🍃សង្ឃស័ព្ទ (តើពាក្យ “និយាយ” ប្រើចំពោះព្រះសង្ឃ គួរប្រើពាក្យអ្វីទើបត្រឹមត្រូវ? 🙏🌸🌺🍀💐
ប្រជាជនខ្មែរភាគច្រើននៅមិនទាន់យល់ច្បាស់ថា តើពាក្យ “និយាយ” ត្រូវប្រើទៅកាន់ព្រះសង្ឃបែបណា? មានពាក្យ៣ នៅក្នុងសង្ឃសព្ទ ដែលប្រជាជនច្រឡំនឹងពាក្យ “និយាយ” ទៅកាន់ព្រះសង្ឃគឺ “ពុទ្ធដីកា” “សង្ឃដីកា” និង “ថេរដីកា”។ តើពាក្យ៣នេះ មួយណាត្រឹមត្រូវ?
ពាក្យដែលត្រឹមត្រូវរបស់ព្រះសង្ឃ ប្រើចំពោះពាក្យនិយាយគឺ “ថេរដីកា”។ ពាក្យ “ពុទ្ធដីកា” គឺមិនត្រឹមត្រូវសម្រាប់ប្រើសំដៅដល់ថេរដីការបស់ព្រះសង្ឃឡើយ។ “ពុទ្ធដីកា” សំដៅលើ ពុទ្ធដីការបស់ព្រះពុទ្ធ ឬ ពាក្យសម្តីរបស់ព្រះពុទ្ធ។
រីឯ ពាក្យ “សង្ឃដីកា” ក៏មិនត្រឹមត្រូវដែល។ ពាក្យនេះ ប្រើចំពោះតែការសម្រេចបញ្ញត្តិរបស់ព្រះសង្ឃ ឬ ការប្រកាសរបស់ព្រះសង្ឃប៉ុណ្ណោះ។
ដូច្នេះ ប្រជាពលរដ្ឋខ្មែរ ត្រូវយល់ពីអត្ថន័យនេះឱ្យបានច្បាស់លាស់ ចៀសវាងការប្រើប្រាស់ខុសទៅនឹងពាក្យសព្ទរបស់ព្រះសង្ឃតទៅទៀត។ សរុបមក ប្រសិនជាព្រះសង្ឃមានថេរដីកាពីអ្វីមួយ គឺប្រើពាក្យ “ថេរដីកា” នេះ៕
……………………………….
🍃សង្ឃស័ព្ទ
ខាងក្រោមនេះ ជាបណ្ដាពាក្យខ្លះៗ ដែលប្រើសម្រាប់ប្រាស្រ័យទាក់ទងជាមួយព្រះសង្ឃ ហៅថាសង្ឃស័ព្ទ ឬ សមណស័ព្ទ៖
ក/សម្រាប់និយាយទៅព្រះសង្ឃ
*ពាក្យគ្រហស្ថ និងសង្ឃស័ព្ទ
ខ្ញុំ, នាងខ្ញុំ, ខ្ញុំបាទ = ពាក្យទៅសង្ឃ» ខ្ញុំព្រះករុណា, ខ្ញុំកូណា, ខ្ញុំកណា, កូណា, កណា
បាទ,ចាស, ច៎ា = ពាក្យទៅសង្ឃ» កូណា, កណា
សួស្ដី, ជម្រាបសួរ = ពាក្យទៅសង្ឃ» សូមថ្វាយបង្គំ
អរគុណ » ពាក្យទៅសង្ឃ» អរព្រះគុណ
លោក, លោកអ្នក = ពាក្យទៅសង្ឃ» ព្រះតេជព្រះគុណ,ព្រះតេជគុណ, តេជគុណ, ព្រះអង្គ, លោកម្ចាស់ …. (ភាសាអ្នកស្រុកៈ លោកបង, លោកកូន, លោកប្អូន,លោកតា, លោកក្មួយ………..)
ខ/សម្រាប់ព្រះសង្ឃមានថេរដិកាទៅគ្រហស្ថ
*សង្ឃស័ព្ទ និងពាក្យគ្រហស្ថ
អាត្មា, អាត្មាភាព, (បុរាណៈ អាចក្ដី) = ពាក្យគ្រហស្ថ » ( ខ្ញុំ )
ញោម = ពាក្យគ្រហស្ថ » (ឪពុកម្ដាយ, ហៅមនុស្សទូទៅ)
ញាតិញោម = ពាក្យគ្រហស្ថ » (សម្រាប់ហៅមនុស្សទូទៅ)
ចម្រើនពរ = ពាក្យគ្រហស្ថ » (សួស្ដី, ជម្រាបសូរ, លា, ជម្រាបលា)
ឧបាសក (អ៊ុ បា សក់) = ពាក្យគ្រហស្ថ » (ហៅអ្នករក្សាសីលប្រុស)
ឧបាសិកា (អ៊ុ បា សិ កា) = ពាក្យគ្រហស្ថ » (ហៅអ្នករក្សាសីលស្រី)
គ/សម្រាប់ទាំងព្រះសង្ឃនិងគ្រហស្ថ
*ពាក្យគ្រហស្ថ និងសង្ឃស័ព្ទ
បរិភោគ = សង្ឃស័ព្ទ » ឆាន់
ដេក = សង្ឃស័ព្ទ » សឹង
ដើរ = សង្ឃស័ព្ទ » និមន្ដ
ឈរ = សង្ឃស័ព្ទ » ទ្រង់
អង្គុយ = សង្ឃស័ព្ទ » គង់
និយាយ = សង្ឃស័ព្ទ » មានសង្ឃដិកា, មានថេរដិកា
ខឹង = សង្ឃស័ព្ទ » ខ្ញាល់
ក្រោកពីដេក = សង្ឃស័ព្ទ » តើន
ឈឺ = សង្ឃស័ព្ទ » អាពាធ
បន្ទោរបង់ = សង្ឃស័ព្ទ » ដោះទុក្ខសត្វ
ឈ្មោះ = សង្ឃស័ព្ទ » នាម, ព្រះនាម
គ្រឿងអាហារ = សង្ឃស័ព្ទ » ចង្ហាន់, ចង្ហាន់បិណ្ឌបាត
គ្រឿងផឹក = សង្ឃស័ព្ទ » ភេសជ្ជៈ
ស្លាប់, មរណភាព = សង្ឃស័ព្ទ » អនិច្ចធម្ម, សុគត
ឲ្យ, ជូន, ឧបត្ថម្ភ = សង្ឃស័ព្ទ » ប្រគេន, ថ្វាយ, បូជា, បវារណា
អប់រំ, ប្រដៅ…= សង្ឃស័ព្ទ » ទេសន៍, ទេសនា
*ពាក្យដែលមានខាងក្រេាមនេះ ភាគច្រើនជារាជស័ព្ទ ច្រើនប្រើជាមួយព្រះពុទ្ធជាម្ចាស់ តែព្រះសង្ឃក៏អាចប្រើបានដែរ ។
ក្បាល = សង្ឃស័ព្ទ » ព្រះកេស, ព្រះសិរសា
ជើង = សង្ឃស័ព្ទ » ព្រះបាទ
ដៃ = សង្ឃស័ព្ទ » ព្រះហត្ថ
ខ្លួន = សង្ឃស័ព្ទ » កាយ, ព្រះកាយ
ភ្នែក = សង្ឃស័ព្ទ » ព្រះនេត្រ
ធ្មេញ = សង្ឃស័ព្ទ » ព្រះទន្ត
អណ្ដាត = សង្ឃស័ព្ទ » ព្រះជីវ្ហា
ច្រមុះ = សង្ឃស័ព្ទ » នាសា, ព្រះនាសា
ឈាម = សង្ឃស័ព្ទ » លោហិត, ព្រះលោហិត
ក = សង្ឃស័ព្ទ » ព្រះសូរង
សក់ = សង្ឃស័ព្ទ » កេសា, ព្រះកេសា
ត្រចៀក = សង្ឃស័ព្ទ » ព្រះសោត, ព្រះសោតា
ពោះ = សង្ឃស័ព្ទ » ព្រះឧទរ
មាត់ = សង្ឃស័ព្ទ » ព្រះឱស្ឋ
ផ្ចិត = សង្ឃស័ព្ទ »ព្រះនាភិ
ភ្លៅ = សង្ឃស័ព្ទ » ព្រះឧរូ
សាច់ = សង្ឃស័ព្ទ » ព្រះមំសៈ
មុខ = សង្ឃស័ព្ទ » ព្រះភ័ក្ត្រ
ថ្ពាល់ = សង្ឃស័ព្ទ » ព្រះប្រាង្គ
រោម = សង្ឃស័ព្ទ » ព្រះលោមា
ដោះ = សង្ឃស័ព្ទ » ព្រះថនៈ
ថ្ងាស = សង្ឃស័ព្ទ » ព្រះនលាដ
ចិញ្ចើម = សង្ឃស័ព្ទ » ព្រះភមូ
សម្បុរ = សង្ឃស័ព្ទ » ព្រះឆវីវណ្ណ
កែងជើង = សង្ឃស័ព្ទ » ព្រះបណ្ហិ
ស្មងជើង = សង្ឃស័ព្ទ » ព្រះជង្ឃា
ជង្គង = សង្ឃស័ព្ទ » ព្រះជាណុ
ខ្នង = សង្ឃស័ព្ទ » ព្រះប្រឹស្ឋ, ព្រះបិដ្ឋិ
ចង្កូម = សង្ឃស័ព្ទ » ព្រះទាឋា
សម្លេង = សង្ឃស័ព្ទ » ព្រះសូរសៀង
សម្ដី, ពាក្យនិយាយ = សង្ឃស័ព្ទ » ព្រះវាចា, សង្ឃដិកា, ពុទ្ធដិកា
ចង្កា = សង្ឃស័ព្ទ » ព្រះហនុ
ខ្ញុំ = សង្ឃស័ព្ទ » តថាគត (តាក់ ថា គត់ ប្រើបានតែព្រះពុទ្ធប៉ុណ្ណោះ )
កើត = សង្ឃស័ព្ទ » ប្រសូត
ស្នាក់នៅ, រស់នៅ = សង្ឃស័ព្ទ » គង់
ឆ្នាំ = សង្ឃស័ព្ទ » វស្សា, ព្រះវស្សា
អាយុ = សង្ឃស័ព្ទ » ព្រះជន្ម
លាចាកភេទជាសង្ឃ = សង្ឃស័ព្ទ » សឹក
បង្គន់ = សង្ឃស័ព្ទ » វច្ចកុដិ (វាច់ ចាក់ កុត )
ងូតទឹក = សង្ឃស័ព្ទ » ស្រង់ទឹក
លុយ = សង្ឃស័ព្ទ » បច្ច័យ , បច្ច័យបួន
រូបថត = សង្ឃស័ព្ទ » ឆាយា, ឆាយាលក្ខណ៍
បាទ = សង្ឃស័ព្ទ » ពរ, ចម្រើនពរ
គ្រឿងស្លៀកពាក់ = សង្ឃស័ព្ទ » សំពត់ចីវរ
ទីដេកទីអង្គុយ = សង្ឃស័ព្ទ » សេនាសនៈ
ថ្នាំកែរោគ = សង្ឃស័ព្ទ » គិលានៈ, ឱសថ
ឈើចាក់ធ្មេញ = សង្ឃស័ព្ទ » ឈើស្ទន់, ស្ទន់
ទិញ ឬ លក់ = សង្ឃស័ព្ទ » ជាវ
ប្រាប់ = សង្ឃស័ព្ទ » ពិត, ទូល
ចិត្ត = សង្ឃស័ព្ទ » ព្រះទ័យ
ទឹកចិត្ត = សង្ឃស័ព្ទ » ទឹកព្រះទ័យ
សួរ សួរ, = សង្ឃស័ព្ទ » ទូលសួរ
អញ្ជើញ = សង្ឃស័ព្ទ » និមន្ត, អារាធនា, យាង(សម្រាប់សម្ដេច)
សិស្ស = សង្ឃស័ព្ទ » សមណសិស្ស
និស្សិត = សង្ឃស័ព្ទ » សមណនិស្សិត
ភេទ = សង្ឃស័ព្ទ » សមណភេទ
(សូមបញ្ជាក់ជូនថា សង្ឃស័ព្ទនៅមានច្រើនទៀត)
……………………………….
អត្ថបទដកស្រង់ពីគេហទំព័រ៖ វត្តព្រះពុទ្ធមានបុណ្យ
……………………………….
No comments:
Post a Comment