វិជ្ជា ទ្រព្យ និងធម៌
ទម្រាំកែតម្រូវ និងរៀបចំ
ឥឡូវខ្ញុំសាកល្បងវិភាគស្លោកដ៏ពេញនិយមថា
"អ្នកប្រាជ្ញ កាលបើស្វែងរកវិជ្ជា និងទ្រព្យ គប្បីគិតថាដូចខ្លួនមិនចាស់
មិនស្លាប់,
កាលបើស្វែងរកធម៌គប្បីគិតថាខ្លួនត្រូវម្រឹត្យុចាប់ក្របួចសក់បោកសម្លាប់ឥឡូវនេះហើយ"
ថាតើមានខ្លឹមសារយ៉ាងណា និងខ្ញុំមានយោបល់ដូចម្តេច?
ឥឡូវយើងសិក្សាទាំងអស់គ្នាដូចខាងក្រោម ៖
វិជ្ជា
ទ្រព្យសម្បត្តិ និងធម៌ សំខាន់បំផុត តែសូមលើកសារប្រយោជន៍
នៃវិជ្ជាមកនិយាយសិន ។ បុរាណលោកថា វិជ្ជា ជាអាហារ ប្រាជ្ញា ជាអាវុធ ។
អ្នកដែលមានវិជ្ជាតែងក្លៀវក្លាជាងអ្នកដទៃ ឬថាមានប្រៀបជាងគេលើការរស់នៅ
លើការសម្រេចចិត្តជាដើម ក៏ព្រោះសមត្ថភាពខួរក្បាល និងជំនាញលើសគេ
ដែលកើតពីការដុសខាតជាប្រចាំ តួយ៉ាង សម្តេចព្រះសង្ឃរាជ ជួន ណាត ទ្រង់ មានយស
និងតេជះ ក៏ព្រោះវិជ្ជានេះឯង បើតាមសាវតា
ទ្រង់សិក្សាស្ទើររហូតដល់ថ្ងៃទ្រង់ចូលទីវង្គត់ ព្រោះទ្រង់ដឹងពីប្រយោជន៍
និងតម្លៃនៃវិជ្ជាពិតប្រាកដ ហើយពិតមែនវិជ្ជាទ្រង់ បានជួយជាតិខ្មែរច្រើនណាស់ ។
ការដែលវិជ្ជាសំខាន់ដូច្នោះ ទើបអ្នកប្រាជ្ញឲ្យប្រឹងស្វែងរៀនរកកុំបីរង់ចាំ
ឬគិតថាខ្លួនចាស់ហើយ មិនអាចរៀនបាន ។ វិជ្ជាត្រូវការដុសខាត
ត្រូវសំលៀងដូចជាកាំបិត មិនអាចទុកចោលឡើយ ព្រោះវិជ្ជាថ្ងៃនេះ
អាចនឹងហួសសម័យនៅថ្ងៃស្អែក ឧទាហរណ៍ អ្នកធ្វើនង្គ័ល
បច្ចុប្បន្នប្រហែលជាអស់ទីផ្សារទៅហើយ ដោយសារគាត់ពុំបានរៀនវិជ្ជាថ្មី
ដើម្បីប្រែរបៀបអភិវឌ្ឍឧបករណ៍ធ្វើស្រែពីបុរាណមកសម័យ ឬអាចថាអភិវឌ្ឍមិនទាន់ ។
សូម្បីតែអ្នកប្រើកុំព្យូទ័រ ខាន់ Update តែមួយឆ្នាំ ក៏ដើរមិនទាន់គេដែរ
មមីរមើល ដូចចាប់ក្តាមដាក់ចង្អេរអ៊ីចឹង។
សម័យ
AI គ្រប់ក្រុមហ៊ុនធំៗ បានចំណាយថវិកាខ្ពង់ពាន់លាន លើវិស័យនេះ
ដោយមិនទាន់ឃើញចំណេញអ្វីជាដុំកំភួននៅឡើយ តែមានមូលហេតុមួយ
គឺខ្លាចដើរក្រោយគេលើបច្ចេកវិទ្យា ។ ក្រុម ហ៊ុនទូរស័ព្ទមួយ
ស្ទើរតែនឹងក្ស័យធនទៅហើយ ព្រោះតែបច្ចេកវិទ្យាដើរក្រោយក្រុមហ៊ុនទូរស័ព្ទដទៃ
ហើយការប្រជែងទីផ្សារក៏មិនឈ្នះគេ ពេលខ្លះគេថាអ្នកប្រើទូរស័ព្ទប្រភេទនោះ
សុទ្ធតែមនុស្សបុរាណ ទៀតផង ។
បើអ្នករៀន អ្នកមានឱកាស
ព្រោះអ្នកបានទទួលគន្លឹះថ្មីៗរហូត ។ អ្នករៀន អ្នកជាអ្នកឈ្នះ ឈ្នះគ្រប់យ៉ាង
ឈ្នះគំនិត វិធីសាស្ត្រ យុទ្ធសាស្ត្រ នយោបាយ ជំនួញ ។
អ្នករៀនមើលបានឆ្ងាយជាងអ្នកមិនបានរៀន ស្តាប់ឮជាង គិតបានវែងឆ្ងាយជាង
ឧទាហរណ៍ថា យើងចេះភាសាអង់គ្លេសមួយយ៉ាងស្ទាត់ជំនាញ
គឺយើងបានដឹងពីពិភពលោកដោយខ្លួនឯង ដោយមិនពឹងលើការបកប្រែរបស់គេទេ ។
អ្វីៗដែលហៅថាជាងនេះ គឺថាមានថាមពល ដូចជា មនុស្សក្មេងពេញកម្លាំង លឿន រហ័ស ។
យ៉ាងនេះយើងត្រូវតែរៀន បើចង់មានឱកាស រៀនកាន់តែច្រើន
ឱកាសជារបស់យើងក៏កាន់តែច្រើន ។ ពាក្យថារៀន គឺរៀនគ្រប់យ៉ាង
អ្វីយ៉ាងណាដែលនាំប្រយោជន៍ឲ្យយើង យើងគួរតែរៀនវា ដោយហោចទៅសូម្បីតែមួយព្រឹក
ចំណាយពេលអានកាសែតត្រឹម១០ នាទីរៀងរាល់ព្រឹក ក៏ឈ្មោះថារៀនស្វែងរកវិជ្ជាដែរ
ព្រោះបានដឹងពីសភាពការណ៍ស្រុកទេស ។
ដូចគ្នាដែរ
អ្នកស្វែងរកទ្រព្យ ក៏មិនត្រូវគិតថាខ្លួនចាស់ហើយ ឬជិតនឹងស្លាប់ឡើយដែរ
ព្រោះអ្វី? ព្រោះថា ទ្រព្យសម្បត្តិ ជាតម្រូវការសំខាន់បំផុតក្នុងជីវិត ។
ពាក្យគេនិយាយលេងតាមបណ្តាញសង្គមថាលុយមិនសំខាន់ សំខាន់អត់លុយមិនបាន
នេះជាការពិត ។ អ្នកមាន ទ្រព្យ ធ្វើអ្វីក៏ប្រសើរជាងគេ លឿនជាងគេ
និងមានសេចក្តីសុខសុភ មង្គលជាងគេដែរ ។ ឧទាហរណ៍ឲ្យងាយយល់ សម្ភារទំនើបៗ ចេញ
សេរីថ្មីៗ អ្នកមានទ្រព្យគេបានភ្លក់រសជាតិមុនគេ មុនឯង យើងអ្នក
គ្មានទ្រព្យបានត្រឹមស៊ែរលើហ្វេសប៊ុក ថ្ងៃណាបានប្រើនឹងគេប៉ុណ្ណោះ ។
មិនតែប៉ុណ្ណោះទ្រព្យសម្បត្តិដែលយើងមាន
គឺផ្តល់ភាពងាយស្រួលសម្រាប់តម្រូវការរបស់យើង ដូចជាការរស់នៅមានមុខមាត់
គឺមានទ្រព្យសម្បត្តិនេះហើយជាគ្រឿងលម្អ ជារបស់លើកមុខ ។ ជាការពិត
អ្នកហែហមច្រើន សុទ្ធតែមានទ្រព្យសម្បត្តិនៅពីក្រោយ ពេលខ្លះអ្នកមានអំណាច
ក៏មកហែហមអ្នកមានទ្រព្យដែរ មិនទាំងអស់ទេ តែមានខ្លះព្រោះអី
ធម្មតាទេអ្នកមានលុយប្រើខ្មោចឲ្យកិនម្សៅបាន ។ មិនតែ ប៉ុណ្ណោះ ទ្រព្យនេះ
បើអស់ថ្ងៃណា ជីវិតយើងនឹងដុនដាបទៅតាមថ្ងៃនោះដែរ សម័យឥឡូវគេហៅមនុស្សធ្លាក់កូដ
។ ពិតមែន មនុស្សដែលខ្វះទ្រព្យពិបាកមានមុខក្នុងសង្គមណាស់ បើស្ទើរចំណេះ
អត់អំណាចទៀតគឺមិនបាច់និយាយឡើយ គ្មានពន្លឺទេ ។
ទ្រព្យសម្បត្តិ
មិនអាចទិញអ្វីៗបានគ្រប់យ៉ាងទេ នេះជាឃ្លាយើងឧស្សាហ៍ឮ
តែអ្វីៗដែលទ្រព្យទិញបាន សុទ្ធតែជារបស់សំខាន់ ដូចជាផ្ទះល្អ ឡានម៉ូតូល្អៗ
គ្រឿងលម្អជីវិតផ្សេងៗ និងពេលឈឺថ្កាត់អាចជ្រើសរើសទៅពេទ្យល្អៗបានទៀតផង
ដោយហោចទៅសូម្បីតែស្លាប់ក៏អាចជ្រើសរើសក្តារមឈូសល្អជាងគេបានដែរ ។ សរុបមក
មានទ្រព្យមានជម្រើស ដូច្នោះកុំឲ្យកាលវេលាកន្លងទៅ ត្រូវប្រឹងស្វែងរកទ្រព្យ
កុំចាយពេលឲ្យកន្លងទៅដោយផ្លូវអបាយផ្សេងៗ ឬគិតថាខ្លួនជ្រុលពេលជ្រេវ័យអី ។
គំនិតផ្ទុយពីខាងលើ
គោលបំណងស្លោកចង់លើកវិជ្ជា និងទ្រព្យទម្លាក់ ធម៌ ទុកមួយដោយឡែក ។
បើនិយាយតាមគំនិតខាងលើ ចង់បានន័យថា រៀនធម៌ គឺពិចារណាតែរឿងស្លាប់ ដូចជាគិតថា
មនុស្ស សត្វ ជីវិតខ្លីណាស់ សុទ្ធតែប្រកបដោយ អនិច្ចំ ទុក្ខំ អនត្តា ជាដើម
គួរតែប្រឹងភាវនាធម៌ មិនគួរណាចាយពេលទៅប្រឹងរកទ្រព្យ
ព្រោះចុងក្រោយគង់តែស្លាប់ដដែលជាដើម ។
ទស្សនៈខាងលើ
បើក្នុងសម័យនោះ គឺប្រហែលជាបែបនេះហើយ ប៉ុន្តែក្នុងសម័យនេះ គឺមិនត្រូវឡើយ
ព្រោះធម៌នេះ ជួយអ្នកមានវិជ្ជា និងអ្នកស្វែងរកទ្រព្យច្រើនណាស់ ។ ធម៌នេះ
បើនិយាយពីបច្ចុប្បន្ននេះ គឺសំដៅដល់ សីលធម៌ នេះឯង
និងវិធីធ្វើយ៉ាងណាឲ្យមនុស្សជាតិមានសន្តិភាពផ្លូវចិត្ត ដូចជាវិធីសមាធិជាដើម ។
ឥឡូវគិតមើល បើវិជ្ជានោះ
ជាវិជ្ជាអាក្រក់ ផលិតអាវុធ ផលិតថ្នាំពុល ឬរីឯអ្នករកទ្រព្យ
គិតតែរឿងបានទ្រព្យ មិនខ្វល់ថាបានមកដោយពុករលួយ កេងប្រវញ្ច,
តើសង្គមនឹងមានរឿងអ្វីកើតឡើង?
សូមធ្វើសេចក្តីសន្និដ្ឋានថា
វិជ្ជា , ទ្រព្យ, និងធម៌ នេះគឺសំខាន់ដូចគ្នា គ្មានមួយណាមិនសំខាន់ឡើយ
វិជ្ជានាំជីវិតឲ្យមានពន្លឺក្នុងរបរ, ទ្រព្យជាគ្រឿងចិញ្ចឹមជីវិត
ផ្តល់ភាពកក់ក្តៅឲ្យការរស់នៅ, ធម៌
អប់រំសតិមិនឲ្យប្រហែសធ្វេសក្នុងការស្វែងរកវិជ្ជា និងទ្រព្យ ៕
ខ្ញុំនៅតែត្រូវការមតិយោបល់ពីសាធុជនចំពោះការសង្ខេប ព្រោះខ្លាចមានកំហុសឆ្គងផង ខ្លាចខ្វះចន្លោះ ។
សូមអរគុណចំពោះការគាំទ្រ!
សុខ ប៊ុនហ៊ាង
No comments:
Post a Comment