ឡើងភ្នំត្រូវប្រឹង ចុះភ្នំត្រូវប្រុង - Business Buddhism



ឡើងភ្នំត្រូវប្រឹង ចុះភ្នំត្រូវប្រុង

សូមជួយចែករំលែកចំណេះដឹង

 "ឡើងភ្នំត្រូវប្រឹង ចុះភ្នំត្រូវប្រុង"

       ការឡើងភ្នំ គឺជាដំណើរបញ្ច្រាសនឹងទំនាញផែនដី វាទាមទារឲ្យយើងប្រើប្រាស់កម្លាំងកាយ កម្លាំងចិត្ត ភាពអំណត់ និងឆន្ទៈមោះមុត ទើបអាចបោះជំហានទៅមុខបាន។ 

      នៅពេលយើងចាប់ផ្តើមធ្វើអ្វីមួយដើម្បីឆ្ពោះទៅរកគោលដៅ យើងតែងតែជួបប្រទះនូវឧបសគ្គ ការបរាជ័យ និងភាពនឿយហត់ ក្នុងដំណាក់កាលនេះ បើយើងមិន "ប្រឹង" ទេ យើងច្បាស់ជាដួលរលំ ឬបោះបង់ពាក់កណ្តាលទីជាមិនខាន។

      ឧទាហរណ៍ជាក់ស្តែង៖ យុវជនម្នាក់ដែលមានជីវភាពក្រីក្រ ប៉ុន្តែមានក្តីស្រមៃចង់ក្លាយជាគ្រូពេទ្យ គាត់ត្រូវ "ប្រឹង" ធ្វើការក្រៅម៉ោងផង រៀនផង ត្រូវអត់ធ្មត់នឹងការសើចចំអក ឬការខ្វះខាតផ្សេងៗ ការតស៊ូជំនះរាល់ឧបសគ្គទាំងនេះហើយ គឺជាការ "ប្រឹងឡើងភ្នំ" ដើម្បីឈានទៅដល់កំពូល គឺការទទួលបានសញ្ញាបត្រ និងអាជីពជាគ្រូពេទ្យ។

      អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក វីនស្តុន ឆឺឈីល (Winston Churchill) បានពោលថា....

"ភាពជោគជ័យមិនមែនជាទីបញ្ចប់ ហើយបរាជ័យក៏មិនមែនជាសេចក្តីស្លាប់ដែរ អ្វីដែលសំខាន់គឺសេចក្តីក្លាហានក្នុងការបន្តដំណើរទៅមុខ" (Success is not final, failure is not fatal: it is the courage to continue that counts.)

        មនុស្សជាច្រើនគិតថាការចុះភ្នំគឺងាយស្រួល ព្រោះវាស្របនឹងទំនាញផែនដី មិនបាច់បញ្ចេញកម្លាំងច្រើន ប៉ុន្តែតាមការពិត គ្រោះថ្នាក់ដ៏ធំបំផុតតែងកើតឡើងនៅពេលចុះភ្នំ ព្រោះសន្ទុះល្បឿនអាចធ្វើឲ្យយើងជំពប់ជើងដួល រមៀលធ្លាក់ដល់បាតភ្នំ ឬបាត់បង់ជីវិតបានយ៉ាងងាយ ប្រសិនបើយើងខ្វះការ "ប្រុងប្រយ័ត្ន"

        កាលដែលមនុស្សទទួលបានភាពជោគជ័យ មានលុយកាក់ មានអំណាច ឬមានកេរ្តិ៍ឈ្មោះរួចហើយ ក្នុងដំណាក់កាលនេះ មនុស្សងាយនឹងធ្លាក់ចូលក្នុងអំនួត ក្អេងក្អាង ភ្លេចខ្លួន និងធ្វេសប្រហែស ការខ្វះការប្រុងប្រយ័ត្ននៅពេលកំពុងជោគជ័យ អាចធ្វើឲ្យរលាយទ្រព្យសម្បត្តិ កិត្តិយស និងគ្រួសារត្រឹមមួយប៉ព្រិចភ្នែក។

        ឧទាហរណ៍ជាក់ស្តែង៖ សេដ្ឋីម្នាក់ដែលខំប្រឹងរកស៊ីរហូតមានទ្រព្យសម្បត្តិមហាសាល ប៉ុន្តែក្រោយមក គាត់ចាប់ផ្តើមមានអំនួត មិនស្តាប់ដំបូន្មានអ្នកដទៃ យកលុយទៅវិនិយោគដោយប្រថុយប្រថានខ្វះការពិចារណា ឬលង់ខ្លួនក្នុងល្បែងស៊ីសង ទីបំផុត ក្រុមហ៊ុនត្រូវក្ស័យធន គាត់ធ្លាក់ខ្លួនក្រវិញ នេះមកពីគាត់ខ្វះការ "ប្រុងប្រយ័ត្ន" ពេលកំពុងមានសន្ទុះ។

       មហាសេដ្ឋីលំដាប់ពិភពលោក លោក ប៊ីល ហ្គេត (Bill Gates) បានផ្តល់ទស្សនៈដ៏មុតស្រួចមួយថា...

"ភាពជោគជ័យគឺជាគ្រូបង្រៀនដ៏អាក្រក់បំផុត វាលួងលោមមនុស្សឆ្លាតៗឲ្យគិតថា ពួកគេមិនអាចជួបការបរាជ័យបានឡើយ" (Success is a lousy teacher. It seduces smart people into thinking they can't lose.)

       ទស្សនវិទូចិនបុរាណ លោក ឡៅជឺ (Lao Tzu) ក៏បានទូន្មានផងដែរថា....

"ចូរប្រុងប្រយ័ត្ននៅទីបញ្ចប់ ឲ្យដូចកាលដែលអ្នកទើបតែចាប់ផ្តើម នោះអ្នកនឹងមិនជួបភាពបរាជ័យឡើយ" (Careful at the end as in the beginning, and there will be no ruined enterprises.)

      ដំណើរជីវិតរបស់មនុស្សទាមទារនូវការរួមបញ្ចូលគ្នារវាង "ការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញ" ដើម្បីឆ្ពោះទៅរកភាពជោគជ័យ និង "សតិសម្បជញ្ញៈប្រុងប្រយ័ត្នជានិច្ច" ដើម្បីការពារកុំឲ្យភាពជោគជ័យនោះរលាយបាត់បង់ទៅវិញ។

      នៅពេលយើងដឹងថាខ្លួនកំពុងស្ថិតនៅត្រង់ចំណុចទាប យើងត្រូវប្រឹងអត់ធ្មត់តស៊ូ ហើយនៅពេលយើងឈានដល់ចំណុចខ្ពស់ យើងត្រូវចេះបន្ទាបខ្លួន និងមានភាពប្រុងប្រយ័ត្ន។ 

_____សុវត្ថន៍-Sovathn

Basic
១.ទិដ្ឋធម្មកត្ថប្រយោជន៍(ប្រយោជន៍បច្ចុប្បន្ន)
ពុទ្ធដីកា
• វិនយបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន១៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Personal
២.សម្បរាយិកត្ថ(ប្រយោជន៍បរលោក)
ពុទ្ធដីកា
• សុត្តន្តបិដក មាន ២១.០០០ ធម្មក្ខន្ធ (មាន៦៤ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត
Developer
៣.បរមត្ថប្រយោជន៍ (ខ្ពស់បំផុតគឺព្រះនិព្វាន)
ពុទ្ធដីកា
• អភិធម្មបិដក មាន ៤២.០០០ ធម្មក្ខន្ធ (មាន៣៣ភាគ)
  • -បិដកអដ្ឋកថាលេខ ៤៨
  • សន្ធានវគ្គ ទំព័រ ២៥១-២៥៩
អានបន្ត