អនិច្ចានុបស្សីសូត្រ ទី៦
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ៧ ពួក តើអ្វីខ្លះ។
ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញថា មិនទៀង មានសេចក្តីសំគាល់ថាមិនទៀង ដឹងច្បាស់ថាមិនទៀងក្នុងសង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់សម្រេច។បេ។ ព្រោះអស់អាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី១ ដែលគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោក គប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញថាមិនទៀង មានសេចក្តីសំគាល់ថាមិនទៀង ដឹងច្បាស់ថាមិនទៀងក្នុងសង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ ការអស់ទៅនៃអាសវៈ និងការអស់ទៅនៃជីវិត របស់បុគ្គលនោះ ដំណាលគ្នាតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី២ ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។
ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះក្នុងលោកនេះ ពិចារណាឃើញថា មិនទៀង មានសេចក្តីសំគាល់ថា មិនទៀង ដឹងច្បាស់ថា មិនទៀងក្នុងសង្ខារទាំងពួង ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ បុគ្គលនោះឈ្មោះ ថាអន្តរាបរិនិព្វាយី [បុគ្គលណា បានកើតក្នុងសុទ្ធាវាស ទាំង៥ ណាមួយ បានដល់នូវអរហត្ត ក្នុងខណៈដែលខ្លួនកើត ឬក៏កន្លងបន្តិច ឬក៏ឋិតនៅពាក់កណ្តាលអាយុ ពាក្យថា អន្តរាបរិនិព្វាយីនេះ ជាឈ្មោះរបស់បុគ្គលនោះ។] ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥។ បេ។ ឈ្មោះថា ឧបហច្ចបរិនិព្វាយី [បុគ្គលណា កន្លងនូវពាក់កណ្តាលអាយុ ហើយដល់នូវអរហត្ត ក្នុងសុទ្ធាវាសនោះ បុគ្គលនោះ ឈ្មោះថា ឧបហច្ចបរិនិព្វាយី។] ឈ្មោះថា អសង្ខារបរិនិព្វាយី [បណ្តាបុគ្គលទាំងនោះ បុគ្គលណា បានញុំាងកិលេសឲ្យអស់ទៅ ដោយមិនមានសេចក្តីព្យាយាម បុគ្គលនោះ ឈ្មោះថា អសង្ខារបរិនិព្វាយី។] ឈ្មោះថា សសង្ខារបរិនិព្វាយី [បុគ្គលណា ញុំាងកិលេសឲ្យអស់ទៅ ដោយសេចក្តីព្យាយាម បុគ្គលនោះ ឈ្មោះថា សសង្ខារបរិនិព្វាយី។] ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី [បុគ្គលណា កើតក្នុងសុទ្ធាវាសទាំង៤ ខាងក្រោមណាមួយ ហើយច្យុតចាកសុទ្ធាវាសនោះ ទៅកើតក្នុងអកនិដ្ឋភព តាមលំដាប់ ហើយដល់នូវអរហត្ត បុគ្គលនោះ ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី។ អដ្ឋកថា។]។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី៧ ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។
ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះឯង ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។

[១៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ៧ ពួក តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញថា ទុក្ខក្នុងសង្ខារទាំងពួង។បេ។

ពិចារណាឃើញថា អនត្តា ក្នុងធម៌ទាំងពួង

ពិចារណាឃើញថា សុខ មានសេចក្តីសំគាល់ថាសុខ ដឹងច្បាស់ថា សុខក្នុងព្រះនិព្វាន ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់សម្រេច។បេ។ ព្រោះអស់អាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី១ ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញថាសុខ មានសេចក្តីសំគាល់ថាសុខ ដឹងច្បាស់ថាសុខ ក្នុងព្រះនិព្វាន ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ ការអស់ទៅនៃអាសវៈ និងការអស់ទៅនៃជីវិត របស់បុគ្គលនោះ ដំណាលគ្នាតែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី២ ដែលគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណាឃើញថាសុខ មានសេចក្តីសំគាល់ថាសុខ ដឹងច្បាស់ថាសុខ ក្នុងព្រះនិព្វាន ហើយកំណត់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ បុគ្គលនោះ ឈ្មោះថា អន្តរាបរិនិព្វាយី ព្រោះអស់សញ្ញោជនៈជាចំណែកខាងក្រោម ៥។បេ។ ឈ្មោះថា ឧបហច្ចបរិនិព្វាយី ឈ្មោះថា អសង្ខារបរិនិព្វាយី ឈ្មោះថា សសង្ខារបរិនិព្វាយី ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គលទី៧ ដែលគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះឯង គួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។

[១៨] ម្នាលភិក្ខុទាំងឡាយ និទ្ទស [ហេតុនៃភិក្ខុមិនមានអាយុ ១០ឆ្នាំ។ តែពាក្យនេះ លោកសំដៅយកព្រះខីណាស្រព ព្រោះលោក សូម្បីបរិនិព្វានពីអាយុ ១០ឆ្នាំ (ជាដើម) ក៏លែងមានអាយុ ១០ឆ្នាំតទៅខាងមុខ កុំថាតែ ១០ឆ្នាំ សូម្បីតែថយចុះមក ៩ឆ្នាំ រហូតដល់១ថ្ងៃ ឬ១យាម ក៏មិនមាន ព្រោះលោកមិនចាប់បដិសន្ធិតទៅទៀត។ អដ្ឋកថា។] វត្ថុទាំងឡាយនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីពេញចិត្តដ៏ភ្លៀវក្លា ក្នុងការសមាទាននូវសិក្ខា តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការសមាទាននូវសិក្ខា ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការពិចារណានូវធម៌ តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការពិចារណានូវធម៌ ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការកំចាត់បង់នូវឥច្ឆា គឺតណ្ហា ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការពួនសម្ងំ តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការពួនសម្ងំ ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការប្រារព្ធព្យាយាម តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការប្រារព្ធព្យាយាម ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការតាំងស្មារតី និងភាពជាអ្នកមានប្រាជ្ញាចាស់ក្លា ១ ជាអ្នកមានសេចក្តីពេញចិត្តដ៏ក្លៀវក្លា ក្នុងការចាក់ធ្លុះដោយទិដ្ឋិ តទៅក្នុងកាលខាងមុខ ក៏នៅតែមានសេចក្តីស្រឡាញ់ ក្នុងការចាក់ធ្លុះដោយទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង និទ្ទសវត្ថុ ៧ យ៉ាង។
ចប់ អនុសយវគ្គ ទី២។
ឧទ្ទាននៃអនុសយវគ្គនោះគឺ៖
និយាយពីអនុស័យពីរលើក ត្រកូល ១ បុគ្គលគួរបូជា ១ បុគ្គលប្រៀបដូចអ្នកមុជទឹក ១ បុគ្គលអ្នកពិចារណា ឃើញក្នុងសង្ខារថា មិនទៀង ១ ជាទុក្ខ ១ ជាអនត្តា ១ ព្រះនិព្វាន ១ និទ្ទសវត្ថុ ១។
(អង្គុត្តរនិកាយ សត្តកនិបាត អដ្ឋមភាគ ភាគ ៤៧)
……………………………….……………………….

No comments:
Post a Comment