រីឯរឿងទុំទាវជាវណ្មកម្មអក្សរសិល្ប៍របស់ព្រះភិក្ខុសោមក៏មានខ្លឹមសារទាក់ទងនឹងសេចក្ដីព្យាយាមដែរ ទុំបួសរៀនតាំងពីក្មេងនៅវត្តវិហារធំខិតខំរៀនសូត្រវិជ្ជាអប់រំយ៉ាងជ្រៅជ្រះ។ ក្រៅពីសិក្សាលេខអក្សរទុំរៀនស្មូតរហូតស្ទាត់ជំនាញទទួលបានងារជាម៉ឺនឯកដែលព្រះរាជាសព្វព្រះទ័យ។ បើសិនគ្មានម្ដាយទាវរារាំងបំផ្លាញសុភមង្គលទេ នោះទុំប្រាកដជារស់នៅប្រកបដោយសេចក្ដីសុខរុងរឿងមិនខាន។ ចំពោះអក្សរសិល្ប៍បុរាណរឿងព្រះមហាវេស្សន្ដរព្រះពោធិសត្វតួអង្គព្រះវេស្សន្ដរ មានបំណងប្រាថ្នាម្យ៉ាងគឺចង់ត្រាស់ដឹងជាព្រះពុទ្ធដើម្បីស្រោចស្រង់មនុស្សលោកទូទៅឱ្យចាកផុតពីសេចក្ដីទុក្ខឆ្ពោះទៅកាន់ព្រះនិព្វាន។ ព្រះអង្គត្រូវសន្សំបារមីដោយការបរិច្ចាគទានប្រាំយ៉ាងមានធនបរិច្ចាគ អង្គបរិច្ចាគ ជីវិតបរិច្ចាគ បុត្របរិច្ចាគ និងភរិយាបរិច្ចាគ។ ក្នុងចំណោមមហាបរិច្ចាគទានទាំងនេះពុំមែនងាយស្រួលក្នុងការបំពេញនោះទេត្រូវប្រឈមមុខបញ្ហាទំនាស់ជាច្រើន។ ដូចពេលព្រះអង្គបរិច្ចាគដំរីបញ្ច័យនាគឱ្យទៅអ្នកស្រុកកលិង្ករាស្ដ្រធ្វើឱ្យស្រុកស្រីពិរាស្ដ្រខឹងព្រះអង្គរហូតបណ្ដេញព្រះអង្គចេញពីនគរ។ ព្រះវេស្សន្ដរធ្វើតាមប្រជារាស្ដ្រឥតមានសោកស្ដាយរាជសម្បត្តិហើយទ្រង់ធ្វើដំណើរទៅកាន់ភ្នំគិរីវង្គតសុខចិត្តលំបាកគ្រប់បែបយ៉ាងឥតមានត្អូញត្អែរទាល់តែរាស្ដ្រឈប់ក្ដៅក្រហាយរសាយចិត្តយាងព្រះអង្គមកសោយរាជវិញហើយមហាបរិច្ចាគទាំងប៉ុន្មានបានហុចផលឱ្យព្រះអង្គបានត្រាស់ខ្លាចជាព្រះសម្មាសម្ពុទ្ធដូចក្ដីប្រាថ្នា។ បើនិយាយពីរឿងតេមិយជាតកអង្គព្រះពោធិសត្វព្រះតេមិយប្រសូត្រមកមានគោលបំណងតែមួយគត់គឺ សាកនូវនេក្ខម្មបារមីជៀសឱ្យឆ្ងាយពីបាបកម្មកាប់សម្លាប់។ បន្ទាប់ពីឮព្រះបិតាកាត់ទោសចោរទាំងបួនធ្ងន់ធ្ងរពេកព្រះពោធិសត្វហាក់ភ័យខ្លាចពេលព្រះអង្គចម្រើនវ័យត្រូវសោយរាជធ្វើជាស្ដេចកាត់ទោសសម្លាប់ចោលដូចបិតា។ ព្រះអង្គក៏ធ្វើខ្វិនខ្វង់គរថ្លង់រហូតដប់ប្រាំឆ្នាំ។ មួយឆ្នាំម្ដងព្រះបិតាឱ្យគេធ្វើពិសោធន៍ក្រែងព្រះពោធិសត្វលែងពិការហើយអាចគ្រោងរាជតែព្រះតេមិយឥតកម្រើកកាយវិការឥតស្រេកឃ្លាន់អ្វីទាំងអស់។ បិតាក៏ឱ្យនាយសារថីយករាជកុមារទៅកប់ក្រៅរាជវាំងលុះផុតអំណាចពីព្រះបិតាទ្រង់ក៏តើនឡើងឈប់ខ្វិនខ្វង់គរថ្លង់ហើយក៏ទៅសាងផ្នួសសម្រេចនេក្ខម្មបារមីនាពេលនោះ។ ជាចុងក្រោយអក្សរសិល្ប៍ប្រជាប្រិយរឿងប្ដីប្រពន្ធបាចទឹកសមុទ្រតួអង្គប្ដីប្រពន្ធពីរនាក់បាននាំគ្នាបាចទឹកសមុទ្រយកមាសពេជ្រកែវកងតាមសុបិនរបស់ខ្លួន។ ទាំងប្ដីនិងប្រពន្ធខិតខំបាចទឹកបន្ដិចម្ដងៗ ទាល់តែទឹកសមុទ្រជិតរីងផ្អើលដល់ហ្វូងមច្ឆាទាំងឡាយភិតភ័យក៏នាំគ្នាឃាត់ប្ដីប្រពន្ធទាំងពីរហើយពាំមាសពេជ្រកែវកងមកឱ្យយ៉ាងសន្ធឹកសន្ធាប់ដល់ប្ដីប្រពន្ធនោះយកទៅសោយសុខអស់មួយជីវិត។
សរុបសេចក្ដីមកការព្យាយាមគឺគង់បានសម្រេចប្រាកដមែន។ កិច្ចការអ្វីក៏ដោយតែងមានឧបសគ្គឱ្យតែមនុស្សខិតខំពុះពារមុខជាបានជោគជ័យព្រោះអ្វីដែលមនុស្សសម្រេចបានរមែងផ្ដើមចេញពីការអត់ធ្មត់ប្រើទាំងកម្លាំងកាយប្រាជ្ញាស្មារតីពេលវេលារហូតទទួលបានលទ្ធផលគាប់ចិត្តដូចបំណងប៉ងប្រាថ្នា។
ឆ្លងតាមការបកស្រាយបំភ្លឺខាងលើយើងអាចសន្និដ្ឋានមតិប្រធានដែលលើកឡើងពិតជាមានអត្ថន័យជ្រាលជ្រៅក្រៃលែងមិនតែប៉ុណ្ដោះបង្កប់ន័យអប់រំខ្ពង់ខ្ពស់ទៀតផង។ ជីវិតមនុស្សគ្រប់គ្នាតែងចង់បានភាពជោគជ័យហើយគ្មានជោគជ័យឯណាបានមកដោយគ្មានការព្យាយាមនោះឡើយ។ ដូចនេះហើយមនុស្សទាំងឡាយបើចង់បានជីវិតមួយល្អប្រសើរត្រូវតស៊ូពុះពារគ្រប់ឧបសគ្គកុំបោះបង់ក្តីសង្ឃឹមឱ្យសោះនោះខ្សែជីវិតនឹងជួបប្រទះសុភមង្គលត្រកុំត្រកាលជាមិនខាន៕អត្ថបទដោយ៖ លី សុផល
No comments:
Post a Comment