អារម្ភកថា
កិច្ចការស្រាវជ្រាវស្តីពី “ព្រះពុទ្ធសាសនា និង ការអភិវឌ្ឍសង្គមខ្មែរ” ដែលត្រូវបានអនុញាតិដោយ លោកសាស្រ្តាចារ្យ សៀង សុខអាន បង្រៀនលើមុខវិជ្ជា “សេចក្តីផ្តើមនៃនីតិ” នេះ គឺជាការស្រាវជ្រាវឡើងដោយសមាជិកក្រុមទី១ បំណងដើម្បីសិក្សាអោយយល់ស៊ីជម្រៅលើ ទ្រឹស្តីព្រះពុទ្ធសាសនា និងថាតើព្រះពុទ្ធសាសនា បានរួមចំណែកអ្វីខ្លះក្នុងសង្គមខ្មែរយើងតាំងពីដើមរៀងមក ដើម្បីយល់ដឹងខ្លួនឯងផង និងទុកជាឯកសារសម្រាប់សិក្ខាកាមជំនាន់ក្រោយសិក្សាស្វែងយល់បន្តផង។ ព្រោះថាព្រះពុទ្ធសាសនា ជាសាសនារដ្ឋយើងផង និងជាទ្រឹស្តីដ៏បរិសុទ្ធ តាមបែបមនុស្សនិយម ជៀសវាងការហូរចូលជំនឿ រឺ សាសនា ខាងក្រៅមក ដែលជាជំនឿមិនសមហេតុផល ទេវនិយម រឺ អាទិទេពជាដើម ប្រយោជន៍ដើម្បីអភរិក្ស និង អភិវឌ្ឍន៍ចំណេះដឹង និងរក្សាអត្តសញ្ញាណជាតិយើងផងដែរ។
យើងខ្ញុំ សូមអភ័យទោសផងដែរ ចំពោះអក្ខរាវិរុទ្ធ ពាក្យពេចន៍ រឺ ន័យសេចក្តីត្រង់ណាពុំត្រឹមត្រូវយ៉ាងណានោះ សូមមេត្តាអធ្យាស្រ័យផងចុះ និងចូររិះគន់ដើម្បីស្ថាបនាទាំងអស់គ្នា យើងខ្ញុំសូមទទួលដោយសេចក្តីរីករាយបំផុត។
ចុងក្រោយសូមជូនពរ ឱ្យនិស្សិតសិក្សា សាស្ត្រាចារ្យទាំងអស់ ទទួលបាននូវសុខភាពល្អ ជោគជ័យក្នុងការសិក្សា និងការងារ…..៕
រាជធានី ភ្នំពេញ ថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០១២
សមាជិកក្រុមទី១
បដិការគុណ
យើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវសេចក្តីដឹងគុណ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះ៖
- លោកឪពុកអ្នកម្តាយ ដែលលោកទាំងទ្វេ បានផ្តល់កំនើត និងចិញ្ចឹមបីបាច់ថែរក្សារូបយើងខ្ញុំ ទាំងកាយ ទាំងស្មារតី ប្រកបដោយព្រហ្មវិហារធម៌ ។ មិនតែប៉ុណ្ណោះ ថែមទាំងឧបត្ថម្ភឲ្យកូនបានសិក្សារៀនសូត្រ តាំងពីបឋមសិក្សា រហូតដល់ឧត្តមសិក្សានេះ។
- ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន សកលវិទ្យាធិការ នៃសកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា ដែលលោកបានអនុញ្ញាតិអោយយើងខ្ញុំទាំងអស់គ្នារបានសិក្សារៀនសូត្រនៅទីនេះ ដូចបច្ចុប្បន្ននេះ។
- លោកគ្រូសាស្រ្តាចារ្យ សៀង សុខអាន ជាសាស្រ្តាចារ្យនៃសកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា ដែលបង្ហាត់បង្រៀន ពួកយើងខ្ញុំដោយផ្ទាល់ លើមុខជំនាញ់ “សេចក្តីផ្តើមនៃនីតិ” ឲ្យបានយល់ដឹង និងចេះស្រាវជ្រាវដោយខ្លួនឯងបន្ត ជាក់ស្តែង ”កិច្ចការស្រាវជ្រាវ” នេះជាដើម។
ពីយើងខ្ញុំទាំងអស់គ្នា ជាបុត្រធីតា និងជានិស្សិត!
មាតិកា
- អ្វីទៅជាសាសនា?…………………………………………………………………………………..១
- ប្រភេទសាសនា………………………………………………………………………………………១
- តួនាទីរបស់សាសនា…………………………………………………………………………………១
- តួនាទីចំពោះបុគ្គល…………………………………………………………………………………..១
- តួរនាទីសាសនាចំពោះសង្គម…………………………………………………………………………..២
- សម្ពន្ធភាពរវាងមនុស្ស និង សាសនា…………………………………………………………………….២
- តួនាទីសាសនាទូទៅ…………………………………………………………………………………២
- ព្រះពុទ្ធសាសនា គឺជាអ្វី?……………………………………………………………………………………..២
- ពុទ្ធប្បវត្តិសង្ខេប……………………………………………………………………………………..៣
- ពុទ្ធកិច្ច៥ប្រការ……………………………………………………………………………………..៣
- ប្រវត្តិព្រះពុទ្ធសាសនា នៅប្រទេសកម្ពុជា……….………………………………………………………….៣
- ពុទ្ធសាសនាសម័យនគរភ្នំ………………………………………………………………..…………….៤
- ពុទ្ធសាសនាសម័យចេនឡា……………………………………………………………………….…៤
- ពុទ្ធសាសនាសម័យអង្គរ………………………………………………………………………………៥
- ពុទ្ធសាសនាសម័យចុងអង្គរ………………………………………………………………….………..៧
- ពុទ្ធសាសនាសម័យកណ្តាល…………………………………………………………………………..៧
- ពុទ្ធសាសនាសម័យអាណានិគមនបារាំង…………………………………………………………………៨
- ពុទ្ធសាសនាសម័យខ្មែរក្រហម…………………………………………………………………………៩
- ពុទ្ធសាសនាក្រោយសម័យខ្មែរក្រហម…………………………………………………………………..១០
- ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ…………………………………………………………………..១០
- ពិធីបុណ្យធំៗក្នុងព្រះពុទ្ធសាសនា…………………………………………………………………….១០
- ឥទ្ធិពលវត្តអារាម ទៅក្នុងសង្គមខ្មែរ……………………………………………………………………..១១
- វត្តអារាម……………………………………………………………………………………………១១
- ព្រះសង្ឃ……………………………………………………………………………………………១១
- ការអប់រំសីលធម៌…………………………………………………………………………….………១២
- ព្រះពុទ្ធសាសនា និង សន្តិភាព…………………………………………………………………………១២
- ព្រះពុទ្ធសាសនា និង ការផ្សះផ្សារជាតិ…………………………………………………………………..១២
- ព្រះពុទ្ធសាសនា និង សិទ្ធិមនុស្ស……………………………………………….……………………..១៣
- ព្រះពុទ្ធសាសនា និង លទ្ធិប្រជាធិបតេយ្យ……………………………………………………………….១៤
- វត្តអារាម និង ការអប់រំ…………………………………………………………………………………១៤
- អប់រំផ្នែកទ្រឹស្តី ស្មារតី…………………………………………………………………………………១៥
- អប់រំដោយកាអនុវត្តន៍…………………………………………………………………………………១៥
- វត្តអារាម ក្នុងការថែរក្សាបេតិកភណ្ឌជាតិ…………………………………………………………………..១៦
- វត្តអារាម និង ទេសចរណ៍……………………………………………………………………………..១៨
- វត្តអារាម និង បរិស្ថាន…………………………………………………………………………….….១៩
- តួនាទីរបស់វត្តអារាមក្នុងការជួយប្រជាជន………………………………………………………………..២១
- សេចក្តីសុខរបស់ជីវិត………………………………………………………………………………….២២
- សេចក្តីសុខខាងរាង្គកាយ……………………………………………………………………………..២២
- សេចក្តីសុខខាងផ្លូវចិត្ត……………………………………………………………………………….២២
- សេចក្តីសុខពិតប្រាកដ……………………………………………………………………………….២៤
I.អ្វីទៅជាសាសនា?
តាមវចនានុក្រមខ្មែរ
«សាសនា» មកពីពាក្យ «សាសនៈ» ដែលមានន័យថាពាក្យបណ្តាំ, ពាក្យផ្តាំផ្ញើ,
ពាក្យប្រៀនប្រដៅ, ការប្រៀនប្រដៅ, សាសនា, លទ្ធិ, ពាក្យបង្គាប់,
ការបង្គាប់បញ្ជា, ដំណឹង, សំបុត្រ, ពាក្យប្រកាស, ការប្រកាសប្រាប់,
ការជឿស្ដាប់, ការដាក់ទណ្ឌកម្ម, ការផ្ចាលទោស, ការកែសម្រួល, ការគ្រប់គ្រង,
ការត្រួតត្រា។
សាសនា គឺជាភាពយល់ដឹង និងជំនឿមុតមាំរបស់មនុស្សដែលធ្លាប់បដិបត្តិមក ឬខ្លះដែលគេគិត ជាភាពសម្រាប់បូជា។(Durhkeim,1912) សាសនាគឺជាប្រព័ន្ធរួមនៃជំនឿ និងការបដិបត្តិដែលជាប់ទាក់ទងទៅនឹងវត្ថុសក្តិសិទ្ធិសាសនាផ្នែកលោកខាងលិច។
- ប្រភេទសាសនា
មានសាសនាខ្លះ មានចំណាស់ដូចជា ព្រះពុទ្ធសាសនា គ្រិស្ដសាសនា សាសនាអ៊ីស្លាម លទ្ធិហិណ្ឌូ នឹងសាសនាពួកជីហ្វ។មានសាសនាដែលជឿនូវព្រះតែមួយ (អាទិទេពនិយម) និងមានសាសនា ដែលជឿនូវទេវច្រើន (ពហុទេពនិយម) ហើយនឹង សាសនាទេវនិយម និងអទេវនិយម។ សាសនា បានដល់ការប្រមូលផ្តុំនូវប្រព័ន្ធនៃវប្បធម៌ប្រព័ន្ធនៃជំនឿ និងជាទិដ្ឋភាព ពិភពលោកដែលកំណត់សញ្ញាល័ក្ខសម្ព័ន្ធភាពជាមួយនឹងមនុស្សជាតិ ទៅដល់ចិត្តវិញ្ញាណ និងគុណធម៌ ចរិយធម៌។ អ្នកស្រាវជ្រាវខ្លះ បានបែងចែកសាសនាជា៣ប្រភេទគឺ៖
១- សាសនាពិភពលោក (World Religions )
២- សាសនាអន្តោគ្រាម (Indigenous Religions)
៣- ចលនាសាសនាថ្មី (New religious Movements)
- តួនាទីរបស់សាសនា
មនុស្សសាងលទ្ធិ ជំនឿ និង សាសនាដោយមានបំណងដើម្បីជួយកែបញ្ហាផ្សេងៗ និងតបស្នង តាមតម្រូវការនៃការចិញ្ចឹម ជីវិតទាំងជីវិតផ្ទាល់ខ្លួន និង ប្រយោជន៍សង្គមរួម ហេតុនោះតួនាទីរបស់សាសនាបែងចែកជាពីរ គឺ មានតួនាទីចំពោះបុគ្គល និងតួនាទីចំពោះសង្គម។
- តួនាទីចំពោះបុគ្គល
១-ជាបច្ច័យមួយជួយឱ្យបុគ្គលមានសេចក្តីសុខស្ងប់ខាងផ្លូវចិត្តនឹងធឹង ធ្វើឱ្យបុគ្គលមានសុខភាព ចិត្តល្អរឹងមាំ នឹងនាំឱ្យ សុខភាពកាយរបស់បុគ្គលល្អផងដែរ ព្រោះសុខភាពកាយអាស្រ័យសុខភាពចិត្ត ។
២-ធ្វើឱ្យបុគ្គលមានអារម្មណ៍ល្អ មានសតិរឹងមាំជានិច្ច ប្រាស់ចាកសេចក្តីភ័យខ្លាច និងវិបត្តិទាំងពួង។
៣-សាសនាជួយផ្តល់កំលាំងចិត្ត ធ្វើឱ្យមនុស្សមានកំលាំងចិត្តជឿជាក់លើខ្លួនឯង ថាមានអ្នកជួយតាមថែរក្សាជានិច្ច ជាបច្ច័យមួយដែលអាចជួយឱ្យការធ្វើការងារបានសម្រេច និងមានឱកាសយកឈ្នះលើឧបសគ្គទាំងពួងបាន។
៤-ជាបច្ច័យជួយឱ្យការចិញ្ចឹមជីវិតរបស់បុ់គ្គលកាន់តែមានរបៀបវិន័យ និងមានគុណភាពល្អឡើង មានឱកាសជួបនូវក្តីសម្រេច។
- តួនាទីរបស់សាសនាមានចំពោះសង្គម
សាសនាមាននាទីសំខាន់ក្នុងការការពារ និងកំណត់សីលធម៌ សង្គម៖
១-ជាកំលាំងជួយក្នុងការចាត់ចែងរបៀបវិន័យ និង សីលធម៌សង្គមដោយសមាជិករបស់សង្គម បដិបត្តិតាមគោលធម៌ គឺតាមឱវាទការអប់រំរបស់សាសនាដែលបានណែនាំឱ្យបដិបត្តិ។
២-ជាស្ថាប័នសាងតម្លៃនិយមបទដ្ឋានសង្គម និងជួយឱ្យស្ថាប័នគ្រួសារ និងស្ថាប័នគ្រប់គ្រងបំពេញតួនាទីរួមគ្នាយ៉ាងរឹង មាំថែមទៀត។
៣-តួនាទីក្នុងការចងភ្ជាប់សង្គម ឱ្យក្លាយជាធ្លុងមួយ មានភាពសាមគ្គីដោយសមាជិកប្រកាន់យកឬ បដិបត្តិតាមគោលធម៌ គឺឱវាទរបស់សាសនាដូចគ្នាធ្វើឱ្យពលរដ្ឋក្នុងសង្គមរួមសាមគ្គីគ្នាយ៉ាងស្អិតរមួតម៉្យាងទៀត គ្រប់សាសនាកើតឡើងក្នុងគោល បំណងគឺសេចក្តីសុខ សន្តិសុខ កំចាត់ទុក្ខភ័យឱ្យប្រជាជនទើបធ្វើឱ្យសង្គមអាចរួមរស់ជាមួយគ្នាបានដោយភាពសុខសាន្ត។
- សម្ពន្ធភាពរវាងមនុស្ស និងសាសនា
១.ជួយបណ្តុះគ្រឹះនៃសេចក្តីចំរើនដល់សង្គម ដូចជាការផ្តល់នូវការសិក្សាអប់រំវិជ្ជាជីវៈសុខាភិបាលពេទ្យ និងការគ្រប់គ្រងជាដើម។
២.ជួយលើកស្ទយ្ទួសង្គម ឱ្យមានភាពរឹងមាំជួយបន្ថយ និងកំចាត់បញ្ហាសង្គម។ ៣.ជួយឱ្យការគ្រប់គ្រងមានភាពងាយស្រួលដោយ សារតែពលរដ្ឋបដិបត្តិតាមគោលធម៌របស់សាសនា។
- តួនាទីសាសនាទូទៅ
១- ជួយសាងឧបនិស្ស័យចិត្តគំនិតមនុស្ស
២–
ជួយសាងវត្ថុនិមិត្តសញ្ញា
៣–
ជួយផ្តល់ចម្លើយដល់ជីវិតនិងគោលការណ៍ដំណើរជីវិត
៤–
ឃុំគ្រងព្រឹត្តិកម្មរបស់មនុស្ស
៥– ជួយអភិវឌ្ឍមនុស្ស និងសង្គម
II. ព្រះពុទ្ធសាសនាគឺជាអ្វី?
ពុទ្ទសាសនា គឺពាក្យប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដែលជាអ្នកត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយ ប្រពៃ ហេតុផល និងសភាវធម្មតាតាមធម្មជាតិ។ ពាក្យប្រៀនប្រដៅដែលជាគោល ធម្មរតនៈ សច្ចធម៌ ភាពពិតប្រាកដ ចរិយធម៌ហាមមិនឱ្យធ្វើអាក្រក់ ឱ្យធ្វើសេចក្តីល្អ និងសម្អាតចិត្តរបស់ខ្លូនអោយបរិសុទ្ធ ជាគោលការណ៍ បង្ហាញប្រាប់នូវគោលនយោបាយ ឬគោលការណ៍ដំណើរជីវិត ដើម្បីសិក្សារៀនយល់ដឹង និងអភិវឌ្ឍន៍ខ្លួនអោយល្អប្រសើរ។ ព្រះពុទ្ធសាសនាគឺក្រោយពីព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដឹងធម៌ ព្រះអង្គប្រើពាក្យថា “ព្រហ្មចរិយ” គឺបដិបត្តិតាមសីល សមាធិ និងបញ្ញា ហៅថា “ត្រៃសិក្ខា” បន្ទាប់មកប្រើថា “ធម្មវិន័យ” គោលធម្មតា និងច្បាប់សណ្តាប់ធ្នាប់របៀបរៀបរយ អភិវឌ្ឍន៍រហូតមកជា សាសនា ដល់បច្ចុបន្ននេះ ហៅថា ព្រះពុទ្ធសាសនា ដែលបានដល់ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃជា ទីគោរពបដិបត្តិរបស់ពុទ្ធបរិស័ទទាំង៤ពួក។ ព្រះពុទ្ធទ្រង់ជ្រាបច្បាស់ នូវគោលធម៌ ច្បាប់ធម្មជាតិ ហេតុផល តាមរយៈការត្រាស់ដឹងហេតុផល សច្ចធម៌ ធម្មជាតិទាំងឡាយមានរួចមកហើយ តែព្រះអង្គអ្នកស្វែងរកជួប ព្រមទាំងស្គល់ច្បាស់នូវហេតុ បច្ច័យទាំងអស់នោះ ហើយបញ្ញត្តិ សម្តែងចង្អុលបង្ហាញ ដូចជាគ្រូពេទ្យ ចេះវិធីផ្សំថ្នាំ សម្រាប់បំបាត់រោគា ព្យាធិ ដូច្នោះដែរ។
- ពុទ្ធប្បវត្តិសង្ខេប
- ចុះចាប់បដិសន្ធិ ថ្ងៃព្រហស្បតិ៍ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា។
- ទ្រង់ប្រសូត ថ្ងៃសុក្រ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំច។
- អភិសេក ព្រះជន្ម១៦វស្សា ថ្ងៃសៅរ៍ ១៥កើតពេញបូណ៌មី ខែអាសាធ ឆ្នាំឆ្លូវ។
- ចេញបួស ព្រះជន្ម២៩វស្សា ថ្ងៃព្រហស្បតិ៍ ១៥កើតពេញបូណ៌មី ខែអាសាធ ឆ្នាំថោះ។
- ត្រាស់ដឹង ព្រះជន្ម៣៥វស្សា ថ្ងៃពុធ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំរកា។
- ដាក់ព្រះជន្មាយុ ពេលចេញវស្សាទី៤៥ ក្នុងព្រះជន្មាយុ៨០វស្សា ថ្ងៃ១៥កើតពេញបូណ៌មី ខែមាឃឆ្នាំម្សាញ់។
- បរិនិពា្វន ព្រះជន្ម៨០វស្សា ថ្ងៃអង្គារ ១៥កើតពេញបូណ៌មី ខែពិសាខ ឆ្នាំម្សាញ់។
- ពុទ្ធកិច្ច៥ប្រការ
ព្រះសម្មាសម្ពុទ្ធទ្រង់បំពេញពុទ្ធកិច្ច៥ប្រការនេះជានិច្ចអស់រយៈពេល៤៥វស្សាមិនចន្លោះ ឡើយគឺ៖
- នៅពេលព្រលឹម ទ្រង់និមន្តបិណ្ឌបាត ។
- នៅពេលរសៀល ទ្រង់សំដែងធម៌ទេសនាប្រោសដល់សាធារណជន ។
- នៅពេលព្រលប់ ទ្រង់ប្រទានឳវាទដល់ភិក្ខុសង្ឃទាំងឡាយ ។
- នៅពេលកណ្តាលអាទ្រាត ទ្រង់ដោះស្រាយប្រស្នាទេវតាទាំងឡាយ ។
- នៅពេលជិតភ្លឺ ទ្រង់ប្រមើមើលសត្វដែលមាននិស្ស័យ។
III. ប្រវត្តិពុទ្ធសាសនានៅកម្ពុជា
ព្រះពុទ្ធសាសនាចាប់កំណើតឡើងនៅលើទឹកដីកម្ពុជា តាំងពីសតវត្សទី៥មកម្ល៉េះដោយមាន ប្រភពខ្លះបង្ហាញថា នៅសតវត្សទី៣នៃគ្រឹស្តសករាជ និងឯកសារខ្លះទៀតបង្ហាញថាព្រះពុទ្ធសាសនាថេរវាទត្រូវបាននាំចូលមកលើទឹកដីកម្ពុជា ក្នុងរាជព្រះបាទអសោក ដែលបានបញ្ជូនសមណទូត២អង្គព្រះនាម សោណត្ថេរ និងឧត្តរត្ថេរ មកកាន់ទឹកដីសុវណ្ណភូមិតាំងពីសតវត្សទី៣មុនគ្រឹស្តសករាជ។ ហើយសាសនានេះបានបន្តរីកចម្រើនបន្តិចម្តងៗជា មួយនឹងព្រហ្មញ្ញសាសនា ដូចមានសិលាចារឹក មួយនៅលើទឹកដីវៀតណាមសព្វថ្ងៃ គឺសិលាចារឹក វ៉ូកាញ់ ខេត្តញ៉ាត្រាង ចុះកាលបរិច្ឆេទនាសតវត្សទី៣ ដែលបាននិយាយពីព្រះមហាក្សត្រ គឺព្រះបាទស្រីមារ ទាក់ទងទៅនឹងពុទ្ធសាសនានេះផងដែរ ក្រៅពីការចូលមកកាន់ទឹកដីខ្មែរតាមរយៈអ្នកផ្សព្វផ្សាយទាំងនោះ ពុទ្ធសាសនាក៏ត្រូវបានមកតាមរយៈពួកអ្នកជំនួញឥណ្ឌាផងដែរ។ ហើយ ចាប់ពីសតវត្សទី១៣រៀងមក លើកលែងតែនៅសម័យដែលខ្មែរក្រហមគ្រប់គ្រងអំណាច ព្រះពុទ្ធសាសនាបានក្លាយទៅជាសាសនារបស់រដ្ឋ ដែលមានពុទ្ធសាសនិកជាខ្មែរប្រមាណជិត ៩៥%នៃប្រជាជនសរុប។
- ពុទ្ធសាសនានៅសម័យនគរភ្នំ
អាណាចក្រភ្នំពីសតវត្សទី២មុនគ្រឹស្តសករាជ រហូតដល់សតវត្សទី៦នៃគ្រឹស្តសករាជ បានកាន់នូវលទ្ធិហិណ្ឌូ ដោយមានព្រះមហាក្សត្រជាអ្នកដឹកនាំ និងមានជំនឿលើព្រះសិវ និងព្រះវិស្ណុ។ ទោះជាយ៉ាងនេះក្ដីព្រះពុទ្ធសាសនា ក៏មានវត្តមានរួចជាស្រេចហើយនៅលើទឹក ដីនៃអាណាចក្រនេះ ដែលជាសាសនាទី២បន្ទាប់ពីព្រាហ្មណ៍សាសនា។ ព្រះពុទ្ធសាសនាមានភាពរីកចម្រើនរុងរឿងនៅកំឡុងសតវត្សទី៥-៦ នៃគ្រឹស្តសករាជក្នុងរជ្ជកាលព្រះបាទកៅ ឌិណ្ឌន្យវរ្ម័ន ព្រោះមានការបញ្ជូនព្រះសង្ឃខ្មែរ និងជាតិឥណ្ឌាទៅកាន់ប្រទេសចិនដើម្បីយកឯកសារ និងពុទ្ធរូបទៅថ្វាយដល់ស្ដេចក្រុងចិន ហើយព្រមទាំងបានជួយបកប្រែគម្ពីរពីសំស្ក្រឹត ទៅភាសាចិនទៀតផង។ ព្រះសង្ឃនាមសង្ឃបាលបានគង់នៅ ស្រុកចិន១៦ឆ្នាំព្រមទាំងបានទទួលងារជាព្រះរាជគ្រូរបស់ចិនទៀតផង នេះក៏ព្រោះតែចំណេះដឹងផ្នែកសាសនារបស់ព្រះអង្គ។
- ពុទ្ធសាសនាសម័យចេនឡា
នៅសម័យហ្វូណន ព្រះពុទ្ធសាសនានៅរុងរឿងគួរសមនៅឡើយ។ លុះដល់ចុងសតវត្សទី ៧តាមសង្ឃដីការបស់ព្រះសង្ឃចិនមួយអង្គព្រះនាមយ៉ី សិង ដែលបាននិមន្តត្រឡប់ពីប្រទេសឥណ្ឌាទៅកាន់ប្រទេសចិនកាត់តាម រាជាណាចក្រចេនឡា ឱ្យដឹងថាពីដើមឡើយព្រះធម៌មាន ភាពរុងរឿងណាស់ ហើយបានផ្សព្វផ្សាយគ្រប់ទិសទី តែឥឡូវនេះស្ដេចកំណាចមួយអង្គ បានបំផ្លិចបំផ្លាញចោលអស់ ហើយព្រះសង្ឃរកតែមួយអង្គនិមន្តមិនបានផង (ត្រឹងងា ប្រវត្តិសាស្ត្រ ខ្មែរភាគ១+២,១៩៧៣)។ តាមរយៈនេះឃើញថាព្រះពុទ្ធសាសនា ត្រូវបានសាបរលាបនូវឥទ្ធិពលរបស់ខ្លួន នៅក្នុងសតវត្សនេះ ប៉ុន្តែមិនមែនមានន័យ ថាបាត់បង់ទាំងស្រុងនោះទេ ផ្ទុយទៅវិញនៅសតវត្សក្រោយមក ពុទ្ធសាសនាមហាយានបានចាប់ផ្ដើមផ្សាយឥទ្ធិពលរបស់ខ្លួន និងមានប្រជាពលរដ្ឋបានគោរពខ្លះៗហើយ។ នៅសម័យនេះមានសិលាចារិកតែមួយគត់ដែលនិយាយពីព្រះភិក្ខុពុទ្ធសាសនាចំនួនពីរអង្គ។
- ពុទ្ធសាសនាសម័យអង្គរ
បន្ទាប់ពីការទ្រុឌទ្រោមនៃលទ្ធិពុទ្ធសាសនាហីនយាន នៅសម័យចេនឡានា កំឡុងសតវត្សទី៧មក ពុទ្ធសាសនាមហាយាន បានចាប់ផ្តើមកកើតឡើង រហូតដល់សម័យអង្គរ។ នៅក្នុងសតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២ មានការប្រារព្វធ្វើពិធីទេវ រាជនៅលើភ្នំគូលែន ដែលអាចបង្ហាញថាព្រះរាជាអង្គនេះមានជំនឿយ៉ាងមុតមាំចំពោះ ព្រហ្មញ្ញសាសនា ដែលមានឥទ្ធិពល ខ្លាំងក្លានៅសម័យនោះ និងមានការគោរពរាប់អានខ្លាំងពីប្រជារាស្ត្រខ្មែរ។ តែទោះជាយ៉ាងណាក្ដី ក៏ពុទ្ធសាសនាមហាយាន បានបន្តវត្តមានរបស់ខ្លួនដដែល នៅលើទឹកដីខ្មែរ លាយឡំជាមួយនឹងលទ្ធិព្រាហ្មផងដែរ។ តាមរយៈឯកសារខ្លះបានបង្ហាញថាពុទ្ធសាសនាបានរីកចម្រើន និងមានការទទួលស្គាល់បន្តិចម្ដងៗ ពីប្រជារាស្ត្រ និងព្រះមហាក្សត្រខ្មែរបន្តបន្ទាប់មក។ នៅសតវត្សទី៩ ក្នុងរាជព្រះបាទយសោវរ្ម័នទី១ មានការសាងសង់បារាយណ៍ខាងកើតឈ្មោះ យសោធរតដាក ដោយនៅភាគខាងកើតលើច្រាំងនៃបារាយណ៍នេះមានការសាងសង់បន្ថែមនូវ អាស្រមសម្រាប់គណៈសាសនានៅសម័យនោះដូចជា៖
-ព្រាហ្មណាស្រម សម្រាប់អ្នកកាន់និកាយព្រះឥសូរ
-វៃស្នវាស្រម សម្រាប់អ្នកកាន់និកាយព្រះវិស្ណុ
-សៅគតាស្រម សម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ
តាមរយៈនេះឃើញថា នៅសម័យនោះពុំមានការហាមឃាត់ មិនឱ្យគោរពព្រះពុទ្ធសាសនានោះទេ ទោះបីព្រាហ្មណ៍សាសនាមានការរីកចម្រើនខ្លាំងក៏ដោយ។ ហើយព្រះមហាក្សត្រមានការបើកចំហចំពោះប្រជាពលរដ្ឋឱ្យមានសិទ្ធិក្នុង ការគោរពសាសនានោះដែរ។
តាមប្រវត្តិសាស្ត្ររបស់ខ្មែរយើង សម័យអង្គរបានបង្ហាញទៀតថា នាសម័យអង្គរ ព្រះពុទ្ធសាសនាមហាយានបានចាប់ផ្ដើមរុងរឿងនៅក្នុងរាជ្យរបស់ក្សត្រ មួយចំនួន។
-រាជព្រះបាទសូរ្យវរ្ម័នទី១
ព្រះបាទសូរ្យវរ្ម័នទី១ ដែលបានលើកតម្កើងព្រះពុទ្ធសាសនាឱ្យថ្កុំថ្កើងរុងរឿង។ ទ្រង់គ្រងរាជសម្បត្តិនៅកំឡុងឆ្នាំ(១០០២-១០៥០) ជាពុទ្ធសាសនិកដ៏ឆ្នើម ដែលបានគាំទ្រនិងលើកទឹកចិត្តដល់ ប្រជាពលរដ្ឋដែលរាប់អានចំពោះព្រះពុទ្ធ សាសនា លើសពីនេះពុទ្ធសាសនាថេរវាទត្រូវបានព្រះអង្គធ្វើការផ្សព្វផ្សាយ ឱ្យកាន់តែរុងរឿង ហើយបានតម្កើងសាសនានេះជាសាសនារបស់រដ្ឋ។ ទោះជាព្រះអង្គជាពុទ្ធសាសនិកក៏ដោយ ចុះព្រះអង្គក៏តែងមេត្តាដល់សាសនាព្រាហ្មណ៍ផងដែរ ដោយនៅសម័យនោះអ្នកកាន់ព្រះពុទ្ធសាសនា និងអ្នកកាន់សាសនាព្រាហ្មណ៍បានរស់នៅជាមួយគ្នាដោយសុខសាន្ត។ តាមសិលាចារិកបានបង្ហាញអំពីទឹកចិត្តរបស់ព្រះអង្គ គោរពស្រឡាញ់ចំពោះពុទ្ធសាសនាទាំងពីរនិកាយ គឺហិនយាន និងមហាយានដោយព្រះអង្គបានប្ដូរតួនាទីរបស់គ្រួសារព្រាហ្មណ៍សិវកៃវល្យដែលមាននាទីរៀបចំពិធីសម្រាប់ព្រះមហាក្សត្រ តាមបវេណីព្រាហ្មណ៍នោះ ឱ្យទៅជាបុព្វជិតកំពូលរបស់ព្រះអង្គវិញ ភស្ដុតាងមួយទៀតដែលបង្ហាញឱ្យកាន់តែច្បាស់ថា ព្រះអង្គជាពុទ្ធសាសនិក នោះគឺព្រះអង្គមានមរណៈ នាមថានវ៌ាបទ។
-រាជ្យព្រះបាទជ័យវរ្ម័នទី៧
ព្រះមហាវីរក្សត្រដ៏ឆ្នើមបំផុតរបស់ខ្មែរនាសម័យអង្គរ គឺព្រះបាទជ័យវរ្ម័នទី៧ដែលជាស្ថាបនិកទី៣នៃទីក្រុងអង្គរ សំណង់ប្រាសាទជាច្រើនត្រូវបានសាងសង់នៅក្នុងរាជក្សត្រអង្គ នេះដែលសំណង់ប្រាសាទទាំងនោះជាប្រភេទសំណង់បែបពុទ្ធសាសនា និងខ្លះទៀតបង្ហាញ ពីការបញ្ជូលគ្នាទាំងពុទ្ធលក្ខណៈ និងព្រាហ្មណ៍លក្ខណៈ។ ទ្រង់គ្រងរាជ្យសម្បត្តិក្នុងឆ្នាំ (១១៨១-១២១៥) ដែលអ្នកប្រវត្តិវិទូបានចាត់ទុកថាជាសម័យកាលមួយដែលកម្ពុជារុងរឿងជាទីបំផុត ក្នុងប្រវត្តិសាស្ត្រខ្មែរ។ ក្រៅពីការរីកចម្រើនរុងរឿងក្នុងផ្នែកសង្គម នយោបាយ ហើយវិស័យសាសនាក៏រីកចម្រើនព្រមជាមួយនោះផងដែរ។ ព្រះអង្គបានលើកស្ទួយព្រះពុទ្ធសាសនាមហាយាន ឱ្យបានថ្កុំថ្កើង តែទោះជាយ៉ាងនេះក្ដីព្រះអង្គក៏មិនដែលបំភ្លេចចោល ព្រហ្មញ្ញសាសនា នោះដែរ។ ព្រះអង្គបានបង្រួមសាសនាទាំងពីរចូលគ្នាតែមួយ ក្នុងបំណងដើម្បីលើកស្ទួយដល់ ពុទ្ធសាសនាមហាយានដែលព្រះអង្គបានគោរព ជាសាសនារបស់រដ្ឋ និងដើម្បីកុំឱ្យប្រជាពលរដ្ឋខ្មែរដែលនៅជាប់ដិតដាមជាមួយ ព្រហ្មញ្ញសាសនាមានការអាក់អន់ចិត្តផងដែរ។ ភាពវៃឆ្លាតនេះបានធ្វើឱ្យមានការឯកភាពគ្នាក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្រោមការដឹកនាំរបស់ទ្រង់ និងធ្វើឱ្យមានស្ថេរភាពនយោបាយក្នុងស្រុកផងដែរ។ លទ្ធិទេវរាជត្រូវបានប្រែក្លាយទៅជាពុទ្ធិរាជវិញ មានភស្ដុតាង ដែលបង្ហាញថាពុទ្ធសាសនា មហាយានមានការរីកចម្រើនខ្លាំងនៅក្នុងសម័យនេះ ដូចជា សំណង់ប្រាសាទបែបពុទ្ធសាសនាជាច្រើនពាសពេញផ្ទៃប្រទេស ដូចជា (ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន) ជាដើម ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ។ នៅសម័យឆ្នាំ១១៨០ ព្រះសង្ឃខ្មែរមួយរូបជាបុត្រ របស់ព្រះបាទជ័យវរ្ម័នទី៧ ព្រះនាមតាមលិន្ទ បានទៅសិក្សាភាសាបាលី និងចំណេះដឹងផ្នែកព្រះពុទ្ធសាសនានៅកោះសេរីលង្កាហើយបាននាំចូល ចំណេះដឹងទាំងនេះមកវិញ នៅកំឡុងឆ្នាំ១១។ ព្រះអង្គទទួលមរណៈនាមថា មហាបរមសៅគត។ ព្រះបាទជ័យវរ្ម័នទី៧ ទ្រង់ផ្ទាល់ជាពុទ្ធសាសនិក មហាយានដែលជាភស្ដុតាង បញ្ជាក់កាន់តែច្បាស់ថាពុទ្ធសាសនា ថេរវាទបាន រីកចម្រើនរុងរឿងខ្លាំងនៅសម័យនោះ។ បេសកកម្មរបស់ពួកចិននៅសម័យ នោះមកកាន់ក្រុងអង្គរ ដែលដឹកនាំដោយ Chou Ta-Laun នៅឆ្នាំ១២៩៦-១២៩៧ បានកត់សម្គាល់ឃើញមានព្រះសង្ឃពុទ្ធសាសនាថេរវាទនៅលើទឹកដីនេះ។
- ពុទ្ធសាសនានៅសម័យចុងអង្គរ
គេបានដឹងមកហើយដែរថា ព្រះពុទ្ធសាសនាថេរវាទនេះរីកចម្រើន តាំងពីរាជព្រះបាទជ័យវរ្ម័នទី៧មកម្លេះដោយទ្រង់ បានបញ្ជូនបុត្ររបស់ទ្រង់ព្រះនាមតាមលិន្ទទៅ បួសជាព្រះសង្ឃនិងសិក្សាចំណេះដឹងពីពុទ្ធសាសនាជាភាសាបាលី នៅកោះស្រីលង្ការ។ ព្រះអង្គម្ចាស់តាមលិន្ទបានត្រឡប់មកកម្ពុជាវិញ ហើយបានផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋខ្មែរតាមជំនឿ និងបែបបទព្រះពុទ្ធសាសនាដែលទ្រង់បានរៀនសូត្រ។ ទ្រង់បានក្លាយទៅជាព្រះសង្ឃជាន់ខ្ពស់នៅសម័យនោះ ដោយការចេះដឹងរបស់ ព្រះអង្គ។
នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៨ ព្រះពុទ្ធសាសនាត្រូវបានបំផ្លិចបំផ្លាញ រូបចម្លាក់បែបពុទ្ធសាសនាត្រូវបានកោសលុប និង បំផ្លាញចោល ឬប្ដូរទៅជារូបបែបព្រាហ្មណ៍វិញ។ គេឃើញមានការវាយកម្ទេចព្រះពុទ្ធរូបចោល។ សម័យនេះពួកព្រាហ្មណ៍ទាំងអស់ត្រូវបានសណ្តោសឡើងវិញ និងផ្ដល់សិទ្ធក្នុងការពង្រឹងសាសនានេះឡើងវិញផងដែរ។ តែទោះបីជាយ៉ាងណាក៏ដោយព្រះពុទ្ធសាសនាត្រូវបានប្រជាពលរដ្ឋខ្មែរនិយមកាន់តែច្រើនណាស់ទៅហើយ។ បើទោះបីជាមានប្រជាពលរដ្ឋខ្មែរកាន់ព្រះពុទ្ធសាសនានេះច្រើនណាស់ ទៅហើយយ៉ាងណាក្ដី ក៏បដិវិត្តសាសនាពីព្រាហ្មណ៍ ទៅព្រះពុទ្ធនោះមិនអាចធ្វើទៅរួចនោះដែរ។ ដូចនេះសាសនានេះ បានពួនសម្ងំនៅក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែររហូតដល់ រជ្ជកាលព្រះបាទត្រសក់ផ្អែម ទើបមានការលើកស្ទួយព្រះពុទ្ធសាសនាឱ្យ រីកចម្រើនឡើងវិញរហូតមកដល់សព្វថ្ងៃនេះ។
- ពុទ្ធសាសនាសម័យកណ្ដាល
ក្រោយសតវត្សទី១៣មក ព្រះពុទ្ធសាសនាត្រូវបានលើកតម្កើងជាសាសនារបស់រដ្ឋ។ ព្រះរាជាខ្មែរ និងប្រជាពលរដ្ឋគ្រប់មជ្ឍដ្ឋាន និយមព្រះពុទ្ធសាសនានេះខ្លាំងណាស់ និងមានជំនឿយ៉ាងមុតមាំ ដែលគេចាត់ទុកជាទីពឹងទីនឹករឮក បើទោះបីជាប្រជាពលរដ្ឋខ្មែរមិនទាន់បោះបង់ចោលជំនឿលើព្រលឹង អារក្ខ អ្នកតាក៏ដោយ។ ប៉ុន្តែចំពោះព្រាហ្មណ៍សាសនាពុំមានប្រជាពលរដ្ឋខ្មែរគោរពរាប់អានទៀតនោះឡើយ។ ទោះជាយ៉ាងនេះក្ដីក៏ ទំនៀមទម្លាប់បែបព្រាហ្មណ៍នៅតែដិតដាមក្នុងប្រពៃណីរបស់របស់ជនជាតិខ្មែរ រហូតដល់សព្វថ្ងៃ។ ឯក្នុងព្រះបរមរាជវាំងវិញ គេនៅឃើញមានពួកព្រាហ្មណ៍បាគូនៅមានសេសសល់ ក្នុងភារកិច្ចជាអ្នករៀបចំពិធី ផ្សេងៗ និងថែរក្សាទ្រព្យសម្បត្តិសម្រាប់រាជ្យ។
ក្នុងសម័យនោះចំនួនវត្តអារាមបានកើនឡើងជាលំដាប់។ ព្រះមហាថេរ ដែលមានតួនាទីមើលការខុសត្រូវលើការរៀបចំខាងសាសនា និងលើវត្តអារាមនៅក្នុងខេត្តនីមួយៗ លែងមានលទ្ធភាពបន្តការគ្រប់គ្រងនោះតទៅទៀតហើយ។ ដោយហេតុនោះសម្ដេចសង្ឃរាជ ដោយមានការព្រមព្រៀងជាមួយរាជាគណៈឋានានុក្រម និងសហការីទាំងអស់ទ្រង់បានស្នើទៅព្រះរាជាសូមឱ្យមានការកែប្រែ ដែលមានបែងចែកដូចតទៅ៖
ព្រះមហាថេរមួយអង្គៗ ពីមុនឥឡូវ ត្រូវតែងតាំងជាមេគណ ទទួលខុសត្រូវលើគណៈសង្ឃ ក្នុងខេត្តនីមួយ។ ចំណែកឯព្រះរាជាគណៈទាំង៤សម្រាប់ និងសម្ដេចព្រះសង្ឃរាជជាអ្នកត្រួតពិនិត្យ និងសម្រេចកិច្ចការសាសនាទាំងពួងក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ រាជាគណៈ ឬមន្ត្រីសង្ឃទាំង៤សម្រាប់ ត្រូវបែងចែកជាឯក ទោ ត្រី ចត្វា ដូចមន្ត្រីជាន់ខ្ពស់ ខាងអាណាចក្រដែរ។
-សម្រាប់ឯក ជារាជាគណៈរបស់ក្សត្រិយ៍ទ្រង់រាជ្យ
-សម្រាប់ទោ ជារាជាគណៈរបស់ក្សត្រិយ៍ឧភយោរាជ
-សម្រាប់ត្រី ជារាជាគណៈរបស់សម្ដេចព្រះមហាឧបរាជ
-សម្រាប់ចត្វា ជារាជាគណៈរបស់សម្ដេចព្រះវររាជជននី (សៀវភៅលោកត្រឹងងារ ប្រវត្តិសាស្ត្រខ្មែរភាគ២)
ព្រះពុទ្ធសាសនាក៏ដើរតួយ៉ាងសំខាន់ផងដែរ ក្នុងវិស័យអក្សរសាស្ត្រ និងការតាក់តែងនិពន្ធ។ ហេតុនេះហើយទើបឃើញកើតមានជាអត្ថបទគម្ពីរ បិតកជាតកច្រើនកើតឡើងហូរហែ។ មិនតែប៉ុណ្ណោះអត្ថបទបែបព្រះពុទ្ធសាសនា ពោលគឺទស្សនៈពុទ្ធនិយមត្រូវបានអ្នកនិពន្ធខ្មែរយកមកធ្វើជាវិធីសាស្ត្រ ក្នុងការតាក់តែងអត្ថបទរបស់ខ្លួនផងដែរ។ ព្រឹត្តិការណ៍ទាំងនេះបានកើតឡើងនៅក្រោយពេលដែលទីក្រុងអង្គរត្រូវបានព្រះរាជាខ្មែរបោះបង់ចោល ហើយប្រទេសធ្លាក់ចូលទៅក្នុងកលិយុគចម្បាំងកើតមានញឹកញាប់។
ការលើកយកទស្សនៈបុណ្យបាបរបស់ពុទ្ធសាសនាមកតាក់តែងជាស្នាដៃអក្សរ សិល្បិ៍ នេះត្រូវបានអ្នកសិក្សាខ្លះវិភាគថាជាការ លើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ជាងការលួងលោម កុំឱ្យពួកគាត់ធ្លាក់ទឹកចិត្ត បាក់ទឹកចិត្ត ដោយចាត់ទុកហេតុការណ៍ ឬទុក្ខលំបាកវេទនាដែលខ្លួន ជួបប្រទះនេះជាកម្មពៀររបស់ខ្លួនដែលបានសាងមកពីអតីតជាតិ។ ព្រះសង្ឃក្នុងពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា អក្សរសិល្បិ៍ អក្សរសាស្ដ្រជាតិ និងប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរឱ្យនៅគង់វង្ស។
ចំពោះវិស័យសង្គមកិច្ចវិញ ព្រះសង្ឃជាគ្រូពេទ្យ ជាអ្នកកាត់ក្ដី ជាអ្នកមើលការខុសត្រូវដល់ប្រជាពលរដ្ឋខ្មែរផងដែរ។ ទីធ្លាវត្តអារាម បានក្លាយទៅជាទីសម្រាប់ជនទុរគត៌ សម្រាកនិងព្យាបាលជំងឺ ការសណ្តោសរបស់ព្រះសង្ឃពុទ្ធសាសនា ការចូលរួមចំណែកច្រើនក្នុងវិស័យសង្គមជាតិ នោះបានធ្វើឱ្យព្រះពុទ្ធសាសនាកាន់តែទទួលបានការរាប់អាន ពីប្រជាពលរដ្ឋខ្មែរ។
- ពុទ្ធសាសនាសម័យអាណានិគមបារាំង
សម័យអាណានិគមនិយមបារាំង គិតចាប់ពីឆ្នាំ១៨៦៣ នៅពេលដែលព្រះនរោត្តម ទ្រង់បានចុះសន្ធិសញ្ញាជាមួយបារាំងថ្ងៃ១១ ខែសីហា ឆ្នាំ១៩៦៣នេះតែម្ដង ក្នុងបំណងយកបារាំងជាខែលការពារប្រទេសកម្ពុជាពីការឈ្លានពានរបស់ប្រទេសជិតខាង មាន យួន សៀមជាដើម។
ក្នុងកំឡុងសតវត្សទី១៧, ១៨, ១៩ប្រទេសសៀម បានមានឥទ្ធិពលយ៉ាងខ្លាំងមកលើ នយោបាយក្នុងស្រុករបស់ខ្មែរ ដែលជាហេតុធ្វើឱ្យឥទ្ធិពលនៃប្រពៃណីសាសនាក៏លាយឡំជាមួយគ្នានោះ ផងដែរ។ ដូចជានៅក្នុងឆ្នាំ១៨៥៥ ព្រះបាទនរោត្តមបាននិមិន្តព្រះសង្ឃ ធម្មយុត្តិកនិកាយពីប្រទេសសៀម ចូលមក្នុងស្រុកខ្មែរ ដើម្បីបង្កើតនិកាយនេះនៅក្នុងស្រុកខ្មែរផងដែរ។ សម្ដេចប៉ានទ្រង់ជាព្រះសង្ឃខ្មែរ ក៏ប៉ុន្តែទ្រង់បានទៅសិក្សាប្រទេសសៀម ហើយត្រូវបានតែងតាំងជាព្រះសង្ឃធម្មយុត្តិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា គង់នៅក្នុងវត្តបទុមវត្តីក្រុងភ្នំពេញ។ ហើយប្រពៃណីនេះបានបន្តជាប់គ្រប់រាជការព្រះមហាក្សត្រខ្មែររហូតដល់សព្វថ្ងៃ។
ក្នុងសម័យអាណានិគមនេះ ក៏មិនខុសពីសម័យកណ្ដាលប៉ុន្មានដែរ ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងសង្គមខ្មែរទាំងវិស័យសង្គមកិច្ច សុខាភិបាល អប់រំ យុត្តិធម៌ និងជាឃ្លាំងអភិរក្សអក្សរសាស្ដ្រជាតិខ្មែរ ព្រមទាំងវប្បធម៍ ប្រពៃណីរបស់ខ្មែរយើងផងដែរ។ ក្រោមការជិះជាន់របស់បារាំងមកលើប្រជាពលរដ្ឋខ្មែរ និងពុទ្ធសាសនា បានធ្វើឱ្យព្រះសង្ឃខ្មែរងើបឡើងតស៊ូបះបោរប្រឆាំងជាមួយបារាំង ប៉ុន្តែត្រូវបរាជ័យយ៉ាងធ្ងន់ធ្ងរ រហូតដល់មានការចាប់ខ្លួនធ្វើទោសទណ្ឌទៀតផង។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏ពុទ្ធសាសនានៅតែពង្រឹងខ្លួនជានិច្ចពុំមានការចុះញ៉មជាមួយពួកបារាំងនោះឡើយ ដែលនៅឆ្នាំ១៩១៤ គេឃើញមានការសាងសង់សាលាភាសាបាលីជាន់ខ្ពស់មួយនៅភ្នំពេញ និងក្រោយមកកែប្រែទៅជាមហាវិទ្យាល័យ។ ការសិក្សាអប់រំចំពោះព្រះសង្ឃមិនត្រឹមតែចំណេះដឹងខាងភាសាបាលីប៉ុណ្ណោះទេ ក៏ប៉ុន្តែមូលដ្ឋានគ្រឹះនៃចំណេះដឹងទូទៅតាមបែបទំនើបក៏ត្រូវយកមកសិក្សារៀនសូត្រនៅឯសាលារៀនផងដែរ។ សាលាបាលីជាន់ទាបត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ១៩៣៣ ដើម្បីផ្ដល់លទ្ធភាពឱ្យព្រះសង្ឃដែលទើបបួសថ្មីអាចសិក្សាពីភាសាបាលីនេះពីកម្រិតដំបូងបាន។
- ពុទ្ធសាសនាសម័យខ្មែរក្រហម
កំឡុងឆ្នាំ១៩៧៥ នៅពេលដែលពួកខ្មែរក្រហមបានដណ្ដើមកាន់កាប់ទីក្រុងភ្នំពេញជាស្ថាពរ ពួកគេបានបំបាត់ចោលទាំងអស់នូវជំនឿសាសនាផ្សេងៗ មិនឱ្យមានការគោរពប្រតិបត្តិអ្វីទាំងអស់ សូម្បីតែព្រះសង្ឃជាទីសក្ការៈត្រូវបានពួក នោះចាប់ផ្សឹកទាំងអស់។ ទីអារាមបានក្លាយទៅជាឃ្លាំងផ្ទុកនូវសម្ភារ សព្វាវុធ និងជាឃ្លាំងស្រូវ ឬត្រូវបំផ្លាញចោល។ តាមការប៉ាន់ស្មាននៅមុនរបបខ្មែរក្រហមព្រះសង្ឃខ្មែរមានចំនូនសរុប ចន្លោះពី៦៥០០០អង្គ ទៅ៨០០០០អង្គ។ ប៉ុន្តែក្រោយពេលដែលខ្មែរក្រហមបានត្រូវបានកម្ចាត់ នៅកំឡុងឆ្នាំ ១៩៨០ព្រះសង្ឃត្រូវបានគេប្រមូលផ្តុំឡើងវិញ សល់មិន ដល់៣០០០អង្គផង។
- ពុទ្ធសាសនាសម័យក្រោយរបបខ្មែរក្រហម
ក្រោយជ័យជំនះលើកងទ័ពខ្មែរក្រហមនៅឆ្នាំ១៩៧៩ ជំនឿសាសនាត្រូវបានបើកចំហឡើងវិញសម្រាប់ប្រជាពលរដ្ឋខ្មែរ។ ព្រះពុទ្ធសាសនា ក៏ត្រូវបានលើកតម្កើងសារជាថ្មីផងដែរ ដោយរដ្ឋាភិបាលបាននិមន្តព្រះសង្ឃខ្មែរ ដែលបានភៀសខ្លួនទៅ ប្រទេសវៀតណាមកាលពីកំឡុងសម័យខ្មែរក្រហមនោះ ចូលមកក្នុងប្រទេសកម្ពុជាវិញដើម្បីដឹកនាំព្រះពុទ្ធសាសនាឡើងវិញ។ នៅឆ្នាំ១៩៨១ ព្រះសង្ឃខ្មែរមួយអង្គត្រូវបានតែងតាំងជាព្រះសង្ឃទី១នៃកម្ពុជាគណៈមហានិកាយ ទ្រង់ព្រះនាមទេពវង្ស។ បច្ចុប្បន្ននេះព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាង សំខាន់ក្នុងការដឹកនាំប្រទេស ពុទ្ធសាសនាបានក្លាយជាអ្នកអប់រំដល់ពលរដ្ឋ ខ្មែរទូទៅ ពុទ្ធសាសនាក៏បានជួយសង្គមខ្មែរក្នុងវិស័យផ្សេងៗផងដែរ។ ព្រះសង្ឃមានរាប់សែនអង្គនៅទូទាំងប្រទេស ដែលទន្ទឹមនឹងនោះវត្តអារាមក៏ត្រូវបានកសាងឡើងជាបន្តបន្ទាប់ពាសពេញប្រទេសផងដែរ។ នៅឆ្នាំ១៩៩១ ក្រោយពីធ្វើមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញ ព្រះបាទនរោត្តមសីហនុ បានរៀបចំឡើងវិញនូវរចនាសម្ពន្ធដឹកនាំពុទ្ធសាសនាដោយមានទាំង ធម្មយុត្តិកនិកាយ និងមហានិកាយ។ ទន្ទឹមនឹងការចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជានៅឆ្នាំ១៩៩១ ការប្រកាន់ជំនឿសាសនាដទៃទៀត ក៏ត្រូវបានគាំទ្រពីរដ្ឋាភិបាលផងដែរ។
IV.ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ” ត្រូវបានចែងក្នុងមាត្រា៤៣ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ដែលសមស្របទៅតាមផ្នត់គំនិត ចំណង់ចំណូលចិត្ត និងប្រពៃណី ទំនៀមទម្លាប់តាំងពីបុរាណកាលយូរលង់ណាស់ មកហើយនៃដូនតាខ្មែរ។ អាស្រ័យដោយពុទ្ធសាសនាត្រូវបានចាត់ទុកថាជាសាសនាផ្លូវការទើបពិធីបុណ្យនីមួយៗ នៅក្នុងព្រះពុទ្ធសាសនា បានក្លាយជាបុណ្យប្រពៃណីជាតិហើយបានក្លាយជាថ្ងៃឈប់សម្រាករបស់ជាតិ ដោយស្របច្បាប់ ។
- ពិធីបុណ្យធំៗក្នុងព្រះពុទ្ធសាសនា មួយចំនួន៖
- ពិធីបុណ្យមាឃបូជា
- ពិធីបុណ្យវិសាខបូជា
- ពិធីបុណ្យភ្នំបិណ្ឌ
- ពិធីបុណ្យ បណ្តែតប្រទីប សំពះព្រះខែ
- ពិធីបុណ្យកថិនទាន…………..។
V. ឥទ្ធិពលវត្តអារាម ទៅក្នុងសង្គមខ្មែរ
ក្នុងបច្ចុប្បន្នកាលនេះ ប្រជាជាតិយើងបានជ្រើសរើសព្រះធម៌នៃព្រះបរមសព្វញ្ញូពុទ្ធ ដើម្បីស្ថាបនាអនាគតរបស់យើង ដែលយើងទាំងអស់គ្នាចង់ឱ្យប្រកបដោយសន្តិភាព មេត្តាធម៌ យុត្តិធម៌ នៅក្នុងប្រទេសយើង។ ព្រះពុទ្ធសាសនា មានតួនាទីសំខាន់ណាស់ក្នុងសង្គមខ្មែរ។ តួនាទីសំខាន់របស់ព្រះពុទ្ធសាសនាគឺ៖
- តួនាទីរបស់វត្តអារាម
- តួនាទីរបស់ព្រះសង្ឃ
- តួនាទីនៃការអប់រំសីលធម៌
- វត្តអារាម
ដោយមានជំនឿយ៉ាងមុតមាំទៅលើព្រះពុសាសនា ដោយសារព្រះពុទ្ធសាសនាបានពន្យល់ ណែនាំគេឱ្យឃើញនូវមធ្យោបាយដោះស្រាយរាល់បញ្ហាដែលចោទឡើងក្នុងជីវិតប្រកបដោយហេតុផល យើងអាចមើលឃើញថា កន្លែងណាមានប្រជារាស្រ្តច្រើនកុះករ កន្លែងនោះតែងតែមានវត្តអារាម ។ ចំពោះប្រជាជនខ្មែរ វត្តអារាមជាទីពឹងពំនាក់ ជាបង្អែកខាងផ្លួវចិត្ត ជាកន្លែងសម្រាប់ ផ្តល់នូវបុណ្យកុសលគ្រប់បែបយ៉ាង ។ គេប្រារព្វកម្មវិធីផ្សេងៗ ដែលជាប្រពៃណីព្រះពុទ្ធសាសនាក្តី ជាទំនៀមទម្លាប់របស់ប្រជាពលរដ្ឋក្តី នៅក្នុងវត្តអារាម។ វត្តក៏ជាទីពំនាក់អាស្រ័យ របស់អ្នកដែលគ្មានទីពឹងៈ កុមារកំព្រា ចាស់ជរា ជាទីស្នាក់អាស្រ័យ របស់សិស្សានុសិស្ស ជាកូនចៅរបស់ប្រជារាស្រ្តក្រីក្រ។ អ្នកដឹកនាំយើងមួយចំនួន សុទ្ធតែបានស្នាក់បន្តការសិស្សានៅវត្ត ។
ប្រជារាស្រ្តយើងមួយចំនួន មានជំនឿលើវត្តអារាមថាជាមន្ទីពេទ្យសំរាប់ព្យាបាលជំងឺតាមផ្លូវចិត្ត និងជំងឺផ្សេងៗទៀតផង។ ព្រះសង្ឃយើងពីមុនមានប្រពៃណីផ្សំថ្នាំបុរាណយ៉ាងសក្កិសិទ្ធិ។
វត្តជាឃ្លាំចំនេះដឹង ជាបណ្ណាល័យ ជាសារមន្ទីនៃវប្បធម៌ អក្សរសាស្រ្តជាតិនៅគ្រប់សម័យកាល ជាកន្លែសិស្សាវិជ្ជាផ្សេងៗ ដូចជាអក្សរសាស្រ្ត លេខនពន្ធ និងចំណេះដឹងផ្សេងៗចាំបាច់ សំរាប់ប្រើក្នុងជីវិត។ អ្នកនិព្ធយើងដ៏ឆ្នើមៗ និងសិល្បករល្បីៗ ពីជំនាន់បុរាណ សុទ្ធតែបានទទួលការបណ្តុះបណ្តាលនៅក្នុងវត្ត។
វត្តក៏ជាតុលាការរបស់ប្រជារាស្រ្តនៅក្នុងភូមិ_ឃុំ ពេលណាប្រជារាស្រ្តមានទំនាស់ ទាស់ទែងខ្វែងគំនិតគ្នាក្នុងគ្រួសារក្តី រវាងញាតិសន្តានក្តី ក៏ព្រះសង្ឃរួមចំណែកជួយដោះស្រាយ ដោយបិណ្ឌបាតសេក្តីលោភ ក្រេវក្រោធ កំហឹង ហឹង្សានោះចេញ។ តួរនាទីវត្តដែលលើកសង្ខេបខាងលើនេះ បង្ហាញឲ្យឃើញថា ពុទ្ធសាសនាមានសារសំខាន់ណាស់ សំរាប់ប្រជារាស្រ្តខ្មែរយើង។ដោយឃើញឥទ្ធិពលវត្តទៅលើសង្គមខ្មែរដូចនេះហើយ នៅពេលដែលប្រទេសជាតិជួបនិងកោលាហលម្តងៗ ខ្មាំសត្រូវរបស់យើងតែងខ្មីឃ្មាតទៅដុតបំផ្លាញវត្តអារាម គឺដុតបំផ្លាញបេះដូងខ្មែរ ព្រលឹងជាតិខ្មែរឲ្យសាបសូន្យ ។
- ព្រះសង្ឃ
ព្រះសង្ឃយើងដើរតួសំខាន់ក្នុងសង្គម តាំងពីបុរាណកាលមក ព្រះអង្គមានកិត្យានុភាពខ្ពស់ ហើយមានឥទ្ធិពលធំធេងណាស់ទៅលើជឺវភាពរស់នៅរបស់ប្រជាជន។ ព្រះសង្ឃបានលះអ្វីគ្រប់បែបយ៉ាងៈ កោរព្រះកេសា លះបង់ទ្រព្យសម្បត្តិ ភូមិឋានកេរមតកគ្រប់បែបយ៉ាង។ ព្រះសង្ឃយើងមានមេត្តាធម៌ ចិត្តសន្តោស ប្រោសប្រណីដ៏ប្រសើរ ដោយមិនលើកកំពស់ខ្លួន ។ អាកប្បកិរិយាជាគំរូនេះ ផ្តល់ដល់ព្រះនូវការគោរពដ៏ជ្រាលជ្រៅ និងស្មោះពីប្រជារាស្រ្តខ្មែរ ព្រះអង់បានចូលរួមយ៉ាងសកម្មក្នុង ការកសាងវត្តអារាម ធ្វើឱ្យទីវត្តក្លាយទៅជារម្មណីយដ្ឋាន ជាទីសក្ការបូជា។ ចូលរួមយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ព្រះអង្គបានជួយឧបត្ថម្ភលើវិស័យសង្គមកិច្ច សិក្សាធិការ សុខាភិបាល បរិស្ថាន ។ល។
ឆ្លៀតក្នុងឳកាសនេះ ខ្ញុំព្រះករុណា សូមគោរព និងកោតសរសើរចំពោះវិភាគទានដ៏ធំធេងក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរបស់ព្រះសង្ឃយើង ។
- ការអប់រំសីលធម៌
តួនាទីទាំងបីនេះរបស់ព្រះពុទ្ធសាសនា ត្រូវដើរទន្ទឹងគ្នា មិនអាចខ្វះមួយណាបានឡើយ ។ ធម៌ព្រះពុទ្ធជាគន្លង ជាផ្លូវដ៏សំខាន់ សំរាប់អប់រំកាយ វាចា ចិត្ត និងសំរាប់បណ្តុះបណ្តាលឲ្យកើតមានមេត្តា ករុណា ប្រាចាកលោភៈ ទោសៈ មោហៈ ដើប្បីជួបមនុស្ស ឱ្យរួចចាកផុតពីសេចក្តីទុក្ខ ទៅរកសុខសន្តិភាពពិតប្រាកដ។ ព្រះអង្គក៏ទ្រង់បានសម្តែងអំពីសង្គហធម៌ និងតូនាទីមាតាបិតា និងបុត្រធីតារវាងគ្រូនិងសិស្ស រវាងស្វាមីនិងភរិយា រវាងមិត្តនិងមិត្ត រវាងនិយោជិតនិងនិយោជិត រវាងអ្នកគ្រប់គ្រងនិងប្រជារាស្រ្ត រវាងភិក្ខុសង្ឃនិងឧបាសក ឧបាសិកា ។
VI. ព្រះពុទ្ធសាសនានិងសន្តិភាព
ព្រះពុទ្ធសាសនា អប់រំមនុស្សតាមសន្តិភាព មិនមែនដោយហឹង្សានោះទេ, អប់មនុស្សឲ្យមានព្រហ្មវិហារធម៌ចេះស្រឡាញ់ រាប់អានគោរពគ្នាទៅវិញទៅមក ។ ប្រទេសយើនពុំទាន់មានសន្តិភាពពិតប្រាកដទេ ដោយើងពុំទាន់ធានាបាននូវសន្តិសុខ សុវត្តិភាព។ ទាល់តែប្រជាពលរដ្ឋយើង លែងភ័យខ្លាចទើបឈ្មោះថាយើងមានសន្តិភាព។ ចោរប្លន់ កាប់សម្លាប់ មានជារៀង រាលថ្ងៃ ។អ្នកក្រភ័យព្រួយដោយគ្មានហូប, អ្នកមានភ័យខ្លាចចោរប្លន់ ។
បញ្ហាសន្តិភាពផ្លូវចិត្តសំខាន់ណាស់។ កាលណាចិត្តស្ងប់ ធ្វើឲ្យបុគ្គលស្ងប់, កាលណាបុគ្គលស្ងប់ ធ្វើអោយគ្រួសារស្ងប់, កាលណាគ្រួសារស្ងប់ ធ្វើអោយស្រុកភូមិស្ងប់, កាលណាស្រុកភូមិស្ងប់ ធ្វើឲ្យខេត្តស្ងប់,កាលណាខេត្តស្ងប់ ធ្វើឲ្យប្រទេសស្ងប់, កាលណាប្រទេសស្ងប់ ធ្វើឲ្យពិភពលោកស្ងប់ ។ ពេលណានៅតែមានការកាប់សម្លាប់គ្នា មិនឈ្មោះថាមានសន្តិភាពឡើយ។ ក្នុងវត្តនីមួយៗបើព្រះសង្ឃមានចិត្តស្ងប់ ប្រជាជនជុំវិញវត្តក៏មានចិត្តស្ងប់ដែរ។ បើលោកគ្រូចៅអធិការ, គ្រូសូត្រមានចិត្តស្ងប់ ព្រះសង្ឃបរិស័ទក៏មានចិត្តស្ងប់ដែរ ។
VII. ព្រះពុទ្ធសាសនានិងការផ្សះផ្សាជាតិ
ការផ្សះផ្សាជាតិពុំមែនជារឿងនយោបាយទេ ហើយក៏ពុំមែនជារឿងថ្មីដែរ។ ព្រះសម្ពុទ្ធកាលគង់ធរមាននៅ ធ្លាប់ដោះស្រាយបញ្ហានេះដែរ ដូចជាទ្រង់ផ្សះផ្សារឿងវិវាទរវាងសាក្យៈ និង ពួកកោលិយៈ អស់វារៈបីដង ប៉ុន្តែពួកទាំងនេះមិនព្រមស្តាប់ព្រះអង្គ, ពួកគេក៏ធ្លាប់ទៅក្នុងភាពគ្រោះមហន្តរាយ ដោយសារឈ្លោះគ្នានេះ។ រឿងអង្គុលីមាលដែលចាញ់បោកគ្រូ ដើរកាត់ម្រាមដៃគេមកបូជា ដើម្បីប្រសិទ្ធីមន្តអាគម ឲ្យក្លាយខ្លូនទៅជាមនុស្សខ្លាំងពូកែជាងគេក្នុងលោកនេះ, ព្រះទ្រង់ប្រើពីធីដោះស្រាយៗដោយទ្រង់ផ្ចាញអង្គុលីមាល៍ឲ្យចុះចាញ់ ហើយលែងធ្វើបាបមនុស្សក្នុងសង្គមឲ្យភិតភ័យ ខ្លាចរអា, រឿងកោសម្ពិកភិក្ខុ ដែលឈ្លោះទាស់ទែងគ្នា ដោយសារតែទឹកលាងលាមកបន្តិចនោះ ព្រះអង្គបានប្រើពិធីដោះស្រាយ ដោយទ្រង់ដើរចេញ ទុកឲ្យពួកភិក្ខុទាំងនោះ យល់ពីកំហុសរបស់ខ្លួន ហើយទីបំផុត ពួកភិក្ខុទាំងនោះក៏បានសារភាព ជានាគ្នា រាប់រកគ្នាទៅវិញទៅមក ។
ការផ្សះផ្សាឳ្យវិវាទជានា ស្រុះស្រួលគ្នា រួបរួមគ្នានេះ ជារឿងចាស់ហើយដែលព្រះសង្ឃយើងគួរតែចូលរួមធ្វើ លោកគ្រូចៅអធិការជាដើម គួរតែជួយអប់រំប្រជាពលរដ្ឋចំណុះជើងវត្ត ឲ្យចេះស្រឡាញ់ រាប់អានគ្នា ចៀសវាងការឈ្លោះទាស់ទែងគ្នា ដោយសាររឿងបន្តិចបន្តួច មានរឿងភ្លឺស្រែជាដើម។ ដើម្បីដោះស្រាយឲ្យមានសន្តិភាពនោះ យើងត្រូវដើរតាមផ្លូវតែមួយគត់គឺដើរតាមផ្លូវកណ្តាល (មជ្ឈិមប្បដិបទា) ទើបនាំសង្គមជាតិយើងឲ្យបានសុខចម្រើនគឺៈ
១.កាមសុខល្លិកានុយោគៈ ផ្លូវធូរពេក ស្តាំពេក សេរីនិយមហួសហេតុពេក ឈានទៅបង្កើតរបបអនាធិប្បតេយ្យ នាំមកនូវសេចក្តីវិនាស់ គ្រោះថ្នាក់,
២.អត្តកិលមឋានុយោគៈ ផ្លូវតឹងពេក ឆ្វេងពេក ប្រើអំណាចផ្តាច់ការ ធ្វើការខ្លាំងពេក តែហូបបបរ។ ផ្លូវទាំងពីរនេះប្រទេសយើងធ្លាប់បានដើរ ក្នុងអំឡុងឆ្នាំ១៩៧០-១៩៧៥ និង ពីឆ្នាំ ១៩៧៥-១៩៧៩ សុទ្ធតែជាផ្លូវនាំមកនូវគ្រោះថ្នាក់។ បើព្រះសង្ឃមានវិហារថ្មពីរ បីជាន់ កុដិថ្មល្អៗ…ហើយឧបាសកឧបាសិកានៅជុំវិញវត្ត នៅផ្ទះស្លឹករយីករយាកនោះ ក៏ជារឿងមិនល្អដែរ។
ដូច្នេះផ្លូវដែលល្អ ដែលត្រូវគួរដើរនោះ គឺអដ្ឋង្គិកមគ្គ មានអង្គ៨ប្រការគឺៈ សម្មាទិដ្ឋិ គំនិតត្រូវ, សម្មាសង្កប្បៈ ការត្រិះរិះត្រូវ, សម្មាកម្មន្តៈ ការងារត្រូវ, សម្មាអាជីវៈ អាជីវកម្មត្រឹមត្រូវ, សម្មាវាចា វាចាត្រូវ, សម្មាវាយាមៈ ព្យាយាមត្រូវ, សម្មាសតិ ការភ្ញាក់រលឹកត្រូវ,និង សម្មាសមាធិ ការតម្កល់ចិត្តត្រូវ។ ទាល់តែដើរតាមផ្លូវទាំងនេះទើមរដោះទុក្ខបាន ។
មុននិងផ្សះផ្សារសង្គមជាតិ ជាបឋមត្រូវផ្សះផ្សារបុគ្គល និងបុគ្គលសិន, អ្នកនោះវាយអញ, អ្នកនោះឈ្នះអញ, ……..បញ្ហាសន្តិភាព ការផ្សះផ្សារជាតិ ពុំអាចកើតមានក្នុងសង្គមខ្មែរទេ។ ការឈ្លោះគ្នា ច្បាំងគ្នា នៅតែបន្តរហូត រកទីបញ្ចប់គ្មានឡើយ ។
VIII. ព្រះពុទ្ធសាសនា និង សិទ្ធិមនុស្ស
ព្រះពុទ្ធសាសនា បានទទួលស្គាល់សិទ្ធនិងករណីកិច្ចរបស់មនុស្សតាំងពីជាង២៥០០ឆ្នាំមកហើយ។ ព្រះអង្គបានប្រាប់ឲ្យដោះស្រាយបញ្ហាគ្រប់បែបយ៉ាងដោយប្រើធម៌អហិង្សាៈ មេត្តា ករុណា និងបញ្ញា មិនឲ្យប្រើហិង្សាឡើយ។ សីល៥ដែលយើងចេះចាំស្ទើរតែទាំងអស់គ្នាគឺជាការធានា នូវសិទ្ធិនិង ករណីកិច្ចរបស់មនុស្សសត្វគ្រប់ៗគ្នា (ប៉ុន្តែបានប្រតិបត្តិតាមហើយឬនៅ?)
- សីលទី១ គឺសីលបាណា ទាក់ទងនឹងសិទ្ធិរស់រានមានជីវិត និងករណីកិច្ចត្រូវគោរពជីវិតទាំងអស់ ព្រោះម្នាក់ៗ គ្មានស្រឡាញ់អ្វីស្មើនឹងជីវិតរបស់ខ្លួនទេ (នត្ថិ អត្តសមំ បេមំ)។ ដូច្នេះសីលទី១ មិនឲ្យ សម្លាប់បៀតបៀនជីវិតដើម្បីឲ្យរស់នៅបានយូរ មានអាយុវែង។
- សីលទី២ គឺសីលអទិន្នាទាន ទាក់ទងនឹងកម្មសិទ្ធិ កុំលួច កុំប្លន់ កុំបោកប្រាស់ កុំស៊ី សំណូកសូកប៉ាន់ (កុំពុករលួយ) ។ម្នាក់ៗមានកម្មសិទ្ធិឯកជនបើជាតិមានកម្ម សិទ្ធិ របស់ជាតិរបស់រដ្ឋ គឺរបស់យើងទាំងអស់គ្នា យើងចង់ឲ្យគេ គោរពកម្មសិទ្ធិគេ វិញដែរ។
- សីលទី៣ គឺសីលកាមេ ត្រូវគោរពសិទ្ធិទាក់ទងបុរស ស្ត្រី កុំរំលោភ កុំបៀតបៀន ប្រពន្ធប្តីអ្នកដទៃ ទុកឲ្យគេរស់នៅបានសុខសាន្ត ត្រជាក់ត្រជុំវែងឆ្ងាយទៅ។ ហើយគេក៏នឹងគោរព មិនបៀតបៀនយើង ទុកឲ្យយើងរស់នៅដោយសុខសាន្តដែរ។
- សីលទី៤ គឺសីលមុសា មានសិទ្ធិបញ្ចេញមតិ យោបល់ ប៉ុន្តែមានករណីកិច្ចកុំភូត កុំបោកប្រាស់ កុំបរិហាកេរ្តិ៍ កុំញុះញង់ជាដើម ។ យើងមានសិទ្ធិចង់បានតែពត៌មានពិត ដូច្នេះយើងក៏ត្រូវតែនិយាយពិត។
- សីលទី៥ គឺសីលសុរា មិនឲ្យសេពគ្រឿងស្រវឹង គ្រឿងញៀនដែលធ្វើឲ្យខូចស្មារតី នាំឲ្យប្រព្រឹត្តមិនល្អ មានការយល់ខុស និយាយខុសជាដើម គឺថានាំឲ្យរក្សាសីលទាំង៤ ខាងដើមមិនកើត។
ក្នុងសីល៥ បាននិយាយពីសិទ្ធផង ករណីកិច្ចផង។ គេមិនអាចនិយាយពីសិទ្ធិហើយ មិននិយាយពីករណីកិច្ចបានទេ ។
ក្នុងសេចក្តីថ្លែងការណ៍ជាសកលអំពីសិទ្ធិមនុស្ស គ្មាននិយាយអ្វីផ្សេងក្រៅតែពីនិយាយ ឲ្យតែស្រឡាញ់រាប់រកគ្នាជាបងប្អូន ឲ្យរៀនរស់នៅ រៀនធ្វើការ រៀនធ្វើការដោះស្រាយដោយ សន្តិវិធី(អហឹង្សា) គឺថាប្រកបដោយមេត្តា ករុណានិងបញ្ញា។ ដូច្នេះ ឃើញថាមានទាស់ខុស អ្វីនឹងសីលធម៌ពុទ្ធសាសនាឡើយ។
មជ្ឍិមបដិទាក្តី សីល៥ក្តី ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងមកជាសេចក្តីថ្លែងការណ៍ ជាសកលអំពីសិទ្ធិ និងករណីកិច្ចរបស់មនុស្សដ៏ថ្លៃថ្លាបំផុត។ បើគេប្រតិបត្តិតាមមជ្ឍិម បដិបទានិងសីល៥ គេមិនអាចរំលោភលើសិទ្ធិមនុស្សបានទេ។
ដូច្នេះ អ្នកដែលមិនរំលោភលើសិទ្ធិមនុស្ស ទោះបីជាជាតិជាតិអ្វីក៏ដោយរស់នៅ កន្លែងណាក៏ដោយ ឈ្មោះថាជាអ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់។
IX. ព្រះពុទ្ធសាសនា និង លទ្ធិប្រជាធិបតេយ្យ
អ្នកប្រជាធិបតេយ្យ គឺអ្នកកាន់តាមព្រះពុទ្ធសាសនាហ្នឹងឯង ព្រោះព្រះពុទ្ធសាសនាយកកច្បាប់ជាធំ យកធម៌ជាធំ (ធម្មាធិបតេយ្យ) យកប្រយោជន៍រួមជាធំយកសង្ឃជាធំ។ ខាងគ្រហស្ថ អំណាចគ្រប់យ៉ាងចេញពីរាស្ត្រ ខាងព្រះពុទ្ធសាសនា អ្វីៗសម្រេចចេញពី សង្ឃយកសង្ឃជាធំ។ ខាងផ្លូវលោក យករដ្ឋធម្មនុញ្ញរបស់ជាតិជាគោល ក្នុងសង្គមសង្ឃ ត្រូវយកធម៌វិន័យជាគោល ជាមគ្គុទេសក៍ ជាធម្មនុញ្ញរបស់សង្ឃ។ ទម្រង់គ្រប់គ្រងបែប នេះឯងជាទម្រង់គ្រប់គ្រងបែបប្រជាធិបតេយ្យ។
ដូច្នេះ លទ្ធិប្រជាធិបតេយ្យ មិនមានអ្វីទាស់ខុសនឹងគោលការណ៍សីលធម៌ពុទ្ធសាសនាទេព្រះពុទ្ធសាសនានេះឯង ដែលលទ្ធិប្រជាធិបតេយ្យមុនគេបំផុតមួយ។
X. វត្តអារាម និង ការអប់រំ
ក្នុងសម័យប្រទេសមានគ្រោះថ្នាក់ខ្សោយឥទ្ធិពល, នៅក្នុងភូមិស្រុក គ្មានមូលអប់រំពិតប្រាកដឡើយ ភារៈអប់រំពលរដ្ឋអោយចេះស្រលាញ់ ជាតិ សាសនា ព្រះមហាក្សត្រ របស់ខ្លួន នាំអោយចេះរក្សាប្រពៃណី ទំនៀមទម្លាប់សិល្បៈ ពិធីការជាតិ, អោយស្គាល់ត្រូវខុស លះបង់អំពើអាក្រក់ ធ្វើតែអំពើល្អ នឹងអោយមានសាមគ្គីធម៌ ចេះជួយសង្រោះគ្នាទៅវិញទៅ មកក្នុងសង្គមជាតិជាដើមនោះ ជាភារៈពុទ្ធសាសនាទាំងស្រុង មានតែពុទ្ធសាសនាទេ ដែលមានប្រសិទ្ធភាពក្នុងការអប់រំនេះ ព្រោះប្រជាពលរដ្ឋភាគច្រើនជឿទុកចិត្តពុទ្ធសាសនា រួចមកហើយ ។
អាស្រ័យហេតុនេះ ទើបព្រះសង្ឃគ្រប់វត្តអារាមទាំងអស់ក្នុងប្រទេស តែងអប់រំប្រជាពលរដ្ឋ ក្នុងស្រុកភូមិ ដោយទ្រឹស្តីផង ដោយការពិសោធន៍ផង ។
- កាអប់រំផ្នែកទ្រឹស្តី ស្មារតី
នៅតាមវិទ្យុ ទូរទស្សន៍ និងគ្រប់តែពិធីបុណ្យទាំងអស់ ដូចជាបុណ្យសពជាដើម ព្រះសង្ឃតែងទេសនាពន្យល់អំពីទ្រឹស្តី នៃការកើត ចាស់ ឈឺ ស្លាប់ តាមច្បាប់ទស្សនវិជ្ជា ដែលធ្លាប់នាំគ្នានិយមហៅថា ព្រះសង្ឃសម្តែងធម្មទេសនា ដើម្បីអោយពលរដ្ឋស្គាល់ច្បាស់នៅបញ្ហា ជីវិតនិងបន្ធូបន្ថយនូវមរណទុក្ខ អំពីចិត្តគំនិតគ្រួសារសពផង អោយយល់ហេតុផល អានិសង្សនៃការជួយសង្រោះ ដោយសម្ភារៈចំពោះអ្នកកំពុងទទួលមរណទុក្ខផង ដើម្បី អោយមានសាគ្គីធម៌ផង ចេះជួយទុក្ខធុរៈគ្នាក្នុងស្រុកភូមិផង ។
- ការអប់រំដោយការអនុវត្តន៍
ព្រះសង្ឃមិនគ្រាន់តែសូត្រធម៌ ទេសនាពន្យល់ត្រឹមទ្រឹស្តីប៉ុណ្ណោះទេ, បើមានបុគ្គលណាមួយ ឬក្រុមគ្រួសារណាមួយ ក្នុងស្រុកភូមិមានគ្រោះវិបត្តិផ្សេងៗដូចជា គ្រោះទុរភិក្ស គ្រោះរាំងស្ងួត អគ្គីភ័យ…..ជាដើមលោកតែងទៅនិមន្តចូលរួមឧបត្ថម្ភខាងផ្លូវចិត្ត និង សម្ភារៈ ដូចជា អង្គរ ត្រីសាច់ ចាន ឆ្នាំង គ្រៀងឧបភោគ និង បរិភោគ ជាដើម តាមដែលលោកមានលទ្ធភាព អាចធ្វើទៅបាន ។
ការអប់រំនេះ បានផលល្អបំផុត ក៏កើតជាប្រពៃណីចាំបាច់មួយ ក្នុងស្រុកភូមិនាសម័យនោះ។ គ្រប់កិច្ចការទាំងអស់ក្នុងស្រុកភូមិ ទោះក្នុងវត្តក្តី ក្រៅវត្តក្តី ដូចជាការក៏សាងវិហារ, កុដិ, សាលា, ផ្លូវ, ស្ពាន, ជីកស្រះ, អណ្តូង, ការធ្វើពិធីក្នុងរដូវភ្ជៅបិណ្ឌ, កថិន, ចូលឆ្នាំជាដើម សុទ្ធតែជាការ អប់រំប្រជាពលរដ្ឋ អោយយល់ចេះដឹងនូវ មនុស្សធម៌ សីលធម៌ អារ្យធម៌ទាំងអស់ ប៉ុន្តែដោយ ការអប់រំនោះប្រកបដោយគតិបណ្ឌិតទាំងទ្រឹស្តី និង ការអនុវត្ត ជាទីពេញចិត្តនៃប្រជាពលរដ្ឋ គេមិននាំគ្នានិយាយថាអប់រំទេ គេបែរជានាំគ្នានិយាយថា ទៅធ្វើបុណ្យវិញ ។
លុះមកដល់សម័យចំរើនលូតលាស់ដូចបច្ចុប្បន្ននេះ អង្គការអប់រំជាតិ បានចេញពីវត្តអារាម ទៅនៅក្នុងស្រុកភូមិវិញ កើតជាសាលាបឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និង សាលាបច្ចេកទេសផ្សេងៗ ជាដើម ។ បើទោះបីជាអង្គការអប់រំ បានធ្វើដំណើរទៅនៅក្នុងស្រុកភូមិ ដែលទទួលបានការឧបត្ថម្ភពីរដ្ឋក្តី ក៏ព្រះសង្ឃគ្រប់វត្តអារាមទាំងអស់ នៅតែមានការជួយអប់រំពលរដ្ឋគ្រប់មធម្យោបាយ តាមលទ្ធភាពដែលព្រះសង្ឃអាចធ្វើទៅបានតាមធម៌វិន័យពុទ្ធសាសនា ។
នេះជាសក្ខីភាពមួយទៀត បញ្ជាក់អោយឃើញច្បាស់ថាព្រះពុទ្ធសាសនា ពិតជាសាសនា របស់រដ្ឋកម្ពុជាមែន ។
XI. វត្តអារាម ក្នុងការថែរក្សាបេតិកភណ្ឌជាតិ
វត្តអារាមនេះ ជាកន្លែងមួយដែលប្រជាជនខ្មែរយើងប្រារព្ធធ្វើពិធីសាសនាផ្សេងៗ ហើយបើយើងសង្កេតឲ្យដិតដល់ទៅ ឃើញថាវត្តអារាមទាំងឡាយដែលប្រជាជនខ្មែរបានកសាង ពីជំនាន់មុនទុកមកដល់ជំនាន់នេះ គឺសុទ្ធសឹងសាងសង់នៅក្បែរប្រាសាទបុរាណ ព្រោះថាខ្មែរយើងមានជំនឿតែងទៅបន់ស្រន់ទៅធ្វើពិធីសក្ការៈបូជានៅតាមប្រាសាទ ហើយពេលដែលប្រជាជនខ្មែរបង្កើតវត្ត មានគំនិតមួយប្រមូលផ្តុំការបន់ស្រន់ ការរៀបចំសក្ការៈនោះឲ្យវត្តនិងប្រាសាទនៅជិតគ្នាជាបន្តបន្ទាប់ រហូតតាំងពីព្រះពុទ្ធសាសនាចូលមកដល់កម្ពុជា រហូតមកដល់សព្វថ្ងៃ។ យើងឃើញស្រាប់ហើយ នៅជិតៗយើងនេះ នៅក្នុងទីវត្តអារាម ច្រើនមានប្រាសាទបុរាណនៅទីនោះ។ ប្រាសាទបុរាណនេះហើយដែលមានការគាំទ្រមានការថែរក្សាទុកដាក់ដោយព្រះសង្ឃយើងនៅក្នុងវត្តអារាម។តាំងពីគ្រប់ជំនាន់ យើងឃើញថាជំនាន់ណាក៏ដោយ ក៏ព្រះសង្ឃមានភារកិច្ចថែរក្សាការពារ បេតិកភណ្ឌជាតិ។ យើងដឹងស្រាប់ហើយថា ប្រាសាទបុរាណដែលដូនតាខ្មែរយើងសាងសង់ជាមួយនឹងពេលវេលា ក៏បានចូលដល់ដំណាក់កាលចាស់ទ្រុឌទ្រោម បែកបាក់ជាបន្តបន្ទាប់។ នៅពេលនោះ ព្រះសង្ឃគ្រប់វត្ត តែងតែយកចិត្តទុកដាក់ថែរក្សា បេតិកភ័ណ្ឌទាំងនេះជារៀងដរាបមក។ ព្រះអង្គបានប្រមូលទុកដាក់ទីសក្ការបូជា ដូចជាក្នុងព្រះវិហារ ដូចដែលយើងធ្លាប់បានឃើញ ដំកល់ព្រះបដិមា ដំកលក្បាច់ចម្លាក់ផ្សេងៗ ដែលព្រះអង្គបានយកមករក្សាទុក។ មានវត្តខ្លះ ព្រះអង្គបានថែរក្សាទុកបុរាណវត្តុនេះបានច្រើនណស់។ ប្រការនេះ សរបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់ព្រះសង្ឃចំពោះសម្បត្តិវប្បធម៌ ។ ក្រៅពីព្រះវិហារ ក្បាច់ចម្លាក់ ទាំងនេះត្រូវបានរក្សាទុកនៅក្រោមដើមឈើ នៅជិតពាងទឹក។ បើកុំមានស្មារតីស្នេហាជាតិ ពីសំណាក់ព្រសង្ឃគ្រប់វត្តអារាមនោះទេ បេតិកភ័ណ្ឌជាតិដ៏មានសារៈសំខាន់នេះ ពុំអាចសេស សល់បានច្រើនដូចសព្វថ្ងៃនេះឡើយ។ យើងឃើញផ្តែមួយ សិលាចារឹកមួយ យើងមើលឃើញថា របស់នោះជារចនាបទក្នុងជំនាន់សតវត្សទី៧ ទី៨ ទី៩ ទី១០ ទី១១ ទី១២រហូតមក។វត្តនៅក្នុងរាជាណាចក្រយើងមានវត្តចំនួនជាង៤ ៤៦៦វត្ត និង ព្រះសង្ឃចំនួន៥៦ ៣០៤អង្គ (ទាំងពីរគណៈ) គឺជាចំនួនច្រើនបង្គួរ។ ក្នុងនោះវត្តមួយចំនួនត្រូវបានចាត់ទុកក្នុងចំនោមវត្ត ជាបេតិកភ័ណ្ឌ។ មុនឆ្នាំ១៩៧៥ យើងបានស្រង់បញ្ជីវត្តដែលមានអាយុកាលត្រូវជាប់ក្នុងបញ្ជី ជាវត្តបេតិកភ័ណ្ឌមានចំនួន២៨០វត្ត ហើយជាអកុសល នៅក្នុងរបបប្រល័យពូជសាសន៍ គេបានបំផ្លិចបំផ្លាញវត្តអារាមអស់ជាច្រើនដែលមានក្បាច់ក្បូរល្អៗទៅតាមជហ្វា តាមរង ស្បូវដែលមានគំនូរបែបបុរាណនៅតាមជញ្ជាំងព្រះវិហារ។ សព្វថ្ងៃនេះ យើងបានស្រាវជ្រាវវត្ត ដែលនៅសេសសល់ បានមួយចំនួនតូច។ ដូច្នេះ នោក្នុងកិច្ចសហការរវាងក្រសួងវប្បធម៌ និង ព្រះសង្ឃ សូមអំពាវនាវចំពោះវត្តណាដែលចូលអាយុកាលប្រវត្តិសាស្ត្រហើយ(១០០ឆ្នាំ) សូមស្នើរសុំជំនួយថែរក្សា។ បច្ចុប្បន្ននេះ ក្រសួងសូមសំណូមពរចំពោះព្រះសង្ឃ។
១.រួមសហការរវាងវត្ត និងក្រសួងវប្បធម៌ ដើម្បីថែរក្សា ទុកដាក់ក្បួនខ្នាត បុរាណវត្ថុ ឲ្យបានគង់វង្ស។
២.ក្រសួងវប្បធម៌ ស្នើរព្រះសង្ឃគ្រប់វត្តបើចង់ជួសជុលឬសាងសង់ព្រះវិហារ កុដិ សាលាជាថ្មីសូមទំនាក់ទំនងជាមួយក្រសួងដើម្បីពិនិត្យមើលស្ថានភាពទីនោះ ក្រែង សាងសង់លើប្រាសាទបុរាណផ្សេងៗ នឹងបានផ្តូរយោបល់គ្នា ឬក៏គួរនាំយកវត្ថុបុរាណ នោះមករក្សាទុក នៅកន្លែងណាដែលអាចមានសុវត្ថិភាពជាង។ គួរឲ្យសោកស្តាយណស់ មានវត្តមួយចំនួនមានអាយុកាលចូលប្រវត្តិសាស្ត្រ ហើយត្រូវបានរុះរើចោលដោយពុំបាន ផ្តល់ដំណឹងដល់ក្រសួងវប្បធម៌ ព្រះវិហារទាំងនោះមានសសរធំៗ មានក្បាច់ក្បូររចនា លំអតាមរចនាបទបុរាណ។ ពេលសាងសង់ថ្មីៗវត្តទាំងនោះបានបោះបង់ចោលក្បាច់ក្បូរ ដែលមានសារៈសំខាន់នេះបាត់អស់ ។
៣.ក្រសួងស្នើរសុំឲ្យ ព្រះសង្ឃមួយអង្គចូលរួមធ្វើជាទីប្រឹក្សា ផ្នែកបេតិកភ័ណ្ឌ វប្បធម៌ប្រចាំខេត្តដែលមានខ្សែរយៈទំនាក់ទំនងផ្ទាល់មកក្រសួងវប្បធម៌។
៤.ក្រសួងយល់ឃើញថា ដើម្បីថែរក្សាការពារបេតិកភ័ណ្ឌជាតិឲ្យកាន់តែមានប្រសិទ្ធិភាពដូចជាប្រាសាទបុរាណ វត្ថុបុរាណ ក្បាច់ចម្លាក់ ពាងក្រឡ គំនូរបុរាណ ក្រសួងចង់បង្កើតជាគណៈកម្មាធិការមួយទៅតាមស្រុក ឃុំ ភូមិ ដោយមានព្រះសង្ឃ រដ្ឋអំណាចមូលដ្ឋាន លោកអាចារ្យ លោកគ្រូអ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ ចូលរួមធ្វើជាសមាជិកនៃគណៈកម្មាធិការនោះ។ក្រសួងវប្បធម៌មានបុគ្គលិកជាខ្សែរយៈ ពីលើដល់ក្រោមហើយ តែមិនបានចុះដល់ស្រុក ភូមិ ឃុំឬវត្តអារាមដែលនៅឆ្ងាយៗនោះឡើយ។ ម៉្យាងទៀតនៅរវាងប៉ុន្មានឆ្នាំចុងក្រោយនេះ ការថែរក្សាការពារបេតិកភ័ណ្ឌជាតិ ពុំបានលទ្ធផល ល្អឡើយ ដោយមានការប្លន់លួចយករូបបដិមា មានការជីកគាស់យកវត្ថុបុរាណ ដឹកជញ្ជូនយក ទៅលក់ដូរឯក្រៅប្រទេស។ ដើម្បីថែរក្សារបស់ទាំងនោះឲ្យបានគង់វង្សក្រសួងសូមស្នើរសុំព្រះ អង្គគ្រប់វត្តដែលមានវត្ថុបុរាណ ក្បាច់ចម្លាក់ ពាងក្រឡ ប្រសិនបើព្រះអង្គពុំអាចធានាសុវត្ថិភាព បានទេ នោះសូមព្រះអង្គប្រគល់ឲ្យទៅសាលាខេត្ត ឬមកក្រសួងដឹកនាំយកមកថែរក្សាថ្វាយនៅ ឯកសារមន្ទីរជាតិនៅភ្នំពេញ ដោយព្រះអង្គធ្វើបញ្ជីរាយមុខវត្ថុទាំងអស់នោះរក្សាទុកនៅវត្ត សម្រាប់ជាឯកសារ។សព្វថ្ងែមានជនទុច្ចរិតជាច្រើនប្រដាប់អាវុធច្រើនណាស់ នាំគ្នាដើរ ជីកគាស់កាយ ឫប្លន់យកបេតិកភណ្ឌជាតិពីវត្តអារាម យកវត្ថុដែលមានតម្លៃខ្ពស់។ ពេលដែលក្រសួងវប្បធម៌ទៅសុំព្រះគ្រូចៅអធិការពុំព្រមប្រគល់ឲ្យ ដោយមានសង្ឃដីការថាចង់ ទុកវត្ថុពិសិដ្ឋនេះគ្រាន់ជាទីសក្ការបូជារបស់ពុទ្ធបរិស័ទនិងជាលំអវត្ត។ ចំពោះរឿងសុវត្ថភាព អាត្មាធានាមិនឲ្យបាត់បង់ដោយប្រការណាមួយឡើយ។ ប៉ុន្តែលុះដល់ជនទុច្ចរិតប្រដាប់អាវុធទៅ គម្រាមយកវត្ថុទំាងនោះ ព្រះសង្ឃពុំមានលទ្ធភាពទប់ទល់បាន ក៏ត្រូវពួកចោរដណ្តើមយកទៅបាន ។ថ្មីៗនេះពួកចោរហ៊ានធ្វើគត់ព្រះសង្ឃទៀតផង ដើម្បីប្លន់យកវត្ថុមានតម្លៃទាំងនេះ។ មានទុច្ចរិត ខ្លះទៀត ប្រើឧបាយកលឆក់យកវត្ថុទាំងនោះដោយសន្តិវិធី គឺគេបើកឡានចូលក្នុងវត្ត យកចង្ហាន់ ទៅប្រគេនព្រះសង្ឃហើយគេមានល្បិចកលសុំព្រះសង្ឃចូលមើលព្រះវិហារ ដែលគេបានស៊ើប ដឹងមុនថាមានព្រះពុទ្ធរូប ពីរ បី ព្រះអង្គធ្វើពីសំរិទ្ធ។ ដោយមានការធ្វេសប្រហែសផង ឬដោយមាន ការទុកចិត្តលើពួកនេះ ព្រះអង្គក៏ប្រគល់សោរឲ្យពួកនេះចូលមើលក្នុងព្រះវិហារ។ ឆ្លៀតឱកាស ដ៏ល្អនេះ ពួកវាយកព្រះពុទ្ធរូបដាក់ឡានចេញទៅបាត់។តាមការសង្កេតឲ្យដឹងថាវត្តភាគច្រើន ដែលមានបេតិកភណ្ឌ។ ហើយសព្វថ្ងៃនេះ ព្រះសង្ឃក៏សុខចិត្តរក្សាទុករបស់នេះក្នុងព្រះវិហារ ដោយយកថ្នាំទៅលាបដើម្បីបិទបាំងកុំឲ្យគេស្គាល់ថាជារូបសិទ្ធ លង្ហិន ឬថ្មឡើយ។ប៉ុន្តែការលាបថ្នាំនេះ តាមក្បួនបច្ចេកទេស បើលាបថ្នាំប្រេងពិតជាពុំល្អឡើយ ព្រោះជាតិ ថ្នាំចូលជ្រាបទៅដល់សព្វកៀនកោះ ពិបាកនឹងលាងឲ្យជ្រះណាស់ ដែលជាហេតុនាំ ឲ្យខូចខាតដល់គុណភាព ឬតម្លៃពិតនៃវត្ថុ។ ដូច្នេះយើងឃើញថា វិធានការបិទបាំងនេះ បានល្អតែមួយជ្រុង តែមួយជ្រុងទៀតប៉ះពាល់នឹងសោភ័ណ្ឌភាព។ ម៉្យាងទៀតនាពេល បច្ចុប្បន្ននេះ ដោយយោងទៅលើស្ថានភាពសន្តិសុខពុំអាចធានាបានសុវត្ថិភាព និងដោយខ្លាច គ្រោះថ្នាក់ជាយថាហេតុកើតមានដល់ ព្រះអង្គដែលមានបេតិកភ័ណ្ឌជាតិដ៏មានតម្លៃខ្ពស់នោះ ក្រសួងវប្បធម៌សូមអង្វរដោយទទូចសូមព្រះអង្គអនុញ្ញាតឲ្យក្រសួងយកវត្ថុទាំងនោះ ទៅទុកនៅទី កន្លែងណាដែលអាចថែរក្សាបានគង់វង់។ ពេលណាស្ថានការណ៍សន្តិសុខធានាបាននោះ នឹងប្រគេនវត្ថុបុរាណទាំងនោះទៅព្រះអង្គជាម្ចាស់វិញគ្រប់ចំនួន។ ម៉្យាងទៀតនៅតាម ទីរួមខេត្តសំខាន់ៗដូចជា បាត់ដំបង កំពង់ចាម សៀមរាប កំពង់ធំ ដែលសំបូរទៅដោយ សម្បត្តិវប្បធម៌ចង់ស្នើរសុំព្រះអង្គជាមេគណ ឬអនុគុណខេត្ត បង្កើតជាសារមន្ទីរនៅ តាមវត្ត សំខាន់ៗដូចជាសារមន្ទីរនៅវត្តពោធិ៍វាលជាដើម។ ធ្វើបានយ៉ាងនេះ យើងមានអំណោយ ផលពីរយ៉ាងគឺបានរក្សាទុកបេតិកភ័ណ្ឌជាតិបានគង់វង់និងបានទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យទៅទស្សនាផង។
XII. វត្តអារាម និង ទេសចរណ៍
វត្តអារាមជាទីស្ងប់ស្ងាត់មួយ នឹងជាសក្ការៈទៀតផង។ មិនតែបុណ្ណោះក៏ជារម្មណីយដ្ឋាន ទេសចរទៀតផង ។បើប្រៀបធៀបនឹងប្រទេសជិតខាង យើងមានទេសចរណ៍តិចពេកណាស់ ជាពិសេសប្រទេសវៀតណាម ។ឯប្រទេសវៀតណាមក្នុងរយៈពេលដូចគ្នាមានទេសចណ៍ដល់ ទៅ៧០ ម៉ឺននាក់ គឺខុសគ្នា១០ដង បើយើងពិនិត្យ អំពីរម្មណីយដ្ឋានទេសចណ៍នោះ អ្វីដែល យើងមាន វៀតណាមគ្មានទេ។ ប៉ុន្តែវៀតណាមចេះរៀបចំនៅទីស្ថានតូចឲ្យទៅជាកន្លែង ដែលមានទេសភាពល្អជាទីទាក់ទាញចិត្តទេសចរណ៍ព្រោះសង្គ្រាមក្នុងស្រុកគេមិនបានបំផ្លាញ ចោលវត្ថុបុរាណឬទីស្ថានប្រណិតៗឡើយ។ ម្យ៉ាងទៀតការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ ដូចជាពុំសូវទទួលបានការយកចិត្តទុកដាក់ពីភ្ញៀវទេសចរណ៍សោះឡើយយ ហើយនៅបរទេស គេក៏ពុំបានគិតពីវត្តអារាមទេ គេគិតតែពីអង្គរវត្ត ទំនៀមទំលាប់អ្វីផ្សេងៗទៅវិញ។ ហេតុអ្វី បានជាយើងមិនអាចបង្ហាញពីវត្តអារាមឲ្យភ្ញៀវបរទេសមើលបាន ? និយាយឲ្យចំសព្វថ្ងៃនេះ យើងឲ្យភ្ញៀវទេសចរណ៍មើលបានតែព្រះវិហារកែវមរកតតែមួយគត់នៅក្នុងប្រទេសយើង។ យើងមិនអាចរៀបចំកម្មវិធីឲ្យច្រើនម៉ោងឬច្រើនថ្ងៃទេ។ ភ្ញៀវគ្រោងពីនាយមកថានឹង ត្រូវចំនាយឲ្យអស់៤០០។ តែដោយការស្នាក់នៅ ការដើរកំសាន្តរបស់គេមានរយៈពេល តិចពេកគេចំនាយមិនអស់ ៤០០ ដុល្លារដែលគេគ្រោងទុកនោះទេ ព្រោះយើងហាក់ដូច ជាគ្មានអ្វីទាក់ទាញឲ្យគេបានមើលយូរនោះ ដើម្បីស្រូបយកប្រាក់ពីហោប៉ៅ ឲ្យអស់ ៤០០ ដុល្លារនោះទេ ច្រើនតែចំណាយអស់តែ២០០ដុល្លារ ហើយសល់២០០ ដុល្លាទៀត គេទុក យកទៅចំណាយនៅវៀតណាម ឬឡាវ។ នេះបណ្តាលមកពីយើង គ្មានរមណីយដ្ឋានឲ្យ ភ្ញៀវបរទេសមើលជាបន្តបន្ទាប់។ វត្តអារាមយើងជារមណីយដ្ឋានសំរាប់ឲ្យបរទេសគេមើល ដើម្បីបានថវិការយកមកទ្រទ្រង់វិស័យទេសចរណ៍ និងអភិវឌ្ឍន៍សង្គមជាតិយើងឲ្យឈាន ឡើងហើយបើថ្ងៃក្រោយ យើងអាចរៀបចំវត្តអារាមឲ្យក្លាយទៅជារមណីយដ្ឋាន ជាទីទាក់ ទាញអារម្មណ៍របស់ទេសចរណ៍បរទេសនោះ ពេលនោះយើងនឹងមានប្រភពចំណូល ពីវិស័យទេសចរណ៍។ ដូច្នេះវត្តអារាមនឹងមានទុនសំរាប់កសាងវត្ត។ នេះជាផ្នែកមួយសំរាប់ បង្កើនថ្ងៃទស្សនកិច្ចរបស់ភ្ញៀវទេសចរណ៍។
សព្វថ្ងៃ យើងមានកន្លែងឲ្យគេមើលបានតិចណាស់ រួចហើយភ្ញៀវក៏ប្រញាប់ប្រញាល់ទៅមើល អង្គររហូតមកដល់មានពាក្យស្លោកមួយចែងថា” ចូលមកកម្ពុជា បើមិនមើលអង្គរនោះទុកដូច ជាមិនបានមកកម្ពុជាទេ”។ ដូច្នោះ យើងហាក់ដូចជាបាត់វត្តអារាមដែលជាដួងព្រលឹងវប្បធម៌ អរិយធម៌ ទំនៀមទំលាប់របស់ជាតិ យើងហើយ។ កន្លងមក ភ្ញៀវអត់បានឃើញវត្តខ្មែរ អត់ស្គាល អំពីទំនៀមទំលាប់ ពីទីវត្តអារាមទេ គឺគេចូលមកដល់ភ្នំពេញ គេទៅសៀមរាប ទៅអង្គរវត្តតែម្តង។ នេះជាបញ្ហាមួយដែលក្រសួងធម្មការ សហការជាមួយព្រះសង្ឃ ដើម្បីរៀបចំតំបន់អទិភាព ណាមួយ ដែលយើងអាចចាត់ទុកជាតំបន់ទេសចរណ៍ អាចបំរើភ្ញៀវទេសចរណ៍បាន ។ យើងគួរ រៀបចំវត្តណាមួយ សំរាប់ជារមណីយដ្ឋានរបស់ទេសចរណ៍រួមផ្សំនឹងការធ្វើសកម្មភាពរបស់ព្រះ ពុទ្ធសាសនា ដើម្បីទាក់ទាញពេលវេលាមួយសំរាប់ភ្ញៀវ ហើយដើម្បីបង្ហាញគេទាំងនោះអំពីអ្វី ដែលខ្មែរមាន។
សូមអនុញាតលើកយកការរៀបចំទេសចរណ៍មួយនៅប្រទេសថៃ ដែលគេមានភ្ញៀវចូលមក ទស្សនាប្រទេសគេរហូតដល់ជាង ៥លាននាក់ កាលពីឆ្នាំកន្លងនេះ នៅពេលដែលយើងមាន ភ្ញៀវតែជាង ១០ ម៉ឺននាកើប៉ុណ្ណោះសូម្បីតែវត្តតូចមួយ ដែលមានចម្ងាយជាង៩០០ គីឡូមែត្រ ពីរាជធានីបាងកក ក៏គេធ្វើវត្តនោះឲ្យទៅជាពណ៌មាសទាំងអស់ គឺជញ្ជាំងកុដិ ព្រះវិហារក៏មាស ពុទ្ធិបដិមា ក៏មាស គេតាំងរូបបដិមា ឬរូបទេវរូបដែលមានប្រជារាស្ត្រមានជំនឿគោរពបូជា គឺថាបើបានអង្អែលរួបបដិមានមាសនោះទៅ នឹងបានសេចក្តីសុខសប្បាយ រកស៊ីមានបានត្រ ជាក់ត្រជំ ។ទេសចរណ៍ត្រូវចំណាយពេលមួយព្រឹក ដើម្បីទស្សនាវត្តនោះដែលគ្មានអ្វីជាអស្ចារ្យ ប៉ុន្មានឡើយ។នេះជាចំណូលមួយចំណែកដែលគេទុកចំណាយក្នុងការរៀបចំកែលំអវត្តអារាម និងសំរាប់ជាជំនួយដល់ការអភិវឌ្ឍន៍ សង្គមផង។
សព្វថ្ងៃនេះ យើងបាត់បង់អស់រមណីយដ្ឋានល្អៗ អស់ជាច្រើនណាស់ហើយ ។ នេះជាគំនិត យោបល់វិស័យទេសចរណ៍ ដែលចូលរួមចំណែកក្នុងអង្គសិក្ខាសាលាជាតិ ក្នុងការច្នៃប្រឌិតរក ផលប្រយោជន៍ពីវត្តអារាម ដើម្បីជំនួយអភិវឌ្ឍន៍សង្គមខ្មែរឲ្យលូតលាស់រីកចំរើនទៅអនាគត។
XIII. វត្តអារាម និង បរិស្ថាន
បរិស្ថាន គឺជាអ្វីដែលនៅជុំវិញខ្លួនយើង ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលទៅនឹង ជិវិតរបស់យើង ដូចព្រៃឈើដែលមាននៅលើភពផែនដីយើងនេះ ជាផ្នែកមួយនៃបរិស្ថាន, ស្ទឹង បឹង បួរ ទន្លេ សមុទ្រ និងសត្វទាំងឡាយ ទាំងតូច ទាំងធំ ទាំងសត្វស្លាប ទាំងសត្វក្នុង ទឹក លើគោក ក្នុងដី ក៍ជាផ្នែកមួយនៃបរិស្ដាន,បរិយាកាសដែលនៅជុំវិញខ្លួនយើង ក៍ជាផ្នែក មួយនៃបរិស្ថានដែរ- ល -។
យើងតែងតែសង្កេតឃើញនៅជំនាន់មុននៅទីវត្តអារាមនានា តាម ស្រុក ខេត្ត និងជនបទ ព្រះសង្ឃ និងឧបាសក ឧបាសិកា ចំណុះជើងវត្ដ តែងបានដាំ ដើមឈើ ជា ច្រើន មានដើមគគីរ ដើមឈើទាល -ល -។ និងដើមឈើហូបផែ្លផេ្សងទៀត ហើយជាក់សែ្តង មាន សល់ខ្លះនា ពេលបច្ចុប្បន្ននេះ។ ឈើដែលដាំទាំងនេះ បើយើងគិតសើៗទៅ យើងយល់ថា បុព្វបុរសយើង ដាំដើមឈើក្នុងទីវត្តនេះ គឺគ្រាន់តែយកជាម្លប់ ជាសោភណភាពទីវត្ត ឬក៍ទុកអោយកូនចៅ ជំនាន់ក្រោយយកមកប្រើប្រាស់ជា គ្រឿងសំណង់ក្នុងទីវត្ត ឬយកផ្លែបរិភោគតែប៉ុណ្ណោះ។ តែបើយើង ពិចារណាអោយស៊ីជម្រៅទៅតាម លក្ខណ បចេ្ចកទេសវិទ្យាសាស្រ្តវិញនោះ ទើបយើងយល់ ហើយអាចវាយតម្លៃបានថាបុព្វបុរសយើង ពិតជាមានឧត្តមគតិខ្ពស់ មានការ យល់ដឹងច្បាស់លាស់ពីតម្លៃព្រៃ ឈើ(បរិស្ថាន) ដែលជាទូទៅព្រៃឈើ ជាសម្បត្តិធម្មជាតិ មួយដ៍វិសេសវិសាលបំផុតសំរាប់ទ្រទ្រង់ជិវិត មនុស្ស សត្វ និងរុក្ខជាតិគ្រប់ប្រភេទ។ ពៃ្រឈើជាប្រភពមួយយ៉ាងសំខាន់ របស់ប្រទេសជាតិ ។
ព្រៃឈើ វាអាចសំរួលដល់ការរស់នៅរបស់មនុស្ស សត្វ និងផ្តល់នូវសារសំខាន់យ៉ាង ច្រើនដូចជា
- ផ្តល់នូវប្រភពចំណីអាហារបំរើជិវភាពរស់នៅរបស់មនុស្ស និង សត្វ
- ផ្ដល់នូវថ្នាំសង្កូវ សំរាប់ព្យាបាលរោគផ្សងៗ
- ផ្ដល់នូវឈើមានតំលៃសំរាប់សង្ហារិម សំណង់លំនៅឋាន អាគារផេ្សងៗ
- ព្រៃឈើជាកនែ្លងស្ងប់កាយស្ងប់ចិត្ត នាំអោយកើតបា្រជ្ញាញាណ ដូច ព្រះពុទ្ធជាអម្ចាស់នៃយើង
- ព្រៃឈើជាជម្រកសំរាប់សត្វគ្រប់ប្រភេទ ដូចដែលយើងធ្លាប់បានឃើញស្រាប់ នៅវត្តណាមានដាំ ដើមឈើច្រើន តែងតែមានសត្វមករស់នៅ ដូចជា សោ្មញ កៃ្អក កុក ក្រសា និងសត្វស្លាបដទៃៗ ជាច្រើនទៀត ។
- ព្រៃឈើធើ្វឪ្យអាកាសធាតុរក្សាបាននៅសីតុណ្ហភាព ត្រជាក់ល្មម ស្រួលដល់មនុស្ស និងសត្វ គឺ មិនត្រជាក់ពេក មិនក្ដៅពេក។
- ព្រៃឈើទាក់ទាញទឹកភ្លៀង និងធើ្វឪ្យភ្លៀងធ្លាក់ទៀងទាត់តាមរដូវ
- ព្រៃឈើជួយស្រូបនូវភាពស្អុយកខ្វក់ដែលមាននៅក្នុងធាតុអាកាសទុកឪ្យនៅតែធាតុអាកាស ស្អាតបរិសុទ្ធ សំរាប់ឪ្យមនុស្ស និងសត្វ ដកដង្ហើមបានស្រួល។
- ព្រៃឈើជាឃ្លាំជីនៃពិភពផែនដី វាអាចរក្សាទុកនៅគុណភាពដី មិនឪ្យហឺរអស់ជីជាតិ ទុកឪ្យ មនុស្សលោកបង្កបង្កើនផលដំណាំសព្វបែបយ៉ាង។
- ព្រៃឈើជារបាំងការពារខ្យល់ព្យុះ ការពារសំណឹក និងកាហូរច្រោះ។ ល ។ និង ។ ល ។
ការកាប់ព្រៃឈើដោយគ្មានក្បួនខ្នាតត្រឹមត្រូវ វានឹងនាំឪ្យអន្តរាយព្រៃឈើទាំងមូល និង បណ្តាល ឪ្យមានការផ្លាស់ប្តូរគុណភាពបរិស្ថានទូទាំងប្រទេស ធើ្វឪ្យកើតមាន ឡើងជាបន្តបន្ទាប់ នូវគ្រោះ រាំងស្ងួត ទឹកជំនន់ ភ្លៀងធា្លក់មិនទៀងទាត់។ ល ។ ដែលគ្រោះមហន្តរាយ ដ៍ធ្ងន់ធ្ងរ គំរាម គំហែង ដល់បរិស្ដានធម្មជាតិកម្ពុជា ។ជាក់ស្ដែង កន្លងទៅថី្មៗនេះ ប្រទេស កម្ពុជាបានជួបប្រទះគ្រោះទឹកជនន់ដ៍សាហាវនៅខេត្តចំនួន១៨ បានធើ្វឱ្យអន្តរាយដល់ផ្លូវថ្នល់ ស្ពានផ្ទះសំបែង ដំណាំកសិកម្មជិវិតមនុស្សសត្វយ៉ាងធ្ងន់ធ្ងរ។
ម្យាងទៀត យើងឃើញថា ព្រះសង្ឃ និងឧបាសក ឧបាសិកា មានឧត្តមគតិខ្ពស់ក្នុងការ កាពារ គុណភាពទឹកសំរាប់ប្រើបា្រស់ជាទូទៅ ។ ដូចជាជីកស្រះជាដើម វាមិនត្រឹមតែស្តុក ទឹកសំរាប់ប្រើប្រាស់ប៉ុណោះទេ តែ វាក៏ជាជម្រកដ៏សុខសាន្តរបស់មច្ឆជាតិផងដែរ។ត្រីគ្រប់ ប្រភេទ និងពពួកសត្វរស់នៅក្នុងទឹកដ៏ទៃទៀត អាចរស់នៅទីនេះ ហើយបន្តកូនចៅនៅ ក្នុងស្រះនេះដោយក្សមក្សាន្ត ព្រោះពុំមានជនណាបៀតបៀន ជិវិតសត្វរស់នៅក្នុងវត្ត និងជុំវិញវត្តបានទើ្បយ ។ ត្រីដែលនៅដោយសុខស្ពានក្នុងស្រះវត្តដ៏ជ្រៅមិន ចេះរឹងនោះ ហើយជាប្រភពធើ្វឱ្យសម្បូរត្រីនៅតាមវាលស្រែយើង ។
ទាំងបីករណី គឺការដាំដើមឈើ ការជីការស្រះ និងការថែរក្សាពពួកសត្វទាំងឡាយ ដែលមាន ក្នុងវត្តអារាមក្តី ព្រះសង្ឃពិតជាលោកបានយល់ដឹងយ៉ាងច្បាស់លាស់ពីបរិស្ថាន ។សរុបសេចក្ដីមក យើងឃើញថា ពីដើមវត្តអារាមគឺជារមណីយដ្ឋាន ដែលពោរពេញដោយ សួនច្បារ ដែលផ្កាគ្រប់ពូជចំរុះ ពណ៍ពោរពេញដោយដើមឈើតូចធំចោលម្លប់ត្រឈឹងត្រឈៃ ជាទីជម្រកនិរភ័យនៃបក្សាបក្សីគ្រប់ ជំពូក។ វត្តអារាម ពីដើមមានស្រះទឹកថ្លាឆ្វង់សេ្អកស្កះ ពោរពេញដោយមច្ឆជាតិ វារិជាតិគ្រប់ ប្រភេទ ។ និយាយរួម វត្តអារាមពីដើម គឺជាបរិស្ថាន គំរូនិងជាទីមនោរម្យក្នុងសង្គមកម្ពុជាយើង ។
XIV. តួនាទីរបស់វត្តអារាមក្នុងការជួយប្រជាជន
វត្តអារាមគឺជាទីស្ថានសាធារណៈ មានព្រះសង្ឃគង់នៅជាម្លប់និងមានរូបចម្លាក់ព្រះបដិមា សម្រាប់ពុទ្ធសាសនិកគោរពបូជា។សង្គមខ្មែរតែងតែទទួលឱវាទពីព្រះសង្ឃតាមរយៈធម៌ ព្រះពុទ្ធសម្រាប់ឆ្លុះបញ្ចាំងនិងពុះពារខិតខំកសាងជីវភាពរស់នៅដោយសុខដុមរមនា។ ប្រជាពលរដ្ឋខ្មែរតែងចងចាំជាទូទៅថា”ធ្វើបុណ្យ បានបុណ្យ ,ធ្វើបាប បានបាប គឺមានន័យ ថាធ្វើល្អទទួលផលល្អ ធ្វើអាក្រក់ទទួលផលអាក្រក់”។ ដូច្នេះ ផ្លូវធម៌បានអប់រំមនុស្សឲ្យត្រាច់ ឆ្ពោះទៅរកផ្លូវល្អហើយផ្លូវធម៌នេះសោត ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងផ្លូវច្បាប់គឺ បានសេចក្តីថាគោរពព្រះពុទ្ធសាសនា គឺគោរពច្បាប់របស់រដ្ឋ។
តើវត្តអារាមមាន តួនាទីជួយសង្គមខ្មែរ ដូចម្ដេចខ្លះ?
វត្តអារាម តំណាងអោយសភាវៈល្អ ។ ប្រជាពលរដ្ឋខ្មែរ តែងបា្ររព្ធធ្វើពិធីតាមប្រពៃណី ជួបជុំពុទ្ធបរិស័ទ ប្រកបដោយមិត្តភាព សាមគ្គីភាព ភាតរភាព សោមនស្សរីករាយនិងមាន សេចក្តីសង្ឃឹមក្នុងជីវិតរស់នៅ។ពុទ្ធសាសនិកតែងក្រេបជញ្ជក់យកធម៌ពីព្រះសង្ឃតាម គន្លងក្រឹត្យវិន័យរបស់ព្រះពុទ្ធសាសនានិង ជាព្រះបរមគ្រូ។
វត្តអារាមមានទំនាក់ទនងយ៉ាងជិតស្និទ្ធជាមួយឧបាសក ឧបាសិកាដែលមានចាស់ទុំ ជាអាចារ្យផ្សារភ្ជាប់ក្នុងសង្គមគ្រួសារ។ ចាស់ព្រឹទ្ធាចារ្យបានបន្តប្រពៃណីដ៏សកម្មក្នុងការអប់រំ ផ្តល់ដំបូន្មានប្រកបដោយធម៌ដល់សមាជិកគ្រួសារផ្ទាល់និងអ្នកផ្សេងៗទៀត។
តាមរយៈវត្តអារាមបានធ្វើឲ្យសង្គមខ្មែរមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់ខឿន វប្បធម៌និងអរិយធម៌ជាតិ។ ការយល់ដឹងពីអំពើល្អ បានធ្វើឲ្យសមាជិកគ្រួសារក្នុងសង្គមខ្មែរ ប្រកាន់យកជានិច្ចនូវសីលធម៌ល្អ ធ្វើអ្វីៗដោយអំណត់ព្យាយាម សុច្ចរិត ទៀងត្រង់ សុភាពរាប សាមានសាមគ្គីភាព និងដឹងសុខទុក្ខគ្នាព្រមទាំងចេះជួយឧបត្ថម្ភគ្នាទៀតផង។ ទាំងនេះបញ្ជាក់ ថាតាមរយៈវត្តអារាមបានធ្វើឲ្យពលរដ្ឋក្នុងសង្គមខ្មែរ ចេះឲ្យតម្លៃជីវិតរស់នៅរបស់មនុស្ស និងមានកាតព្វកិច្ចគោរពសិទ្ធិគ្នាទៅវិញទៅមកដោយខ្ជាប់ខ្ជួន។
វត្តអារាមបានបង្កលក្ខណៈឲ្យសង្គមគ្រួសារខ្មែរចេះដឹងខាងវិធីសំរបសំរួលគ្រួសារ ដោះស្រាយរាល់បញ្ហាលំបាកដោយប្រកាន់នូវធម៌មេត្តា ករុណា សន្តោសប្រណីចេះអប់រំតាម គ្នាតាមផ្លូវធម៌និងច្បាប់ទៀតផង។
ដូច្នេះវត្តអារាមជាប្រភពផ្តល់ចំណេះដឹងខាងផ្លូវធម៌និងផ្លូវសេវាកម្មសង្គម បានសេចក្តីថា រាល់បញ្ហាក្នុងសហគមន៍ គឺមានព្រះសង្ឃតាអាចារ្យ ឧបាសិកា ចូលរួមដោះស្រាយដែរ។
ទស្សនទូទៅមួយ ដែលកំពុងសកម្មយកចិត្តទុកដាក់ ដែលកំពុងសកម្មយកចិត្តទុកដាក់ នោះគឺវត្តអារាមមានតួនាទីណាស់ក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ ដូចជាការចលនាតាមគ្រប់រូបភាពៈ កសាងវត្តអារាមសាងសង់សាលារៀនធ្វើមន្ទីរពេទ្យស្ពានថ្នល់។ល។ ព្រោះនេះជាមធ្យោបាយដ៏សំខាន់សំរាប់សេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតវត្ត អារាមក៏រួមចំណែកដោះស្រាយការងារសង្គមដែរដូចជា ការទទួលឧបត្ថម្ភកន្លែងស្នាក់អាស្រ័យ រៀនសូត្រដល់កុមារកំព្រា កុមារជាកូនគ្រួសារក្រីក្រ ការជួយឧបត្ថម្ភដល់ជនចាស់ជរា រៀមធម៌អាថ៌ដែលអាចធ្វើឲ្យជននោះមានសេចក្តីសង្ឃឹមក្នុងជីវិតរស់នៅ។
សរុបរួមមកវត្តអារាមមានតួនាទីដ៏សំខាន់ចូលរួមក្នុងកិច្ចការស្តារការពារនិងអភិវឌ្ឍន៍សង្គម គ្រួសារ។ ក្រសួងសង្គមកិច្ចការងារនិងអតីតយុទ្ធជនខិតខំថែមទៀតតាមគ្រប់លទ្ធភាពក្នុងកិច្ច សហប្រតិបត្តិការជាមួយវត្តអារាមដើម្បីសំរបសំរួលសេវាកម្មជួយដល់ទុរគតជន ជនពិការ គ្រួសារជនក្រីក្រ ដែលបច្ចុប្បន្ន កំពុងមានបញ្ហាចោទឡើងគួរឲ្យកត់សម្គាល់។
XV. សេចក្តីសុខរបស់ជីវិត
សេចក្តីសុខរបស់ជីវិតក្នុងសង្គមមានច្រើនយ៉ាងគឺ សេចកី្តសប្បាយការពេញចិត្តពេញថ្លើម ការមិនមានរោគភ័យអន្តរាយ ការមិនមានបញ្ហាក្តៅក្រហាយជ្រួលជ្របល គឺសេចក្តីសុខដែល គួរប្រាថ្នាចង់ បានគ្រប់គ្នា។ មនុស្សទាំងឡាយមានការព្យាយាមតស៊ូប្រឹងប្រែងធ្វើការថែរក្សា អាជីពប្រឹងប្រែងធ្វើកិច្ចកម្មគ្រប់យ៉ាង ទ្រាំក្តៅទ្រាំត្រជាក់ ទ្រាំហេវហត់អស់កម្លាំង គឺដើម្បីមាស ប្រាក់ ដើម្បីការរស់នៅល្អប្រសើរ ហើយទីបំផុតគឺដើម្បីក្តីសុខ។ សេចក្តីសុខដែលមនុស្ស ព្យាយាមស្វែងរកនោះគឺដូចម្តេច? នឹងសម្រេចសេចក្តីសុខដែលជាគោល់ដៅសំខាន់រ បស់មនុស្សនោះបានយ៉ាងណា?ដើម្បីជីវិតក្នុងសង្គមស្រស់ល្អមានសេចក្តីសុខ ទើបស្នើរសេចក្តី សុខ៣លំដាប់ដូចនេះគឺ៖
១ សេចក្តីសុខខាងរាង្គកាយ (កាយិកសុខ Physical or Bodily happiness)
ជាសេចក្តីសុខដែលកើតចេញពីកំណើតមកល្អ មានមុខមាត់ល្អ បុគ្គលិក លក្ខណៈល្អសុខភាពមាំមួនបរិបូរណ៍ មិនមានជំងឺរោគា មានគ្រួសាល្អ ការងារ អាជីពល្អ មានទ្រព្យធនមាសប្រាក់លុយកាក់ចាយ មានឋានៈក្នុងសង្គមនិង សេដ្ឋកិច្ចល្អ មានឪពុកម្តាយសាច់ញាតិបងប្អូន មិត្រភ័ក្រល្អ មានការទំនាក់ទំនងក្នុងសង្គមល្អ មានយសតំណែង អំណាចបុណ្យស័ក្តិ ដែលគេទទួលស្គាល់ មានការរស់នៅរកស៊ីល្អ មានសេចក្តីសុខខាងសរីរាង្គ ជាសេចក្តីសុខកើតពីការបរិភោគ ជាសេចក្តីសុខដែល ពឹងអាស្រ័យវត្ថុ ឬបច្ច័យខាងក្រៅផ្សេងៗ ។ វត្ថុរឹបច្ច័យដែលជាគ្រឿងអាស្រ័យសម្រាប់ ប្រើប្រាស់នោះមានច្រើនប្រភេទ និងច្រើនយ៉ាងណាស់សម័យបច្ចុបន្ននេះដើម្បីជួយសម្រួលដល់មនុស្ស តែអ្វីដែលសំខាន់មិនអាចអត់បាននោះគឺ៖
បច្ច័យបួនយ៉ាង
១.មានគ្រឿងស្លៀកពាក់ប្រដាប់តុបតែងរាង្គកាយ
២.មានគ្រឿងបរិភោគសម្រាប់បំបាត់ការឃ្លាន
៣.មានទីលំនៅផ្ទះសំបែងស្នាក់អាស្រ័យ
៤.មានថ្នាំព្យាបាលរោគាព្យាធិ
សេចក្តីសុខបួនយ៉ាង
១.សុខព្រោះមានទ្រព្យ
២.សុខព្រោះចាយទ្រព្យ
៣.សុខព្រោះមិនជាប់ការគេ
៤.សុខព្រោះមានការងារសុចរិត មិនមានទោស
២ សុខខាងផ្លូវចិត្ត (ចេតសិកសុខ Mental Happiness) សេចក្តីសុខដែលកើត
ចេញពីសេចក្តីល្អនិងគុណធម៌ សេចក្តីសុខដែលកើតពីការធ្វើល្អផ្សេងៗសេចក្តីសុខខាងផ្លូវចិត្តអាស្រ័យសេចក្តីសេចក្តីប្រភេទទី១ គឺសេចក្តីសុខខាងរាង្គកាយឬសេចក្តីសុខកើតពីការសេពបរិគោគវត្ថុជាសេចក្តីសុខដែលកើតពីការ មិនធ្វើសេចក្តីអាក្រក់ទាំងឡាយ មិនប្រព្រឹត្តិខូចខាត់មិនបង្កើតបញ្ហា មិនបង្កការក្តៅក្រហាយ ជ្រួលជ្របល ជាសេចក្តីសុខកើតពីការធ្វើល្អមានគុណធម៌ ប្រព្រឹត្តិបដិបត្តិត្រឹមត្រូវ មានហេតុផល ស្រោចស្រង់គ្នាជាប្រយោជន៍ មិនបៀតបៀនទម្លាយ មានទឹកចិត្ត ពិតប្រាកដ សុចរិត្តទៀងត្រង មានមេត្តា ករុណាមានការជួយសង្គោះ លះបងបរិចាគ ជាសេចក្តីសុខខាងក្នុង កើតចេញពី គុណធម៌ខាងក្នុងចិត្ត។ ការចេះប្រើវត្ថុដែលមាននោះដើម្បីប្រយោជន៍វាអាចធ្វើអោយយើងមានសេចក្តីសុខ ថ្លែថ្នូរ មានគេអោយតមៃ្ល គេសរសើរ គេស្រឡាញ់ គេរាប់អាន គេញញឹមដាក់ហើយ យើងញញឹម ទៅកាន់ពូកគេដោយពេញចិត្ត នោះសេចក្តីរីករាយចិត្តផ្តល់ត្រឡប់មកតាមរយៈផ្លូវចិត្ត។ អ្នកទីក្រុងសុខតាមបែបអ្នកទីក្រុង អ្នកជនបទស្រុកស្រែ ពូកគាត់សុខបែបវិធីជីវិតពូកគាត់។ អ្នកស្រុកជនបទធ្វើកសិកម្មសែ្រចំការច្បាដំណាំចុះហេតុអ្វីបានជានិយាយថាពូកគាត់មានសេ ចក្តីសុខ? រឿងនេះដូចដែលបាននិយាយរួចមកហើយ ពីព្រោះពូកគាត់ពេញចិត្តជាមួយការងារនោះហើយថែមទាំងអាចញញឹមរីករាយក្នុងចិត្តបានមានសេចក្តីសុខ ខាងផ្លូវចិត្តបាន មិនថាអ្នកមានឬអ្នកក្រទេ។សេចក្តីសុខខាងផ្លូវចិត្តមាននៅគ្រប់ទីកន្លែង គ្រាន់តែមើលដោយភ្នែកមិនឃើញ ហើយយល់មិន ដល់ដោយគិតថាមិនមានអ្វីគួរដល់ការសប្បាយ មិនបានចាប់អារម្មណ៍តែកុំភ្លេចថាមនុស្សយើងមានការចូលចិត្តខុសពីគ្នា ហើយអ្នកដឹងទេមនុស្សខ្លះចូលចិត្តមានស្រីផឹកស្រាហឺរហាអូនបង អ្នកខ្លះចូលចិត្តរាំរេក អ្នកខ្លះចូលចិត្តលេងល្បែងកំសាន្នដោយពូកគិតពេញចិត្តចូលចិត្តជាមួយនឹងរបស់ទាំងអស់នោះ ធ្វើអោយមានសេចក្តីសុខសម្រាប់អ្នកមិនចូលចិត្តមិនចេះក៏គិតថាមិនគួរអោយសប្បាយមិនមាន សេក្តីសុខ។សេចក្តីសុខខ្លះបណ្តាលដល់យើង តែវាអាច បង្កហេតុបរិយាកាសមិនល្អមិនមានសេចក្តីសុខដល់សង្គមក៏ថាបាន សេចក្តីសុខនិងការចូលចិត្តរបស់មនុស្សខ្លះធ្វើអោយអ្នកផ្សេង ទៀតរហូតដល់មនុស្សក្នុងសង្គមទាំងមូលបានទទួលវាផងដែរ។ទាំងអស់នេះអាស្រ័យលើការ ទម្លាប់ព្រមទាំងអ្វីៗនិងមនុស្សនៅជុំវិញ និងការបណ្តុះបណ្តាលរបស់ចិត្ត។មនុស្សល្អមានគុណ ធម៌ស្គាល់គុណតមៃ្លរបស់ជីវិតក្នុងសង្គមឃើញគុណតមៃ្លអត្ថន័យសេចក្តីសំខាន់របស់សង្គមប្រ ព្រឹត្តិតែប្រយោជន៍សង្គ្រោះស្រោចស្រង់ចំពោះខ្លួននិងអ្នកដទៃ។ ជួយសង្គ្រោះស្រោចស្រង់មនុស្សដោយពិតប្រាកដដោយស្មោះ ពេញចិត្តពេញថ្លើម ។មានការទទួលខុសត្រូវ កតញ្ញូចំពោះសង្គម មិនដើរក្សែលើចោលគុណចំពោះសង្គមជាការដឹងគុណតមៃ្លវត្ថុដែលបានមកហើយធ្វើឲកើតប្រ យោជន៍ដល់ខ្លួននិងសង្គម។ សេចក្តីសុខខាងផ្លូវចិត្តមាច្រើនយ៉ាងតាមការនិយមចូលចិត្តរបស់ ខ្លួនទោះបីជាយ៉ាងណាក៏ដោយសូមធ្វើការបង្ហាញមិត្តអ្នកអានសាកល្បងសង្កេតដូចតទៅនេះគឺ សេចក្តីសុខខាងផ្លូវចិត្ត
- សុខព្រោះពេញចិត្ត (Satisfaction)
- សុខព្រោះមានចំណេះ (Knowledge)
- សុខព្រោះមានជំនឿ ( Belief)
- សុខព្រោះមានមេត្តាចិត្ត (Compassion)
- សុខព្រោះមានករុណា (Kindness)
- សុខព្រោះមានអភ័យចិត្ត (Forgiving)
- សុខព្រោះមានសមាធិ (Concentration)
- សុខព្រោះយល់ចិត្តគ្នា ( Empathy )
- សុខព្រោះមានចិត្តគ្រប់គ្រាន់ (Enough)
៣ សេចក្តីសុខពិតប្រាកដ (និរាមិសសុខ higher or immaterial happiness)
សេចក្តីសុខដែលកើតពីបញ្ញាដឹងយល់វត្ថុរបស់ទាំងឡាយផ្សេងៗហើយបដិបត្តិចំពោះវត្ថុរបស់ ទាំងអស់នោះយ៉ាងត្រឹមត្រូវ មានហេតុផល ជាការរំលត់ទុក្ខកែបញ្ហាបាន ។សេចក្តីសុខដែលកើតពីការមិនលោភ មិនក្រោធ ហើយនឹងមិន វង្វេង ជាសេចក្តីសុខដែលកើតពីភាពត្រឹមត្រូវល្អ សេចក្តីស្ងប់ មិនអាស្រ័យវត្ថុជាសេចក្តីសុខបែបឥស្សរៈ មិនអាស្រ័យបច្ច័យខាងក្រៅ នៅលើក្រសែលោកខាងសង្គម ក្នុងលំដាប់សង្គម សេចក្តីសុខប្រភេទនេះ គ្រាន់តែមនុស្សយល់ដឹងវត្ថុរបស់ទាំងឡាយតាមសេចក្តីពិត ចាត់ការវត្ថុរបស់ទាំងឡាយយ៉ាងមានហេតុផល ដឹងវិធីចាត់ចែងរខ្លួននិងរក្សាចិត្តជាបកតិក៏អាចជួបនិងសម្ផស្សជាមួយនឹងសេចក្តីសុខនេះបាន ដែរ។តួយ៉ាងដូចជា ធ្មេញបាក់សក់ស្កៅ មានមុខចាស់ មិនក្មេង មិនស្រស់ថ្លា ក៏ព្យាយាមគ្រប់យ៉ាងអោយធ្មេញលេង បាក់ សក់ខ្មៅមុខក្មេងស្រស់ថ្លា អស់មាសប្រាក់និង ពេលវេលាប៉ុណ្ណាមិនថាចំណង់ការព្យាយាមហួសប្រមាណនោះក៏គឺសេចក្តីទុក្ខ ព្រោះមិនយល់ដឹងព្យាយាមល្មើសនឹងច្បាប់ធម្មជាតិ ពេលយើងយល់ថាគឺធម្មជាតិ ជាយ៉ាងនោះក៏ធ្វើចិត្តបណ្តោយតាមឥស្សរៈ នោះគឺសេចក្តីសុខ ហើយនេះក៏គឺន័យសេចក្តីពិតរបស់ពាក្យថា បណ្តោយតាម (អនុប្បាទាន)។សេចក្តីសុខដែលកើតពីបញ្ញាឥស្សរៈ បណ្តោយតាម មិនប្រកាន់ខ្ជាប់រហូតហួសប្រមាណ ក្នុងលំដាប់ដែលពិតប្រកដខ្ពង់ខ្ពស់ សេចក្តីសុខប្រភេទនេះ បានដល់ និព្វាន (Salvation)។ ជីវិតក្នុងសង្គមនឹងមានបញ្ហាឬគ្មាន់បញ្ហានៅលើហេតុបច្ច័យ យើងត្រូវ ព្រមទទួលថា ជីវិតក្នុងសង្គមនៅក្នុងចំណោមវត្ថុផ្សេងៗជាច្រើន ឬនៅក្នុង ចំណោមបញ្ហានឹងធ្វើយ៉ាងណាទើបនឹងមិនមានបញ្ហាដែលចូលទៅពាក់ពាន់ សម្ព័ន្ធគ្រប់វត្ថុរបស់ទាំងនោះប៉ះទំកិច កាន់កាប់ដោយអំណាច ពេលជួបប្រទះរបស់ល្អក៏កើតសេចក្តីរីករាយត្រេកអរ ពេញចិត្ត សុខចិត្ត ប្រសិនបើជួបប្រទះនិងរបស់ដែលមិនល្អក៏កើតសេចក្តីទុក្ខ មិនរីករាយត្រេកអរ ទុក្ខចិត្តសោកសៅខូច ចិត្តជារឿងធម្មតារបស់សង្គមលោក វាជាយ៉ាងនេះជីវិតមនុស្ស ។ ពេលយើងមានក្តីសង្ឃឹមហើយព្យាយាមតស៊ូប្រឹងប្រែងខ្នះខ្នែងស្វះស្វែងក្នុង ជីវិតហើយយល់ដឹ ប្រកបដោយបញ្ញាពិរណាហេតុផល ប្រើសតិបញ្ញានោះនឹងទទួលបានមកនូវសេចក្តីសុខ។ ប្រសិនបើចិត្តរបស់យើងបានអប់រំល្អហើយវានឹងនាំសុខមកឲ ដូចនេះជាចាំបាច់ណាស់ក្នុងការរៀនរស់ រៀនប្រើគំនិតឆ្នៃប្រឌិតកែបញ្ហាដែលកើតឡើង ដោយការមិនពេញចិត្តដើម្បីបានមកនូវរបស់ដែលគួរជាទីពេញចិត្ត ។សេចក្តីសុខឬទុក្ខតែងសំលឹងមើលយើងគ្រប់ ពេលបន្ទាប់ពីវាមានកម្លាំងខ្លាំង ក៏សំដែងចេញមកធ្វើនាទីសម្រាប់ជីវិតមនុស្សសត្វទាំងឡាយ ខណៈណាចិត្តមានបញ្ញាការយល់ដឹងច្បាស់ពីធម្មជាតិសេចក្តីពិតហេតុផលនៃអ្វីៗ ទាំងឡាយ ហើយឧកាសរបស់ចិត្តដែលទទួលបានមកគឺភាពរីករាយក្នុងជីវិតថែមទាំងមាន មោទនភាពក្នុងដំណើរជីវិត។ សន្តិភាពសេចក្តីសុខការរីករាយក្នុងសង្គមសំដែងចេញពីមនុស្សម្នាក់ទៅកាន់ម្នាក់ទៀត រហូតដល់សង្គមគ្រួសារ ភួមិឃុំស្រុកខេត្តប្រទេសទាំងមូល និងពិភពលោក។ ទោះបីជីវិតក្នុងសង្គម តែងមានបញ្ហាតែអាចកែបញ្ហាដែលមាននោះបានដោយវិរយភាពគឺការព្យាយាមស្គាល់គុណតម្លៃការកើតជាមនុស្ស យកជ័យជំនះពីឧបសគ្គក្នុងការរស់នៅស្គាល់ សេចក្តីពិតជីវិតក្នុងសង្គមនឹងទទួលសេចក្តីសុខដែលពិតប្រាកដ។ សេចក្តីសុខទាំង ៣ ប្រភេទនេះគឺជាសេចក្តីសេចក្តីសុខដែលអាស្រ័យ គ្នាជាជំនួយជួយគ្នាក្នុងការរស់នៅ។ មនុស្សត្រូវការស្វែងរកទ្រព្យរបស់ មាសប្រាក់មិនថាត្រជាក់រងារក្តៅយ៉ាងណានោះទេ ខិតខំស៊ូទ្រាំក្នុងកិច្ចការងារតួនាទីដើម្បីសេចក្តីសុខរាង្គកាយ ពីព្រោះរាង្គកាយមនុស្សត្រូវការគ្រឿង អាស្រ័យផ្សេងៗបានមកការព្យាយាមនោះហើយ ចាំបាច់គឺត្រូវមិនត្រូវធ្លាក់ ខ្លួនជាទាសៈរបស់វត្ថុទេស្គាល់ប្រមាណក្នុងការប្រើប្រាស់របស់ទាំងអស់នោះ ចេះគ្រប់ចេះគ្រាន់ល្មមនឹងតម្រូវការប្រើសម្រាប់កាយ។ សេចក្តីសុខខាងផ្លូវចិត្តអាស្រ័យសេចក្តីល្អផ្សេងៗដែលបានធ្វើដល់ខ្នួននិងសង្គម មានគុណធម៌ប្រព្រឹត្តិត្រូវមានហេតុផលចំណែកសេចក្តីសុខពិតប្រកដកើតពីបញ្ញាយល់ដឹងសង្គមលោក ហើយបដិបត្តិអោយបានត្រឹមត្រូវតាមសេចក្តីពិតនោះ មានហេតុផលជាសេចក្តីសុខឥស្សរៈ។
កន្លែងសេចក្តីសុខ
- សុខខាងរាង្គកាយ (Bodily happiness)
- សុខខាងសាសនា (Soul happiness)
- សុខខាងគ្រួសារ ( Family happiness)
- សុខខាងមនោសច្ចេតនា (Heart happiness)
- សុខខាងសង្គម (Social happiness)
- សុខខាងមានប្រាក់ (Money happiness)
- សុខខាងការសម្រាក (Relax happiness)
- សុខខាងសតិបញ្ញា ( Brain happiness)
{{ចប់}}
ឯកសារយោង
- ពុទ្ធសាសនា និង ការអភិវឌ្ឍន៍សង្គមខ្មែរ ដោយព្រះភិក្ខុ ហេង មុនីចិន្តា
- ពុទ្ធសាសនា និង វិទ្យាសាស្ត្រ ដោយលោក សុង ស៊ីវ
- http://www.paliyut.wordpress.com
No comments:
Post a Comment