សារណាជំពូកទី ២ - Business Buddhism

Website

សារណាជំពូកទី ២

ចែករំលែកចំណេះដឹង


ជំពូកទី ២
ព្រះពុទ្ធសាសនាស្តីពីជីវិតអាពាហ៍ពិពាហ៍
ពុទ្ធសាសនាជាសាសនាដែលសម្តែងអំពីហេតុ និងផលរបស់ហេតុ ហើយជាសាសនាប្រកាន់យកធម៌អហិង្សាជាធំ។ ព្រះពុទ្ធសាសនាប្រៀនប្រដៅឲ្យមនុស្សចេះរស់នៅក្នុងសង្គមប្រកបដោយភាពសុខដុមរមនា សន្តោសដល់គ្នានិងគ្នា មានមេត្តា ករុណាធម៌ ជាពិសេស ចង់ឲ្យមនុស្សរស់នៅដល់ព្រមដោយសីល សមាធិ និងបញ្ញា។ ម្យ៉ាងវិញទៀតគោលដៅចម្បងរបស់ព្រះពុទ្ធជាម្ចាស់មានតែមួយគត់គឺចង់ដឹកនាំសត្វឲ្យរួចចាកទុក្ខទាំងពួង បានដល់ឋានព្រះបរមសុខពោលគឺព្រះនិព្វាន។
២.១ អាពាហ៍ពិពាហ៍សម័យពុទ្ធកាល
អាពិពាហ៍ពិពាហ៍ជាការព្រមព្រៀងរវាងបុរស និងស្រ្តីដែលបានធ្វើការសម្រេចចិត្តយ៉ាងច្បាស់លាស់ដើម្បីរួមរស់នៅជាមួយគ្នា។ អាពាហ៍ពិពាហ៍មិនមែនជាកាតព្វកិច្ចរបស់សាសនានោះទេព្រោះព្រះសម្មាសម្ពុទ្ធនៃយើងមិនបានហាមឃាត់ ឬក៏លើកទឹកចិត្តឲ្យមនុស្សរៀបអាពាហ៍ពិពាហ៍នេះដែរ។ ហេតុនេះហើយ បានជាយើងពុំមានឃើញទម្រង់ ឬបែបបទនៃការរៀបអាពាហ៍ពិពាហ៍ជាក់លាក់ណាមួយដែលព្រះពុទ្ធអង្គបានសម្តែងកំណត់ទុកឲ្យនោះទេ តែអាពាហ៍ពិពាហ៍ជាទំនៀមទម្លាប់ធម្មជាតិ ជាកាតព្វកិច្ចសង្គម[1]របស់មនុស្សលោក គេបង្កើតឡើងដើម្បីស្វែងរកលោកិយសុខ និងធ្វើឲ្យសង្គមមនុស្សខុសប្លែកពីសត្វតិរច្ឆាន។[2]«ក្នុងព្រះពុទ្ធសាសនា អាពាហ៍ពិពាហ៍ត្រូវបានគេចាត់ទុកជារឿងបុគ្គលសុទ្ធសាធ ហើយមិនមែនជាកាតព្វកិច្ចរបស់សាសនានោះទេ (In Buddhism, marriage is regarded as entirely a personal, individual concern and not as a religious duty.[3]
ផ្ទុយទៅវិញ បើគេប្រាថ្នាសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍ ព្រះសម្មាសម្ពុទ្ធក៏មានមេរៀនទូន្មានជាច្រើនហូរហែសម្រាប់គូស្វាមីភរិយាទាំងនោះដែរ។ ដូចមានសម្តែងក្នុងសិង្គាលកសូត្រ ទីឃនិកាយថា[4]

The bridegroom:
"Towards my wife I undertake to love and respect her, be kind and considerate, be faithful, delegate domestic management, provide gifts to please her."
The bride:
"Towards my husband I undertake to perform my household duties efficiently, be hospitable to my in-laws and friends of my husband, be faithful, protect and invest our earnings, discharge my responsibilities lovingly and conscientiously."
២.១.១ ទិដ្ឋភាពអាពាហ៍ពិពាហ៍ទូទៅ
ទោះបីជាព្រះពុទ្ធសាសនាមិនបានលើកទឹកចិត្តឲ្យមនុស្សស្វែងរកសេចក្តីសុខស្ងប់តាមរយៈជីវិតអាពាហ៍ពិពាហ៍ក៏ដោយ ក៏ពុទ្ធសាសនិកគ្រប់ស្រុក គ្រប់ប្រទេស តំបន់បាននាំគ្នាប្រតិបត្តិប្រហាក់ប្រហែលគ្នាហើយដែលក្លាយទៅជាទំនៀមទម្លាប់នៃប្រពៃណីអាពាហ៍ពិពាហ៍បែបព្រះពុទ្ធសាសនាមួយទៅហើយ។
ជារឿយៗ គេសង្កេតឃើញ ពេលមានកម្មវិធីមង្គលការ ឬហៅថាអាពាហ៍ពិពាហ៍ពុទ្ធសាសនិកពុំបានបំភ្លេចចោលនូវខ្លឹមសារនៃឱវាទព្រះពុទ្ធជាម្ចាស់ឡើយ ពួកគាត់តែងនិមន្តព្រះសង្ឃមកកាន់ទីកន្លែងប្រារព្ធមង្គលការ ដើម្បីចម្រើនពរជ័យដល់គូស្វាមីភរិយាថ្មី មានទាំងការធ្វើបទនមស្សការ សមាទានសីល និងចម្រើនព្រះបរិត្ត ព្រមទាំងការប្រទានឱវាទដែលទាក់ទងទៅនឹងជីវិតអាពាហ៍ពិពាហ៍សម្រាប់គូស្វាមីភរិយាថ្មីថ្មោងផងដែរ ឬម្យ៉ាងទៀតគូស្វាមីភរិយាថ្មីថ្មោងក៏តែងនាំគ្នាទៅវត្តដែលនៅជិតស្រុកភូមិរបស់ខ្លួន ដើម្បីសុំពរជ័យពីព្រះសង្ឃដោយភ្ជាប់ទៅជាមួយមានទៀន ធូប ផ្កាភ្ញី ចង្អាន់បិណ្ឌបាតជាដើម ដើម្បីប្រគេនចំពោះសង្ឃមួយចំណែកដើម្បីឧទ្ទិសបុណ្យកុសលដល់បុព្វការីជនរបស់ខ្លួនដែលបានស្លាប់បាក់បែកចែកឋានទៅកាន់បរលោកនាយ និងមួយចំណែកទៀតដើម្បីបានជានិស្ស័យបុណ្យ កំណប់ទ្រព្យកប់ទុកក្នុងព្រះពុទ្ធសាសនាជាមួយដៃគូស្វាមីភរិយានិយាយជារួម។[5] និយាយដោយឡែកនៅប្រទេសកម្ពុជាក៏មានបែបបទមិនខុសពីប្រទេសកាន់ពុទ្ធសាសនាទាំងនោះដែរ គឺមានលំអានដូចៗគ្នាខុសតែប្រពៃណីមួយចំនួនដែលបន្សល់ទុកតាំងពីបុរាណាចារ្យមក មានដូចជាការដេញពេលាគុណគូរថ្ងៃខែ ការជ្រើសរើសគូស្រករ ការជូនពរពីសំណាក់អាចារ្យ និងមាតាបិតាជាដើម។
២.១.២ អាពាហ៍ពិពាហ៍ព្រះសិទ្ធត្ថ
គំរប់ ១៦ ឆ្នាំជាពេលដែលព្រះសិទ្ធត្ថពេញវ័យវឌ្ឍនាការ ព្រះបវរបិតារបស់ទ្រង់ក៏បានកោះប្រជុំអស់ពួកអាមាត្យឲ្យចូលមកពិភាក្សាអំពីការជ្រើសរើសគូស្រករ បវរកញ្ញាស្រីក្រមុំឯកដែលមានរូបឆោមពណ៌ល្អដាច់គេក្នុងរាជនគរ ដើម្បីរៀបរាជមង្គលជាមួយនឹងព្រះរាជបុត្រខ្លួន។ ពិធីប្រកាសជ្រើសរើសបេក្ខនារី(រាជបុត្រី)ក៏បានផ្សព្វផ្សាយទៅគ្រប់ទិសទី មានស្រីរូបឆោមល្អៗ ស្អាតៗជាច្រើនបានចូលរួមកម្មវិធីជ្រើសរើសនេះ។ ក្នុងការជ្រើសរើសកូនក្រមុំនេះ ព្រះបាទសិរីសុទ្ធោទនៈបានចាត់មន្រ្តីជំនាញៗមួយក្រុមដែលមានចំណេះដឹងខ្ពង់ខ្ពស់ខាងមើលលក្ខណៈមនុស្ស ឲ្យចាំពិនិត្យមើលបេក្ខនារីណាដែលព្រះរាជកុមារពេញព្រះរាជហឫទ័យ នឹងអាលរៀបចំរាជមង្គលការ។ នាងកញ្ញាជាច្រើនបានដើរបន្តបន្ទាប់គ្នាឲ្យព្រះរាជកុមារទត តែទ្រង់ដូចជាមិនពេញព្រះទ័យនឹងស្ត្រីមួយណាសោះ រំពេចនោះស្រាប់តែមាននារីក្រមុំរូបឆោមល្អដាច់គេដើរមកក្រោយគេបង្អស់ដល់ពីមុខព្រះរាជកុមារក៏មានទឹកមុខអឹមអៀន ហើយនាងក៏បានសួរព្រះរាជកុមារថា «តើម្ចាស់បងមានអ្វីជារង្វាន់សម្រាប់ខ្ញុំព្រះអង្គទេ?»ព្រះសិទ្ធត្ថក៏តបថា«ឲ្យបងសុំទោស រង្វាន់អស់ហើយ តែសូមប្អូនយករបស់នេះជារង្វាន់ចុះ»មានបន្ទូលដូច្នេះហើយក៏ព្រះអង្គដោះខ្សែព្រះសុរងមាសបំពាក់ដល់នាងក្រមុំនោះ។ ក្រោយពីដឹងថា ព្រះសិទ្ធត្ថពេញព្រះទ័យនឹងព្រះនាងពិម្ពាយសោធរារួចមក ព្រះបាទសិរីសុទ្ធោទនៈដែលត្រូវជាព្រះបិតា បានចាត់ចែងកោះហៅព្រាហ្មណ៍បុរោហិតមកគុណគូរមើលថ្ងៃខែឆ្នាំដើម្បីរៀបចំរាជមង្គលការដល់ព្រះសិទ្ធត្ថជាមួយនឹងព្រះនាងពិម្ពាយសោធរា។ ក្នុងថ្ងៃរាជមង្គលការនេះ ជាកម្មវិធីដែលមានព្រះរាជាគ្រប់នគរ អ្នកមុខ អ្នកការ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ព្រាហ្មណ៍បុរោហិតបានចូលរួមអបអរសាទរយ៉ាងឱឡារិកគគ្រឹកគគ្រេង។ គូស្វាមីភរិយាក៏បានរួមរស់នៅជាមួយគ្នាជាសុខរហូតបានរាជបុត្រាមួយព្រះអង្គ នាម រាហុលកុមារ ហើយក៏ទ្រង់យាងចេញសាងព្រះផ្នួស។
២.២ ទស្សនៈពុទ្ធសាសនាទាក់ទិនអាពាហ៍ពិពាហ៍
ព្រះពុទ្ធសាសនាបានសម្តែងគោលធម៌យ៉ាងច្រើនទាក់ទិន​ទៅនឹងជីវិតប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប ដូចជាការគ្រប់គ្រង ការដឹកនាំ ការប្រកបរបរចិញ្ចឹមជីវិត ជំនួញជួញដូរ ការប្រាស្រ័យទាក់ទងគ្នា ជាពិសេសក្នុងជីវិតអាពាហ៍ពិពាហ៍ សម្រាប់ទុកជារូបមន្ត មាគ៌ា ឬជាគន្លងដល់សត្វលោកក្នុងត្រៃភពប្រតិបត្តិតាម។ដោយមនុស្សលោក ជាបុថុជ្ជនតែងមានតម្រូវការផ្សេងៗ មានតម្រូវការផ្នែកខាងតំណពូជ សេចក្តីត្រេកត្រអាលក្នុងកាមជាដើមនោះ ទើបព្រះពុទ្ធជាម្ចាស់ទ្រង់ពុំបដិសេធចោលនូវធម៌របស់ឃរាវាស។ ដូច្នេះ ទើបយើងឃើញមានឱវាទជាច្រើនដែលព្រះពុទ្ធបរមគ្រូនៃយើងទ្រង់សម្តែងទុកក្នុងព្រះត្រៃបិដកជាពិសេសក្នុងព្រះសុត្តន្តបិដក។

២.២.១ លក្ខណៈស្ត្រីគួរយកជាភរិយា
មនុស្សជាសត្វដែលមានបញ្ញាជាគ្រឿងចាក់ធ្លុះនូវបញ្ហាជាច្រើនចេះបង្កើតថ្មី ដឹងខុស ដឹងត្រូវ និងចេះស្វែងរកការពិត។ តែមនុស្សយើងពេលខ្លះ ក៏ជាសត្វមួយប្រភេទដែលល្ងង់ខ្លៅចំពោះរឿងមួយចំនួនផងដែរ។ បើយើងក្រឡេកមកមើលការសម្រេចចិត្តរបស់មនុស្សក្នុងការចាប់យកដៃគូជីវិតវិញ ក៏រឹតតែបង្ហាញឲ្យឃើញថា ជារឿងដែលប្រថុយប្រថានបំផុតសម្រាប់អនាគតរបស់គេ។ការជ្រើសរើសគូជីវិតពុំមែនងាយស្រួលប៉ុន្មានឡើយ ព្រោះ បើយើងពិចារណាទៅលើពាក្យចាស់បុរាណមួយឃ្លាដែលបានពោលថា «ធ្វើស្រែត្រូវមួយឆ្នាំខុសមួយឆ្នាំ បើទុកដាក់កូនចៅមិនចំណាំខុសម្តងខុសមួយជីវិត»។ ការជ្រើសរើសគូស្រករនោះ តោងយើងធ្វើការត្រិះរិះ ពិចារណា ពិនិត្យ សង្កេតយ៉ាងល្អិតល្អន់ណាស់ បើ​មិនដូច្នោះទេ យើងនឹងមានវិប្បដិសារីក្តៅក្រហាយស្តាយក្រោយជាក់ជាពុំខានឡើយ។ ពាក្យបុរាណមួយឃ្លាទៀតដែលនៅតែមានន័យចំពោះការជ្រើសរើសគូស្រកររបស់យុវជនយើងរហូតមកដល់ពេលបច្ចុប្បន្ននេះគឺ«ធ្វើស្រែ ឲ្យមើលស្មៅ ទុកដាក់កូនចៅឲ្យមើលផៅសណ្តាន»។ សុភាសិតទាំងនេះសុទ្ធតែបានបញ្ជាក់ប្រាប់យើងយ៉ាងច្បាស់នូវការគួរនិងពុំគួរទាំងអស់ក្នុងការជ្រើសរើសដៃគូជីវិត។ ដូច្នេះ ដើម្បីសម្រួលដល់អ្នកប្រាថ្នាជ្រើសរើសមិត្ត១០០ឆ្នាំ និងដើម្បីជៀសវាងកំហុសឆ្គងបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចនោះយើងសូមលើកលក្ខណៈស្រ្តីគួរយកមកធ្វើជាភរិយាដែលបុរសៗត្រូវពិចារណាមុននឹងរៀបអាពាហ៍ពិពាហ៍ដូចតទៅ៖[6]
១.ស្រ្តីដែលមានវ័យប្រហាក់ប្រហែលគ្នាបានដល់ស្រ្តីដែលមានវ័យប្អួនជាងបុរស ឬក៏ស្រ្តីដែលមានអាយុតិចជាងបុរសបន្តិចបន្តួច តែជាស្រ្តីដែលមានចិត្តគំនិតចាស់ទុំ។ ព្រោះថា កាលបើបុរសយកស្រ្តីដែលមានវ័យចាស់ពេក ឬក្មេងពេកនាំឲ្យញាតិ ឬអ្នកផងគេនិយាយពេបជ្រាយ ឬនិន្ទារិះគន់ដោយប្រការផ្សេងៗជាដើម។ ជាស្រ្តីដែលស្រឡាញ់ស្វាមីមេត្តាចិត្ត មិនមែនស្រឡាញ់តែរូបរាង ឬសម្បកក្រៅរបស់ស្វាមីឡើយ។
២. យល់ចិត្តថ្លើមគ្នាជាស្រ្តីដែលស្គាល់និងយល់អំពីចំណង់ចំណូលចិត្តរបស់ដៃគូ ឬជាស្រ្តីដែលយល់ពីទុក្ខធុរៈស្វាមី។ជាស្រ្តីដែលស្រឡាញ់ស្វាមីដោយមេត្តាចិត្ត ពុំមែនស្រឡាញ់តែសម្បកក្រៅរបស់ស្វាមីឡើយ។
៣. ប្រព្រឹត្តតាមចិត្តគ្នាជាស្រ្តីដែលប្តីងាយអប់រំ​ (ប្រដៅងាយ) ឬជាស្ត្រីដែលមិនរឹងទទឹងនឹងប្តី ឪពុកម្តាយ ឬត្រកូលរៀមច្បង។ ជាស្រ្តីទន់ភ្លន់ មិនទន់ជ្រាយនិងជាស្រ្តីរឹងមាំ តែមិនចចេសរឹងរូស។ អាចនិយាយបានថា ជាស្ត្រីដែលស្គាល់ការរាក់ជ្រៅ និងយល់កាលៈទេសៈរបស់ស្វាមីជាដើម។
៤. ចង់បានទ្រព្យតាមគន្លងធម៌ជាស្រ្តីដែលមានសីល មានចិត្តត្រេកអរជាមួយទ្រព្យដែលខ្លួននិងស្វាមីរកបានមកដោយសុចរិតទៀងត្រង់ ឬដោយកម្លាំងញើសឈាមរបស់ពួកខ្លួន។ ចេះខ្ពើមឆ្អើមទ្រព្យសម្បត្តិដែលបានមកដោយអំពើទុច្ចរិត។
៥. ស្រ្តីអាចបង្កើតកូនបាន មិនមែនជាស្រ្តីអារជាស្ត្រីដែលអាចបង្កើតកូនដើម្បីបន្តពូជពង្សវង្សត្រកូលបាន ព្រោះថា បុត្រនេះជាចំណងដ៏ធំមួយសម្រាប់ចងចិត្តស្វាមីមិនឲ្យបែកបែរចាកចោលគ្រួសារ។
៦. ស្រ្តីមានចរិយាមារយាទសមរម្យជាស្រ្តីដែលមានកាយ វាចា​ ចិត្ត សុភាពរាបសារ មិនមែនជាស្រី្តដែលមានចរិតមារយាទច្រឡោមខាម ចូលចិត្តដើរនិយាយចាក់រុកគេឯង ឬច្រងេងច្រងាង ឬក៏អាចនិយាយបានថា មិនមែនជាស្រ្តីប៉ះដៃយកដៃ ប៉ះជើងយកជើងជាដើម។
៧.ស្រ្តីចេះ​បម្រើប្តីជាស្រ្តីដែលស្ម័គ្របម្រើប្តីដោយចិត្តស្មោះនូវរាល់តម្រូវការរបស់ប្តីទាំងខាងចំណង់ផ្លូវភេទ និងកិច្ចការផងទាំងពួង។ ការបម្រើប្តីនេះ លោកប្រៀបដូចជាការរក្សាភ្លើងដូច្នោះដែរ ព្រោះថាកាលបើការបម្រើភ្លើងនេះពុំបានដិតដល់ ឬត្រឹមត្រូវនោះទេ ភ្លើងនឹងឆេះជាក់ជាមិនខានឡើយ។
ជាការកត់សម្គាល់ ដើម្បីអាចមានគ្រួសារមួយសម្បូរទៅដោយសុភមង្គលនោះ បុរសគ្រប់រូបគួរពិនិត្យពិច័យនូវចរិតលក្ខណៈខ្លះៗរបស់នារីដូចដែលបានលើកឡើងមកនេះ មិនមែនរើសរកតែនារីណាដែលមានរូបសម្បត្តិស្អាត តែគ្មានចំណេះដឹង មានមាសប្រាក់ច្រើន តែគ្មានជំនាញនោះឡើយ។
នារីណា ប្រាថ្នា បុរសគាប់
ចង់ឲ្យជាប់ រឿយៗ សព្វជាតិណា
គួរគោរព ស្វាមី នៃអាត្មា
​​​​        ដូចអច្ឆរា បម្រើ ព្រះកោសីយ។ (ដកស្រងចេញពី លោកនីតិ)
២.២.២ លក្ខណៈបុរសគួរយកជាស្វាមី
ចំណែកឯស្រ្តីក៏ដូចគ្នាដែរ មុននឹងសម្រេចចិត្តជ្រើសរើសយកបុរសណាម្នាក់មកធ្វើជាគូគ្រង ក៏ត្រូវធ្វើការសិក្សា ឬស្វែងយល់ឲ្យបានច្បាស់លាស់ជាមុនសិន ព្រោះ ជាទូទៅមនុស្សមានពេលវេលាស្មើគ្នាសម្រាប់ធ្វើការពិសោធន៍ និងសិក្សាពីភាគីម្ខាងទៀត។ សម័យចប្ចុប្បន្ន ជាសម័យសាកលភាវូបនីយកម្ម ដែលមិនមានអាថ៌កំបាំងណាអាចលាក់បាំងបានយូរអង្វែងឡើយ។សព្វថ្ងៃនេះមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយ និងអាចទំនាក់ទំនងគ្នាងាយស្រួលឆាប់រហ័សសម្រាប់សិក្សានិងស្វែងយល់ឲ្យបានស៊ីជ្រៅទៅលើអ្វីមួយ ឬនរណាម្នាក់។ លក្ខណៈបុរសដែលនារីគួរជ្រើសរើសយកមកធ្វើជាស្វាមីរួមមាន៖
-ចេះស្រឡាញ់គ្រួសារ
-​ មានចំណេះដឹង ជំនាញ និងសមត្ថភាពពេញលេញ
-មានគុណធម៌ សីលធម៌ និងចេះគោរពតួនាទីខ្លួនជាស្វាមី
-ចេះសង្រ្គោះដល់ភរិយា បុត្រ និងក្រុមញាតិ
-មិនប្រពឹ្រត្តិអំពើអបាយមុខ
-មានភាពអត់ធ្មត់ និងអធ្យាស្រ័យល្អ
- ល្អទាំងរូបកាយ ល្អទាំងចិត្តគំនិត។
បុរសពិត ពុំមែនជាបុរសដែលពូកែអួតអាង សម្ញែងទ្រព្យសម្បត្តិខ្លួន ដើម្បីបោកស្រីៗនោះទេ ព្រោះ បុរសក្រុមនេះគ្មានចំណេះ ជំនាញពិតបា្រកដ ប្រៀបដូចជា ស្គរទូងដែលឮតែសម្លេង តែខាងក្នុងប្រហោងធ្លុង។ ហេតុនេះហើយ សុភាពនារីទាំងឡាយ គួរជ្រើសរើសយកបុរសណាដែលមានទំនួលខុសត្រូវខ្ពស់ មានចំណេះដឹង ជំនាញពិតប្រាកដ និងជាអ្នកឧស្សាហ៍ព្យាយាម។
ចង់បានប្រាណ ជាប្រុស ឲ្យទាត់ទៀង
រៀងៗ ទៅ រាល់ជាតិ អសង្ខេយ្យ
គួរវៀរ កូនប្រពន្ធ អ្នកដទៃ
ព្រោះនិស្ស័យ កាមេ នឹងប្រែភេទ។[7]
២.២.៣ លក្ខណៈស្រ្តីមិនល្អ
ស្រ្តីក្នុងសង្គមណាក៏ដោយ តែងមានលក្ខណៈសម្បត្តិខុសៗគ្នា នេះជាច្បាប់ធម្មជាតិពីព្រោះកម្មជាអ្នកចាត់ចែងឲ្យ។ តែយើងអាចកត់សម្គាល់ថា លក្ខណៈ៩យ៉ាងដែលស្រ្តីមានបញ្ហាតែងតែប្រព្រឹត្តដោយភ្លេចខ្លួនថា មានគេកំពុងមើល។ បុរសជាស្វាមី កាលបើឃើញហើយគប្បីតាមដានពិនិត្យមើល និងការពារទុកពីដំបូងឲ្យហើយ៖[8]
១. នាងតែងធ្វើដំណើរទៅកាន់សួនច្បារជាញឹកញាប់ បើទោះជាមិនមែនពេលគួរនឹងទៅក៏ដោយ។
២. នាងតែងធ្វើដំណើរទៅកាន់សួនឧទ្យានធំៗ ជាញឹកញាប់។ ឧទ្យានបានដល់ព្រៃធំៗ ដែលគេទុកឲ្យដល់ជនដើរលេងលំហែចិត្ត។
៣. នាងតែងទៅកាន់កំពង់ទឹកមាន អូរ ស្ទឹងជារឿយៗ
៤. នាងតែងទៅកាន់ផ្ទះញាតិរបស់ខ្លួនណាមួយជារឿយៗ
៥. នាងតែងទៅកាន់ផ្ទះអ្នកដទៃជារឿយៗ
៦. គិតតែពីឆ្លុះកញ្ចក់ផ្អៀងផ្អង ថែទាំសំពត់អាវមិនឲ្យបាក់ភ្លី និងតែងខ្លួនសម្អាតខ្លួនជាប្រក្រតី គ្រប់ពេលវេលាខុសពីធម្មតា និងពេលគួរមិនគួរ។
៧. សេពនូវសុរាគ្រឿងស្រវឹងប្លែកពីធម្មតា និងប្រក្រតី។
៨. ចេះតែលបមើល ចោលកន្ទុយភ្នែក ផ្អៀងផ្អងទៅកាន់ប្រុសដទៃមិនដាច់ភ្នែក និងមិនប្រក្រតី។
៩. ឈរបង្ហាញខ្លួននូវមាត់ទ្វារ ឬបង្អួច រានហាលជាប្រក្រតី។
ចំណុចទាំង៩នេះ មិនមែនបានន័យថា ស្រាប់តែឃើញធ្វើ ក៏ចាប់សង្ស័យនោះទេ លុះត្រាតែឃើញប្លែកញឹកញាប់ហួសពីការធម្មតា ដែលនាងធ្លាប់ប្រព្រឹត្ត។ ប្រព្រឹត្តកម្មទាំងនេះ ក៏អាចឲ្យមាតាបិតា សង្កេតមើលដល់កូនស្រីរបស់ខ្លួនបានដែរ ដើម្បីជៀសវាងការភ្លាំងភ្លាត់ដោយការប្រមាទ ឬដឹងមិនដឹង។
២.២.៤ លក្ខណៈបុរសមិនល្អ
នៅក្នុងសង្គមណាមិនដឹងទេ តែនៅក្នុងសង្គមខ្មែរបុរសមានកាតព្វកិច្ចសំខាន់ណាស់ក្នុងការញ៉ាំងឲ្យសង្គមគ្រួសារថ្លៃថ្នូរ ឬថោកទាប។ មុននឹងជ្រើសរើសយកបុរសណាម្នាក់មកធ្វើជាគូគ្រង សុភាពនារីទាំងឡាយចូរសង្កេតពិនិត្យលក្ខណៈបុរសៗ ខាងក្រោមនេះឲ្យបានដិតដល់ជាមុនសិន កុំអាលប្រញាប់ប្រញាល់ឲ្យតម្លៃគេលឿនពេក ព្រោះ លក្ខណៈបុរសខ្លះមុនពេលរៀបការ គឺផ្ទុយស្រឡះពីពេលរៀបការរួច​(កញ្ជ្រោងលាក់កន្ទុយ)ចំណុចគួរពិចារណាទាំងនោះរួមមាន៖
១/.ជាបុរសក្រ ជាជនដែលខ្វះខាតទាំងទ្រព្យ ចរិយាមារយាទ ក្រទាំងវត្តប្រតិបត្តិ ជាពិសេស ចិត្តគំនិត និងក្រសតិបញ្ញាជាដើម។ សម្តេច​ ព្រះមហាសង្ឃរាជ ជួន ណាតព្រះអង្គបានលើកជាសុភាសិតថា «ក្រកិច្ច ក្រកល ក្រដឹងក្រយល់ ក្រវៃ ច្នៃទិស» ខ្លឹមសារនេះ​ ព្រះអង្គចង់ណែនាំថា ការក្រនេះមានច្រើនប្រភេទណាស់ តែសូមកុំឲ្យក្រចិត្តគំនិត នឹងសតិបញ្ញាឲ្យសោះ ព្រោះថា បើកាលណាក្រចិត្តគំនិតហើយ គឺពិបាកនឹងអភិវឌ្ឍខ្លួនឲ្យរីកចម្រើនណាស់។ ម្យ៉ាងវិញទៀត ការក្រទ្រព្យសម្បត្តិក៏ជាមូលហេតុនាំឲ្យមានទំនាស់ ភាពស្មុគស្មាញ និងពុំមានសុភមង្គលដល់ក្រុមគ្រួសារឡើយ។ ការក្រចិត្តគំនិត ជាមូលហេតុសំខាន់ជាងគេដែលនាំឲ្យមិនមានការខិតខំប្រឹងប្រែងរកស៊ី ដែលផ្ទុយទៅនឹងច្បាប់លោកតាក្រម ង៉ុយថា «កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រឱ្យមានវិញ្ញាណចេះក្រែងគិតគ្រប់កន្លែង កុំដេកតែក្រ»
២/.ជាបុរសមានជម្ងឺច្រើនគឺជាជនដែលមានបញ្ហាផ្នែកសុខភាពធ្វើឲ្យគ្មានកម្លាំងកំហែង បន្តិចឈឺបន្តិចជា ធ្វើឲ្យខាតពេលវេលា ខាតលុយកាក់ក្នុងការព្យាបាលជម្ងឺ​ មិនសូវមានពេលធ្វើការងារ​​ ដល់ពេលរកលុយបានត្រូវយកទៅព្យាបាលជម្ងឺអស់ ស្រួលមិនស្រួលត្រូវលក់ទ្រព្យសម្បត្តិដទៃទៀតដើម្បីព្យាបាលខ្លូនផង។បើពេលយើងមានជម្ងឺ តើយើងនឹងអាចរកលុយបានមកពីណា ដើម្បីផ្គត់ផ្គង់គ្រួសារសូម្បីតែលុយសម្រាប់ព្យាបាលជម្ងឺក៏គ្មាន ព្រោះមនុស្សមានជម្ងឺមិនអាចធ្វើការងារបានដូចមនុស្សជាមានកម្លាំងមាំមួនទេ។ដូចនេះ មនុស្សមានជម្ងឺច្រើន គឺជាឧបសគ្គធំបំផុតសម្រាប់អភិវឌ្ឍន៍គ្រួសារឲ្យរីកចម្រើន និងរុងរឿងណាស់។ ម្យ៉ាងវិញទៀត ប្រសិនបើស្ត្រីណាយកប្តីមានជម្ងឺច្រើននាំឲ្យជីវិតស្ត្រីនោះជួបតែសេចក្តីទុក្ខលំបាក និងត្រូវរកលុយមកព្យាបាលជម្ងឺប្តីទៀតផង។
៣/.ជាបុរសមានអាយុចាស់ពេកកាលណាបុរសមានវ័យចាស់ពេកកម្លាំងពលំក៏ខ្សោយ រាងកាយមិនមាំមួនទុព្វលភាព ធ្វើការងារមិនកើត​ ត្រូវពឹងលើភរិយាជាអ្នករកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារជំនួស។យកស្វាមីមានវ័យចាស់ពេក ធ្វើឲ្យអាប់ឱនកេរ្តិ៍ឈ្មោះ និងទទួលរងនូវការរិះគន់​​​​ដោយប្រការផ្សេងៗ។ ពេលមានកម្មវិធីមង្គលការធំៗ ឬបុណ្យទាននានា ពេលនាងបណ្តើរស្វាមីដែលមានវ័យចាស់ទៅចូលរួមនោះ ក៏ធ្វើឲ្យនាងមានអារម្មណ៍ពុំសូវសប្បាយចិត្តប៉ុន្មានដែរ ព្រោះ នាងនឹងយល់ឃើញថា ខ្លួនកំពុងតែបណ្តើរឪពុក ឬតាចាស់ទៅចូលរួមកម្មវិធី។ជួនកាលពេលខ្លះ ពួកកម្លោះៗ នឹងលើកជាសំណួរសួរគ្នាឌឺដងបញ្ឆិតបញ្ឆៀងឲ្យនាងជាក់ជាពុំខានឡើយ។
៤/.ជាបុរសប្រមឹកបានដល់ប្តីដែលចូលចិត្តផឹកស្រាស្រវឹងអ៊ួទីនួ ដើរដេកតាមផ្លូវ នាំឲ្យអាប់កិត្តិយស អាការៈថោកទាបវាយដំប្រពន្ធកូន។ ប្តីប្រភេទនេះគ្មានឱកាសធ្វើឲ្យគ្រួសារជួបប្រទះសុភមង្គលឡើយ ព្រោះ សត្រូវធំរបស់គេគឺសត្រូវផ្ទៃក្នុង។ សត្រូវផ្ទៃក្នុងបានដល់ឪពុកមា្តយ ប្រពន្ធកូន និងញាតិមិត្តឯងនេះតែម្តង។ មួយវិញទៀត មនុស្សប្រមឹក ទទួលបានលទ្ធផលមិនល្អជាច្រើនដូចជាវិនាសទ្រព្យ, នាំឲ្យមានជម្លោះ, នាំឲ្យកើតរោគ, នាំឲ្យខូចឈ្មោះ, បង្ហាញកេរ្តិ៍ខ្មាស, ធ្វើឲ្យបញ្ញាថយចុះ។
៥/. ជាបុរសធ្វេសប្រហែសបានដល់ជនទាំងឡាយណាដែលធ្វើការងារខ្ជីខ្ជា ខ្វះការយកចិត្តទុកដាក់​ មានសេចក្តីប្រមាទមាក់ងាយការងារ ជាហេតុធ្វើឲ្យការងារពុំទទួលបានជោគជ័យ។ ជនដែលមានការធ្វេសប្រហែសច្រើនចំពោះកិច្ចការ ច្រើនតែការនោះសម្រេចដោយពុំមានសណ្តាប់ធ្នាប់ល្អ និងពុំមានភាពពេញលេញឡើយ ព្រោះ គេធ្វើឲ្យរួចតែពីដៃប៉ុណ្ណោះ។ ជនធ្វេសប្រហែស ជារឿយៗគេច្រើនបង្កវិនាសសកម្មជាច្រើនដល់ខ្លួន និងអ្នកដទៃ។ ដូច្នេះហើយ បានជាព្រះពុទ្ធអង្គទ្រង់ត្រាស់ថា «អប្បមាទោ អមតំ បទំៈ ម្នាលអ្នកទាំងឡាយ ចូរអ្នកកុំមានសេចក្តីប្រមាទ (ធ្វេសប្រហែស)ឡើយ ព្រោះថា សេចក្តីប្រមាទ(ធ្វេសប្រហែស)នេះហើយ ជាប្រភពនៃក្តីវិនាសទាំងពួង»
៦/.ជាបុរសល្ងង់ខ្លៅគឺជនដែលពុំចេះទាំងវិជ្ជាផ្លូវលោក និងផ្លូវធម៌។ វិជ្ជាផ្លូវលោកមានដូចជា អក្សរសាស្រ្ត គណិតសាស្រ្ត ភាសាសាស្រ្ត ចំណេះជំនាញ និងវិជ្ជាជីវៈ។ វិជ្ជាផ្លូវធម៌ បានដល់ពុទ្ធិផ្សេងៗ ក្នុងព្រះពុទ្ធសាសនារួមមានការចេះដឹងពីសីលធម៌ សុជីវធម៌ គុណធម៌ ចរិយាធម៌ដឹងពីអ្វីគួរប្រព្រឹត្តិ និងមិនគួរប្រព្រឹត្តិ ដឹងបុណ្យ បាប ដឹងគុណ ទោស។ ម្យ៉ាងវិញទៀតមនុស្សល្ងង់ខ្លៅ ជាបុគ្គលខ្វះបញ្ញា ធ្វើការងារទ្រើកៗ ‌ម៉ក់ៗមិនរហ័សរហួនចាំតែគេបញ្ជាចាំតែគេប្រើ ធ្វើការងារធំដុំមិនកើត។
៧/.ជាបុរសខ្ជិលជាអ្នកមិនសូវស្ទុះស្ទាក្នុងកិច្ចការទាំងពួងឡើយ ពីព្រោះ ពេលគេធ្វើការងារ មនុស្សខ្ជិលតែងមានពេលសម្រាកក្នុងកិច្ចការជានិច្ច។ ឧទាហរណ៍ ពេលសិក្សា ឬពេលធ្វើការ ដើម្បីអាចគេចវេសពីកាតព្វកិច្ចខ្លួន គេតែងយកលេសផ្សេងៗ មកបកស្រាយដូចជាត្រជាក់ពេក ក្តៅពេក​ ល្ងាចពេក ព្រឹកពេក យប់ពេក ឃ្លានពេក ​ និងចូលចិត្តប្រើពាក្យមិនអីទេ ធ្វើពេលណាក៏បានដែរជាដើម។លេសទាំងនេះ គឺជាការងារធំរបស់មនុស្សខ្ជិលដូចពាក្យគេតែងពោលថា «ផ្តេកបន្លំដួល រមួលបន្លំគ្រិច ក្បាលទំពែកបន្លំកោរ»
៨/.ជាបុរសអសមត្ថភាពត្រង់ចំណុចនេះ សំដៅដល់បុរសដែលមិនអាចបំពេញតម្រូវការទាំងផ្នែកសម្ព័ន្ធផ្លូវភេទ និងសេដ្ឋកិច្ច (ជីវភាពល្អប្រសើរ) ដល់គ្រួសារ។ បុរសដែលខ្វះសមត្ថភាពផ្លូវភេទ តើស្រ្តីណាគេចង់បាន ព្រោះពុំអាចផ្តល់នូវសេចក្តីសុខខាងភេទដល់នាង ឬក៏ជាបុរសដែលពុំអាចញ៉ាំងស្រ្តីឲ្យមានកូនបាន (បុរសអា)។ មួយវិញទៀត បុរសដែលពុំអាចអភិវឌ្ឍន៍ជីវភាពគ្រួសារឲ្យរីកចម្រើនទៅមុខបាន ព្រោះតែ ជាជនដែលមិនមានវិជ្ជាជីវៈ និងចំណេះដឹងពិតប្រាកដ។ ពេលនៅវ័យក្មេងជាក្មេងខ្ជិលសិក្សារៀនសូត្រ ពុំខិតខំពង្រឹងនិងពង្រីកសមត្ថភាពខ្លួនឡើយចូលចិត្តធ្វើខ្លួនឲ្យទំនេរ ឬសប្បាយច្រើន។
ទោសនៃមនុស្សល្ងង់ខ្លៅ ប្រមឹក មានជម្ងឺច្រើន ខ្ជិលច្រអូស គឺគេស្អប់ គេពុំចង់យកខ្លួនបៀត ហើយថែមទាំងផ្តាំកូនផ្តាំចៅកុំឲ្យរាប់រក ចូលទៅសមាគម រស់នៅជាមួយមនុស្សជំពូកនេះណាស់ ព្រោះថា នឹងនាំឲ្យខ្លួនអន្តរាយ អាប់យស និងថោកទាបដល់វង្សត្រកូលរបស់គេ។
២.២.៥ ស្ត្រីមិនគួរយកបុរស ៦យ៉ាងជាស្វាមី
ខាងក្រោមនេះជាលក្ខណៈបុរសដែលស្ត្រីមិនគួរយកធ្វើជាស្វាមី។ ព្រោះបើស្រ្តីណាមិនបានពិចារណាលក្ខណៈទាំងនេះជាមុន ហើយយកបុរសណាម្នាក់ដែលមានបុគ្គលិកលក្ខណៈដូចខាងក្រោមនេះមកធ្វើជាស្វាមីតាមតែចំណង់ចំណូលចិត្ត និងការស្រឡាញ់ពេញចិត្តរបស់ខ្លួន ដោយមិនយកបញ្ញាមកវិភាគ ថ្លឹងថ្លែង ត្រិះរិះពិចារណាជាមុនទេនោះ ស្រ្តីនោះនឹងជួបតែរឿងសៅហ្មង ឬរឿងអពមង្គលក្នុងជីវិតជាក់ជាមិនខានឡើយ។ ដូច្នេះ យើងសូមលើកយកនូវបុរសលក្ខណៈមិនល្អទាំងនោះមកបង្ហាញដូចតទៅ៖
១.បុរសប្រមឹកជាបុរសដែលលេងសុរា និងមេរេយ្យជាប្រចាំ មិនឲ្យតម្លៃការងារ និងពុំអាចអភិវឌ្ឍន៍ជីវភាពគ្រួសារឲ្យល្អប្រសើរ។ការងារធំប្រចាំថ្ងៃរបស់គេ គឺប្រមូលគ្នីគ្នាឲ្យបានច្រើនដើម្បីផឹកស៊ីប៉ុណ្ណោះ គេពុំមានពេលធ្វើកិច្ចការជាប្រយោជន៍ដល់គ្រួសារ និងសង្គមជាតិឡើយ។ បន្ទាប់ពីផឹកស៊ីរួច ស្រួលមិនស្រួលវាយដំប្រពន្ធកូន និងឈ្លោះជាមួយញាតិមិត្តទៀត។
២.បុរសដើរយប់គឺបុរសដែលដើរខុសកាល ខុសវេលា ដូចជា បុរសដែលចូលចិត្តដើរឥតគោលបំណងអ្វីមួយឲ្យជាប្រយោជន៍ ឬការសេពគប់មិត្តអន្ធពាល និងដើរតាមពួកទាំងនេះជាដើម។
៣. បុរសចូលចិត្តលេងល្បែងជាបុរសដែលយកល្បែងធ្វើជាការកំសាន្ត ឬជាមុខរបរជាដើម។ឧទាហរណ៍ បុរសចូលចិត្តមើល លេងល្បែងចក្រត្រង់ ប៉ោបៀឬបាល់ទាត់ជាដើម។
៤. បុរសមើលរបាំច្រើន ជាបុរសដែលឲ្យតម្លៃទៅលើការកំសាន្តតាមរយៈរបាំផ្សេងៗ ដោយពុំខិតខំសិក្សារៀនសូត្រ និងហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឲ្យរីកចម្រើន។
៥. បុរសសេពគប់មិត្តអាក្រក់ជាបុរសដែលចូលចិត្តសេពគប់មិត្តដែលមិនមានប្រវត្តិច្បាស់លាស់ ឬមិត្តអសប្បុរស ដែលចូលចិត្តតែការបង្កឈ្លោះ និងមិត្តប្រព្រឹត្តនូវអំពើអបាយមុខមានការប្រព្រឹត្តស្រី ស្រា ល្បែង និងដើរលេងខុសកាលជាដើម។
.បុរសខ្ជិលជាបុរសដែលមាននិស្ស័យខ្ជិលច្រអូស ខ្ជីខ្ជា និងពុំឲ្យតម្លៃការងារ។ ឧទាហរណ៍ បុរសដែលមិនចូលចិត្តការសិក្សារៀនសូត្រ និងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ហើយប្រកាន់យកនូវគំនិតបណ្តោយទៅតាមយថាកម្មជាដើម។
ចំណុចទាំង ៦នេះ ពុំមែនមានន័យថា រាល់បុរសដែលមានចំណុចណាមួយនៅក្នុងខ្លួនហើយ ពុំអាចកែប្រែបាននោះទេ គឺពួកគាត់អាចលះបង់ ឬកែប្រែបានប្រសិនបើ ពួកគាត់បានយល់ដឹងអំពីគុណវិបត្តិ និងមានឆន្ទៈពិតប្រាកដក្នុងការផ្លាស់ប្តូរ។ សម័យបច្ចុប្បន្ន ជាសម័យសកលភាវូបនីយកម្ម ប្រសិនបើ យើងចង់ដឹងពត៌មាន ឬចេះដឹងនូវវិជ្ជាអ្វីមួយ ដើម្បីយកមកកែប្រែ និងអភិវឌ្ឍន៍ខ្លួននោះ គឺមានភាពងាយស្រួលបំផុតក្នុងការស្វែងរក។ ២.២.៦ បុរសមិនគួរស្រឡាញ់ស្រ្តី ៥យ៉ាង
សេចក្តីត្រូវការដ៏ធំបំផុតរបស់ជនប្រុសស្រ្តីក្នុងលោកនេះ  គឺក្តីស្រឡាញ់ចំពោះគ្នានឹងគ្នា ព្រោះ ជាច្បាប់ធម្មជាតិនៃសត្វដែលមានភេទដែលផ្ទុយគ្នា។ ទោះជាយ៉ាងណា ក្តីស្រឡាញ់ក៏ត្រូវបានកំណត់លក្ខណៈរបស់វាដែរ។ក្តីស្រឡាញ់ផ្សេងៗគ្នាទាំងនោះ មានដូចជា ក្តីស្រឡាញ់រវាងមាតាបិតានឹងបុត្រ បងប្អូន  នឹងបងប្អូន ស្វាមីនឹងភរិយា ញាតិ និងញាតិជាដើម។ តែចំពោះយើងជាយុវវ័យដែលនៅខ្ចីបទពិសោធន៍នោះ មុននឹងដាក់ចិត្តស្រឡាញ់ស្រ្តី គួរពិនិត្យនូវលក្ខណៈស្រ្តីដូចខាងក្រោមនេះ៖
១. ស្រ្តីមានសម្រស់ឆើតខ្លាំងច្រើនតែជាស្ត្រីមានអំនួតច្រើនលើរូបសម្ផស្សខ្លួន ដោយគិតថា មានតែខ្លួនទេដែលប្រសើរជាងគេ នរណាៗ ក៏ចង់បានធ្វើជាដៃគូដែរ។ ដូច្នេះ នាងពុំគិតដល់ការអភិវឌ្ឍសមត្ថភាពខ្លួន តាមរយៈការសិក្សារៀនសូត្រ ការយកគំរូល្អៗពីរៀមច្បង និងការរៀនទុករៀនដាក់រៀនសន្សំសំចៃទុកទេ។ ទាំងនេះ ជាមូលហេតុដ៏ចម្បងដែលធ្វើឲ្យគ្រួសារពុំសូវជួបប្រទះសុភមង្គលឡើយ។ បើបុរសណា ជ្រើសរើសស្រ្តីជំពូកនេះធ្វើជាដៃគូ ឬ ភរិយា បុរសនោះមុខជាខិតខំធ្វើការទ្វេពេល ព្រោះនាងពុំបានធ្វើការរកស៊ីជាមួយយើងទេ តែនាងរវល់តុបតែងក្រេមម្សៅ ដើម្បីរក្សាសម្រស់នាង។
២. ស្រ្តីមានបុរសស្រឡាញ់ច្រើនបានដល់នារីទាំងឡាយណាដែលមានសម្រស់ប្រិមប្រិយ និងឆើតពេក ជួនកាលជានារីដែលមានសម្រស់ស្អាត តែមាននិស្ស័យឆាប់ជឿគេជាដើម។ ស្រ្តីដែលសម្បូរបុរសចោមរោមស្រឡាញ់ច្រើន ក៏ជាបញ្ហាច្រើនដល់យើងផងដែរ ព្រោះ នារីដែលល្អ គេក៏ចង់បាន យើងក៏ចង់បាន។ ដូចនេះ ការប្រគួតប្រជែងនឹងលេចជារូបរាងឡើងជាមិនខាន។​ ធម្មតា សារជាតិនៃការប្រគួតប្រជែង គឺតែងមានអ្នកឈ្នះ និងអ្នកចាញ់, អ្នកចាញ់ដេកជាទុក្ខ និងមានវិប្បដិសារី។ ចំណែកឯ អ្នកឈ្នះវិញ តែងរីករាយនឹងជ័យជំនះរបស់ខ្លួនដោយពេលខ្លះពុំបានគិតដល់សេចក្តីទុក្ខលំបាករបស់អ្នកចាញ់ឡើយ។ ហើយការប្រគួតប្រជែងនេះ មិនមែនចប់ត្រឹមនេះទេ អ្នកឈ្នះក៏អាចចាញ់វិញដែរ។
៣. ស្រ្តីពូកែរាំច្រៀងពុំដែលមានអ្នករាំច្រៀងឯណាអំណឺសអំពីលោកនេះទៅ ទៅកើតឋានសួគ៌ឡើយ។ ព្រះសម្មាសម្ពុទ្ធទ្រង់មិនបានសម្តែងលើកសរសើរ ឲ្យបរិស័ទព្រះអង្គធ្វើជាអ្នករាំច្រៀង ឬឲ្យចូលទៅសមាគមជាមួយអ្នករាំច្រៀងឡើយ ព្រោះថាគ្មានអ្នករាំច្រៀងណាម្នាក់បន្ទាប់ពីលះលោកនេះទៅ បានទៅកើតក្នុងសុគតិសួគ៌ទេវលោកឡើយ។ ផ្ទុយទៅវិញមានតែកើតទុក្ខ វិនាសហិនហោចប្រយោជន៍ទាំងបច្ចុប្បន្នជាតិ និងបរលោកនាយ​។ ដូច្នេះការចូលទៅសមាគមនឹងអ្នកចម្រៀង ឬអ្នករាំ មិនគួរគប្បីធ្វើទៅឡើយព្រោះថាអ្នកទាំងនោះសុទ្ធតែជាអ្នកចង់បានតែសប្បាយ ហ៊ឺហា ស្រីស្រាល្បែង អូនបងបើមិនបានច្រៀងរាំសប្បាយទេ គេនៅមិនសុខឡើយ។ ជាងនេះទៅទៀតអ្នកទាំងនេះមិនមានឱកាសដើម្បីបានធ្វើបុណ្យកុសលសូម្បីដ៏តិចតួចឡើយព្រោះរវល់តែការងារច្រៀងរាំរបស់ខ្លួន លុះចាស់បន្តិចទៅគេលែងជួលឲ្យធ្វើការងារនេះទៀត ក៏ទៅជាមនុស្សអភ័ព្វព្រោះមិនបានសន្សំប្រាក់កាសខ្លះទុកចាយវាយ ហើយមានតែញុំាងអ្នកដទៃដែលមិនខូចឲ្យទៅជាខូច ហើយបើអ្នកខូចហើយក៏ឲ្យរឹតតែខូចជាងមុនទៅទៀត ។
៤. ស្រ្តីជាភរិយាគេត្រងចំណុចនេះ បុរសគ្រប់រូបគួរជៀសវាងឲ្យបាន ព្រោះថា ប្រពន្ធអ្នកដទៃ គេតែងតែរក្សាហួងហែងជាប្រក្រតី ឬចាត់ទុកជាសមភាគីរបស់គេ។ កាលបើភាគីម្ខាងមានគំនិតពុំល្អហើយ ធ្វើឲ្យភាគីម្ខាងទៀត កើតការសង្ស័យលែងទុកចិត្តគ្នា កាលបើភាពជឿជាក់លើគ្នាលែងមានហើយ ក៏បណ្តាលឲ្យគ្រួសារគេជួបនូវ​វិបត្តិជាក់ជាពុំខានឡើយ។ បើយើងងាកមកមើលនិច្ចសីលនៃព្រះពុទ្ធសាសនាយើងវិញ ក៏ឃើញថា រិតតែប្រាស់ចាកយ៉ាងធ្ងន់ធ្ងរទៅទៀត គឺត្រង់សិក្ខាបទទីបី (កាមេសុមិច្ឆាចារា)។ មានទោសក្នុងលោកទាំងពីរ គឺបច្ចុប្បន្ន និងបរលោក។ ទោសបច្ចុប្បន្នជាតិមានដូចជាៈ
- ឆ្លងជម្ងឺកាមរោគជម្ងឺអេដស៍ និងជម្ងឺផ្សេងៗ 
- រស់នៅក្នុងសង្គមមិនពេញមុខពេញមាត់
- រស់នៅក្នុងសភាពភ័យខ្លាច
- វិនាសអន្តរាយគ្រួសារចាស់។
- បាត់បង់ញាតិមិត្ត
ទោសក្នុងបរលោក ឬអនាគតជាតិរួមមានៈ
- ស្លាប់ទៅនឹងកើតក្នុងនរក
- កើតជាប្រេត
- កើតជាសត្វតិរិច្ឆាន
- កើតជាស្រ្តី៥០០ជាតិ
- កើតជាមនុស្សខ្ទើយ៥០០ជាតិ
- ជួបតែមនុស្សផិតក្បត់ច្រើនរយជាតិជាដើម។
៥. ស្រ្តីស្រឡាញ់តែមាសប្រាក់ស្រ្តីជំពូកនេះ មិនគួរយកជាដៃគូជីវិតឡើយ ព្រោះថា សុភមង្គលរបស់នាងគឺ នៅតែលើលោកប្រាក់បុណ្ណោះ។ ស្រ្តីដែលស្គាល់តែប្រាក់ គឺ អាចលក់យើងដូរយកប្រាក់បាន នាងពុំស្គាល់អ្វីទៅជាសុភមង្គលជីវិតគ្រួសារឡើយ។
ចំណុចទាំង ៥ ខាងលើនេះ បុរសគ្រប់រូបគួរគិតពិចារណាមុនទើបជាការល្អ។ និយាយឲ្យខ្លីមកគឺថាមិនគួរយកជំពូកស្រ្តីខាងលើនេះមកធ្វើជាភរិយាឡើយ ព្រោះ នាំតែកើតរឿងសៅហ្មង់ដល់ជីវិតគ្រប់ជំហានជាក់ជាមិនខានឡើយ។
២.២.៧ ហេតុនៃការបានគ្នាជាប្តីប្រពន្ធ
អ្វីៗក្នុងលោកកើតឡើងសុទ្ធតែមានហេតុ មិនមែនចេះតែកើតដោយឯកឯងនោះទេ ព្រោះ «ផលកើតអំពីហេតុ ឬបើមានហេតុ ទើបមានផល» នេះជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានសម្តែងទុកមកជាងពីរពាន់ឆ្នាំប្លាយមកហើយ។ យ៉ាងណាម៉ិញ បុព្វហេតុដែលនាំឲ្យស្វាមីភរិយាបានគ្នាជាប្តីជាប្រពន្ធនោះ ក៏ព្រះសម្ពុទ្ធទ្រង់បានសម្តែងថា មានហេតុពីរយ៉ាងដែរគឺ៖
១/បុព្វេន វាៈធ្លាប់ជាប្តីប្រពន្ធពីអតីតជាតិ។ តាមន័យនេះ ព្រះពុទ្ធជាម្ចាស់ទ្រង់បានប្រទានឱវាទថា បុរសស្ត្រីដែលបានជួបគ្នានិងបានរៀបអាពាហ៍ពិពាហ៍ឲ្យក្លាយទៅជាស្វាមីភរិយាបាននោះ ក៏អាស្រ័យដោយកម្មចាស់ដែលធ្លាប់រួមរស់ជាជីវិតប្តីប្រពន្ធពីអតីតជាតិមក និងបានសាងអំពើជាកុសល (អកុសល)រួមគ្នាផងដែរ។ ហើយក្នុងអតីតជាតិនោះទៀតសោត ពួកគេដែលមានចិត្តស្រឡាញ់គ្នាតជាតិតកំណើតទៅមុខបាននោះ ក៏ព្រោះពួកគេបានបដិបត្តិនូវធម៌៤យ៉ាងដែរគឺះ សមសទ្ធាៈ មានសទ្ធាប្រហាក់ប្រហែល ឬដូចគ្នា, សមសីលាៈ រក្សាសីលដូចគ្នា, សមចាគ្គា ជាអ្នកបរិចាគទានដូចគ្នា, និងសមបញ្ញាៈ ជាអ្នកមានប្រាជ្ញាដូចគ្នានេះឯង។ ឧទាហរណ៍ ជីវិតស្វាមីភរិយារបស់ព្រះសិទ្ធត្ថ និងព្រះនាងពិម្ពារយសោធរាជាដើម។
២/បច្ចុប្បន្នសេន វាៈបានធ្វើអំពើជាប្រយោជន៍ដល់គ្នាក្នុងពេលបច្ចុប្បន្ន។ ទោះបីជាអ្នកធ្លាប់ជាស្វាមីភរិយាពីអតីតជាតិក៏ដោយ តែបើមិនបាននៅជិតគ្នា ប្រាស្រ័យទាក់ទង់គ្នា និងប្រព្រឹត្តិអំពើជាប្រយោជន៍ដល់គ្នាទេនោះ ក៏ពុំមានប្រយោជន៍អ្វីដែរ។ ព្រោះថា បច្ចុប្បន្នជាតិនេះ ជារឿងមួយសំខាន់ណាស់ ដើម្បីញ៉ាំងឲ្យពួកគេសាងអនុស្សាវរីយ៍ ឬធ្វើអ្វីមួយជាគុណប្រយោជន៍ដល់គ្នា និងបានសិក្សាស្វែងយល់ពីចិត្តថ្លើមគ្នាជាមុនសិន ទើបអាចស្រឡាញ់និងរួមរស់ជាមួយគ្នាទៅកើត។
ចំណុចទាំង ២ជាបុព្វហេតុដ៏សំខាន់បំផុតដែលបណ្តាលឲ្យបុរសស្រ្តីបានជួបជុំគ្នាជាគូស្វាមីភរិយា និងទុកជាមាគ៌ាសម្រាប់ស្វាមីភរិយាទាំងឡាយណាដែលមានសេចក្តីប្រាថ្នាចង់រួមរស់ជាមួយគ្នាអស់កប្បនៃជាតិ នេះជាពុទ្ធឱវាទ។
២.៣ ប្រភេទនៃភរិយា
នៅក្នុងព្រះពុទ្ធសាសនាបានសម្តែងដោយអន្លើអំពីប្រភេទនៃភរិយាដែលបុរសៗ គួរជ្រើសរើសយក និងជៀសវាងប្រភេទភរិយាណាដែលនាំអន្តរាយដល់ខ្លួន។ នៅក្នុងងសុត្តន្តបិដក អង្គុតរនិកាយ សត្តកនិបាត លេខ ៤៧ បានសម្តែងយ៉ាងក្បោះក្បាយត្រង់ អព្យាកតវគ្គ ទំព័រ ១៦៨-១៦៩ អំពីប្រភេទនៃភរិយាដែលបុរសត្រូវស្គាល់មានដូចតទៅ៖
១. វធកាភរិយាគឺជាភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្ត្រីមានចិត្តប្រទូស្ត (និងស្វាមី) មានសេចក្តីមិនអនុគ្រោះនូវប្រយោជន៍ ជាអ្នកត្រេកត្រអាលក្នុងបុរសដទៃ មើលងាយប្តី ខ្វាយដើម្បីសម្លាប់ប្តី ស្ត្រីណាជាភរិយានៃបុរស មានសភាពដូច្នេះ ស្តី្រនោះហៅថាភរិយាដូចជាឃាតករ។
២. ចោរីភរិយាស្វាមីនៃស្ត្រីបាននូវទ្រព្យណាហើយតម្កល់ទុក ដើម្បីធ្វើនូវសិល្បៈក្តី នូវជំនូញក្តី នូវកសិកម្មក្តី ស្ត្រីនោះ ប្រាថ្នាដើម្បីលួចកិបយកនូវទ្រព្យសូម្បីបន្តិចបន្តូចអំពីទ្រព្យនោះ ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថា ចោរីភរិយា។
៣. អយ្យាភរិយាស្ត្រីមិនមានសេចក្តីប្រាថ្នានឹងធ្វើនូវការងារ ជាអ្នកខ្ជិលច្រអូស ស៊ីច្រើន រឹងរូសកាច ពោលនូវពាក្យអាក្រក់ ប្រព្រឹត្តគ្របសង្កត់នូវស្វាមីដែលមានព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថាភរិយាដូចជាចៅហ្វាយ។
          ៤. មាតាភរិយាស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍សព្វៗកាល ចេះរក្សាប្តី ដូចជាមាតារក្សាកូន ទាំងរក្សានូវទ្រព្យដែលស្វាមីនោះ បានមកអំពីទីនោះៗ ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថាភរិយាដូចជាម្តាយ។
          ៥. ភគិនិភរិយាស្ត្រីមានសេចក្តីគោរព ក្នុងស្វាមីរបស់ខ្លួន ដូចប្អូនស្រីគោរពបងប្រុស មានសេចក្តីអៀនខ្មាស ប្រព្រឹត្តទៅតាមអំណាចនៃភស្តា ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថាភរិយាដូចជាប្អូនស្រី។
  ៦. សខីភរិយាស្រ្តីណា ក្នុងលោកនេះបានឃើញនូវប្តីហើយ ក៏រីករាយ ដូចជាសម្លាញ់ បានឃើញដែលបានមកអស់កាលយូរ ស្ត្រីនោះ បរិបូណ៍ដោយត្រកូល មានសីលធម៌ ជាស្តី្រមានវត្តប្រតិបត្តិ ក្នុងប្តី ស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថាភរិយាដូចជាមិត្តសម្លាញ់។
  ៧. ទាសីភរិយាស្ត្រីដែលស្វាមីជេរ វាយ គំរាមដោយដំបង មិនមានចិត្តប្រទូស្តវិញចេះអត់សង្កត់ដល់ប្តី មិនក្រោធ ប្រព្រឹត្តទៅតាមអំណាចនៃភស្តាស្ត្រីណា ជាភរិយានៃបុរសមានសភាពដូច្នេះ ស្ត្រីនោះ ហៅថាភរិយដូចជាទាសី។
          ស្វាមីទាំងឡាយគប្បីកំណត់ដឹងដោយខ្លួនឯងថា ខ្លួនប្រាថ្នាចង់បានភរិយាប្រភេទណាជាមុនសិន ជៀសវាងមានការស្តាយក្រោយព្រោះមិនបានសម្រេចចិត្តត្រឹមត្រូវ។ ជាការពិតប្រភេទភរិយាទាំង៧ ខាងលើនេះ បុគ្គលគប្បីជ្រើសយកតែប្រភេទភរិយា៤ គឺ មាតាភរិយា ភគិនិភរិយា សខីភរិយា និងទាសីភរិយា ព្រោះព្រះសម្មាសម្ពុទ្ធទ្រង់បានសម្តែងថាភរិយាទាំង ៤ ជំពូកនេះជាអ្នកខ្វល់ខ្វាយកិច្ចការងារផ្ទះ ជាអ្នកឈឺឆ្អាលបារម្ភនឹងសុខទុក្ខរបស់ស្វាមី និងជាអ្នកឧស្សាហ៍ព្យាយាម ហើយអំណឺសអំពីជាតិនេះទៅនឹងបានទៅកើតក្នុងសុគតិភពជាពុំខាន។ រីឯភរិយា ៣ ជំពូកទៀតគឺ វធកាភរិយា ចោរីភរិយា អយ្យាភរិយា បុរសមិនគប្បីជ្រើសរើសយកឡើយព្រោះស្ត្រីជំពូកនេះជាអ្នកខ្ចិលច្រអូស មិនខ្នះខ្នែងការងារផ្ទះ ដេកចាំតែស៊ី និងមិនមានបំណងល្អចំពោះប្តីខ្លួនឯងសូម្បីដ៏តិចតូចឡើយ។
២.៤ ប្រភេទនៃស្វាមី
ស្វាមីក្នុងលោកមានច្រើនជំពូកណាស់ ដោយហោចទៅស្វាមីខ្លះជាអ្នកលេងសុរា លេងប៉ោបៀរ លេងស្រី និងជាស្វាមីចូលចិត្តដើរខុសកាលជាដើម ស្វាមីខ្លះជាអ្នកមានអធ្យាយល្អ ស្រឡាញ់សុភមង្គលគ្រួសារ និងប្រព្រឹត្តខ្លួនឲ្យជាទីពឹងបុត្រភរិយា។ ដោយឡែកព្រះពុទ្ធសាសនាក៏មានសម្តែងអំពីប្រភេទនៃស្វាមីនេះដែរ ហើយថែមទាំងហាមឃាត់ និងអនុញាតិឲ្យនារីគ្រប់រូបសង្កេត មុននឹងសម្រេចចិត្តធ្វើជាគូអនាគត។
ស្វាមីទាំងនោះមាន៧ប្រភេទគឺ[9]
១/វធកាស្វាមីគឺស្វាមីដូចជាពេជ្ឃឃាត គិតតែពីប្រើអំពើហិង្សា វាយទាត់ធាក់ទះតប់ និងសម្លាប់ភរិយាខ្លួន ចិត្តគ្មានត្រាប្រណី ដូចជាពេជ្ឍឃាតដែលមិនដែលត្រាប្រណីចំពោះអ្នកទោសរបស់ខ្លួនឡើយ។
២/ចោរស្វាមីគឺស្វាមីដូចជាចោរ មិនស្មោះត្រង់នឹងភរិយារបស់ខ្លួន លបលួចកេងប្រវ័ញ្ញ បំបាត់ទ្រព្យសម្បត្តិ ឬបិទបាំងលាក់លៀមរឿងអ្វីៗមិនឲ្យប្រពន្ធដឹង ដូចជាចោរដែលចាំតែលួចទ្រព្យគេ ហើយលាក់បំបាត់រឿងអាក្រក់របស់ខ្លួនមិនឲ្យគេដឹងយ៉ាងនោះដែរ។
៣/អយ្យាស្វាមីគឺស្វាមីដូចជាចៅហ្វាយនាយ ដែលមិនធ្វើការងារអ្វីៗដោយខ្លួនឯងសោះ គិតតែអង្គុយធ្វើឫកធំ ហើយចាំតែចង្អុលបង្គាប់បញ្ជា និងស្តីបន្ទោស ចាប់កំហុសប្រពន្ធខ្លួនដូចខ្ញុំបម្រើដាច់ថ្លៃ។
៤/បិតាស្វាមីគឺស្វាមីដូចជាឪពុក មានធម៌សន្តោស មេត្តា ករុណា អាណិតស្រឡាញ់ប្រពន្ធដូចជាកូន និងតែងតែពិចពិលរមិលមើលការខុសត្រូវ ជួយកែតម្រូវ រវាំងមិនឲ្យមានខុសទាស់។
៥/ជេដ្ឋាស្វាមីគឺស្វាមីដូចជាបងប្រុស ស្រឡាញ់ថែរក្សាប្រពន្ធ ហាក់បីដូចជាបងប្រុសស្រឡាញ់ប្អូនបង្កើត តែងតែការពារឃុំគ្រង មើលថែទាំប្អូន។
៦/សខីស្វាមីគឺស្វាមីប្រៀបដូចជាមិត្តភក្តិ យកចិត្តទុកដាក់ប្រពន្ធរបស់ខ្លួនស្មើដូចនឹងមិត្ត ពេលជួបគ្នាតែងរីករាយ មានរបស់អ្វីតែងចែករំលែកគ្នា មិនបំណាំគ្នា តាមអធ្យាស្រ័យរបស់មិត្ត ហើយរួមសុខរួមទុក្ខជាមួយគ្នាទោះក្នុងកាលៈទេសៈណាក៏ដោយ។
៧/ទាសាស្វាមីគឺស្វាមីដូចជាខ្ញុំបម្រើ តែងខ្លាចប្រពន្ធ ស្តាប់បង្គាប់បញ្ជាប្រពន្ធ ធ្វើការសព្វគ្រប់បែបយ៉ាងដើម្បីតែប្រពន្ធ។
ស្វាមី បី ជំពូកខាងលើមិនល្អឡើយ លោកឲ្យចៀសវាងចេញ កុំប្រព្រឹត្ត និងឲ្យរើសយកយ៉ាងណាមួយ ក្នុងចំណោម បួន យ៉ាងខាងក្រោម។
២.៥ តួនាទីស្វាមីភរិយាក្នុងជីវិតអាពាហ៍ពិពាហ៍
មិនថានៅក្នុងសង្គមណា ឬស្ថាប័នណាទេ ដើម្បីឲ្យសង្គម ឬស្ថាប័ននោះៗប្រព្រឹត្តទៅដោយមានរបៀបរៀបរយល្អ និងវិវត្តល្អទៅមុខជានិរន្តនោះ គេតែងតែមានការបែងចែក តែងតាំង សមាជិកទៅតាមមុខនាទីរៀងៗខ្លួន។ កាលណាគេស្គាល់តួនាទីរបស់ខ្លួនហើយ គេនឹងខិតខំប្រឹងប្រែងអនុវត្តទៅតាមមុខព្រួញរបស់ខ្លួនរហូតដល់គោលដៅដែលបានកំណត់ទុក ហើយប្រសិនបើក្នុងករណីគេប្រព្រឹត្តខុសចាកពីតួនាទីដែលគេត្រូវធ្វើ នោះគេនឹងដឹងខ្លួន ហើយត្រូវមានទំនួលខុសត្រូវរាល់ទង្វើដែលខ្លួនបានប្រព្រឹត្ត។យ៉ាងណាមិញសង្គមគ្រួសារក៏មិនខុសគ្នាប៉ុន្មានដែរ មាតា បិតា ស្វាមី ភរិយា បុត្រធីតា ក៏មានតួនាទីត្រូវបតិបត្តិរៀងៗខ្លួនទៅដែរ។ ដោយឡែកព្រះពុទ្ធបរមគ្រូនៃយើងក៏បានសម្តែងនូវធម៌សម្រាប់គោរពប្រតិបត្តិចំពោះគ្នានឹងគ្នាទៅតាមវ័យ មុខនាទីរៀងៗខ្លួន។
ក/. តួនាទីស្វាមី
នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធបរមគ្រូទ្រង់បានសម្តែងថាស្វាមីត្រូវមានតួនាទីចំពោះភរិយារបស់ខ្លួន ៥យ៉ាងគឺៈ
១.​ រាប់អាននាងជាភរិយាពេញទីស្វាមីគប្បីប្រកាសឲ្យជាឱឡារិកថានាងជាភរិយារបស់ខ្លួនទោះនៅក្នុងកាលៈទេសៈណាក៏ដោយ។
២.​ មិនមើលងាយមើលថោកភរិយា ស្វាមីមិនត្រូវវាយតប់ ធ្វើបាបភរិយា ទាំងផ្លូវកាយ និងផ្លូវចិត្តដល់ភរិយាឲ្យរង់ទុក្ខលំបាកឡើយ។ ដោយចាត់ទុកភរិយាជាសមភាគីរបស់ខ្លួនក្នុងដំណើរនៃការសាងសុភមង្គលជីវិតរបស់ពួកខ្លួន។
៣.មិនប្រព្រឹត្តក្បត់ចិត្តភរិយាស្វាមីគប្បីជាអ្នកប្រកាន់ខ្ជាប់នូវសីលធម៌របស់មនុស្សជាតិ (រក្សានិច្ចសីល) ។ ដោយចេះពិចារណានូវទៅលើអារម្មណ៍របស់ខ្លួ និងអារម្មណ៍របស់ដៃគូថា ប្រសិនបើ យើងប្រពឹ្រត្តនូវអំពើមិនគប្បីតាមរយៈការស្វែងរកដៃគូដទៃទៀតក្រៅពីភរិយាមកសេពកាមនោះ តើដៃគូរបស់ខ្លួនឈឺចុកចាប់ក្នុងផ្លូវចិត្ត ឬអារម្មណ៍យ៉ាងណាដែរ។ ចុះប្រសិនបើ ភរិយាប្រព្រឹត្តទង្វើបែបនេះមកលើរូបយើងវិញ តើយើងឈឺចាប់ដែរ ឬទេ?
៤.ប្រគល់នាទីជាធំក្នុងនាមជាមេផ្ទះស្វាមីគប្បីផ្តល់សិទ្ធិអំណាច និងប្រាក់កាសដល់នាងជាភរិយាក្នុងការចាត់ចែងកិច្ចការនៅក្នុងផ្ទះ។ កិច្ចការទទួលបដិសណ្ឋារកិច្ច ឬការដោះស្រាយបញ្ហាទុក្ខកង្វល់របស់ពពួកញាតិទាំងសងខាងឲ្យបានស្មើៗ ភាពគ្នាតាមសមគួរ។
៥.ជួនគ្រឿងអល្លង្ការឲ្យដល់ភរិយាសមរម្យតាមសម័យកាលស្វាមីគប្បីផ្តល់គ្រឿងអល្លង្ការដល់នាងភរិយាតាមកម្លាំងសមត្ថភាពរបស់ខ្លួនដែលអាចរកបានដោយសុចរិត ដើម្បីនាងតុបតែងខ្លួនឲ្យបានសមគួរដល់ឋានៈ និងតាមសម័យកាលជាដើម។
ស្វាមីគ្រប់រូប ត្រូវខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួន ឲ្យសមជាស្វាមីពេញលក្ខណៈ និងជាបុរសដើមទ្រូងប្រាំហត្ថ។ ការគោរពតួនាទីខ្លួនជាភារៈកិច្ចរបស់បុគ្គលនីមួយៗ ហើយក៏ជាមង្គលដ៏ឧត្តមដែរ។
ខ/. តួនាទីភរិយា
ស្ត្រីលោកចាត់ទុកដូចជាធនាគារ ឬថាដូចជាក្រសួងមហាផ្ទៃនៃជាតិមួយព្រោះថា ពេលរៀបអាពាហ៍ពិពាហ៍រួចស្តី្រត្រូវទទួលនាទីយ៉ាងច្រើនចំពោះមុខតួយ៉ាង មើលការខុសត្រូវផ្ទះសម្បែង ចំអិនអាហារ បោកគក់ខោអាវ ហើយបើមានកូនទៀតក៏នឹងបូកបន្ថែមទំនួលខុសត្រូវថែមទៀគឺត្រូវបីបាច់ថែរក្សាកូនឲ្យល្អ។ ជាការពិតសុភមង្គលមិនអាចកើតមានឡើយប្រសិនបើ ស្ត្រីខ្លួនឯងមិនគោរពតួនាទីរបស់ខ្លួន សូម្បីស្វាមីគោរពនាទីបានខ្ជាប់ខ្ជួនយ៉ាងណាក៏ដោយ។ នេះមានន័យថាតម្រូវឲ្យស្គាល់តួនាទីរបស់ខ្លួន មិនមែនតែស្វាមីទេដែលត្រូវគោរពតាមតួនាទី ភរិយាក៏ត្រូវតែគោរពនាទីរបស់ខ្លួនដូចៗគ្នា។ ការស្គាល់តួនាទីរបស់ខ្លួន នឹងនាំទៅដល់ការចេះយល់ចិត្តគ្នា ដឹងអារម្មណ៍គ្នា សន្តោសប្រោសប្រណីគ្នា ហើយចេះលៃលកគិតគួរធ្វើការងារតាមស្ថានភាពជាក់ស្តែងយ៉ាងណា ដើម្បីជៀសវាងអំពើហិង្សា ការឈ្លោះប្រកែកគ្នា ហើយផ្តល់មកវិញនូវសុភមង្គលជានិច្ចនិរន្តរ៍។
ភរិយាមានតួនាទី៥យ៉ាងដូចខាងក្រោម៖
ក/. ភរិយាត្រូវចាត់ចែងការងារផ្ទះដោយល្អនាងជាភរិយាត្រូវចាត់ចែងការងារផ្ទះសម្បែងសព្វបែបយ៉ាង ត្រូវតាំងខ្លួនឲ្យដូចជាម្តាយ ឬទាសី ឬមិត្តសម្លាញ់ដែលតែងស្រឡាញ់រាប់ស្វាមីខ្លួន និងតែងរក្សាទុកដាក់រាល់ទ្រព្យដែលស្វាមីរកបានមក មិនត្រូវប្រកាន់ខ្លួនមិនធ្វើការងារផ្ទះនោះឡើយ។ ត្រូវជាអ្នកឧស្សាហ៍ព្យាយាម រស់រវើក ប្រយ័ត្នប្រយែងរាល់ជំហានក្នុងការសម្រេចចិត្តធ្វើអ្វីមួយ ព្រោះថាជោគវាសនារបស់គ្រួសារត្រូវពឹងទំាងស្រុងលើនាងហើយ។ មួយវិញទៀតបើចង់ឲ្យប្តីស្រឡាញ់ពេញចិត្តខ្លួនរហូតដល់ចាស់ស្លាប់ នាងគប្បីជាអ្នកចេះទុកដាក់របស់របរ គ្រឿងឧបករណ៍ និង មាសប្រាក់ដែលស្វាមីរកបានមកដោយលំបាកឲ្យគង់វង្ស ហើយមិនត្រូវខ្ជះខ្ជាយឡើយ។
ខ/. ភរិយាត្រូវសង្គ្រោះជនជាញាតិទាំងពីរខាងដោយល្អ មិនប្រកាន់ឬឆ្មើងឆ្មៃបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច ចំនួនសមាជិកគ្រួសារ ញាតិមិត្តជិតខាងក៏មានចំនួនកើនឡើងច្រើនជាងមុន។ ទំនាក់ទំនងរវាងញាតិមិត្តជារឿងសំខាន់មិនអាចកាត់ផ្តាច់បាន ព្រោះថាគ្មានអ្នកណាម្នាក់នៅលើលោកនេះអាចរស់នៅតែម្នាក់ឯងឯកោបានឡើយ គេត្រូវការជាចំបាច់ការពឹងពាក់ អាស្រ័យគ្នាទៅវិញទៅមកដើម្បីឲ្យការប្រកបរបរចិញ្ចឹមជីវិត ជំនួញជួញដូរ បានប្រពឹ្រត្តទៅរលួន។ ការទទួលបដិសណ្ឋារៈកិច្ចចំពោះញាតិ សង្គ្រោះញាតិជាកិច្ចមួយដ៏សំខាន់ដែលស្ត្រីមេផ្ទះត្រូវធ្វើដោយខានមិនបាន ហើយបុគ្គលអ្នកសង្គ្រោះញាតិតែងបាននូវសុភមង្គល សុចំរើន ដូចក្នុង មង្គលសូត្រ ៣៨ ប្រការដែលព្រះសម្មាសម្ពុទ្ធបានទ្រង់សម្តែងតបចំពោះសំនួររបស់ពួកទេវតាទាំងឡាយថាៈ
ទានញ្ច ធម្មចរិយា ច ញាតកានញ្ច សង្គហោ
អនវិជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ
«ករិយាបរិយាចាគទាន ១ កិរិយាប្រព្រឹត្តនូវធម៌ ១ សេចក្តីសង្រ្គោះដល់ញាតិទាំងឡាយ ១ ការងារទាំងឡាយដែលមិនច្របូកច្របល់ ១ ទាំង ៤ នេះជាមង្គលដ៏ឧត្តម»។
  ពិតណាស់បើភរិយាស្វាមីដែលរៀបអាពាហ៍ពិពាហ៍រួចហើយ បានរាប់អានទៅមក សង្គ្រោះញាតិទាំងសងខាងស្មើៗគ្នានោះ ការឈ្លោះប្រកែក អំពើហិង្សា ការរើសអើង ខ្អប់ខ្ពើមគ្នា ភាពលំអៀងក៏លែងមានក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេដែរ ផ្ទុយទៅវិញផ្តល់មកនូវតែសុខ សុភមង្គល ភាពចុះសម្រុងគ្នាក្នុងរង្វង់គ្រួសារជានិច្ចនិរន្តរ៍។
គ/. ភរិយាមិនត្រូវប្រព្រឹត្តក្បត់ចិត្តប្តីសេចក្តីលោភលន់ ការត្រេកត្រអាល ជាធម្មជាតិរបស់មនុស្ស គ្រប់គ្នាកើតមកតែងជាប់តាមមកជាមួយដូចៗគ្នាបើមិនតិច ក៏ច្រើនដែរ។ តែអ្វីដែលសំខាន់គឺគេចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួន មិនចង់ពេក មិនអត់ពេក តែធ្វើទៅតាមកាលៈទេសៈ។ ភរិយាក៏យ៉ាងនោះដែរ កាលបានគ្នាជាប្តីប្រពន្ធហើយទោះជាអ្នកមានចំណង់ ត្រេកត្រអាលច្រើនយ៉ាងណាក៏គប្បីចេះកំណត់មកត្រឹមតែបន្តិចបន្តូចបានហើយ មិនត្រូវលប់លួចមានចិត្តក្បត់នឹងស្វាមីខ្លួនឡើយ ព្រោះថាទំរាំនឹងបានគ្នាជាប្តីប្រពន្ធពេញច្បាប់ត្រូវឆ្លងកាត់ការស្រឡាញ់ស្មោះស្ម័គ្រគ្នា និងមានការព្រមព្រៀងគ្នាពីឪពុកម្តាយញាតិទាំងសងខាង ហើយអ្វីដែលពិសេសនោះ បានឆ្លងកាត់អាពាហ៍ពិពាហ៍ដែលមានមេបា អាជ្ញធរដែនដី ញាតិមិត្រជិតឆ្ងាយដឹងឮឲ្យពរជ័យ មិនគួរនឹងមានចិត្តក្បត់គ្នាឡើយ។
ការផ្តល់នូវភាពស្មោះត្រង់ ក៏ជាកិត្តិយសមួយដែលតែងតែនាំមកនូវសិរីសួស្តី សុមភង្គលក្នុងគ្រួសារទេវតាតែងឲ្យពរជ័យដល់គ្រួសារតែងបានសេចក្តីចម្រើន។ ភរិយាត្រូវផ្តល់នូវភាពស្មោះត្រង់ទាំងកាយ ទាំងចិត្តចំពោះស្វាមី ព្រោះជាការបញ្ជាក់នូវការគោរពខ្លួនឯងជាស្ត្រីប្រកបនូវលក្ខណៈល្អផង។
ឃ/. ភរិយាត្រូវថែរក្សាទ្រព្យដែលស្វាមីរកបានភរិយា លោកប្រៀបដូចជាធនាគារមួយសម្រាប់ផ្ទុកប្រាក់កាសដែលស្វាមីខិតខំស្វែងរកបាន។ ការធ្វឲ្យទ្រព្យក្នុងផ្ទះឲ្យរីកចម្រើនមិនឲ្យវិនាសដោយអំពើមិនគួរជាភារៈរបស់ភរិយាល្អ។ ការចេះសន្សំសំចៃទ្រព្យដែលស្វាមីខំរកបានទោះបីតិចក្តី ច្រើនក្តីក៏ជាកម្លាំងដែលស្វាមីខំប្រឹងរកដែរ ភរិយាមិនគប្បីមើលងាយមើលថោកឡើយ។ សំខាន់យើងត្រូវចេះចាត់ចែងថ្លឹងថ្លែងឲ្យមានតុល្យភាពរវាងចំណូល និងចំណាយ មិនសមបើស្វាមីរកបានមួយ យើងចំណាយរហូតដល់ទៅពីរ ឬបីឡើយ ព្រោះវាមិនបានកើតកើនទ្រព្យសម្បត្តិក្នុងផ្ទះ តែបែជាអស់រលីង ហើយថែមទាំងខ្ជីបុលគេទៀត។
សុភាសិតបុរាណខ្មែរបានពោលថា៖
ខ្លែងហើរត្បិតខ្យល់ នាយផ្កើងត្បិតពលរក្សាឲ្យសុខ
ទ្រព្យគង់ត្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ត្បិតភរិយាជា។[10]
ជាការពិត ជាការប្រសើណាស់ប្រសិនបើរាល់ការចំណាយ (នេះមិនរាប់បញ្ចូលការចំណាយតិចតូច) ភរិយាតែងជួបប្រឹក្សាជាមួយស្វាមីខ្លួនដើម្បីទទួលការយល់ព្រមមុននឹងសម្រេចចិត្តធ្វើអ្វីមួយ មិនត្រូវសម្រេចធ្វើអ្វីដោយអត្តនោម័តឡើយ។
ង/.ភរិយាត្រូវជាអ្នកមិនខ្ជិលច្រអូសក្នុងកិច្ចការទាំងពួងការខ្ជិលច្រអូស ល្ងង់ខ្លៅមិនបានជួយអ្វីសូម្បីបន្តិចបន្តូចដល់គ្រួសារអ្នកឡើយ។ តែមនុស្សដែលឧស្សាហ៍ព្យាយាម ខ្នះខ្នែង ចេះស្គាល់ចាស់ព្រឹទ្ធា មានសីលធម៌ ចេះរៀបចំផ្ទះសម្បែង រវាសរវៃ ជាមនុស្សយល់កាលៈទេសៈ ធ្វើការមិនសំចៃដៃទេតើដែលជាអ្នកនាំជោគនាំជ័យ សិរីសួស្តី សុភមង្គលវិបុលសុខ និងទ្រព្យធនដល់គ្រួសារ។ ការចេះចាត់ចែងការងារផ្ទះដោយល្អ ដោយការពិនិត្យមើលឲ្យសព្វគ្រប់ តើការងារទាំងនោះយើងបានធ្វើល្អហើយ ឬនៅ? ការតាំងចិត្តព្យាយាមក្នុងការងារ ភាពជាអ្នកមិនខ្ជិលច្រអូស ជាអ្នកមិនធ្វើឲ្យពេលវេលាកន្លងទៅដោយឥតប្រយោជន៍ ជាអ្នកម៉ឺងម៉ាត់ក្នុងការងារផ្ទះជាដើមនោះ ទើបហៅថាជាភរិយាល្អ។
ភរិយាល្អ ជាភរិយាដែលធ្ងន់ទៅដោយចិត្ត ការអន់ធន់ និងមានវិរយភាពខ្ពស់ ដោយមិននាំបញ្ហាចូលផ្ទះ ទាំងមិននាំបញ្ហាក្នុងផ្ទះទៅក្រៅ។ មួយវិញទៀតភរិយាល្អជាអ្នកមិនច្របូកច្របល់ក្នុងការងារ សមដូចមង្គលសូត្រសម្តែងថា៖
អនាកុលា ច កម្មន្តា ឯតម្មង្គលមុត្តមំ
«ការធ្វើនូវការងារទាំងឡាយដែលមិនច្របូកច្របល់ជាមង្គលដ៏ឧត្តម»។
២.៦ ឱវាទធនញ្ជ័យចំពោះវិសាខា
បន្ទាប់ពីរៀបចំមង្គលការនាងវិសាខាជាគូនឹងបុណ្ណវឌ្ឍនកុមារយ៉ាងឱឡារិករួច ជាទំនៀមទម្លាប់ប្រពៃណីរបស់ឥណ្ឌាគេតែងបញ្ជូនកូនស្រ្តីឲ្យទៅនៅផ្ទះត្រកូលខាងស្វាមី តែមុននឹងចាកចេញទៅនៅផ្ទះខាងស្វាមី ធនញ្ជ័យសេដ្ឋីក៏បានហៅនាងវិសាខាជាកូនចូលមកឲ្យក្នុងទីចំពោះមុខខ្លួន ហើយបានប្រៀនប្រដៅកូនស្រីដោយអន្លើក្នុងការទុកដាក់ រៀបចំផ្ទះសម្បែង យកចិត្តស្វាមី រាបអានញាតិមិត្តរបស់ស្វាមី ជាងនេះទៅទៀតលោកបានផ្តល់ឱវាទ១០យ៉ាងដល់នាងវិសាខាក្នុងការត្រិះរិះពិចារណា និងប្រតិបត្តិដើម្បីបានសុភមង្គលក្នុងសង្គមគ្រួសារ។
ឱវាទទាំង១០យ៉ាងនោះគឺ៖
ក/. នាង (ទៅនៅក្នុងត្រកូលនៃម្តាយក្មេក និងឪពុកក្មេក)កុំគប្បីនាំភ្លើងពីខាងក្នុងចេញទៅខាងក្រៅ។ មានន័យថា ក្នុងការរស់នៅប្រចាំថ្ងៃ នាងប្រាកដជាឃើញទោសកំហុសដែលកើតចេញពីគ្រួសារ ការទាស់ទែង ភាពរកាំរកូសរបស់ម្តាយក្មេក ឪពុកក្មេកជាដើម តែនាងមិនគប្បីនាំយកទោសនោះៗទៅបរិយាយរ៉ាយរ៉ាប់ដល់អ្នកផងជិតខាងឡើយ ព្រោះនឹងនាំឲ្យដល់ការនិយាយខ្សិបខ្សៀវពីក្រោយខ្នង សើចចំអក មើលងាយដល់គ្រួសាររបស់នាងផ្ទាល់។
ខ/. នាងកុំគប្បីយកភ្លើងខាងក្រៅចូលខាងក្នុងបានសេចក្តីថា បើជនអ្នកនៅខាងក្រៅផ្ទះទោះជាស្រ្តីក្តី បុរសក្តី គេនិយាយអំពីទោសនៃម្តាយក្មេក ឪពុកក្មេក និងស្វាមីរបស់នាងជាពាក្យមិនគួរគប្បីយ៉ាងណា នាងកុំនាំយកពាក្យដែលគេនិយាយនោះមកដំណាលប្រាប់ដល់ម្តាយកេ្មក ឪពុកក្មេក និងស្វាមីរបស់នាងក្នុងផ្ទះវិញឡើយ។
គ/. គេឲ្យដល់នាង នាងត្រូវតែឲ្យដល់គេជាការពិតទោះអ្នកនោះជាញាតិនាងក្តី មិនមែនជាញាតិនាងក្តី កាលបើគេបានផ្តល់អ្វីមួយដល់នាងហើយ នាងក៏គប្បីដឹងគុណគេដោយការធ្វើតបតាមរបៀបណាមួយដែលអាចធ្វើទៅបាន។ មួយវិញទៀតការខ្ចីរបស់របរក៏ដូចគ្នា បើមានញាតិណាមកសុំខ្ចីគ្រឿងឧបករណ៍អំពីនាង ហើយគេថានឹងយកមកសងវិញ នាងត្រូវតែឲ្យរបស់នោះដល់អ្នកនោះចុះ។
ឃ/. គេមិនឲ្យដល់នាង នាងមិនត្រូវឲ្យដល់គេឡើយបានសេចក្តីថា ទោះជានរណាម្នាក់ ជាញាតិក្តី មិនមែនជាញាតិក្តីបានមកខ្ចីរបស់អ្វីអំពីនាង ហើយគេថានឹងមិនយកមកសងវិញទេ នាងមិនត្រូវឲ្យរបស់នោះដល់អ្នកនោះឡើយ។
ង/. គេឲ្យវិញក្តី មិនឲ្យវិញក្តីដល់នាង នាងត្រូវឲ្យដល់គេពួកជនជាញាតិក្តី ជាមិត្តក្តី ជាអ្នកទីទាល់ក្រខ្សត់ខ្សោយមករករបស់អ្វី ឬខ្ចីរបស់អ្វី ទោះគេយករបស់នោះមកសងវិញក្តី មិនសងវិញក្តី នាងត្រូវតែឲ្យគេទៅចុះ។
ច/.​ នាងមិនគប្បីអង្គុយឲ្យជាសុខពេលឃើញម្តាយក្មេកក្តី ឪពុកក្មេកក្តី ស្វាមីក្តី កាលបើឃើញពួកលោកដើមកជិតហើយ មិនគប្បីនៅអង្គុយស្ងៀមឡើយ គប្បីក្រោកឈរឡើងសម្តែងសេចក្តីគោរព។
ឆ/. នាងមិនគប្បីបរិភោគឲ្យជាសុខជាភរិយាល្អគឺត្រូវធ្វើកិច្ចការផ្ទះឲ្យរួចរាល់ស្រេច សិមបរិភោគអាហារ នាងមិនគួរបរិភោគអាហារមុនម្តាយក្មេក ឪពុកក្មេក និងស្វាមីនាងឡើយ។ នាងត្រូវបម្រើជនទាំងនោះឲ្យបានរួចចប់សព្វគ្រប់ជាមុនសិន សឹមបរិភោគខ្លួនឯងជាក្រោយ។
ជ/. នាងមិនគប្បីដេកជាសុខនាងជាភរិយាត្រូវធ្វើនូវវត្តបដិបត្តិដែលជាភារកិច្ចគួរនាងធើ្វដល់ម្តាយក្មេក ឪពុកក្មេក និងស្វាមីទាំងនោះជាមុនសិន មិនត្រូវចូលដេកជាសុខមុនម្តាយក្មេក ឪពុកក្មេក និងស្វាមីរបស់នាងឡើយ។
ឈ/. នាងគប្បីបម្រើភ្លើងបានសេចក្តីថា នាងឃើញម្តាយក្មេក ឪពុកក្មេក និងស្វាមីគប្បីសម្គាល់ទុកដូចជាគំនរនៃភ្លើង ឬទុកដូចជាស្តេចពស់ ហើយនាងត្រូវធ្វើនូវសេចក្តីកោតខ្លាច និងគោរពបម្រើចំពោះជនទំាងនោះដោយផ្ចិតផ្ចង់។
ញ/. នាងគប្បីនមស្ការចំពោះទេវតាខាងក្នុងមាតាបិតាក្មេក និងស្វាមីប្រៀបដូចជាទេវតាក្នុងផ្ទះ នាងគប្បីសម្គាល់លោកទុកដូចជាទេវតា ហើយនាងត្រូវនមស្ការគោរពបូជាចំពោះជនទាំងនោះដោយផ្ចិតផ្ចង់។
                          មួយសោតឯស្រី            ចេះលើកយសប្តី
                          ចេះគិតចេះគូរ               ចេះរៀបចេះចំ
                          ចេះសមចេះគួរ              អ្នកផងនឹងសួរ
                                      រកឈ្មោះមិនខាន។    
២.៧ សុភមង្គលតាមគន្លងពុទ្ធសាសនា
ក្នុងពេលបច្ចុប្បន្ននេះគេកម្រនឹងប្រទះឃើញគ្រួសារមួយដែលមិនមានភាពរកាំរកូសដាក់គ្នាណាស់ ដោយភាគច្រើនគេឃើញតែការឈ្លោះទាស់ទែងគ្នា វាយដំច្រំធាក់រហូតមានមួយចំនួនឈានដល់ការលែងលះគ្នាក៏មាន។ ជាការពិតធ្វើស្រែខុសមួយឆ្នាំ គង់មាត្រូវមួយឆ្នាំ តែជីវិតអាពាហ៍ពិពាហ៍តែខុសម្តងហើយ គឺខុសមួយជីវិត ព្រោះថាការជ្រើសរើសយកគ្នាជាគូស្រករមិនមែនដូចជាការទិញដូរសម្ភារឯណា បើជាសម្ភារកាលណាទិញខុស ឬមិនត្រូវចិត្តគេអាចដូរយកថ្មី ឬទិញថ្មីមួយទៀត រីឯការជ្រើសរើសគូស្រករវិញតែខុសហើយមិនអាចនឹងទិញថ្មី ដូរចាស់បានតាមចិត្តទេ។ មានមនុស្សជាច្រើនតែងប្រាថ្នាចង់បានសុភមង្គលយូរអង្វែង ហើយគេខិតខំស្វែងរកវិធីសាស្រ្ត ឬគោលការណ៍ផ្សេងៗដើម្បីយកមកអនុវត្តឲ្យបានសេចក្តីសុខពិត ដោយមើលរំលងទ្រឹស្តីព្រះពុទ្ធសាសនា។ តាមពិតក្នុងព្រះពុទ្ធសាសនាមានសម្តែងយ៉ាងច្រើនដោយអន្លើអំពីមាគ៌ាទៅកាន់សុភមង្គលស្ថិតស្ថេរ។ ដូច្មេះ បុគ្គលអ្នកប្រាថ្នាចង់បានសុភមង្គលយូរអង្វែងគប្បីបានសិក្សានូវទ្រឹស្តីខាងក្រោមនោះឲ្យបានខ្ចាប់ខ្ជួន។        
២.៧.១ គោលធម៌បដិបត្ត៤ យ៉ាងគឺៈ
កាលព្រះសម្មាសម្ពុទ្ធគង់នៅក្នុងវត្ត ជេតពន មានគូស្វាមីភរិយាមួយគូបានចូលមកក្រាបបង្គំទូលសួរចំពោះអង្គព្រះដ៏មានព្រះភាគថា តើមានគោលធម៌ដូចម្តេចខ្លះទៅដើម្បីឲ្យសេចក្តីស្នេហារបស់គេតាំងនៅជានិរន្តរិ៍ និងអាចជួបគ្នានៅគ្រប់ៗជាតិទៀត។ ព្រះដ៏មានបុណ្យក៏ទ្រង់បានសម្តែងតបនឹងគូស្វាមីភរិយានោះថា បុគ្គលគប្បីប្រតិបត្តិតាមគោលធម៌ ៤ យ៉ាងដើម្បីឲ្យជីវិតអាពាហ៍ពិពាហ៍របស់គេតាំងនៅយូរអង្វែងជានិរន្តរិ៍ និងជួបគ្នាគ្រប់ៗជាតិបាន។ គោលធម៌ ៤ យ៉ាងនោះគឺ៖
១.សមសទ្ធាគឺការដែលគូស្រករមានជំនឿ ទស្សនៈ ការយល់ឃើញ ការស្រឡាញ់ ការចូលចិត្ត ការនិយមរសជាតិ ស៊ីវិល័យ ឧត្តមគតិ ជីវិតអាពាហ៍ពិពាហ៍ដូចៗគ្នា ប៉ុនគ្នា ឬស្រដៀងគ្នា ។ សទ្ធានេះមានកម្លាំងខ្លាំងណាស់ ព្រោះបើគូនោះមានសទ្ធាដូចគ្នា គេក៏និងប្រព្រឹត្តដើម្បីប្រយោជន៍ដល់គ្នានឹងគ្នា​ ចុះសម្រុងគ្នាបានយ៉ាងស្រួល ។
២. សមសីលាបន្ទាប់ពីការពិចារណាទៅលើកត្តាសទ្ធាហើយ គូអាពាហ៍ពិពាហ៍ ត្រូវមើលពិចារណាទៅទៀត លើដៃគូរបស់ខ្លួនអំពីកត្តាសីល។ ការពិចារណាលើកត្តាសីល មានលក្ខណៈដែលត្រូវពិចារណា ៤ យ៉ាងគឺៈ
ក. ឥន្រ្ទិយសំវរសីលៈសីលនេះបានដល់ការប្រើប្រាស់ឥន្រ្ទីយ៍ទាំង៦ របស់មនុស្សម្នាក់ៗ មានដូចជា ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត។ យើងមើលថា តើដៃគូរបស់យើងនោះ ចូលចិត្តមើលអ្វី ស្តាប់អ្វី ទទួលទានអ្វី ធ្វើកិច្ចការអ្វី និងគិតអ្វី។ ន័យត្រង់នេះ បានសេចក្តីថា ព្រឹត្តិកម្មដែលចេញតាមរយៈឥន្រ្ទីយ៍ទាំង ៦ នេះស្ថិតនៅក្នុងក្របខ័ណ្ឌសីលធម៌ សុជីវធម៌ ជាសុភាពបុរស សុភាពនារី និងជាឥន្រ្ទីយ៍ដែលមានសមត្ថភាព រវៀងរវៃ មិនស្ទក់ មិនទក់មក់ មិនមានទុព្វលភាពជាដើម។
ខ. បាដិមោក្ខសំវរសីលៈ ឥន្រ្ទីយ៍សំវរសីល ទាក់ទងទៅនឹងរបៀបរៀបរយផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ឯបាដិមោកសំវរសីល ទាក់ទងទៅនឹងការបញ្ចេញព្រឹត្តិកម្មចំពោះជនដទៃ និងសង្គម ក្នុងលក្ខណៈដែលមិនធ្វើឲ្យខ្លួនឯងក្តៅក្រហាយនិងអ្នកដទៃក៏មិនខូចប្រយោជន៍។
គ. អាជីវបារិសុទ្ធិសីលៈ ការសម្លឹងមើល ឬពិចារណាទៅលើអាជីវកម្ម មុខរបរចិញ្ចឹមជីវិត ថាតើអាជីវកម្មសុចរិត ឬទុច្ចរិត។ ក្នុងរឿងនេះ នាងរត់រកអ្នក គួរជ្រើសរើសរកដៃគូរបស់ខ្លួនដែលជាអ្នកមានមុខរបរទៀងត្រង់ រកស៊ីតាមសម្មាអាជីវោ មិនមែនជាចោរ មិនមែនជាអ្នកឆបោក ស៊ីសំណូក លួចទ្រព្យសម្បត្តិជាតិជាដើម ព្រោះរបរនេះ យូរ ឬឆាប់ នឹងត្រូវវិនាសសាបសូន្យ ត្រូវគេចាប់ចងជាមិនខាន។
ឃ. បច្ចយសន្និស្សិតសីលៈគឺការសង្កេតពិចារណា និងជ្រើសរើសដៃគូរបស់ខ្លួន ត្រង់ចំណុចការប្រើប្រាស់ទ្រព្យសម្បត្តិដែលរកបានមកដោយសុចរិតនោះ ថាតើចាយវាយយ៉ាងណា ខ្ជះខ្ជាយឬទេ មានការសន្សំសំចៃឬទេ ប្រើលើរបស់ដែលមានប្រយោជន៍ឬទេ។
៣. សមចាគាចំណុចទីបី ដែលបែកជនអាពាហ៍ពិពាហ៍គប្បីពិចារណាជាបន្ទាប់មកទៀត គឺការពិនិត្យមើលទៅលើការលះបង់ ដែលបាលីលោកហៅថា ចាគៈ។ ចាគៈ មានកត្តាដែលត្រូវពិចារណា ២ សណ្ឋាន គឺៈ ចាគៈចំពោះគូរបស់ខ្លួន និងចាគៈចំពោះអ្នកដទៃ។
៤. សមបញ្ញាយើងបានសម្លឹងមើលទៅបេក្ខជនអាពាហ៍ពិពាហ៍របស់យើងចំណុចទស្សនៈ ការប្រព្រឹត្តិ លះបង់បីរួចមកហើយ។
២.៧.២ អន្តរចំណងរបស់ស្វាមីនិងភរិយា
ស្វាមីភរិយាដែលអាចរស់នៅជាមួយគ្នាយូរអង្វែងគឺព្រមទៅដោយការពឹងផ្អែកលើគ្នាទៅវិញទៅមក មិនអាចមានអ្នកណាមួយលេចធ្លោជាអ្នកណាបានឡើយ។ ស្វាមីត្រូវមានលក្ខណៈពិសេសរបស់ខ្លួនឲ្យសាកសមជាស្វាមី រីឯភរិយាក៏ដូចគ្នាដែរ ត្រូវតែមានចំណុចពិសេសសម្រាប់ទាក់ទាញស្វាមីខ្លួនឲ្យរឹងរឹតតែស្រឡាញ់ធ្វេឡើងៗ។ ពិតណាស់ស្វាមីភរិយាត្រូវប្រកបដោយសមធម៌ទាំង ៤ ដែលបានរៀបរាប់មកខាងលើទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង ហើយក៏ត្រូវតែ
ក/. ចំណងភរិយាចំពោះស្វាមី
ភរិយាដែលអាចចងចិត្តស្វាមី ឲ្យនៅតែស្រឡាញ់ខ្លួនបានយូរអង្វែង មិនចេះនឿយណាយ ឬទៅរកស្រីខាងក្រៅ ទៅណាមកណាតែងនឹករឭក ហើយមានរបស់ជាកាដូជួនជានិច្ច ត្រូវប្រកបដោយលក្ខ័ណ ៥ យ៉ាងដូចសម្តែងក្នុងសុតន្តបិដក លេខ ៦១។ ចំណងទំាង ៥នោះគឺ៖
- បុត្រ៖ បុរសដែលស្រឡាញ់ប្រពន្ធខ្លាំងនោះក៏អាស្រ័យនឹងបុត្រដែរ បើមានគ្រួសារនឹងកាន់តែភាពល្អុកល្អឹន អ៊ួអរ។ ប្រសិនបើស្រីមិនអាចបង្កើតបុត្រឲ្យគេបានទេ មានភាគរយតិចណាស់ដែលអាចរស់នៅជាមួយគ្នាយូរអង្វែង។ មួយវិញទៀត ប្រសិនបើមានកូនហើយក៏ដោយ បើមិនចេះថែទាំ ចិញ្ចឹមបីបាច់ថែរក្សាកូនរបស់ខ្លួនឲ្យបានស្អាតបាត មានអនាម័យ និងប្រដែប្រដៅបង្រៀនកូនឲ្យចេះគួរសមទេ គិតតែបណ្តោយកូនឲ្យធ្វើអ្វីៗតាមចិត្ត លេងផុកលេងភក់ ខ្លួនប្រឡាក់ធូលីដីរាល់ៗថ្ងៃ ស្វាមីដែលជាអ្នកធ្វើការនឿយហត់ មកដល់ផ្ទះឃើញកូនស្អុយគគ្រុកនឹងក្តៅចិត្តខឹងភរិយា នាំឲ្យមានជម្លោះខុសទាស់គ្នាជាក់ជាមិនខាន។
- រូបសម្ផស្ស៖ រូបសម្ផស្សជាបញ្ហាមួយសំខាន់ មិនថាតែសម័យឡើយ សព្វថ្ងៃនេះក៏នៅតែជាកត្តាមួយដ៏សំខាន់ដែលញ៉ាំងគូស្វាមីភរិយាឲ្យរស់នៅជាមួយគ្នាយូរអង្វែងបាន។ ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច មិនមែនបានន័យថាភរិយាលែងខ្វល់ភ័យខាយខ្លាចគេមិនស្រឡាញ់ ឬរត់ចោលខ្លួននោះឡើយ ស្វាមីអាចនឹងដើរចេញ ឬយ៉ាងហោចណាស់បើមិនលែងលះគ្នាក៏បង្កជាជម្លោះវាយដំទាត់ធាកគ្នាជារៀងរាល់ថ្ងៃដែរ។ តើស្រីទាំងឡាយចង់បានសភាពបែបនេះឬ? គឺពិតជាមិនចង់ឃើញឡើយ ដូច្នេះគប្បីចេះថែរក្សាខ្លួនប្រាណឲ្យក្រអូបស្អាតជានិច្ច បើទោះជាថារវល់រកស៊ីយ៉ាងក៏ដោយ​ ព្រោះបើមានហៀរហូរ តែគ្រួសារបែកបាក់គ្នា ឈ្លោះប្រកែកគ្នា ផិតក្បត់គ្នា តើនឹងរកលុយមកទិញធ្វើអ្វី។ យ៉ាងនេះមិនមែនមានន័យស្រ្តីគ្រប់ត្រូវឈប់ធ្វើអ្វីៗទាំងអស់ហើយគិតតែពីតែងខ្លួនឲ្យក្រអូបស្អាត ជានិច្ចនោះឡើយ បែបនេះនឹងនាំជម្លោះដូចគ្នា។ ស្រី្តគ្រប់រូបប្រាកដជាយល់ដឹងហើយថាធ្វើដូចម្តេចឲ្យស្អាតសមរម្យតាមធម្មជាតិ មិនមែនឲ្យទៅបំផ្លាញលុយស្វាមីដែលខំប្រឹងរកមក យកទៅទិញក្រែមម្ស៉ៅ មាសេពេជ្រ ខោអាវ ទ្រនាប់ជើងថ្លៃៗប្រើប្រាស់ដោយបានការនោះឡើយ។
 - ចរិយាមារយាទ៖ ប្រសិនចរិយាមារយាទល្អ ទោះជាមិនស្អាត ឬក្រីក្រយ៉ាងណាក៏អាចទាញឡើងឲ្យក្លាយជាអ្នកយ៉ាងស្រួល ព្រោះថាចរិយាមារយាទនេះជាកត្តាសំខាន់ណាស់ ចរិយាមារយាទជាអ្នកកំណត់វាសនាជីវិតរបស់មនុស្សគ្រប់រូប។ ដូច្នេះភរិយាដែលឆ្លាត ចេះប្រតិបត្តិខ្លួនទៅតាមកាលៈទេសៈ មិនធ្វើឲ្យស្វាមីអាប់ឱនមុខដោយសារខ្លួន ហើយជាអ្នកស្គាល់ថាអ្វីគួរធ្វើ និងមិនគួរធ្វើតែចងចិត្តស្វាមីឲ្យនៅតែស្រឡាញ់គ្មានទៅបញ្ចប់។
                              គំនិត              បង្កើតជា           ពាក្យ
                              ពាក្យ              បង្កើតជា           អំពើ
                              អំពើ               បង្កើតជា           ទម្លាប់
                              ទម្លាប់            បង្កើតជា           ចរិតលក្ខណៈ
                              ចរិតលក្ខណៈ   បង្កើតជា           ជោគវាសនា។[11]         
- ទ្រព្យសម្បត្តិ៖ ជារឿងបន្ទាប់បន្សំ ប៉ុន្តែក៏មិនអាចខ្វះបានដែរ។ តើនឹងរស់យ៉ាងដូចម្តេចកើតបើគ្មានអង្កច្រកឆ្នាំងសូម្បីបន្តិចនោះ តើនឹងមានសុភមង្គលដូចម្តេចទៅកើតបើម្នាក់រកអាហារដាក់ពោះមិនបានផង។ ជម្ងឺស្រេកឃ្លានប្រាកដជាអូសទាញមនុស្សគ្រប់ៗគ្នាឲ្យភ្លេចសីលធម៌ ក្តីមេត្តា ការសណ្តោយគ្នាជាក់ជាមិនខាន។ ដូច្នេះតិចឬ ច្រើន ទ្រព្យសម្បត្តិក៏ជាចំណងមួយអាចជួយឲ្យស្វាមីភរិយាអាចរស់នៅជាមួយដោយសុខស្រួល និងមានសុភមង្គលដែរ តែសូមកុំភ្លេចថា ទ្រព្យនេះហើយដែលធ្វើឲ្យមនុស្សផិតក្បត់គ្នា ឬកាប់សម្លាប់គ្នាដែរ។
- ញាតិ៖ មនុស្សមិនអាចរស់តែឯកឯង ហើយបានក្តីសុខនោះឡើយ គេបា្រស្រ័យទាក់ទងគ្នាជានិច្ចដើម្បីរស់ផង និងក្តីសុខសប្បាយផង។ បើគ្មានញាតិមិត្តទេក៏គ្មានចំណងខ្លាំងខ្លានោះដែរ។ ហេតុនេះហើយភរិយាទាំងឡាយកាលបើដឹងថាខ្លួនក្រញាតិឬមានញាតិតិចតូចគប្បីសង្វាតរាប់អានញាតិឲ្យបានច្រើន បូករួមទាំងញាតិខាងស្វាមីខ្លួនផង។ ញាតិនាំផលប្រយោជន៍ច្រើនប្រការដល់គ្រួសារស្វាមីភរិយា ដូចជា ជួយការពារថែរក្សារក្សាគ្នា ជួយដោះស្រាយទុក្ខលំបានគ្នា ស្មោះត្រង់នឹងគ្នា មិនចេះមើលបំណាំគ្នាជាដើម។ ទន្ទឹមនឹងការរាប់អានញាតិ ភរិយាគប្បីសម្គាល់ឲ្យបានច្បាស់ដែរ មិនមែនចេះរាប់រកញាតិដោយមិនគិតថាអ្នកនេះល្អ អ្នកនោះអាក្រក់ឡើយ គប្បីចូលទៅសមាគមតែជាមួយនឹងញាតិដែលជាសប្បុរសបានហើយ។
ខ/. ចំណងស្វាមីចំពោះភរិយា
ស្វាមីក៏ដូចគ្នាដែរ ត្រូវប្រកបដោយលក្ខ័ណ្ឌដូចខាងក្រោមដើម្បីថែរក្សាចំណងអាពាហ៍ពិពាហ៍របស់គេឲ្យតាំងនៅយូរអង្វែង។
- ចំណេះវិជ្ជា៖ បុរសគ្មានវិជ្ជា ដូចនាវាឥតចង្កូត គ្មានទិសដៅច្បាស់លាស់ មិនដឹងនឹងដឹកអ្នកដំណើរទៅដាក់នៅត្រើយខាងណា ត្រាច់ចរទៅឲ្យតែគេថាទៅមុខយកតែរួចខ្លួន។ បុរសជាស្វាមីក៏យ៉ាងនោះដែរ គេជាត្រីវិស័យក្នុងគ្រួសារយ៉ាងសំខាន់ គេជាអ្នកចង្អុលទិសដៅថាគ្រួសារនឹងដើរទៅផ្លូវណា ធ្វើអ្វីមុន និងអ្វីធ្វើបន្ទាប់ តែប្រសិនបើលោកស្វាមីទាំងនោះគ្មានចំណេះវិជ្ជាទេ តើនឹងដឹកនាំក្រុមគ្រួសារទៅណា ទៅមុខ ឬទៅក្រោយ? ដើម្បីជាស្វាមីដែលមានការទទួលខុសត្រូវខ្ពស់ គប្បីបានសិក្សាចំណេះជំនាញអាចរកប្រាក់កម្រៃបានជាមុន ហើយរៀបអាពាហ៍ពិពាហ៍ជាក្រោយទើបប្រពៃ ព្រោះថាសង្គមខ្មែរ ក្រុមគ្រួសារ បូករួមទាំងភរិយាត្រូវពឹងផ្អែកលើស្វាមីដោយភាគច្រើន ចុះប្រសិនបើស្វាមីអវិជ្ជានោះនឹងនាំជម្លោះក្នុងគ្រួសារ ភាពក្រីក្រកើតឡើង ទីបញ្ចប់នឹងលែងលះគ្នា។
- សុខភាពល្អ៖ ភរិយាក៏ស្រឡាញ់តែស្វាមីណាដែលមានសុខភាពល្អដែរ ប្រសិនបើជាអ្នកឈឺយប់ ឈឺថ្ងៃ ក៏នឹងនាំដល់ភាពធុញថប់ អស់ចំណង់ នឿយហត់នឹងការមប្រើសព្វបែបយ៉ាងដែរ។ គេនឹងជៀសវាងឲ្យខានតែបាន ព្រោះគេមិនចង់យកភ្នៅមកត្បៀតឃ្លៀកដូចពាក្យចាស់បុរាណលោកតែងតំណាល។ ដូច្នេះស្វាមីគប្បីជាអ្នកស្អាត ចេះអនាម័យដើម្បីបញ្ជៀសជម្ងៃដម្កាត់ៗ នាំឲ្យខូចសុខភាព។
- មានជំនាញពិតប្រាកដ៖ ចេះដប់មិនស្មើអ្នកប្រសព្វមួយ បុរាណលោកបានយល់យ៉ាងច្បាស់ថា ជំនាញពិតប្រាកដគឺជាកូនសោដ៏សំខាន់អាចជួយអភិវឌ្ឍក្រុមគ្រួសារ និងសង្គមជាតិឲ្យរីកចម្រើបានយ៉ាងងាយ តែបើគ្មានជំនាញវិញប្រាកដជាដាច់ពោះស្លាប់ជាក់ជាមិនខានឡើយ។​ ដូច្នេះដើម្បីឲ្យគ្រួសារទាំងមូលមានសុភមង្គលសុខដុមរមនាទៅបាន ស្វាមីគ្រប់រូបត្រូវតែមានជំនាញលើការងារអ្វីទោះការងារនោះតូចក៏ដោយធំក៏ដោយ។
- ទ្រព្យសម្បត្តិ៖ មិនខុសពីសេចក្តីពន្យល់ទេ បើគ្មានទ្រព្យសម្បត្តិទេ ក៏នឹងគ្មានសុខសុភមង្គលដែរ ព្រោះរូបសម្ផស្សស្អាតមិនអាចយកមកដាំទឹកផឹកឆ្អែតឯណា។ ស្វាមីគប្បីខិតខំប្រឹងប្រែងរកទ្រព្យសម្បត្តិឲ្យបានតាមដែលអាចធើ្វទៅបាន ព្រោះទ្រព្យសម្បត្តិអាចអនុញ្ញាតិឲ្យគូអាពាហ៍ពិពាហ៍ចំណាយគ្រប់គ្រាន់ទាំងសម្រាប់លៀងភោជន សម្រាប់លំហែកម្សាន្ត និងទាំងសម្រាប់ការធ្វើបុណ្យដាក់ទានដល់សង្គមវិញផង។
- ញាតិ (ជាអ្នកសប្បុរស មិនមែនជាអ្នកប្រមិក ជាចោរ)៖ ចំពោះញាតិរបស់សំដៅដល់អ្នករកស៊ីជួញដូរ ដៃគូពាណិជ្ជកម្មជាមួយគ្នា។ មានញាតិច្រើនមានន័យថាមានដៃគូរកស៊ីជាមួយគ្នាច្រើន និងនាំផលប្រយោជន៍ដល់ក្រុមគ្រួសារដែរ។ ការសេពគប់ញាតិមិត្តជារឿងសំខាន់ណាស់ តែកាលណាសេពគប់ពាលនឹងនាំអន្តរាយដល់ខ្លួន ផ្ទុយទៅវិញបើសេពគប់បណ្ឌិតក៏នឹងនាំក្តីសុខ សូម្បីនៅក្នុងមង្គលសូត្រក៏បានសម្តែងថា ការសេពគប់នូវបុគ្គលជាបណ្ឌិត ការមិនសេពគប់នូវពាលទាំងឡាយជាមង្គលដ៏ឧត្តម។
- ទំនូលខុសត្រូវ៖ ចាំបាច់ខ្លាំងណាស់ឲ្យស្វាមីមានទំនួលខុសខ្ពស់នូវរាល់ទង្វើដែលខ្លួនបានប្រព្រឹត្តធ្វើ ស្វាមីមិនត្រូវលេះឡោះ និយាយបាតដៃខ្នងដៃ ឬភូតភរកុហកឡើយ តែត្រូវជាអ្នកហ្មត់ចត់ ទៀងត្រង់ ម៉ឹងម៉ាត់ក្នុងការងារ។ ក្រុមគ្រួសារនឹងរស់នៅប្រកបដោយសុភមង្គលប្រសិនបើស្វាមីមានទំនួលខុសត្រូវ មិនគេចវៀសយកតែរួចខ្លួន តែជាអ្នកហានប្រឈមនឹងបញ្ហាដោយក្លាហាន។
ជារួមមកពុំមានអ្នកណាម្នាក់ដែលអាចប្រកបដោយគ្រប់លក្ខណៈទាំងអស់ខាងលើបាននោះឡើយ តែទោះជាយ៉ាងណបុគ្គលអ្នកបា្រថ្នាសុភមង្គលគប្បីសិក្សារៀនសូត្រនូវចំនុចខាងលើឲ្យបានល្អិតល្អន់ ហើគប្បីយកទៅប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ សុភមង្គលពិតនឹងងាយរកបានប្រសិនបើគ្រប់គ្នាព្យាយាមប្រតិបត្តិទៅតាមឲ្យបានខ្ជាប់ខ្ជួន​ ហើយសូមកុំភ្លេចថាចំណងអាពាហ៍ពិពាហ៍ដែលអាចតាំងនៅបានយូរអង្វែង ត្រូវការធាតុមួយទៀតយ៉ាងសំខាន់គឺមេត្តាធម៌។ បើស្វាមីភរិយាមានមេត្តាធម៌ដល់គ្នានឹងគ្នា អំពើហិង្សាជម្លោះក្នុងគ្រួសារ ការលែងលះគ្នានឹងមិនមាន ព្រោះស្វាមីភរិយាមិនមែនជាអ្នកស្រឡាញ់គ្នាងប់នោះទេ តែជាអ្នកមានសេចក្តីស្រឡាញ់ប្រកបដោយបញ្ញា ចេះសន្តោសប្រោសប្រណីគ្នា និងមានបំណងចង់ឲ្យដៃគូខ្លួនបានសេចក្តីសុខចម្រើនដូចខ្លួនដែរ។
ប្រសិនបើមនុស្សរាល់រូបសុទ្ធតែមានមេត្តាដូចគ្នា សមមនុស្សក្នុងសកលលោក នឹងពុំមានជម្លោះប្រកែក, កើតក្តីក្តាំ និងចម្បាំងឡើយ ព្រះសម្មាសម្ពុទ្ធទ្រង់សរសើរ មេត្តា ថាជាគុណធម៌ញុំាងសត្វលោកឲ្យបានសុខស្ងប់រាល់ទិវារាត្រី មនុស្សគ្រប់រូបប្រាណគួរតែពេញចិត្តចំពោះ មេត្តា គួរញុំាងចិត្តឲ្យដិតជាប់និច្ចនិរន្តរ៍ចំពោះមេត្តា។
២.៧.៣ ចង់បានបុត្រស្អាតល្អ ប្រកបដោយបញ្ញាញាណ និងឆ្លាតវាងវៃ
គូស្វាមីភរិយាគ្រប់រូបតែងប្រាថ្នាចង់បាននូវបុត្រដែលមានរូបសម្បត្តិល្អស្អាត និងមានប្រាជ្ញាឈ្លាសវៃគួរជាទីស្រឡាញ់រាប់អាននៃមនុស្សផងទាំងពួង តែពួកគេមិនបានដឹងថាត្រូវប្រព្រឹត្តិខ្លួនយ៉ាងណាខ្លះទេ ទើបអាចសម្រេចតាមបំណង់បាន។ នៅក្នុងព្រះពុទ្ធសាសនា ព្រះពុទ្ធជាម្ចាស់ទ្រង់បានសម្តែងអំពីលក្ខណៈមនុស្សល្អស្អាតយ៉ាងច្រើនមកបង្ហាញប្រាប់ដល់ពុទ្ធបរិស័ទទុកជាត្រីវិស័យ។តើមាតាបិតាត្រូវស្វែងយល់ និងត្រូវប្រព្រឹត្តិខ្លួនបែបណាខ្លះទើបអាចទទួលបានបុត្រល្អស្អាតសមតាមសេចក្តីប្រាថ្នា?
ធម្មតាកូនដែលនឹងត្រូវមកកើតចែកចេញជាសម្ពាយបុណ្យពីរ គឺជាអ្នកមានសម្ពាយបុណ្យតិច និងសម្ពាយបុណ្យច្រើន។ កូនខ្វះសម្ពាយបុណ្យ តែងតែកើតក្នុងត្រកូលបានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក មានរូបសម្បត្តិមិនល្អ ពិការ ខ្មៅក្រញោះ ចរិតលក្ខណៈ និងចរិយាមាយាទពុំល្អប្រពៃ បើជាអ្នករៀនក៏ពុំសូវពូកែ វ័យឆ្លាត នឹងធ្វើការពុំមានយសខ្ពង់ខ្ពស់នឹងគេឡើយ។ ចំណែកឯកូនដែលមានសម្ពាយបុណ្យច្រើន តែងតែទៅកើតក្នុងត្រកូលខ្ពង់ខ្ពស់ សប្បូរសប្បាយដោយគ្រឿងលាភសក្ការផ្សេងៗ មានរូបសម្បត្តិ ភោគសម្បតិ្ត បញ្ញាសម្បត្តិ ចរិយាសម្បត្តិថ្លៃថ្លា ជាអ្នកដែលគេប្រដៅងាយ មិនងាយនិងខឹងក្រោធផ្តេសផ្តាស់។ ឧទាហរណ៍ តួអង្គព្រះពោធិសត្វ លោកតែងតែមកកើតក្នុងត្រកូលណាដែលមាតាបិតាលោកត្រូវតែជាអ្នកមានសីលជាប្រក្រតី មានសេចក្តីសន្តោសប្រោសប្រណីដល់មនុស្សសត្វដោយពុំរើសមុខ និងជាអ្នកចិញ្ចឹមជីវិតដោយសេចក្តីសុចរិតទៀងត្រង់ទៀតផង ។ ដូចនេះ គូស្វាមីភរិយាដែលមានសេចក្តីប្រាថ្នាចង់បានបុត្រល្អ សង្ហា មានបញ្ញាវាងវៃ ជាអ្នកមានយសក្តិថ្កុំថ្កើង និងជាអ្នកដឹកនាំប្រទេស គឺត្រូវរក្សាសីល និងមានមេត្តាចិត្តតាំងពីនៅក្មេង កុំចាំខ្លួនចាស់ ត្រូវសន្សំបុណ្យកុសលជារៀងរាល់ថ្ងៃហើយត្រូវជាអ្នកសុទិដ្ឋិនិយម។ ក្រៅអំពីនេះ មាតាបិតាទាំងឡាយ កុំស្រម័យឡើយថាបានកូនល្អស្អាត និងតាមបំណងប្រាថ្នារបស់ខ្លួន។
ជារួមមក ការរក្សាសីល សន្សំបុណ្យកុសល មេត្តាធម៌ ជារឿងងាយស្រួលបំផុត មិនចាំបាច់ចាយវាយប្រាក់កាសផង ក៏បានបុណ្យកុសលដែរ ហើយបុណ្យនេះទៀតសោតតែងជួយទំនុកផ្ចុងផ្តើមអ្នកធ្វើឲ្យដល់ត្រើយសុភមង្គល សិរីសួស្តី និងទីបំផុតបានដល់ព្រះនិព្វាន។
២.៨ ភារកិច្ចស្វាមីភរិយាក្រោយរៀបអាពាហ៍ពិពាហ៍
          នៅក្នុងការរស់នៅប្រចាំថ្ងៃ​​​ ដើម្បីឲ្យគ្រួសារមួយរស់នៅប្រកបដោយសុភមង្គល គ្មានផលរមាស់ក្តៅក្រហាយស្តាយក្រោយ លុះត្រាតែគូរស្វាមីភរិយានោះ យល់ដឹង ឬក៏ស្គាល់ភារកិច្ចរបស់ខ្លួនម្នាក់ៗ ព្រោះថាបន្ទាប់អំពីរៀបអាពាហ៍ពិពាហ៍រួច គេនឹងមិនមែននៅត្រឹមតែជាសិស្សរបស់គ្រូ ជាកូនរបស់ម្តាយឪពុក ឬក៏ជាមិត្តរបស់មិត្តនោះទេ តែក៏មាននាទីជាស្វាមី ជាភរិយា ជាឪពុកម្តាយ ជាសាសនិក និងជាពលរដ្ឋល្អរបស់សង្គមជាតិផងដែរ ដូច្នេះគេត្រូវបដិបត្តិនាទីថ្មីៗបន្ថែមទៀត។ មិនតែប៉ុណ្ណោះគេគប្បីយកភារកិច្ចនោះទៅអនុវត្តជាក់ស្ដែងប្រចាំថ្ងៃ ឲ្យដូចជាវិន័យក្នុងការដឹកនាំ និងហាមប្រាមខ្លួនគេឲ្យដើផ្លូវជាចាំបាច់ ទើបការរស់នៅរបស់គ្រួសារនោះមានសុភមង្គល និងរីកចំរើនយូរអង្វែង ។
/.ភារកិច្ចចំពោះមាតាបិតា និងបុព្វការរីជន
                     មាតាបិតា                         ជាអរហន្តា
                     ស្ថិតនៅក្នុងផ្ទះ                  ហើយជាព្រះព្រហ្ម
                     ព្រមទាំងជាព្រះ                 កូនត្រូវសំពះ
                           យកវត្តរាល់ថ្ងៃ។
                              គោរពប្រតិបត្តិ                   លោកទាំងពីរក្សត្រ
                              កុំចេញធ្លោយស្តី                ព្រោះនាំទុក្ខទោស
                              ធ្លាក់ដល់អវចី                    តែប្រឹងឃ្មាតខ្មី
                                             នាំស្នេហ៍គ្រប់ទិស។
          អ្នកខ្លះក៏យល់ថា ពិភពលោកនេះត្រូវបានបង្កើតឡើងដោយព្រះអាទិទេព ឬព្រះនេះព្រះនោះ ដោយមើលរំលងធម្មជាតិដែលសេចក្តីពិតរបស់មនុស្ស។ គេពុំអាចមានពិភពលោកនេះបានឡើយបើគ្មាន ម៉ែ និងឪ។ គេនឹងមិនមានជីវិត មានរូបរាងកាយវិវឌ្ឍល្អ ចេះនិយាយស្តី បាទ ចាស៎ បានសិក្សារៀនសូត្រសិល្ប៍សាស្ត្រផ្សេងៗ ស្គាល់ញាតិមិត្តទេប្រសិនបើគ្មានលោកទាំងពីរ។
ម៉ែឪជាអ្នកឲ្យសេចក្តីស្រឡាញ់ ឲ្យការកក់ក្តៅ ជាអ្នកគ្រប់គ្រង ជាមិត្ររបស់កូន។[12] ម៉ែឪតែងមើលថែរក្សា បង្រៀនកូនឲ្យចេះនិយាយស្តី ចេះដើ ចេះយំ ចេះច្រៀ ចេះស្គាល់ចាស់ទុំជាដើម ហើយក៏ជាមិត្តដ៏ពិតប្រាកដ មិនថាក្នុងពេលណា ទាំងសុខ ទាំងទុក្ខ ទោះបីកូនខុសឆ្គាំឆ្គងយ៉ាងណា ម៉ែឪតែងអភ័យជានិច្ច លោកតែឈរចាំទ្រលើកទឹកចិត្តកូនជានិច្ច។ លោកទាំងពីរពេលខ្លះហ៊ានធ្វើអំពើមិនគប្បីក្នុងសង្គមដើម្បីបានសេចក្តីសុខដល់កូន លោកស្រឡាញ់កូនស្មើៗគ្នា ដោយព្រហ្មវិហារធម៌ទាំងបួន មាន មេត្តា ករុណា មុទិតា និង ឧបេក្ខា ហេតុនេះបានជាលោកមាននាមជាព្រះព្រហ្ម អាព្រះអហរន្ត ជាព្រះក្នុងផ្ទះ។
                              ម៉ែឪមានគុណ                   គុណមានទម្ងន់
                              ធ្ងន់ជាងប្រថពី                   គ្មានអ្វីនឹងស្មើ
                              គុណលោកទាំងពីរ             មាសប៉ុណគិរី
                                                 ថ្លៃពុំស្មើរផង។ 
ព្រោះហេតុតែលោកទាំងពីរមានគុណគឺ អនេកប្បគុណ អនន្តគុណ ..នេះហើយទើបតម្រូវឲ្យកូនៗទាំងឡាយមានកតញ្ញូ និងកតវេទិតាធម៌ គឺត្រូវដឹងគុណលោក ហើយត្រូវធ្វើស្នងលោកវិញ មិនមែនគ្រាន់តែដឹងនោះទេ ដឹងនឹងប្រើបានម្តេចនឹងកើតបើគ្មានដង។ ពិតណាស់ម៉ែឪមានគុណមិនអាចប្រម៉ាណបាន កាលបើធ្វើបុណ្យជាមួយលោកកូនៗប្រាកដជាបានបុណ្យច្រើនអនេក តែបើបាបដាក់លោកវិញក៏បាបរាប់មិនអស់ដូចគ្នាដែរ។ ដូច្នេះគូស្វាមីភរិយាដែលរៀបការរួចជាពិសេសគប្បីខ្នះខ្នែង ប្រញាប់ប្រញាល់ធ្វើសេចក្តីល្អតបលោកទាំងពីរវិញឲ្យទាន់ខែភ្លឺ មិនត្រូវប្រកាន់ថាអ្នកនេះជាម្តាយក្មេក ឪពុកក្មេកមិនមានគុណចំពោះអញ អញមិនខ្វល់ខ្វាយនោះក៏ទេ គឺលោកមានគុណស្មើៗគ្នា ព្រោះថាការចាប់ដៃគ្នាជាប្តីប្រពន្ធគឺមានន័យថាជាការរួមរស់ជាមួយគ្នា រួមសុខ រួមទុក្ខ រួមគុណ រួមសេចក្តីល្អ រួមជីវិត រួមទំនួលខុសត្រូវជាមួយគ្នា។
កូនគប្បីសង្គ្រោះមាតាបិតា​ដោយស្ថាន ៥យ៉ាងគឺ៖
១. គូស្វាមីភរិយាត្រូវតាំងចិត្តថាអាត្មាអញគឺមាតាបិតាបានចិញ្ចឹមបីបាច់រក្សាមកយូរហើយ និងត្រូវចិញ្ចឹមមាតាបិតា វិញ ។
២. គូស្វាមីភរិយាត្រូវគិតថា អញនឹងជួយធ្វើការងារដល់មាតាបិតារបស់អញវិញ
.​ គូស្វាមីភរិយាត្រូវគិតថា អញនឹងតម្កល់នូវវង្សត្រកូលរបស់មាតាបិតាទាំងសងខាងឲ្យបានគង់វង្សល្អ។
. គូស្វាមីភរិយាត្រូវប្រតិបត្តិឲ្យបានសមគួរជាអ្នកទទួលទ្រព្យមត៌កបាន។
៥. គូស្វាមីភរិយាត្រូវធ្វើបុណ្យឧទ្ទិសទក្ខិណាទានទៅដល់មាតាបិតាដែលគាត់បានធ្វើកាលកិរិយាទៅកាន់បរលោក ខាងមុខហើយ។
និយាយជារួមមកមិនមែនមានតែការសង្គ្រោះមាតាបិតាដោយធម៌ ៥យ៉ាងនេះឈ្មោះថាគ្រប់គ្រាន់ទេ តែភរិយាស្វាមីត្រូវបដិបត្តិបម្រើមាតាបិតា បុព្វការីជនរបស់ខ្លួនឲ្យសមស្របទៅតាមសម័យកាលផង គឺថាមិនមែនគ្រាន់តែជួនបាយទឹក នុំចំណីទេ តែត្រូវនាំបរិយាកាសល្អៗជូនដល់លោកដោយនាំលោកទៅទស្សនាទីកម្សាន្តផ្សេងៗ និងទីបុណ្យផ្សេងៗ និងត្រូវដឹកនាំលោកឲ្យដល់សីល ទាន ភាវនា បើលោកមិនទាន់មាន សីល ទាន ភាវនានោះទេ។ ជាពិសេសបើកឱកាសឲ្យលោកបានសម្រាកពីការងារ មិនត្រូវប្រើឲ្យលោកបីបាច់ថែរក្សាកូនរបស់ខ្លួនឡើយ គឺជួយសម្រួលឲ្យលោកបានទៅវត្តសន្សំបុណ្យកុសល និងបានចូលជិតព្រះរតនត្រៃផង។
/.ភារកិច្ចចំពោះកូន
នៅពេលគូស្វាមីភរិយាបានចាប់ដៃរួមរស់នៅជាមួយគ្នាហើយ មិនយូរឡើយក៏នឹងទទួលបានបុត្តធីតាដែលបង្កើតកាតព្វកិច្ចថ្មីមួយបន្ថែមទៀត។ សភាវៈជាមនុស្សពុំដូចជាសត្វធាតុទេ កាលបើបានផ្តល់កំណើតដល់បុត្រធីតាហើយ ក៏ត្រូវមាននាទីបីបាច់ថែរក្សាឲ្យកូនមានសុជីវធម៌ សីលធម៌ ស្គាល់ញាតិ និងឲ្យបានសិក្សារៀនសូត្រសិល្ប៍សាស្រ្តផ្សេងៗ  មិនមែនបង្កើតមកហើយ បោះបង់ចោលដូចសត្វតិរច្ឆាន នាំឲ្យមានជម្ងឺដល់សង្គមជាតិនោះទេ។ ទន្ទឹមនិងកាតព្វកិច្ចខាងលើនេះ ព្រះសម្មាសម្ពុទ្ធទ្រង់ក៏បានសម្តែងអំពីភារកិច្ចដែលមាតាបិតាត្រូវបំពេញចំពោះបុត្រធីតាមានដូចជាៈ
- បាបា និវា រេន្តិហាមឃាត់កូនឲ្យវៀរចាកអំពើអាក្រក់ទាំងពួង។កូនដែលកើតមកគេប្រៀបដូចជាក្រដាសស បើកាលណាគេយកប៉ិចពណ៌ខៀវមកសសេរក៏នឹងដិតដាមជាប់ពណ៌ខៀវ ហើយបើយកពណ៌ខ្មៅមកសសេរក៏ដិតដាមជាប់ពណ៌ខ្មៅ ដោយពិតហេតុនេះហើយ មាតាបិតាគប្បីប្រយ័ត្នប្រយ៉ែងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូន ត្រូវហាមឃាត់កូនកុំឲ្យសេពគបមិត្តមិនល្អ ព្រោះនាំឲ្យកូនងាយក្លាយខ្លួនជាមនុស្សមិនល្អ។ ផ្ទុយទៅវិញ មាតាបិតាគប្បីជំរុញកូនឲ្យដល់នូវត្រៃសរណគមន៍ និងនិច្ចសីល ហើយណែនាំកូនឲ្យសេពគបតែជនជាបណ្ឌិត​និងជនជាសប្បុរសជាដើម ព្រោះ កាលបើកូនមានសីល និងសេពគប់ជនជាបណ្ឌិត ជនទាំងនោះតែងនាំឲ្យកូនបានលូតលាស់ រីកចម្រើន និងរុងរឿងក្នុងជីវិត។
- កល្យាណេ និវេសេន្តិៈ    មាតាបិតាគប្បីអប់រំឲ្យកូនតាំងនៅក្នុងសេចក្តីល្អ១០ ដោយកាយសុចរិត៣ វចីសុចរិត៤ មនោសុចរិត៣យ៉ាង ដែលផ្ទុយពីតួនាទីទីខាងលើ។
- សិប្បំ សិក្ខាបេន្តិៈ           មាតាបិតាគប្បីឲ្យកូនសិក្សាសីលវិជ្ជាផ្សេងៗ។ មាតាបិតាត្រូវជ្រើសរើសសាលារៀនល្អៗឲ្យកូន ផ្គត់ផ្គង់ថវិកាសម្រាប់ការសិក្សារបស់កូន ធ្វើជាគ្រូជំនួយនៅផ្ទះ និងស្វែងយល់ពីការលំបាករបស់កូន។
- បដិរូបេន ទារេន សំយោជេន្តិៈ    មាតាបិតាគប្បីរៀបចំកូនឲ្យមានគូស្រករ និងផ្ទះសម្បែងសមគួរ។ ប៉ុន្តែលោកត្រូវចៀសវាងការបង្ខំកូនឲ្យរៀបការជាមួយមនុស្សដែលកូនមិនពេញចិត្ត លោកគួរស្វែងយល់ពីកូនថាតើកូនពេញចិត្តមនុស្សប្រភេទណា ក្រោយពីដឹងហើយលោកត្រូវរៀបចំអាពាហ៍ពិពាហ៍ដល់កូនទាំងពីរទៅតាមច្បាប់សង្គម។
- ទាយជ្ជំ និយ្យាទេន្តិៈ       ចែករំលែកទ្រព្យសម្បត្តិ ឬកេរ្តិ៍មរតកឲ្យកូនៗនៅសម័យដ៏គួរ ដើម្បីចៀសវាងកុំឲ្យមានសង្គ្រាមនៅក្នុងគ្រួសាររវាងបងប្អូន ឬសាច់ញាតិផៅសន្តាន នាំឲ្យមានភាពសោកសៅនៅក្នុងគ្រួសារ ហើយការចែកនោះត្រូវមើលទៅលើសម័យកាលរបស់ប្រទេសជាតិ ចែកឲ្យត្រូវពេល។
មុននឹងសម្រេចយកបុត្រមួយ ពីរ ឬ បីទៅតាមចំណងស្វាមីភរិយាទាំងឡាយគប្បីពិនិត្យមើលថា តើពេលនេះសាកសម្យ និងមានសមត្ថភាពគ្រប់គ្រាន់ហើយឬនៅ ព្រោះថា ការសង្រ្គោះបុត្រដោយធម៌ទាំង ៥ នេះពុំមែនជាការងាយស្រួលប៉ុន្មានឡើយ តម្រូវឲ្យស្ថានភាពគ្រួសារមានកំរិតមួយដែលអាចទទួលយកបាន។ យើងសូមសារភាពថា ទឹកចិត្តរបស់លោកឪពុកអ្នកម្តាយ (ស្វាមីភរិយា) គ្រប់រូបចំពោះបុត្រពិតជាជ្រាលជ្រៅណាស់ លោកតែងប្រាថ្នាចង់បានបុត្របន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច បំណងដើម្បីបន្តវង្សត្រកូលផង និងបន្តថែរក្សាមរតករបសើខ្លួនផង។ ពិតណាស់យើងក៏ពុំមែនមានន័យថាស្វាមីភរិយាមិនគប្បីយកបុត្រនោះទេ តែត្រូវស្គាល់ប្រមាណពីលទ្ធភាពខ្លួនជាមុនសិន ពុំមែនចង់បានតាមតែចិត្តនឹកឃើញឡើយ ព្រោះថាវានឹងនាំតែទុក្ខទោសដល់គ្រួសារខ្លួន និងជាបន្ទុកដ៏ដល់រាជរដ្ឋាបាល និងសង្គមទាំងមូល។
/.ភារកិច្ចចំពោះញាតិ
សង្គមគ្រួសារមួយដែលមានការរស់នៅបានយ៉ាងល្អរលូន ឬមានភាពរកាំរកូស ឈ្លោះប្រកែកទាស់ទែងគ្នា និងអាចឈានទៅដល់ការលែងលះគ្នាក្នុងវង្វង់គ្រួសារនោះ ក៏អាស្រ័យទៅដោយកត្តាញាតិទាំងសងខាងនេះដែរ។ ជាក់ស្តែងមានពេលខ្លះប្តីប្រពន្ធឈ្លោះប្រកែកគ្នា មិនទុកចិត្តគ្នា ព្រោះជឿពាក្យចាក់ដោតញាតិរបស់ខ្លួន។
ការរាប់អានញាតិ គឺជាការសំខាន់ណាស់នៅក្នុងសង្គមគ្រួសារមួយ[13] អញ្ចឹងហើយបានជាមានពាក្យស្លោកបុរាណថា «ការរាប់អានញាតិ ប្រៀបដូចជាការធ្វើរបង ដើម្បីការពារផ្ទះក៍ដូច្នោះដែរ» ។ ឃ្លានេះ គឺចង់ បានន័យថា ការរស់នៅក្នុងសង្គមគ្រួសារមួយ តែងតែមានទំនាក់ទំនងជាមួយនឹងញាតិជិតខាងរបស់ខ្លួន ព្រោះថាញាតិដែលនៅជុំវិញផ្ទះរបស់យើងគេអាចជួយយើងបាន នៅពេលដែលយើង ជួបគ្រោះភ័យផ្សេងៗ ដូចជា ត្រូវចោរលូចប្លន់ ឬមួយក៍មានបាត់របស់ផ្សេងៗទៀត សម្រាប់ប្រើប្រាស់នៅក្នុងផ្ទះ។  ចុះបើសិនជាយើង រស់នៅដោយឯកោតែគ្រួសាររបស់យើង ដោយមិនខ្ចីរវីរវល់ចំពោះអ្នកជិតខាង ចង់គេ រស់យ៉ាងម៉ិចក៍រស់ទៅ ស្រាច់តែលើគ្រួសាររបស់គេ បើគំនិតរបស់យើងគិតដូច្នេះ តើនរណាគេនឹងជួយយើង នៅពេលដែលយើងត្រូវការពឹងពាក់គេឲ្យជួយ។ ន័យមួយទៀតថា «ការរាប់អានញាតិ ប្រៀបដូចជា ការស្លៀកពាក់សំលៀកបំពាក់»
ស្វាមីភរិយាគប្បីមានភារកិច្ចចំពោះសាច់ញាតិទាំងសងខាង៖
-ត្រូវរាប់រាន ឬឲ្យតម្លៃឪពុកម្តាយក្មេករបស់ខ្លួន មួយទៀតត្រូវរាប់រានបងថ្លៃ ប្អូនថ្លៃ ឲ្យដូច ជាបងប្រុស ឬបងស្រី ប្អូនប្រុស ឬប្អូនស្រីបង្កើតរបស់ខ្លួនឯង ។
-ត្រូវរាប់រានស្រឡាញ់ឪពុកម្តាយបងប្អូនខ្លួនឯង ។
-មិនត្រូវចង្អៀតចង្អល់ចិត្ត ចំពោះញាតិដែលបានមកដល់ផ្ទះរបស់ខ្លួន ។
-ត្រូវចេះជួយសង្រ្គោះចំពោះញាតិ ទៅតាមលទ្ធភាពដែលខ្លួនអាចជួយបាន ។
-ត្រូវចេះជួយទុក្ខធុរ:ចំពោះមនុស្សផងទាំងពូង ។«រស់នៅជាអ្នកក្រដែលសាងល្អ ប្រសើរជាងរស់ នៅជាអ្នកមានដែលសាងអំពើអាក្រក់»[14]
-មិនត្រូវមានអគតិធម៌ចំពោះញាតិទោះខាងណាមួយក៏ដោយ។
-មិនមើលងាយញាតិខ្លួនដោយអាងខ្លួនមាន ព្រោះនាំឲ្យដល់សេចក្តីវិនាស។[15]
-ចែករំលែកចំណេះដឹងបទពិសោធន៍ដល់ញាតិដោយឥតលាក់លៀម។
-​ ត្រេកអរចំពោះញាតិទាំងសងពេលឃើញពួកគេរីកចម្រើន
- លើកមុខ ឬណែនាំញាតិ និងលើកសរសើរញាតិដល់អ្នកដទៃ
-ត្រូវដឹកនាំញាតិខ្លួនដែលមិនទាន់ដល់ត្រៃសរណគមន៍ឲ្យដល់ត្រៃសរណគមន៍ មិនទាន់ាមានសីល ឲ្យចេះរក្សាសីល មិនទាន់មានទាន ឲ្យចេះធ្វើបរិច្ចាគទាន។
- ត្រូវយល់កាលៈទេសៈពេលមានភ្ញៀវ ឬមិត្រភ័ក្រ្តមកលេងផ្ទះ។
          សង្គមគ្រួសារនឹងទទួលបានការគាំទ្រ ការរាប់អាន និងជួយយកអាសាពីគ្រប់ញាតិជិតឆ្ងាយល្គឹកណាស្វាមីភរិយាឆ្លៀវឆ្លាតក្នុងការទទួលបដិសណ្ឋារៈ និងមានសង្គហធម៌ចំពោះញាតិទាំងនោះដោយស្មើមុខ។ដោយពិតការរាប់អានញាតិដោយមិនលំអៀងជាមង្គលដ៏ឧត្តម សមដូចសម្តែងក្នុងមង្គលសូត្រថា៖
ទានញ្ច ធម្មចរិយា ច ញាតកានញ្ច សង្គហោ
អនវិជ្ជានិ កម្មានិ ឯតម្មង្គលមុត្តមំ
«ករិយាបរិយាចាគទាន ១ កិរិយាប្រព្រឹត្តនូវធម៌ ១ សេចក្តីសង្រ្គោះដល់ញាតិទាំងឡាយ ១ ការងារទាំងឡាយដែលមិនច្របូកច្របល់ ១ ទាំង ៤ នេះជាមង្គលដ៏ឧត្តម»។
/.ភារកិច្ចចំពោះសាសនា
ព្រះពុទ្ធសាសនាអាចអនថយ និងរុងរឿងទៅបាន ក៏ព្រោះតែ បរិស័ទទាំង ៤ពួក។ បរិស័ទទាំង៤ពួកបានដល់ពួកភិក្ខុ ភិក្ខុនី(សាមណេរ) ឧបាសក ឧបាសិកានេះឯង។ ក្នុងនាមយើងជាយុវពុទ្ធបរិស័ទ ក៏យើងមានតួនាទីក្នុងការធ្វើឲ្យព្រះពុទ្ធសាសនារបស់យើងធំធាត់និងរុងរឿងដែរ។
ដូចដែលយើងដឹងហើយថា បុព្វបុរសខ្មែរយើងជាពុទ្ធសាសនិកដ៏គំរូមួយសម្រាប់កូនចៅជំនាន់ក្រោយ ដោយពួកលោកបានសិក្សាឃើញអំពីគុណប្រយោជន៍យ៉ាងសម្បូរបែបនៃសាសនានេះដែលអាចឲ្យអនុជនជាន់ក្រោយសិក្សាស្វែងយល់ និងយកមកគោរពប្រតិបត្តិដើម្បីទទួលបានក្តីសុខ។ ហើយដោយព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដូចចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាត្រា ៤៣ ដូច្នេះហើយយើងជាខ្មែរគួរគប្បីដឹងកតព្វកិច្ចរបស់ខ្លួនក្នុងការសិក្សាអំពីខ្លឹមសារ និងបដិបត្តិឲ្យសមជាកូនខ្មែរអ្នកកាន់ព្រះពុទ្ធសាសនា។
កាតព្វកិច្ចថែរក្សាប្រពៃណីព្រះពុទ្ធសាសនាខ្មែរ៖
  - ខិតខំថែរក្សាឲ្យបានគង់វង្ស មិនថាក្នុងកាលៈទេសៈណា ក្នុងករណីមានផលរមាស់ក្នុងកើតមានក្នុងសាសនា គ្រប់គ្នាមានតួនាទី ឈឺឆ្អាល ដឹងឮ រួមគ្នាជួយដោះស្រាយរាល់បញ្ហានោះៗ មិនមែនទាល់តែព្រះសង្ឃ អាចារ្យដូនជី ឬអ្នកនៅក្នុងវត្តទេដែលត្រូវទទួលខុសត្រូវតែគ្រប់គ្នាត្រូវចូលរួមអភិរក្ស និងអភិវឌ្ឍទាំងអស់គ្នា។
  - គោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវពុទ្ធឱវាទដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសម្តែងមកទាំង ៨៤០០ព្រះធម្មខន្ធ។ កាលព្រះពុទ្ធអង្គទៀបនឹងចូលបរិនិព្វាន ទ្រង់បានសម្តែងផ្តែផ្តាំដល់បរិស័ទទាំងឡាយ មានព្រះអានន្ទជាដើមថា៖
                                អប្បមត្តា សតីមន្តោ
                                សុសីលោ ហោថ ភិក្ខវោ
                                សុសមាហិតង្កប្បា
                                        សចិត្តមនុរក្ខថ។ ។បេ។[16]
               «ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំប្រមាទ ត្រូវមានស្មារតី
               មានសីលល្អ មានតម្រិះតម្កល់នឹងល្អ ចូររក្សាចិត្តរបស់ខ្លួនឲ្យ
               រឿយៗ ចុះ។ ភិក្ខុណាមិនប្រមាទ ហើយនៅក្នុងធម៌វិន័យនេះ
               (ភិក្ខុនោះ) នឹងលះបង់ជាតិសង្សារ ហើយធ្វើនូវព្រះនិព្វានជាទី
               បំផុតនៃកងទុក្ខបានមិនខាន»។
យោ​ វោ អនន្ទ មយា ធម្មោ ច​ វិនយោ ច
ទេសិតោ បញ្ញត្តោ សោ វោ មមច្ចយេន សត្ថា
«ម្នាលអានន្ទ ព្រះធម៌ក្តី ព្រះវិន័យក្តី ដែលតថាគត
បានសម្តែងហើយ បានបញ្ញត្តិហើយ ដល់អ្នកទាំង
ឡាយ លុះអំណឹះអត់ពីតថាគតទៅនឹងបានជាគ្រូ
ប្រៀនប្រដៅអ្នកទាំងឡាយ»។[17]
  -មានសទ្ធាចំពោះព្រះពុទ្ធសាសនា ត្រូវជឿតាម​ និងបដិបត្តិគោលធម៌របស់ព្រះសម្មាសម្ពុទ្ធនៃយើងប្រកបដោយបញ្ញា គឺមិនមែនជាអ្នកកាន់សាសនាស្នងអំពីដូនតា ឬគ្រាន់ជឿតាមគ្នាព្រោះឃើញគេធ្វើអ្វីក៏ចេះតែធ្វើតាមគេឡើយ តែជាអ្នកគោរពជឿតាមដោយការបដិបត្តិផ្ទាល់ គឺដឹងពិត ឃើញពិតដោយខ្លួនឯង។ សមដូចកាលព្រះសម្មាសម្ពុទ្ធសម្តែងដល់ពួកអ្នកស្រុកកឡាមៈដែលនាំគ្នាមកទួលសួរព្រះអង្គព្រោះអ្នកស្រុកវិលវល់មិនដឹងថាត្រូវជឿអ្វី ឬមិនគួរជឿអ្វី។ ដំបូន្មាន ដែលព្រះបរមគ្រូផ្តល់អ្នកទាំងនោះ គឺប្រកបទៅដោយមនុស្សធម៌ និងគតិបណ្ឌិតបំផុត ព្រះអង្គមានបន្ទូលថា[18]
-     ចូរអ្នកកុំជឿអ្វីមួយ ដោយគ្រាន់តែអ្នកបានឮគេនិយាយតៗគ្នា។
-     ចូរអ្នកកុំជឿអ្វីមួយ ពីព្រោះវាជាប្រពៃណីចាស់ទុំ និងកន្លងទៅរាប់ជំនាន់ហើយ។
-     ចូរអ្នកកុំជឿពាក្យបរម្បរា (រឿងព្រេងនិទាន) ឬរឿងអ្វីផ្សេង ពីព្រោះមានមនុស្សនិយាយពីរឿងនោះច្រើន។
-     ចូរអ្នកុំជឿអ្វីមួយ ដោយគ្រាន់តែបង្ហាញភស្តុតាងសរសេររបស់អ្នកប្រាជ្ញពីបុរាណណាមួយចំពោះរឿងនោះ។
-     ចូរអ្នកកុំជឿអ្វីមួយ ដោយគ្រាន់តែមានសច្ចធារណ៍ណាមួយ (ពោលគឺសេចក្តីស្មានដែលគេទុកជាពិត លើកលែងតែមានភស្តុតាងផ្ទុយ) គាំទ្រដល់ទឡ្ហីករណ៍នោះ ឬពីព្រោះមានទម្លាប់ជាប់តមកជាយូរឆ្នាំ ហើយនាំគ្នាជឿថាជាសេចក្តីពិត។
-     ចូរអ្នកកុំជឿអ្វីមួយ ដោយផ្អែកលើអាជ្ញា ឬអំណាចរបស់គ្រូបាអ្នក ឬរបស់អ្នកបួសទាំងឡាយឡើយ។
 «អ្វីទាំងអស់, ដែលស្របតាមការពិសោធន៍ផ្ទាល់របស់អ្នក ហើយក្រោយការពិនិត្យល្អិតល្អន់ ឃើញថាសមស្របជាមួយវិចារណញ្ញាណរបស់អ្នក, នាំឲ្យបានសុភមង្គលដល់ខ្លួនអ្នកផ្ទាល់ និងមានសុភមង្គលដល់សព្វសត្វមានជីវិតផ្សេងទៀត, នោះហើយចូរអ្នកទទួលយកចុះ ទុកដូចជាសច្ចៈ ហើយចូររស់នៅ តាមដំណើរហេតុនោះចុះ»។ដូច្នេះ គេអាចសិក្សាព្រះធម៌របស់ព្រះពុទ្ធ ពិចារណាព្រះធម៌នោះ ដោយស្ងប់ស្ងៀម និងប្រកបដោយគតិបណ្ឌិត ហើយទទួលជឿតាមព្រះធម៌នោះ ប្រសិនបើ ព្រះធម៌នោះសមស្របទៅនឹងសេចក្តីត្រិះរិះល្អិតល្អន់របស់អ្នក, ឬបដិសេធព្រះធម៌នោះចោល ប្រសិនបើ ព្រះធម៌នោះយល់មិនបាន។ ព្រះពុទ្ធសាសនា មិនបង្ខំមនុស្សណាម្នាក់ ឲ្យជឿដោយងងឹតងងល់នោះទេ, ពីព្រោះជំនឿងងឹតងងល់ គឺជាឧបសគ្គចំពោះដំណើរទៅមុខនៅក្នុងជីវិតជាដរាប។ ស្មារតីនៃពុទ្ធលទ្ធិ គឺមានវិចារណកម្មយ៉ាងបរិសុទ្ធ។
តួនាទីខ្លួនជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា៖
- អនុវត្តកាតព្វកិច្ចខ្លួនឲ្យជាពុទ្ធសាសនិកគំរូ
- សិក្សាស្វែងយល់ឲ្យបានចេះចាំច្បាស់លាស់អំពីខ្លឹមសារទ្រឹស្តីនៃព្រះពុទ្ធអង្គ
- គោរពប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួននូវពុទ្ធឱវាទទាំងនោះឲ្យបានត្រឹមត្រូវ
- ព្យាយាមទប់ស្កាត់និងកម្ចាត់ចោលរាល់អធិករណ៍ផ្សេងៗ មានការប្រព្រឹត្តល្មឹស ឬ
ប្រាស់ចាកធម៌វិន័យជាដើម។
- ខិតខំផ្សព្វផ្សាយសាសនាដល់ជនទាំងពួងឲ្យបានយល់បានចេះដឹង
- គួរចូលរួមក្នុងកិច្ចការផ្សេងៗ ដែលជាកត្តាញ៉ាំងឲ្យខ្លួន និងសាសនារុងរឿង។
មនុស្សត្រូវការសាសនាសម្រាប់ជាជម្រកដ៏ត្រជាក់នៃចិត្ត​ និងរូបកាយ។ ដើម្បីឲ្យជម្រកនេះស្ថិតស្ថេរទៅបានលុះត្រាតែអ្នកដែលមានសេចក្តីត្រូវការនោះស្គាល់ពីតម្លៃ និងខ្លឹមសារនៃព្រះធម៌ដែលព្រះសម្មាសម្ពុទ្ធបានសម្តែងទុកមក ហើយខិតខំស្វែងយល់ឲ្យបានស៊ីជម្រៅនិងយកទៅអនុវត្តក្នុងសង្គមជាក់ស្តែងឲ្យកើតជាប្រយោជន៍ពិតៗ។ ជាពិសេសត្រូវដើតាមគោលការណ៍របស់ព្រះពុទ្ធអង្គទាំងបីយ៉ាងគឺ[19]
១. សព្វបាបស្ស អករណំ           មិនធ្វើបាបទាំងពួងជាដាច់ខាត
២. កុសលស្សូបសម្បទា            បំពេញកុសសឲ្យបរិបូណ៌
៣. សចិត្តបរិយោទបនំ                ធ្វើចិត្តរបស់ខ្លួនឲ្យស្អាតល្អ។
/.ភារកិច្ចចំពោះសង្គមជាតិ
ដែលមានទឹកដីដ៏ស្រស់បំព្រង ធំទូលាយ មានប្រាង្គប្រាសាទដ៏ច្រើនសន្ធឹកសន្ធាប់ និងវត្តអារាម សាលារៀនដេរដាសដូចសព្វថ្ងៃក៏ដោយសារការខិតខំប្រឹងប្រែងកសាង តស៊ួវាយប្រយុទ្ធពុះពាគ្រប់ឧបសគ្គមិនគិតនឿយហត់នៃបុព្វបុរសយើង។ កូនចៅជំនាន់ក្រោយត្រូវតែជាអ្នកដឹងគុណតបស្នងនឹងវិរយៈភាព ការពលីទំាងកម្លាំងកាយ ចិត្ត និងជីវិតដើម្បីជាតិសាសនានៃលោក ដោយការបន្តជួយអភិវឌ្ឍប្រទេសជាតិឲ្យរីកចំរើនទៅមុខជានិរន្តរ៍ និងថែរក្សាវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ដែលបន្សល់ទុកមកតាំងពីបុរាណកាល សមដូចពាក្យមួយឃ្លាថា «អភិរក្សចាស់ ឆ្នៃប្រឌិតថ្មី ដើម្បីទាំងអស់គ្នា»។
គ្រួសារជាកោសិការនៃសង្គមជាតិ បើគ្រួសារល្អ សង្គមជាតិក៏រីកចំរើនល្អ តែបើគ្រួសារនោះអសមត្ថភាពវិញ ក៏នឹងនាំទុក្ខទោសដល់សង្គមជាតិ នាំសង្គមជាតិឲ្យដល់ភាពច្របូកច្របល់ អសន្តិសុខ និងសង្គ្រាមកលយុគជាដើម ជាឧទាហរណ៍ជាក់ស្តែង ក្នុងរបប ៣ឆ្នាំ ៨ ខែ និង ២០ថ្ងៃ ម្នាក់ៗគិតតែប្រយោជន៍រៀងខ្លួនមិនបានយកប្រយោជន៍ជាតិជាធំឡើយ ហ៊ានកាប់សម្លាប់ជាតិសាសន៍ឯងឲ្យតែបានអំណាច យសក្តិ ប្រាក់កាស់? ហើយទីបំផុតក៏ដួលរលំទៅវិញព្រោះថាភាវៈអាក្រក់មិនអាចតាំងនៅបានយូរឡើយ មានតែភាវៈល្អទេដែលតាំងនៅស្ថិតស្ថេរចេរកាល។
ដូច្នេះកុលបុត្រជំនាន់ក្រោយគ្រប់រូបទាំងឡាយ ជាពិសេសគូស្វាមីភរិយាដែលបានចាប់ដៃគ្នាកសាងគ្រួសារគប្បីជាអ្នកឈ្លាសក្នុងការតបស្នងសងគុណបុព្វបុរសខ្លួន ដោយការខិតខំប្រែងរៀតសូត្រឲ្យពូកែ ចែករំលែកនូវចំណេះដឹងដែលខ្លួនមានដល់សាធារណៈជនដោយមិនលាក់លៀម ញុំាងកូនចៅឲ្យបានរៀនសូត្រ និងហាមពួកគេមិនឲ្យធ្វើអំពើអាក្រក់ជាដើម ហើយផ្ចង់ចិត្តដិតអារម្មណ៍តែក្នុងអំពើជាកុសល។
២.៩ ភារកិច្ចមាតាបិតាពេលកូនរៀបការរួច
កូនជាទ្រព្យដ៏សំខាន់មិនអាចកាត់ថ្លៃបានរបស់មាតាបិតា លោកហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន លោកខិតខំរកស៊ីទាំងយប់ទាំងថ្ងៃមិនគិតការនឿយហត់ ពេលខ្លះសុខចិត្តប្រព្រឹត្តអំពើមិនគួរគប្បីផ្សេងៗឲ្យតែកូនបានសុខសប្បាយ។ មាតាបិតាពេញចិត្តនឹងទំនុកបម្រុង ចិញ្ចឹមបីបាច់ថែរក្សាកូនគ្រប់យ៉ាង តាំងពីក្មេងខ្ចីរហូតដល់កូនមានគ្រួសារ ពេលខ្លះលោកស្ម័គ្រមើលថែទាំចៅៗថែមទៀតផង សមដូចបុរាណភាសិតលោកពោលថា៖ «ស្រឡាញ់កូនមួយតៅ ស្រឡាញ់ចៅមួយថាំង»។
ជាការពិតប្រពៃណីទំនៀមទម្លាប់ខ្មែរ ក៏ដូចជាក្នុងទ្រឹស្តីព្រះពុទ្ធសាសនាដែរ គឺមាតាបិតាចិញ្ចឹមបីបាច់ថែរក្សាកូន ហើយលោកក៏រំពឹងញញឹមទុកជាមុនថាកូននឹងតបស្នងសងគុណលោកវិញជាមិនខាន។តែពេលខ្លះដោយអំណាចនៃសេចក្តីស្រឡាញ់កូនមានទម្ងន់ដ៏ជ្រាលជ្រៅពេក ធ្វើឲ្យមាតាបិតាមួយចំនួនខ្វះការពិចារណា ដោយមិនអាចលះសេចក្តីស្រឡាញ់ដែលខ្លួនមានចំពោះកូន ចែករំលែកដល់អ្នកដទៃទៀត។ហេតុនេះហើយការរំពឹងរបស់លោកទាំងពីរខ្ពស់ពេក ធ្វើឲ្យប្រែក្លាយការស្រឡាញ់កូនទៅជាការហួងហែងទៅវិញដែលជាហេតុនាំឲ្យមានជម្លោះក្នុងក្រុមគ្រួសារជាពិសេសចំពោះកូនដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង។
ក/. មាតាបិតាបង្កើត
ភាពល្ងង់ខ្លៅគឺអវិជ្ជានាំឲ្យគ្រប់ៗគ្នា មានចិត្តប្រកបដោយអគតិធម៌ជាពិសេសគឺ អគតិព្រោះស្រឡាញ់។ យើងមិនបដិសេធចំពោះសេចក្តីស្រឡាញ់នេះទេព្រោះថាសូម្បីតែអ្នកប្រាជ្ញក្នុងលោកមានព្រះសម្មាសម្ពុទ្ធជាដើមក៏ទ្រង់មានការស្រឡាញ់អាណិតចំពោះសព្វសត្វដោយពុំរើសមុខដែរ តែទ្រង់ស្រឡាញ់យ៉ាងកណ្តាល គឺមិនអនុញ្ញាតឲ្យអគតិធម៌ទាំងបួនមកគ្រប់សង្កត់ខន្ធសណ្តានទ្រង់បានឡើយ។យើងពិតជាទទួលស្គាល់ហើយថា មាតាបិតាស្រឡាញ់កូន គឺពុំមែនជាកំហុសរបស់ពួកលោកឡើយ តែសូមឲ្យទឹកចិត្តលោកមានការស្រឡាញ់កូនចៅប្រុសស្រីប្រកបដោយបញ្ញា និងប្រាស់ចាក់ភាពអវិជ្ជា។ ព្រោះថា កាលបើ សេចក្តីស្រឡាញ់នេះពុំប្រកបព្រមដោយបញ្ញា គឺការខ្វះការថ្លឹងថ្លែង ត្រិះរិះពិចារណា មិនស្គាល់កាលៈទេសៈហើយនោះ សេចក្តីច្រណែនឈ្នានិស ភ្លើងប្រច័ណ្ឌ និងការហួងហែងដ៏ងប់ងល់ចំពោះកូនប្រាកដជាលេចចេញនូវរូបរាងជាក់ជាពុំខានឡើយ។ ដូច្នេះ មាតាបិតាគប្បីចេះទុកដាក់ខ្លួនឲ្យសមតាមឋានៈ នាទី និងសម័យកាលរបស់ខ្លួនក្នុងនាមជាមាតាបិតា។
ខាងក្រោមនេះគឺជាទស្សនៈទូទៅដែលមាតាបិតាគួរគប្បីប្រតិបត្តិដើម្បីរក្សាតម្លៃជីវិតខ្លួន និងគ្រួសារឲ្យទទួលបានសុភមង្គល៖
-       មាតាបិតាមិនត្រូវស្រឡាញ់ហួងហែងកូនបង្កើតរបស់ខ្លួនពេកទេ គប្បីបើកចិត្តឲ្យទូលាយ អនុញ្ញាតឲ្យអ្នកដទៃគេស្រឡាញ់រាប់អានផង។
-       មាតាបិតាមិនត្រូវលុះក្នុងអគតិធម៌ទាំង៤ មានឆន្ទាគតិៈ លំអៀងព្រោះស្រឡាញ់, ទោសាគតិៈ លំអៀងព្រោះស្អប់, មោហាគតិៈ លំអៀងព្រោះវង្វេង, ភយាគតិៈ លំអៀងព្រោះភ័យខ្លាចចំពោះកូនឡើយ។
-       មាតាបិតាមិនត្រូវមានចិត្តវិបល្លាសឆាបប្តូរផ្លាសចិត្តដោយក្តីលោភរបស់ខ្លួន ធ្វើឲ្យកូននិរាសព្រាត់ប្រាសគ្នាទេ។
-       មាតាបិតាត្រូវខិតខំតម្កល់ខ្លួនឲ្យស្ថិតនៅក្នុងសីល សុជីវធម៌ ចរិយាធម៌ដ៏ល្អប្រពៃសម្រាប់ជាត្រីវិស័យដល់កូនប្រុសស្រី។
-       មាតាបិតាត្រូវស្រឡាញ់ញាតិទាំងសងខាងរបស់កូន តាមដែលកូនខ្លួនបានស្រឡាញ់ហើយដែរ។
-       មាតាបិតាត្រូវឈរជាកណ្តាល មិនត្រូវលំអៀងទៅតែម្ខាងៗឡើយ​ ហើយមិនត្រូវបន្ទច់បង្អាក់ដំណើរជីវិតកូន តែគប្បីជាអ្នកជួយកែតម្រូវពេលឃើញកូនខុស និងលើកមុខកូនក្នុងទីជំនុំ។
-       មាតាបិតាមិនត្រូវជឿពាក្យទូលពិតរបស់កូនតែម្ខាងៗ និងមិនត្រូវជឿពាក្យចាក់រុករបស់ញាតិជិតខាងឡើយ ត្រូវចេះថ្លឹងថ្លែងរកឫសគល់ ដើមទងឲ្យឃើញច្បាស់លាស់សិន ទើបជឿជាក្រោយ។
-       មាតាបិតាគួរត្រេកអរនឹងគ្រួសារថ្មីរបស់កូនៗ
-       ប្រែចិត្តស្រឡាញ់ហួងហែងកូនឲ្យទៅជាការជ្រោមជ្រែង ការពារថែរក្សាគ្រួសារថ្មីរបស់កូន។
-       ត្រូវផ្តល់ឱកាសឲ្យកូនក្នុងការសម្រេចចិត្តដោយឯករាជ្យ មិនត្រូវជ្រៀតជ្រែក ដឹកនាំកូនឲ្យតាមការយល់ឃើញរបស់ខ្លួនឡើយ។
-       ត្រូវចែករំលែកសេចក្តីស្រឡាញ់របស់ខ្លួនជាមួយអ្នកដទៃឲ្យគេបានស្រឡាញ់កូនខ្លួនដូចខ្លួនមានដែរ។
មាតាបិតាបង្កើតដែលមានបុត្រធីតាទើបតែរៀបចំអាពាហ៍ពិពាហ៍ថ្មោងថ្មី ត្រូវបើកចិត្តឲ្យទូលាយចំពោះកូន មិនត្រូវស្រឡាញ់ហួសព្រំដែនពេកទេ ព្រោះវានាំទៅដល់ភាពល្អកកករក្នុងគ្រួសារ ឈ្លោះប្រកែក អំពើហឹង្សា ឬការលែងលះគ្នាជាដើម។​ មួយវិញទៀត មាតាបិតាត្រូវទុកដាក់ខ្លួនឲ្យសមតាមឋានៈជាមាតាបិតាប្រកបដោយគតិធម៌ដ៏ឧត្តុង្គឧត្តម និងគប្បីធ្វើខ្លួនឲ្យជាអាជ្ញាកណ្តាល ឬចៅក្រម រងចាំមើលការខុសត្រូវរបស់កូន និងជួយកែតម្រូវកូនៗ។
ខ/. មាតាបិតាក្មេក​​
          មាតាបិតាក្មេកគឺជាកម្លាំងចលករមួយដ៏សំខាន់ ដែលអាចញុំាងឲ្យគូស្វាមីភរិយាថ្មោងថ្មីរស់នៅជាមួយគ្នាដោយរលូន ឬល្អកកករ ប្រេះឆាបាន។ យើងដឹងហើយថា គូភរិយាស្វាមីដែលទើបរៀបការថ្មី ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់អាចសង់ផ្ទះសម្បែងដោយខ្លួនឯងបានឡើយ គេជៀសមិនរួចពីការសុំស្នាក់អាស្រ័យនៅជាមួយឪពុកម្តាយខាងស្រី ឬខាងប្រុសដោយខានពុំបានឡើយ។ ហេតុនេះហើយមាតាបិតាក្មេកត្រូវទទួលបន្ទុកបន្ថែមច្រើនជាងមុនទៅលើការគ្រប់គ្រងបីបាច់ថែរក្សាកូន និងកូនប្រសារ។ បន្ទុកដ៏ធ្ងន់នេះ អាចនាំផលលំបាកច្រើនជាង ផលល្អ ដែលពេលខ្លះជាហេតុចម្បងបណ្តាលឲ្យមានការធុញទ្រាន់ ទើសទាល់ និងការឈ្លោះប្រកែកគ្នាជាក់ជាមិនខាន។
          បើក្រឡេកទៅមើលសង្គមបច្ចុប្បន្ន គេឃើញជារឿយៗ អំពើហឹង្សាតែងកើតឡើងដោយ ការប្រច័ណ្ឌ ការស្អប់ ការមើលងាយគ្នា និងការលែងលះគ្នាក្នុងរង្វង់គ្រួសារច្រើនតែកើតចេញពីការយល់ច្រឡំ ការធុញទ្រាន់ ការប្រច័ណ្ឌនិងការរើសអើងរបស់ឪពុកម្តាយក្មេកទៅលើកូនប្រសារខ្លួន ​ដោយមិនបានគិតពិចារណាឲ្យបានល្អិតល្អន់ពួកគាត់ចេះតែជឿពាក្យចាក់រុករបស់អ្នកដទៃ ឃើញសជាខ្មៅ ខ្មៅជាស ធ្វើឲ្យកូនចៅបែកបាក់គ្នា។ដូច្នេះ ដើម្បីជៀសវាងអំពើឈ្លោះប្រកែក ការរើសអើងគ្នា ការមិនទុកចិត្តគ្នា តម្រូវឲ្យមានការចូលរួមពីសំណាក់លោកឪពុក អ្នកម្តាយក្មេកជាចាំបាច់ក្នុងផ្សះផ្សាសង្គមគ្រួសារ។ មាតាបិតាក្មេកគប្បីឈរជាអាជ្ញាកណ្តាលរងចាំកែត្រូវ ជួយដោះទុក្ខលំបាកកូនៗ មិនត្រូវលំអៀងទៅខាងណាមួយឡើយ ហើយត្រូវទុកដាក់ខ្លួនឲ្យត្រូវតាមឋានៈជាមាតាបិតាក្មេកប្រកបដោយក្តីសន្តោសនោះ ត្រេកអរនឹងភាពធំធាត់រីកចម្រើនរបស់គ្រួសារកូនៗ។
ខាងក្រោមនេះយើងសូមលើកយកគោលការណ៍ខ្លះៗសម្រាប់មាតាបិតាក្មេកទុកជាមគ្គុទេសប្រតិបត្តិចំពោះខ្លួនឯង កូន និងកូនប្រសា៖
-       មាតាបិតាក្មេកមិនត្រូវរើសអើងកូនប្រសា ថាសឬខ្មៅ ខ្ពស់ឬទាបឡើយ តែគួរស្រឡាញ់តាមការសម្រេចចិត្តរបស់កូនខ្លួន។
-       គប្បីជាអ្នកយល់អាធ្យាស្រ័យ សន្តោសឲ្យធ្ងន់ មិនមែនជាអ្នកងាយខឹង ងាយជឿពាក្យគេឡើយ។
-       បង្រៀនកូនប្រសាឲ្យដឹង ឬស្គាល់ពីទម្លាប់របស់ខ្លួនដែលធ្លាប់ធ្វើក្នុងគ្រួសារងាយស្រួសដល់កូនប្រសាបដិត្តតាម និងជៀសវាងការធុញទ្រាន់ និងកំហុស។
-       មាតាបិតាមិនគួរគប្បីមើលឃើញតែមាសប្រាក់ យសក្តិកូនប្រសាដោយមិនបានស្គាល់ពីចរិតឫកពារបស់គេឡើយ ត្រូវជ្រើសរើសកូនប្រសាដោយយកចំណេះជំនាញជាធំ។
-       មិនគួរគប្បីរំពឹងការផ្គាប់ផ្គុន បម្រើទឹកក្តៅ ទឹកត្រជាក់ពីកូនប្រសាច្រើនពេកទេ តែជាអ្នកងាយគេចូលទៅបតិបត្តិ។
-       ត្រូវធ្វើខ្លួនជាជំនួយការរបស់កូនៗ ពេលពួកគេជួបបញ្ហាដែលហួសពីសមត្ថភាព
-       មិនត្រូវសេពគប់ជនជាអសប្បុរសដែលបណ្តាលឲ្យកូនអស់សង្ឃឹម ខ្មាស់ញាតិ ឬអ្នកជិតខាងគេមើលងាយមើលថោក។
-       មិនត្រូវប្រើពាក្យអសុរោះមានៈ ឯង អញ អា ហ្នង ជាដើម ចំពោះកូនចៅនោះទេ ព្រោះវាជាគំរូមិនល្អដល់កូនចៅ ឬពូជពង្ស។
-       មិនត្រូវជាមាតាបិតាដែលមានចរិករឹងរូស រឹងត្អឹង (អភិរ័ក្សពេក) ចំពោះវប្បធម៌ប្រពៃណីពេកទេ ត្រូវយល់អំពីការវិវត្តន៍របស់សង្គម។
-       មាតាបិតាក្មេកត្រូវតាំងចិត្តថា​​ អាត្មាអញត្រូវស្រឡាញ់កូនប្រសារឲ្យដូចជាកូនបង្កើតរូបស់ខ្លួន ។
-       មាតាបិតាក្មេកត្រូវតាំងចិត្តថា អញត្រូវមានព្រហ្មវិហារធម៌ទៅលើកូនប្រសារ។
-       មាតាបិតាក្មេកមិនត្រូវចោទប្រកាន់ចំពោះកូនប្រសារដោយគ្រាន់តែឮពាក្យ របស់កូនខ្លួនឯងមកទួពិតនោះទេ គឺត្រូវចេះសង្កេតពិនិត្យមើល និងថ្លឹងថ្លែងឲ្យបានច្បាស់លាស់សិន ចាំជឿ ។
-       មាតាបិតាត្រូវចេះលើកសរសើរកូនប្រសារទាំងនៅចំពោះមុខ និងនៅក្នុងទីប្រជុំជន ។
-       មាតាបិតាក្មេកត្រូវចេះជួយចែករំលែកសេចក្តីទុក្ខ នៅពេលដែលកូនប្រសារ មកសុំពឹងពាក់ គឺត្រូវជួយឲ្យអស់ពីលទ្ធភាពរបស់ខ្លួន។
-       មាតាបិតាក្មេកត្រូវឧស្សាហ៍ផ្តល់ដំបូន្មានដល់កូនប្រសារឲ្យចេះស្រឡាញ់គ្នា ចេះជួយរកស៊ីគ្នា ត្រូវមានអព្យាស្រ័យល្អដល់គ្នាទៅវិញទៅមក ។
គោលធម៌ខាងលើនេះ គឺជាមាគ៌ាដែលមាតាបិតាក្មេកគួរគប្បីយកមកសិក្សាត្រិះរិះពិចារណាសម្រាប់ជាឧត្តមប្រយោជន៍ដល់ខ្លួននិងកូនប្រុសស្រី។ គោលចំណុចទាំងនេះ បើមាតាបិតាយកចិត្តទុកដាក់រៀនសូត្រ អប់រំកាយចិត្ត និងខិតខំអនុវត្តឲ្យបានរឿយៗ នោះលទ្ធផលគាប់ចិត្ត សុភមង្គលកើតមានចំពោះក្រុមគ្រួសារជាក់ជាពុំខានឡើយ។


[1] Ven. K. Sri Dhammananda, ‘A Happy Married Life’ A Buddhist Perspective, http://www.accesstoinsight.org/lib/authors/dhammananda/marriage.html#ch4 accessed 05 November 2011
[2] Ibid
[3] Ibid
[4]Buddhist Ceremonies ‘Personal Marriage Ceremonies,’ <http://www.buddhanet.net/funeral.htm> accessed 06 November 2011
[5]Buddhist Ceremonies ‘Personal Marriage Ceremonies,’ <http://www.buddhanet.net/funeral.htm> accessed 06 November 2011
[6]គូ សុភាព
[7]ដកស្រងចេញពី លោកនីតិ
[8]ឥន្ទបញ្ញោភិក្ខុ ហ មណីចិន្តា ជីវិតអាពាហ៍ពិពាហ៍ ទំព័រ ៣២
[9]បណ្ឌិត ហ. មណីចិន្តា ជីវិតអាពាហ៍ពិពាហ៍ បោះពុម្ភលើកទី៤ ការផ្សាយរបស់ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ព.ស២៥៤៣ គ.ស១៩៩៩ទំព័រ ២៨-៣១
[10]ច្បាប់ព្រះរាជសម្ភារ កវីសតវត្ស៍ទី១៧
[11]Seven Habits by ....
[12]អគ្គបណ្ឌិត ប៊ុតសាវង្ស ម៉ែ ទំព័រ ៧
[13]ញាតិពលី គឺបានដល់ការសង្រ្គោះញាតិទូទៅភិក្ខុ សេង សុភ័ណ ធម្មនុញ្ញជីវិត ទំព័រ ៦២ ព.ស២៥៤៧ គ.ស២០០៣
[14]នួន សុធិមន្ត អាថ៌កំបាំងសម្រាប់ជោគជ័យក្នុងជីវិត ទំព័រ ៨១ គ.ស ២០០៥
[15]បរាភវសូត្រ
[16]សុត្តន្តបិដក លេខ ១៦ ត្រង់មហានិព្វានសូត្រ ទំព័រ២៥៧
[18]កម្ពុជសុរិយា ឆ្នាំទី៤៨ លេខ ៣ ខែ កក្កដា សីហា កញ្ញា ព.ស ២៥៣៨ គ.ស ១៩៩៤ (ទំព័រ ៩)
[19]វិន័យបិដក លេខ...

No comments:

Post a Comment