រឿងគុត្តិលមាណព
(ចាក វិ. ខុ)
(ចំណេះវិជ្ជាពិតប្រាកដ ជាឃ្លាំងនៃសិរីក្នុងលោក)
ក្នុងកាលកន្លងទៅហើយ មានព្រះមហាក្សត្រិយ៍មួយព្រះអង្គ
ព្រះនាមព្រហ្មទត្តសោយរាជ សម្បត្តិ ក្នុង ក្រុងពារាណសី ។
កាលនោះព្រះបរមគ្រូទ្រង់សោយព្រះជាតិក្នុងត្រកូលអ្នករបាំមាននាមប្រាកដថា
គុត្តិល មាណព ព្រះអង្គខំសិក្សាសិល្បសាស្រ្តរបស់អ្នករបាំ
បានចេះដឹងស្ទាត់ពិតប្រាដកកិត្តិស័ព្ទរបស់ព្រះអង្គ ក៏ល្បី ទូទៅពេញសកលលោក ។
ព្រះបាទព្រហ្មទត្តបានជ្រាបដំណឹងថា
គុត្តិលមាណពចេះដឹងនូវចម្រៀងតូរ្យតន្ត្រី ល្បីល្បាញដូច្នោះហើយ
ក៏ហៅមកឲ្យដេញពិណថ្វាយ, ឯពិណរបស់គុត្តិលមាណពនោះមានខ្សែ ៧ បើដេញ កាលណា
សំឡេងពិណនឹងចម្រៀងវេញចូលគ្នាតែមួយពិរោះក្រៃពេកហាក់ដូចជាតូរ្យតន្ត្រីទិព្វ
។ ព្រះបាទ ព្រហ្មទត្តទ្រង់ព្រះសណ្តាប់ហើយមានព្រះទ័យត្រេកអរណាស់
បានតាំងគុត្តិលមាណពនោះជាអាចារ្យធំបំផុត ក្នុងនគរពារាណសី ឲ្យឈ្មោះថា
គុត្តិលាចារ្យ
ទ្រង់ព្រះរាជទានរង្វាន់បៀវត្សឲ្យជានិច្ចរាល់ខែដរាបដល់អស់ជីវិត
។គុត្តលាចារ្យកាលបើ បានប្រាក់រង្វាន់បៀវត្សនោះជារឿយៗមក
ជាខាងក្រោយមកមានបុរសម្នាក់ឈ្មោះ មុសិលៈនៅក្នុងនគរឧជ្ជេនី
បានឮដំណឹងថាគុត្តិលាចារ្យចេះសិល្បសាស្ត្រខាងរបាំតូរ្យតន្ត្រីយ៉ាងឯកដូច្នោះហើយ
ក៏ចូលទៅសុំរៀន ។ គុត្តិលាចារ្យចេះ
សិល្បសាស្ត្រខាងរបាំតូរ្យតន្ត្រីយ៉ាងឯកដូច្នោះហើយ ក៏ចូលទៅសូមរៀន ។
ឯគុត្តលាចារ្យបានឃើញលក្ខណៈរបស់មុសិលមាណពនោះក៏ដឹងច្បាស់ថាមាណពជាមនុស្សមិនល្អ
អញមិនគួរ ឲ្យរៀនឡើយ ទើបប្រាប់ទៅសុសិលមាណពថា
ខ្ញុំគ្មានឱកាសបង្រៀនទេចូរអ្នកទៅរកអាចារ្យរៀនទៀតចុះ ។
ពេលនោះមុសិលមាណពមិនព្រមទៅណាសោះក្រាញនៅបម្រើមាតាបិតារបស់គុត្តិលាចារ្យ
បាននិយាយអង្វរឲ្យ មាតាបិតានោះជួយសុំឲ្យបានរៀន ។ គុត្តិលាចារ្យ
កាលបើមាតាបិតារបស់ខ្លួននិយាយសុំឲ្យមុសិលមាណព រៀនដូច្នោះហើយក៏ព្រមឲ្យរៀន ។
ឯមុសិល មាណពជាមនុស្សមានបញ្ញាអាចរៀននូវសិល្បសាស្ត្រនោះ ចេះស្ទាត់
ជំនាញដូចអាចារ្យរបស់ខ្លួន ។ ថ្ងៃមួយមុសិលមាណពគិតថា
ក្នុងលោកទាំងមួលមានតែព្រះបាទព្រហ្មទត្តដែល សោយរាជ្យក្នុងក្រុងពារាណសីនេះ
ជាមហារាជាធិរាជធំចម្បងជាងស្តេចទាំងពួង គួរតែអញទៅសំដែងសិល្ប សាស្ត្រថ្វាយ
ដល់ស្តេចដើម្បីឲ្យមានកេរ្តិ៍ឈ្មោះល្បីទូទៅក្នុងលោក ដូចជាអាចារ្យរបស់អញ
លុះគិតដូច្នេះហើយក៏
និយាយអង្វរសុំឲ្យគុត្តិលាចារ្យជូនទៅនៅបំរើព្រះបាទព្រហ្មទត្តដើម្បីចិញ្ចឹមជីវិតតទៅ
។ ឯគុត្តិលាចារ្យជាអ្នកមាន សេចក្តីសង្គ្រោះ
បានឮដូច្នោះហើយក៏នាំមុសិលមាណពទៅថ្វាយព្រះបាទព្រហ្មទត្តហើយ ក្រាបទូលថាបពិត្រ
ព្រះសម្មតិទេព
សូមព្រះករុណាជាម្ចាស់ជីវិតលើត្បូងជួយសង្គ្រោះដល់មុសិលមាណពនេះឲ្យទាន
ព្រោះជាកូន សិស្សរបស់ទូលព្រះបង្គំ មួយទៀតមាណពនេះចេះដេញពិណវិសេសណាស់ ។
ព្រះបាទព្រហ្មទត្តទ្រង់ព្រះ
សណ្តាប់ដូច្នោះហើយទ្រង់ប្រើមុសិលមាណពនោះឲ្យដេញពិណថ្វាយ,
ទ្រង់សព្វព្រះរាជហឫទ័យនឹងសំឡេង ពិណនោះក៏ទទួលឲ្យនៅ ។
ក្នុងកាលជាខាងក្រោយមក មុសិលមាណពបានចូលទៅសូមលាព្រះបាទព្រហ្មទត្ត
ទៅកាន់ជាតិភូមិរបស់ខ្លួន ។ ព្រះបាទព្រហ្មទត្តទ្រង់ឃាត់ថាអ្នកកុំទៅណា
ចាំអញឲ្យយសសក្តិនិងបៀវត្ស៍ ពាក់កណ្តាលបន្ទាប់ពីអាចារ្យរបស់អ្នក ។
ឯមុសិលមាណពជាមនុស្សអកតញ្ញូលុះទៅក្នុងអំណាចនៃសេចក្តី លោភ
បានឮដូច្នោះហើយក៏ទូលតបវិញថា គុត្តិលាចារ្យគាត់ចេះស្មើនឹងទូលព្រះបង្គំដែរ
បើព្រះមហារាជពុំជឿ ហៅគាត់ឲ្យមកដេញពិណប្រឡងមើល ។ ព្រះរាជាត្រាស់ថា
អើបើដូច្នោះចាំអញឲ្យដំណឹងទៅគុតិ្តលាចារ្យ កំណត់៧ថ្ងៃទៀតឲ្យ
មកដេញប្រឡងនៅមុខព្រះរាជវាំង ។ ដំណឹងប្រឡងពិណនោះក៏ល្បីទូទៅពេញសកល លោក,
ឯគុត្តិលាចារ្យ កាលបើបានទទួលព្រះរាជសារហើយក៏កើតសង្វេគក្នុងចិត្តគិតថា
មុសិលមាណពនេះ ជាមនុស្សនៅក្មេងកំពុងមានកម្លាំងច្រើន
បើអញទៅដេញពិណភ្នាល់នឹងវាមុខតែចាញ់វាមិនខាន ព្រោះចំណេះ
ទាំងប៉ុន្មានបានបង្រៀនវាអស់ឥតមានសល់ អញពុំគួរទៅភ្នាល់នឹងវាឡើយ
ណ្ហើយចុះស៊ូស្លាប់ទៅកើតទៀត ល្អជាង កុំទៅឲ្យឃើញមុខអកតញ្ញូ
គិតដូច្នេះហើយក៏ដើរទៅចងកក្នុងព្រៃ រៀបនឹងចងកបាននឹកឃើញមាតាបិតា
ចាស់ជរាក៏ត្រឡប់មកវិញ, មកដល់ផ្ទះហើយនឹកឃើញសព្វគ្រប់ក៏ទៅចងកទៀត ។
គ្រាន់តែទៅមកៗយ៉ាងនេះ អស់៦ថ្ងៃ ដោយសេចក្តីអាល័យចំពោះមាតាបិតា
ដល់ថ្ងៃជាគម្រប់៧ទៅចងកទៀត ដោយអំណាចកតញ្ញុតាចិត្ត
ក៏ក្តៅក្រហាយដល់ពិភពសក្កទេវរាជៗ បានជ្រាបថា ឱ!
គុត្តិលាចារ្យនេះមានទុក្ខធ្ងន់ណាស់តើ! ថ្ងៃនេះត្រូវទៅ
ដេញពិណភ្នាល់នឹងមុសិលមាណព ម៉្យាងទៀត គាត់ត្រូវជាអាចារ្យរបស់អញក្នុងជាតិមុន
អញត្រូវតែទៅជួយគាត់
ខានពុំបានក៏ហោះចុះមកបង្ហាញខ្លួនដល់គុត្តិលាចារ្យហើយសួរថា
លោកអាចារ្យមានទុក្ខដូចម្តេច? ចាំខ្ញុំជួយ ។
គុត្តិលាចារ្យដំណាលរឿងរ៉ាវប្រាប់សព្វគ្រប់ សក្កទេវរាជបានជ្រាបហើយក៏និយាយថា
សូមលោកអាចារ្យទៅ ដេញពិណភ្នាល់នឹងមុសិលមាណពចុះ
ឥឡូវជិតដល់ពេលហើយលោកអាចារ្យកុំព្រួយឲ្យសោះ ខ្ញុំនេះជាព្រះឥន្ទ
ត្រូវជាកូនសិស្សលោកអាចារ្យក្នុងជាតិមុន
អ្នកដែលមានកូនសិស្សប្រហែលនឹងខ្ញុំនេះហើយ កុំព្រួយសោះឡើយ ទៀងតែឈ្នះពុំខាន ។
ឯគុត្តលាចារ្យ កាលបើដល់ពេលហើយក៏ស្លៀក ពាក់សំពត់សអាវសល្អស្អាត លីពិណមាន
ខ្សែ៧ ចូលទៅកាន់ទីប្រជុំថ្វាយបង្គំព្រះបាទព្រហ្មទត្តហើយ
ឡើងទៅលើតាំងខ្ពស់ជាមួយនឹងមុសិលមាណព ។
ក្នុងពេលនោះមនុស្សទាំងឡាយជាច្រើនលាននាក់
បានមកប្រជុំគ្នានៅមុខព្រះបរមរាជវាំងដើម្បីមើលពិធីភ្នាល់ ពិណ ។
គុត្តិលាចារ្យមុននឹងលោកពិណ ឡើងដេញបានអើតមើលទៅអាកាសឃើញព្រះឥន្ទកាន់ពិណមាស
មានពណ៌ដូចព្នៅទុំ ស្ថិតនៅពីលើក៏នឹងសង្ឃឹមថា ជ័យជំនះនឹងមានដល់អញពុំខាន ។
ឯមនុស្សទាំងឡាយមើល ព្រះឥន្ទនោះមិនឃើញឡើយ ។ គុត្តិលាចារ្យនិងមុសិលមាណព
ចាប់ដេញពិណមួយបទដម្បូងស្មើគ្នា ដល់បទ ទីពីរព្រះឥន្ទ្រ
ឲ្យសញ្ញាដល់គុត្តិលាចារ្យឲ្យបណ្តាច់ខ្សែពិណរបស់ខ្លួនមួយចេញ
សំឡេងពិណរបស់គុត្តិលា ចារ្យក៏កាន់តែឮពីរោះឡើងៗ
ព្រះឥន្ទចេះតែឲ្យបណ្តាច់ខ្សែពិណម្តងមួយៗ ដរាបដល់នៅសល់តែខ្សែមួយ
សំលេងពិណក៏រឹងរឹតតែពីរោះឡើងជាអស្ចារ្យឮសូគ្រលួចទៅព្ធដ៏អាកាស
គ្របសង្កត់សំលេងពិណរបស់មុសិល មាណព ដោយអំណាចឫទ្ធិរបស់ព្រះឥន្ទ ។
ចំណែកឯមុសិលមាណព កាលបើបានឃើញ គុត្តិលាចារ្យបណ្តាច់ ខ្សែពិណ
នៅសល់តែមួយហើយមានសំឡេងពីរោះដូច្នោះ ក៏បណ្តាច់តាម, បណ្តាច់ខ្សែមួយអន់បន្តិច
ពីរអន់បន្តិច ដរាបដល់នៅសល់តែខ្សែមួយក៏លែងឮជាបែបបទអ្វីសោះ ។
ពួកមហាជនទាំងឡាយក៏ស្រែកហ៊ោរឲ្យពរស័ព្ទ សាធុការដល់គុត្តិលាចារ្យ
មានសំឡេងគឹកកងហាក់ដូចជាទ្រុឌផែនដី ។ ពេលនោះ ព្រះបាទព្រហ្មទត្តបានប្រើ រាជ
អាមាត្យ ឲ្យយកច្រវាក់ទាក់កមុសិល មាណព អូសបញ្ចេញទៅខាងក្រៅទីប្រជុំ។
ពួកមហាជនទាំងឡាយ ក៏ទាត់ធាក់វាយមុសិលមាណព ដរាបដល់ស្លាប់ក្នុងពេលនោះទៅ ។
ឯគុត្តិលាចារ្យក៏បាននូវរង្វាន់ក្នុងពេលនោះ ជាច្រើន,
កាលបើព្រះបាទព្រហ្មទត្តបានបូជារង្វាន់ដល់គុត្តិលាចារ្យហើយ
សក្កទេវរាជក៏ត្រឡប់ទៅស្ថាន ទេវលោកវិញ ។
ពួកទេវតាទាំងឡាយនាំគ្នាចូលទៅសួរសក្កទេវរាជថា បពិត្រមហារាជ
អម្បាញ់មិញនេះស្តេច យាងទៅទីណា?
សក្កទេវរាជប្រាប់ថាទៅមើលលោកអាចារ្យរបស់ខ្ញុំដេញពិណភ្នាល់នឹងមុសិលមាណព
ឯក្រុង ពារាណសី ។ ពួកទេវតាទាំងឡាយបានដឹងថា
ព្រះរាជារបស់ខ្លួនមានគ្រូអាចារ្យចេះដេញពិណដូច្នោះចង់ស្តាប់ ណាស់
ទើបនាំគ្នាអង្វរសក្កទេវរាជ សុំឲ្យអញ្ជើញគុត្តិលាចារ្យទៅដេញពិណឲ្យស្តាប់ ។
ព្រះឥន្ទក៏ប្រើមាតលិទេវ បុត្រឲ្យយកវេជ្ជយន្តរតន៍
ចុះមកអញ្ជើញគុត្តិលាចារ្យទៅស្ថានត្រៃត្រិង្ស
ទៅដល់ពពួកទេវបុត្រទេវធីតាក៏នាំគ្នាមក ចោមរោមជុំជិត
ហើយអញ្ជើញឲ្យដេញពិណឲ្យស្តាប់ ។ គុត្តិលាចារ្យនិយាយថា
ខ្ញុំតាំងពីចេះពិណមកពុំដែល ដេញអត់ឈ្នួលទេ ព្រោះខ្ញុំតែងចិញ្ចឹមជីវិតដោយ
សារតែថ្លៃឈ្នួលដេញពិណប៉ុណ្ណោះ ។ ព្រះឥន្ទបានឮហើយ សួរថា
លោកអាចារ្យត្រូវការរបស់អ្វី? ខ្ញុំបូជា ។ គុត្តិលាចារ្យឆ្លើយថា
ខ្ញុំមិនត្រូវការដោយទ្រព្យសម្បត្តិទេ ខ្ញុំសុំឲ្យទេវបុត្រទេវធីតាទាំងនេះ
ប្រាប់បុព្វកម្មរបស់ខ្លួនដល់ខ្ញុំសិនចាំខ្ញុំដេញពិណឲ្យស្តាប់ជាខាងក្រោយ ។
ពេលនោះទេវបុត្រទេវធីតា ទាំងឡាយក៏ថ្លែងបុព្វកម្មរបស់ខ្លួន
ប្រាប់ដល់គុត្តិលាចារ្យគ្រប់ៗគ្នា ទើបគុត្តិលាចារ្យ ដេញពិណឲ្យស្តាប់
លុះចប់ហើយមាតលិទេវបុត្រក៏ជូនគុត្តិលាចារ្យមកមនុស្សលោកវិញ ។
No comments:
Post a Comment