លួងចិត្តខ្លួនឯង
អត្ថបទទី៨, ខ្ញុំព្យាយាមកាត់ឲ្យខ្លីមែនទែន តែវាចេះវែងៗទៅ ព្រោះចេះតែស្តាយគំនិតក្នុងសៀវភៅនេះជាពន់ពេក ។ ទោះជាយ៉ាងណា ក៏ការលើកយកមកនិយាយផ្សាយនេះ នៅតែមិនអស់សេចក្តីពីក្នុងសៀវភៅនេះ ព្រោះយើងប្រើវិធីថា សង្ខេបគំនិត ទើបលើកតែសំខាន់ និងខ្លីៗ ។ សូមអធ្យាស្រ័យសាធុជនផងដែរ បើមានការខុសឆ្គងដោយប្រការណាមួយ ។ ខ្ញុំសូមអះអាងម្តងទៀតថា ចំពោះទ្រឹស្តីក្នុងសៀវភៅនេះ កន្លែងខ្លះយើងអាចបដិសេធដោយគំនិតផ្ទាល់ខ្លួន តែក្នុងទីនេះ ខ្ញុំស្របទាំងអស់ ព្រោះជាការសង្ខេបគំនិត មិនមែនជាការវិភាគគំនិត ។ ឥឡូវយើងសិក្សាកម្សាន្តទាំងអស់គ្នាដូចខាងក្រោម៖
១៨- លួងចិត្តខ្លួនឯង
មនុស្សយើងតែងមានវិបត្តិ ហើយវិបត្តិនោះក៏ផ្សេងៗគ្នាទៅទៀត ។ ហើយតែងត្រូវការ អ្នកយល់ចិត្ត បើគ្មានអ្នកលួង ត្រូវចេះលួងខ្លួនឯង ។ ពេលខ្លះ ខ្លួនឯងលួងខ្លួនឯង ប្រសើរជាងអ្នកដទៃលួង ព្រោះខ្លួនយើង យល់ថាចង់បានអ្វីឲ្យពិតប្រាកដ បើអ្នកដទៃមកលួង មិនស្រួល លួងមិនត្រូវបែរបង្កើតវិបត្តិថែមទៀតក៏ថាបាន ។ សត្វកណ្តុរ បន្ទាប់ពីអស់ទ្រព្យសម្បត្តិ ដោយសារបរិព្វាជក ដណ្តើមទ្រព្យអស់ និងបានយកបន្ទះឫស្សីមកវាយលើខ្លួនថែមទៀត ពេលនោះ កណ្តុរគ្មានអំណាចដណ្តើមទ្រព្យមកវិញទេ ហើយបានលើកជាស្លោកលើកទឹកចិត្តខ្លួនថា “បុគ្គលមានចិត្តជាប់ដោយទ្រព្យ មិនមានចិត្តរីករាយ មានចិត្តមិនលុះក្នុងអំណាចខ្លួន និងមានខ្លួនមិនបានទូន្មាន, សេចក្តីអន្តរាយទាំងអស់ តែងគ្របសង្កត់ចិត្តនៃជនណាមួយដែលមិនសន្តោស” ។ ម្យ៉ាងទៀត “ពិតមែន, ភាពជាបណ្ឌិតគឺការដឹងកំណត់ប្រមាណ កាលមានហេតុវិបត្តិកើតឡើង នរជនដែលមិនដឹងការកំណត់ប្រមាណខ្លួន តែងភពប្រសព្វក្តីវិបត្តិអន្តរាយគ្រប់ៗជំហានជើង” ។ ក្នុងវិបត្តិអស់ទ្រព្យនេះ កណ្តុរបានបន្ថែមស្លោកទៀតថា “ អ្នកណាលះបង់សេចក្តីប្រាថ្នាទ្រព្យទុកក្រោយខ្នង មិនមានអាល័យទ្រព្យនោះសោះ អ្នកនោះឈ្មោះថាបានរៀនសូត្រហើយ ឈ្មោះថាបានស្តាប់យល់ហើយ និងឈ្មោះថាបានប្រតិបត្តិធម៌ទាំងអស់” ។
ប្រើវិធីណាក៏ដោយឲ្យតែធ្វើឲ្យស្ងប់ចិត្តចាកវិបត្តិ ឈ្មោះថាចេះលួងចិត្តខ្លួនឯងហើយ ។ មិនតែប៉ុណ្ណោះ មនុស្សដែលអាចគ្រប់គ្រងចិត្តពេលមានវិបត្តិ គឺស្តាប់លេងចូលពាក្យដ្រាម៉ា “ធ្វើម្តេចវាសនាខ្ញុំអភ័ព្វម្ល៉េះ?” ជីវិតខ្ញុំអីក៏ខុសគេយ៉ាងនេះ? ជាដើម គឺមានខ្លួនជាម្ចាស់នៃខ្លួន ដែលក្នុងព្រះពុទ្ធសាសនាថា “អត្តាហិ អត្តនោ នាថោ” ។
១៩- កំណាញ់ ស្មើនឹងក្រ
ការចាយដឹងខ្ទង់ចំណាយត្រឹមត្រូវ មិនហៅថាមនុស្សកំណាញទេ តែថាដឹងប្រមាណក្នុងការចាយវាយ ។ មនុស្សកំណាញ់ គឺសំដៅដល់មិនហ៊ានទាំងបំពេញសេចក្តីត្រូវការដែលខ្លួនចង់ កុំនិយាយថ្វីដល់អ្នកនៅជុំវិញ ។ សត្វអណ្តើក មន្ថរៈ បានពោលថា “ថាបើធ្វើសេដ្ឋីមានទ្រព្យច្រើន ក៏កំណាញ់ស្វិតស្វាញមិនឲ្យទាន និងមិនបរិភោគប្រើប្រាស់ខ្លួនឯងឲ្យល្មមដល់ទ្រព្យ នុ៎ះយើងទាំងអស់គ្នា ក៏ឈ្មោះថាមានទ្រព្យដូចសេដ្ឋីនោះដែរ មិនមែនដូច្នោះឬអ្វី? អណ្តើកបានបន្ថែមទៀតថា “នរជននោះ គិតតែចង់បានទ្រព្យសម្បត្តិ តែងបិទផ្លូវសេចក្តីសុខខ្លួនឯង, នរជននោះ ទុកដូចជារែកភារៈដ៏ធ្ងន់ឲ្យជនដទៃ យកខ្លួនធ្វើជាភាជន ទទួលរងទុក្ខលំបាកជំនួសគេទទេៗ” ។ ស្លោកថែមពីលើនេះទៀតដូច្នេះ “ទ្រព្យសម្បត្តិនៃមនុស្សកំណាញ់ ទុកដូចជាទ្រព្យនៃជនដទៃស្រេចទៅហើយ ព្រោះថាមិនបានរីករាយប្រើប្រាស់ខ្លួនឯង, គ្រាន់តែបានពាក្យសរសើរថា “នេះជាទ្រព្យនៃអ្នកនោះ” ប៉ុណ្ណោះ លុះទ្រព្យនោះដល់នូវសេចក្តីសាបសូន្យទៅហើយ បានសេចក្តីទុក្ខថែមទៀត” ។
មនុស្សកំណាញ់ គឺរស់នៅដោយលាក់ពួន បារម្ភ ភិតភ័យ ព្រោះអ្វី ព្រោះថា ខ្លាចគេដឹងថាខ្លួនមានទ្រព្យ បារម្ភ ខ្លាចគេសុំចែកទាន ភិតភ័យពីចោរភ័យ ឬភ័យផ្សេងៗទៀត ។ បារម្ភ ភ័យ ពេក រហូតរកសេចក្តីសុខពីទ្រព្យមិនបាន ។
២០- ទ្រព្យពិតប្រាកដ
រឿងក្នុងសៀវភៅស្រីហិតោបទេសនេះ ស្ទើរតែគ្រប់រឿងគឺឲ្យតម្លៃនៃការឲ្យទានណាស់ ។ ទ្រព្យ សម្រាប់ចាយវាយខ្លួនឯង និងការចែកទានជាទ្រព្យពិតប្រាកដ ក្រៅពីនោះមិនមែនទេ ដោយលោកបានលើកជាស្លោកថា “ទ្រព្យណាដែលគេឲ្យទាន ទ្រព្យណាដែលខ្លួនឯងបរិភោគ ទ្រព្យនោះៗឈ្មោះថាជាទ្រព្យនៃជនមានទ្រព្យពិតប្រាកដមែន, ព្រោះថា កាលបើខ្លួនអ្នកមានទ្រព្យនោះស្លាប់បាត់ទៅហើយ សម្បត្តិទ្រព្យព្រមទាំងភរិយា នឹងធ្លាក់ទៅជាគ្រឿងល្បែងនៃជនដទៃៗ” ។
ក្នុងស្លោកនេះ គឺលោកនិយាយតែត្រឹមខ្លួនម្ចាស់ទ្រព្យ ដោយមិននិយាយដៅដល់អ្នកនៅជុំវិញខ្លួនឡើយ ដោយហោចទៅសូម្បីតែប្រពន្ធកូនក៏មិននិយាយដែរ ទើបចាត់ទុកថា ទ្រព្យដែលសេសសល់មិនមែនជាទ្រព្យខ្លួន ពេលខ្លួនស្លាប់ទៅគឺក្លាយជារបស់គ្មានខ្លឹមសារ ។
....................
ខ្ញុំនៅតែត្រូវការមតិយោបល់ពីសាធុជនចំពោះការសង្ខេប ព្រោះខ្លាចមានកំហុសឆ្គងផង ខ្លាចខ្វះចន្លោះ ។
សូមរង់ចាំភាគបន្ត!
No comments:
Post a Comment