នៅពេលឮពាក្យថាសមាធិភ្លាម គេនឹកឃើញភ្លែតដល់ធម៌ ដល់សាសនា។ ប៉ុន្តែតាំងពីជាង២០ឆ្នាំចុងក្រោយនេះមក សមាធិ បានទទួលការស្វាគមន៍ពីសំណាក់ពិភពវេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រ។ សមាធិ មានគុណប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព ប្រសិនយើងអនុវត្តធ្វើជាប្រចាំ ជារៀងរាល់ថ្ងៃ ពី១០ ទៅ៣០នាទីម្តង និងក្នុងរយៈពេលជាច្រើនឆ្នាំជាប់គ្នា។ ធ្វើសមាធិ អាចពន្យឺតភាពចាស់ទ្រុឌទ្រោមនៃខួរក្បាល និងជួយឱ្យខួរក្បាលមានសមត្ថភាពប្រសើរឡើង ព្រមទាំងអាចជួយគ្រប់គ្រងអារម្មណ៍ កាត់បន្ថយអារម្មណ៍ឡើងស្ត្រេស និងសម្រួលដំណេកបានទៀត។ នៅពេលឮពាក្យថា សមាធិ យើងនឹងនឹកគិតដល់ភ្លាម ដល់ការប្រារព្ធសាសនា ប៉ុន្តែតាំងពីឆ្នាំ១៩៧០មក គ្រូពេទ្យឯកទេសផ្នែកចិត្តសាស្ត្រជាតិអាមេរិក បានប្រែក្លាយសមាធិជាវិធីសាស្ត្រព្យាបាលសម្រួលផ្លូវចិត្ត សម្រួលអារម្មណ៍ ដែលគ្មានលក្ខណៈសាសនាទេ។ នៅឆ្នាំ១៩៧៩ សាស្ត្រាចារ្យវេជ្ជសាស្ត្រ Jon Kabat-Zinn បានសម្រេចរៀបចំកម្មវិធីសិក្សាសមាធិរយៈពេល ៨ សប្តាហ៍មានឈ្មោះ ថា MBSR "Mindfulness based stress reduction" ដែលអាចប្រែបានថា កាត់បន្ថយស្ត្រេសទាំងនៅមានស្មារតីពេញ។
តាំងពីពេលនោះមក ការធ្វើសមាធិបានក្លាយជាជម្រើសកាន់តែច្រើនឡើងៗរបស់ពិភពវេជ្ជសាស្ត្រ ! ក្រុមគ្រូពេទ្យអាមេរិក បានចាប់ផ្តើមមុនគេ បន្ទាប់មកគឺបារាំង។ សមាធិទំនងជាផ្តល់ប្រយោជន៍ច្រើនដល់សុខភាព និងផ្តល់ឥទ្ធិពលល្អដល់ខួរក្បាល ដូចជា លើកទឹកចិត្ត កាត់បន្ថយស្ត្រេស បង្កើនការផ្តុំអារម្មណ៍ បំភ្លេចការឈឺចុកចាប់រ៉ាំរ៉ៃ និងជួយសម្រួលដំណេក។
ជាច្រើនឆ្នាំចុងក្រោយមកនេះ សមាធិលែងមានរូបភាពជាសាសនា។ សមាធិត្រូវបានគេរាប់ជាបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងនឹងការឡើងស្ត្រេស និងជំងឺគេងមិនលក់ ដ៏ពេញនិយម។ នៅអឺរ៉ុប ជាក់ស្តែងនៅបារាំង គេអាចរករៀនធ្វើសមាធិ នៅតាមមជ្ឈមណ្ឌលសម្រាកលំហែ មិនមែននៅតែតាមទីវត្តអារាម ឬទីសាសនាទេ។ សមាធិ គឺជាការផ្តល់ពេលវេលាឱ្យខ្លួនឯង អង្គុយនិងអង្កេតមើលស្ថានភាពអារម្មណ៍ ស្វែងរក ភាពស្ងប់ និងភាពធូរស្បើយ ឆ្ងាយពីភាពពុះកញ្ជ្រោល សំឡេង សម្ពាធទាំងឡាយ។ នៅពេលអារម្មណ៍បានស្ងប់ មូលល្អ នោះស្ត្រេសក៏ធ្លាក់ចុះ ហើយការងងោកងងុយនឹងលេចឡើង ដំណេកក៏នឹងអាចបានស្ងប់ល្អដែរ។
បង្កើតឱកាសស្ងប់ល្អ ចេះស្តាប់អារម្មណ៍និងសរីរាង្គខ្លួនប្រាណឯង ដោយផ្តោតឬផ្តុំអារម្មណ៍ទៅលើចលនាដង្ហើម ក្នុងពេលវេលាជាក់ស្តែង នេះ ជាកម្មវត្ថុនៃការហាត់រៀនធ្វើសមាធិ ដែលអាចប្រព្រឹត្តទៅជាក្រុម (ម្តងមួយម៉ោង)ឬ ដោយម្នាក់ឯង។ ស្តាប់ទៅងាយទេ តែសមាធិជាលំហាត់ដ៏លំបាក។
ក្រៅអំពីជាលំហាត់សម្រាកលំហែអារម្មណ៍ ពិភពវេជ្ជសាស្ត្របានងាកមកជ្រើសរើសប្រើសមាធិជាវិធីសាស្ត្រព្យាបាលទប់ស្កាត់ការលាប់ជំងឺធ្លាក់ទឹកចិត្ត ឬហៅថាវិធីសាស្ត្រព្យាបាលអារម្មណ៍ទាំងនៅមានស្មារតីពេញលេញ។ ដើម្បីប្រឈមរស់ជាមួយនឹងជំងឺមហារីក គ្រូពេទ្យឯកទេសនៅបស្ចិមក៏បានស្នើឱ្យអ្នកមានផ្ទុកជំងឺមហារីក អ្នកកំពុងទទួលការព្យាបាល ឬអ្នកទើបងើបពីឈឺ បដិបត្តិការធ្វើសមាធិ ជាប្រចាំ។
សមាធិកាត់បន្ថយភាពចាស់ជរា
ស្រទាប់ប្រព័ន្ធប្រសាទដ៏ក្រាស់ក្នុងលលាដក្បាលមនុស្ស មាននិន្នាការស្រកចុះទៅតាមភាពចាស់ជរារបស់យើង។ ការធ្វើសមាធិ ជួយពន្យឺតការស្រកចុះនៃស្រទាប់ប្រព័ន្ធប្រសាទផង ហើយទន្ទឹមពេលជាមួយគ្នានោះ វាក៏អាចជួយទប់ខួរក្បាលកុំឱ្យធ្លាក់ចុះទ្រុឌទ្រោមលឿនពេកផង។ ការសិក្សាវិភាគលើខួរក្បាលរបស់អ្នកធ្វើសមាធិ ជាច្រើនឆ្នាំ និងជាច្រើន ម៉ោង (ចាប់ពី ១៥០០០ ទៅ៣ម៉ឺនម៉ោង) បានបង្ហាញថាការធ្វើសមាធិ ពិតជាមានឥទ្ធិពល និងមានប្រសិទ្ធភាពលើខួរក្បាល មិនឱ្យចាស់ជរាទៅតាមអាយុ ពោលគឺបើតាមរូបភាពស្កាន អ្នកធ្វើសមាធិ រក្សាម៉ាសមាឌខួរក្បាលបានល្អជាង និងស្រកចុះតិចជាង អ្នកមិនធ្វើសមាធិ ដែលមានវ័យស្របាលគ្នា។
ជាធម្មតា ខ្លួនប្រាណមនុស្សយើងមានអារម្មណ៍ មានញាណទទួលដឹងអ្វីៗសព្វយ៉ាង គឺដោយសារតែការផ្តល់សញ្ញា ផ្តល់ព័ត៌មាន ប្រទាក់គ្នាឆ្លងពីប្រព័ន្ធប្រសាទមួយទៅប្រព័ន្ធប្រសាទមួយទៀត។ ហើយការធ្វើសមាធិនឹងសម្រួលឱ្យប្រព័ន្ធប្រសាទមានចំណងប្រទាក់ភ្ជាប់គ្នាថ្មីៗបន្ថែមទៀត។ មានន័យថា បុគ្គលណាបានធ្វើសមាធិ ងាយនឹងចងចាំ ទទួលយក និងឆាប់ចេះ នូវអ្វីដែលថ្មី ព្រោះខួរក្បាលមានដំណើរការល្អ។ ម្យ៉ាងវិញ ការធ្វើសមាធិទំនងជាបានមនុស្សយើងឱ្យងាយសម្របខ្លួននៅនឹងស្ថានការណ៍ ព្រមទាំងមានទឹកចិត្តស្រស់ថ្លាប្រសើរឡើង។
ការសិក្សា ថ្មីបន្ថែម នឹងអាចវាយតម្លៃអំពីឥទ្ធិពលនៃការធ្វើសមាធិចំពោះការវិវឌ្ឍនៃទំហំខួរក្បាល ដែលចេះតែរួញទៅ ទៅតាមវ័យចំណាស់របស់មនុស្ស និងដែលធ្វើមនុស្សចាស់បាត់បង់បន្តិចម្តងនូវការយល់ដឹង និងការចងចាំ។ គ្រូពេទ្យឯកទេសមនុស្សចាស់ ចាប់អារម្មណ៍ខ្លាំងណាស់ នឹងវិធីសាស្ត្រធ្វើសមាធិ ទាំងនៅមានស្មារតីពេញលេញ។ ស្ត្រេស មានកង្វល់ និងធ្លាក់ទឹកចិត្ត សុទ្ធសឹងជាកត្តាដែលនាំឆាប់កើត ឆាប់មានការវិវត្តទៅរកជំងឺវង្វេងវង្វាន់ ហើយអ្នកស្រាវជ្រាវរកឃើញថា សមាធិ ជាវិធីសាស្ត្រមួយសម្រាប់ទប់ស្កាត់ ឬកំរិតផលវិបាកនៃសង្គមព្រោះជំងឺវង្វេងវង្វាន់។ អ្នកស្រាវជាវ ជាតិបារាំង បែលហ្សិក អង់គ្លេស អាល្លឺម៉ង់ ស្វីស អេស្ប៉ាញ កំពុងសិក្សារួមគ្នាលើមនុស្សចាស់ចាប់អាយុ៦៥ឆ្នាំឡើងទៅ អំពីឥទ្ធិពលនៃការធ្វើសមាធិ និងការសិក្សាភាសាបរទេស ចំពោះភាពចាស់នៃខួរក្បាល ដែលនឹងអាចផ្តល់លទ្ធផលនៅក្នុងពេលឆាប់ៗខាងមុខ។
សមាធិសម្រួលការគ្រប់គ្រងអារម្មណ៍
ឥទ្ធិពលមួយទៀតរបស់សមាធិ គឺឥទ្ធិពលទៅលើអារម្មណ៍ ! ខួរក្បាលមនុស្សមានពីរភាគ អារម្មណ៍វិជ្ជមាននៅភាគខាងឆ្វេង និងអារម្មណ៍អវិជ្ជមាននៅខួរក្បាលផ្នែកខាងស្តាំ។ ចំពោះអ្នកធ្វើសមាធិ ដែនអារម្មណ៍វិជ្ជមាននឹងរីករាលឆ្លងទៅស៊ីខូងចូលដល់ក្នុងដែនអារម្មណ៍អវិជ្ជមាន។ ដោយសារតែមូលហេតុនេះហើយ ទើបនៅប្រទេសលោកខាងលិច មានអ្នកចូលចិត្តធ្វើសមាធិកាន់តែច្រើនឡើងៗ។ ថ្វីបើការធ្វើសមាធិ បាននាំឱ្យយើងមានភាពធូរស្បើយក្នុងអារម្មណ៍មែន ប៉ុន្តែសមាធិគ្មានលទ្ធិពលលើអាកប្បកិរិយារបស់យើងទេ។ នេះបើគេជឿតាមការសិក្សាវិទ្យាសាស្ត្រចំនួន២០ ដែលបានវិភាគឃើញថា ការធ្វើសមាធិ បាននាំឱ្យបុគ្គលអ្នកធ្វើនោះ ស្រស់ស្រាយ ចេះយោគយល់ចិត្ត អារម្មណ៍ល្អ បាត់ទុក្ខកង្វល់ ធ្លាក់ស្ត្រេសមែន តែមានកំរិតបំផុតចំពោះអត្តចរិក អាកប្បកិរិយាពីកំណើត។
ប៉ុន្តែសូមចងចាំថា ទោះធ្វើសមាធិជាវិធីសាស្ត្រព្យាបាលជំងឺ ឬដើម្បីបន្ធូរអារម្មណ៍ក្តី ក៏សមាធិអាចមានប្រសិទ្ធភាពល្គិកណាតែអ្នកអនុវត្តធ្វើជាប្រចាំ ដោយញឹកញាប់ ឬប្រសើរបំផុតត្រូវធ្វើជារៀងរាល់ថ្ងៃ។ ប៉ុន្តែមិនមែនដាច់ខាតត្រូវទៅធ្វើនៅមជ្ឈមណ្ឌល ឬមណ្ឌលសាសនាទេ។ មានវិធីរៀនធ្វើសមាធិច្រើនបែបច្រើនយ៉ាងណាស់ និងធ្វើនៅតែផ្ទះ តែម្នាក់ឯងក៏បាន។ អ្វីដែលចាំបាច់ម្យ៉ាង គឺភាពស្ងប់ស្ងាត់ ! ហើយបើអ្នកគ្មានពេលទំនេរទេ ១០នាទីក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយសម្រាប់ធ្វើសមាធិ។
សូមចាប់ផ្តើមថ្ងៃនេះ ជាមួយយើងខ្ញុំ
ជ្រើសរើសទីស្ងប់ស្ងាត់ គ្មានទូរទស្សន៍ គ្មានទូរស័ព្ទ … សូមស្តាប់និងនៅជាមួយខ្លួនអ្នក …អង្គុយក៏បាន ទម្រេខ្លួនក៏បាន តែកុំគេង … ដកដង្ហើមមួយៗ ស្រូបខ្យល់ចូល ដកដង្ហើមចេញ …. ផ្តោតអារម្មណ៍តែទៅលើចលនាដង្ហើម ….ស្តាប់សភាពរាងកាយ ហើយបន្ធូរអារម្មណ៍ … បន្តដកដង្ហើមវែងៗមួយៗ ហើយរាប់ដង្ហើមចេញរាប់ដង្ហើមចូលរបស់អ្នក … តាមដានដំណើរខ្យល់ដកដង្ហើមរបស់អ្នកដែលចូលតាមរន្ធច្រមុះ រួចធ្លាក់ចុះទៅក្នុងពោះ …ប្រសិនបើអ្នកបែកអារម្មណ៍ គិតដល់រឿងអ្វីផ្សេងសូមមើលបញ្ហានោះ... រួចងាកមកគិតអំពី ចលនាដង្ហើមរបស់អ្នកវិញ បន្តស្រូបចូល និងដកដង្ហើមចេញវែងៗ ... សូមកុំចុះចាញ់នៅពេលបែកអារម្មណ៍... ដាស់ស្មារតីត្រលប់ស្តាប់ដង្ហើមវិញ...
No comments:
Post a Comment