ព្រះធម៌ ៨៤,០០០ ព្រះធម្មក្ខន្ធ ពុំមានខន្ធណាមួយ ក្រៅពី អរិយសច្ចបួននោះទេ។ អ្នកបដិបត្តិធម៌ដើម្បីរំដោះទុក្ខបានដល់មគ្គផល និព្វាន ក៏ត្រូវអាស្រ័យដោយអរិយសច្ចទាំងបួននោះ ពីព្រោះព្រះពុទ្ធគ្រប់ព្រះអង្គ ត្រាស់ដឹងអរិយសច្ចនេះដូចៗគ្នា ពុំមានលើស ឬ ខ្វះធម្មក្ខន្ធណាមួយឡើយ។ បឋមទេសនាដែលព្រះពុទ្ធប្រោសបញ្ចវគ្គី គឺព្រះពុទ្ធទេសនាអំពីអរិយសច្ចនេះឯង គឺជីវិតជាទុក្ខ (កើត ចាស់ ឈឺស្លាប់) ហេតុដែលនាំឱ្យកើតទុក្ខ (អវិជ្ជាបញ្ញាថ្នាក់ពិសោធន៍ សេចក្ដីប្រាថ្នាមិនមានទីបំផុត សេចក្ដីប្រកាន់ហួងហែង) និរោធ (កំណត់ដឹងថាសេចក្ដីទុក្ខនោះអាចរំលត់បាន) និង មគ្គ (ផ្លូវរំលត់ទុក្ខ)។ ដោយហេតុនេះហើយ ទើបគ្រប់ធម្មទេសនារបស់ព្រះពុទ្ធទាំងអស់ ត្រូវបញ្ចប់ដោយអរិយសច្ចនេះដដែល។ ឧទាហណ៍ ក្នុងបុញ្ញកិរិយាវត្ថុបី ទាន សីល ភាវនា តើទាន សីល ភាវនាកើតមានព្រោះអ្វី? ចម្លើយគឺ ទាន សីល ភាវនា កើតមានព្រោះសត្វលោកមានសេចក្ដីទុក្ខប្រចាំជីវិត។ ជីវិតរបស់មនុស្សតែងមានជីវភាពខ្វះខាត ក្រីក្រ លំបាកតោកយ៉ាក ភាពក្រចូលទៅបំផ្លាញសេចក្ដីសុខសុភមង្គល បញ្ចេញផលគឺសេចក្ដីជំនួសវិញ ដើម្បីបន្ថយនូវសេចក្ដីទុក្ខនោះឲ្យស្រាលឡើង អ្នកសប្បុរសទាំងឡាយក៏ធ្វើទានសង្រ្គោះដល់អ្នកក្រ។ ប៉ុន្តែបន្ទាប់ពីមានជីវភាពគ្រប់គ្រាន់ហើយ មនុស្សមានសេចក្ដីទុក្ខថ្មីទៀត គឺការបៀតបៀន ឈ្នានីសព្យាបាទ ចងគុំនំ ដូច្នេះធម្មទេសនាត្រូវសំដែងអំពីសីល ដើម្បីឱ្យមនុស្សមានមេត្តា ករុណាដល់គ្នានិងគ្នា។ បន្ទាប់ពីមនុស្សមានសេចក្ដីសុខពីការ រក្សាសីលហើយ មនុស្សត្រូវកើតទុក្ខជាថ្មីទៀត គឹសេចក្ដីសុខដែលកើតពីការរក្សាសីលនោះ ជាសេចក្ដីសុខនៅប្រែប្រួល ឃ្លីងឃ្លោង ងាយរបូតរបេះ ដូចដំណក់ទឹកលើស្លឹកឈូកត្រូវខ្យល់បក់។ សេចក្ដីសុខណានៅប្រែប្រួល វាជាសេចក្ដីទុក្ខល្អិតដោយន័យ ដូច្នេះធម្មទេសនា ត្រូវសំដែងពីការចម្រើនភាវនា លើធម៌មិនទៀង ជាទុក្ខ មិនមែនជារបស់ខ្លួន បញ្ជាតាមការចង់ មិនបាន រួចហើយសំឡឹងមើលការប្រែប្រួលនោះយ៉ាងស្ងៀមស្ងាត់ ចុងបញ្ចប់ព្រមទទួលយកការពិតគ្រប់យ៉ាង តាមហេតុបច្ច័យនៃធម៌។ ដួច្នេះធម៌ណាក៏ដោយ ក៏នៅក្នុងក្របខ័ណ្ឌអរិយសច្ចដែរ។ សូមឲ្យអ្នកទាំងឡាយ អាចធន់ទ្រាំ ជាមួយសេចក្ដីទុក្ខសព្វកាល រហូតរួចរំដោះពីសេចក្ដីទុក្ខទាំងស្រុងនាពេលអនាគត។
No comments:
Post a Comment