លាចាកកិលេស
ព្រះសាស្ដា
កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធដល់ការសង្កត់សង្កិនកិលេស
បានត្រាស់ព្រះធម្មទេនានេះ មានពាក្យថា មិត្តោ មិត្តស្ស ដូច្នេះ ជាដើម ។
សម័យមួយ
គ្រហស្ថដែលជាមិត្តសម្លាញ់នឹងគ្នា ដែលរស់នៅក្នុងនគរសាវត្ថី មានប្រមាណ ៥០០
នាក់ បានស្ដាប់ព្រះធម្មទេសនារបស់ព្រះតថាគតហើយបានបួសជាឧបសម្បន្ន
នៅក្នុងកោដិសន្ថារ ពេលដល់វេលាពាក់កណ្ដាលអធ្រាត្រ ក៏ត្រិះរិះដល់កាមវិតក្កៈ ។
រឿងទាំងអស់ បណ្ឌិតគប្បីឲ្យពិស្ដារ ដោយន័យដែលពោលហើយក្នុងទីខាងក្រោមនោះឯង ។
ពេលព្រះអានន្ទឲ្យភិក្ខុសង្ឃប្រជុំគ្នា ដោយការបង្គាប់របស់ព្រះភគវា ។
ព្រះសាស្ដាប្រថាប់គង់លើអាសនៈដែលគេចាត់ចែងថ្វាយ
ទ្រង់មិនបានធ្វើការចុះចំពោះ មិនត្រាស់ថា ពួកអ្នកនាំគ្នាត្រិះរិះកាមវិតក្កៈ
ទ្រង់ត្រាស់ដោយអំណាចនៃការសង្គ្រោះដល់ភិក្ខុទាំងពួងថា ម្នាលភិក្ខុទាំងឡាយ
ឈ្មោះថាកិលេស មិនមែនជារបស់តិចតួចឡើយ
ធម្មតាភិក្ខុត្រូវសង្កត់សង្កិនកិលេសដែលកើតឡើងហើយ សូម្បីបណ្ឌិតក្នុងកាលមុន
កាលព្រះពុទ្ធនៅមិនទាន់កើតឡើង ក៏សង្កត់សង្កិនកិលេសទាំងឡាយ
ហើយបានដល់នូវបច្ចេកពោធិញាណ ដូច្នេះហើយ
ទើបទ្រង់នាំយកអតីតនិទានមកសម្ដែងដូចតទៅថា
ក្នុងអតីតកាល
កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី មានសម្លាញ់ ២ នាក់
ក្នុងស្រុកមួយក្នុងដែលកាសី កាន់យកនូវក្អមទឹកផឹកទៅកាន់ចម្ការ
ដាក់ទុកក្នុងកន្លែងមួយហើយកាប់ចម្ការ ក្នុងវេលាស្រេកទឹកក៏នាំគ្នាមកផឹកទឹក ។
ក្នុងមនុស្សទាំង ២ នាក់នោះ មនុស្សម្នាក់កាលមកក៏រក្សាទឹកផឹករបស់ខ្លួនទុក
ផឹកទឹកអំពីក្អមរបស់មនុស្សមា្នក់ទៀត ដល់វេលាល្ងាចទើបចេញអំពីព្រៃ
ឈរមុជទឹកពិចារណាថា ថ្ងៃនេះយើងបានធ្វើបាបអ្វីខ្លះ ដោយកាយទ្វារជាដើម
តើមានឬទេ ក៏ឃើញថា បានលួចទឹករបស់មិត្តផឹក ហើយក៏ដល់នូវសេចក្ដីសង្វេគថា
តណ្ហានេះ កាលចម្រើនឡើង គង់នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយជាយ៉ាងពិតប្រាកដ
យើងនឹងសង្កត់សង្កិនកិលេសនេះឲ្យបាន ដូច្នេះហើយ
ធ្វើការលួចទឹកផឹករបស់មិត្តនោះមកជាអារម្មណ៍ ចម្រើនវិបស្សនា
ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ឈរពិចារណាដល់គុណដែលខ្លួនបាន ។
លំដាប់នោះ
មនុស្សម្នាក់ទៀតមុជទឹករួចហើយក៏ឡើងមក ពោលនឹងគេថា នែសម្លាញ់ ចូរមក
យើងនាំគ្នាទៅផ្ទះ ។ គាត់ប្រាប់ថា អ្នកទៅចុះ កិច្ចដោយផ្ទះមិនមានដល់
យើងឈ្មោះថាជាព្រះបច្ចេកពុទ្ធហើយ ។ ម្នាក់ទៀតពោលថា
ព្រះបច្ចេកពុទ្ធទាំងឡាយមិនមែនដូចអ្នកទេ ។ លំដាប់នោះ លោកទើបសួរម្នាក់ទៀតថា
ព្រះបច្ចេកពុទ្ធនឹងជាយ៉ាងណា ? ម្នាក់ទៀតឆ្លើយថា ព្រះបច្ចេកពុទ្ធទាំងឡាយ
មានសក់ត្រឹម ២ អង្គុលី (២ធ្នាប់) គ្រងសំពត់កាសាយៈ
នាំគ្នានៅក្នុងញកភ្នំនន្ទមូល ក្នុងព្រៃហិមពាន្តនៅទិសខាងជើង ។
លោកទើបស្ទាបសីសៈ ក្នុងពេលនោះឯង ភេទគ្រហស្ថរបស់លោកក៏អន្តរធានទៅ
ត្រឡប់ក្លាយជាគ្រងសំពត់កាសាវៈ ២ ជាន់ដែលជ្រលក់ហើយ
ក្រវ៉ាត់វត្ថពន្ធចង្កេះដូចផ្លេកបន្ទោរ ធ្វើនូវចីវរឆៀងស្មាម្ខាង
ដែលមានពណ៌ដូចអាចម៌ល័ក្តក្រហមភ្លាវ មានសំពត់បង្សុកូល ចីវរពណ៌មេឃ
ស្ពាយលើស្មាខាងស្តាំង មានបាត្រដីពណ៌ដូចកន្លង់ពាក់នៅស្មាខាងឆ្វេង ។
លោកស្ថិតនៅលើអាកាស សម្ដែងធម៌ហើយ ហោះទៅចុះត្រង់ញកភ្នំនន្ទមូល ក្នុងពេលនោះឯង ។
មានកុដុម្ពិកៈម្នាក់ក្នុងកាសិគ្រាមនោះឯង អង្គុយនៅលើរានផ្សារ
ឃើញបុរសម្នាក់នាំភរិយារបស់ខ្លួនដើរទៅ គាត់ទម្លាយនូវឥន្ទ្រិយ
សម្លឹងមើលស្ត្រីដែលល្អស្រស់នោះ ហើយត្រឡប់គិតវិញថា លោភៈ នេះ កាលចម្រើនឡើង
នឹងបោះយើងចូលទៅក្នុងអបាយទាំងឡាយ មានចិត្តតក់ស្លុត ចម្រើនវិបស្សនា
ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតលើអាកាសសម្ដែងធម៌
ហោះទៅកាន់ញកភ្នំនន្ទមូលដូចគ្នា ។ មានបិតា និងបុត្រមួយគូ
ជាអ្នកនៅក្នុងកាសិគ្រាមនោះឯង ដើរផ្លូវទៅជាមួយគ្នា ។
ពួកចោរព្រៃនាំគ្នាពួនស្ទាកនៅមាត់ព្រៃ
។ ពួកចោរទាំងនោះចាប់បិតានិងបុត្រនោះបាន ហើយចាប់បុត្រទុក ដោះលែងបិតា
ដោយបង្គាប់ថា លោកចូរទៅយកទ្រព្យមកលោះបុត្ររបស់លោក បើចាប់បងប្អូនប្រុស ២
នាក់បាន ចាប់ប្អូនទុក ដោះលែងបង ។ បើចាប់អាចារ្យ (គ្រូ) និង អន្តេវាសិក
(សិស្ស) បាន ចាប់អាចារ្យទុក ដោះលែងអន្តេវាសិក
អន្តេវាសិកត្រូវទៅនាំទ្រព្យមកលោះអាចារ្យ ដោយសេចក្ដីលោភក្នុងសិល្បៈ ។
លំដាប់នោះ
បិតានិងបុត្រនោះដឹងថា ពួកចោរស្ទាក់ផ្លូវត្រង់កន្លែងនោះ ទើបធ្វើកតិកាគ្នាថា
កូនកុំហៅយើងថាឪពុក សូម្បីយើងក៏មិនហៅអ្នកថាកូនដែរ
ក្នុងវេលាត្រូវពួកចោរចាប់បាន ត្រូវចោរសួរថា អ្នកជាអ្វីនឹងគ្នា
បិតានិងកូននោះក៏ធ្វើនូវសម្បជានមុសាវាទ (និយាយកុហកទាំងដែលដឹងខ្លួន) ថា
យើងមិនជាអ្វីនឹងគ្នាឡើយ ។
កាលបិតានិងបុត្ររួចផុតចាកព្រៃហើយ
បានទៅមុជទឹកក្នុងវេលាល្ងាច បុត្រកាលជម្រះសីលរបស់ខ្លួន ឃើញមុសាវាទនោះ គិតថា
បាបនេះកាលចម្រើនឡើងហើយនឹងបោះយើងចូលទៅ ក្នុងអបាយទាំងឡាយ
យើងនឹងសង្កត់សង្កិនកិលេសនេះ ឲ្យបាន ដូច្នេះហើយ ទើបចម្រើនវិបស្សនា
ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់បិតា
រួចហោះទៅកាន់ញកភ្នំនន្ទមូលនោះឯង ។
នៅមានមួយនាក់ទៀត
ជាមេស្រុកក្នុងកាសិគ្រាមនោះឯង បង្គាប់ឲ្យគេសម្លាប់សត្វ ។
ក្នុងវេលាធ្វើពលីកម្ម មហាជនប្រជុំគ្នាពោលនឹងគាត់ថា បពិត្រលោកម្ចាស់
ពួកយើងត្រូវការសម្លាប់ម្រឹគ និងជ្រូកជាដើម ដើម្បីធ្វើពលីកម្មដល់ពួកយក្ស
ពេលនេះជាកាលនៃពលីកម្ម ។ គាត់ក៏ពោលថា
ពួកលោកចូរធ្វើតាមដែលធ្លាប់ធ្វើក្នុងកាលមុនចុះ ។
ពួកមនុស្សបានធ្វើបាណាតិបាតយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ គាត់ឃើញត្រី
និងសាច់ជាច្រើន ធ្វើនូវសេចក្ដីក្ដៅក្រហាយថា មនុស្សទាំងនេះ
សម្លាប់សត្វមានប្រមាណប៉ុណ្ណេះដោយសម្លាប់តាមពាក្យរបស់យើងតែម្នាក់ប៉ុណ្ណោះ
ដូច្នេះហើយ ទើបឈរដោយអាស្រ័យវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា
ញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងធម៌ដល់មាហជន
ហើយហោះទៅកាន់ញកភ្នំនន្ទមូលដូចគ្នា ។
នៅមានមួយនាក់ទៀត
ជាមេស្រុកក្នុងដែនកាសីនោះឯង បានហាមការលក់ដូរទឹកស្រវឹង
ត្រូវមហាជននាំគ្នាសួរថា លោកម្ចាស់ កាលមុនពេលនេះជាពេលលេងមហោស្រព ហៅថា
សុរាឆ័ណ (សុរាដែលផឹកក្នុងថ្ងៃមហោស្រព) ពួកខ្ញុំនឹងធ្វើយ៉ាងណា ។
មេស្រុកទើបពោលថា ពួកលោកចូរធ្វើតាមទម្លាប់ដូចកាលពីមុនចុះ ។
ពួកមនុស្សនាំគ្នាលេងមហោស្រព
ផឹកសុរាហើយ កាលធ្វើនូវជម្លោះ ទើបបាក់ដៃជើង បែកក្បាល ដាច់ត្រចៀក
និងចងដោយរបស់ពិន័យជាច្រើន ។ មេស្រុកឃើញពួកមនុស្សទាំងនោះហើយ គិតថា
កាលយើងមិនអនុញ្ញាត មនុស្សទាំងនេះក៏មិនត្រូវទទួលទុក្ខ ។
គាត់ធ្វើនូវសេចក្ដីក្ដៅក្រហាយចិត្តដោយហេតុត្រឹមប៉ុណ្ណេះ
ថិតនៅដោយអាស្រ័យនឹងវាតបាន (ឈរផ្អែកបង្អួច) ចម្រើនវិបស្សនា
បានញ៉ាំងបច្ចេកពោធិញាណឲ្យកើតឡើង ស្ថិតនៅលើអាកាសសម្ដែងថា អប្បមត្តា ហោថ
ពួកលោកចូរជាអ្នកមិនប្រមាទ ហើយហោះទៅកាន់ញកភ្នំនន្ទមូលដូចគ្នា ។
ក្នុងកាលជាចំណែកខាងក្រោយមក
ព្រះបច្ចេកពុទ្ធទាំង ៥ ព្រះអង្គ ហោះមកចុះត្រង់ទ្វារក្រុងពារាណសី
ដើម្បីភិក្ខាចារ ស្លៀកដណ្ដប់សំពត់យ៉ាងរៀបរយ ត្រាច់ប្រោសសត្វ
ដោយឥរិយាបថមានការឈានទៅមុខជាដើម ដែលគួរជ្រះថ្លា រហូតដល់ទ្វារព្រះរាជវាំង ។
ព្រះរាជាទតឃើញព្រះបច្ចេកពុទ្ធទាំងនោះ ទ្រង់មានចិត្តជ្រះថ្លា
និមន្តឲ្យចូលទៅកាន់ព្រះរាជនិវេសន៍ លាងព្រះបាទ និងលាបដោយប្រេងក្រអូប
ហើយអង្គាសដោយខាទនីយៈនិងភោជនីយៈដ៏ប្រណីត ប្រថាប់ក្នុងទីដ៏សមគួរមួយ
ត្រាស់សួរថា បពិត្រព្រះគុណម្ចាស់ទាំងឡាយ
ការបព្វជ្ជាក្នុងបឋមវ័យរបស់លោកម្ចាស់ទាំងឡាយ គួរឲ្យជ្រះថ្លាពិត
ការបព្វជ្ជាក្នុងវ័យនេះ លោកម្ចាស់ទាំងឡាយ ឃើញទោសក្នុងកាមទាំងឡាយដូចម្ដេច
អ្វីជាអារម្មណ៍របស់លោកម្ចាស់ ? ព្រះបច្ចេកពុទ្ធទាំងនោះ
កាលនឹងទូលដល់ព្រះរាជានោះ ទើបសម្ដែងជាគាថា (ម្ដងមួយអង្គ ៗ ) ថា
(ព្រះបច្ចេកពុទ្ធ ទី ១ បានសំដែងថា)
មិត្តោ មិត្តស្ស បានីយំ, អទិន្នំ បរិភុញ្ជិសំ;
តេន បច្ឆា វិជិគុច្ឆិំ, តំ បាបំ បកតំ មយា;
មា បុន អករំ បាបំ, តស្មា បព្ពជិតោ អហំ។
អាត្មាភាពជាមិត្រ
(នៃមិត្រម្នាក់) បានប្រើប្រាស់ទឹក ដែលមិត្រនោះ មិនឲ្យហើយ ហេតុនោះ
អាត្មាភាពខ្ពើមរអើម ក្នុងកាលជាខាងក្រោយ អាត្មាភាពបានធ្វើបាបនោះហើយ
អាត្មាភាពលែងធ្វើបាបទៀតហើយ ព្រោះហេតុនោះ បានជាអាត្មាភាពបួស ។
Website
Subscribe to:
Post Comments (Atom)
ព័ត៌មានអ្នកនិពន្ធ
សូមព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គ សម្តេចទ្រង់ ឯកឧត្តម លោកឧកញ៉ា អ្នកឧកញ៉ាលោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ប្រិយមិត្ត បងប្អូន ពូមីងមាអ៊ំ លោកយាយ លោកតា និងញាតិញោមពុទ្ធបរិស័ទទាំងឡាយដែលបានចូលទស្សនា ក្នុងយូធូប ខ្ញុំព្រះករុណាខ្ញុំបាទ សូមមេត្តាចូលរួមចុចលើពាក្យ Subscribe ដើម្បីទទួលបាននូវវីដេអូ(Videos)ព្រះធម៌ល្អៗ ថ្មីៗដទៃទៀតពីឆានែល(Channel) របស់ខ្ញុំបាទ។
No comments:
Post a Comment