ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីប្រកាសមួយទាំងយប់ ក្នុងការតវ៉ាឱ្យថៃបញ្ឈប់ជាបន្ទាន់នូវការកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ និងជំរុញឱ្យប្រើប្រាស់យន្តការដែលមានស្រាប់ (JBC) ខណៈដែលថៃខ្លួនឯង ធ្លាប់តបមកកម្ពុជាថា ខ្លួនគង់តែចូលប្រជុំទេ តែមិនទាន់ដល់ពេល? អ្វីដែលកម្ពុជាចង់រក្សាឱ្យបាននោះគឺ “បទឈប់បាញ់” និងប្រើប្រាស់យន្តការដែលមានស្រាប់ និងឱ្យថៃកំណត់ពេលប្រជុំ JBC ឱ្យច្បាស់ ប៉ុន្តែថៃចេះតែគេច?
ក្នុងសាច់រឿងនេះ យើងត្រូវបន្តតាមដាន ហើយគួរតែពិចារណារឿងខ្លះដែរ ពេលកំពុងដោះស្រាយនេះ៖
ទី១- យុវជន។ ប៉ុន្មានថ្ងៃនេះ ខ្ញុំអានច្រើន សង្កេតច្រើន ស្ដាប់ច្រើន និងរិះរកវិធីធ្វើបែបបច្ចេកទេសច្រើន ពិសេសគឺជុំវិញរឿងថ្មីៗនេះទាក់ទងនឹង Gen-Z និង “មនសិកាជាតិ”។ រវាងភាពឈឺចាប់ និងការប្រឹងប្រែង គួរណាតែ “ប្រឹង” ឱ្យខ្លាំងជាង “ឈឺចាប់”។ ប្រសិនណាឈឺចាប់ “១០ ឬ២០” សូមប្រឹងឱ្យបាន “១០០ ឬ ២០០” នោះទើបសេចក្ដីប្រឹងប្រែង អាចជម្នះលើសេចក្ដីឈឺចាប់បាន ហើយក្នុងកាលៈទេសៈនេះ “គ្រាន់តែកាន់ប៊ិក សៀវភៅ រៀនជំនាញ បំពេញការងារ ពង្រឹងខ្លួនឯង មិនឱ្យក្លាយជាបន្ទុកសង្គម នោះរាប់ថាជា “តបនឹងភាពឈឺចាប់ទៅហើយ”។ ចៀសវាង ឈឺច្រើនដង ហើយនៅតែមិនចាំ។
ទី២- សាមគ្ដី។ ខ្ញុំធ្លាប់លើកមួយឃ្លាចុងប្រយោគសំណេរកន្លងទៅគឺ “សាមគ្ដីជាកូនសោ”។ ចាប់តាំងពីថ្ងៃដែលថៃវាយប្រហារលើកទី១ ខ្ញុំធ្លាប់លើកពី “សង្រ្គាមព័ត៌មាន” ដែលជារឿងដែលត្រូវប្រយ័ត្ន។ បន្ទាប់មកទៀត គឺ “សង្រ្គាមចិត្តសាស្រ្ត” ដែលថៃធ្លាប់ប្រើឱ្យខ្មែរបែកគ្នាជាកង់ៗ ជាដុំ។ រាប់តាំងពីពេលនោះមក ខ្ញុំខ្លួនឯង សឹងតែតមការប្រកែក ជជែកគ្នាដែលនាំឱ្យមានជម្លោះ ហើយបើដល់កម្រិតទើបនិយាយខ្លះ។ នេះ! ខ្ញុំខ្លួនឯង រាប់ទុកថាជាវិញ្ញាសារសម្រាប់ពង្រឹងសាមគ្ដីភាពមុនគេបង្អស់ និងមិនចែករំលែកព័ត៌មានណាដែលមិនចំណេញ គ្មានប្រភព។
ទី៣- សេដ្ឋកិច្ច។ បងប្អូនអ្នកអានរបស់ខ្ញុំ ប្រាកដណាស់! សង្កេតឃើញថា “ខ្ញុំមិនសរសេររឿងនយោបាយសាកលមួយម៉ាត់ឡើយ” រាប់តាំងពីពិភពលោកល្អក់កករ ពិសេសគឺ អ៊ីរ៉ង និងអាមេរិក ដ្បិតរឿងចំពោះមុខយើង គឺ “បោសផ្ទះឱ្យស្អាត សង់របងឱ្យមាំ”។ ម្ដាយខ្ញុំតែងតែប្រដៅថា “បើផ្ទះយើង មិនស្អាត គួរនៅផ្ទះយើងសម្អាតឱ្យស្អាត សឹមទៅលេងផ្ទះគេ ហើយប្រាប់គេ”។ រឿងនេះ ដូចគ្នា សេដ្ឋកិច្ចគ្រួសារយើងនីមួយៗ គឺសំខាន់ណាស់! ពង្រឹងសេដ្ឋកិច្ច កាត់បន្ថយចំណាយណាដែលមិនចាំបាច់ ហើយបងប្អូនអ្នកស្រែចម្ការ មានដីស្រាប់ ប្រឹងដាំដុះ ចិញ្ចឹមមាន់យកពង ជាជាងទៅទិញផ្ទះគេ ហើយគាំទ្រផលិតផលក្នុងស្រុក។ មេរៀនមានស្រាប់ស្រស់ៗនឹងមុខ គឺ “ទិញគេហើយ គេដៀលថាយើងអ្នកសុំទានទៀត”។ ពិចារណា!
ទី៤- អប់រំ។ ផ្ទះយើង ត្រូវការយុវជនខ្លាំងៗ ពូកែ ពិសេស គឺអ្នកបច្ចេកទេស ដូច្នេះ ចង់មិនចង់ ត្រូវប្រឹងទាំងអស់គ្នា។ ការអប់រំ គឺគ្រឹះដែលនាំគ្រួសារ នាំស្រុកទេសយើងឱ្យខ្លាំងសម្រាប់ថ្ងៃក្រោយ ដូច្នេះ ប្រសិនជាយើងរំលងការអប់រំ នោះយើងនឹងរំលងភាពរីកចម្រើន។
ទី៥- បើពុំចង់ទទួលការមាក់ងាយ ឈ្លានពាន គឺយើងត្រូវចេះឈឺចាប់ ដោយការប្រឹងប្រែង។ ថ្ងៃនេះ ដ្បិតថាយើងចេះឈឺចាប់ តែត្រូវប្រឹងឱ្យកាន់តែមាំ។ បន្តឈឺចាប់ បន្តរឹងមាំ!
ចុងក្រោយនេះ ដ្បិតថា គំនិតខាងលើ រាយៗ សាមញ្ញៗ តែខ្ញុំខ្លួនឯង បានធ្វើរួចរាល់ និងបន្តធ្វើ ព្រោះ “ភាពឈឺចាប់ដែលខ្ញុំមាន នៅស្អិតនឹងទ្រូងខ្ញុំរាល់ថៃ្ង”។ ខ្ញុំសង្ឃឹមថា បងប្អូនអ្នកអាន ជាទីស្រឡាញ់រាប់អាន នឹងបន្តដំណើរជីវិត គ្រួសារ ខ្លួនឯង ទៅមុខជានិច្ចទោះក្នុងស្ថានភាពបែបណាក៏ដោយ។ សាមគ្ដីជាកូនសោ!
បងប្អូនណាខ្លះ បានអានចប់ ទាំងយប់នេះ សូមខម្មិនខាងក្រោមណា។
ដោយក្ដីស្រឡាញ់រាប់អាន!
ឡាំ ឡាយ ចុងប៊ិកអង្គរ
























































