
មានធម៌ក្នុងខ្លួនទើបដឹងថាសេចក្តីសុខមិនមែនលើការយកឈ្នះអ្នកដទៃនោះទេ គឺសេចក្តីសុខរមែងមានហេតុនៃសេចក្តីសុខដោយឡែកផ្សេងៗ ។ ពាក្យថាសុខមានន័យថា សេចក្ដីសប្បាយ, ដំណើរងាយ ស្រួល ស្រណុក, សេចក្ដីសម្រាន្ត, បានសុខ ផ្លូវកាយ ចិត្ត ។ តាមធម្មតាសព្វសត្វទាំងអស់រមែងចង់បានសុខដូចៗគ្នា គ្មានអ្នកណាចង់ជួបទុក្ខលំបាកឡើយ ប៉ុន្តែសុខមិនមែនចេះតែកើតមានដល់មនុស្សគ្រប់គ្នានោះទេ លុះណាតែបុគ្គលធ្វើតាមគន្លងទាំង៨ប្រការនេះ ដោយបរិបូណ៌ទើបបានសុខ ជីវិតក៏ចម្រុងចម្រើន។
១-សុខ ព្រោះមិនបៀតបៀនអ្នកដទៃ
២-សុខ ព្រោះបានធ្វើសេចក្តីល្អ
៣-សុខ ព្រោះមានការយោគយល់គ្នា
៤-សុខ ព្រោះមិនក្រោធខឹង
៥-សុខ ព្រោះការឱ្យអភ័យ
៦-សុខ ព្រោះការមិនយកទុក្ខមកដាក់ខ្លួន
៧-សុខ ព្រោះមានបញ្ញាយល់ដឹងការពិត
៨-សុខ ព្រោះការបានឈ្នះលើចិត្តខ្លួនឯង។
លំអានទាំង៨ប្រការនេះកាលបើបុគ្គលប្រព្រឹត្តប្រតិបត្តិបានល្អហើយ សុខក៏កើតឡើង ឯសេចក្តីចម្រើនក៏កើតឡើងដំណាលគ្នាជាបន្តបន្ទាប់ គឺសុខកើតឡើងអំពីសេចក្តីល្អនេះឯង ក៏ញុំាងជីវិតឱ្យចម្រើនឡើងដោយប្រការផ្សេងៗ ៕
……………………………….……………………….
នៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនាព្រះពុទ្ធបង្រៀនមនុស្សជាច្រេីនឲ្យរៀនរស់នៅអាស្រ័យសេពគប់ពួកសប្បុរសទេីបធ្វេីឲ្យក្រសែជីវិតរបស់យេីងមានសេចក្តីចម្រេីននាំនូវសេចក្តីសុខពិតព្រោះពួកសប្បុរសច្រេីនប្រាប់បង្ហាញរឿងរ៉ាវដំណេីរជីវិតពិតគឺត្រង់ស្គាល់ខ្លួនឯងពិតហេីយរមែងស្គាល់តួនាទីដែលត្រូវធ្វេីអ្វី ត្រូវនិយាយអ្វី ត្រូវគិតអ្វីដេីម្បីរៀបចំគោលការណ៍ដែលត្រូវធ្វេីមានន័យថាធ្វេីឲ្យត្រូវពិតប្រាកដច្បាស់លាស់ដេីម្បីទទួលបានផលប្រយោជន៍នៃគុណតម្លៃពិតហេីយគុណធម៌នេះបានមកពីការប្រឹងប្រែងរៀនឈ្នះខ្លួនឯងដែលជាការឈ្នះបានដោយកម្របំផុតក្នុងលោកនេះ តែបេីបានឈ្នះហេីយលែងត្រឡប់ចាញ់វិញឡេីយដូចព្រះពុទ្ធជាដេីម។
ប៉ុន្តែមនុស្សជាច្រេីនក្នុងលោកនេះបែរព្យាយាមរៀនចង់ឈ្នះអ្នកដទៃជាជាងចង់ឈ្នះកិលេសខ្លួនឯងទៅវិញ។
ចំណែកផ្នត់គំនិតរបស់យេីងទាំងអស់នេះបែរនៅពេលចុងក្រោយក្លាយទៅជាជនរងគ្រោះធ្លាក់ក្នុងផ្លូវអន្តរាយឈឺចាប់ទៅវិញត្រង់បាត់គុណធម៌បាត់បងតម្លៃសុភមង្គលព្រោះវិថីចិត្តនេះស្ថិតក្នុងអកុសលចិត្តជាចិត្តអាក្រក់នាំមកនូវសេចក្តីទុក្ខមកដាក់ខ្លួន។
ដូច្នេះហេីយបានជាព្រះអង្គបង្រៀនឱ្យធ្វេីល្អ ប្រព្រឹត្តល្អជាជោគជ័យទទួលបានជ័យជំនះឈ្នះទាំងខ្លួនយេីងនិងអ្នកដទៃនាំមកនូវសេចក្តីសុខស្ងប់ស្ងៀមស្ងាត់។
អត្ថបទដេាយព្រះអង្គគ្រូ៖
ភន្តេ ធម្មត្ថេរោ


……………………………….……………………….

No comments:
Post a Comment