អានព្រះត្រៃបិដក ៦៨ សោឡសមាណវកប្បញ្ហានិទ្ទេស
១០៥, ប្រសិនបើបុគ្គល បានដឹងអត្ថៈ បានដឹងធម៌ នៃប្រស្នាមួយៗ ហើយប្រតិបត្តិនូវធម៌ដ៏សមគួរដល់ធម៌ បុគ្គលនោះនឹងទៅកាន់ត្រើយនៃជរានិងមរណៈពុំខាន ព្រោះថាធម៌ទាំងនេះ ជាធម៌គួរនាំសត្វទៅកាន់ត្រើយ គឺព្រះនិព្វាន ហេតុនោះពាក្យថាបារាយន: ជាឈ្មោះនៃធម្មជាតិបរិយាយនេះ។
១១៣, អាជីត១ តិស្សមេត្តេយ្យ១ បុណ្ក:១ មេត្តគូ១ ធោតក:១ ឧបសីវ:១ នន្ទ:១ ហេមក:១ ជនទាំង២នាក់គឺ តោទេយ្យ:១ កប្ប:១ និង ជតុកណ្ណីបណ្ឌិត១ ភទ្រាវុធ១ ឧទយ:១ បោសាលព្រាហ្មណ៍១ មោឃរាជ ជាអ្នកប្រាជ្ញ១ បិង្គិយ: ជាអ្នកស្វែងរកគុណធំ១ ព្រាហ្មណ៍ទាំង ១៦ នាក់នោះ ចូលមកគាល់ព្រះពុទ្ធជាឥសី ទ្រង់មានចរណៈបរិបូណ៌ បានចូលមកគាល់សួរប្រស្នាដ៏ល្អិត ចំពោះ ព្រះពុទ្ធប្រសើរ ។
១១៨, ព្រះពុទ្ធ ដែលព្រាហ្មណ៍ទាំងនោះសួរប្រាថ្នាហើយ ក៏ទ្រង់ព្យាករណ៍ហើយ តាមសេចក្តីពិត ព្រះមុនិ បានទ្រង់ញ៉ាំងពួកព្រាហ្មណ៍ឲ្យត្រេកអរ ដោយការព្យាករណ៍ប្រស្នាទាំងឡាយ ។
១២៣, ជនទាំងឡាយនោះ ដែលព្រះពុទ្ធទ្រង់ជាផៅពង្ស នៃព្រះអាទិត្យ មានចក្ខុ បានឲ្យត្រេកអរហើយ ក៏បានប្រព្រឹត្តព្រហ្មចារិយ: ក្នុងសំណាក់ព្រះសាស្ដា មានបញ្ញាប្រសើរ ។
១២៨, សេចក្តីនៃប្រស្នាមួយៗ ដែលព្រះពុទ្ធសម្ដែងហើយយ៉ាងណា បើបុគ្គលណាប្រតិបត្តិតាមយ៉ាងនោះ បុគ្គលនោះនឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយបាន។
១៣៣, បុគ្គលកាលចម្រើនមគ្គដ៏ឧត្តម នឹងចេញអំពីទីមិនមែនត្រើយ ទៅកាន់ត្រើយបាន អ្នកនោះតែងប្រព្រឹត្តទៅ ដើម្បីទៅកាន់ត្រើយ ហេតុនោះ មគ្គលោកពោលថា បារាយន: ដោយប្រការដូច្នេះ ។
១៣៨, បិង្គិយ:មានអាយុ ពោលដូច្នេះថា ខ្ញុំនឹងច្រៀងតាមបារាយន: ព្រះមានព្រះភាគព្រះអង្គមានមន្ទិល គឺកិលេសទៅប្រាស់ហើយ មានប្រាជ្ញាដូចផែនដី មានកាមចេញហើយ មានព្រៃចេញហើយ ជាព្រះពុទ្ធនាគ ទ្រង់ឃើញហើយយ៉ាងណា ទ្រង់ពោលយ៉ាងនោះ ទ្រង់គប្បីពោលមុសា ព្រោះហេតុដូចម្ដេចកើត ។
១៤៥, បើដូច្នោះ ខ្ញុំនឹងសម្ដែងពាក្យ ដ៏ប្រកបដោយគុណរបស់ព្រះមានព្រះភាគ ព្រោះព្រះអង្គ លះបង់មន្ទិលនិងមោហៈហើយ លះបង់មានះនឹងមក្ខ:ហើយ។
១៤៨, ព្រះពុទ្ធទ្រង់បន្ទោរបង់ងងឹត មានសមន្តចក្ខុ ទ្រង់ដល់ទីបំផុតលោក ប្រព្រឹត្តកន្លងហើយនូវភពទាំងពួង មិនមានអាសវៈ ទ្រង់លះបង់ទុកទាំងពួងហើយ មានព្រះនាមដ៏ទៀងទាត់ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគប្រសើររួចហើយ។
១៥៣, ព្រះបិង្គិយត្ថេរពោលថា ទិជសត្វ លះបង់ព្រៃតូចមានផ្លែតិច មកនៅអាស្រ័យនិងព្រៃធំមានផ្លែច្រើនដូចម្ដេចមិញ ខ្ញុំលះបង់បុគ្គលទាំងឡាយ ដែលមានការឃើញតិច មកចូលប្រសប់និងព្រះពុទ្ធទ្រង់មានប្រាជ្ញាច្រើន ដូចហង្សចូលប្រសប់នៅស្រេះ ដែលមានទឹកច្រើន ដូច្នោះឯង ។
១៥៦, ជនទាំងឡាយណា ក្នុងកាលមុនអំពីសាសនានៃព្រះគោតម ជនទាំងឡាយនោះ បានព្យាករណ៍ហើយថា ហេតុមានមកហើយដូច្នេះៗ នឹងមានតទៅដូច្នេះៗ ពាក្យទាំងអស់នោះមិនទាន់ប្រាកដទេ ជាពាក្យជឿស្ដាប់បុគ្គលដទៃ ពាក្យទាំងអស់នោះជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចម្រើន ខ្ញុំមិនពេញចិត្តនឹងពាក្យនោះឡើយ។
១៦២, ព្រះគោត្តមនោះតែមួយអង្គឯង ទ្រង់បន្ទោរបង់ងងឹត គង់នៅជាសុខទ្រង់ មានរស្មីរុងរឿង ទ្រង់ធ្វើពន្លឺដល់លោក ព្រះគោតម មានប្រាជ្ញាជាគ្រឿងប្រាកដ ព្រះគោត្តម មានប្រាជ្ញាដូចផែនដី ។
បុរសដែលមានតណ្ហាជាគម្រប់ពីរ រមែងអន្ទោលទៅកាន់ភពនៃប្រការនេះ និភាពនៃប្រការដ៏ទៃ អស់កាលដ៏វែង មិនកន្លងនូវសង្សារបាន ភិក្ខុមានស្មារតី មិនមានសេចក្តីប្រកាន់ ប្រាសចាកតណ្ហា ដឹងទោសនេះហើយ តែងជៀសវាងនូវការកើតនៃទុក្ខ ព្រោះតណ្ហា ។
ព្រះពុទ្ធទ្រង់ឃើញនូវទីបំផុត នៃធម៌ជាទីអស់ជាតិ ទ្រង់អនុគ្រោះនូវប្រយោជន៍ ទ្រង់ជ្រាបច្បាស់នូវផ្លូវ ជាទីទៅនៃបុគ្គលម្នាក់ឯង ចំណែកអ្នកប្រាជ្ញទាំងឡាយ ឆ្លងហើយក្នុងអតីត និងឆ្លងក្នុងអនាគត កំពុងឆ្លងក្នុងបច្ចុប្បន្ន នូវឱឃៈតាមផ្លូវនេះ ។
រថមានទង់ជាគឿងប្រាកដ ភ្លើងមានផ្សែងជាគ្រឿងប្រាកដ ដែនមានស្ដេចជាគ្រឿងប្រាកដ ស្ត្រីមានភស្ដាជាគ្រឿងប្រាកដ ។
១៦៧, ព្រះគោត្តមអង្គណា ទ្រង់សម្ដែងធម៌ហើយ ដល់ខ្ញុំជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ ។
១៧២, ពាវរីព្រាហ្មណ៍សួរថា បពិត្រព្រះបិង្គិយ: ចុះលោកម្ចាស់ ធ្លាប់ឃ្លាតអំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ អំពីព្រះគោត្តម មានប្រាជ្ញាដូចផែនដីនោះ សូម្បីមួយរំពេចដែរឬ ។
១៧៧, ព្រះគោត្តមអង្គណា ទ្រង់សម្ដែងធម៌ដល់លោកម្ចាស់ ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃដែល ជាធម៌មិនមានឧបមា ក្នុងទីណា ។
១៨២, ព្រះបិង្គិយត្ថេរពោលថា បពិតព្រាហ្មណ៍ អាត្មាមិនធ្លាប់ឃ្លាតអំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដអំពីព្រះគោត្តម មានប្រាជ្ញាដូចផែនដីនោះ សូម្បីមួយរំពេចទេ។
១៨៧, ព្រះគោតមអង្គណា ទ្រង់សម្ដែងធម៌ ដល់អាត្មា ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ។
១៩២, បពិត្រព្រាហ្មណ៍ អាត្មាជាអ្នកមិនប្រហែស តែងឃើញព្រះពុទ្ធនោះដោយចិត្ត ហាក់ដូចឃើញដោយភ្នែក ទាំងយប់ទាំងថ្ងៃ អាត្មាតែងនមស្ការ នៅរហូតយប់នឹងថ្ងៃ ទើបអាត្មាសម្គាល់ថា ការមិនឃ្លាតដោយហេតុនោះឯង។
១៩៧, ធម៌ទាំង ៤បួននេះ គឺសទ្ធា បីតិ មនោ និងសតិ របស់អាត្មាតែងមិនភ្លេចចាកសាសនា របស់ព្រះគោត្តមឡើយ ព្រះគោត្តមទ្រង់មានប្រាជ្ញាដូចផែនដី ស្ដេចទៅកាន់ទិសណាៗ អាត្មានោះ ក៏ជាអ្នកឱនទៅរកទិសនោះៗ ។
២០២, អាត្មាជាបុគ្គលគ្រាំគ្រា មានកម្លាំងថយហើយ ហេតុនោះ កាយទៅក្នុងទិសនោះមិនបានទេ តែអាត្មាទៅដោយដំណើរនៃការត្រិះរិះ អស់កាលជានិច្ច បពិត្រព្រាហ្មណ៍ ព្រោះថា ចិត្តរបស់អាត្មា ប្រកបតាមទិសនោះ ។
២០៧, អាត្មាដេកក្នុងភក់ បម្រះននៀល ស្ទុះចេញអំពីទីពឹង ទៅរកទីពឹង គ្រានោះ អាត្មាបានឃើញព្រះសម្ពុទ្ធ ទ្រង់ឆ្លងអន្លង់ហើយ ទ្រង់មិនមានអាសវៈទេ។
២១២, ព្រះមានព្រះភាគត្រាស់ថា វក្កលិ ភទ្រាវុធនិងអាឡវិគោតម សុទ្ធតែជាអ្នកមានសទ្ធាបញ្ចេញហើយយ៉ាងណា សូម្បីអ្នកក៏ចូលបញ្ចេញនូវសទ្ធាយ៉ាងនោះចុះ ម្នាលបិង្គិយ: អ្នកនឹងដល់នូវត្រើយ នៃលំនៅរបស់មច្ចុ ។
២១៦, ព្រះបិង្គិយត្ថេរទូលថា ខ្ញុំព្រះអង្គនេះជ្រះថ្លាក្រៃពេក ព្រោះបានស្ដាប់ព្រះបន្ទូលនៃព្រះអង្គជាព្រះមុនិ ព្រះអង្គទ្រង់មានគ្រឿងបិទ បើកហើយ ព្រះអង្គមិនមានគ្រឿងរឹងរូស ទ្រង់មានបដិភាណ ។
២២១, ព្រះសាស្ដាទ្រង់ជ្រាបច្បាស់ នូវអធិទេវតាទាំងឡាយ ទ្រង់ជ្រាបនូវធម្មជាតិទាំងអស់ ដែលថោកទាបនិងប្រសើរ ទ្រង់ធ្វើទីបំផុតនៃប្រស្នាទាំងឡាយ ដោយពួកជន អ្នកសង្ស័យដែលប្ដេជ្ញាថា អស់សង្ស័យ ។
២២៦, ទីណាដែលកិលេសនាំទៅមិនបាន ដែលមិនកម្រើក មួយទៀត ទីណាដែលមិនមានឧបមា ដូចឋានណាមួយ ខ្ញុំនឹងទៅកាន់ទីនោះដោយពិត ខ្ញុំមិនមានសេចក្តីងឿងឆ្ងល់ក្នុងទីនោះទេ សូមព្រះអង្គចាំទុក នូវខ្ញុំព្រះអង្គថាជាអ្នកមានចិត្តចុះស៊ុបហើយ យ៉ាងនេះចុះ។
****************************************
អានព្រះត្រៃបីដក ៦៧&៦៨ (ពួកព្រាហ្មណ៍ទាំង១៦) សម្រាប់បុគ្គល សម្រាប់អរិយបុគ្គល ប្រាថ្នាព្រះនិព្វាន
អាជីត១ តិស្សមេត្តេយ្យ១ បុណ្ណកៈ១ មេត្តគូ១ ធោតក:១ ឧបសីវ:១ នន្ទ:១ ហេមក:១ ជនទាំង២នាក់គឺ តោទេយ្យ:១ កប្ប:១ និង ជតុកណ្ណីបណ្ឌិត១ ភទ្រាវុធ១ ឧទយ:១ បោសាលព្រាហ្មណ៍១ មោឃរាជ ជាអ្នកប្រាជ្ញ១ បិង្គិយ: ជាអ្នកស្វែងរកគុណធំ១ ព្រាហ្មណ៍ទាំង ១៦ នាក់នោះ ចូលមកគាល់ព្រះពុទ្ធជាឥសី ទ្រង់មានចរណៈបរិបូណ៌ បានចូលមកគាល់សួរប្រស្នាដ៏ល្អិត ចំពោះ ព្រះពុទ្ធប្រសើរ ។
No comments:
Post a Comment