
វិន័យមិនមែនសម្រាប់តែអ្នកបួសនេាះទេ
លទ្ធិព្រះពុទ្ធសាសនាយកវិន័យជាគោលអាងយ៉ាងសំខាន់សម្រាប់ទល់ទ្រជ្រោងសាសនាឱ្យខ្ពស់ឡើង ។ មនុស្សមួយចំនួនធំ តែងតែគិតយល់ច្រឡំថា ខ្លួនជាគ្រហស្ថមិនមានវិន័យដូចព្រះសង្ឃទេ។ ដូច្នេះគ្រហស្ថទាំងឡាយត្រូវចាំថា ខ្លួនក៏មានវិន័យដែរ ហៅថា អាគារិយវិន័យ ឬថាអាគារិយធម៌ ប្រែថា វិន័យសម្រាប់គ្រហស្ថ ច្បាប់របស់គ្រហស្ថ ឬអ្នកដែលមានផ្ទះសម្បែង អ្នកគ្រប់គ្រងផ្ទះ (គ្រហស្ថ) ។
ឯព្រះសង្ឃវិញមានវិន័យដែរ ហៅថា អនាគារិយវិន័យ ប្រែថា វិន័យអ្នកគ្មានផ្ទះសម្បែង វិន័យអ្នកបួស (បព្វជិត)។
…………………………
វិន័យរបស់គ្រហស្ថមាន៖ សីល៥, អកុសលកម្ម១០ និងកុសលកម្ម១០


ការរស់នៅរបស់មនុស្ស តែងមានសេចក្ដីសុខច្រើនជាងសត្វតិរច្ឆាន ឬសត្វក្នុងអបាយភូមិ ព្រោះកំណើតមនុស្សជាផលរបស់បុណ្យ ម្យ៉ាងទៀត មនុស្សមានបញ្ញា អាចដឹងខុសត្រូវដើម្បីកសាងគុណធម៌ឲ្យខ្លួនឯងបាន ដូចជាចេះគោរពស្រឡាញ់មាតាបិតា ញាតិបងប្អូន និងមានចិត្តស្លូតបូត មានមេត្តា ករុណា អនុគ្រោះប្រោសប្រណី ចំពោះមនុស្សសត្វផងគ្នា ដែលរស់នៅជាមួយ គឺដោយច្រើន ខុសអំពីការរស់នៅរបស់សត្វ ដែលមាននិស្ស័យកាចសាហាវខឹងក្រោធងាយ មិនចេះយោគយល់ដល់គ្នានិងគ្នា ឧទាហរណ៍ងាយៗ ដូចរស់នៅរបស់សត្វសុនខ ឬសត្វមាន់ កាលវាជួបគ្នាគ្រាដំបូង វាតែងវាយប្រហារបៀតបៀនគ្នាវាមិនចេះគោរព ឬអនុគ្រោះដល់គ្នានិងគ្នាឡើយ។
តែនៅពេលខ្លះ មនុស្សត្រូវកិលេសគ្របសង្កត់ខ្លាំង វង្វេងគិតមិនទាន់ ក៏អាចប្រព្រឹត្តធ្វើដូចសត្វ ព្រោះហេតុនោះ ពួកសប្បុរសទាំងឡាយ បានពិចារណាឃើញថា មិនសមគួរ ទើបបញ្ញត្តហាមមិនឲ្យមនុស្សប្រព្រឹត្តទុច្ចរិត ដូចសត្វ គឺ ណែនាំឲ្យមនុស្សធ្វើអំពើល្អ ដល់គ្នានិងគ្នា យ៉ាងតិចបំផុត គង់វៀរចាកអំពើទុច្ចរិត ឲ្យបាន ៥ ប្រការគឺៈ
១- វៀរចាកការសម្លាប់ជីវិតសត្វដទៃ
២- វៀរចាកការប្រកាន់យកទ្រព្យសម្បត្តិរបស់អ្នកដទៃ
៣- វៀរចាកការរួមប្រវេណី គឺប្រព្រឹត្តផ្លូវភេទ ជាមួយប្រពន្ធកូនរបស់ជនដទៃ។
៤- វៀរចាកការនិយាយពាក្យមិនពិត
៥- វៀរចាកការផឹកទឹកស្រវឹង ដែលជាហេតុឲ្យកើតសេចក្ដីប្រមាទផ្សេងៗ។
ដើម្បីលើកតម្កើងការរស់នៅរបស់មនុស្សឲ្យខ្ពង់ខ្ពស់ផ្សេងអំពីការរស់នៅរបស់សត្វ។
…………………………

កម្មបទចែកចេញជាកម្មមាន៣យ៉ាង គឺ កាយកម្ម១, វចីកម្ម១ និងមនោកម្ម១។ ចែកប្រភេទមានពីរយ៉ាងគឺ អកុសលកម្មបទ១ កុសលកម្មបទ១ ។

* តើអ្វីទៅជាអកុសលកម្មបថ? គន្លង ឬផ្លូវនៃអំពើជាអកុសល ហៅថា អកុសលកម្មបថមាន១០យ៉ាងគឺ កាយទុច្ចរិត អំពើអាក្រក់ដែលសំរេចដោយកាយ មាន ៣យ៉ាង, វចីទុច្ចរិត អំពើអាក្រក់សម្រេចដោយវាចាមាន៤យ៉ាង, មនោទុច្ចរិត អំពើអាក្រក់ដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖

១- បាណាតិបាតា កិរិយាសម្លាប់សត្វមានជីវិតដោយកាយ ឬប្រើគេឲ្យធ្វើដោយវាចា។
២- អទិន្នាទានា កិរិយាលួចយកនូវវត្ថុដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
៣- កាមេសុមិច្ឆាចារា កិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន។

១- មុសាវាទា កិរិយាពោលដោយពាក្យកុហក។
២- បិសុណាវាចា កិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់គេ។
៣- ផរុសវាចា ករិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។
៤- សម្ផប្បលាបា កិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។

១- អភិជ្ឈា ចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យបានមកជារបស់ខ្លួន។
២- ព្យាបាទ ចិត្ដចងគំនុំគំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។
៣- មិច្ឆាទិដ្ឋិ គំនិតយល់ខុស ហើយប្រកាន់ថាជាត្រូវ។

* តើអ្វីទៅជាកុសលកម្មបថ? គន្លង ឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថមាន១០យ៉ាងគឺ កាយសុចរិត អំពើល្អដែលសម្រេចដោយកាយ មាន ៣យ៉ាង, វចីសុចរិត អំពើល្អសម្រេចដោយវាចាមាន៤យ៉ាង, មនោសុចរិត អំពើល្អដែលសម្រេចដោយចិត្តមាន៣យ៉ាង។ យ៉ាងនីមួយៗមានដូចតទៅ៖

១- បាណាតិបាតា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាធ្វើសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង គឺការសម្លាប់សត្វ។
២- អទិន្នាទានា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាកាន់យកនូវរបស់ដែលគេមិនបានឲ្យដោយកាយ ឬដោយវាចា។
៣- កាមេសុមិច្ឆាចារា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាប្រព្រឹត្ដខុសក្នុងកាមទាំងឡាយ។

១- មុសាវាទា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យកុហក។
២- បិសុណាវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យញុះញង់ ស៊កសៀតបំបែកបំបាក់អ្នកដទៃ។
៣- ផរុសវាចា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យអាក្រក់ ទ្រគោះបោះបោកជេរប្រទេចជាដើម។
៤- សម្ផប្បលាបា វេរមណី ចេតនាជាហេតុវៀរចាកកិរិយាពោលពាក្យរោយរាយឥតប្រយោជន៍។

១- អនភិជ្ឈា មិនមានចិត្ដសំឡឹងរំពៃចំពោះទ្រព្យរបស់អ្នកដទៃដោយគិតបម្រុងនឹងឲ្យមកជារបស់ខ្លួន។
២- អព្យាបាទ មិនមានចិត្ដចងគំនុំគុំគួន គឺប៉ងចង់ឲ្យអ្នកដទៃដល់នូវសេចក្ដីវិនាស។
៣- សម្មាទិដ្ឋិ គំនិតយល់ឃើញត្រូវ ហើយប្រកាន់ថាពិតជាត្រឹមត្រូវមែន។
កម្មបទ បើចែកតទៅទៀតមាន៨០ គឺកុសលកម្មបទ៤០ និងអកុសលកម្មបទ៤០។
…………………………


ធម៌ដែលល្អដឹកនាំអ្នកប្រតិបត្តិ ឲ្យដល់នូវសេចក្តីសុខចំរេីន ស្លាប់ក្នុងកិត្តិយស រស់មានន័យ ក្នុងសង្គមប្រកបដេាយភាពថ្លៃថ្នូរ និងគួរគេារពកេាតក្រែងស្ញប់ស្ញែងពីសំណាក់មហាជន ព្រះសម្មាសម្ពុទ្ធ ទ្រង់អេាយឈ្មេាះថា កល្យាណធម៌ មាន ៥យ៉ាងដូចតទៅ៖
១.មេត្តា គិតប្រាថ្នាឲ្យគេបានសុខ និងករុណាចង់ឲ្យគេប្រាសចាកទុក្ខ។ ឃេីញជីវិតជនដទៃស្មេី នឹងជីវិតរបស់ខ្លួន ហេីយជួយសង្គ្រេាះអេាយបានរួចផុតពីសេចក្តីទុក្ខវេទនា លំបាកអត់ឃ្លាន ល្ងិតល្ងង់ខ្លៅជាដេីម។
២.សម្មាអាជីវៈ ចិពា្ចឹមជីវិតប្រពៃ គឺចិពា្ចឹមជីវិតប្រកបទៅដេាយរបរសុចរិតមិនជិះជាន់កេងប្រវ័ញ្ចសង្កត់សង្កិនកេងបន្លំ បេាកប្រាស់ឆបពេា្ជាតលួចប្លន់អ្នកដទៃ ដេីម្បីទ្រព្យសម្បត្តិ និងសេចក្តីសុខផ្ទាល់ខ្លួន។
៣.សទារសន្តេាសៈ សន្តេាសគឺត្រេកអរចំពេាះតែភរិយា ឬស្វាមីរបស់ខ្លួន មិនលាក់បំពួនផិតក្បត់ សាហាយស្មន់ គឺស្មេាះមួយនឹងមួយ។
៤.សច្ចៈ ប្រព្រឹត្តខ្លួនជាមនុស្សស្មេាះត្រង់ និយាយពិត ធ្វេីពិត មិនប្រឌិតការមិនភូតភរកុហក ក្រឡិចក្រឡុច បាតដៃជាខ្នងដៃ។
៥.សតិៈ មានស្មារតីបរិបូណ៌ ភ្ញាក់រលឹកគ្រប់កិច្ចការងារទាំងពួងដែលខ្លួនធ្វេីមិនរាយមាយមិនខ្ជះខ្ជាយ។ មានមនសិការ និងឧត្តមគតិខ្ជាប់ខ្ជួនរឹងបុឹង។

១- មេត្តា ជាគូនឹង បាណាតិបាត (វៀរចាកការសម្លាប់សត្វ)
២- សម្មាអាជីវៈ ជាគូនឹងអទិន្នាទាន (វៀរចាកលួចទ្រព្យគេ)
៣- សទារសន្តោសៈ ជាគូនឹងកាមេសុមិច្ឆាចារៈ (វៀរចាកប្រព្រឹត្តខុសក្នុងកាម)
៤- សច្ចៈ ជាគូនឹងមុសាវាទ (វៀរចាកការពោលពាក្យកុហក)
៥- សតិ ជាគូនឹងសុរាមេរយៈ (វៀរចាកការផឹកសុរានិងមេរ័យនិងសេពគ្រឿងញៀន)។
……………………………………………………


ដេាយ FB:
សច្ចធម៌


No comments:
Post a Comment