ឆ្លើយនូវសំណួរឃរាវាសធម៌ទាំង១១៤ - Business Buddhism


ថ្ងៃ ពុធ ទី 09 ខែ មេសា ឆ្នាំ 2025

demo-image

ឆ្លើយនូវសំណួរឃរាវាសធម៌ទាំង១១៤

ចែករំលែកចំណេះដឹង
Business%20Buddhism%20BBCambodia%20%2841%29
Business%20Buddhism%20BBCambodia%20%2843%29
Business%20Buddhism%20BBCambodia%20%2844%29
Business%20Buddhism%20BBCambodia%20%2847%29
Business%20Buddhism%20BBCambodia%20%2849%29
Business%20Buddhism%20BBCambodia%20%2850%29
ឆ្លើយនូវសំណួរឃរាវាសធម៌ទាំង១១៤1f33e
១/ ព្រះសុគតតើដូចម្តេច
- ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ទ្រង់ជ្រាប់ច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណរកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងមកកាន់ភពថ្មីទៀត។
២/ វិន័យព្រះសុគត តើដូចម្តេច
-ជាធម៌ដែលព្រះសម្មាសម្ពុទ្ធបាមសម្តែងហើយ ពិរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកាសនូវព្រហ្មចរិយប្រកបដោយអត្ថ ប្រកបដោយព្យញ្ជនៈ ដ៏បរិបូរណ៌ បរិសុទ្ធទាំងអស់។
៣/ ព្រះសុគតប្រតិស្ឋាន ក្នុងលោកដើម្បីប្រយោជន៍ដល់ជនច្រើន តើដូចម្តេច
-ដើម្បីប្រយោជន៍ដល់ជនច្រើន គឺថាព្រះអង្គបានត្រាស់សម្តែងប្រាប់ឲ្យសត្វលោកកាន់យកនូវអ្វីដែលជាប្រយោនជ៍ និងអ្វីមិនជាប្រយោជន៍ជាដើម គឺបានញ៉ាំងឲ្យសត្វលោកបានសម្រេចប្រយោជន៍ច្រើនណាស់ មានប្រយោជន៍បច្ចុប្បន្ន ប្រយោជន៍បរលោក និងប្រយោជន៍ក្នុងព្រះនិព្វានជាដើម
៤/ ព្រះសុគតប្រតិស្ឋាន ក្នុងលោកដើម្បីសេចក្ដីសុខដល់ជនច្រើន តើដូចម្តេច
-គឺព្រះអង្គទ្រង់បានញ៉ាំងសត្វទាំងឡាយ ឲ្យបាននូវសេចក្តីសុខក្នុងបច្ចុប្បន្ន និងនូវសេចក្តីសុខក្នុងបរលោក និងសេចក្តីសុខក្នុងព្រះនិព្វានជាដើម។
៥/ ព្រះសុគតប្រតិស្ឋាន ក្នុងលោកដើម្បីអនុគ្រោះដល់សត្វលោក តើដូចម្តេច
-គឺព្រះអង្គតែងតែទ្រង់អនុគ្រោះសត្វលោកដោយការនិមន្តបិណ្ឌបាត ទ្រង់តែងនិមន្តទៅដើម្បីអនុគ្រោះ(ប្រោស) នូវសត្វលោកដែលមាននូវឧបនិស្ស័យ ត្រង់តែងសម្តែងធម៌ដើម្បីអនុគ្រោះដល់សត្វទាំងឡាយឲ្យសម្រេចនូវសេចក្តីសុខក្នុងបច្ចុប្បន្ន បរលោក និងព្រះនិព្វាន
៦/ ព្រះរតនៈត្រ័យ តើដូចម្តេច
-ព្រះរតនៈត្រ័យបានដល់វត្ថុដ៏ប្រសើរដែលជាគ្រឿងនាំឲ្យកើតសេចក្តីចម្រើន មានបីយ៉ាងគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។
៧/ រតនៈ តើដូចម្តេច
-ឈ្មោះថារតនៈព្រោះជាវត្ថុដែលនាំឲ្យកើតគឺចម្រើននូវសេចក្តីត្រេកអរ។
៨/ ត្រៃសរណៈ តើដូចម្តេច
-ត្រៃសរណៈគឺវត្ថុជាទីពឹង ទីរឮក ៣ប្រការគឺព្រពុទ្ធ ព្រះធម៌ ព្រះសង្ឃ
៩/ ព្រះពុទ្ធ ជាសរណៈ តើដូចម្តេច
-ព្រះពុទ្ធឈ្មោះថាសរណៈ ព្រោះកម្ចាត់ភ័យរបស់សត្វទាំងឡាយ ដោយការឲ្យចូលដល់វត្ថុដែលជាប្រយោជន៍ និងនាំចេញចាកវត្ថុមិនជាប្រយោជន៍
១០/ ព្រះធម៌ ជាសរណៈ តើដូចម្តេច
-ព្រះធម៌ឈ្មោះថាសរណៈ ព្រោះកម្ចាត់ភ័យរបស់សត្វទាំងឡាយ ឲ្យឆ្លងកន្តារៈ គឺភព និងឲ្យនូវសេចក្តីផូរផង់ចិត្ត
១១/ ព្រះសង្ឃ ជាសរណៈ តើដូចម្តេច
-ព្រះសង្ឃឈ្មោះថាសរណៈ ព្រោះកម្ចាត់ភ័យរបស់សត្វទាំងឡាយ ធ្វើសក្ការៈសូម្បីតិចតួច ឲ្យត្រឡប់បានផលបរិបូណ៌
១២/ អ្នកដល់សរណៈ តើដូចម្តេច
-សត្វដែលដល់ព្រមដោយចិត្តុប្បាទនោះ រមែងដល់នូវព្រះរតនៈត្រ័យនោះជាសរណៈ ឈ្មោះថាអ្នកដល់សរណៈ
១៣/ វិធីសមាទាន សរណគមន៍ ម្នាក់ឯង តើដូចម្តេច
-ខ្ញុំព្រះអង្គនោះ សូមដល់នូវព្រះគោត្តមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរឮក សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវសរណៈស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ
១៤/ វិធីសមាទាន សរណគមន៍ ច្រើននាក់ តើដូចម្តេច
-យើងទាំងឡាយនោះ សូមដល់នូវព្រះគោត្តមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹងទីរឮក សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវយើងខ្ញុំទាំងឡាយថា ជាឧបាសក អ្នកដល់នូវសរណៈស្មើដោយជីវិត តាំងអំពីថ្ងៃនេះជាដើមទៅ
១៥/ តើសរណគមន៍ មានប៉ុន្មានប្រភេទ អ្វីខ្លះ
-សរណគមន៍មាន២ប្រភេទគឺ លោកុត្តរសរណគមន៍១ លោកិយសរណគមន៍១
១៦/ លោកុត្តរសរណគមន៍ តើដូចម្តេច
-ការដល់សរណៈដែលជាលោកុត្តរនៃបុគ្គលដែលឃើញសច្ចៈហើយ កាលពោលដោយអារម្មណ៍ រមែងមានព្រះនិព្វានជាអារម្មណ៍ កាលពោលដោយកិច្ចរមែងសម្រេចបានក្នុងព្រះរតនៈត្រ័យទាំងអស់ ព្រោះកាត់ផ្តាច់នូវកិលេស ជាហេតុរារាំងចំពោះការដល់នូវសរណៈនោះ ក្នុងខណៈនៃមគ្គ
១៧/ លោកិយសរណគមន៍ តើដូចម្តេច
-កាលពោលដោយអារម្មណ៍មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃជាអារម្មណ៍ កាលបើពោលដោយអត្ថ បានដល់ការបានសទ្ធាក្នុងព្រះរតនៈត្រ័យ មានព្រះពុទ្ធជាដើម និងសម្មាទិដ្ឋិដែលមានសទ្ធាជាបាទ លោកហៅថា ទិដ្ឋុជុកម្ម គឺការធ្វើទិដ្ឋិឲ្យត្រង់ ក្នុងបុញ្ញកិរិយាវត្ថុ១០
១៨/ លោកិយសរណគមន៍ មានប៉ុន្មានយ៉ាង អ្វីខ្លះ
-លោកិយសរណគមន៍មាន៤យ៉ាងគឺ ការដល់ដោយការប្រគល់កាយ១ ដោយការមានព្រះរតនៈត្រ័យជាគ្រឿងនាំមុខ១ ដោយការផ្គងអញ្ជលី គឺការប្រណមដៃធ្វើសេចក្តីគោរព១ ដោយភាពជាសិស្ស១
១៩/ ការដល់សរណគមន៍ ដោយការប្រគល់កាយ តើដូចម្តេច
-បានដល់ការលះបង់ខ្លួនដល់ព្រះរតនៈត្រ័យ មានព្រះពុទ្ធជាដើម (ដោយការពោលយ៉ាងនេះថា) តាំងអំពីថ្ងៃនេះជាដើមទៅ ខ្ញុំព្រះអង្គសូមប្រគល់ខ្លួនថ្វាយដល់ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ
២០/ ការដល់សរណគមន៍ ដោយការមានព្រះរតនៈត្រ័យនាំមុខ តើដូចម្តេច
-បានដល់ការមានព្រះរតនៈត្រ័យនោះជាទីទៅខាងមុខ គឺដោយការពោលយ៉ាងនេះថា តាំងពីថ្ងៃនេះជាដើមទៅ សូមលោកម្ចាស់ទាំងឡាយចាំទុកនូវខ្ញុំថា ខ្ញុំសូមមានព្រះពុទ្ធជាអ្នកនាំផ្លូវ សូមមានព្រះធម៌ជាអ្នកនាំផ្លូវ សូមមានព្រះសង្ឃជាអ្នកនាំផ្លូវ
២១/ ការដល់សរណគមន៍ ដោយការផ្គងអញ្ជលី គឺការប្រណមដៃធ្វើសេចក្តីគោរព តើដូចម្តេច
-គឺការធ្វើនមស្ការយ៉ាងខ្ពង់ខ្ពស់ក្នុងព្រះរតនៈត្រ័យ មានព្រះពុទ្ធជាដើម ដោយការពោលយ៉ាងនេះថា តាំងពីថ្ងៃនេះជាដើមទៅ សូមលោកម្ចាស់ទាំងឡាយចាំទុកនូវខ្ញុំថា ខ្ញុំសូមធ្វើការថ្វាយបង្គំ ការក្រោកទទួល ការផ្គងអញ្ជលី ការធ្វើនមស្ការចំពោះព្រះរតនៈត្រ័យមានព្រះពុទ្ធជាដើមនោះឯង
២២/ ការដល់សរណគមន៍ ដោយភាពជាសិស្ស តើដូចម្តេច
-ដោយការចូលដល់ភាពជាសិស្ស ដូចការចូលដល់ភាពជាសិស្ស ក្នុងការដល់សរណៈរបស់ព្រះមហាកស្សបៈ ដោយការពោលយ៉ាងនេះថា +អើហ្ន៎ ប្រសិនបើអាត្មាអញជួបនឹងបុគ្គលដែលជាគ្រូ ក៏សូមឲ្យជួបតែនឹងព្រះមានព្រះភាគ +អើហ្ន៎ ប្រសិនបើអាត្មាអញបានជួបនឹងបុគ្គលដែលមានគតិល្អ ក៏សូមឲ្យជួបតែនឹងព្រះមានព្រះភាគ +អើហ្ន៎ ប្រសិនបើអាត្មាអញ បានជួបនឹងបុគ្គលត្រាស់ដឹងធម៌ ក៏សូមឲ្យជួបតែនឹងព្រះមានព្រះភាគ
២៣/ ប្រស្នា៥ប្រការ គឺត្រៃសរណៈ បុគ្គលណាពោល
-មិនសាវ័ក មិនមែឥសី មិនមែនទេវតាអ្នកពោលទេ គឺព្រះសម្មាសម្ពុទ្ធអ្នកត្រាស់សម្តែង
២៤/ ប្រស្នា៥ប្រការ គឺត្រៃសរណៈ ពោលក្នុងទីណា
-ពោលត្រង់ព្រៃឥសិបតនមិគទាយវ័ន នាក្រុងពារាណសី
២៥/ ប្រស្នា៥ប្រការ គឺត្រៃសរណៈ ពោលពីពេលណា
-កាលព្រះយសបានសម្រេចអរហត្ត មួយអន្លើដោយសម្លាញ់ទាំងឡាយ បាននោះបានព្រះអរហន្ត៦១រូប
២៦/ ប្រស្នា៥ប្រការ គឺត្រៃសរណៈ ពោលព្រោះហេតុអ្វី
-ព្រោះដើម្បីបព្វជ្ជា និងឧបសម្បទា
២៧/ ប្រស្នា៥ប្រការ គឺត្រៃសរណៈ ព្រោះហេតុអ្វីទើបក្នុងទីនេះ ត្រាស់ជាដំបូង
-ព្រោះទេវតា និងមនុស្សនាំគ្នាចូលកាន់សាសនា ជាឧបាសកខ្លះ ជាបព្វជិតខ្លះ ដោយផ្លូវនេះដូច្នោះ
២៨/ សទ្ធិន្រ្ទិយ កើតមានក្នុងសម័យនោះ តើដូចម្តេច
-សទ្ធា សទ្ធិន្រ្ទិយ សទ្ធាពលៈណា ក្នុងសម័យនោះ នេះសទ្ធិន្រ្ទិយ កើតមានក្នុងសម័យនោះ
២៩/ សទ្ធិន្រ្ទិយ តើដូចម្តេច
-ជំនឿ សេចក្តីជឿ សេចក្តីជឿស៊ប់ សេចក្តីជ្រះថ្លាខ្លាំង
៣០/ សទ្ធាមានលក្ខណៈ ដូចម្តេច
-ព្រោះគ្រប់គ្រងភាពជាធំជាងធម៌ដទៃ ក្នុងការបង្អោនចិត្តជឿ ជាលក្ខណៈ
៣១/ សទ្ធាកាលកើតឡើង ដូចម្តេច
-សទ្ធាកាលកើតឡើង រមែងគ្រប់សង្កត់នីវរណៈធម៌ (នីវរណៈកាមច្ឆន្ទៈ ព្យាបាទៈ ថីនមិទ្ធៈ ឧទ្ធច្ចកុក្កុច្ច វិចិកិច្ឆា) រមែងឲ្យកិលេសស្ងប់ រមែងឲ្យចិត្តផូរផង់ រមែងធ្វើចិត្តមិនឲ្យល្អក់
៣២/ បណ្ឌិតគប្បីឃើញសទ្ធា ដូចម្តេច
-បណ្ឌិតគប្បីឃើញសទ្ធាដូចជាដៃ ដូចជាទ្រព្យសម្បត្តិ ឬដូចជាគ្រាប់ពូជ
៣៣/ អានិសង្សរបស់សទ្ធាមានប៉ុន្មានយ៉ាង
-អានិសង្សរបស់សទ្ធាមាន៥យ៉ាងគឺ
+ពួកសប្បុរសដែលមានចិត្តស្ងប់ក្នុងលោក សប្បុរសទាំងនោះ កាលអនុគ្រោះ រមែងអនុគ្រោះតែបុគ្គលអ្នកមានសទ្ធាជាដំបូង មិនអនុគ្រោះបុគ្គលមិនមានសទ្ធាដូច្នេះទេ១
+កាលចូលទៅអង្គុយជិត រមែងចូលទៅជិតតែបុគ្គលអ្នកមាមសទ្ធាជាដំបូង មិនចូលទៅជិតបុគ្គលមិនមានសទ្ធាដូច្នេះទេ១
+កាលទទួលរមែងទទួលតែបុគ្គលអ្នកមានសទ្ធាជាដំបូង មិនទទួលបុគ្គលមិនមានសទ្ធាដូច្នេះទេ១
+កាលសម្តែងធម៌ ក៏រមែងសម្តែងចំពោះតែបុគ្គលអ្នកមានសទ្ធាជាដំបូង មិនសម្តែងធម៌ចំពោះបុគ្គលមិនមានសទ្ធាដូច្នេះទេ១
+កុលបុត្រមានសទ្ធា លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក១
៣៤/ សប្បុរស ដែលមានចិត្តស្ងប់ក្នុងលោក កាលអនុគ្រោះ តើអនុគ្រោះបុគ្គលណាមុន
-ពួកសប្បុរសដែលមានចិត្តស្ងប់ក្នុងលោក សប្បុរសទាំងនោះ កាលអនុគ្រោះ រមែងអនុគ្រោះតែបុគ្គលអ្នកមានសទ្ធាជាដំបូង មិនអនុគ្រោះបុគ្គលមិនមានសទ្ធាដូច្នេះទេ
៣៥/ សប្បុរស ដែលមានចិត្តស្ងប់ក្នុងលោក កាលចូលទៅជិត តើចូលទៅជិតបុគ្គលណាមុន
-កាលចូលទៅអង្គុយជិត រមែងចូលទៅជិតតែបុគ្គលអ្នកមាមសទ្ធាជាដំបូង មិនចូលទៅជិតបុគ្គលមិនមានសទ្ធាដូច្នេះទេ
៣៦/ សប្បុរស ដែលមានចិត្តស្ងប់ក្នុងលោក កាលទទួល តើទទួលបុគ្គលណាមុន
-កាលទទួលរមែងទទួលតែបុគ្គលអ្នកមានសទ្ធាជាដំបូង មិនទទួលបុគ្គលមិនមានសទ្ធាដូច្នេះទេ
៣៧/ សប្បុរស ដែលមានចិត្តស្ងប់ក្នុងលោក កាលសម្តែងធម៌ តើសម្តែងចំពោះបុគ្គលណាមុន
-កាលសម្តែងធម៌ ក៏រមែងសម្តែងចំពោះតែបុគ្គលអ្នកមានសទ្ធាជាដំបូង មិនសម្តែងធម៌ចំពោះបុគ្គលមិនមានសទ្ធាដូច្នេះទេ
៣៨/ កុលបុត្រមានសទ្ធា លុះបែកធ្លាយរាងកាយស្លាប់ទៅ តើដូចម្តេច
-កុលបុត្រមានសទ្ធា លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ទេវលោក
៣៩/ កុលបុត្រមានសទ្ធា រមែងជាទីពឹងអាស្រ័យនៃជនណាខ្លះ
-កុលបុត្រអ្នកដែលមានសទ្ធា រមែងជាទីពឹងពាក់អាស្រ័យនៃជនដ៏ច្រើន គឺភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក៏យ៉ាងនោះដែរ
៤០/ សម្មាទិដ្ឋិ កើតមានក្នុងសម័យនោះ តើដូចម្តេច
-បញ្ញា ការដឹងសព្វ ការពិចារណា ការពិចារណាធម៌ ភាពនៃបណ្ឌិត បញ្ញា បញ្ញិន្រ្ទិយ បញ្ញាពលៈ សស្រ្តាគឺបញ្ញា ប្រាសាទគឺបញ្ញា ពន្លឺគឺបញ្ញា ឱភាសគឺបញ្ញា គ្រឿងឆ្លុះគឺបញ្ញា រតនៈគឺបញ្ញា អមោហៈ ធម្មវិចយៈ សម្មាទិដ្ឋិណា ក្នុងសម័យនោះនេះសម្មាទិដ្ឋិកើតមានក្នុងសម័យនោះ
៤១/ សេចក្តីរុងរឿង ៤យ៉ាង តើដូចម្តេចខ្លះ
-គឺសេចក្តីរុងរឿងនៃព្រះចន្ទ១ សេចក្តីរុងរឿងនៃព្រះអាទិត្យ១ សេចក្តីរុងរឿងនៃភ្លើង១ សេចក្តីរុងរឿងនៃប្រាជ្ញា១
៤២/ អ្នកដល់សរណគមន៍ ជាលោកិយ សៅហ្មងដោយហេតុប៉ុន្មានយ៉ាង? អ្វីខ្លះ?
-ដោយហេតុ៣យ៉ាងគឺ ការមិនដឹង១ ការសង្ស័យ១ ការយល់ខុស១
៤៣/ ការដាច់សរណគមន៍ជាលោកិយ មានប៉ុន្មានយ៉ាង? អ្វីខ្លះ ?
-មាន២យ៉ាងគឺ ការដាច់ដោយមានទោស១ ការដាច់ដោយមិនមានទោស១
៤៤/ ការដាច់សរណគមន៍ ដោយមានទោស តើដូចម្តេច
-ការដាច់សរណគមន៍ ដោយមានទោសគឺដោយការចូលទៅកាន់សាសនាដទៃជាដើម
៤៥/ ការដាច់សរណគមន៍ ដោយមិនមានទោស តើដូចម្តេច
-ការដាច់សរណគមន៍ ដោយមិនមានទោសគឺដោយការធ្វើកាលកិរិយា
៤៦/ ផលនៃការដល់សរណគមន៍ជាលោកិយ តើដូចម្តេច
-រមែងមានភពសម្បត្តិ និងភោគសម្បត្តិជាផលដូចគ្នា (ព្រះពុទ្ធដីកា ជនទាំងឡាយណាមួយបានដល់នូវព្រះពុទ្ធជាទីរឮក ជនទាំងនោះនឹងមិនទៅកាន់អបាយភូមិឡើយ លុះលះបង់រាងកាយជារបស់មនុស្សហើយ នឹងទៅបំពេញក្នុងពួកទេវតាមិនខាន)
៤៧/ បុគ្គលបានជាឧបាសក តើដោយហេតុដូចម្តេច
-បពិត្រមហានាម បុគ្គលដល់នូវព្រះពុទ្ធជាទីពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹង ដោយហេតុណា បពិត្រមហានាម បុគ្គលបានជាឧបាសក ដោយហេតុប៉ុណ្ណោះឯង
៤៨/ ឧបាសកជាអ្នកមានសីល តើដូចម្តេច
-ឧបាសកជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកការផឹកទឹកស្រវឹងគឹសុរា និងមេរ័យ ដែលជាទីតាំងនៃសេចក្តីប្រមាទ ដោយហេតុណា បពិត្រមហានាម ឧបាសកជាអ្នកមានសីលដោយហេតុប៉ុណ្ណោះឯង
៤៩/ អាជីវៈរបស់ឧបាសក តើដូចម្តេច
-គឺជាមុខរបរចិញ្ចឹមជីវិតរបស់ឧបាសក
៥០/ ជំនួញខុស៥យ៉ាង តើដូចម្តេច
-គឺការជួញដូរសស្រ្តាវុធ១ ការជួញមនុស្ស១ ការជួញ(សត្វដែលគេសម្លាប់យក)សាច់១ ការជួញគ្រឿងស្រវឹង១ ការជួញថ្នាំពិស១
៥១/ ចណ្ឌាលឧបាសក ប្រកបដោយធម៌ប៉ុន្មានយ៉ាង? អ្វីខ្លះ?
-ចណ្ឌាលឧបាសក ប្រកបដោយធម៌៥យ៉ាងគឺ ឧបាសកជាអ្នកមិនមានសទ្ធា១ ជាអ្នកទ្រុស្តសីល១ ជាអ្នកប្រកាន់មង្គលភ្ញាក់ផ្អើល១ ជាអ្នកជឿតែមង្គលមិនជឿកម្ម១ ជាអ្នកស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅព្រះពុទ្ធសាសនានេះ ហើយធ្វើបុណ្យនឹងទក្ខិណេយ្យបុគ្គលនោះ១
៥២/ រតនឧបាសក ប្រកបដោយធម៌ប៉ុន្មានយ៉ាង? អ្វីខ្លះ?
-រតនឧបាសក ប្រកបដោយធម៌៥យ៉ាងគឺ ឧបាសកជាអ្នកមានសទ្ធា១ ជាអ្នកមានសីល១ ជាអ្នកមិនប្រកាន់មង្គលភ្ញាក់ផ្អើល១ ជាអ្នកជឿតែកម្ម មិនជឿមង្គល១ ជាអ្នកមិនស្វែងរកទក្ខិណេយ្យបុគ្គលខាងក្រៅព្រះពុទ្ធសាសនា ធ្វើបុណ្យតែក្នុងពុទ្ធសាសនានេះ១
៥៣/ វិបត្តិ ឧបាសកតើដូចម្តេច
-វិបត្តិ ឧបាសកបានដល់ វិបត្តិនៃសីល និងអាជីវៈរបស់ឧបាសកនោះឯង
៥៤/ សម្បត្តិ ឧបាសក តើដូចម្តេច
-សម្បត្តិ ឧបាសកបានដល់ការដល់ព្រមដោយសីល និងការដល់ព្រមដោយអាជីវៈរបស់ឧបាសកនោះ
៥៥/ និច្ចសីល ឬសីលប្រាំ តើដូចម្តេច
-និច្ចសីល ឬសីលប្រាំ គឺជាសីលដែលបុគ្គលត្រូវរក្សាជាប់និច្ច មិនលោះថ្ងៃណាមួយឡើយ
៥៦/ ឧបោសថសីល ឬសិក្ខាបទ៨ តើដូចម្តេច
-ឧបោសថសីល ឬសិក្ខាបទ៨ គឺជាសីលដែលបុគ្គលរក្សាតាមការ កំណត់នៃថ្ងៃ ១ខែមាន៨ថ្ងៃគឺ ៥កើត ៥រោច ៨កើត ៨រោច ១៤កើត ១៤រោច (ខែខ្លះ១៣រោច) ១៥កើត ១៥រោច (ខែខ្លះ ១៤រោច)
៥៧/ អតិរេកសីល ឬសីល១០ តើដូចម្តេ
-អតិរេកសីល ឬសីល១០ គឺជាសីលដ៏វិសេស ដ៏ប្រសើរក្រៃពេក ដ៏ខ្ពង់ខ្ពស់ គឺជាសីលដែលត្រូវរក្សាជារៀងរហូត
៥៨/ ការប្រព្រឹត្តខុសក្នុងកាម របស់បុរស តើដូចម្តេច
-គឺបុរសទៅប្រព្រឹត្តខុសអសុធម្មជាមួយនឹងស្ត្រីទាំង២០ពួកណាមួុយ
៥៩/ ការប្រព្រឹត្តខុសក្នុងកាម របស់ស្រ្តី តើដូចម្តេច -ការប្រព្រឹត្តខុសក្នុងកាមេរបស់ស្រ្តីគឺ សម្រាប់ស្ត្រី ១២ពួក ដែលប្រព្រឹត្តអសទ្ធម្មជាមួយបុរសដទៃក្រៅអំពីស្វាមីរបស់ខ្លួន។ ស្រ្តី១ពួកគឺ ស្រីដែលបុរសថែរក្សាទុកតាំងពីនៅក្នុងផ្ទៃ១ ស្រីដែលស្តេចហួងហែងដោយអាជ្ញា១ រួមនិងភរិយា១០ពួក មានភរិយាដែលលោះមកដោយទ្រព្យជាដើម។
៦០/ ការសមាទាននិច្ចសីលរួមគ្នា (រួមសិក្ខាបទចូលគ្នា) តើដូចម្តេច
-ការសមាទាននិច្ចសីលរួមគ្នា (រួមសិក្ខាបទចូលគ្នា) គឺការសមាទានដោយការអធិដ្ឋានរួមសិក្ខាបទ
៦១/ ការសមាទាននិច្ចសីល បែកគ្នា (រាយសិក្ខាបទមួយៗ) តើដូចម្តេច
-ការសមាទាននិច្ចសីល បែកគ្នា (រាយសិក្ខាបទមួយៗ) គឺការលើកយកនូវសិក្ខាបទមួយមកសមាទាន
៦២/ ការទទួលសិក្ខាបទ តើអាចប្រព្រឹត្តទៅបានតាមផ្លូវណាខ្លះ
-ការទទួលសិក្ខាបទ គឺអាចប្រព្រឹត្តទៅបានតាមផ្លូវកាយ វាចា និងចិត្ត
៦៣/ ផលនៃការវៀរចាក ការសម្លាប់សត្វ តើដូចម្តេច
-ផលនៃការវៀរចាក ការសម្លាប់សត្វ ជាអ្នកមានអវយវៈតូចធំបរិបូណ៌ មានសម្បត្តិគឺភាពខ្ពង់ខ្ពស់ មានជើងតាំងនៅរាបស្មើ មានភាពស្រស់បស់ល្អ ទន់ភ្លន់ ស្អាត ក្លាហាន មានកម្លាំងច្រើន មានវាចាពិរោះ ជាទីស្រលាញ់របស់សត្វលោក ភាពជាបុគ្គលមិមស្លាប់ព្រោះសត្រូវ ភាពជាបុគ្គលមានរូបស្អាត ជាបុគ្គលមានរោគតិច មិនព្រាត់ប្រាស់ចាកសត្វ និងសង្ខារជាទីស្រលាញ់ និងជាអ្នកមានអាយុវែង
៦៤/ ផលនៃការវៀរចាក ការលួចទ្រព្យគេ តើដូចម្តេច
-ផលនៃការវៀរចាក ការលួចទ្រព្យគេ គឺជាអ្នកមានទ្រព្យច្រើន ស្តុកស្តម្ភដោយភោគៈ ជាអ្នកមិនមានភ័យអន្តរាយអំពីព្រះរាជា ចោរ ទឹក ភ្លើង ជាអ្នកមិមស្គាល់ពាក្យថាមិនមាន និងរស់នៅជាសុខបានលោកុត្តរទ្រព្យ
៦៥/ ផលនៃការវៀរចាក ការប្រព្រឹត្តខុសក្នុងកាម តើដូចម្តេច
-ផលនៃការវៀរចាក ការប្រព្រឹត្តខុសក្នុងកាម ការមិនមានសត្រូវ ជាទីស្រលាញ់របស់បុគ្គលគ្រប់រូប ការបានបាយ ទឹក សំពត់ ទីដេកជាដើម ការដេកជាសុខ ការភ្ញាក់ជាសុខ ការផុតភ័យក្នុងអបាយ ការមិនកើតជាស្ត្រី ឬកើតជាមនុស្សមិនមានភេទ ភាពជាទីស្រលាញ់នៃស្ត្រី និងបុរស មានឥន្រ្ទិយបរិបូណ៌ មានលក្ខណៈបរិបូណ៌ ជាអ្នកមិនមានការវិនាសព្រាត់ប្រាសចាកសត្វ និងសង្ខារជាទីស្រលាញ់
៦៦/ ផលនៃការវៀរចាក ការពោលពាក្យកុហក តើដូចម្តេច
-ផលនៃការវៀរចាក ការពោលពាក្យកុហក ជាអ្នកមានវាចាពីរោះ ជាអ្នកមានធ្មេញរាបស្មើស្អាត ជាអ្នកមិនធាត់ពេក ជាអ្នកមិនស្គម ជាអ្នកមិនទាបពេក ជាអ្នកមិនខ្ពស់ពេក ជាអ្នកមានសម្ផស្សជាសុខ មាត់មានក្លិមដូចផ្កាឧប្បល ជាអ្នកមានវាចាដែលអ្នកដទៃជឿបាន
៦៧/ ផលនៃការវៀរចាក ការផឹកទឹកស្រវឹង តើដូចម្តេច
-ផលនៃការវៀរចាក ការផឹកទឹកស្រវឹង គឺការមានសតិគ្រប់កាល មិនជាមនុស្សឆ្កួត ជាអ្នកមានញាណ ជាអ្នកមិនល្ងង់ មិនតក់ស្លុត មិនគ មិនស្រវឹង មិនវង្វេង មិនភ័យខ្លាច ជាអ្នកមានការយល់ដឹង ជាបណ្ឌិត ជាអ្នកឆ្លាសក្នុងវត្ថុដែលជាប្រយោជន៍ និងមិនជាប្រយោជន៍ជាដើម
៦៨/ ផលនៃការរក្សារឧបោសថ តើដូចម្តេច
-ឧបោសថប្រកបដោយអង្គ៨ ប្រការដែលបុគ្គលចាំរក្សាយ៉ាងនេះហើយ រមែងមានផលច្រើន មានអានិសង្ឃច្រើន មានសេចក្តីរុងរឿងច្រើន មានសេចក្តីផ្សាយទៅច្រើន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតជាមួយនឹងពួកចាតុម្មហារាជិកាទេវតា រមែងទៅកើតជាមួយនឹងពួកតាវត្តិង្សទេវតា រមែងទៅកើតជាមួយនឹងពួកបរនិម្មិតវសវត្តីទេវតា
៦៩/ ពួកអាមាត្យ ជាបរិសទ្យរបស់ស្តេចធំទាំង៤ តែងដើរត្រួតសត្វលោកនៅពេលណា
-ក្នុងថ្ងៃទី៨នៃបក្ខ ពួកអាមាត្យ ជាបរិសទ្យរបស់ស្តេចធំទាំង៤ តែងដើរត្រួតសត្វលោក
៧០/ ពួករាជបុត្ររបស់ស្តេចធំទាំង៤ តែងដើរត្រួតសត្វលោកនៅពេលណា
-ក្នុងថ្ងៃទី១៤នៃបក្ខ ពួករាជបុត្ររបស់ស្តេចធំទាំង៤ តែងដើរត្រួតសត្វលោក
៧១/ ពួកស្តេចធំទាំង៤ តែងដើរត្រួតសត្វលោកនៅពេលណា
-ក្នុងថ្ងៃបណ្ណរសីឧបោសថ ពួកស្តេចធំទាំង៤ តែងដើរត្រួតសត្វលោក
៧២/ បកតិ ឧបោសថ តើដូចម្តេច
-បកតិ ឧបោសថគឺជាឧបោសថដែលធ្វើតាមប្រក្រតី ក្នុង១មួយខែមាន៨ថ្ងៃគឺ ៥កើត ៥រោច ៨កើត ៨រោច ១៤កើត ១៤រោច (ខែខ្លះ១៣រោច) ១៥កើត ១៥រោច (ខែខ្លះ ១៤រោច)
៧៣/ បដិជាគរ ឧបោសថ តើដូចម្តេច
-បដិជាគរឧបោសថ គឺជាឧបោសថដែលធ្វើឡើងដោយមានការទទួល និងការបញ្ជូន ក្នុង១ខែមាន១៩ថ្ងៃគឺ ៤កើត ៥កើត ៦កើត ៤រោច ៥រោច ៦រោច ៧កើត ៨កើត ៩កើត ៧រោច ៨រោច ៩រោច ១៣កើត ១៤កើត ១៥កើត ១៣រោច ១៤រោច ១៥រោច ១រោច (មិនមានថ្ងៃ១កើត ទេ ព្រោះត្រូវចូលខែថ្មី)
៧៤/ បាដិហារិយ ឧបោសថ តើដូចម្តេច
-បាដិហារិយ ឧបោសថ គឺជាឧបោសថដែលត្រូវរក្សា ជាប់តគ្នាមិនដាច់អស់ត្រៃមាសក្នុងវស្សន្តរដូវ
៧៥/ អកុសលកម្មបថ១០ តើដូចម្តេច
-អកុសលកម្មបថ១០មានសេចក្តីថា ការធ្វើ ឬអំពើ ដែលជាផ្លូវទៅកាន់អបាយភូមិ មាន១០យ៉ាង
៧៦/ អកុសលកាយកម្ម៣ តើដូចម្តេច
-អកុសលកាយកម្ម៣ គឺជាការប្រព្រឹត្តនូវអំពើអាក្រក់ផ្សេងៗតាមផ្លូវកាយ ៣យ៉ាងគឺ បាណាតិបាត អទិន្នាទាន និងកាមេសុមិច្ឆាចារ
៧៧/ អកុសលវចីកម្ម៤ តើដូចម្តេច
-អកុសលវចីកម្ម៤ គឺការប្រព្រឹត្តនូវអំពើអាក្រក់តាមផ្លូវចាវា មាន៤យ៉ាងគឺ មុសាវាទ បិសុណាវាចា ផរុសវាចា សម្ផប្បលាប
៧៨/ អកុសលមនោកម្ម៣ តើដូចម្តេច
-អកុសលមនោកម្ម៣ គឺការប្រព្រឹត្តអាក្រក់តាមផ្លូវចិត្ត មាន៣យ៉ាងគឺ អភិជ្ឈា ព្យាបាទ និងមិច្ឆាទិដ្ឋិ
៧៩/ ការសម្លាប់សត្វ តើដូចម្តេច
-ជាវធកចេតនាគឺចេតនាគិតនឹងសម្លាប់ របស់បុគ្គលដែលមានសេចក្តី សម្គាល់ក្នុងសត្វមានជីវិតនោះថា សត្វមានជីវិត ជាសមុដ្ឋាននៃសេចក្តីព្យាយាម ដែលនឹងផ្តាច់បង់នូវជីវិតិន្រ្ទិយរបស់សត្វមានជីវិតនោះ ប្រព្រឹត្តទៅតាមកាយទ្វារ ឬវចីទ្វារ ទ្វារណាមួយ
៨០/ ការប្រព្រឹត្តខុសក្នុងកាម តើដូចម្តេច
-ការប្រព្រឹត្តខុសក្នុងកាម គឺជាចេតនាដែលប្រព្រឹត្តកន្លងល្មើស អគមនីយដ្ឋាន គឺបុគ្គលដែលមិនគួរប៉ះពាល់ ប្រព្រឹត្តទៅតាមកាយទ្វារ មានបំណងនឹងសេពនូវអសទ្ធម្ម
៨១/ ការពោលពាក្យកុហក តើដូចម្តេច
-ចេតនារបស់បុគ្គលដែលបំណងនឹងឲ្យអ្នកដទៃ ដឹងរឿងដែលមិនពិតថាពិត ដែលញាំងប្រយោគក្នុងការឲ្យអ្នកដទៃដឹងនោះ ឲ្យតាំងឡើង
៨២/ ការពោលពាក្យញុះញង់ តើដូចម្តេច
-បុគ្គលធ្វើខ្លួនឲ្យជាទីស្រលាញ់ក្នុងហទយៈរបស់បុគ្គលដែលខ្លួនពោលវាចានោះផង ធ្វើឲ្យសាបសូន្យដល់បុគ្គលដទៃផង ដោយវាចាណា វាចានោះឈ្មោះថា បិសុណាវាចា
៨៣/ ការពោលពាក្យទ្រគោះ តើដូចម្តេច
-បុគ្គលណាធ្វើខ្លួនឯងខ្លះ ធ្វើអ្នកដទៃខ្លះ ឲ្យគ្រោតគ្រាតដោយវាចាណា ឬវាចាណា ជាវាចាគ្រោតគ្រាត មិនពិរោះ មិនចាប់ចិត្ត វាចានេះឈ្មោះថា ផរុសវាចា
៨៤/ ការពោលពាក្យរោយរាយ ឥតប្រយោជន៍ តើដូចម្តេច
-បុគ្គលពោលរោយរាយ គឺឥតប្រយោជន៍ ដោយវាចាណា វាចានោះឈ្មោះថា សម្ផប្បលាប
៨៥/ ការសម្លឹងរំពៃទ្រព្យអ្នលដទៃ តើដូចម្តេច
-ធម្មជាតិដែលបែរមុខឆ្ពោះទ្រព្យអ្នកដទៃឲ្យប្រព្រឹត្តទៅ ភាពជាធម្មជាតិបង្អោនទៅកាន់សម្បត្តិរបស់អ្នកដទៃ
៨៦/ ការប្រទូស្ត តើដូចម្តេច
- ការប្រទូស្តគឺដោយការ ធ្វើ នឹងញ៉ាំងប្រយោជន៍ និងសេចក្តីសុខអ្នក ដទៃឲ្យវិនាស
៨៧/ ការយល់ខុសចាកសេចក្តីពិត តើដូចម្តេច
- មិច្ឆាទិដ្ឋិ ព្រោះអត្ថថា ការយល់ឃើញខុសដោយការមិនកាន់យកតាមសេចក្តីពិត ។
៨៨/ កុសលកម្ម១០ កម្មបថ១០ តើដូចម្តេច
-កុសលកម្មបថ១០មានសេចក្តីថា ការធ្វើ ឬអំពើ ដែលជាផ្លូវទៅកាន់សុគតិ មាន១០យ៉ាង
៨៩/ កុសលកាយកម្ម៣ តើដូចម្តេច
-កុសលកាយកម្ម៣ គឺជាការមិនប្រព្រឹត្តនូវអំពើអាក្រក់ផ្សេងៗតាមផ្លូវកាយ ៣យ៉ាងគឺ បាណាតិបាត អទិន្នាទាន និងកាមេសុមិច្ឆាចារ
៩០/ កុសលវិចីកម្ម៤ តើដូចម្តេច
-កុសលវចីកម្ម៤ គឺការមិនប្រព្រឹត្តនូវអំពើអាក្រក់តាមផ្លូវចាវា មាន៤យ៉ាងគឺ មុសាវាទ បិសុណាវាចា ផរុសវាចា សម្ផប្បលាប
៩១/ កុសលមនោកម្ម៣ តើដូចម្តេច
-កុសលមនោកម្ម៣ គឺការមិនប្រព្រឹត្តអាក្រក់តាមផ្លូវចិត្ត មាន៣យ៉ាងគឺ អភិជ្ឈា ព្យាបាទ និងមិច្ឆាទិដ្ឋិ
៩២/ ការមិនសម្លាប់សត្វ តើដូចម្តេច
-គឺការមិនផ្តាច់បង់នូវជីវិតិន្រ្ទិយរបស់សត្វមានជីវិតនោះ ប្រព្រឹត្តទៅតាមកាយទ្វារ ឬវចីទ្វារ ទ្វារណាមួយ ឈ្មោះថាការមិនសម្លាប់សត្វ
៩៣/ ការមិនប្រព្រឹត្តខុសក្នុងកាម តើដូចម្តេច
-គឺជាចេតនាមិនប្រព្រឹត្តកន្លងល្មើស អគមនីយដ្ឋាន គឺបុគ្គលដែលមិនគួរប៉ះពាល់ ប្រព្រឹត្តទៅតាមកាយទ្វារ មិនមានបំណងនឹងសេពនូវអសទ្ធម្មនោះ ឈ្មោះថាមិនប្រព្រឹត្តខុសក្នុងកាម
៩៤/ ការមិនពោលពាក្យកុហក តើដូចម្តេច
-ចេតនារបស់បុគ្គល ដែលមិនមានបំណងនឹងឲ្យអ្នកដទៃ ដឹងរឿងដែលមិនពិតថាពិត ឈ្មោះថាមិនពោលពាក្យកុហក
៩៥/ ការមិនពោលពាក្យ ញុះញង់ តើដូចម្តេច
-បុគ្គលមិនធ្វើខ្លួនឲ្យជាទីស្រលាញ់ក្នុងហទយៈរបស់បុគ្គលដែលខ្លួនពោលវាចានោះផង មិនធ្វើឲ្យសាបសូន្យដល់បុគ្គលដទៃផង ឈ្មោះថាមិនពោលពាក្យ ញុះញង់
៩៦/ ការមិនពោលពាក្យ ទ្រគោះ តើដូចម្តេច
-បុគ្គលណាមិនធ្វើខ្លួនឯងខ្លះ មិនធ្វើឲ្យអ្នកដទៃខ្លះ ឲ្យគ្រោតគ្រាតដោយវាចាណា ឬវាចាណា ជាវាចាមិនគ្រោតគ្រាត ពិរោះ ចាប់ចិត្ត វាចានេះឈ្មោះថា មិនពោលពាក្យ ទ្រគោះ
៩៧/ ការមិនពោលពាក្យ រោយរាយឥតប្រយោជន៍ តើដូចម្តេច
-បុគ្គលមិនពោលរោយរាយ គឺឥតប្រយោជន៍ ដោយវាចាណា វាចានោះឈ្មោះថា ការមិនពោលពាក្យ រោយរាយឥតប្រយោជន៍
៩៨/ ការមិនសម្លឹងរំពៃទ្រព្យអ្នកដទៃ តើដូចម្តេច
-ធម្មជាតិដែលមិនបែរមុខឆ្ពោះទ្រព្យអ្នកដទៃឲ្យប្រព្រឹត្តទៅ ភាពជាធម្មជាតិមិនបង្អោនទៅកាន់សម្បត្តិរបស់អ្នកដទៃ ឈ្មោះថាការមិនសម្លឹងរំពៃទ្រព្យអ្នកដទៃ
៩៩/ ការមិនប្រទូស្ត តើដូចម្តេច
-ការមិនធ្វើ នឹងការមិនញ៉ាំងប្រយោជន៍ និងសេចក្តីសុខអ្នកដទៃឲ្យវិនាស ឈ្មោះថា ការមិនប្រទូស្ត
១០០/ ការមិនយល់ខុសចាកសេចក្តីពិត តើដូចម្តេច
- ការមិនវង្វេង ការសង្កេតនូវធម៌ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាទិដ្ឋិ ៨១/២៣៨
១០១/ សីលវិបត្តិ តើដូចម្តេច
-ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ លួចទ្រព្យគេ ប្រព្រឹត្តខុសក្នុងកាម ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យឥតប្រយោជន៍។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សីលវិបត្តិ
១០២/ ចិត្តវិបត្តិ តើដូចម្តេច
-ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកច្រើនដោយអភិជ្ឈា មានចិត្តព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តវិបត្តិ
១០៣/ ទិដ្ឋិវិបត្តិ តើដូចម្តេច
-ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាមិច្ឆាទិដ្ឋិ មានសេចក្តីយល់វិបរិតថា ទានដែលបុគ្គលឲ្យហើយមិនមានផល ការបូជាធំមិនមានផល ការបូជាតូចមិនមានផល ផលវិបាកនៃកម្មដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មិនមាន លោកនេះមិនមាន លោកខាងមុខមិនមាន មាតាមិនមានគុណ បិតាមិនមានគុណ ពួកសត្វជាឱបបាតិកមិនមាន ពួកសមណៈព្រហ្មណ៍ជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិប្រពៃ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងហើយប្រកាសក្នុងលោក ក៏មិនមាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិវិបត្តិ
១០៤/ សីលសម្បទា តើដូចម្តេច
-ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកបិសុវាចា វៀរផរុសវាចា វៀរចាកសម្ផប្បលាប។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សីលសម្បទា
១០៥/ ចិត្តសម្បទា តើដូចម្តេច
ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ មិនច្រើនដោយអភិជ្ឈា មានចិត្តមិនព្យាបាទ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ចិត្តសម្បទា
១០៦/ ទិដ្ឋិសម្បទា តើដូចម្តេច
-ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះក្នុងលោកនេះ ជាសម្មាទិដ្ឋិ មានសេចក្តីយល់វិបរិតថា ទានដែលបុគ្គលឲ្យហើយមានផល ការបូជាធំមានផល ការបូជាតូចមានផល ផលវិបាកនៃកម្មដែលបុគ្គលធ្វើល្អ និងធ្វើអាក្រក់មាន លោកនេះមាន លោកខាងមុខមាន មាតាមានគុណ បិតាមានគុណ ពួកសត្វជាឱបបាតិកមាន ពួកសមណៈព្រហ្មណ៍ជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិប្រពៃ ធ្វើឲ្យជាក់ច្បាស់នូវលោកនេះ និងលោកខាងមុខ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងហើយប្រកាសក្នុងលោក ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទិដ្ឋិសម្បទា
១០៧/ សត្វដែលប្រកបដោយ សីលវិបត្តិ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ តើដូចម្តេច
-ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែសីលវិបត្តិ បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ គឺទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកក៏មាន
១០៨/ សត្វដែលប្រកបដោយ ចិត្តវិបត្តិ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ តើដូចម្តេច
-ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែចិត្តវិបត្តិ បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ គឺទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកក៏មាន
១០៩/ សត្វដែលប្រកបដោយ ទិដ្ឋិវិបត្តិ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ តើដូចម្តេច
-ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែទិដ្ឋិវិបត្តិ បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ គឺទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរកក៏មាន
១១០/ សត្វដែលប្រកបដោយ សីលសម្បទា លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ តើដូចម្តេច
-ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែសីលសម្បទា បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងទេវលោក គឺសុគតិ និងស្ថានសួគ៌ក៏មាន
១១១/ សត្វដែលប្រកបដោយ ចិត្តសម្បទា លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ តើដូចម្តេច
-ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែចិត្តសម្បទា បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងទេវលោក គឺសុគតិ និងស្ថានសួគ៌ក៏មាន
១១២/ សត្វដែលប្រកបដោយ ទិដ្ឋិសម្បទា លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ តើដូចម្តេច
-ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុតែទិដ្ឋិសម្បទា បានជាសត្វទាំងឡាយ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ ទៅកើតក្នុងទេវលោក គឺសុគតិ និងស្ថានសួគ៌ក៏មាន
១១៣/ ពាក្យឧទ្ទិសទាន តើដូចម្តេច ហើយត្រូវប្រើនៅពេលណា
-ពាក្យឧទ្ទិសទានយ៉ាងនេះគឺ ឥទំ វោ ញាតីនំ ហោតុ សុខិតា ហោន្តុ ញាតយោ ទាននេះ ចូរមានដល់ញាតិទាំងឡាយ សូមញាតិទាំងឡាយ បានដល់នូវសេចក្តីសុខចុះ។ ពាក្យឧទ្ទិសទាននេះប្រើបន្ទាប់ពីការដែលបានថ្វាយទាន មានបាយ ទឹក នំ ចំណីរួច។
១១៤/ ពាក្យចែកបុណ្យដល់សព្វសត្វ តើដូចម្តេច ហើយត្រូវប្រើនៅពេលណា
-ពាក្យចែកបុណ្យដល់សព្វសត្វគឺមានពាក្យថា យំ កិញ្ចិ កុសលំ កម្មំ ដែលប្រែថាអំពើជាកុសលណាមួយ ដែលខ្ញុំគប្បីធ្វើដោយកាយ វាចា ចិត្ត ជាដើម ។ ដោយត្រូវប្រើបន្ទាប់អំពីការធ្វើកុសលកម្មផ្សេងៗរួច មានដូចជាការសិក្សាធម៌ ការស្តាប់ធម៌ ជាដើម ។
លោកគ្រូជាទីគោរព អុឹម រ៉ៃយ៉ា 1f64f_1f3fb1f64f_1f3fb1f64f_1f3fb1fab7

 

baddha%20kh
rotator%20BB%20C
chouk-banner-new-blog
high%20reKH
banner%20kh
logo%20kh
head-img99
khmer+culture
904x160-22-slow
khmer-traditional-game
cropped-headerbg16
76B0F5E8-DF8E-4FFD-B8DE-F7770D8C3425_w974
Comment Using!!

No comments:

Post a Comment

Home