅរទូតដល់លះបង់ចោលការងារ បើអ្នករាជការ ជួនទៅធ្វើការជួនមិនទៅ។ ទីបំផុត សេចក្តីចំរើនក្នុងមុខតំណែងគ្មាន ជួនកាលអាចឈ្មោះទាស់ទែង ជាមួយអ្នកដទៃដោយសារស្រីនោះក៏មាន។ ទីបំផុត ទ្រព្យ សក្តិយស កេរ្តិ៍ ឈ្មោះ រមែងរអន្តរាយនឹងក្លាយខ្លួនជាមនុស្សអស់សេចក្តីសង្ឃឹមក្នុងជីវិត ។

 បើយើងអនុវត្តគោលធម៌ខាងលើនេះ បានហើយ យើងប្រាកដជាបានសេចក្តីសុខ ៤យ៉ាង ដូចតទៅ:

សេចក្តីសុខរបស់គ្រហស្ថ ៤ យ៉ាង

១.សុខកើតពីមានទ្រព្យ

.សុខកើតពីចាយទ្រព្យ

.សុខកើតពីគ្មានបំណុល

៤. សុខកើតពីធ្វើការងារប្រាស់ចាកទោស ឬប្រកបអាជីវកម្មគ្មានទោស

លក្ខណៈទាំង៤នេះ បញ្ជាក់ឲ្យឃើញនូវសេចក្តីសំខាន់នៃធាតុសេដ្ឋកិច្ចត្រង់ថា មានទ្រព្យដោយកម្លាំងខ្លួន ចាយវាយទ្រព្យសម្បត្តិរបស់ខ្លួន គ្មានជំពាក់បំណុលគេ ធ្វើអាជីវកម្មត្រឹមត្រូវតាមក្បួនសេដ្ឋកិច្ច គ្មានល្មើសច្បាប់រដ្ឋ គ្មានជិះជាន់ កម្លាំងអ្នករទៃ ។ អ្នកមានទ្រព្យសម្បត្តិរមែងត្រជាក់ចិត្ត យកទ្រព្យសម្បត្តិចាយវាយចិញ្ចឹមគ្រួសារខ្លួន​ រមែងបានសេចក្តីសប្បាយដោយមិនចាំបាច់ទៅខ្ចីបុលទ្រព្យគេមកចាយឡើយ។ ហើយគ្រូសារនឹងស្ថិតនៅយ៉ាងស្តុកស្តម្ភជាពុំខាន ។ ផ្ទុយទៅវិញ គ្រួសារនឹងស្ដុកស្ដម្ភ នឹងតាំងនៅមិនបានយូរព្រោះហេតុ ៤យ៉ាង ។

គ្រួសារស្តុកស្តម្ភ នឹងតាំងនៅមិនបានយូរ ព្រោះហេតុ ៤យ៉ាង:

-របស់បាត់ មិនតាមរក ។

-របស់ចាស់ទ្រុឌទ្រោម មិនចេះជួសជុលជាថ្មី ។

-មិនចេះប្រមាណក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិ ។

-តាំងបុរស ឬស្រ្តី ដែលគ្មានសីលធម៌ជាធំក្នុងគ្រួសារ ។

បង្ហាញទាំង ៤ ខាងលើនេះ ជាមូលហេតុនៃសេចក្តីវិនាស។វង្សត្រកូលនោះ ទោះជាស្តុកស្តម្ភយ៉ាងណាក្តី បើមនុស្សក្នុងគ្រួសារនោះ ខ្វះគំនោលសេដ្ឋកិច្ច ឬខ្វះសីលធម៌ មិនយកចិត្តទុកដាក់និងរបស់ដែលបាត់ របស់ខូចល្មមជួសជុលប្រើតទៅទៀតបាន មិនរវល់បណ្តោយឲ្យទៅដូច្នេះ ប្រើប្រាស់ទ្រព្យខ្ជីរខ្ជារ មិនដឹងមុខក្រោយ ជាពិសេស មេគ្រួសារនោះ គ្មានមារយាទ សណ្តាប់ធ្នាប់ (សីលធម៌) ផង រិតតែនាំឲ្យវិនាសហិនហោចទៅទៀត។

 កុំថាតែទ្រព្យសម្បត្តិជាគ្រឿងសង្ហារិម សូម្បីអសង្ហារិម ដូចជាផ្ទះ ដីធ្លីជាដើម ក៏គង់អន្តរាយដែរ។

 ក្នុងកុលចិរដ្ឋិតិធម៌ គឺ ធម៌សំសម្រាប់ធ្វើឲ្យវង្សត្រកូល ក្រុមគ្រួសារ អាចឋិតឋេរ តពូជពង្សតំណែលបានយូរ ព្រះសម្មាសម្ពុទ្ធបានបង្ហាញគោលធម៌ ៤ យ៉ាង  សម្រាប់អនុវត្តិ គឺ៖

-នដ្ឋគវេសនា  របស់បាត់  របស់អស់  ចេះរកទុក 

. ជិណ្ណបដិសង្ខរណា  របស់ចាស់ទ្រុឌទ្រោម  ចេះជួសជុលប៉ះប៊ុន  

៣. បរិមិតាបាណភោជនា  ស្គាល់ប្រមាណក្នុងការបរិភោគ ក្នុងការប្រើប្រាស់      

៤. អធិបច្ចសីលវន្តស្ថាបនា  តែងតាំងអ្នកមានសីលធម៌ឲ្យធ្វើជាមេផ្ទះ  ។​

ផ្ទះក៏ដូចជាសង្គម ហើយក៏ដូចជាប្រទេសដែរ កាលណាមានអ្នកដឹកនាំមិនល្អ ផ្ទះ សង្គម ប្រទេសនោះ នឹងដល់ការ វិនាសអន្តរាយជាពុំខាន ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងរឿង អបាយមុខក្តី សុខរបស់គ្រហស្ថអ្នកគ្រប់គ្រងគ្រួសារតាំងនៅយឺនយូរ ត្រូវធ្វើយ៉ាងណាក្តី ជាការសំដែងឲ្យមនុស្សចេះប្រយ្នត័ចាត់រឿងសេរកិច្ច តែជាសេដ្ឋកិច្ចដែលទាក់ទងទៅនឹងសីលធម៌។បានសេចក្តីថា មនុស្សនឹងទៅជាមនុស្សមានសីលធម៌ល្អត្រឹមត្រូវបាន លុះត្រាតែមានគ្រឿងឧបភោគ បរិភោគ សម្រាប់ផ្តល់សេចក្តីត្រូវការរបស់រាងកាយដែរ ។ សីលធម៌របស់មនុស្សពិតជាពិបាកនឹងកើតមានណាស់ បើសិនជាសេដ្ឋកិច្ចផ្ទាល់ខ្លួននៃមនុស្សម្នាក់ៗ ពុំមាន វឌ្ឍនភាព ឬពុំបានប្រព្រឹត្តនៅក្នុងភាពថ្លៃថ្នូរ ។ ហេតុនេះហើយ ទើបព្រះសម្មាសម្ពុទ្ធ បានបង្រៀនមនុស្សសង្កត់ធ្ងន់ទៅលើសេដ្ឋកិច្ច ។

 សូមបញ្ជាក់ថា គំនោលសេដ្ឋកិច្ចនៃប្រយោជន៍ក្នុងបច្ចុប្បន្នរបស់ព្រះសម្មាសម្ពុទ្ធទីមួយ គឺ ការខំប្រឹងប្រកបអាជីវកម្ម ឲ្យកើត ឲ្យមានទ្រព្យសម្បត្តិនោះ ត្រូវនិងគំនោលសេដ្ឋកិច្ចបឋម គឺ Production (ផលិតកម្ម) ។

ព្រោះវិជ្ជាសេដ្ឋកិច្ច ទើបកើតក្រោយព្រះពុទ្ធសាសនា ប្រហែលជាងមួយពាន់ឆ្នាំ ។ ចំណែកគំនោលទី២ គឺការចេះដឹង ស្គាល់ របៀបទុកដាក់ទ្រព្យ ដែលគេបានមក ហើយត្រូវនឹងគំនោលសន្សំសំចៃទ្រព្យសម្បត្តិ (Saving)

គំនោលទី៣ គឺការចេះសេពគប់មិត្ត មានចិត្តស្មោះត្រង់ មានភាពវ័យឆ្លាត មានគំនិតជួយគ្នាទៅវិញទៅមក ។ គំនោលនេះប្រៀបបាននិងអង្គការ សហគមន៍ សហករណ៍ ដែលមានការចាំបាច់ត្រូវជ្រើសរើស បុគ្គលដែលមានឧត្តមគតិខ្ពស់ ក្នុងចំណោមបុគ្គលជាសមាជិក ដើម្បីចាត់ការដឹកនាំ ក្នុងឋានៈជាក្រុមអភិបាល ឬគណៈកម្មការនាយក នៅក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍន៍ជីវភាពរបស់សមាជិកដោយប្រកាន់យកប្រយោជន៍រួមជាធំ។ គំនោលចុងក្រោយ គឺ ប្រើប្រាស់ ចាយវាយទ្រព្យសម្បត្តិ ឲ្យល្មមសមគួរដល់ឋានៈរបស់ខ្លួន ឬរស់នៅត្រឹមតែរបស់នោះ ដែល ភាសាសេដ្ឋកិច្ចហៅថា House hold budget ប្រែថា ថវិកាប្រចាំគ្រួសារ នេះសម្រាប់ឯកជន ។ បើរដ្ឋគេហៅថា

The nation economic budget ប្រែថា ថវិកាជាតិ ។ និយាយឲ្យខ្លី បានដល់ការពិនិត្យ ត្បិតត្បៀតចំណូលចំណាយ ឲ្យមានតុល្យភាពស្មើៗគ្នា ត្រូវនិងពាក្យពុទ្ធសាសនាថា សមជីវិតាដែលមានចែងក្នុងទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ននេះឯង។

ព្រះសម្មាសម្ពុទ្ធជា​ម្ចាស់​បរម​គ្រូ​នៃ​យើង​ទ្រង់​ត្រាស់​សម្ដែង​អំពី​ជំនួញ ៥​ប្រការ​ដែល​ពុទ្ធបរិស័ទ​ទាំង​ឡាយ​គួរ​វៀរចាក មិន​គួរ​ប្រព្រឹត្ត គឺ៖

១- សត្ថវណិជ្ជា ជួញ​គ្រឿង​សាស្ត្រាវុធ​សម្រាប់​ប្រហារ គឺ​ធ្វើ​គ្រឿង​សាស្ត្រាវុធ​នោះ​ដោយ​ខ្លួន​ឯង ឬ​ឲ្យ​អ្នក​ដទៃ​គេ​ធ្វើ​ឲ្យ ឬ​បាន​មក​ដោយ​ហេតុ​ឯណា​មួយ​ហើយ​លក់​គ្រឿង​សាស្ត្រាវុធ​នោះ ។
២- សត្តវណិជ្ជា ជួញ​មនុស្ស គឺ​មនុស្ស​មិន​ត្រូវ​ជួញ​ដូរ​មនុស្ស​ជាតិ​ដូច​គ្នាដើម្បី​ធ្វើ​ជា​ទាសាទាសី​របស់​ជនណា​មួយ ឬសម្រាប់​បម្រើ​កាម​គុណ ឬ​ក៏​ក្នុង​រូប​បែប​ណា​មួយ​ឡើយ ។ មនុស្ស​ទាំង​អស់​មាន​សិទ្ធ​ស្មើ​គ្នា​ក្នុង​ការ​រស់​នៅ​មាន​សេរីភាព។
៣- មំសវណិជ្ជា ជួញ​សាច់ គឺ​ចិញ្ចឹម​នូវ​សត្វ​ទាំង​ឡាយ មាន​ជ្រូក​ជា​ដើម​លុះ​ដល់​សត្វ​ទាំង​ឡាយ​នោះ​ចម្រើន​ធំ​ឡើង​ក៏​សម្លាប់​យក​សាច់​លក់ ។

៤- មជ្ជវណិជ្ជា ជួញ​ទឹក​ស្រវឹង ឬ​គ្រឿង​ស្រវឹង គ្រឿង​ញៀន គឺ​ផ្សំ​គ្រឿង​ណា​មួយ​ឲ្យ​កើត​ឡើង​ជា​គ្រឿង​ស្រវឹង​ដោយ​ខ្លួន​ឯង ឬ​ទិញ​គេ​យក​មក​ហើយ​លក់​នូវ​ទឹក​ស្រវឹង គ្រឿង​ស្រវឹង​នោះ ។
៥- វិសវណិជ្ជា ជួញ​ថ្នាំ​ពិស ឬ​ថ្នាំ​ពុល គឺ​ចាត់​ចែង​ថ្នាំ​ពិស​ឲ្យ​កើត​ឡើង​ដោយ​ខ្លួន​ឯង ឬ​ឲ្យ​គេ​ផ្សំ​ឲ្យ ឬ​បាន​មក​ដោយ​ហេតុ​ឯណា​នីមួយ ហើយ​លក់​នូវ​ថ្នាំ​ពិស ថ្នាំ​ពុល​នោះ ។

ជំនួញ​៥​ប្រការ​នេះ​ឧបាសក ឧបាសិកា ពុទ្ធបរិស័ទ​មិន​គប្បី​ជួញ​ឡើយ​ព្រោះ​ជា​ហេតុ​នាំ​មក​នូវ​អសន្តិសុខ អសន្តិភាព ការ​ជួញ​នូវ​ជំនួញ​ទាំង​៥នេះ​មាន​ឈ្មោះថា មិច្ឆាជីវៈ ឬមិច្ឆាជីព ដែល​ផ្ទុយ​អំពី​សម្មា​អាជីវៈ ។

ធម៌នាំឱ្យកើតប្រយោជន៍៤យ៉ាងនេះកើតមានចំពោះបុគ្គលណា នឹងនាំក្តីចម្រុងចម្រើន នាំជោគជ័យដល់បុគ្គលនោះក្នុងបច្ចុប្បន្នជាតិនេះភ្លាម។
ធម៌ទាំងនេះឯង ជាប្រភព និងជាគ្រឹះយ៉ាងមាំ សម្រាប់បណ្ដុះបណ្ដាល និង ទ្រទ្រង់នូវអង្គការពិភពលោក អង្គការរដ្ឋ និងអង្គការគ្រួសារមួយៗ ឲ្យបានប្រកបដោយវឌ្ឍនធម៌ ចម្រើនរុងរឿង ។ បើខ្វះធម៌ណាមួយ អង្គការនោះៗ ត្រូវមានវិបត្តិមិនខាន ។ ក្នុងរដ្ឋមួយៗ មានអង្គការជាច្រើន ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និងនយោបាយ ជាដើម។ផ្នែកសេដ្ឋកិច្ច ដូចខាងឧស្សាហកម្ម និងពាណិជ្ជកម្ម បើអ្នកកាន់ការទាំងឡាយ ក្នុងពិភពលោក ខ្វះធម៌

ទី ១ គឺ ឧដ្ឋានសម្បទា កម្ជិលមិនប្រឹងប្រែងចំពោះករណីយកិច្ច រវល់តែប្រចាំគ្នា ច្រណែនគ្នា អំពីប្រយោជន៍ផ្ទាល់ខ្លួន មិនខំរវៃឧស្សាហកម្ម និងពាណិជ្ជកម្មឲ្យដើរទាន់សម័យទេ សេដ្ឋកិច្ចមិនត្រូវអមតៈបានឡើយ ព្រោះនៅមានការកុហកបោកប្រាស នៅមានអំពើពុករលួយ លួចប្លន់កេងកិប សូកស៊ីសំណូក ច្របូកច្របល់ក្នុងដំណើរជីវិត ត្រូវសិក្សាបង្កើតថ្នាក់ឲ្យដល់កម្រិតសីលសិក្ខា បានដល់ការសិក្សាតាមមគ្គសច្ចវិទ្យា ត្រង់ទី ៣ ទី ៤ និងទី ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជាច្រើនឆ្នាំទៀតដរាប ដល់អប់រំចរិយាមារយាទឲ្យបានថ្លៃថ្នូរ ស្អាតបរិសុទ្ធ ដែលហៅថា អរិយចរិយា។
បើមានឧដ្ឋានសម្បទា ហើយខ្វះអារក្ខសម្បទា មានការខ្ជះខ្ជាយ មិនត្រួតពិនិត្យឲ្យដល់ទីកន្លែង ចេះតែប្រចាំ បណ្ដាក់គ្នា ម្នាក់អាងលើម្នាក់ នៅតែក្នុងការិយាល័យ រំពឹងតែលើក្រដាស លើបញ្ជីនោះ ផលនៃឧស្សាហកម្ម និងពាណិជ្ជកម្មត្រូវខូចខាត សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទាំងពីរនេះហើយ ប៉ុន្តែខ្វះធម៌ទី គឺកល្យាណមិត្តតា មានការទាក់ទងជាមួយអ្នកលក់ អ្នកទិញ ជាមនុស្សទុច្ចរិត មានការគៃបន្លំ និងនាំគៃបន្លំដោយហេតុណាមួយ ឬក៏មានសហការីរបស់ខ្លួន ជាមនុស្សពុករលួយ ត្រូវជើងនឹងអ្នកទិញ ឬអ្នកលក់ ធ្វើឲ្យខូចខាតផលឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
បើមានធម៌ទី ១ ទី ២ ទី ៣ នេះគ្រប់គ្រាន់ហើយ នៅខ្វះធម៌ទី គឺ សមជីវិតា មានការចំណាយច្រើនជាងចំណូល ដោយការខ្ជះខ្ជាយ ឬដោយប្រើបុគ្គលិកច្រើនហួសដែលបណ្ដាលមកពីមិនចេះប្រើ គឺអំពើដែលគេធ្វើតែម្នាក់កើត យើងធ្វើ ៤ ឬ ៥ នាក់ទើបកើត ហើយមិនល្អទៀត ឬទិញរបស់មួយមុខៗ ចូលច្រើនហួស ដើម្បីបានភាគរយអំពីអ្នកលក់ ឯរបស់ដទៃទៀតគ្មានលុយទិញគ្រប់គ្រាន់ ដែលនាំឲ្យរអាក់រអួលដំណើរឧស្សាហកម្ម ពាណិជ្ជកម្មនោះ សេដ្ឋកិច្ចត្រូវធ្លាក់ចុះ។
កាលបើសេដ្ឋកិច្ចធ្លាក់ចុះ ព្រោះខ្លួនខ្វះសមត្ថភាព ឬព្រោះខ្លួនទុច្ចរិតហើយ ខំតម្លើងតម្លៃទំនិញដើម្បីទប់ទល់នោះ រឹតតែនាំឲ្យចង្រៃធំដល់សង្គមជាតិ អ្នកប្រើប្រាស់ថែមទៀត ។ ទិដ្ឋធម្មិកធម៌នេះ មានន័យធំទូលាយគ្រប់ករណីកិច្ចទាំងអស់របស់អ្នកពិភពលោក ដូចបាននាំកូនចំណុចតូចមួយខាងលើនេះជានិទស្សនៈស្រាប់។​

(ការងារមានប្រយោជន៍គួរខំធ្វើ វិជ្ជាចេះស្ទើរគួរខំបំពេញ អកុសលមាននៅក្នុងខ្លួនគួរលះចេញ ជំនួញមានចំណេញគួរខំជួញ។)

ទស្សនវិជ្ជាសេដ្ឋកិច្ចពុទ្ធសាសនា

សេដ្ឋកិច្ចវិទ្យា គឺជាមែកធាងនៃចំណេះដែលសិក្សាអំពី ចម្រើនលូតលាស់ជារូបវន្ត (រីកចម្រើនខាងសម្ភារៈ) របស់មនុស្ស ។ ជាបឋម, ពុទ្ធសាសនា គឺជាទ្រឹស្តីតម្រង់ឆ្ពោះទៅរកការរីកចម្រើន ខាងស្មារតី ។ ទោះបីស្ថេរភាពសេដ្ឋកិច្ច មានតួនាទីសំខាន់នៅក្នុង ជីវភាពប្រចាំថ្ងៃក៏ដោយ ក៏ពុទ្ធសាសនាមិនបានជំរុញ ឬលើកទឹក ចិត្តដល់ការរីកចម្រើនខាងសម្ភារៈដែរ ពីព្រោះ ពុទ្ធសាសនាប្រៀន ប្រដៅថា អ្វីទាំងអស់ ត្រូវរងទទួលការប្រែប្រួល ហើយគ្មានភាព ឋិតថេរទេ ។ ដោយសារមានហេតុផលនេះ ទើបមានមនុស្សខ្លះ ជឿថា ពុទ្ធសាសនា គឺសាសនា (Religion) ដែលមិនជួយអោយ មានវឌ្ឍនភាពខាងសេដ្ឋកិច្ចទេ ហើយសាបព្រោះវិធីសាស្រ្តទុទិដ្ឋិ និយម ចំពោះការចម្រើនលូតលាស់ខាងសម្ភារៈនៃពិភពលោក ។

តទៅនេះ គឺជាទង្គិករណ៍សម្រាប់គាំទ្រទស្សនៈរបស់គេ ៖ ១- ពុទ្ធសាសនា គឺជាសាសនាដែលជួយធ្វើអោយជីវិត យើងក្នុងជាតិខាងមុខមានសុភមង្គល ហើយមិនជួយធ្វើជីវិតយើងនៅក្នុងលោកនេះ បានរីកចម្រើនទេ ។

២- ពុទ្ធសាសនាទទួលស្គាល់ថា លោកនេះពោរពេញ ដោយទុគ្គតភាព និងសេចក្តីទុក្ខព្រួយ ។ ពុទ្ធសាសនាបានប្រៀន ប្រដៅទ្រឹស្តី ដែលជួយលុបបំបាត់ ចំណង់ ដែលនាំទៅរកធ្វើអោយបានសម្រេចនូវវឌ្ឍនភាពលោកីយ៍នេះ ។

៣- ការប្រៀនប្រដៅអំពី «កម្ម» ដែលចែងនៅក្នុងទ្រឹស្តី ពុទ្ធសាសនាគឺជារបាំងរាំងខ្ទប់ ចំណង់ ដើម្បីសម្រេចវឌ្ឍនភាព នៅក្នុងជីវិតនេះ ។

៤- ពាក្យប្រៀនប្រដៅ ដែលទាក់នឹងអោយការវៀរចាក សេចក្តីសប្បាយក្នុងលោកីយ៍នេះ និងពាក្យប្រៀនប្រដៅអោយរស់ នៅក្នុងជីវិតសាមញ្ញ គឺឧបសគ្គដល់វឌ្ឍនភាពខាងសេដ្ឋកិច្ច។

ដោយហេតុនេះ និងពាក្យប្រៀនប្រដៅ ដែលបានយល់ ច្រឡំ ឬយល់ស្រពិចស្រពិលហេតុការណ៍ខ្លះ ដែលមានចែងក្នុង ពុទ្ធសាសនា ក៏បានប្រកាសថា គ្មានទស្សនវិជ្ជាខាងសេដ្ឋកិច្ច នៅ ក្នុងទ្រឹស្តីពុទ្ធសាសនាទេ ។ ប៉ុន្តែ ពេលដែលទស្សនៈនេះត្រូវបាន យើងពិនិត្យមើលទៅ យើងកើតមានគំនិតផ្ទាល់ខ្លួនថា នៅក្នុងធម៌ ដែលព្រះពុទ្ធសាសនាទេសនា មានពាក្យពេចន៍ជាច្រើនទាក់ទងដល់ទស្សនវិជ្ជាច្បាស់លាស់ បង្កប់នៅក្នុងពុទ្ធសាសនា ដែលស្តីពី បុគ្គលនៅក្នុងសេដ្ឋកិច្ចសង្គម ។

គ្មានការអធិប្បាយនៅក្នុងទីណាមួយ ដែលថាគោល ការណ៍ល្អៗទាំងអស់ប្រៀនប្រដៅនៅក្នុងពុទ្ធសាសនា ត្រូវបាន កំណត់ចែងក្នុងក្របខណ្ឌ ឬក៏នាំទៅរកគោលដៅ ដែលបញ្ចប់ ត្រឹមបានសម្រេចលទ្ធផលបរិបូណ៌ក្នុងជាតិក្រោយ តែប៉ុណ្ណេះ នោះទេ ។ ការរំដោះផុតពីសង្សារ (ការកើត-ស្លាប់ៗ) ដែលជា គោលទីបំផុតក្នុងពុទ្ធសាសនា អាចត្រូវបានសម្រេចនៅក្នុងលោក នេះដោយផ្ទាល់ ប្រសិនបើគេខំព្យាយាមតឹងតែងដើម្បីអោយបាន សម្រេចនោះ ។ បាលីមួយឃ្លានេះថា «ធម្មចារី សុខំ សេតិ, អស្មី លោកេ បរន្តិច» មានន័យថា មនុស្សដែលដឹកនាំជីវិតត្រឹមត្រូវ តែងបានរស់នៅជាសុខនៅក្នុងលោកនេះ ក៏ដូចក្នុងលោកខាងមុខ ។ នេះមានន័យម្យ៉ាងទៀតថា សុភមង្គលដែលផ្តល់អោយក្នុង លោកខាងមុខ អាស្រ័យទាំងស្រុង លើជីវិតត្រឹមត្រូវ និងប្រកប ដោយផលល្អកើតមាននៅក្នុងលោកនេះ ។ ម្យ៉ាងទៀតគ្មានពាក្យ ប្រៀនប្រដៅណានៅក្នុងទ្រឹស្តីពុទ្ធសាសនា ដែលចង្អុលប្រាប់ថា បុគ្គលត្រូវរងទុក្ខសោកក្នុងជាតិនេះសិន ដើម្បីអោយបានសោយ សុខ និងសេចក្តីចំរុងចម្រើនក្នុងជាតិក្រោយនោះទេ ។ ក្នុងបែប ដូចគ្នានេះ ព្រះពុទ្ធបានចង្អុលបង្ហាញថា ទុក្ខគ្រប់យ៉ាងនៅក្នុង លោកនេះត្រូវបានកើតមក មិនមែនដោយសារអានុភាពរបស់ អាទិទេពណាមួយនោះទេ ប៉ុន្តែ គឺដោយសារផលនៃអំពើរបស់ខ្លួន ឯងផ្ទាល់ ។ ម្យ៉ាងទៀត ពុទ្ធសាសនាក៏បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអោយអាចឆ្លងផុតពីទុក្ខ និងភាពតានតឹងគ្រប់យ៉ាងនៅក្នុង ជីវិត គេត្រូវបំពេញការងារ ដោយសេចក្តីព្យាយាម និងប្រកប ដោយឆន្ទៈមោះមុត ។

កាលណានិយាយយោងដល់ កម្ម គេបានចង្អុលប្រាប់ថា នេះមិនមែនជាហេតុផលមួយគត់ទេ ដែលជះឥទ្ធិពលមកលើជីវិត មនុស្សលើផែនដីនេះ ។ ប៉ុន្តែ កម្ម គ្រាន់តែឥទ្ធិពលមួយបែបនោះ តែប៉ុណ្ណោះ ។ វាគ្មានចំណុចណាមួយ ដើម្បីនឹកគិតតែពី កម្ម នោះទេ ។ វិរិយៈ និងឆន្ទៈ គួរតែត្រូវបានផ្តល់អាទិភាពខ្ពស់លើស លប់ជាង កម្ម ទៅទៀត ។ នេះគឺពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ ដល់សាវ័ករបស់ព្រះអង្គក្នុងឱកាសផ្សេងៗ ។

ទស្សនវិជ្ជាស្តីពីទុក្ខៈ ដែលមានចែងនៅក្នុងទ្រឹស្តីពុទ្ធ សាសនា, កម្ម ហើយនិងពាក្យប្រៀនប្រដៅទាក់ទងនឹលោក

ខាងមុខ-មិនមែនជារបាំងរាំងរាដល់ ការអភិវឌ្ឍខាងសេដ្ឋកិច្ចជា បុគ្គល ឬជាសមូហភាព នោះទេ ។

ឥឡូវ ចូរយើងពិនិត្យមើលសេដ្ឋសាស្ត្រជាក់ស្តែង ដែល ពុទ្ធសាសនាបានបង្រៀនយើង តាមរយៈទស្សនវិជ្ជារបស់ខ្លួន សម្រាប់ការរស់នៅប្រកបដោយជោគជ័យ ។ ទស្សនវិជ្ជាស្តីពីសេដ្ឋ កិច្ចរបស់ពុទ្ធសាសនា មិនដូចគោលការណ៍សេដ្ឋកិច្ចបច្ចុប្បន្ននេះ គឺមិនផ្តល់សារសំខាន់ តែទៅលើការរីកចម្រើនខាងមូលដ្ឋានសម្ភា រៈ ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តោតការយកចិត្តទុកដាក់ដល់អជ្ឈត្តិក ប្បញ្ញា (the inner intellect) របស់បុគ្គល ថែមទៀត ។

សេដ្ឋកិច្ចវិទ្យា គឺជាវិទ្យាសាស្ត្រដែលកំណត់បញ្ជាក់ ថាតើ សេដ្ឋកិច្ចត្រូវការខាងរូបកាយរបស់មនុស្ស ត្រូវបានបំពេញយ៉ាង ដូចម្តេច ដើម្បីអោយមនុស្សបានសប្បាយរីករាយ ។ ទ្រឹស្តីដ៏ច្បាស់ លាស់នៅក្នុងពិភពលោកនេះថា «ធនធានរបស់ពិភពលោក មាន កម្រិតព្រំដែន ឯសេដ្ឋកិច្ចត្រូវការមនុស្សពុំមានកម្រិតព្រំដែនទេ» ។ ទ្រឹស្តីនេះ ក៏ត្រូវបានចែងនៅក្នុងពុទ្ធសាសនាដែរ ។ នៅក្នុងរត្តបាលសូត្រ នៃមជ្ឈិមនិកាយ មានការនិយាយ ដល់ហេតុការណ៍ដែលថា មនុស្សទាំងឡាយនៃពិភពលោកនេះ ពុំមានភាពសុក្រឹតទេ ហើយថាមនុស្សទាំងឡាយនោះ គ្មានសេចក្តី រីករាយទេ ។ គេទាំងឡាយនោះ ក្លាយជាទាសករនៃតណ្ហា ។ សេដ្ឋវិទូលោកខាងលិច ដែលបានលើកយកបញ្ហារវាង ធនធានមានកម្រិតព្រំដែន ហើយនឹងសេចក្តីត្រូវការមិនមាន កម្រិតព្រំដែន មកបង្ហាញ ក៏បានឆក់យកឱកាសនេះ ដើម្បីជំរុញ អ្នកប្រើប្រាស់អោយបង្កើនការបរិភោគ ការប្រើប្រាស់ច្រើនឡើង ថែមទៀត ។ ទោះបីប្រព័ន្ធនេះ មានភាពចាំបាច់សម្រាប់ប្រព័ន្ធ សេដ្ឋកិច្ចមូលធនក៏ដោយ ក៏អ្នកទាំងឡាយដែលមានសេចក្តីត្រូវ ការបន្តិចបន្តួច យល់ឃើញថា អ្នកទាំងឡាយដែលមានឥទ្ធិពល និងមានឯកសិទ្ធ កំពុងបំផ្លាញធនធាន បង្កើតអោយមានចំណោទ ខាងសេដ្ឋកិច្ច កាន់តែច្រើនឡើងៗ ។ ពុទ្ធសាសនាគាំទ្រទស្សនៈ ដែលថា ជីវភាពសាមញ្ញ នឹងជួយអោយយើងប្រើប្រាស់ធនធាន ដែលមានកម្រិតព្រំដែនបានត្រឹមត្រូវ ហើយដោះស្រាយបាននូវ បញ្ហាសេដ្ឋកិច្ច ដែលបង្កើតឡើងដោយចំណង់ និងតម្រេករបស់ យើង ដែលគ្មានកម្រិតព្រំដែននោះ ។

ពេលនិយាយអំពីទស្សនវិជ្ជា ស្តីពីសេដ្ឋកិច្ចរបស់ពុទ្ធ សាសនា ទស្សនៈទាំងឡាយដែលចែងនៅក្នុងទ្រឹស្តីរបស់ព្រះពុទ្ធសាសនានឹងធនធាន បានក្លាយជាទស្សនៈដ៏មានសារសំខាន់ ។ លក្ខណ៍ការណ៍ ដែលគេអាចប្រើដើម្បីវាយតម្លៃទ្រព្យសម្បត្តិរបស់ មនុស្សគឺ ទឹកប្រាក់ ។ ប្រាក់ ត្រូវបានគេប្រើជាមធ្យោបាយទាក់ទង ដើម្បីសម្រេចចំណង់ និងតម្រេកខាងសម្ភារៈ ។ ស្របតាមនេះដែរ, ទ្រឹស្តីរបស់ពុទ្ធសាសនា ក៏ទទួលយកទស្សនៈដែលថា ដើម្បីរស់ នៅអោយបានហំហួន យ៉ាងច្រើន ។ គេគប្បីប្រមូលអោយបានទ្រព្យសម្បត្តិ នៅក្នុងបួនដំណាក់កាល ពុទ្ធសាសនាបាននិយាយដល់ ការចម្រើនដុះដាលរបស់បុគ្គល ។ ឱកាសមួយបែបនោះ គឺឱកាស បង្កឡើង ដើម្បីទទួលសោយសេចក្តីសប្បាយរីករាយ ព្រះពុទ្ធក៏ ទ្រង់បានសម្តែងដែរថា ទ្រព្យសម្បត្តិដែលប្រមូលបានដោយយ៉ាង នេះ គេគប្បីប្រមូលបានដោយពលកម្មយ៉ាងតឹងតែង ហើយទ្រព្យ សម្បត្តិរកបានដូចនោះ គប្បីត្រូវបានការពារ កុំអោយខ្លះខ្ជាយ ។ ខ្លឹមសារនេះ មាននិយាយនៅក្នុងព្យក្យបជ្ជសូត្រ និងសិង្គាលោវាទ សូត្រ ។ នៅក្នុងទស្សនវិជ្ជា នៃទ្រឹស្ដីព្រះពុទ្ធសាសនា បែបបទដែល ទ្រព្យសម្បត្តិគប្បីប្រមូលទុកដាក់ ហើយនិងការចំណាយប្រាក់ កាសគប្បីប្រព្រឹត្តទៅយ៉ាងណានេះ ត្រូវបានពន្យល់យ៉ាងច្បាស់នៅក្នុងអត្ថបទពុទ្ធសាសនា ។ យោលតាមសិង្គាលោវាទសូត្រ ប្រាក់ដែលសន្សំបាន គប្បី ចំណាយជាដំបូងបង្អស់សម្រាប់អាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ថ្នាំពេទ្យ -ល- កុំអោយលំបាកវេទនា ។ ក្នុងន័យដូចគ្នាដែរ សេចក្តី សម្បូរសប្បាយរបស់បុគ្គលគឺ ព្រះពុទ្ធទ្រង់បានពិពណ៌នានៅក្នុង ពាក្យប្រដៅរបស់ព្រះអង្គហើយ ហេតុការណ៍ដែលថា បុគ្គលបាន ចំណាយប្រាក់របស់ខ្លួន ដើម្បីសេចក្តីត្រូវការ និងការចាំបាច់របស់ ខ្លួន... គប្បីធ្វើអោយបុគ្គលមានអារម្មណ៍ថា ខ្លួនបានចំណាយ ប្រាក់ដើម្បីចាប់យកសេចក្តីសុខ ហើយទ្រព្យសម្បត្តិត្រូវបានប្រើ ប្រាស់ ដើម្បីបុព្វហេតុដ៏ល្អ ។ នេះគួរតែផ្តល់អោយបុគ្គលនោះ នូវ សេចក្តីរីករាយទាំងខាងផ្លូវចិត្ត ទាំងខាងផ្លូវកាយ។ ក្នុងទីនោះ ព្រះ ពុទ្ធទ្រង់បានបំភ្លឺហេតុការណ៍ថា ប្រាក់សន្សំបានគប្បីចំណាយ សម្រាប់អត្ថប្រយោជន៍របស់ខ្លួនផ្ទាល់ ក៏ដូចជាសម្រាប់បុគ្គល ក្រោមអាណាព្យាបាលរបស់ខ្លួន ហើយនិងអ្នកឯទៀតកំពុងរស់ នៅជាមួយផង កុំអោយគេរងការអត់ឃ្លាន ។ បែបបទប្រាក់ដែល សន្សំបាន គប្បីចាយវាយយ៉ាងណា គឺនឹងមាននិយាយនៅក្នុងអបុ លូកសូត្រ នៃសំយុត្តនិកាយ ។

តាមទស្សនៈនេះ វាពុំមានន័យថា ពុទ្ធសាសនាបន្ទច់ បង្អាក់មនុស្សមិនអោយចាយវាយប្រាក់ខំរកបាន សម្រាប់សេចក្តី ត្រូវការប្រចាំថ្ងៃនោះទេ ។ ជាជំនួសវិញ ពុទ្ធសាសនាលើកស្ទួយ ទស្សនៈដែលថា ទ្រព្យសម្បត្តិទាំងឡាយ គប្បីប្រើប្រាស់បរិភោគ សម្រាប់ជាប្រយោជន៍របស់ខ្លួន ក៏ដូចជាសម្រាប់ប្រយោជន៍ដល់ អ្នកដទៃ ។ ដូច្នេះ ទស្សនវិជ្ជាពុទ្ធសាសនា ជួយលើកទឹកចិត្តដល់ ផលិតកម្ម ។ ប៉ុន្តែអ្វីដែលយើងត្រូវចងចាំបាន គឺថា ពុទ្ធសាសនា មិនយល់ព្រមចំពោះការប្រមូលទ្រព្យសម្បត្តិ ដោយគ្មានការ កំណត់ព្រំដែននោះឡើយ ។ បែបបទដែលផលិតកម្ម គប្បីត្រូវ បានលើកទឹកចិត្ត មិនគ្រាន់តែតាមរយៈការប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែតាមការវិភាគវិនិយោគទុនផងដែរ ។ ទស្សនៈនេះ ត្រូវបាន បញ្ចប់យ៉ាងច្បាស់លាស់ដោយពាក្យយោងថា ពីរភាគបួននៃប្រាក់ សន្សំបានគប្បីវិនិយោគ ឬរក្សាទុកសម្រាប់ការប្រើប្រាស់អនាគត ដោយទុកដាក់ក្នុងធនាគារ ។ល។ ថ្វីបើមានមធ្យោបាយជាច្រើន ដែលតាមរយៈនេះ ប្រាក់អាចត្រូវបានវិនិយោគក៏ដោយ ក៏ខ្សែ បន្ទាត់នៃគំនិតបច្ចុប្បន្នតែងគាំទ្រទស្សនៈលើកឡើង ដោយទ្រឹស្តី ពុទ្ធសាសនាដែរ ។ ប៉ុន្តែ ជាការណ៍ជាក់ច្បាស់ណាស់ថា បែបបទពុទ្ធសាសនាចំពោះការវិនិយោគ និងការស្វែងរកទ្រព្យសម្បត្តិ គឺ ផ្សេងពីបច្ចេកទេស ដែលមានចែងនៅក្នុងសេដ្ឋសាស្ត្រសម័យ ។ កាលណាប្រមូលបានទ្រព្យសម្បត្តិ ឬវិនិយោគលើរបរជំនួញផ្សេង ៗ មតិដែលថា តើវិធីដោះស្រាយបញ្ហាត្រូវ ឬខុសយ៉ាងណានោះ មិនទាន់ត្រូវ បានបំភ្លឺ ដោយទស្សនវិជ្ជាសេដ្ឋកិច្ចលោកខាងលិច ទេ។ គោលដៅគឺ ការរកចំណេញប៉ុណ្ណោះ ។ ផ្ទុយទៅវិញ យោង តាមទស្សនវិជ្ជាសេដ្ឋកិច្ចពុទ្ធសាសនា រកប្រាក់បានដោយមិនត្រឹម ត្រូវ តាមមធ្យោបាយបោកប្រាស និងដោយវិធីទាំងឡាយដែល បង្អួចប្រយោជន៍សង្គម មិនត្រូវបានយកជាមាគ៌ាត្រឹមត្រូវក្នុងការ រកប្រាក់ មានយោងជាច្រើនទាក់ទងការស្វែងរកទ្រព្យសម្បត្តិ ៖

ឧទាហរណ៍ ៖ ធម្មេន ធម្មលទ្ធា «ប្រាក់រកបានដោយ មធ្យោបាយត្រឹមត្រូវ» សេទា វក្តិតេហិ «ប្រាក់រកបានដោយ ញើស និងពលកម្ម» ទស្សនៈនេះ ត្រូវបានព្រះពុទ្ធយល់ព្រម និង គាំទ្រ ។

«ពលកម្ម» គឺជាទិដ្ឋភាពមួយទៀតនៃផលិតកម្ម បើយោង តាមសេដ្ឋសាស្ត្រ ។ សូម្បីនៅក្នុងវិធីសេដ្ឋកិច្ចពុទ្ធសាសនា ពលកម្ម ដើរតួនាទីមួយដ៏លេចធ្លោបំផុត ហើយវាបានបង្ហាញអោយឃើញ ថា កាលណាប្រាក់ឈ្នួលខ្ពស់ត្រូវបានអោយទៅពលករ ផលិតកម្ម កាន់តែចម្រើនឡើងៗឥតឈប់ឈរ ។ ព្រះពុទ្ធទ្រង់បានរិះគន់ជា និច្ចចំពោះមនុស្សទាំងឡាយ ដែលគិតតែរកចំណេញប៉ុណ្ណោះ ដោយសារកេងប្រវ័ញ្ចលើពលកម្ម ។ នៅក្នុងសិង្គាលោវាទសូត្រ ព្រះពុទ្ធបានបំភ្លឺយ៉ាងច្បាស់ថា ពលកម្មគប្បីត្រូវបានផ្តល់ប្រាក់ បំណាច់អោយយ៉ាងសមស្រប ហើយប្រាក់លើកទឹកចិត្ត (ប្រាក់ ទឹកតែ ) -ល- ត្រូវផ្តល់អោយក្នុងបែបបទត្រឹមត្រូវដល់ពលករ ។ ការងារប្រគល់អោយពលករធ្វើ ត្រូវតែជាការងារដែលពលករ អាចធ្វើបាន ឬអាចបំពេញបាន ។

កាលណាគេពិចារណា ថ្នាក់ប្រទេស ហើយមិនមែនថ្នាក់ បុគ្គល ឬថ្នាក់បុគ្គល ឬថ្នាក់អង្គការទេ - កត្តាជាច្រើដែលរួមវិភាគ-ទានជួយអោយបានសម្រេច នូវវឌ្ឍនភាពសេដ្ឋកិច្ច ហាក់ដូចជា មានចែង នៅក្នុងទស្សនវិជ្ជាសេដ្ឋកិច្ចពុទ្ធសាសនារួចហើយ ។

ព្រះពុទ្ធចាត់ទុកយ៉ាងសមស្របបំផុតថា ទុគ្គតភាពរបស់ ប្រទេស បណ្តាលមកពីការថ្លោះធ្លោយខ្លះ ដែលអាចកើតមាន ទាក់ទងទៅនឹងការបែងចែកទ្រព្យសម្បត្តិ ។ ប្រសិនបើទ្រព្យ សម្បត្តិទាំងអស់ នៅក្នុងប្រទេសមួយ ត្រូវបានក្ដោបក្ដាប់ តែដោយផ្នែកមួយមានកំរិតរបស់សង្គមប៉ុណ្ណោះ វិធានការកែសម្រួលជា បន្ទាន់ ត្រូវតែបានលើកឡើង ។ ពីព្រោះស្ថានភាពនោះ អាចដឹកនាំ ប្រទេសទៅកាន់ភាពក្រីក្រ ។

ដូចគ្នានេះដែរ ព្រះពុទ្ធនៅក្នុងចក្កវត្តិសីហនាទសូត្រ បាន សំដែងអំពីប្រធានបទនេះ ហើយទ្រង់បានបញ្ជាក់ថា ករណីកិច្ច របស់រដ្ឋាភិបាល គឺត្រូវផ្តល់មូលធនសម្រាប់សហគ្រិន ធ្វើវិនិយោគ ប្រាក់លើការរកស៊ីរបស់សហគ្រាសនានា ។ រដ្ឋាភិបាល គប្បីផ្តល់ ការងាយស្រួលផងដែរ ទៅអោយពួកកសិករ ឧស្សាហករ -ល- ។ យោងតាមទ្រឹស្ដីសេដ្ឋកិច្ចពន្ធអាករ គឺជាប្រភពសំខាន់នៃចំណូល សម្រាប់រដ្ឋាភិបាល ។ រដ្ឋាភិបាលប្រើប្រាស់ចំណូលនោះ សម្រាប់ ការងារសុខមាលភាព និងការអភិវឌ្ឍ ។ ពុទ្ធសាសនា ទន្ទឹមនឹង ទទួលយកមនោគមវិជ្ជានេះជាគោលការណ៍ ក៏បានបង្ហាញទស្ស នៈមួយរបស់ពុទ្ធសាសនា ស្តីពីប្រធានបទនេះដែរ ។ ព្រះពុទ្ធ នៅ ពេលព្រះអង្គមានពុទ្ធដីកាយោងដល់ស្តេច «លិច្ឆវី» ទ្រង់បាន បញ្ជាក់ថា ការប្រមូលពន្ធអាករដោយមិនត្រឹមត្រូវ គឺជាការខុស ឆ្គង ហើយថាពន្ធអាករ ត្រូវតែរដ្ឋាភិបាលប្រមូលយកពីប្រជានុរា ស្ត្រ ដោយមិនបន្ថែមបន្ទុកលើប្រជារាស្ត្រ ជាមួយបន្ទុកពន្ធអាករតាមបែបបទដែលឃ្មុំជញ្ជក់យកទឹកឃ្មុំអំពីផ្កា ដោយមិនធ្វើអោយ ផ្កាខូតខាត ឬអន្តរាយ ។ ព្រះពុទ្ធទ្រង់មានព្រះពុទ្ធដីកាផងដែរថា វាជាករណីកិច្ចរបស់ប្រជានុរាស្ត្រ ដើម្បីបង់ពន្ធអាករទាន់ពេល វេលា ដោយមិនលាក់បំពួនព័ត៌មាន ស្តីពីបង់ពន្ធអាករ ។ ពាក្យថា «រាជពលី» គឺត្រូវបានប្រើសម្រាប់កត់សម្គាល់ពន្ធអាករដែលត្រូវ បង់ជូនរដ្ឋ ។

ដូច្នេះ យើងឃើញថា ពុទ្ធសាសនា ដោយសារមានទស្ស-វិជ្ជាសេដ្ឋកិច្ចរបស់ខ្លួនច្បាស់លាស់ អាចត្រូវបានគេចាត់ទុកមិន ត្រឹមតែជាទ្រឹស្តីមួយ ដែលនិយាយអំពីជីវិតខាងមុខប៉ុណ្ណោះទេ ប៉ុន្តែ គេចាត់ទុកជាទ្រឹស្តីមួយ ជាសាសនាមួយ ដែលនិយាយអំពី មាគ៌ា និងមធ្យោបាយសម្រាប់ធ្វើអោយសង្គម និងបុគ្គលបានរីក ចម្រើនថែមទៀត ។ គម្ពីរព្រះត្រៃបិដក ពោរពេញដោយពាក្យ ប្រៀនប្រដៅ ដែលជាភស្តុតាងបញ្ជាក់ថា ពុទ្ធសាសនាមិនគ្រាន់តែ និយាយអំពីជីវិតខាងមុខប៉ុណ្ណោះទេ ប៉ុន្តែ ជួយបុគ្គល និងសង្គម អោយមានជីវិតរស់នៅចំរុងចម្រើននៅក្នុងសង្គម ដោយសារ ទស្សនវិជ្ជាសេដ្ឋកិច្ចច្បាស់លាស់ ដែលមាននៅក្នុងទ្រឹស្ដីព្រះពុទ្ធ សាសនា ទាំងមូល ។

By Bellanwila Wimalaratana in Buddhism Society and Environment

បកប្រែ ៖ ឈន អៀម

យោ ច វស្សសតំ ជីវេ កុសីតោ ហីនវីរិយោ ឯកាហំ ជីវិតំ សេយ្យា វីរិយំ អារភតោ បុគ្គលណាខ្ជិលច្រអូស ទឡំ ។ មានសេចក្តីព្យាយាមអន់ថយ ទោះបីរស់នៅមួយរយឆ្នាំ ក៏មិនប្រសើរស្មើនឹងការរស់នៅ សូម្បី មួយថ្ងៃរបស់បុគ្គលអ្នកមានព្យាយាមខ្ជាប់ខ្ជួនឡើយ ។

(ធម្មបទ)

អត្តានមេវ បឋមំ បដិរូបេ និវេសយេ អថញ្ញមនុសាសេយ្យ ន កិលេស្បៃយ្យ បណ្ឌិតោ ។ បុគ្គលគួរតម្កល់ខ្លួនឯងអោយតាំងនៅក្នុងគុណធម៌ដ៏សម គួរជាមុនសិន ចាំប្រដៅអ្នកដទៃជាក្រោយ ទើបមិនលំបាក ។

(ធម្មបទ)

ហីនំ ធម្មំ សេវេយ្យ បមាទេន ន សំវសេ មិច្ឆាទិដ្ឋិ ន សេវយ្យ ន សិយា លោកវឌ្ឍនោ ។ បុគ្គលមិនគួរប្រព្រឹត្តអំពើថោកទាប មិនគួររស់នៅដោយ សេចក្តីប្រមាថ មិនគួរប្រកាន់យកនូវទស្សនៈខុស មិនគួរជាអ្នក រស់នៅអោយគ្រាន់តែចង្អៀតលោកឡើយ ។

(ធម្មបទ) ទិដ្ឋធម្មិកត្ថប្រយោជន៍ ជាប្រយោជន៍ថ្នាក់ក្រោម សម្បទា៤យ៉ាង ដែលបានរៀបរាប់មក ហើយនេះ គឺជាកិច្ចដែលត្រូវប្រកបដើម្បីឱ្យកើត ប្រយោជន៍សុខក្នុងពេលបច្ចុប្បន្ន និង​ អនាគត នៅវ័យចាស់ជរា គឺក្នុងអត្តភាព នេះឯង ចាត់ជាប្រយោជន៍ថ្នាក់ក្រោមដែលជាគ្រឹះ ដើម្បីជាឈ្នាន់ សម្រាប់ឈោងចាប់នូវប្រយោជន៍ ថ្នាក់លើជាបន្តទៀត។

បើគ្រាន់តែប្រយោជន៏ថ្នាក់ក្រោម បំពេញ មិនបានល្អហើយ តើនឹងមានសមត្ថភាពអ្វីដើម្បី នឹងចាប់យកនូវប្រយោជន៍ថ្នាក់លើទៀតបាន!ដូច្នេះ សូមកុំមានគំនិតមាក់ងាយនូវប្រយោជន៍ ថ្នាក់ក្រោមនេះឱ្យសោះ ព្រោះជាការសំដែងឡើង របស់ព្រះសម្មាសម្ពុទ្ធ។

សូមមនុស្សគ្រប់គ្នា បានស្គាល់នូវប្រយោជន៍តាមប្រការដូចដែលរៀបរាប់មកហើយ និង ចូរប្រព្រឹត្តតាម ដើម្បីឱ្យបានសេចក្តីសុខសមតាមប្រាថ្នាចុះ ។

(មេរៀនឃរាសវាសធម៌ ប្រយោជន៍ ៣ យ៉ាង -បិដកអដ្ឋកថាលេខ ៤៨ សន្ធានវគ្គ ទំព័រ ២៥១-២៥៩)

តោះយើងទាំងអស់គ្នាមកអានរឿងអប់រំកូនចៅប្រុសស្រីដូចខាងក្រោម៖

 រឿងនិទាន

រឿងរៃ និងស្រមោច


និទាននេះមានដំនាលក្នុងក្បួនបារាំងសែស ។ មានរៃមួយជាសត្វខ្ជិល ដល់រដូវកាលខែពិសាខ ជេស្ឋ អាសាធ ជាវស្សានរដូវ ក៏ហើរច្រៀងលេងតាមអំពើចិត្ដខ្លួន ពុំគួរខ្វល់ខ្វាយនឹងរកស្បៀងអាហារទុកដាក់ សំរាប់ខ្លួន។ មានសត្វស្រមោច មួយពួក ជាសត្វអុស្សាហ៍ពាំនាំស្រូវអង្ករទុកដាក់ក្នុងសំបុកខ្លួន គិតក្រែង ក្ដីក្រទៅមុខ។ លុះដល់រដូវភ្លៀងអោរជោគជាំមកសត្វរៃនោះរកអាហារបរិភោគគ្មាន កើតក្ដីឃ្លានចំណី​ ក្រៃពេក ទើបហើរទៅខ្ចីអង្ករស្រមោចថា សំលាញ់អើយសំលាញ់ខ្លួនអញនេះពុំមានអ្វីអាស្រ័យឡើយ ព្រោះខែនេះភ្លៀងបង្អោរជោគជាំណាស់ នឹងចេញស្វែងរកអាហារពុំបាន យើងមកនេះប្រាថ្នានឹងសូមខ្ចី អង្ករសំលាញ់អាស្រ័យសិន ទម្រាំដល់ខែប្រាំងកាលណា នឹងរកសងសំលាញ់ឯងវិញ ចូរសំលាញ់មេត្តា អាណិតជួយយើង អោយផុតអំពីក្ដីក្រម្ដងនេះផងសំលាញ់ ។
ឯស្រមោចឮដូច្នោះ ក៏តបសួរទៅថា «រៃឯង កាលអំពីដើមឆ្នាំខែប្រាំងរាំងរិះនោះ តើហេតុម្ដេចអ្នកឯងមិនស្វែង
រកអាហារទុកដាក់សំរាប់ខ្លួន អ្នកអែងមានរវល់កង្វល់ដោយការអ្វី។ រៃតបថា «សំលាញ់អើយ! យើងនេះពុំមានកិច្ចការអ្វីទេ រវល់តែនឹងហើរទំដោយឈើព្រៃ ស្រែកច្រៀងលេងតាមអំពើចិត្ដប៉ុណ្ណេះអែង បានជាពុំបានរកស្បៀងទុកនោះ»។ ស្រមោចថា «អើពីដើមអ្នកអែងធ្លាប់ច្រៀងយ៉ាងណា អិលូវនេះចូរអ្នកអែងរកទំនុកច្រៀងលេងទៅទៀតទៅវិស័យនាក់ច្រៀងរាំហើយ ត្រូវតែយើងច្រៀងរាំទៅកុំឈប់ ល្បែងច្រៀងរាំនេះជាប្រយោជន៍ចិញ្ចឹមជីវិតរបស់អ្នកហើយអញ្ជើញច្រៀងទៅទៀតមើល ខ្ញុំអែងនឹងស្ដាប់ផង»
អែរៃឆ្លើយតបថា «អោ! សំលាញ់អើយ គ្នាអត់បាយស្ទើរតែដាច់ពោះស្លាប់ហើយ តើនឹងទៅច្រៀងរាំអែណាក៏បាន ចូរសំលាញ់បែងចែកអង្ករអោយខ្ចីបានអាស្រ័យខ្លះទៅអេះ »។ ស្រមោចតបថា « អង្ករស្រូវរបស់យើងក៏មានខ្លះដែរតែយើងទុកល្មមតែកូនចៅញាតិផៅរបស់ជាជាតិដូចគ្នា នឹងបានមានច្រើនអាចផ្សាយដល់អ្នកអែងផងនេះពុំបានទេអ្នកអែងទៅរកខ្ចីគេអែងទៀតទៅ»។ អែរៃបានលឺស្រមោចពោលកាត់ដូច្នោះក៏ទាល់បញ្ញា ទើបហើរចេញចាកទីនោះឆ្ពោះទៅកាន់លំនៅនៃអាត្មា បានក្ដីវេទនាដោយអត់អាហាររកបានដោយកម្រ ខំត្រដរអត់ឃ្លានតាមនិស្ស័យទៅហោង។ រឿងនេះអែងស្ដាប់មើលចុះ តើចុះប្រៀបដោយគតិយ៉ាងណា អែងថាទៅចុះ។
សិស្សតបថា សូមទាន និទានរឿងនេះបានដល់មនុស្សខ្ជិលប្រកបការរកស៊ីនឹងគេ គឺដល់រដូវកាលគេធ្វើស្រែចំការ ខ្លួនមិនធ្វើនឹងគេ ក៏ផុតកាលរដូវនោះទៅ ម៉្លោះហើយក្ដីក្រ ក្ដីលំបាកក៏កើតមានដល់មនុស្សនោះដែ ព្រោះអំនាចល្បែងលែងមិនគិតរកស៊ីធ្វើការ នឹងទៅរកខ្ចីបុលគេស៊ី នរណាឡើយនឹងអោយបាន គេក៏បំរុងរូបគេដែរ ខ្លួនក៏តោងទ្រាំវេទនាទៅតាមយថាកម្ម ដូចយ៉ាងរៃរកខ្ចីអង្ករស្រមោចៗពុំបានអោយខ្ចីដូច្នោះហោង។


(បទ ពាក្យ៧)


នៅលើវាលស្មៅស្រស់ខៀវខ្ចី ​​ក្រោមពន្លឺថ្ងៃចាំងភ្លឺថ្លា
ស្រមោចមួយហ្វូងប្រឹងធ្វើការ               ​​រកភោជនាហារមកស្តុកទុក ។
ខ្នះខ្នែងអូសទាញញាប់ជើងដៃ ​​ខំប្រឹងឃ្មាតខ្មីដើរតត្រុក
ស្វែងរកស្បៀងមកដាក់ជង្រុក                        ​​សន្សំគរទុកខែវស្សា ។
ទោះក្តៅលំបាកក៏ស៊ូទ្រាំ ​​​​ស្រមោចខំពាំនាំអាហារ
ត្រៀមទុកធ្វើស្បៀងក្នុងគ្រួសារ                    ​​នៅខែវស្សានាថ្ងៃមុខ ។
មានសត្វរៃមួយនៅមិនឆ្ងាយ ​​​ច្រៀងរាំសប្បាយឥតកើតទុក្ខ
អត់បារម្ភព្រួយទៅថ្ងៃមុខ                    ​​​​មិនរកស្បៀងទុកផ្គត់ផ្គង់ខ្លួន ។
ពេលឃើញស្រមោចប្រឹងធ្វើការ ​រៃក៏វាចាថាមិត្តស្ងួន
ខំប្រឹងអ្វីម្ល៉េះធ្វើបាបខ្លួន                             ​​​​កម្លាំងមាំមួនមករាំលេង ។
ស្រមោចឆ្លើយប្រាប់រៃវិញថា ​​ខ្ញុំជាប់កិច្ចការច្រើនធំធេង
ប្រមូលស្បៀងទុកដាក់កន្លែង              ​​គួរបងរៃឯងពិចារណា ។
រៃឆ្លើយតបវិញឥតខ្វល់ភ័យ ​​​ទៅបារម្ភថ្វីខែវស្សា
សម្បូរមិនខ្វះម្ហូបអាហារ ​​                 ​​​​ឥឡូវនេះណាយើងរាំច្រៀង ។
វស្សាភ្លៀងធ្លាក់ត្រជាក់ខ្យល់ ​​រៃមានកង្វល់ព្រោះដាច់ស្បៀង
បែរមើលស្រមោចមានស៊ីលៀង       ​ដ្បិតអីបានព្រាងប្រឹងឧស្សាហ៍ ។
ឥឡូវទើបរៃដឹងខ្លួនខុស ​​​​សប្បាយជ្រុលហួសភ្លេចកិច្ចការ
លុះពេលអត់ឃ្លានទើបដឹងថា ​​             គួរប្រឹងធ្វើការពេលទំនេរ ៕
កុំសប្បាយខុសក្បួន                               ប្រយ័ត្នផុងខ្លួនអត់អ្វីឆី

(ដកស្រង់ចេញពី រឿងល្បើកនិងរឿងនិទាន ភាគទី៣)

រឿងមាយើង

រឿងមាយើង បង្រៀនមនុស្សឱ្យចេះរកស៊ី និងគោរពពាក្យសច្ចៈ 

រឿងមាយើង ជារឿងអក្សរសិល្ប៍ប្រជាប្រិយដែលស្ថិតក្នុងប្រភេទ និទានកថាប្រជាប្រិយ។ ចាស់ព្រឹទ្ធាចារ្យតែងនិទានឱ្យកូនចៅស្តាប់កម្សាន្ត ពិសេសក្មេងស្រី និងការប្រៀនប្រដៅរបស់ឪពុកម្តាយដែលនិយមលើកយករឿងនេះ មកជាឧទាហរណ៍ឱ្យកូលស្រីយល់ ពីទង្វើរបស់ខ្លួនដែលប្រព្រឹត្តឆ្កាំឆ្គង ក្នុងកិច្ចការរៀបចំទុកដាក់របស់ទ្រព្យដែលប្ដីរកបាន។ មិនតែប៉ុណ្ណោះរឿងនេះក៏បានបង្ហាញសិល្បៈនៃទំនាក់ទំនងក្នុងជីវភាពរស់នៅនៃសង្គមផងដែរ។ខ្ញុំសូមបង្ហាញខ្លឹមសារសំខាន់ នៃរឿងមាយើងនេះដូចទៅ។ 

 កាលកន្លងទៅហើយមានព្រះមហាក្សត្រមួយព្រះអង្គ ព្រះនាមព្រហ្មទត្ត សោយរាជនៅក្រុងពារាណសី។ កាលនោះនៅក្នុងក្រុងមានមាណពម្នាក់ ជាអ្នកកម្សសត់ទុគ៌ត រស់នៅពីរនាក់ប្តីប្រពន្ធ។ ឯនាងប្រពន្ធវិញមានរូបស្រស់សោភា ជាទីគាប់ភ្នែកនៃជនផងទាំងពួង ប៉ុន្តែចិត្តកំណាញ់ ប្រទូស្តញាតិព្រៀងលាន គេពុំចូលចិត្តឡើយ។ សម័យថ្ងៃមួយមាណពនឹងភរិយានាំគ្នាទៅជញ្ជាត់ត្រី ឯកញ្ជើទៀតសោតធ្លុះធ្លាយ ដ្បិតនាងប្រពន្ធពុំចេះជួយថែរក្សា ពេលដែលប្តីជញ្ជាត់បានត្រីដាក់ចូលរមែង ចេញតាមប្រហោងនោះទៅ។ លុះជញ្ជាត់យូរៗ ក៏ទៅជិតដល់សំពៅធំមួយ នាយភេត្រានឹងភរិយាមើលពីលើសំពៅមកឃើញកញ្ជើធ្លុះ ប្រពន្ធនាយភេត្រាលន់មាត់ថា នាងអ្នកជាប្រពន្ធម្តេចមិនយកអ្វីចុកកុំឱ្យត្រីលេច >ឮដូច្នោះ នាយភេត្រាក្រោធខឹង ហើយដេញនាងឱ្យចុះទៅនៅជាមួយមាណពនោះ ឯនាយភេត្រាម្ចាស់សំពៅ ដូរយកប្រពន្ធមាណពដែលជាស្រីខាតលក្ខណ៍។ នាងជាប្រពន្ធថ្មីរបស់មាណពនោះ ក៏កាន់កញ្ជើដើរទៅរកអ្វីមកចុក កុំឱ្យលេចរួចត្រីដែលជញ្ជាត់បាន រួចដើរតាមមាណពរហូតទៅ។ ពេលត្រឡប់មកផ្ទះវិញ នាងចាត់ចែងឱ្យប្តីជាមាណពកម្សត់យកត្រីទៅជូនញាតិព្រៀងលាន។ អ្នកជិតខាងសឹងឆ្ងល់គ្រប់គ្នា ព្រោះចៅមាណព និងប្រពន្ធពុំដែលមានចិត្តសប្បុរសឡើយ។ លុះពួកគេទៅលេងផ្ទះមាណព ទើបដឹងថាមាណពបានប្រពន្ធថ្មីប្រកបដោយលក្ខិណា។ ថ្ងៃមួយ មាណពចូលទៅក្នុងព្រៃដើម្បីកាប់អុស លុះរែកត្រឡប់មកវិញប្រពន្ធឃើញថា ឈើនោះសុទ្ធតែឈើមានតម្លៃ នាងជាប្រពន្ធឱ្យប្តីទៅកាប់ចងបាច់ឱ្យបានច្រើន ហើយជួលរទេះអ្នកជិតខាងឱ្យដឹកមកគរទុក។ ពេលអ្នកដើរសំពៅរកទិញ នាងក៏លក់បានសម្បត្តិជាច្រើន ហើយរៀបចំធ្វើផ្ទះយ៉ាងធំ និងមានជួលខ្ញុំបម្រើផង។ចំណុចដូចរៀបរាប់ខាងលើ បង្រៀនយើងឱ្យចេះរៀបចំទុកដាក់ និងថែរក្សារបស់ទ្រព្យដែលរកបាន នោះទើបធ្វើឱ្យជីវិត និងគ្រួសាររីកចម្រើន មានបាន។ បន្ថែមពីនោះ ក្នុងរឿងមាយើងដដែលក៏បានបង្ហាញពី ការប្រាស្រ័យទាក់ទងអ្នកមានមុខមាត់ មន្ត្រីរាជការ ទើបការរស់នៅកាន់តែមានភាពរីកចម្រើន និងរឹងមាំ។ តួយ៉ាងក្នុងរឿងបន្តថា
ឯប្តីនោះក៏បានស្គាល់ចៅដៃ ចៅព្រះ ចៅឃ្លាំង ស្គាល់ពញាជាដើម។ ថ្ងៃមួយនាងស្រដីនឹងប្តីថា នាងចង់ឱ្យប្តីនាងរៀនរត់ឱ្យបានរហ័សដូចចិត្តប៉ងប្រាថ្នា ប្តីក៏ធ្វើតាម ហើយក៏រត់រហូតទល់តែលែងហត់។ ប្រពន្ធឃើញថាប្តីខ្លួនបានរត់បានលឿន មានកម្លាំងបរបូរណ៌ហើយ ក៏នាំទៅជួបមន្ត្រី ដើម្បីឱ្យប្តីបានទៅបម្រើព្រះមានក្សត្រ។ នាកាលថ្ងៃមួយ ព្រះមហាក្សត្រទ្រង់យាងទៅប្រពាតព្រៃស។ ចៅមាណពក៏ប្រាប់ប្រពន្ធរៀបចំ អាហារដើម្បីចូលរួមដង្ហែរព្រះរាជា។ ឯនាងប្រពន្ធក៏រៀបចំឱ្យប្តី និងផ្ចិតផ្ចង់ក្រយាសម្រាប់ព្រះមាហាក្សត្រ នាងគិតថា ព្រះមាហាក្សត្រនឹងឃ្លាតពីមន្រ្តីទាំងឡាយ មានតែមាណពម្នាក់ប៉ុណ្ណោះដែលទៅទាន់។ ដោយសេចក្ដីពេញចិត្តពីការបម្រើ នៃមាណព ព្រះមហាក្សត្រទ្រង់សន្មតឱ្យនាមថាចៅមាយើង។ លុះថ្ងៃពេលទ្រង់ឃ្លានក្រយា ចៅមាយើងក៏ទូលទៅថា មានក្រយាសម្រាប់ព្រះអង្គទ្រង់សោយ។ ក្រោយទ្រង់សោយដោយពេញព្រះទ័យហើយ ទ្រង់ក៏ផ្ទុំលើភ្លៅមាយើង ទ្រង់ថានឹងនិទានរឿងឱ្យចៅមាយើងស្តាប់ ពុំទាន់នឹងនិទានផងព្រះអង្គក៏ផ្ទុំលក់បាត់ទៅ។ ទាំងនេះបង្ហាញពីទំនាក់ទំនងល្អ ចេះយកអាសារ ស្រឡាញ់ពេញចិត្តរវាងអ្នកដឹកនាំគ្រប់គ្រង និងប្រជានុរាស្ត្រខ្លួន។បន្ថែមពីការមានទំនាក់ទំនង មនុស្ស ពិសេសអ្នកដឹកនាំក៏ត្រូវប្រកាន់យកពាក្យសច្ចផងដែរ។ ផ្ទៃរឿងបន្តថា កាលនោះមានទេវតារក្សាដើមជ្រៃ ឮថាស្តេចទ្រង់និទានរឿងឱ្យមាយើងស្តាប់ ក៏បបួលគ្នាមូលមីរលើដើមជ្រៃ លុះយល់ស្តេចនិទ្រាលង់លក់ ទេវក៏ក្រោធខឹងនិងសេ្តចព្រហ្មទត្ត ថាមុសាវាត ពុំកាន់ពាក្យសត្យ។ ក៏គិតគ្នាថា នឹងកាច់មែកជ្រៃទម្លាក់សង្កត់ ស្តេចឱ្យបង់ព្រះជន្មជីវី បើពុំបានពេលនេះទេ ស្តេចយាងទៅដល់បុរី និងកាច់ក្លោងទ្វារសង្កត់ឱ្យក្ស័យ បើឆ្លងផុតទៀត ពេលយប់និងកាឡាជាសត្វពស់ ទៅចឹករហូតដល់ក្រឡាព្រះបន្ទំ។ ឮដូច្នោះចៅមាយើងក៏ដាស់ស្តេច ហើយក៏បាននាំព្រះអង្គឆ្លងផុតដំណាក់កាលទាំងបី ដំណាក់កាលចុងក្រោយនេះ ពេលដែលសម្លាប់ពស់ ឈាមពស់ខ្ទាត់ទៅប្រឡាក់ដល់ព្រះថនាព្រះទេពី។ ចៅមាយើង គិតថា បើដាស់ក្រឡាបន្ទំយល់ពុំគួរ បើយកដៃជូតពុំជា រួចហើយក៏យកខ្មោចពស់ទៅដាក់ក្រោមក្រឡាបន្ទំ ហើយលិឍឈាមដែលប្រឡាក់សុដន់ក្សត្រី។ ព្រះទេពីក៏ភ្ញាក់ឡើង ដាស់ព្រះភូមីហើយបា្រប់ថា ចៅមាយើងយកអណ្តាតមកលិឍដោះរបស់ខ្លួន។ ស្តេចព្រហ្មទត្តស្តាប់ប៉ុណ្ណោះហើយ ក៏ក្រេវក្រោធពេកក្រៃ មិនបានជាគិតវែងឆ្ងាយក៏បញ្ជាឱ្យពេជ្ឈឃាត ចាប់ចៅមាយើងយកទៅប្រហាជីវិតទាំងយប់។ចំណុចខាងលើបង្ហាញច្បាស់ថា ការមិនគោរពពាក្យសន្យានឹងនាំគ្រោះដល់ខ្លួន ហើយក៏បង្ហាញយ៉ាងច្បាស់ថា អ្នកធំប្រៀបដូចជាភ្លើង នៅឆ្ងាយរងា ទៅជិតពេកក្ដៅរលាក។ ប៉ុន្តែពាក្យសច្ចៈនៅតែមានអានុភាពចំពោះអ្នកគោរព ពិសេសអ្នកកាន់ច្បាប់ ដូចសាច់រឿងនេះស្រាប់ថា ដោយមានការរារាំងពីឆ្មាំទ្វារទាំងបួនទិស ព្រោះថា ច្បាប់នគរមិនអាចយកមនុស្សទៅ ប្រហារជីវិតទាំងថ្ងៃមិនទាន់រះបានទេ ឆ្មាំទ្វារនីមួយៗក៏បានពន្យល់ប្រាប់ ហេតុផលជាច្រើនដល់ពេជ្ឈឃាត ដើម្បីឱ្យកុំឱ្យពេជ្ឈឃាតប្រហារជីវិត ចៅមាយើងហើយធ្វើឱ្យស្តេចទ្រង់សោយស្តាយជាក្រោយ។ និយាយពីស្តេចព្រហ្មទត្តវិញ កាលដែលតើនឡើង ហើយពិចារណាលើហេតុផលសព្វគ្រប់ ឃើញថា ចៅមាយើងមានគុណលើព្រះអង្គក្រាស់ក្រៃ ទ្រង់ត្រាស់បញ្ជាឱ្យអាមាត្យរត់ទៅតាមពេជ្ឈឃាតនោះ ហើយក៏បានទៅទាន់ដំណើរពេជ្ឈឃាត នៅទ្វារទិសឧត្តរដែលជាទ្វារចុងក្រោយ ហើយក៏នាំចៅមាហើយត្រឡប់មកវិញ។ ស្តេចព្រហ្មទត្តតា្រស់សួរចៅមាយើង ហើយបានដឹងរឿងរ៉ាវសព្វគ្រប់ទាំងអស់។ ស្តេចព្រហ្មទត្តបានសុំខមាទោសចៅមាយើង ហើយទ្រង់សូមឱ្យចៅមាយើងកុំខឹងនឹងព្រះអង្គ ដោយព្រះអង្គបានប្រទានសក្ដិយស ដល់ចៅមាយើងយ៉ាងសមរម្យ។ ចៅមាយើងបានវិលមករស់នៅ ជាមួយនឹងភរិយាយ៉ាងសុខសាន្ត។តាមសេចក្ដីនៃចំណុចនេះបញ្ជាក់ពីការគោរពពាក្យសច្ចៈ និងការឱ្យតម្លៃលើច្បាប់ ពិតជាបាននាំមកនូវសេចក្ដីសុខយ៉ាងពិតប្រាកដ។ថ្លែងពីនាយសំពៅ កាលដែលបានដូរប្រពន្ធហើយ ហេតុតែនាងប្រពន្ធជាស្រីខាតលក្ខណ៍ មិនជួយធ្វើការរកស៊ីអ្វីសោះ គិតតែពីចាយវាយពេលដែលកូនជុះអាចម៍ ជុះនោមនាង មិនយកទៅលាងទេ នាងតែងតែហែកហូលព្រែថ្មីៗជូតហើយ ក៏បោះចោលគ្មានស្តាយស្រណោះ មាសប្រាក់ធ្លាប់មានក៏ត្រូវរលាយសាបសូន្យអស់ រហូតដល់លក់សំពៅចាយទៀត។ លុះអស់ប្រាក់ពីខ្លួនទាំងពីនាក់ប្តីប្រពន្ធ បានដើរពរកូនសុំទានគេ។ ដើរសុំយូរៗទៅក៏បានទៅដល់ផ្ទះចៅមាយើង នាងភរិយាចៅមាយើងឃើញហើយ ក៏ហៅឱ្យទានដូចសព្វមួយដង ហើយស្គាល់ជាក់ថាជាអតីតប្តីរបស់ខ្លួន ធ្លាប់ជានាយសំពៅ ហេតុម្តេចចុះឥឡូវក៏សុំទានគេទៅវិញ។ ចំណែកបុរសជាអតីតស្វាមីឃើញដូចនោះអៀនខ្មាស ក៏នាំប្រពន្ធកូនគេចទៅឆ្ងាយបាត់ទៅ។ដូចសេចក្ដីនៃរឿងខាងលើបង្ហាញថា ទោះបីជាយើងរកស៊ីមានបានយ៉ាងណាក្ដី ប្រសិនបើយើងមិនចេះថែរក្សា សន្សំសំចៃទេ នោះទ្រព្យសម្បត្តិដែលរកបាននឹងរលាយជាក់ជាមិនខាន៕

 

                          ព្រះពុទ្ធសាសនា បានទូន្មានប្រៀនប្រដៅមនុស្សទូទៅ ឲ្យប្រព្រឹត្តតែអំពើល្អចៀសវាងការប្រព្រឹត្តអំពើអាក្រក់ ។ ជាពិសេសអប់រំចិត្តគំនិតឲ្យល្អបរិសុទ្ធ ស្អាតស្អំមកអនុវត្តជាគោលការណ៍ប្រចាំជីវិតរបស់ខ្លួន និងក្នុងសង្គម ។ ព្រះពុទ្ធសាសនា បានផ្តល់ទស្សនៈសម្រាប់អប់រំចិត្តគំនិតមនុស្ស ឲ្យរួចចាកពីសេចក្តីទុក្ខសោក និងបានសុខសន្តិភាព ពុំមែនជាលទ្ធិត្រូវដុតធូបទៀន ឬបន់ស្រន់សុំសេចក្តីចំរើននោះទេ ។ ចំណេះដឹងក្នុងព្រះពុទ្ធសាសនាមានលក្ខណៈសកល ព្រោះជាពុទ្ធិដែលអធិប្បាយតែពីធម្មភាព (Law) សម្រាប់ទ្រទ្រង់សង្គមមនុស្ស និងធម្មជាតិ ជាពុទ្ធិស្ថិតលើវិចារណៈ លើតថភាពនៃការកើតស្លាប់របស់ធម្មជាតិដោយផ្នែក លើហេតុផលជាក់ស្តែង ។ ពាក្យថា ធម៌ក្នុងព្រះពុទ្ធសាសនា គឺពុំមែនអ្វីក្រៅពីវិជ្ជាប្រាប់ការពិត វិជ្ជាផ្តល់សច្ចៈ ជាធម៌ទូទៅ សម្រាប់អនុវត្តក្នុងដំណោះស្រាយបញ្ហាសង្គម និងសម្រាប់ទ្រទ្រង់លោក ។

ព្រះពុទ្ធសាសនា បានផ្តល់សេចក្តីសុខបរិបូណ៍ដល់សង្គមមនុស្ស ។ ព្រះពុទ្ធពុំមែនស្វែងរកសេចក្តីសុខ ឲ្យមនុស្ស សម្រាប់តែអនាគតជាតិទេ គោលចំបងនិងដំបូងរបស់ព្រះអង្គ គឺជួយមនុស្សនិងសង្គមមនុស្ស ឲ្យសុខក្នុងជាតិនេះ និងរបប់រំមនុស្ស ឲ្យចេះរស់ និងចេះប្រើវេលាក្នុងបច្ចុប្បន្នជានិច្ច ។ អតីតកាលកន្លងផុតទៅហើយ អនាគតពុំទាន់ឈានមកដល់ ។ ដូច្នេះ មនុស្សយើង ពុំអាចចាប់យកអតីត និងអនាគតបានទេ ។ អ្វីៗទាំងអស់ ស្ថិតនៅបច្ចុប្បន្នជានិច្ច ។

                    ព្រះពុទ្ឋសាសនា  អប់រំមនុស្សថាខ្លួនទីពឹងខ្លួនមានន័យថា មានតែខ្លួនឯងទេដែលអាចជួយខ្លួនឯងបាន ។

 សេចក្តីបរិសុទ្ធនិងមិនបរិសុទ្ធ សេចក្តីចម្រើននិងមិនចម្រើនស្រេចតែខ្លួនឯង គ្មានអ្នកណាសាងឲ្យខ្លួន ឬទទួលជំនួសខ្លួនបានឡើយ ។ អំពើបរិសុទ្ធ តែងនាំមកនូវសេចក្តីចំរុងចម្រើនសុខសប្បាយ ដូច្នេះ ដើម្បីបានសេចក្តីសុខសប្បាយរីករាយមានជ័យជំនះ និងសុភមង្គល បុគ្គលម្នាក់ៗ គប្បីខិតខំធ្វើអំពើល្អ ឲ្យបានច្រើន ព្រោះអំពើល្អ បានផ្តល់ឲ្យមនុស្សក្នុងសង្គមនូវភាពថ្លៃថ្នូរ ខ្ពង់ខ្ពស់ និងសេចក្តីសុខចំរើនគ្រប់ពេលវេលា ទាំងបច្ចុប្បន្ននិងអនាគត ។ ព្រះធម៌ដែលព្រះពុទ្ធបានសម្តែង គឺសង្កត់ធ្ងន់លើសច្ចធម៌ ដឹងពិត ឃើញពិត តាមសភាវៈពិត ។ ព្រះពុទ្ធប្រដៅមនុស្សឲ្យស្គាល់ផ្លូវល្អ គួរប្រព្រឹត្ត ជាផ្លូវនាំអ្នកបដិបត្តិគ្រប់វ័យ ឲ្យល្អ ឲ្យចម្រើនលូតលាស់ និងនាំមកនូវសន្តិភាព ។ ព្រះពុទ្ធជាសង្គមវិទូមួយរូប ទ្រង់ឃើញសេចក្តីទុក្ខក្នុងសង្គមមនុស្ស ទើបទ្រង់ ឧទ្ទិសកម្លាំងព្រះកាយ កម្លាំងព្រះទ័យ ដើម្បីសង្គម ដោយលះបង់នូវសេចក្តីសុខគ្រប់បែបយ៉ាង ដើម្បីជួយដោះស្រាយបញ្ហាសង្គមមនុស្ស ។

​​​                      ដោយឡែកសំរាប់សង្គមខ្មែរយើងវិញ ព្រះពុទ្ធសាសនា បានបង្កើតឲ្យមានជំនឿបរិសុទ្ធ ទៅលើអំពើល្អ សេចក្តីពិតត្រង់ និងអំពើសុចរិតយុត្តិធម៌ ។ ទាំងអស់នេះហើយ ដែលជាកត្តាដ៏ចាំបាច់មួយ ក្នុងការរុញច្រានឲ្យសង្គមខ្មែរ មនុស្សខ្មែរ ឲ្យមានគុណធម៌ មនុស្សធម៌ និងខិតខំកសាងសន្សំអំពើល្អគ្រប់ៗគ្នា ដើម្បីសេចក្តីសុខសន្តិភាព និងសេចក្តីចម្រើន ។ មិនតែ ប៉ុណ្ណោះ ព្រះពុទ្ធសាសនា  ថែមទាំងជួយថែរក្សាសម្បត្តិវប្បធម៌ ប្រពៃណីខ្មែរ និងដោះស្រាយបញ្ហាគ្រប់បែបយ៉ាង ដោយសន្តិវិធី និងអហីង្សា ។ ព្រះពុទ្ធសាសនា  បានអប់រំជនជាតិខ្មែរយើង ឲ្យមានការតស៊ូរើបំរះ មានស្មារតីវាងវៃ សកម្ម មានសតិសម្បជញ្ញៈ មានវិចារណញ្ញាណ សុចរិត យុត្តិធម៌ ជំនឿលើសមត្ថភាព និងថាមពលខ្លួន និងចេះជួយគ្នាទៅវិញទៅមក ។

                    ព្រះពុទ្ធសាសនា ជាគ្រឹះវឌ្ឍនភាព និងសុភមង្គលសង្គម ដោយផ្តល់នូវការរអប់រំដល់មនុស្ស និងសង្គមមនុស្សឲ្យប្រព្រឹត្តតែអំពើល្អ ដូចជា ចិត្តអព្យាបាទ ចិត្តអហឹង្សា ចិត្តឥតគំនុំ ចិត្តមិនលោភលន់ ចិត្តយោគយល់ ចិត្តសន្តោសប្រណី ចិត្តសង្គ្រោះអ្នកដទៃ ចិត្តសប្បុរស ចិត្តមានសីល ចិត្តបរិច្ចាគ ចិត្តទៀងត្រង់ ចិត្តតបៈ ចិត្តមិនបៀតបៀនអ្នកដទៃ ចិត្តអត់ធ្មត់ ចិត្តមិនបំពានលើធម៌ ឬច្បាប់...។ បើមនុស្សទាំងអស់ ក្នុងសង្គម និងក្នុងលោក ប្រព្រឹត្តតែអំពើទាំងនេះ សេចក្តីសុខ និង សុភមង្គលពិតជាកើតមានដល់សង្គមមនុស្ស និងពិភពលោកជាពុំខាន។

 

 

 

រៀបរៀដោយ

- និស្សិត ថុល អ៊ុន បានបញ្ចប់បរិញ្ញាបត្រ ផ្នែក អក្សរសាស្រ្តខ្មែរ នៅសាកលវិទ្យាល័យព្រះសីហនុរាជ

-បានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែក  ព័ត៌មានវិទ្យា នៅសាកលវិទ្យាល័យ បៀលបា្រយ

អាស័យដ្ឋាន៖ ភូមិ ស្យាអំពិល ឃុំ បារាយណ៍ ស្រុកស្រីសន្ធរ ខេត្ត កំពង់ចាម។

ឯកសារ​យោង

ធម្មបាល ខៀវ ជុំ សៀវភៅ (សកលចិន្រ្តា)

ឧត្តមប្រីជា​ ចាប ពិន សៀវភៅ (ប្រយោជន៍៣យ៉ាង)

សាស្រ្តាចារ្យ មហាគរុកោសល បា្រក់ ព្រុំ (ពុទ្ធសាសនា និង បញ្ហាសង្គម)

ឈន អៀម សៀវភៅ (ទស្សនវិជ្ជាសេដ្ឋកិច្ចពុទ្ធសាសនា)

លោក សាន សុជា  សៀវភៅ​ (ប្រយោជន៍បីប្រការ)

(មេរៀនឃរាសវាសធម៌ ប្រយោជន៍ ៣ យ៉ាង -បិដកអដ្ឋកថាលេខ ៤៨ សន្ធានវគ្គ ទំព័រ ២៥១-២៥៩)

 

 

 

 

 

 

baddha%20kh
rotator%20BB%20C
banner%20kh

head-img99

khmer+culture

logo%20kh
904x160-22-slow

khmer-traditional-game

cropped-headerbg16

chouk-banner-new-blog
Comment Using!!

No comments:

Post a Comment

Home