វិធីសាស្រ្តពុទ្ធសាសនាដើម្បីប្រើប្រាស់នៅក្នុងជីវិត - Business Buddhism

Website

វិធីសាស្រ្តពុទ្ធសាសនាដើម្បីប្រើប្រាស់នៅក្នុងជីវិត

ចែករំលែកចំណេះដឹង

 

នៅវេលារាត្រីនេះយើងនឹងនិយាយអំពីរបៀបប្រើប្រាស់វិធីសាស្រ្តពុទ្ធសាសនាដើម្បីជួយយើងនៅក្នុងជីវិតប្រចាំថ្ងៃ។ នៅពេលណាយើងនិយាយអំពីវិធីសាស្រ្តពុទ្ធសាសនាឬការបង្រៀនពុទ្ធសាសនា(ធម៌) ពាក្យជាភាសាសំស្រ្កឹតគឺ«ធម៌»។ ប្រសិនបើយើងក្រឡេកមើលថាតើពាក្យធម៌នេះមានអត្ថន័យយ៉ាងណា គឺមានន័យថា «ជាគ្រឿងទ្រទ្រង់ការពារ» ធម៌ជាគ្រឿងដែលជួយទ្រទ្រង់ការពារយើងពីសេចក្តីទុក្ខនិងបញ្ហា។ 

អរិយសច្ចបួន

ធម៌ដែលសម្មាសម្ពុទ្ធបង្រៀនលើកដំបូងគឺជាធម៌ដែលគេស្គាល់ថាជា «អរិយសច្ចបួន» ជាសច្ចៈបួនយ៉ាង គ្រប់បុគ្គលដែលបានសម្រេចធម៌ជាន់ខ្ពស់ទាំងអស់គេសុទ្ធតែយល់ថាសច្ចៈទាំងបួនយ៉ាងនេះគឺពិតជាត្រឹមត្រូវ សច្ចៈទាំងបួនយ៉ាងនេះគឺ៖ 

  • ទុក្ខឬបញ្ហាពិតដែលខ្លួនកំពុងតែជួបប្រទះ។
  • មូលហេតុពិតរបស់វា។
  • តើវាល្អយ៉ាងណាទៅប្រសិនបើមានការបញ្ឈប់ពិតនៃទុក្ខឬបញ្ហាទាំងអស់នោះ ដើម្បីកុំឲ្យខ្លួនមានបញ្ហាតទៅទៀត។
  • វិធីឬមាគ៌ានៃការគិត ការប្រព្រឹត្តជាដើមនោះនឹងនាំទៅរកការបញ្ឈប់ពិតនៃរាល់បញ្ហានិងទុក្ខរបស់ខ្លួន។

ទុក្ខឬបញ្ហាពិតរបស់ខ្លួន

ពុទ្ធសាសនាមានធម៌ច្រើនណាស់ដែលបកស្រាយអំពីទុក្ខនិងបញ្ហា និងអំពីវិធីសាស្រ្តដើម្បីទប់ទល់ជាមួយវាផងដែរ។ ជាការពិតរាល់ការបង្រៀនរបស់សម្មាសម្ពុទ្ធទាំងអស់(ធម៌)គឺមានបំណងដើម្បីជួយយើងឲ្យយកឈ្នះលើសេចក្តីទុក្ខនិងការលំបាកនានានៅក្នុងជីវិត។ វិធីសាស្រ្តទាំងអស់នោះគឺសុទ្ធសឹងតែជាវិធីសាស្រ្តដែលមានហេតុផល និងសាមញ្ញបំផុត។ ដោយបានលើកឡើងថារាល់បញ្ហាអ្វីក៍ដោយក្តីដែលខ្លួនមាន គឺវាកើតឡើងពីហេតុផ្សេងៗ។ បើដូច្នេះយើងចាំបាច់ត្រូវតែក្រឡេកមើលលើខ្លួនឯងដោយភាពស្មោះត្រង់ និងស៊ីជម្រៅ ដើម្បីមើលឲ្យឃើញថាតើការលំបាកទាំងអស់នោះជាអ្វីឲ្យប្រាកដដែលខ្លួនកំពុងតែច្រឈមនេះ។ តែសំរាប់មនុស្សភាគច្រើន កិច្ចនេះគឺមិនមែនជាកិច្ចដែលងាយស្រួលធ្វើទេ។ ជាការពិតវាគឺជាការឈឺចាប់បំផុតដែលខ្លួនត្រូវតែសំលឹងមើលមកលើខ្លួនឯងវិញដើម្បីរកឲ្យឃើញថាតើទុក្ខឬបញ្ហានៅក្នុងជីវិតរបស់ខ្លួននោះឋិតនៅត្រង់ណាហើយជាអ្វីឲ្យប្រាកដ។ មានមនុស្សច្រើនណាស់ដែលគេបដិសេធមិនទទួលស្គាល់រឿងនេះទេ។ គេនឹងមិនសារភាពថាខ្លួនគេមានបញ្ហាឬមានទុក្ខអ្វីនោះទេ - ឧបមាថា៖ការឋិតនៅក្នុងទំនាក់ទំនងជីវិតជាគូដែលមិនល្អ - ប៉ុន្តែបើសូម្បីគេសោយនូវសេចក្តីទុក្ខយ៉ាងណាក៍ដោយ។ ប៉ុន្តែយើងមិនត្រូវទុកវាចោលឲ្យនៅត្រឹមតែកំរិតសាមញ្ញដែលថា «អញមិនសប្បាយ»តែម៉្យាងនេះទេ តែយើងត្រូវតែស្វែងយល់ឲ្យបានស៊ីជម្រៅថាតើបញ្ហាពិតប្រាកដជាអ្វី។ 

មូលហេតុពិតនៃបញ្ហាឬទុក្ខរបស់ខ្លួន

កិច្ចបន្ទាប់យើងចាំបាច់ត្រូវតែស្វែងយល់ឲ្យបានច្បាស់ថាតើមូលហេតុនៃបញ្ហារបស់ខ្លួនជាអ្វីឲ្យប្រាកដ។ បញ្ហាឬទុក្ខវាមិនចេះតែកើតឡើងដោយឯកឯង ដោយគ្មានមូលហេតុអ្វីសោះនោះទេ។ វាត្រូវតែមានហេតុ ហើយពិតណាស់មានមូលហេតុនិងកត្តាច្រើនបែបច្រើនយ៉ាងណាស់រួមគ្នាដើម្បីបង្កើតឲ្យស្ថានភាពដែលមិនមែនជាទីបីតិមួយកើតឡើងបាន(មិនជាទីគាប់ចិត្ត)។ ឧបមាថា៖ នៅពេលមានជម្លោះដោយសារអត្តចរិតខុសគ្នា(personality conflict)កើតឡើងនៅក្នុងទំនាក់ទងនោះ វាអាចបណ្តាលមកពីកត្តាឬហេតុស្មុគស្មាញផ្សេងៗដ៍ទៃទៀត ដោយសារបញ្ហាសេដ្ឋកិច្ច - មិនមានលុយកាក់គ្រប់គ្រាន់ជាដើម - បញ្ហាកូន ឬបញ្ហាសាច់ញាតិជាដើម។ សរុបទៅអាចមានហេតុនិងបច្ច័យជាច្រើនដែលរួមចំណែកនៅក្នុងបញ្ហានោះ។ ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គបានប្រាប់ដល់យើងថា យើងត្រូវតែមុជឲ្យជ្រៅដើម្បីស្វែងរកឲ្យឃើញថាតើមូលហេតុនៃបញ្ហារបស់ខ្លួនជាអ្វីឲ្យប្រាកដ ពោលមូលហេតុពិតដ៍សែនជ្រៅរបស់ខ្លួនគឺជាមោហៈ សេចក្តីវង្វែងភ័ន្តមិនយល់សច្ចពិត។ 

យើងមានទុក្ខមិនសប្បាយ មានការឈឺចាប់ ហើយជាការពិតប្រការទាំងអស់នោះគឺកើតឡើងពីហេតុភេទផ្សេងៗ។ ឧបមា៖ខ្លួនអាចប្រព្រឹត្តទង្វើមិនគប្បីឬអកុសលណាមួយជាដើម - ប្រកបដោយចិត្តទោសៈ។ គ្មានបុគ្គលណាម្នាក់គេសប្បាយចិត្តទេកាលណាខ្លួនឋិតនៅក្នុងសភាពទោសៈបែបនេះនោះ មែនអត់? បើដូច្នេះយើងត្រូវតែទទួលស្គាល់ថាទោសៈនេះបង្កក្តីទុក្ខមិនសប្បាយដល់ខ្លួន ហើយខ្លួនត្រូវតែកម្ចាត់បង់ទោសៈនេះចោលតាមវិធីណាមួយ។ 

ទុក្ខឬបញ្ហារបស់យើងដែលធ្វើឲ្យយើងមិនសប្បាយចិត្តអាចកើតឡើងមកពីខ្លួនមានចិត្តគិតព្រួយបារម្ភគ្រប់ពេលវេលាមិនលែង។ ក្តីព្រួយបារម្ភគឺជាសភាពទោមនស្សនៃមនោ(ចិត្ត)។ គ្មានបុគ្គលណាម្នាក់គេសប្បាយចិត្តទេកាលណាខ្លួនគិតព្រួយបារម្ភរហូតបែបនេះនោះ មែនទេ? សន្តិទេវៈ ជាមហាថេរៈជាតិឥណ្ឌាមួយរូប ព្រះអង្គបានលើកឡើងថា ប្រសិនបើខ្លួនឋិតនៅក្នុងស្ថានភាពលំបាក ដែលខ្លួនអាចធ្វើកិច្ចអ្វីមួយដើម្បីកែប្រែវាបាន ហេតុអ្វីត្រូវគិតព្រួយបារម្ភ? គ្រាន់តែកែប្រែវាទៅជាការស្រេច ហើយអាការគិតព្រួយបារម្ភនេះគ្មានប្រយោជន៍អ្វីដល់ខ្លួនទេ។ បើគ្មានកិច្ចអ្វីដែលអាចកែប្រែស្ថានភាពនោះបានទេ ហេតុអ្វីត្រូវគិតព្រួយបារម្ភ? អាការគិតព្រួយបារម្ភនេះក៍មិនអាចជួយអ្វីបានដែរ។ បើដូច្នេះយើងមានមោហៈ(វង្វែងភ័ន្តមិនយល់ពិត)អំពីភាពឥតប្រយោជន៍នៃការគិតព្រួយបារម្ភ ហើយខ្លួននៅតែបន្តគិតបែបនេះតទៀត។ ខ្លឹមសារសំខាន់នៅត្រង់នេះគឺថា គ្មានអត្ថប្រយោជន៍ពីការគិតព្រួយបារម្ភនេះទេ។ 

បន្ទាប់មកយើងមានប្រភេទបញ្ហាផ្សេងទៀត ជាបញ្ហាដែលកើតឡើងពីចិត្ត ការមិនមានក្តីបីតិចំពោះអ្វីមួយទាំងអស់។ យើងសោយនូវពេលវេលាសប្បាយ(សុខ) ពិតណាស់ជាអកុសលពេលវាលាល្អនោះមិនឋិតឋេរគង់វង្សទេ ហើយខ្លួនប្រាថ្នាចង់បានវាច្រើនថែមទៀត ចិត្តខ្លួនមិនដែលមានសេចក្តីបីតិនោះទេ។ យើងមិនមានចិត្តបីតិនឹងការបរិភោគអាហារដែលខ្លួនចូលចិត្តតែមួយដងនោះទេ មែនអត់? យើងចង់ញ៉ាំហើយញ៉ាំទៀតមិនឈប់។ ហើយប្រសិនបើខ្លួនញ៉ាំវាច្រើនហួសប្រមាណនៅក្នុងពេលតែមួយនោះ នោះសេចក្តីសុខដែលខ្លួទទួលបានកាលពីវិនាទីដំបូងនឹងប្រែទៅជាការឈឺពោះទៅវិញ។ បើដូច្នេះយើងមានការយល់ច្រឡំអំពីប្រភេទនៃក្តីសុខប្រភេទនេះ។ ជាជាងត្រេកអរសប្បាយនឹងសភាពពិតរបស់វា និងទទួលស្គាល់ថាវានឹងមិនឋិតនៅជារៀងរហូតហើយវានឹងមិនមែនជាសេចក្តីបីតិទេ ខ្លួនស្រាប់តែគិតប្រកាន់មាំមិនលែងចំពោះវា(មានចិត្តជាប់ជំពាក់)។ ហើយយើងក៍បាត់បង់ក្តីសុខនោះទៅ ដែលធ្វើឲ្យខ្លួនមិនសប្បាយ(មិនសុខ)។ 

ប្រៀបដូចខ្លួនឋិតនៅជាមួយមិត្តជាទីស្រលាញ់ឬជាមួយមនុស្សជាទីស្រលាញ់របស់ខ្លួន ហើយក្រោយមកស្រាប់តែពួកគេបានចាកចេញពីខ្លួនទៅ។ ពិតណាស់ពួកគេនឹងចាកចេញពីយើងទៅនៅក្នុងគ្រាណាមួយពុំខាន បើដូច្នេះយើងត្រូវតែត្រេកអររីករាយនឹងពេលវេលាដែលខ្លួនកំពុងមានជាមួយគេ។ មានរូបភាពដ៍ស្រស់ស្អាតមួយដែលយើងយកមកប្រើនៅពេលខ្លះ។ នៅពេលមានបុគ្គលល្អអស្ចារ្យណាម្នាក់ដែលខ្លួនស្រលាញ់គេចូលមកក្នុងជីវិតខ្លួន គេប្រៀបដូចជាសត្វបក្សីព្រៃដែលហើរមកទុំនៅលើបង្អួចដូច្នោះដែរ។ នៅពេលដែលសត្វបក្សីព្រៃវាហើរមកទុំនៅលើបង្អួចរបស់ខ្លួន យើងអាចត្រេកអរសប្បាយរីករាយនឹងវត្តមានរបស់វា ប៉ុន្តែមិនយូរមិនឆាប់សត្វបក្សីព្រៃនោះនឹងហើរត្រឡប់ទៅវិញ ពិតណាស់ដោយសារតែវាជាសត្វដែលមានសេរីភាព។ ហើយប្រសិនបើយើងជាមនុស្សដែលមានចិត្តល្អ មេត្តា សត្វនោះអាចហើរមកវិញម្តងទៀត។ ផ្ទុយទៅវិញប្រសិនបើយើងចាប់វាដាក់ក្នុងទ្រុង សត្វបក្សីព្រៃនោះនឹងមិនមានចិត្តសប្បាយទេ ហើយវាអាចស្លាប់ផងក៍ថាបាន។ ភាពស្រដៀងគ្នានេះដែរ មនុស្សទាំងអស់នោះគេចូលមកក្នុងជីវិតរបស់ខ្លួនប្រៀបដូចជាសត្វបក្សីព្រៃដ៍ស្រស់ស្អាតនេះដែរ កិច្ចដែលប្រសើរបំផុងដែលខ្លួនត្រូវធ្វើ គឺត្រូវត្រេកអររីករាយសប្បាយជាមួយនឹងពេលវេលាល្អដែលខ្លួនមានជាមួយនឹងគេ។ នៅពេលគេទៅឆ្ងាយពីខ្លួនដោយហេតុផលណាមួយនិងដោយមានរយៈពេលយូរយ៉ាងណាក្តី - ពិតណាស់រឿងនេះពិតជាកើតឡើងមែន។ ប្រសិនបើយើងមានចិត្តមិនតឺងតែងនិងមានចិត្តស្ងប់អំពីប្រការនេះ កុំលោភពេក - «សូមកុំចាកចេញពីខ្ញុំអី ខ្ញុំមិនអាចរស់ដោយគ្មានអ្នកបានទេ» ប្រភេទនេះជាដើម - នោះគេអាចត្រឡប់មករកយើងវិញ។ ប្រសិនបើគេមិនត្រឡប់មកវិញទេ ការមានចិត្តឧបាទាន និងរត់ទៅទាមទារឲ្យគេត្រឡប់មកវិញគឺ កាន់តែធ្វើឲ្យគេរត់ចាកចេញឆ្ងាយពីយើងថែមទៀតតែប៉ុណ្ណោះ។ 

នៅពេលខ្លួនមានចិត្តវង្វែងភ័ន្តមិនយល់អំពីធម្មជាតិពិតនៃសេចក្តីសុខសាមញ្ញ និងភាពសុខស្រួលរបស់ខ្លួននៅក្នុងជីវិតទេ ពិតណាស់យើងច្បាស់ជាមានបញ្ហា។ យើងមិនអាចសូម្បីតែការរីករាយនឹងពេលវេលាល្អដែលខ្លួនមានផង ដោយសារតែខ្លួនគិតខ្លាច គិតព្រួយបារម្ភថាខ្លួននឹងបាត់បង់វាទៅវិញ។ ពេលខ្លះមនុស្សយើងប្រៀបដូចជាសត្វសុនខមួយក្បាលដែលឋិតនៅជិតចានបាយរបស់ខ្លួនដូច្នោះដែរ -សត្វសុនខនៅពេលវាកំពុងស៊ីបាយ វាស៊ីបណ្តើរវាសំលឺងមើលនិងគ្រហឹមបណ្តើរ ដើម្បីកុំឲ្យគេមកដណ្តើមចំណីពីខ្លួន។ ពេលខ្លះមនុស្សយើងគឺបែបហ្នឹង មែនអត់ ជាជាងសប្បាយរីករាយនឹងអ្វីដែលខ្លួនមាន ហើយទទួលស្គាល់ថាពេលវាចប់ គឺចប់។ ប៉ុន្តែពិតណាស់រឿងនេះគឺមិនមែនជារឿងដែលសាមញ្ញដូចយើងនិយាយទេ - សូម្បីតែការស្តាប់ឮក៍មិនមែនជារឿងសាមញ្ញដែរ - តែវាទាមទារឲ្យមានការហ្វឹកហាត់បដិបត្តិ ទម្លាប់ខ្លួនគិតតាមវិធីសាស្រ្តផ្សេងៗនៃការយល់ឃើញអំពីកិច្ចអ្វីផ្សេងៗនៅក្នុងជីវិត។ 

ការបញ្ឈប់ពិតនៃបញ្ហាឬទុក្ខរបស់ខ្លួន

ព្រះសម្មាសម្ពុទ្ធបានសំដែងថា(បង្រៀន)យើងអាចបញ្ឈប់បញ្ហាឬទុក្ខរបស់ខ្លួនកុំឲ្យវាកើតឡើងជារៀងរហូតបាន ហើយវិធីសាស្រ្តដើម្បីសម្រេចកិច្ចនេះបានគឺត្រូវកម្ចាត់បង់ហេតុពិតរបស់វាចោលជាមុនសិន។ នោះគឺជាវិធីសាស្រ្តដែលមានហេតុផលបំផុត។ ប្រសិនបើអ្នកកម្ចាត់បង់សាំងឬព្រេងចោល នោះវាលែងមានការឆេះអ្វីទៀតហើយ។ ព្រះអង្គបានលើកឡើងទៀតថា យើងពិតជាអាចធ្វើបាន ពិតជាអាចកម្ចាត់បង់បញ្ហាឬទុក្ខរបស់ខ្លួនបាន ដើម្បីកុំឲ្យវាកើតឡើងជាថ្មីជារៀងរហូត។ 

យើងមិនចង់បានក្តីបីតិ(ពេញចិត្ត)នឹងសេរីភាពបណ្តោះអាសន្នពីបញ្ហាទាំងអស់នោះតែម៉្យាងទេ ត្រូវទេ? ពោលវាប្រៀបដូចជាការចូលដេកដូច្នោះដែរ - ពេលអ្នកកំពុងតែដេកលក់ អ្នកមិនមានបញ្ហាឬទុក្ខដែលកើតឡើងពីទំនាក់ទំនងអ្វីនោះទេ។ បើដូច្នេះនោះគឺមិនមែនជាដំណោះស្រាយនោះទេ ដោយសារថានៅពេលខ្លួនភ្ញាក់ពីដំណេក បញ្ហានៅតែកើតមានដដែល។ ប្រៀបដូចពេលដែលអ្នកធ្វើដំណើរកំសាន្តហូលីដេ ប៉ុន្តែអ្នកត្រូវតែត្រឡប់មកផ្ទះខ្លួនវិញ នៅពេលអ្នកមកដល់ផ្ទះវិញ បញ្ហានៅមានដដែល។ បើដូច្នេះការធ្វើដំណើរហូលីដេក៍មិនមែនជាដំណោះស្រាយដ៍ប្រសើរ និងមានរយៈពេលយូរដែរ។ 

ហើយព្រះសម្មាសម្ពុទ្ធព្រះអង្គក៍មិនបានប្រាប់យើងឲ្យបិទមាត់កុំនិយាយអ្វីសោះ ត្រូវទទួលយកទុក្ខរបស់ខ្លួននិងត្រូវរស់នៅជាមួយវានោះក៍ទេដែរ ពីព្រោះថានោះគឺមិនមែនជាដំណោះស្រាយល្អដែរ មែនទេ? ពីព្រោះថាប្រការនេះនឹងធ្វើឲ្យខ្លួនគិតថាខ្លួនគ្មានទីពឹងអ្វីទេ - ពោលគឺគិតថាគ្មានអ្វីដែលខ្លួនអាចធ្វើបានទេ ដែលធ្វើឲ្យខ្លួនបោះបង់ចោល មិនព្យាយាមអ្វីកិច្ចអ្វីសោះ។ ជាធុរៈដ៍សំខាន់បំផុត យើងត្រូវតែព្យាយាមយកឈ្នះលើបញ្ហានិងក្តីទុក្ខរបស់ខ្លួនឲ្យបាន។ បើសូម្បីខ្លួនធ្វើទៅមានការរីកចម្រើនតិចតួចយ៉ាងណាក្តី តែយ៉ាងហោចណាស់យើងដឹងថាខ្លួនបានខិតខំព្យាយាមហើយ។ 

វិធីសាស្រ្តឬមាគ៌ាដើម្បីបញ្ឈប់បញ្ហាឬទុក្ខរបស់ខ្លួនកុំឲ្យកើតឡើង

ប៉ុន្តែប្រសិនបើយើងប្រាថ្នាចង់សម្រេចបាននូវការបញ្ឈប់ពិតនៃបញ្ហាទាំងអស់របស់ខ្លូន នោះមានសច្ចពិតទីបួនដែលព្រះសម្មាសម្ពុទ្ធបានសំដែង(បង្រៀន) ពោលគឺយើងត្រូវតែប្រតិបត្តិតាមវិធីសាស្រ្តឬមាគ៌ាពិតដើម្បីឲ្យខ្លួនទទួលបានការយល់ដឹងត្រូវ ដើម្បីអាចកម្ចាត់បង់នូវហេតុពិតដ៍សែនជ្រៅ ពោលគឺមោហៈរបស់ខ្លួននេះឯង។ ប៉ុន្តែការមានការយល់ដឹងត្រូវតែម៉្យាងគឺមិនគ្រប់គ្រាន់ទេ បើសិនខ្លួនមិនអាចចងចាំវានៅក្នុងចិត្តបានគ្រប់ពេលវេលាទេនោះ បើដូច្នេះយើងចាំបាច់ត្រូវតែប្រតិបត្តិចម្រើនសតិ។ ប៉ុន្តែដើម្បីឲ្យមានសតិដើម្បីឲ្យខ្លួនអាចចងចាំ និងអាចរក្សាការផ្តោតសតិនឹងការយល់ដឹងត្រូវ(សម្មាទិដ្ឋិ) នោះយើងត្រូវតែមានសីល(វិន័យប្រចាំខ្លួន)។ បើដូច្នេះវិធីសាស្រ្តពុទ្ធសាសនាទូទៅ ដែលយើងយកមកប្រើប្រាស់ដើម្បីការពារខ្លួនពីបញ្ហានានាគឺត្រូវប្រតិបត្តិតាមធម៌ទាំងបីនេះគឺសីល សមាធិនិងប្រាជ្ញា។ 

លើសពីនេះទៅទៀតបញ្ហាដ៍ធំបំផុតមួយនៃបញ្ហានានារបស់ខ្លួន គឺជាគំនិតអាត្មានិយមរបស់ខ្លួននេះឯង។ ភាគច្រើននៃការគិតអាត្មានិយមរបស់ខ្លួនគឺផ្អែកលើមោហៈ ក្តីវង្វែងភ័ន្តមិនយល់សភាវៈពិត ពីព្រោះថាពេលខ្លះឬដោយប្រការណាមួយនោះខ្លួនគិតថាខ្លួនគឺជាមនុស្សតែម្នាក់គត់កើតឡើងនៅលើពិភពលោកនេះ(គិតថាខ្លួនជាមនុស្សសំខាន់បំផុតលើសគេ) បើសូម្បីខ្លួនដឹងថាគេក៍មានអត្ថិភាពដែរយ៉ាងណាក្តី តែយើងនៅតែគិតថាខ្លួនជាមនុស្សដែលសំខាន់បំផុតនៅក្នុងចក្រវាឡទាំងមូលនេះ។ ដោយសារតែការគិតយល់ច្រឡំនោះហើយ ដែលធ្វើឲ្យខ្លួនគិតថា «គេត្រូវតែធ្វើតាមអញ អញត្រូវតែបាននូវអ្វីដែលអញចង់បាន» បើគេមិនធ្វើតាមខ្លួនទេ នោះខ្លួននឹងមិនសប្បាយចិត្តទេ។ 

ប៉ុន្តែនោះគឺជាការគិតមោហៈចំពោះសភាវៈពិត ពីព្រោះថាគ្មានអ្វីដែលពិសេសចំពោះពាក្យថាអត្តភាពនៅក្នុងន័យនោះទេ។ មនុស្សយើងគ្រប់រូបគឺមានសភាពស្មើគ្នាទាំងអស់នៅក្នុងន័យថាមនុស្សគ្រប់រូបគេប្រាថ្នាចង់បានក្តីសុខ គ្មានបុគ្គលណាម្នាក់គេប្រាថ្នាចង់បានក្តីទុក្ខឬបញ្ហាឡើយ។ មនុស្សគ្រប់រូបចង់បានអ្វីដែលខ្លួនប្រាថ្នាចង់បាន ហើយគ្មាននរណាម្នាក់គេមិនប្រាថ្នាចង់បាននូវអ្វីដែលខ្លួនប្រាថ្នាចង់បាននោះទេ។ បើដូច្នេះយើងត្រូវតែបន្ថែមក្តីករុណានិងមេត្តា និងការគិតពិចារណាដល់មនុស្សឯទៀត និងត្រូវមានសមត្ថភាពនៅក្នុងវិធីសាស្រ្តដើម្បីយកឈ្នះលើបញ្ហា និងដើម្បីការពារទប់ស្កាត់វាកុំឲ្យកើតឡើងជាថ្មី។ ដូចដែលខ្លួនប្រាថ្នាចង់ឲ្យគេជួយដល់ខ្លួន ភាពស្រដៀងគ្នានេះដែរគេក៍ប្រាថ្នាចង់ឲ្យយើងជួយដល់គេដែរ។ 

ទប់ទល់ជាមួយនឹងពពួកអារម្មណ៍រំខានសៅហ្មង(កិលេស)

ជាការពិតមិនមែនមនុស្សគ្រប់រូបគេសុទ្ធតែជាព្រះអរហន្តឬជាពោធិសត្វៈនោះទេ នោះគឺជាការពិត។ មនុស្សម្នាក់ៗគេមានកំរិតនៃមោហៈខុសៗគ្នា។ ដោយសារចិត្តពោរពេញដោយមោហៈ យើងប្រព្រឹត្តទង្វើផ្សេងៗឋិតនៅក្រោមឥទ្ធិពលនៃកិលេស។ ឧបមាថា៖ប្រសិនបើខ្ញុំគិតថាខ្លួនជាមនុស្សសំខាន់បំផុតដែលឋិតនៅចំកណ្តាលចក្រវាឡ នោះអារម្មណ៍ឬចេតសិកដែលកើតឡើងព្រមគ្នាជាមួយនឹងការគិតបែបនេះនោះគឺជាអាម្មណ៍អសុវត្ថិភាព ត្រូវទេ? នៅពេលខ្លួនគិតវង្វែង(មោហៈ)មានអារម្មណ៍អសុវត្ថិភាព ហើយខ្លួនគិត «ពិតណាស់អញគួរតែជាមនុស្សដែលសំខាន់បំផុត តែមនុស្សគេហាក់មិនចាត់ទុកអញថាជាមនុស្សបែបនេះសោះ» បើដូច្នេះមានន័យថាបុគ្គលដែលគិតបែបនេះ គឺគេមានចិត្តឬអារម្មណ៍អសុវត្ថិភាពនៅក្នុងខ្លួនហើយ។ 

តើមានវិធីសាស្រ្តអ្វីដែលយើងអាចយកមកប្រើប្រាស់នៅពេលខ្លួនមានអារម្មណ៍អសុវត្ថិភាពបែបនេះ - វិធីសាស្រ្តនោះគឺថាត្រូវខិតខំព្យាយាមដើម្បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍កាន់តែសុខសុវត្ថិភាព? វិធីមួយក្នុងចំណោមវិធីទាំងអស់នោះគឺ «ប្រសិនបើអញគ្រាន់តែអាចប្រមូលអ្វីៗគ្រប់យ៉ាងមកដាក់នៅជុំវិញខ្លួនអញ នោះដោយប្រការណាមួយនោះវានឹងធ្វើឲ្យអញមានអារម្មណ៍សុខសុវត្ថិភាពមិនខាន។ប្រសិនបើអញគ្រាន់តែមានលុយគ្រប់គ្រាន់ ឬមានគេចាប់អារម្មណ៍និងយកចិត្តទុកដាក់ចំពោះអញគ្រប់គ្រាន់ ឬមានក្តីស្រលាញ់ពីគេគ្រប់គ្រាន់ នោះវានឹងធ្វើឲ្យអញមានសុខសុវត្ថិភាពមិនខាន»។ ប៉ុន្តែបន្ទាប់មកដូចដែលយើងបានឃើញបានដឹងហើយថា ធម្មជាតិពិតនៃប្រភេទក្តីសុខបែបនេះគឺថា យើងមានមិនគ្រប់គ្រាន់ទេ ខ្លួននឹងមិនមានក្តីបីតិនឹងវាទេ តែងតែប្រាថ្នាចង់បានវាថែមទៀតជានិច្ច។ 

ចូរអ្នកសាកគិតមើលមើល៍ វាគឺពិតជាមានន័យស្តាប់បាននៅត្រង់នេះ។ តើយើងពិតជាចង់ឲ្យមនុស្សជាទីស្រលាញ់របស់ខ្លួនគេគ្រាន់តែនិយាយថា «ខ្ញុំស្រលាញ់អ្នក» ឲ្យបានម្តងមែនទេ? ប្រសិនបើគេគ្រាន់តែពោលពាក្យនេះឲ្យបានតែមួយដង នោះគឺគ្រប់គ្រាន់ហើយ - គេនឹងមិនចាំបាច់និយាយប្រាប់យើងទៀតទេមែនទេ? សរុបទៅយើងនឹងមិនពេញចិត្តនឹងពាក្យប៉ុណ្ណឺងទេ។ ហើយខ្លួនក៍មិនដែលឈានដល់ចំណុចមួយដែលខ្លួនពោលពាក្យថា «ល្អណាស់ អ្នកមិនចាំបាច់ប្រាប់ខ្ញុំទៀតទេ ខ្ញុំដឹងហើយ» បែបនេះនោះទេ។ បើដូច្នេះនៅពេលយើងនិយាយអំពី ភាពលោភលន់របស់ខ្លួន គឺមិនមែនគ្រាន់តែការលោភចង់បានសំភារៈនិងលុយកាក់តែម៉្យាងទេ តែខ្លួនក៍មានក្តីលោភលន់ចង់បានក្តីស្រលាញ់ ហើយមនុស្សភាគច្រើនគេលោភលន់ចង់បានឲ្យគេគិតយកចិត្តទុកដាក់ចំពោះខ្លួន។ យើងអាចមើលឃើញចំណុចនេះជាមួយនឹងកូនក្មេង។ បើដូច្នេះនោះគឺជាវិធីសាស្រ្តមួយ៖ ប្រសិនបើខ្លួនអាចប្រមែប្រមូលអ្វីៗគ្រប់យ៉ាងឲ្យមកនៅជុំវិញខ្លួនបាន នោះខ្លួនគិតថាខ្លួននឹងមានអារម្មណ៍សុខសុវត្ថិភាព ហើយប្រការនេះគឺមិនដែលមានប្រសិទ្ធិភាពទេ។ 

មួយរបៀបទៀតគឺទោសៈ និងចិត្តស្អប់៖ «ប្រសិនបើអញអាចយកអ្វីៗដែលមានការគម្រាមកំហែងដល់អញចេញពីមុខអញឲ្យអស់ នោះវានឹងធ្វើឲ្យអញមានអារម្មណ៍សុខសុវត្ថិភាពហើយ» ប៉ុន្តែយើងនៅតែមិនមានអារម្មណ៍សុខឡើយ នៅតែមានអារម្មណ៍ខ្លាច ហើយខ្លួនមានការប្រុងប្រយ័ត្នជានិច្ចក្រែងល៎មានគេធ្វើអ្វីមូយដែលខ្លួនមិនចូលចិត្ត - បន្ទាប់មកខ្លួនចាប់ផ្តើមមានចិត្តទោសៈកើតឡើង និងចាប់ផ្តើមដេញគេចេញឲ្យឆ្ងាយពីមុខខ្លួន។ ជួនពេលខ្លះអាការធ្វើបែបនេះគឺមានតែធ្វើបាបខ្លួនឯងទៅវិញទេ។ ខ្ញុំកំពុងតែគិតដល់ឧទាហរណ៍នៃទំនាក់ទំនងមួយ ដែលដៃគូម្ខាងទៀតគេ មិនយកចិត្តទុកដាក់នឹងយើង មិនផ្តល់ពេលវេលាគ្រប់គ្រាន់ដល់យើង ដូច្នេះខ្លួនក៍ចាប់ផ្តើមស្រែកដាក់គេ។ យើងខឹងនិងស្រែកដាក់គេថា «អ្នកឯងគួរតែគិតយកចិត្តទុកដាក់ចំពោះខ្ញុំឲ្យបានច្រើនជាងនេះ! គួរតែចំណាយពេលវេលាឲ្យបានច្រើនជាមួយខ្ញុំ!» ជាដើម។ តើធ្វើនោះដើម្បីហេតុផលអ្វី? ជាធម្មតាគេនឹងទៅកាន់តែឆ្ងាយពីខ្លួនទៅទៀត ឬគេធ្វើតាមយើងចង់បាន និងនៅជាមួយយើងមួយរយៈពេលខ្លីតែប៉ុណ្ណោះ ហើយអ្នកអាចមានអារម្មណ៍ដឹងដោយខ្លួនឯងថាគេមិនមានចិត្តសុខស្រួលនឹងទង្វើនោះទេ។ តើយើងគិតដោយរបៀបណាថាអាការខឹងប្រទូសរាយនឹងគេ វានឹងធ្វើឲ្យគេចូលចិត្តខ្លួនកាន់តែខ្លាំងឡើង? ពិតជាមិនសមហេតុផលសោះ មែនទេ? វិធីជាច្រើនដែលយើងយកមកប្រើប្រាស់ដើម្បីសង្ឃឹមថាវានឹងធ្វើឲ្យខ្លួនមានអារម្មណ៍សុខសុវត្ថិភាពនេះគឺគ្រាន់តែធ្វើឲ្យស្ថានការណ៍នោះកាន់តែអាក្រក់ជាងមុនតែប៉ុណ្ណោះ។ 

វិធីមួយទៀតដែលយើងប្រើគឺការសាងជញ្ជាំងព័ទ្ធជុំវិញខ្លួនឯង។ ត្រង់នេះគឺផ្អែកលើភាពអវិជ្ជា គិតថាបើសិនខ្លួនមិនដោះស្រាយឬមិនប្រឈមនឹងបញ្ហានោះទេ ឬគិតធ្វើពុតថាវាមិនកើតឡើងសោះ នោះបញ្ហានឹងរលាយបាត់ទៅវិញដោយខ្លួនឯង។ ដោយគិតថា «អញមិនចង់ឮមិនចង់ស្តាប់វាទេ» - អាការមានឥរិយបថបែបនេះជាដើម និងចាប់ផ្តើមសាងជញ្ជាំងព័ទ្ធជុំវិញខ្លួនឯង។ ប៉ុន្តែសភាពនៃអវិជ្ជានោះពិតណាស់វាគ្មានប្រសិទ្ធិភាពទេ។ បញ្ហានឹងមិនរលាយសាបសូន្យទៅដោយខ្លួនគ្រាន់តែបដិសេធមិនព្រមទទួលយកវានោះទេ។

ដូច្នេះផ្អែកលើកិលេស(ពពួកអារម្មណ៍រំខានសៅហ្មង) អ្វីដែលកើតឡើងនោះគឺថា ខ្លួនចាប់ផ្តើមប្រព្រឹត្តអំពើអកុសលផ្សេងៗ។ ពោលដូចជាការស្រែក ហើយខ្លួនអាចថែមទាំងវាយគេផងក៍ថាបាន។ ប្រសិនបើអ្នកមានអារម្មណ៍ថា «ឳខ្លួនអញដ៍កំសត់អើយ ខ្ញុំមិនមានអ្វីៗគ្រប់យ៉ាងដូចគេទេ» នោះអ្នកអាចទៅលួចទ្រព្យគេ ដោយគិតថាអាការលួចទ្រព្យគេនេះអាចជួយខ្លួនបានដោយរបៀបណាមួយនោះជាដើម ឬខ្ញុំកំពុងតែគិតដល់ឧទាហរណ៍ដែលខ្ញុំបានរស់នៅប្រទេសឥណ្ឌាអស់រយៈពេលជាច្រើនឆ្នាំ។ ឥណ្ឌាជាទឹកដីដែលសម្បូណ៍ទៅដោយសត្វល្អិត ពោលគឺមានសត្វល្អិតច្រើនណាស់ សត្វល្អិតគ្រប់ប្រភេទទាំងអស់ដែលអ្នកអាចស្រមៃគិតឃើញ ហើយអ្នកមិនអាចសម្លាប់វាអស់ទេ ហើយគ្មានផ្លូវណាដែលអ្នកអាចឈ្នះពួកវាបានទេ។ ដំណោះស្រាយតែមួយគត់គឺត្រូវរៀនរស់នៅជាមួយវា ប្រសិនបើអ្នកមិនចូលចិត្តសត្វល្អិតដែលចូលទៅនៅក្នុងបន្ទប់របស់ខ្លួនទេ នោះអ្នកត្រូវតែដេកនៅក្នុងមុង ពោលមុងគឺដូចជាសំណាញដែលហ៊ុំព័ទ្ធជុំវិញខ្លួនអ្នក កាលណាអ្នកឋិតនៅក្នុងមុងនោះបានសេចក្តីថាអ្នកបានឋិតនៅក្នុងតំបន់សុវត្ថិភាពហើយ។ មានដំណោះស្រាយសន្តិភាពមួយ ជាជាងរត់ដេញសម្លាប់សត្វមូសនៅក្នុងបន្ទប់របស់អ្នក ដែលធ្វើឲ្យអ្នកមិនបានដេកសោះ ដោយសារមានមូសច្រើនត្រូវសម្លាប់ ពោលគឺសម្លាប់មិនចេះអស់ទេ ដោយសារតែវាចូលតាមប្រហោងដែលនៅខាងក្រោមទ្វារ និងប្រហោងនៅតាមបង្អួចដែលបិទមិនជិតល្អជាដើម។ តែសន្ទុះចិត្តនៃការប្រព្រឹត្តអកុសលនោះស្រាប់តែកើតឡើង «អញត្រូវតែសម្លាប់វាចោលឲ្យអស់!» 

អំពើអកុសលមានច្រើនបែបច្រើនប្រភេទណាស់។ ការនិយាយកុហក់ ការប្រើប្រាស់ពាក្យសំដីមិនសមរម្យ ការផិតក្បត់ ការរំលោភសេពសន្ថវៈ ទាំងអស់នេះក៍ត្រូវបានចាត់ទុកថាជាអំពើអកុសលដែរ។ នៅពេលយើងប្រព្រឹត្តអកុសល វានឹងផ្តល់ឲ្យខ្លួនវិញនូវសេចក្តីទុក្ខ - មិនមែនត្រឹមតែផ្តល់ក្តីទុក្ខដល់គេតែម៉្យាងទេ តែវានឹងផ្តល់ក្តីទុក្ខដល់ខ្លួនឯងថែមទៀតផង។ ប្រសិនបើអ្នកគិតអំពីចំណុចនេះឲ្យច្បាស់ ពុទ្ធសាសនាបានបង្រៀនមនុស្សកុំឲ្យសម្លាប់ ឬផ្តាច់ផ្តិលជីវិតគេ មែនទេ? ឥឡូវនេះខ្លឹមសារនៅត្រង់នេះគឺថា ប្រសិនបើខ្លួនធ្លាក់ចូលទៅក្នុងទម្លាប់នៃការសម្លាប់សត្វអ្វីក៍ដោយដែលខ្លួនមិនចូលចិត្ត - ឧបមាដូចជាសត្វមូសនេះជាដើម - នោះវានឹងក្លាយទៅជាទម្លាប់នៃការឆ្លើយតបរបស់ខ្លួនទីមួយដោយស្វ័យប្រវត្តិទៅកាន់អ្វីៗទាំងអស់ដែលខ្លួនទើសចិត្ត មែនអត់? ហើយវាមិនមែនគ្រាន់តែជាការសម្លាប់តែម៉្យាងទេ តែប្រសិនបើមានអ្វីមួយដែលខ្លួនមិនចូលចិត្ត យើងនឹងប្រតិកម្មតបតវិញដោយហិង្សា អាចតាមផ្លូវកាយវាចានិងចិត្តជាដើម - ជាជាងរៀនដោះស្រាយនឹងវាដោយមានចិត្តស្ងប់។ 

ពិតណាស់ជួនពេលខ្លះអ្នកអាចសម្លាប់ ឧបមាថា៖មានសត្វល្អិតដែលបំផ្លាញដំណាំ អាចជាសត្វល្អិតដែលមានរោគជាដើម។ ពុទ្ធសាសនាមិនមែនបង្រៀនអំពីភាពជ្រុលនិយមពេកទេ ប៉ុន្តែអ្នកក៍មិនត្រូវមានភាពអវិជ្ជាអំពីវាដែរ។ អ្នកត្រូវតែព្យាយាមធ្វើកិច្ចនោះដោយមិនមានទោសៈនិងការមិនមានចិត្តស្អប់ - «អញស្អប់មូសដែលមានរោគគ្រុនចាញ់នេះណាស់!» បែបនេះក៍ទេដែរ។ ហើយអ្នកក៍មិនត្រូវមានភាពអវិជ្ជាមិនយល់អំពីផលអវិជ្ជមាន(អកុសល)ដែលកើតឡើងពីទង្វើរបស់ខ្លួនដែរ។ នេះគឺគ្រាន់តែជាឧទាហរណ៍ដ៍សាមញ្ញមួយ៖ ប្រសិនបើយើងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតនៅលើបន្លែផ្លែឈើរបស់យើង - ពិតណាស់យើងក៍ញ៉ាំបន្លែផ្លែឈើទាំងអស់នោះដែរ ហើយវាអាចបង្កឲ្យកើតមានមេរោគនិងជម្ងឺផ្សេងៗបាន។ បើដូច្នេះវាមានផលអកុសលរបស់វា។ ខ្លឹមសារនៅត្រង់នេះ ត្រឡប់ទៅរកចំណុចដើមរបស់យើងវិញគឺថា វិធីសាស្រ្តរបស់យើងគឺសីល សមាធិនិងប្រាជ្ញា និងបូករួមបន្ថែមទៀតដោយករុណានិងមេត្តាធម៌ផង។ 

សីល

តើយើងអនុវត្តឬប្រតិបត្តិវិធានការការពារ(ធម៌)ដើម្បីចៀងវាងកុំឲ្យមានបញ្ហាឬទុក្ខកើតឡើងនៅក្នុងជីវិតដោយរបៀបណា? កំរិតទីមួយ ធុរៈបឋមដែលយើងត្រូវធ្វើគឺ ត្រូវប្រតិបត្តិសីល ពោលគឺត្រូវចៀងវាងមិនត្រូវប្រព្រឹត្តអំពើអកុសលឡើយ។ ការប្រព្រឹត្តអំពើអកុសលគឺជាការប្រព្រឹត្តដែលឋិតនៅក្រោមឥទ្ធិពលនៃកិលេស - ទោសៈ លោភៈ ចិត្តឧបាទាន ការប្រចណ្ឌច្រណែន និងអវិជ្ជាជាដើម។ នោះបានសេចក្តីថានៅពេលណាខ្លួនមានអារម្មណ៍ចង់ប្រព្រឹត្តអំពើអកុសល យើងត្រូវតែសម្រេចចិត្តឲ្យបានច្បាស់បំផុតថា «ទេ ខ្ញុំមិនចង់ធ្វើបែបនោះទេ»។ 

នៅពេលដែលខ្ញុំគិតថាចង់ស្រែកដាក់អ្នកដោយសារអ្នកបង្កកំហុសអ្វីមួយនោះ ខ្ញុំដឹងថាការខឹងស្រែកដាក់អ្នកតែម៉្យាងគឺនឹងធ្វើឲ្យស្ថានភាពនោះកាន់តែអាក្រក់ជាងនេះទៅទៀត។ ខ្ញុំអាចកែតម្រូវនូវអ្វីដែលអ្នកបានធ្វើខុស តែការស្រែកសំឡុតដាក់អ្នកតែម៉្យាងគឺគ្រាន់តែធ្វើឲ្យស្ថានភាពនោះកាន់តែអាក្រក់តែប៉ុណ្ណោះ មែនអត់? ជាពិសេសដូចជាការប្រមាថដល់ឈ្មោះរបស់អ្នក ឬការជេរប្រទេចផ្តាសាអ្នក - នោះវាពិតជាមិនអាចជួយសម្រួលដល់ស្ថានការណ៍នោះបានទេ។ បើដូច្នេះការរក្សាសីល ឬប្រតិបត្តិសីល គឺជាការសម្គាល់នូវចិត្តរបស់ខ្លួនឲ្យបានភ្លាមៗ មុននឹងខ្លួនចាប់ផ្តើមប្រព្រឹត្តទង្វើអកុសលនានា។ មានការគិតចង់ប្រព្រឹត្តបែបហ្នឹង ហើយខ្លួនត្រូវតែដឹងថា៖ «ទង្វើនេះនឹងមិនមានប្រយោជន៍អ្វីទេ» ហើយយើងត្រូវតែទប់ខ្លួនឯង កុំបណ្តោយឲ្យខ្លួនទៅប្រព្រឹត្តទៅតាមចិត្តចង់ឲ្យសោះ។ 

ឥឡូវនេះយើងមិនមែនកំពុងតែនិយាយថាអ្នកត្រូវតែរក្សាទុកទោសៈនៅក្នុងខ្លួនមិនឲ្យវាចេញមកក្រៅនោះទេ វាក៍ធ្វើឲ្យអ្នកមិនស្រួលចិត្តដែរ ប្រសិនបើអ្នកចេះតែទប់វាមិនឲ្យចេញមកក្រៅ នោះវានឹងផ្ទុះឡើងពុំខានឡើយ។ នោះមិនមែនជាវិធីសាស្រ្តដែលយើងកំពុងតែប្រើប្រាស់ទេ។ ប្រសិនបើខ្លួនមិនអាចទប់ទល់ជាមួយវាបាន ហើយខ្លួនចេះតែទុកវាឲ្យកាន់តែរីកធំឡើងនៅក្នុងចិត្ត - ពិតណាស់ សូមអ្នកកុំបញ្ចេញវាដាក់គេឲ្យសោះ ឬកុំទៅវាយជញ្ជាំងឲ្យសោះ - ពីព្រោះថាវានឹងធ្វើឲ្យដៃរបស់ខ្លួនឈឺ បើដូច្នេះនោះគឺជាវិធីសាស្រ្តដែលល្ងីល្ងឺទេ។ បើដូច្នេះអ្នកបញ្ចេញវាតាមវិធីណាមួយ មែនទេ? ទៅដាល់ខ្នើយ ឬទៅលាងជម្រះការូនៅក្នុងផ្ទះរបស់អ្នក - ដែលនោះគឺជាប្រភេទនៃ «ដំបូន្មានអ្នកម្តាយ» ជាវិធីសាស្រ្តដើម្បីទប់ទល់នឹងទោសៈ ហើយជាការពិតអាការទៅធ្វើកិច្ចការងារដែលបញ្ចេញកំលាំងកាយខ្លាំងដូចជាការធ្វើការងារនៅក្នុងផ្ទះ ឬទៅរត់ហាត់កីឡា ឬហាត់លើកសាច់ដុំនៅឯកន្លែងហាត់ប្រាណអាចជួយបញ្ចេញថាមពលនៃចិត្តទោសៈនោះចោលបាន។ 

សតិនិងសមាធិ

ប្រសិនបើយើងកាន់តែទម្លាប់ខ្លួនកាន់តែខ្លាំងឡើងនៅក្នុងវិធីនៃការប្រព្រឹត្តនេះ ហើយយើងវៀរចាកមិនប្រព្រឹត្តអំពើអកុសលនៅពេលណាខ្លួនគិតចង់ប្រព្រឹត្តម្តងៗ អ្វីដែលយើងកំពុងតែប្រើប្រាស់នៅទីនេះគឺជាអ្វីដែលគេហៅថា «ប្រាជ្ញា(shes-rab)»។ យើងប្រើប្រាជ្ញារិះគិតថាអ្វីជាប្រយោជន៍ និងអ្វីជាទុក្ខទោស ហើយដោយផ្អែកលើមូលដ្ឋានគ្រឹះនៃការគិតនោះ យើងអាចរក្សាចិត្តឲ្យស្ងប់បាន និងមិនរក្សាទោសៈឲ្យវាឋិតនៅក្នុងខ្លួនទេ។ បើដូច្នេះកិច្ចចម្បងដែលយើងកំពុងតែចម្រើនប្រតិបត្តិនៅទីនេះគឺជាអ្វីដែលគេបកប្រែជាទូទៅថាជា «សតិ(dran-pa)»។ អាចមានអត្ថន័យថា «ចង់ចាំ» ពោលគឺវាប្រៀបដូចជាមនោស្អិតដើម្បីឲ្យខ្លួនអាចរក្សាការផ្តោតចិត្តលើសីលរបស់ខ្លួនបានជាប់លាប់ - លើអ្វីដែលខ្ញុំចង់ធ្វើ ចង់ធ្វើខ្លួនបែបណានៅក្នុងជីវិត ចង់ប្រព្រឹត្តបែបណានៅក្នុងជីវិត - ដើម្បីរក្សាការផ្តោតចិត្តលើកិច្ចទាំងអស់នោះ កុំឲ្យភ្លេច។ នោះហើយគឺជាសតិ ជាពាក្យដែលស្រដៀងនឹងពាក្យថា «ចង់ចាំបានយ៉ាងល្អមិនភ្លេច»។ 

បើដូច្នេះអ្វីដែលយើងកំពុងតែព្យាយាមធ្វើគឺព្យាយាមដាស់ខ្លួនឯងឲ្យភ្ញាក់ឡើង។ ពាក្យថា«ពុទ្ធ»(Buddha) ជាការពិតគឺមានអត្ថន័យថា «បុគ្គលដែលភ្ញាក់ឬដឹងទាំងស្រុងហើយ»។ យើងកំពុងតែព្យាយាមភ្ញាក់ខ្លួន ឬដឹងខ្លួនថាអារម្មណ៍បែបណាដែលខ្លួនកំពុងសោយ ហើយថាតើមានសន្ទុះចិត្តបែបណាខ្លះដែលកើតឡើងនៅក្នុងចិត្តខ្លួន ដើម្បីជំរុញខ្លួនឲ្យប្រព្រឹត្តបែបនេះឬបែបនោះជាដើម ហើយយើងត្រូវព្យាយាមកុំធ្វើខ្លួនជាជនរងគ្រោះដោយសារតែពពួកអារម្មណ៍និងសន្ទុះនៃចិត្តទាំងអស់នោះ និងត្រូវទទួលដឹងថា យើងអាចជ្រើសរើសយកវិធីដែលខ្លួនប្រព្រឹត្ត។ ប្រសិនបើអញឋិតនៅក្នុងអារម្មណ៍មិនល្អ វាអាចប្រែប្រួល អញអាចធ្វើកិច្ចអ្វីមួយដើម្បីកែប្រែវាបាន។ 

ជួនពេលខ្លះដំណោះស្រាយសំរាប់ការមានអារម្មណ៍មិនល្អនេះគឺសាមញ្ញបំផុត។ វិធីសាស្រ្តដ៍សាមញ្ញបំផុតមួយក្នុងចំណោមវិធីសាស្រ្តសាមញ្ញៗផ្សេងៗទៀតគឺ «ដូចការបំពេទារកឲ្យដេកដូច្នោះដែរ»។ យើងដឹងថាទារកនោះបានភ្ញាក់ពីដេកនិងលែងអស់រយៈពេលយូរហើយ «នៅតែយំ»គ្រប់ពេលទាំងអស់អីចឹង ហើយជារឿយៗរឿងនេះធ្វើឲ្យយើងមានអារម្មណ៍មិនល្អទេ សរុបទៅមនុស្សយើងគឺបែបហ្នឹងឯង។ បើដូច្នេះយើងគួរតែតម្រេតខ្លួនដេក សម្រាក ឬចូលដេក ហើយនៅពេលយើងក្រោកពីដេកវិញយើងនឹងមានអារម្មណ៍ប្រសើរឡើងវិញ។ 

ឬប្រសិនបើអ្នកមានការមិនចុះសម្រុងជាមួយនរណាម្នាក់ ហើយសភាពការណ៍នោះកាន់តែតឹងតែងទៅ ពិតណាស់អ្នកដឹងច្បាស់ណាស់ថាស្ថានភាពនេះគេមិនស្តាប់អ្នកទៀតទេ ហើយអ្នកក៍មិនស្តាប់នូវអ្វីដែលគេនិយាយដូចគ្នាដែរ។ ជាការប្រសើរដែលត្រូវឈប់ជជែក «ចាំជជែកគ្នានៅពេលក្រោយទៀតនៅពេលអ្នកទាំងពីរមានចិត្តស្ងប់បន្តិចហើយ» ឬដើរកំសាន្ត ឬអ្វីកិច្ចអ្វីស្រដៀងគ្នានេះដើម្បីឲ្យចិត្តខ្លួនស្ងប់បន្តិចសិន។ 

ទាំងអស់នេះគឺជាវិធីសាស្រ្តសាមញ្ញបំផុត។ ពុទ្ធសាសនាបានបង្រៀនវិធីសាស្រ្តដែលមានលក្ខណៈជ្រៅជាងវិធីសាស្រ្តទាំងអស់នេះទៅទៀត ប៉ុន្តែនេះគឺជាចំណុចចាប់ផ្តើមមួយ។ យើងត្រូវតែចាប់ផ្តើមអនុវត្តវិធីសាស្រ្តដែលខ្លួនពិតជាអាចធ្វើបាន។ ប៉ុន្តែគោលការណ៍គឺជារឿងសំខាន់ គោលការណ៍នៅត្រង់នេះគឺត្រូវក្រឡេកមើលឬត្រូវស្វែងរកឲ្យឃើញថាតើឬសគល់ពិតនៃបញ្ហាគឺជាអ្វីឲ្យប្រាកដ ហើយត្រូវធ្វើកិច្ចអ្វីមួយដើម្បីយកឈ្នះលើបញ្ហារបស់ខ្លួននោះ។ ចូរអ្នកកុំគ្រាន់តែធ្វើខ្លួនជាជនរងគ្រោះពីបញ្ហានោះឲ្យសោះ។ នៅក្នុងន័យមួយផ្សេងទៀតគឺថាអ្នកត្រូវតែគ្រប់គ្រងលើកិច្ចអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងជីវិតរបស់ខ្លួន។ 

ឥឡូវនេះប្រសិនបើខ្លួនមិនអាចចម្រើនសតិដើម្បីឲ្យខ្លួនអាចរក្សាការផ្តោតចិត្តលើការយល់ដឹងរបស់ខ្លួនអំពីអ្វីជាប្រយោជន៍និងអ្វីជាទុក្ខទោសនៅក្នុងទង្វើរបស់ខ្លួនបានទេ ប្រសិនបើយើងអាចរក្សាការផ្តោតលើអ្វីដែលកំពុងតែកើតឡើង ហើយចងចាំថាខ្លួនចង់ប្រព្រឹត្តបែបណា បន្ទាប់មកត្រូវកែប្រែវា បើខ្លួនប្រព្រឹត្តមិនត្រឹមត្រូវទេ - ប្រសិនបើយើងអាចធ្វើបែបនោះបានតាមរយៈផ្លូវកាយ ផ្លូវវាចា នោះយើងនឹងអាចឈានទៅចម្រើនថាមពលបន្ថែមទៀតដើម្បីឲ្យមានលក្ខណៈខ្លាំងក្លាខាងផ្នែកផ្លូវចិត្តបាន តាមរយៈអ្វីដែលខ្លួនកំពុងតែគិត។ 

បើដូច្នេះនៅពេលដែលយើងមានលំហូរនៃការគិតព្រួយបារម្ភ ឬលំហូរនៃការគិតបែបស្រណោះខ្លួនថា «ឳខ្លួនអញដ៍កំសត់អើយ គ្មាននរណាម្នាក់គេស្រាលាញ់អញទេ» ការគិតបែបនេះអីហ្នឹងជាដើម យើងត្រូវគិតផ្ទុយវិញថា «ឆាប់ឡើង អញមិនចង់គិតបែបកំសត់ស្រណោះខ្លួនអីនេះទេ ឬការគិតព្រួយបារម្ភអីនេះទេ។ ការគិតបែបនេះគឺគ្រាន់តែធ្វើឲ្យខ្លួនអញមានទុក្ខតែម៉្យាង» ហើយយើងត្រូវគិតផ្តោតលើរឿងវិជ្ជមានវិញ។ មានកិច្ចវិជ្ជមានច្រើនណាស់ដែលយើងអាចធ្វើបានជាមួយកាយនិងចិត្ត ជាជាងអង្គុយគិតព្រួយបារម្ភតែម៉្យាង។ មានកិច្ចវិជ្ជមានច្រើនប្រការណាស់ដែលខ្លួនអាចគិត ជាជាងគិតថាអ្វីៗគ្រប់យ៉ាងគឺអាក្រក់ណាស់ ជាពិសេសនៅពេលខ្លួនគិតព្រួយបារម្ភ។ ពីព្រោះថា អ្នកមើលឃើញស្រាប់ហើយ អ្វីដែលយើងកំពុងតែព្យាយាមចម្រើននៅទីនេះគឺការតាំងសតិ ដើម្បីឲ្យខ្លួនអាចនាំចិត្តត្រឡប់មកវិញនៅពេលវាដើរត្រាច់ចររង្គាត់គ្រប់ទិសទី។ 

ឧទាហរណ៍ថា៖នៅពេលយើងកំពុងតែនិយាយជាមួយនរណាម្នាក់ ស្រាប់តែខ្លួនបែកអារម្មណ៍ ចិត្តរបស់ខ្លួនមិននៅក្នុងខ្លួនទេ - មិនចំពោះតែការគិតព្រួយបារម្ភតែម៉្យាងទេ តែវាអាចជាការគិតថា «តើដល់ពេលណាទើបគេឈប់និយាយ?» ឬក៍ថា «តើអញមានអីញ៉ាំនៅយប់នេះ?» អាចគិតដល់អ្វីៗផ្សេងទៀតក៍ថាបានដែរ - ហើយយើងឈប់ផ្តោតឬយកចិត្តទុកដាក់លើអ្វីដែលគេកំពុងតែនិយាយ ឬក៍ថាខ្លួនកំពុងតែគិតសន្ទនានៅក្នុងចិត្តតែម្នាក់ឯង៖ «អ្វីដែលគេកំពុងតែនិយាយគឺឆ្កួតសុទ្ធ» នៅក្នុងករណីនេះយើងត្រូវតែពាំនាំការតាំងសតិរបស់ខ្លួនត្រឡប់មកវិញ និងគ្រាន់តែស្តាប់គេទៅបានហើយ។ 

នេះគឺជាវិធីអនុវត្តនៃការតាំងសតិ ប៉ុន្តែវាទាមទារឲ្យមានសីល(វិន័យនៅក្នុងខ្លួន)។ ហើយខ្លួនត្រូវចម្រើនសីលនៅក្នុងបរិបទនៃកាយវាចានិងចិត្តនេះឯង ជាធុរៈដំបូងបំផុតនេះឡើងទៅ។ នៅពេលអ្នកបង្កើតជំនាញនេះ ជំនាញនៃការនាំសតិរបស់ខ្លួនត្រឡប់មកវិញ និងការកែតម្រូវនូវរាល់ការវៀចវេរផ្សេងៗ នោះអ្នកអាចយកវាមកអនុវត្តនៅគ្រប់ស្ថានការណ៍ផ្សេងៗបាន។ វាគឺពិតជាកិច្ចមួយដែលមានអត្ថប្រយោជន៍បំផុត។ ប្រសិនបើអ្នកដឹងថាស្មារនិងកបស់ខ្លួនចុករោយ និងតឺងតែង  ប្រសិនបើអ្នកមានសតិដឹងអំពីស្ថានភាពវាបែបនេះ នោះអ្នកត្រូវតែសម្រួលនិងសម្រាកកុំឲ្យវាចុករោយតទៅទៀត។ ត្រង់នេះគឺវាឋិតនៅលើការមានសតិដឹងនិងការចងចាំ និងត្រូវធ្វើកិច្ចអ្វីមួយដើម្បីកែប្រែវា។ ឬនៅពេលអ្នកមានចិត្តរំភើបខ្លាំង នោះវាមិនសមរម្យទេនៅពេលអ្នកនិយាយច្រើន និងបញ្ចេញសំលេងលឺខ្លាំងជ្រុលពេកដាក់គេ បើអ្នកមានសតិដឹងថាខ្លួនធ្វើបែបនេះនោះអ្នកគ្រាន់តែកែប្រែវាទៅជាការស្រេច។ អ្នកគ្រាន់តែសម្រួលចិត្តឲ្យស្រួល ឲ្យស្ងប់ ដូចពេលដែលអ្នកសម្រួលឬសម្រាកស្មារបស់អ្នកដូច្នោះដែរ តែត្រូវធ្វើកិច្ចនោះនៅត្រឹមកំរិតថាមពលនិងអារម្មណ៍។ 

នេះគឺជាគន្លឹះទាំងស្រុងនៃអាថ៌កំបាំងនៃការអនុវត្តវិធីសាស្រ្តធម៌នៅក្នុងជីវិត។ ត្រូវចងចាំវា និងត្រូវមានសីលវិន័យគ្រប់គ្រាន់ដើម្បីធ្វើវា គ្រាន់តែប្រតិបត្តិវាទៅជាការស្រេច។ អ្នកធ្វើវាមិនមែនដោយសារអ្នកចង់ឲ្យខ្លួនល្អ ឬចង់ផ្គាប់ចិត្តលោកគ្រូឬអ្វីមួយបែបនេះនោះទេ។ អ្នកធ្វើវាដោយសារអ្នកប្រាថ្នាចង់ចៀសវាងបញ្ហាកុំឲ្យវាកើតឡើង - ទុក្ខ - ពីព្រោះថាអ្នកដឹងថាប្រសិនបើខ្លូនមិនធ្វើកិច្ចអ្វីមួយទេ នោះអ្នកនឹងធ្វើឲ្យខ្លួនឯងរងទុក្ខវេទនាមិនខាន ហើយនោះគឺមិនមែនជារឿងដែលស្រួលទេ មែនទេ? បើដូច្នេះយើងត្រូវតែអនុវត្តរក្សាសីលនៅក្នុងចិត្ត នៅក្នុងន័យនៃការចម្រើនការតាំងសតិ - នៅក្នុងន័យនៃការដោះស្រាយទប់ទល់ជាមួយនឹងអារម្មណ៍របស់ខ្លួន។ ពិតណាស់ការដោះស្រាយជាមួយនឹងពពួកអារម្មណ៍ទាំងអស់នេះគឺជាកិច្ចដែលត្រូវធ្វើឡើងដោយផ្ចិតផ្ចង់និងលំបាកបំផុត។ ប៉ុន្តែដូចខ្ញុំបានលើកឡើងហើយថា ប្រសិនបើអ្នកមានចិត្តរំភើបជ្រុលពេក នោះអ្នកអាចសម្រួលចិត្តឲ្យត្រជាក់និងស្ងប់មកវិញបាន។ 

ការយល់ដឹងត្រូវ(សម្មាទិដ្ឋិ)

កាលណាអ្នកបង្កើតបានការតាំងសតិនេះនៅក្នុងខ្លួនហើយ យ៉ាងហោចណាស់បានត្រឹមកំរិតណាមួយក្តី នោះកិច្ចអ្វីដែលអ្នកពិតជាត្រូវធ្វើបន្ទាប់គឺការរក្សាសតិឲ្យជាប់នៅលើការយល់ដឹងត្រូវចំពោះអ្វីដែលកំពុងកើតឡើង។ ពោលយើងមានការភ័ន្តច្រឡំគ្រប់ប្រភេទទាំងអស់ចំពោះសភាវៈពិត - អំពីអត្ថិភាពរបស់ខ្លួន អត្ថិភាពរបស់គេ និងអំពីអត្ថិភាពពិភពលោកទាំងមូល - ហើយដោយសារតែការយល់ច្រឡំនោះ ខ្លួនចាប់ផ្តើមបង្កើតនូវការគិតសន្មត(ស្មាន)គ្រប់ប្រភេទទាំងអស់ចំពោះអ្វីដែលមិនមែនជាការពិត ត្រឹវទេ? យើងអាចគិតសន្មតថា៖ «អញជាមនុស្សល្អ។ អញជាអ្នកចាញ់គេ» ឬយើងអាចគិតសន្មតថា៖ «អញជាមនុស្សអស្ចារ្យបំផុតនៅក្នុងលោកនេះ» ឬយើងអាចគិតសន្មតថា៖ «ឳរូបខ្ញុំដ៍កំសត់អើយ គ្មាននរណាគេស្រលាញ់អញទេ» បែបនេះជាដើម។ ប៉ុន្តែប្រសិនបើយើងចេះតែគិតអវិជ្ជមានចំពោះមនុស្សគ្រប់រូបនៅក្នុងជីវិតខ្លួន នោះបានសេចក្តីថា ម្តាយរបស់អញមិនដែលស្រលាញ់អញទេ ឆ្កែរបស់អញវាមិនស្រលាញ់អញទេ - សរុបទៅគ្មាននរណាម្នាក់គេស្រលាញ់អញទេ។ ករណីនេះគឺមិនអាចទៅរួចទេ។ 

បើដូច្នេះយើងបញ្ចេញការគិតសន្មតអណ្តែតអណ្តូងគ្រប់ប្រភេទ ហើយខ្លួនគិតទៀតថាវាត្រឹមត្រូវមួយរយភាគរយ នោះគឺជារឿងមិនល្អទេ។ យើងជឿថាយើងអាចមកយឿតក៍បាន មិនទៅជួបគេតាមការណាត់របស់ខ្លួនក៍បាន គ្មានបញ្ហានិងគ្មានផលអ្វីទេ៖ «អ្នកមិនមានអារម្មណ៍អ្វីទេ» ត្រូវទេ? ការគិតបែបនេះធ្វើឲ្យយើងមិនគិតពិចារណាដល់អ្នកដ៍ទៃទេ។ ប៉ុន្តែរឿងពិតគឺថាមនុស្សគ្រប់រូបគេមានអារម្មណ៍ ដូចខ្លួនដែរ។ គ្មានបុគ្គលណាម្នាក់គេចង់ឲ្យគេបដិសេធមិនទទួលស្គាល់ខ្លូនទេ។ គ្មានបុគ្គលណាម្នាក់គេចូលចិត្តទេ បើអ្នកណាត់ជួបគេ ហើយគេមកយឿតឬគេមិនមកតាមការណាត់នោះ។ សរុបទៅគ្មាននរណាម្នាក់គេចូលចិត្តបែបនោះទេ។ បើដូច្នេះអ្វីដែលយើងត្រូវធ្វើគឺត្រូវប្រើប្រាស់សតិរបស់ខ្លួនដើម្បីវាយបំបែកការស្រមើស្រមៃអណ្តែតអណ្តូងទាំងអស់នេះ និងត្រូវឈប់គិតសន្មតគ្រប់រឿងដែលឥតប្រយោជន៍ និងឈប់គិតថាទង្វើរបស់ខ្លួនគ្មានផលប៉ះពាល់ដល់គេ ដោយសារថានោះហើយគឺជាមូលហេតុដ៍សែនជ្រៅនៃបញ្ហារបស់ខ្លួន៖ «អញជាមនុស្សដែលឋិតនៅចំកណ្តាលចក្រវាឡទាំងមូល គេត្រូវតែធ្វើតាមអញ អញជាមនុស្សសំខាន់បំផុតតែម្នាក់គត់»។ ពិតណាស់នោះគឺជាការគិតសន្មតអណ្តែតអណ្តូង។ គ្មានបុគ្គលណាម្នាក់គេជាមនុស្សសំខាន់បំផុតនោះទេ ប៉ុន្តែការសំអាងថាការគិតស្រមៃរបស់ខ្លួននេះគឺជាការពិត បានសេចក្តីថាខ្លួនជាមនុស្សអាត្មានិយម។ ដូច្នេះប្រសិនបើយើងប្រាថ្នាចង់យកឈ្នះលើភាពអាត្មានិយម យើងត្រូវតែវាយបំបែកការគិតស្រមើស្រមៃនោះ និងឈប់គិតសន្មតទៀតទៅ។ បើសូម្បីមានអារម្មណ៍ថាខ្លួនដូចឋិតនៅចំកណ្តាលផែនដីយ៉ាងណា ហើយមានតែអញម្នាក់គត់តែប៉ុណ្ណោះ (ពីព្រោះថានៅពេលអញបិទភ្នែក ស្រាប់តែមានសំលេងបន្លឺឡើងនៅក្នុងក្បាយរបស់អញ ហើយអញមិនបានឃើញជនណាផ្សេងទៀតក្រៅពីអញទេ ដូច្នេះវាហាក់បីដូចជាថាមានតែអញម្នាក់គត់) យើងត្រូវតែចងចាំថា នេះគឺជាការភ័ន្តច្រឡំមួយ និងមិនត្រូវជឿថាវាគឺជាការពិតទេ៖ «មិនពិតទេ តែវាហាក់បីដូចជាការពិត»។ 

សម្មាសម្ពុទ្ធបានសំដែងថា(បង្រៀន)ដើម្បីរក្សាសតិឲ្យនៅជាប់នឹងការយល់ដឹងត្រូវនេះបានគ្រប់ពេល គឺជាមាគ៌ាពិត ដើម្បីឈានទៅសម្រេចបានការបញ្ឈប់ពិតនៃរាល់បញ្ហានិងទុក្ខរបស់ខ្លួន។ ប្រសិនបើយើងមានការផ្តោតសតិលើការយល់ដឹងត្រូវបានគ្រប់ពេល នោះយើងលែងមានការយល់ច្រឡំឬមោហៈទៀតហើយ។ ហើយប្រសិនបើខ្លួនលែងមានមោហៈ នោះទោសៈ ចិត្តឧបាទាន និងលោភៈក៍លែងកើតឡើងទៀតដែរ។ ប្រសិនបើខ្លួនមិនមានពពួកកិលេសទាំងអស់នេះទេ នោះខ្លួននឹងមិនប្រព្រឹត្តអំពើអកុសលទៀតឡើយ។ ប្រសិនបើខ្លួនលែងប្រព្រឹត្តអំពើអកុសលហើយ និងខ្លួននឹងលែងបង្កទុក្ខដល់គេនិងដល់ខ្លួនឯងទៀតហើយ។ នោះគឺជាវិធីសាស្រ្តសាមញ្ញពុទ្ធសាសនាសំរាប់ដោះស្រាយបញ្ហាឬទុក្ខនៅក្នុងជីវិត។ 

ប្រសិនបើយើងប្រាថ្នាចង់បានទំនាក់ទំនងដែលកាន់តែមានក្តីសុខ យើងចាំបាច់ត្រូវទទួលស្គាល់៖

  • ខ្លួនជាមនុស្ស អ្នកជាមនុស្សលោកម្នាក់។ មនុស្សគ្រប់រូបមានអារម្មណ៍ដូចគ្នា។ 
  • មនុស្សគ្រប់រូបគេមានចំណុចខ្សោយនិងចំណុចខ្លាំង រួមទាំងខ្ញុំ និងអ្នកដែរ។ 
  • គ្មាននរណាម្នាក់គេជាព្រះរាជបុត្រឬរាជបុត្រីដ៍ស្រស់ប្រឹមប្រិយដែលគង់នៅលើសេះសរនោះទេ។ 

តើអ្នកធ្លាប់ស្រមៃគិតថាខ្លួនដូចនៅក្នុងរឿងទាំងអស់នោះទេ? យើងឧស្សាហ៍ប្រាថ្នាចង់បានដៃគូម្នាក់ដែលគេជាមនុស្សល្អឥតខ្ចោះ ជាបុគ្គលម្នាក់ដែលជិះសេះសរ ប៉ុន្តែនោះគឺជារឿងព្រេងទេ។ មិនមានសោះឡើយ តែយើងគិតអំពីវា។ ដោយសារថាការជឿជាក់លើរឿងព្រេងនិទាន ធ្វើឲ្យយើងគិត គេម្នាក់នេះនឹងក្លាយជារាជបុត្រ ឬរាជបុត្រី ហើយបើគេមិនមែនជាមនុស្សបែបនេះទេ ខ្លួននឹងខឹងប្រទូសនឹងគេ ហើយពេលខ្លះខ្លួនបដិសេធមិនព្រមទទួលគេផងក៍មានដែរ។ បន្ទាប់មកយើងគិតសន្មតលើបុគ្គលដែលអាចជាដៃគូខ្លួនផ្សេងទៀត ដែលខ្លួនគិតថាគេជារាជបុត្រឬរាជបុត្រីជាដើម។ ប៉ុន្តែសភាពពិតយើងរករាជបុត្រឬរាជបុត្រីមិនឃើញទេ ដោយសារថាគ្មានរឿងបែបនោះទេ។ 

បើដូច្នេះប្រសិនបើយើងចង់បានទំនាក់ទំនងប្រកបដោយសុខភាព និងល្អរឺងមាំ យើងត្រូវតែទទួលយកសច្ចពិត។ ដូចដែលខ្ញុំបានលើកឡើងហើយថា សច្ចពិតគឺមនុស្សគ្រប់រូបគេមានចំណុចល្អនិងចំណុចមិនល្អរៀងៗខ្លួន យើងត្រូវតែរៀនរួមរស់ជាមួយគ្នា គ្មានបុគ្គលណាម្នាក់គេឋិតនៅចំកណ្តាល់ចក្រវាឡនេះតែម្នាក់ឯងទេ។ បន្ទាប់មកការបង្រៀនទូទៅ(ព្រះធម៌ទូទៅ)ដែលអ្នកឃើញនៅក្នុងសាសនាណាមួយក្តី ឬនៅក្នុងទស្សនវិជ្ជាមនុស្សជាតិណាមួយក្តី គឺត្រូវមានសណ្តានចិត្តល្អ ចេះគិតដល់គេ មានទឹកចិត្តករុណាដល់គេ ត្រូវចេះខន្តី មានចិត្តសប្បុរស និងអធ្យាស្រ័យជាដើម។ រាល់សាសនានិងរាល់ទស្សនវិជ្ជាមនុស្សជាតិទាំងអស់គឺសុទ្ធតែបង្រៀនដូចគ្នា រួមទាំងពុទ្ធសាសនាផងដែរ។ 

គោលការឬវិធីសាស្រ្តដូចគ្នានេះដែរ ក៍អាចយកមកអនុវត្តនៅក្នុងទំនាក់ទំនងក្នុងការងារដែរ។ ប្រសិនបើអ្នកមានគុណធម៌ល្អចំពោះអ្នកដែលធ្វើការងារជាមួយខ្លួន(ឬប្រសិនបើគេធ្វើការឲ្យខ្លួន ហើយខ្លួនមានទឹកចិត្តល្អចំពោះគេ) នោះធុរៈកិច្ចទាំងមូលនឹងប្រព្រឹត្តទៅយ៉ាងរលូន។ ប្រសិនបើអ្នកធ្វើការនៅហាងលក់ទំនិញ អ្នកមានចិត្តរុះរាយរាក់ទាក់ល្អចំពោះអ្នកទិញ នោះបរិឋានទាំងមូលនៅក្នុងហាងរបស់ខ្លួនកាន់តែប្រសើរឡើង មែនអត់? ប្រសិនបើគេមានចិត្តស្មោះត្រង់ កុំបោកគេជាដើម ជាថ្មីម្តងទៀតនោះអ្វីៗនឹងប្រព្រឹត្តទៅយ៉ាងរលូន។ មិនមែនមានន័យថាយើងមិនខិតខំព្យាយាមដើម្បីរកចំណូលដើម្បីចិញ្ចឹមជីវិតនោះទេ ប៉ុន្តែខ្លឺមសារនៅត្រង់នេះគឺមិនត្រូវមានចិត្តលោភលន់ជ្រុលពេកទេ។ 

នៅពេលគេបោកប្រាស់យើង - ដោយសារថាមិនមែនមនុស្សគ្រប់រូបគេសុទ្ធតែធ្វើបែបនេះទាំងអស់នោះទេ - ពិតណាស់ តើអ្នករំពឹងចង់បានអ្វី? ប៉ុន្តែបើយោងតាមទស្សនពុទ្ធសាសនា យើងមិនអាចនិយាយថាគេទាំងអស់នោះគឺជាមនុស្សអាក្រក់នោះទេ តែយើងអាចនិយាយថាគេគឺជាមនុស្សវង្វែងភ័ន្ត(ជាមនុស្សមោហ៍បាំង)។ គេជាមនុស្សដែលមោហ៍បាំង។ គេមិនយល់ថាអាការធ្វើបែបនោះគឺកាន់តែបង្កបញ្ហាកាន់តែច្រើនដល់គេតែប៉ុណ្ណោះ៖ គ្មាននរណាម្នាក់គេចូលចិត្តមនុស្សបោកប្រាស់គេទេ។ បើដូច្នេះពួកគេគឺជាមនុស្សដែលយើងត្រូវប្រតិបត្តិធម៌មេត្តាចំពោះគេ ជាជាងមានចិត្តស្អប់ចំពោះគេ។ ប្រសិនបើយើងគិតថាគេជាមនុស្សដែលខ្លួនត្រូវបដិបត្តិមេត្តាធម៌ និងត្រូវមានចិត្តខន្តីចំពោះគេ  នោះយើងនឹងមិនមានទុក្ខផ្លូវអារម្មណ៍អ្វីទេនៅពេលគេបោកប្រាស់យើង ហើយយើងត្រូវតែប្រុងប្រយ័ត្នចំពោះមនុស្សបន្ទាប់ ដើម្បីកុំឲ្យគេបោកយើងបានម្តងទៀត។ តើអ្នករំពឹងចង់បានអ្វីពីគេ? មានមនុស្សច្រើននាក់ណាស់ដែលគេជាមនុស្សបែបនោះ។ បើដូច្នេះនោះហើយជាសច្ចពិត។ ការគិតសន្មតនោះគឺថា មនុស្សគ្រប់រូបគេមានភាពស្មោះត្រង់គ្រប់គ្នា តែធាតុពិតគឺពុំដូច្នោះទេ។ បើដូច្នេះយ៉ាងហោចណាស់យើងអាចព្យាយាមធ្វើជាមនុស្សស្មោះត្រង់។ 

តើអ្នកមិនបដិបត្តិពុទ្ធសាសនាអាចប្រើប្រាស់វិធីសាស្រ្តទាំងនេះបានទេ? 

ឥឡូវនេះតើយើងចាំបាច់ត្រូវតែប្រតិបត្តិតាមមាគ៌ាផ្លូវធម៌ពុទ្ធសាសនាដ៍តឹងតែងនៃការបដិបត្តិសមាធិ និងពិធីបុណ្យផ្សេងៗទេ ដើម្បីអនុវត្តវិធីសាស្រ្តទាំងអស់នេះ? ពិតណាស់ មិនចាំបាច់ទេ។ យើងមិនចាំបាច់ប្រតិបត្តិតាមមាគ៌ាផ្លូវចិត្តដ៍តឺងតែង ដើម្បីអនុវត្តវិធីសាស្រ្តទាំងអស់នោះទេ។ សម្តេចសង្ឃរាជដាឡៃឡាម៉ា ឧស្សាហ៍លើកឡើងអំពីក្រមសីលធម៌លោកិយ៍ឬក្រមសីលធម៌ផ្លូវលោក និងគុណតម្លៃមនុស្ស - ពោលគឺការមានទឹកចិត្តល្អ មានសតិ មិនគិតអវិជ្ជា កុំគិតអណ្តែតអណ្តូងជាដើម។ ទាំងអស់នេះគឺជាគោលការណ៍ណែនាំទូទៅដែលនរណាក៍គេអាចប្រតិបត្តិបានដែរ។ 

ហើយនៅពេលយើងនិយាយអំពីសមាធិ ពោលគឺយើងនិយាយអំពីវិធីសាស្រ្តដើម្បីផ្សាំខ្លួជាមួយនឹងវិធីគិត តាមរយៈការអង្គុយ និងត្រូវព្យាយាមគិតបែបនោះ ហើយនៅពេលចិត្តខ្លួនបែក គ្មានការផ្តោត និងចាប់ផ្តើមត្រាច់ចរចេញពីខ្លួន គឺត្រូវនាំវាត្រឡប់មកវិញ។ ពិតណាស់អ្នកអាចបដិបត្តិបែបនោះបាននៅខណៈពេលខ្លួនកំពុងតែអង្គុយបដិបត្តិសមាធិ ឬកំពុងតែផ្តោតចិត្តលើសម្មាសម្ពុទ្ធ ឬលើខ្យល់ដង្ហើមរបស់ខ្លួន ប៉ុន្តែអ្នកក៍អាចធ្វើបែបនោះបាន នៅខណៈពេលដែលខ្លួនកំពុងអានសៀវភៅ កំពុងធ្វើម្ហូប ហើយនៅពេលណាដែលចិត្តអ្នកមិននៅនឹងខ្លួនទេ នាំវាត្រឡប់មកវិញ។ មិនចាំបាច់តែការបដិបត្តិសមាធិពុទ្ធសាសនាផ្លូវការអ្វីទេ មានវិធីច្រើនយ៉ាងណាស់ដែលយើងអាចយកមកធ្វើជាការផ្សាំខ្លួននឹងវិធីគិតដែលមានអត្ថប្រយោជន៍ ដោយមិនចាំបាច់ពាក់ព័ន្ធដល់ការធ្វើពិធីបុណ្យឬការរៀបចំបែបផ្លូវការអ្វីនោះទេ។ 

នេះគឺជាវិធីសាស្រ្តដែលយើងយកធម៌មកប្រតិបត្តិឬអនុវត្ត - វិធានការការពារ - ដើម្បីជួយឲ្យខ្លួនចៀសផុតពីបញ្ហា។ តើអ្នកមានសំនួរអ្វីខ្លះ?

សំនួរ

មានសតិដឹងអំពីអ្វីដែលកំពុងតែកើតឡើងទាំងខាងក្នុងចិត្តនិងខាងក្រៅ

ដើម្បីចៀសវាងកុំឲ្យមានបញ្ហា តើយើងត្រូវតែមានសតិគ្រប់ពេលជានិច្ចមែនទេ? 

បាទ នៅក្នុងន័យមួយ ប៉ុន្តែវាមិនមែនជារូបភាពទាំងស្រុងទេ។ ឧបមាថា៖យើងអាចតាំងសតិផ្តោតលើការស្រែក និងវាយជនណាម្នាក់ បើដូច្នេះនេះគឺមិនមែនជារូបភាពទាំងស្រុងទេ។ យើងក៍ត្រូវការភ្ញាក់ខ្លួន នៅក្នុងន័យថាយើងខ្លួនឯងត្រូវតែមានសតិដឹងពីអ្វីដែលកំពុងតែកើតឡើងនៅខាងក្នុង - ពោលគឺចិត្តគំនិតនិងអារម្មណ៍របស់ខ្លួន - ជាដើម។ ហើយស្របពេលជាមួយគ្នានោះដែរយើងត្រូវមានសតិដឹងអំពីអ្វីដែលកំពុងកើតឡើង ជាមួយមនុស្សដែលគេឋិតនៅជុំវិញខ្លួនយើង។ នៅពេលសមាជិកគ្រួសារណាម្នាក់គេមកដល់ផ្ទះ ឬមនុស្សជាទីស្រលាញ់ ឬបុគ្គលណាក៍ដោយ - អ្នកអាចមើលដឹងថាគេប្រហែលជាអស់កំលាំងខ្លាំងណាស់មើលទៅ។ អ្នកត្រូវដឹងអំពីរឿងនេះ ហើយនោះមិនមែនជាពេលវេលាដើម្បីចាប់ផ្តើមកិច្ចពិភាក្សាអំពីកិច្ចអ្វីមួយដែលសំខាន់នោះទេ - គេអស់កំលាំង។ បើដូច្នេះអ្នកត្រូវមានសតិដឹងជានិច្ច និងផ្តោតសតិលើអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួន។ តើស្ថានភាពគេយ៉ាងណា មិនមែនគ្រាន់តែគិតអំពីស្ថានភាពរបស់ខ្លួនតែម៉្យាងទេ។ 

បើដូច្នេះយើងមិនត្រូវមានសតិផ្តោតលើខ្លួនឯងជ្រុលពេកទេ ហើយមិនដឹងអំពីមនុស្សដែលគេឋិតនៅជុំវិញខ្លួន ឬការគិតផ្តោតជ្រុលនិយមមួយផ្សេងទៀត គឺការគិតផ្តោតលើគេជ្រុលពេក លែងគិតអំពីខ្លួនឯងក៍មាន។ ភាពជ្រុលនិយមទាំងពីរនេះត្រូវចៀសវាង។ មានមនុស្សច្រើនណាស់ ដែលគេមានរោគសញ្ញា(បញ្ហា)នៃការមិនហាននិយាយពាក្យថា «ទេ» ហើយគេតែងតែធ្វើកិច្ចអ្វីៗឲ្យគេជានិច្ច ឲ្យគ្រួសារ ឬឲ្យនរណាម្នាក់ក៍ដោយក្តី ដែលធ្វើឲ្យខ្លួនគេអស់កំលាំងកំហែងពីខ្លួន រហូតដល់ដួលក៍មាន ឬទីបំផុតគេមានអារម្មណ៍ថាសោកស្តាយ។ ជាប្រការសំខាន់បំផុតដែលត្រូវមានសតិដឹងអំពីថាតើខ្លួនមានអារម្មណ៍យ៉ាងណា យកចិត្តទុកដាក់មើលថែរក្សាតម្រូវការរបស់ខ្លួនផង។ នៅពេលយើងចង់សម្រាក យើងត្រូវសម្រាក។ នៅពេលយើងត្រូវនិយាយថា «ទេ ខ្ញុំសុំទោស ខ្ញុំមិនអាចធ្វើវាបានទេ វាច្រើនពេក ខ្ញុំមិនអាចធ្វើវាបានទេ» នោះត្រូវនិយាយថា «ទេ»។ បើនិយាយឲ្យសមរម្យទៅនៅពេលយើងនិយាយថា «ទេ» យើងត្រូវផ្តល់ជម្រើសឲ្យគេ ប្រសិនបើយើងអាចធ្វើបាន។ អ្នកអាចផ្តល់យោបល់ដល់គេ៖ «ប៉ុន្តែប្រហែលគេនេះអាចជួយដល់អ្នកបាន»។ 

សរុបទៅគ្រាន់តែមានស្មារតីភ្ញាក់រលឹក និងដឹងអំពីអ្វីដែលកំពុងកើតឡើង ទាំងខាងក្នុងនិងខាងក្រៅ ហើយបន្ទាប់មកត្រូវប្រើប្រាស់សម្មាទិដ្ឋិ(ការយល់ដឹងត្រូវ) ករុណានិងមេត្តាធម៌។ 

ទប់ទល់ជាមួយនឹងទោសៈ

អ្នកបាននិយាយអំពីការបោសសម្អាតការូជាវិធីសាស្រ្តមួយដើម្បីទប់ទល់ជាមួយនឹងទោសៈ ឬទប់ទល់ជាមួយនឹងពពួកអារម្មណ៍អកុសលផ្សេងៗទៀត ក៍ប៉ុន្តែអ្នកបានបញ្ជាក់បន្ថែមទៀតថាពុទ្ធសាសនាមានវិធីសាស្រ្តជ្រៅជាងនេះជាច្រើន។ តើអ្នកអាចផ្តល់តម្រុយដល់ពួកយើងខ្លះបានទេថាត្រូវទៅរកសិក្សាវិធីសាស្រ្តជ្រៅៗទាំងអស់នោះនៅទីណា? 

ពិតណាស់ វិធីសាស្រ្តជ្រៅជាងនេះ វិធីមួយដើម្បីទប់ទល់ជាមួយនឹងទោសៈនៅពេលខ្លួនខឹងជាមួយនឹងនរណាម្នាក់ គឺត្រូវប្រតិបត្តិធម៌ខន្តី។ ឥឡូវនេះតើយើងប្រតិបត្តិធម៌ខន្តីដោយរបៀបណា? មានវិធីសាស្រ្តច្រើនយ៉ាងណាស់ តែវិធីសាស្រ្តមួយគឺត្រូវបានគេហៅថា «ចាត់ទុកខន្តីដូចជាផ្ទាំងស៊ីប» ៖ «ប្រសិនបើអញមិនដំឡើងផ្ទាំងស៊ីបទេ នោះគ្មាននរណាម្នាក់គេបាញ់តម្រង់ទៅរកវាដែរ»។ ឧទាហរណ៍៖ ខ្ញុំបានសុំឲ្យអ្នកជួយធ្វើកិច្ចអ្វីមួយឲ្យខ្ញុំ ហើយអ្នកបានធ្វើដែរតែធ្វើខុស។ ត្រង់នេះលទ្ធផលដែលរំពឹងទុកគឺថាខ្ញុំត្រូវតែខឹងនឹងអ្នកដែលធ្វើកិច្ចនោះខុស ឬក៍ថាអ្នកមិនបានធ្វើវាសោះក៍ថាបាន។ បើដូច្នេះនៅត្រង់នេះសំនួរសួរថាតើកំហុសនរណា? ពិតណាស់វាគឺជាកំហុសរបស់ខ្ញុំ ដោយសារតែខ្ញុំខ្ជិលមិនបានធ្វើកិច្ចនោះដោយខ្លួនឯង តែផ្ទុយទៅវិញខ្ញុំបានសុំឲ្យគេធ្វើជំនួសទៅវិញ។ បើដូច្នេះតើខ្ញុំរំពឹងចង់បានអ្វី? នៅពេលអ្នកសុំឲ្យគេធ្វើកិច្ចអ្វីមួយ តើអ្នករំពឹងចង់បានអ្វី? ឧបមាថាអ្នកសុំឲ្យកូនក្មេងអាយុពីរឆ្នាំគេយកតែក្តៅមកឲ្យខ្លួន ហើយក្មេងនោះបានធ្វើកំពប់តែ។ ពិតណាស់វានឹងធ្វើកំពប់មិនខាន។ ដូច្នេះគឺដូចគ្នា - តើយើងរំពឹងចង់បានអ្វី នៅពេលយើងសុំឲ្យគេជួយធ្វើកិច្ចអ្វីមួយឲ្យខ្លួន? 

បើដូច្នេះខ្ញុំដឹងថាភាពខ្ជិលច្រអូសរបស់ខ្លួននេះឯងដែលជាអ្នកបង្កបញ្ហាឲ្យកើតឡើង។ យើងមិនត្រូវខឹងនឹងគេទេ ហើយខ្ញុំដឹងថានៅពេលខ្ញុំសុំឲ្យអ្នកធ្វើកិច្ចអ្វីមួយឲ្យខ្ញុំ គឺដោយសារតែខ្ញុំនេះខ្ជិលមិនចង់ធ្វើវាដោយខ្លួនឯង - អាចថាខ្លួនខ្ជិល ឬខ្លួនមិនមានពេលវេលាគ្រប់គ្រាន់ ឬអ្វីផ្សេងទៀតក៍ដោយក្តី។ ប៉ុន្តែខ្លឹមសារនោះគឺថា ប្រសិនបើខ្ញុំសុំឲ្យគេធ្វើកិច្ចអ្វីមួយ ខ្ញុំមិនគួរគិតរំពឹងថាគេនឹងធ្វើវាបានល្អឥតខ្ចោះទេ ឬរំពឹងថាគេនឹងធ្វើឲ្យដូចខ្លួននោះក៍ទេដែរ ដោយសារថាខ្ញុំក៍មានកំហុសដែរ មនុស្សណាដែលមិនចេះខុសសោះនោះ។ ហើយប្រសិនបើខ្ញុំធ្វើវាដោយខ្លួនឯង ហើយធ្វើខុស ក៍គ្មានហេតុផលណាដែលត្រូវខឹងឬមានទោសៈចំពោះខ្លួនឯងដែរ។ កុំគិតថា «អញមិនមែនជាមនុស្សល្អគ្រប់ដប់ - គ្មានបុគ្គលណាម្នាក់គេល្អគ្រប់ដប់ទេ - បើដូច្នេះពិតណាស់ខ្ញុំធ្វើខុស»។ ដូច្នេះអ្នកគ្រាន់តែទទួលយកនូវសច្ចពិតថា «អញជាមនុស្សលោក មនុស្សលោកសាមញ្ញដូចអញតែងមានកំហុស៖អញធ្វើខុស»។ ហើយប្រសិនបើអញអាចកែប្រែវាបាន អញនឹងកែប្រែវា។ អញមិនមានចិត្តទោសៈនឹងខ្លួនអញទេ។ គ្មានហេតុផលអ្វីដែលអញត្រូវខឹងនឹងខ្លួនឯងទេ គ្រាន់តែកែតម្រូវវាទៅជាការស្រេចប្រសិនបើអញអាចកែបាន។ ប្រសិនបើអញមិនអាចកែវាបានទេ មិនអីទេ តែត្រូវខិតខំព្យាយាមកុំឲ្យកំហុសនោះកើតឡើងសាជាថ្មីទៀតនៅក្នុងថ្ងៃអនាគត។ 

វិធីទប់ទល់ជាមួយនឹងទោសៈដែលមានកំរិតកាន់តែជ្រៅជាងនេះគឺត្រូវយល់អំពីសភាវៈពិតនៃខ្លួនឯងឲ្យបានច្បាស់។ ឥឡូវនេះខ្ញុំកំពុងតែនិយាយនៅត្រឹមកំរិតសាមញ្ញបំផុត ប៉ុន្តែសូម្បីតែនៅត្រឹមកំរិតសាមញ្ញនេះក៍មានប្រយោជន៍ដែរ ពោលគឺ «ខ្ញុំមិនមែនឋិតនៅចំកណ្តាល់នៃចក្រវាឡទេ តើហេតុអ្វីគេគ្រប់គ្នាត្រូវធ្វើតាមខ្ញុំ? ហេតុអ្វី?តើខ្ញុំមានអ្វីពិសេសដែលតម្រូវឲ្យគេគ្រប់គ្នាធ្វើតាមខ្ញុំ តើខ្ញុំគួរតែធ្វើតាមគេទេ?» ដោយការគិតពិចារណាបែបនេះ អ្នកចាប់ផ្តើមមានគំនិតវាយបំបែកការគិតប្រកាន់មាំចំពោះតួអត្តភាព «អញ» ដែលតាំងខ្លួនថាជាមនុស្សដែលសំខាន់បំផុតនៅក្នុងចក្រវាឡនេះ។ ចំពោះតួអត្តភាពរឺងមាំ «អញ» បន្ទាប់មក ជាការពិតអ្នកអាចបន្តគិតវិភាគនិងវាយបំបែករនាំងនៃការគិតផ្សេងៗទៀតជាហូរហែ។ នៅពេលអ្នកប្រកាន់មាំចំពោះទស្សនៈថាមានតួអត្តភាពពិតប្រាកដ«អញ» និងគិតថាគេត្រូវតែធ្វើតាមអញ ពិតណាស់វាធ្វើឲ្យអ្នកខឹង មានទោសៈនៅពេលគេមិនធ្វើតាមខ្លួន ត្រឹមទេ? 

ពុទ្ធសាសនាមានធម៌ច្រើនណាស់ដែលលើកឡើងអំពីរបៀបអត្ថិភាពរបស់ខ្លួន និងអត្ថិភាពរបស់អ្នកដ៍ទៃនៅជុំវិញខ្លួន។ ពិតណាស់យើងមានអត្ថិភាពជាក់ស្តែង ប៉ុន្តែយើងពិតជាមិនមានអត្ថិភាពឡើងទៅតាមការស្រមើស្រមៃរបស់ខ្លួនថា មាន«កូនតួអត្តភាពម្នាក់» កំពុងតែអង្គុយនៅក្នុងក្បាលខ្លួន កំពុងតែនិយាយ ហើយគេជាម្ចាស់នៃសំលេងដែលបន្លឺឡើងនៅក្នុងខួរក្បាលរបស់ខ្លួន ហាក់បីដូចជាមានកូនមនុស្សម្នាក់ទៀតដែលឋិតនៅក្នុងខ្លួនដែលកំពុងតែនិយាយតវ៉ាមិនឈប់អីចឹង៖ ពោលគឺ«តើអញគួរធ្វើអ្វីឥឡូវនេះ? អូអញនឹងធ្វើបែបនោះ» ហើយបន្ទាប់មកអ្នកចាប់ផ្តើមកំរើករាងកាយ ធ្វើហាក់បីដូចជាខ្លួនឯងហ្នឹងជាមនុស្សយន្តធ្វើទៅតាមសំលេងបញ្ជានោះអីចឹង។ ប៉ុន្តែនោះគឺជាមោហៈចិត្តទេ។ អ្នកមិនអាចស្វែងរកឃើញកូនតួអត្តភាពណាមួយនៅក្នុងខ្លួនរបស់អ្នកឡើយ អាចទេ? 

ប៉ុន្តែទោះបីយ៉ាងណាក្តីខ្ញុំពិតជាមានអត្ថិភាពពិប្រាកដមែន - ពោលគឺខ្ញុំនិយាយស្តី ខ្ញុំធ្វើកិច្ចការងារអ្វីផ្សេងៗជាដើម។ បើដូច្នេះយើងត្រូវតែធ្វើអ្វីម៉្យាងជាមួយនឹងជំនឿរបស់ខ្លួន នៅក្នុងការគិតសន្មតស្រមើស្រមៃទាំងអស់នេះ ដោយសារថាស្តាប់ទៅហាក់បីដូចជាវាតំណាងឲ្យការពិតអីចឹង។ ស្តាប់ទៅហាក់បីដូចជាបែបហ្នឹង ពោលគឺមានសំលេងនិយាយចេញមកខាងក្រៅ បើដូច្នេះវាច្បាស់ជាមានមនុស្សណាម្នាក់ទៀតដែលកំពុងតែនិយាយចេញមកពីខាងក្នុងខ្លួនអញហើយមើលទៅ។

បើដូច្នេះពុទ្ធសាសនាមានធម៌ជាច្រើនដែលផ្តល់ឲ្យយើងនៅក្នុងវិស័យនេះ ជាអ្វីដែលយើងអាចហៅថាជា «ចិត្តវិទ្យា»។ 

ប្រតិបត្តិជាមួយនឹងកាយរបស់ខ្លួន

ខ្ញុំមានសំនួរពីរត្រូវសួរ។ ទីមួយគឺ៖ប្រហែលជាអ្នកអាចរ៉ាយរ៉ាប់ប្រាប់ពួកយើងបន្ថែមទៀតអំពីការបដិបត្តិជាមួយនឹងកាយ។ អ្នកបានលើកឡើងថាយើងត្រូវតែសម្រួលនិងសម្រាករាងកាយរបស់ខ្លួនឲ្យបានស្រួលនិងធូរស្បើយ ប៉ុន្តែប្រហែលជាយើងត្រូវធ្វើអ្វីផ្សេងទៀត។ ហើយសំនួរទីពីរគឺ៖តើប្រភពនៃការគិតស្រមើស្រមៃមិនពិតនេះជាអ្វី ហើយមកពីណា? ឧបមាថា៖តួអត្តភាពដែលកំពុងតែនិយាយនៅក្នុងខួរក្បាលរបស់យើង - ហេតុអ្វីវាហាក់បីដូចជាកើតឡើងពិតអីចឹង? 

ជាការពិតមានវិន័យ និងវិធីសាស្រ្តច្រើនយ៉ាងណាស់ដែលយើងអាចយកមកប្រើប្រាស់ដើម្បីសុខភាពរាងកាយ។ ឧទាហរណ៍៖មានឳសថបុរាណពុទ្ធសាសនានៅក្នុងទំនៀមទីបេដែលអ្នកអាចរកប្រើប្រាស់បាន ដែលវិធីនៃការប្រើប្រាស់ឳសថទាំងអស់នោះគឺពាក់ព័ន្ធដល់ការធ្វើឲ្យមានតុល្យភាពនៃថាមពលនៅក្នុងរាងកាយជាដើម។ ថាមពល និងសុខភាពរបស់យើងជាទូទៅគឺអាស្រ័យលើរបបអាហារនិងឥរិយាបថ(ការប្រព្រឹត្ត)របស់ខ្លួនជាចម្បង - ការប្រព្រឹត្តដូចជាថា បើសិនអ្នកចេញទៅខាងក្រៅជាទីដែលមានសីតណ្ហភាពត្រជាក់ខ្លាំង ហើយអ្នកមិនពាក់ខោអាវរងាដើម្បីការពារពីភាពត្រជាក់ទេ នោះអ្នកនឹងអាចធ្លាក់ខ្លួនឈឺជាដើម។ យើងកំពុងតែនិយាយអំពីឥរិយាបថនៃការប្រព្រឹត្តបែបនេះ ឬក៍ការធ្វើការងារជ្រុលពេក - ឥរិយាបថប្រភេទនេះក៍អាចធ្វើឲ្យអ្នកធ្លាក់ខ្លួនឈឺដែរ។ 

យើងក៍ត្រូវព្យាយាមរក្សាសតិរលឹកដឹងអំពីសភាវៈនៃរាងកាយរបស់ខ្លួនដែរ។ អារម្មណ៍អ្នកកាន់តែស្ងប់អ្នកកាន់តែមានសតិដឹងអំពីស្ថានភាពនៃចិត្តរបស់ខ្លួន និងដឺងអំពីស្ថានភាពនៃថាមពលរាងកាយរបស់ខ្លួនផងដែរ។ ឧបមាថា៖ នៅពេលអ្នកសម្គាល់ដឹងថាចិត្តឬថាមពលរបស់ខ្លួនហាក់មិននឹងន ភ័យៗ - អ្នកអាចដឹងច្បាស់តាមរយៈចលនាជីពចររបស់ខ្លួនដែលវាចាប់ផ្តើមធ្វើចលនាលឿនខុសប្រក្រតីជាដើម - មានកិច្ចសាមញ្ញៗបំផុតដែលអ្នកអាចធ្វើបាន សូម្បីតែការផ្លាស់ប្តូរកែប្រែរបបអាហាររបស់ខ្លួនក៍ជាកិច្ចសាមញ្ញដែលអ្នកអាចធ្វើបានដែរ។ ឧទាហរណ៍៖យើងអាចឈប់ផឹកកាហ្វេឬឈប់ផឹកតែដែលមានជាតិកាហ្វេអ៊ីនខ្លាំង ហើយយើងអាចឈប់បរិភោគអាហារដែលមានជាតិខ្លាញ់ច្រើន ដែលប្រើប្រាស់ថាមពលច្រើនដើម្បីរំលាយនៅក្នុងក្រពះ - ពោលដូចជាប្រភេទឈីស(cheese) ឬអាហារអ្វីក៍ដោយដែលមានជាតិខ្លាញ់ច្រើនពេក។ ហើយត្រូវស្លៀកពាក់ខោអាវរងាដើម្បីកុំឲ្យខ្លួនរងាពេក កុំនៅហាលខ្យល់ ហើយកុំនៅកន្លែងណាដែលនៅជិតម៉ាស៊ីនដែលមានសំលេងខ្លាំងៗជ្រុលពេក។ ដែលប្រការនេះអាចប៉ះពាល់ដល់ថាមពលរបស់ខ្លួនកាន់តែខ្លាំងឡើង។ ត្រូវឋិតនៅក្នុងស្ថានភាពដែលស្ងប់ស្ងាត់។ បើដូចនេះគឺមានកំរិតនៃការបដិបត្តិ។

បើតាមការបដិបត្តិនៃទំនៀមទីបេគឺគេមិនបានបញ្ជាក់អំពីការហាត់ប្រាណ ឬអំពីប្រភេទនៃការហាត់ប្រាណបែបនោះ ជាមួយនឹងរាងកាយដែលអ្នកអាចធ្វើបានទេ ឧបមាថា៖ ពុទ្ធសាសនានៅក្នុងទំនៀមចិននិងជប៉ុន គេប្រើប្រាស់ក្បាច់គុន។ ប៉ុន្តែពិតណាស់គឺប្រភេទក្បាច់គុនខុសៗគ្នា - ពោលដូចថៃជី(taiji) ជីហ្គុង(qigon)ទាំងអស់នេះជាដើម -ដែលអាចមានអត្ថប្រយោជន៍ដល់រាងកាយ។ បច្ចេកទេសទាំងអស់នោះគឺដើម្បីចម្រើនការតាំងសតិតាមរយៈការមានសតិដឹងអំពីចលនានីមួយៗរបស់ខ្លួន។ លំហាត់ប្រាណដែលជនជាតិទីបេគេធ្វើគឺមានសភាពល្អិតល្អន់ជាងនេះ ពាក់ព័ន្ធនឹងប្រព័ន្ធថាមពលនៅក្នុងរាងកាយតាមវិធីផ្សេង មិនមែនតាមវិធីសាស្រ្តនៃការប្រើប្រាស់ក្បាច់គុនទេ។ គឺវាខុសគ្នាបន្តិច ហាក់ស្រដៀងទៅនឹងយោគៈ។ បើដូច្នេះនោះហើយជាវិធីដែលអ្នកប្រតិបត្តិជាមួយនឹងរាងកាយ។ 

ប្រភពនៃសំលេងបន្លឺឡើងនៅក្នុងក្បាលរបស់អ្នក

សំរាប់ប្រភេទសំលេងដែលបន្លឺឡើងនៅក្នុងក្បាយរបស់យើង ត្រង់នេះគឺពាក់ព័ន្ធដល់ធម្មជាតិពិតនៃមនោ ហើយចំណុចនេះគឺកាន់តែស្មុគស្មាញ។ នៅក្នុងពុទ្ធសាសនានៅពេលយើងនិយាយអំពីចិត្តឬមនោ យើងកំពុងនិយាយអំពី សកម្មភាពនៃមនោ ហើយសកម្មភាពនៃមនោនោះគឺពាក់ព័ន្ធដល់ការគិត ដល់ការមើលឃើញ ដល់ការប៉ះពាល់ដឹង និងអារម្មណ៍ ពោលចំណុចនេះគឺមានលក្ខណៈទូលាយណាស់។ អ្វីដែលកំពុងកើតឡើងនៅក្នុងសកម្មភាពមនោនោះគឺថា ការកើតឡើងនៃមនោសញ្ញា (mental hologram)។ ឧបមាថា៖ នៅពេលយើងមើលឃើញអ្វីមួយ ពន្លឺបញ្ជូនទៅប៉ះរ៉េទីណា(retina) ដែលបង្កឲ្យមានចលនាអគ្គិសនីកើតឡើង និងប្រតិកម្មជាតិគីមីផ្សេងៗកើតឡើងនៅក្នុងកោសិកាខួរក្បាល ហើយជាលទ្ធផលមនោសញ្ញានៃភិនភាគអ្វីមួយដែលខ្លួនមើលឃើញនោះក៍កើតមានឡើង។ ប៉ុន្តែនោះគឺពិតជាមនោសញ្ញា កើតឡើងបានមកពីចលនាអគ្គិសនីនិងប្រតិកម្មគីមីផ្សេងៗនេះឯង។ 

ប៉ុន្តែមនោសញ្ញាមិនកើតឡើងគ្រាន់តែតាមរយៈការមើលឃើញឬតាមរយៈចក្ខុតែម៉្យាងទេ។ មនោសញ្ញាទាំងអស់នេះអាចកើតឡើងតាមរយៈសំលេង និងតាមរយៈពាក្យសំដីផងដែរ។ យើងមិនស្តាប់ឮប្រយោគទាំងមូលមួយរំពេចទេ - ពោលគឺអ្នកស្តាប់ឮមួយចំណុចតូច មួយខណៈម្តង - ប៉ុន្តែមនោសញ្ញានៃប្រយោគទាំងមូលក៍កើតឡើង ហើយអ្នកក៍យល់នូវអត្ថន័យទាំងស្រុងរបស់វា។ ភាពស្រដៀងគ្នានេះដែរ ក៍មានមនោសញ្ញានៅក្នុងទម្រង់នៃអារម្មណ៍  នៃការគិត និងនៃការបន្លឺសំលេងនិយាយផងដែរ។ រឿងទាំងអស់នេះកើតឡើង ពាក់ព័ន្ទដល់ការគិត។ បើដូច្នេះនេះហើយជាអ្វីដែលជាការ មើលឃើញ ការគិត ឬការដឹងអារម្មណ៍ជាដើម។ ហើយសកម្មភាពនៃមនោទៀតសោតគឺនៅតែបន្តកើតឡើងដោយគ្មាន តួអត្តភាព«អញ» ដាច់ដោយឡែកដែលជាអ្នកកំពុងតែអង្គុយបញ្ជាដើម្បីឲ្យខ្លួននេះដំណើរការនោះទេ។ ប្រព្រឹត្តទៅបែបនេះ បើដូច្នេះផ្នែកមួយនៃមនោសញ្ញាគឺជាការគិតថាមានតួអត្តភាព «អញ» - «សំលេងនោះគឺអញ» តើនរណាកំពុងតែគិត? អញកំពុងតែគិត។ មិនមែនអ្នកទេដែលកំពុងគិត - អញគឺជាអ្នកដែលកំពុងគិត។ ប៉ុន្តែនោះគឺគ្រាន់តែជាផ្នែកមួយនៃដំណើរការនៃសញ្ញាទាំងអស់នោះតែប៉ុណ្ណោះ។ 

តើអ្វីជាប្រភពនៃសំលេងដែលបន្លឺឡើងនៅក្នុងក្បាលរបស់យើង? វាគឺគ្រាន់តែជាបែបបទឬជាលក្ខណៈមួយនៃសកម្មភាពមនោរបស់ខ្លួន។ មិនចាំបាច់ថាគ្រប់សកម្មភាពមនោទាំងអស់សុទ្ធតែដំណើរបែបនេះទេ។ សំលេងមិនកើតឡើងគ្រប់ពេលវេលាទេ ហើយខ្ញុំក៍មានការសង្ស័យថាតើសត្វជន្លេនវាគិតដោយប្រើប្រាស់សំលេងទេ។ ពិតណាស់សត្វជន្លេនមានខួរក្បាល មានចិត្ត អាចមើលឃើញអ្វីៗ និងធ្វើអ្វីៗបាន។ 

ជាការពិតវាក្លាយទៅជារឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតនៅពេលយើងគិតដល់ចំណុចនេះ។ សញ្ញានៃសំលេងគឺជាទម្រង់នៃការទាក់ទងមួយបែប មែនទេ? ជាប្រភេទនៃការគិតម៉្យាង ដែលបញ្ចេញឬទាក់ទងជាមួយនឹងគំនិតនៅក្នុងទម្រង់នៃសំលេងបន្លឺឡើងនៅក្នុងចិត្តនៃពាក្យ។ សំនួរដែលគួរឲ្យចាប់អារម្មណ៍គឺ៖ បុគ្គលដែលគថ្លង់ពីកំណើត គេមានដឹងថាសំលេងជាអ្វីទេ - តើគេមានសំលេងបន្លឺឡើងនៅក្នុងក្បាលរបស់គេទេ ឬតើគេគិតនៅក្នុងន័យនៃភាសាសញ្ញាតែម៉្យាងទេ? នោះគឺជាសំនួរដែលគួរឲ្យចាប់អារម្មណ៍បំផុត ហើយខ្ញុំក៍មិនអាចរកចម្លើយឆ្លើយតបនឹងសំនួរនោះបានដែរ។ 

បើដូច្នេះមិនថាវាជាសំលេង ជាភាសាសញ្ញា ឬជាអ្វីក៍ដោយក្តី - ឬថាតើជន្លេនគិតតាមរបៀបណាក្តី - មោហៈចិត្ត(ការភ័ន្តច្រឡំ)នៅត្រង់នេះនោះគឺជឿថាមាន តួខ្លួន(តួអត្តភាព) «អញ» ដាច់ដោយឡែកម្នាក់ទៀត ជាអ្នកដែលឋិតនៅពីក្រោយ ជាអ្នកដែលកំពុងនិយាយ កំពុងអង្គុយបញ្ជា ហើយព័ត៌នោះបានមកដល់ខ្លួនតាមរយៈកែវភ្នែក ហើយអ្នកបញ្ជានោះមានមីក្រូហ្វូនកំពុងតែនិយាយបញ្ជា ហើយគេបានចុចប៊ូតុងដើម្បីបញ្ជាឲ្យដៃនិងជើងរបស់ខ្លួនកំរើក អីហ្នឹងជាដើម។ នេះគឺជាការជឿយល់ច្រឡំ(មោហៈ)។ ហើយជឿទៀតថាមានតួអត្តភាព ដាច់ដោយឡែកនៅក្នុងខ្លួនដែលកំពុងតែអង្គុយបញ្ជា ដើម្បីឲ្យខ្លួននិយាយថា «ហ្អូ តើគេគិតចំពោះអញយ៉ាងណា?» ហើយ «តើអញគួរធ្វើអ្វី?» ជាអ្វីដែលយើងត្រូវព្រួយបារម្ភ គឺពាក្យថា មានតួខ្លួនពិតប្រាកដនេះ ដែលនៅចាំបញ្ជា។ 

នៅពេលយើងទទួលស្គាល់ថាពាក្យថា តួខ្លួនឬអត្តភាព «អញ»នេះជាការបំភ័ន្តភ្នែកទេនោះ(មោហៈ) នោះគ្មានអ្វីដែលត្រូវឲ្យយើងត្រូវព្រួយបារម្ភទៀតទេ។ ពោលយើងនិយាយស្តី ប្រព្រឹត្ត ពិតណាស់ គឺជាខ្ញុំជាអ្នកនិយាយនិងប្រព្រឹត្ត៖ ខ្ញុំកំពុងតែនិយាយ ខ្ញុំកំពុងតែធ្វើ។ ហើយប្រសិនបើគេមិនចូលចិត្តទេ នោះគឺគេមិនចូលចិត្តហើយ ចុះបើមិនចូលចិត្ត មានរឿងស្អីចុះ? ព្រះសម្មាសម្ពុទ្ធព្រះអង្គមិនបានផ្គាប់ចិត្តមនុស្សគ្រប់រូបទេ។ ហើយមិនមែនមនុស្សគ្រប់រូបគេសុទ្ធតែចូលចិត្តសម្មាសម្ពុទ្ធនោះក៍ទេដែរ បើដូច្នេះតើខ្ញុំរំពឹងចង់បានអ្វីសំរាប់ខ្លួនឯង? យើងគ្រាន់តែប្រើប្រាស់ការយល់ដឹងត្រូវ ករុណានិងមេត្តាធម៌ និងចាប់ផ្តើមធ្វើ តែប៉ុណ្ណឹង។ កុំព្រួយបារម្ភអំពី៖ «តើគេនឹងគិតថាអញជាមនុស្សបែបណាទៅ?» មិនមែនសាមញ្ញងាយស្រួលធ្វើដូចនិយាយទេ។ 

គ្រប់គ្រងខ្លួនឯងនៅពេលអ្នកដ៍ទៃគេខឹង

នៅពេលគេខឹងនឹងយើង តើយើងគ្រប់គ្រងខ្លួនឯងដោយរបៀបណា? 

ជាធម្មតាយើងគិតថាគេគឺដូចជាក្មេងតូចម្នាក់អីចឹង។ នៅពេលដែលក្មេងអាយុពីរឆ្នាំគេខឹងនឹងយើង នៅពេលយើងប្រាប់គេថា «ណែដល់ពេលចូលដេកហើយ» ហើយគេតបវិញថា «ខ្ញុំស្អប់អ្នក អ្នកជាមនុស្សអាក្រក់» និងយំបង្ករឿង សំនួរសួរថាតើយើងខឹងនឹងគេទេ? ពិតណាស់មនុស្សខ្លះគេពិតជាខឹង ប៉ុន្តែគេគ្រាន់តែជាក្មេងដែលមានអាយុពីរឆ្នាំតែប៉ុណ្ណោះ តើអ្នករំពឹងចង់បានអ្វី? ពោលគឺអ្នកត្រូវតែព្យាយាមធ្វើឲ្យគេស្ងប់ចិត្ត កុំយំស្រែក។ ត្រូវតែទន់ភ្លន់ដូចដែលអ្នកត្រូវធ្វើដាក់កូនក្មេងអាយុពីរឆ្នាំអីចឹង។ ចូរអ្នកគិតអំពីចំណុចនេះ៖ តើអ្នកដោះស្រាយជាមួយក្មេងអាយុពីរឆ្នាំនោះបានដោយរបៀបណា? ជាទូទៅនៅពេលដែលក្មេងអាយុពីរឆ្នាំគេធ្វើបែបនេះ បើអ្នកលើកព និងឳបគេដោយក្តីស្រលាញ់ នោះនឹងធ្វើឲ្យគេឈប់បង្ករឿងនិងស្ងប់ចិត្ត។ ក្មេងវាអីចឹងមែន មែនអត់? អាការស្រែសំឡុតដាក់វា មានតែធ្វើឲ្យវាយំកាន់តែខ្លាំងប៉ុណ្ណោះ។ បើដូច្នេះមនុស្សទូទៅគេក៍បែបនេះដែរ - ពេលខ្លះគេហៅថា កូនក្មេងធំ។ 



No comments:

Post a Comment