១៣- អ្នកកាន់ឃ្លាំងទ្រព្យ
អត្ថបទទី៩, ត្រង់កន្លែងនេះ និយាយពីអ្នកទទួលបន្ទុករក្សាទ្រព្យ បើនិយាយពីប្រទេស គឺសំដៅក្រសួងលុយ ដែលជាអ្នកចាត់ចែងចាយវាយរបស់ប្រទេស ហើយក្នុងអត្ថបទនេះ មានកន្លែងមួយបង្ហាញថា សត្វចចក កាន់តួនាទីក្រសួងលុយនេះ បានប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ចសម្បត្តិរួម មកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ទើបខ្ញុំដាក់ចំណងជើងថា "អ្នកកាន់ឃ្លាំងទ្រព្យ" ។ សូមសាធុជនអានលេងកម្សាន្តជាមួយគ្នាដូចខាងក្រោម ៖
អ្នកកាន់ឃ្លាំង ជាអ្នកសម្រេចការមានក្រ ព្រោះជាអ្នកគ្រប់គ្រងការចាយវាយ។ ក្នុងតំណែងនេះ អ្នកត្រូវទទួលនាទី គឺសំខាន់ខ្លាំងណាស់ បើមិនដូច្នោះ គេហៅមនុស្សកញ្ជើធ្លុះ ហើយទីនោះមិនមានបានឡើយ ។ នៅក្នុងស្រីហិតោបទេសនេះ បានបង្ហាញមនុស្សបីប្រភេទ ដែលមិនគួរឲ្យកាន់តំណែងជាអ្នកកាន់ឃ្លាំងទ្រព្យ គឺព្រាហ្មណ៍ ១, អ្នកចម្បាំង ១, ញាតិសន្តាន ១ ម្យ៉ាងទៀត ពេលត្រូវដកតំណែងក៏មិនងាយស្រួលទៀតផង ។
នៅក្នុងដែនគ្រប់គ្រងរបស់សត្វសីហៈ ជាស្តេចសត្វ បានតែងតាំងសត្វចចក ជាមន្ត្រីកាន់ឃ្លាំងទ្រព្យ ប៉ុន្តែសត្វនេះ តែងប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ចសម្បត្តិរួម ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន, ពេលនោះសីហៈស្តព្វកណ៌ៈ ជាបងបង្កើតរបស់សីហៈបិង្គលកៈ បានលើកឡើងនូវលក្ខណៈ បុគ្គលដែលមិនគួរឲ្យជាអ្នកកាន់ឃ្លាំង និងរបៀបដកតំណែងអ្នកនេះចេញដូច្នេះ ៖
“អ្នកចម្បាំងកាន់ការឃ្លាំងទ្រព្យ ទៀងណាស់តែនឹងកាន់ក្របីសម្តែងឫទ្ធិ បើឲ្យផៅពង្សកាន់វិញ គេគិតតែពីការទាញយកទ្រព្យសម្បត្តិអស់ ដោយអាងថាខ្លួនជាញាតិ”, “បុគ្គល កាលស្ថិតនៅក្នុងតំណែងតាំងចិត្តធ្វើការជាឧបការៈមិនសម្គាល់ថាខ្លួនធ្វើការខុសទេ តែងយកឧបការៈជាទង់ជ័យបាំងមុខ ហើយនឹងធ្វើការបំផ្លាញប្រទេសទាំងមូល” ។ បន្ថែមពីនេះ សត្វសីហៈនោះ បានពោលបន្ថែមដូច្នេះថា “ប្រើមធ្យោបាយដកយសសក្តិ, ត្រួតត្រាមើលជានិច្ច, ប្រទានឲ្យឡើងនាទី, ផ្លាស់ចេញពីនាទី នេះជាប្រសាសន៍វិធីនៃស្តេចដែលត្រូវធ្វើចំពោះអាមាត្យ” ។
អ្នកកាន់ឃ្លាំង មិនត្រឹមមានចំណេះដឹងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ តែត្រូវមានលក្ខណៈស្មោះត្រង់ ចាយវាយតាមបន្ទាត់ មានបញ្ជីក្រដាស់ស្នាមត្រឹមត្រូវ មិនត្រូវយកទស្សនៈ មេមាន់ពងលើជង្រុកស្រូវឡើយ ។ ម្យ៉ាងទៀត អ្នកចម្បាំង ឬបងប្អូនសាច់ញាតិ មុនតែងតាំងឲ្យកាន់ការ គួរពិចារណាឲ្យល្អិតសិន មិនដូច្នោះទ្រព្យឃ្លាំងពិបាកថែណាស់ ។
...................
សូមជួយកែតម្រូវបើសាធុជនឃើញចំណុចណាខុសប្រក្រតី!
សូមរង់ចាំភាគបន្ត !
No comments:
Post a Comment