រាជធានីភ្មំពេញ ៖ នៅក្នុងការរស់នៅប្រចាំថ្ងៃមនុស្សគ្រប់គ្នាតែងតែជួបប្រទះនូវភាពតានតឹង និងវិបត្តិដែលធ្វើឱ្យមនុស្សមានភាពស្មុគស្មាញ គិតច្រើន រវើវាយ គេងមិនលក់ ហូបបាយមិនបាន ជាហេតុនាំឱ្យមានជំងឺផ្លូវចិត្ត និងកត្តាជាច្រើនដែលធ្វើឱ្យចិត្តមិនបានសុខ ។ តើគួរធ្វើបែបណា ដើម្បីអប់រំចិត្តឱ្យស្ងប់ និងមានសេចក្តីសុខ ?សមាធិ គឺជាថ្នាំដ៏ពូកែស័ក្កិសិទ្ធិជួយព្យាបាលសុខភាពផ្លូវចិត្តឱ្យភាពរឹងមាំ ព្រមទាំងធ្វើឱ្យមនុស្សមានចិត្តរឹងពឹង អាចគ្រប់គ្រងចិត្តកុំឱ្យទៅគិតច្រើន ស្មុគស្មាញរញ៉េរញ៉ៃច្រើនបាន ។បន្ថែមពីនេះការធ្វើសមាធិទៀងទាត់អាចកាត់បន្ថយសំពាធឈាមពីការឡើងខ្ពស់ ការឈឺចុកចាប់រ៉ាំរ៉ៃ និងធ្វើឲ្យខួរក្បាលមានភាពស្រឡះ ស្រស់ថ្លា ។ ប៉ុន្តែមានមនុស្សមិនច្រើននោះទេ ចំណាយពេលធ្វើសមាធិរាល់ថ្ងៃ ។ វិធីអប់ផ្លូវចិត្ត ធ្វើឱ្យចិត្តស្ងប់មានរហូតដល់ជាង៤០វិធី ដូចជាសមាធិ ការធ្វើវិបស្សនា ការចម្រើនភាវនា ការយកពន្លឺភ្លើងទៀនជាគោលធ្វើឱ្យចិត្តស្ងប់ ការនឹកគុណព្រះពុទ្ធជាដើម ។ របៀបមួយដែលងាយស្រួលធ្វើ ហើយមនុស្សជាច្រើននិយមធ្វើ គឺអាប៉ាណាប៉ាសតិ ដែលមានន័យថា ការកំណត់ដំណើរចេញចូលផ្លូវដង្ហើម ។អាប៉ាណាប៉ាសតិ គឺជាប្រភេទសមាធិមួយ សម្រាប់ធ្វើឱ្យចិត្តនឹងស្មើ មិនឃ្លេងឃ្លោង មិនត្រេកអរ មិនរំភើប និងមិនភ័យរន្ធត់ ពោលគឺតម្កល់ចិត្ដឱ្យស្ថិតនៅក្នុងអារម្មណ៍តែមួយ ដើម្បីឱ្យបានសេចក្ដីសុខស្ងប់ដោយវៀរចាកសេចក្ដីត្រេកត្រអាលទាំងឡាយ វានាំឱ្យមានសេចក្ដីសុខកាយ ត្រជាក់ចិត្ដ ។
គេអាចអនុវត្តសមាធិបែបនេះបាន៤របៀប គឺដេក ដើរ ឈរ និងអង្គុយ ។
ព្រះតេជគុណគូ សុភាព គង់នៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង និងជាសាស្ត្រាចារ្យសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា មានសង្ឃដីកា កាលពីពេល ថ្មីៗកន្លងមកថា សមាធិមានដើមកំណើតតាំងមុនសម័យព្រះពុទ្ធត្រាស់ដឹង ដោយមានអ្នកចូលព្រៃធ្វើសមាធិ ធ្វើចិត្តឱ្យនឹង ស្ងប់ ប៉ុន្តែនៅពេលដែលព្រះពុទ្ធបានត្រាស់ដឹងបានបន្ថែមវិបស្សនាមួយទៀត ដែលធ្វើចិត្តនឹងស្វែងរកសច្ចធម៌នៅក្នុងធម្មជាតិ ។
ការធ្វើសមាធិមានប្រយោជន៍យ៉ាងច្រើន សម្រាប់មនុស្ស ព្រោះជាថ្នាំព្យាបាល និងជាជម្រកផ្លូវចិត្ត ដែលជួយបំបាត់អារម្មណ៍តានតឹង ស្ត្រេស និងទប់ស្កាត់សម្រាមផ្លូវចិត្ត មានដូចជាកំហឹង ការច្រណែនឈ្នានីស ប្រច័ណ្ឌ តូចចិត្ត អន់ចិត្ត ខឹងក្រោធ ស្អប់ ហួងហែង រវើរវាយ ភ័យខ្លាច ព្រួយបារម្ភ រិះរកគ្រប់វិធីបំផ្លាញអ្នកដទៃ ដែលយាយីចូលមករំខាននៅក្នុងចិត្ត ។
ព្រះតេជគុណគូ សុភាព មានសង្ឃដីកាពន្យល់បន្ថែមថា៖ «សមាធិនេះ អាត្មាថាជាថ្នាំព្យាបាលជំងឺផ្លូវចិត្ត ហើយយើងទាំងអស់គ្នា សុទ្ធតែមានបញ្ហាផ្លូវចិត្តគ្រប់គ្នា អ៊ីចឹងទាំងអស់គ្នា ទាំងនៅផ្ទះ ទាំងអ្នកធ្វើការងាររដ្ឋឯកជន ទាំងក្មេងទាំងចាស់ គួរតែមានពេលសម្រាប់អប់រំចិត្ត ធ្វើសមាធិហ្នឹងឱ្យបាន រឿយៗទៅ៥នាទី១០នាទី តាមដានខ្យល់ដកដង្ហើមចេញចូល ឬក៏ផ្សាយមេត្តាចិត្តដល់ខ្លួនឯង ដល់មនុស្សជុំវិញខ្លួន» ។
តែយ៉ាងណា ព្រះអង្គបញ្ជាក់ថា ការធ្វើសមាធិក៏ចាំបាច់ត្រូវមានការដឹកនាំពីគ្រូអាចារ្យផងដែរ ដើម្បីកុំឱ្យចិត្តបែកឆ្វេង រវើរវាយទៅណា ។
ដើម្បីធ្វើឱ្យការតាំងសមាធិមានប្រសិទ្ធភាព អ្នកសមាធិគប្បីធ្វើនៅទីកន្លែងដែលស្ងប់ស្ងាត់ មានខ្យល់អាកាស និងបរិយាកាសល្អ មិនមានការរំខាន ផ្សេងៗ ។ យើងអាចជ្រើសរើសរបៀបមួយណាក៏បានដែលយល់ថា ងាយស្រួលក្នុងចំណោមរបៀបទាំងបួន។ ប្រសិនបើជ្រើសរើសយកវិធីអង្គុយ មុនដំបូងត្រូវអង្គុយពែនភ្នែន ឬបត់ជើង តែត្រូវអង្គុយធ្វើខ្នងឲ្យត្រង់ បន្ទាប់មកបិទភ្នែក និងដកដង្ហើម មួយៗ និងត្រូវតាំងអារម្មណ៍ឱ្យស្ងប់ ។ សម្រាប់អ្នកដែលទើបតែចាប់ផ្តើមអាចមានការពិបាក អារម្មណ៍មិននឹងន ។ បែបនេះគួរធ្វើអារម្មណ៍ធម្មតា មួយៗ ហើយប្រសិនជាអ្នកមានអារម្មណ៍មិនស្ងប់ និងច្របូកច្របល់ សាកល្បងដកដង្ហើម វែងៗម្តងទៀត រួចសម្រួល និងផ្តោតអារម្មណ៍ ។ ប្រសិនជាធ្វើវាទៀងទាត់រាល់ថ្ងៃ អ្នកពិតជាទទួលបានអារម្មណ៍ល្អ និងស្ងប់ ។
ជាការណ៍ពិតនៅពេលដែលយើងមានអារម្មណ៍វិជ្ជមាន ចិត្តរបស់យើងក៏ស្ងប់ស្ងាត់ សាច់ដុំរបស់យើងសម្រាកចុះ ហើយទទួលបាននូវអុកស៊ីសែនគ្រប់គ្រាន់ សម្ពាធឈាមទាប ហើយប្រការសំខាន់នោះ គឺអត្រាចង្វាក់បេះដូងបានថយចុះ ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ឲ្យរាងកាយយើងមានសុខភាពល្អប្រសើរ ។ ទន្ទឹមនេះដែរ ការគិតដោយវិជ្ជមាន គឺជាមធ្យោបាយមួយកាត់បន្ថយការតានតឹងចិត្តក៏មានប្រសិទ្ធភាពបំផុត ។
នៅក្នុងជីវិតប្រចាំថ្ងៃ ការគិតប្រកបដោយទស្សនវិជ្ជមាន ធ្វើឲ្យយើងងាយបង្កើតនូវភាពយោគយល់ និងចុះសម្រុងជាមួយអ្នកដទៃនៅជុំវិញខ្លួនយើង ព្រមទាំងបានបង្កើតទស្សនៈសុទិដ្ឋិនិយម ហើយមិនអស់សង្ឃឹមក្នុងការរស់នៅ ។
ផ្ទុយទៅវិញនៅពេលដែលយើងមានគំនិតអវិជ្ជមាននៅក្នុងអារម្មណ៍ វាអាចបង្កឲ្យមានផលអាក្រក់ជាច្រើនដល់សុខភាពរបស់យើងទាំងផ្លូវកាយ និងផ្លូវចិត្តផងដែរ ។ ការដែលមនុស្សមួយចំនួនចូលចិត្ត គិតអវិជ្ជមាន អាចបណ្តាលមកពីបញ្ហាស្ត្រេសនឹងការងារ ការសិក្សា ឬបញ្ហាដែលកើតឡើងប្រចាំថ្ងៃ ៕Credit By:...kohsantepheapdaily
No comments:
Post a Comment