ឧបោសថសូត្រ ទី ១០
[ ទ្រង់សំដែងបាតិមោក្ខ ]

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងមិគារមាតុប្រាសាទ ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់ក្នុងឧបោសថថ្ងៃនោះ។ លុះវេលារាត្រីអស់ហើយ បឋមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យ ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីអស់ហើយ បឋមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ។
កាលដែលព្រះអានន្ទដ៏មានអាយុ ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ក៏គង់ស្ងៀម។ កាលបើវេលារាត្រីអស់ហើយ មជ្ឈិមយាម កន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យ ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈជាគំរប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន វេលារាត្រីអស់ហើយ មជ្ឈិមយាមកន្លងទៅហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំដែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់ស្ងៀម អស់វារៈជាគំរប់ពីរដង។ កាលបើវេលារាត្រីអស់ហើយ បច្ឆិមយាម កន្លងទៅហើយ រាត្រីប្រាកដដូចជាមានមុខស្រស់ (បំព្រង) ក្នុងពេលដែលអរុណរះឡើង ព្រះអានន្ទដ៏មានអាយុ ក៏ក្រោកចាកអាសនៈ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ អស់វារៈជាគំរប់ ៣ដងទៀតដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ រាត្រីអស់ហើយ បច្ឆិមយាមកន្លងទៅហើយ អរុណក៏រះហើយ រាត្រីក៏ប្រាកដដូចជាមុខស្រស់ហើយ ភិក្ខុសង្ឃក៏អង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់សំដែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ។
ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មានបរិសទ្យមិនបរិសុទ្ធទេ។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់ដៅយកបុគ្គលណាហ្ន៎ បានជាទ្រង់ត្រាស់ថា ម្នាលអានន្ទ បរិសទ្យ មិនបរិសុទ្ធទេ យ៉ាងនេះ។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ស្ទង់មើលចិត្ត (របស់ភិក្ខុសង្ឃ) ដោយចិត្ត (របស់លោក) ហើយធ្វើទុកក្នុងចិត្តចំពោះភិក្ខុសង្ឃទាំងអស់នោះ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បានឃើញបុគ្គលនោះទ្រុស្តសីល មានធម៌លាមក មានមារយាទមិនស្អាត គួរឲ្យរង្កៀស មានអំពើអាក្រក់បិទបាំងទុក មិនមែនជាសមណៈ ប្តេជ្ញាខ្លួនថាជាសមណៈ ប្រព្រឹត្តធម៌មិនប្រសើរ ប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្តជោកដោយរាគៈ ក្រខ្វក់ដូចសម្រាម អង្គុយនៅក្នុងកណ្តាលភិក្ខុសង្ឃ លុះឃើញហើយ ក៏ក្រោកចាកអាសនៈ ចូលទៅរកបុគ្គលនោះ លុះចូលទៅជិតហើយ ក៏ពោលចំពោះទៅបុគ្គលនោះ ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ កាលដែលព្រះមហាមោគ្គល្លាន ពោលយ៉ាងនេះហើយ បុគ្គលនោះក៏នៅស្ងៀម។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយនឹងបុគ្គលនោះ ជាគំរប់ពីរដងទៀត ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ បុគ្គលនោះក៏នៅស្ងៀម អស់វារៈពីរដងទៀត។ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាននិយាយនឹងបុគ្គលនោះ ជាគំរប់បីដងទៀតដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់បានឃើញអ្នកច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយទៀតហើយ។ បុគ្គលនោះក៏នៅស្ងៀម អស់វារៈជាគំរប់បីដងទៀត។ ទើបព្រះមហាមោគ្គលា្លនដ៏មានអាយុ ចាប់ដើមដៃបុគ្គលនោះ ទាញចេញទៅខាងក្រៅស៊ុំទ្វារ ហើយខ្ទាស់គន្លឹះ និងរនុកទ្វារ រួចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គបានបណ្តេញឲ្យដើរចេញហើយ ឥឡូវនេះ បរិសទ្យបរិសុទ្ធហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គទ្រង់សំដែងបាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន ហេតុនេះ អស្ចារ្យណាស់ ម្នាលមោគ្គលា្លន ហេតុនេះចំឡែកណាស់ មោឃបុរសនោះ មិនសមបើនឹងបង្អង់ទាល់តែចាប់ទាញដៃចេញសោះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ គប្បីធ្វើឧបោសថ គប្បីសំដែងបាតិមោក្ខចុះ។
ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ តថាគត ឈប់សំដែងបាតិមោក្ខ ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត គប្បីសំដែងនូវបាតិមោក្ខដល់បរិសទ្យ មិនបរិសុទ្ធ ដោយហេតុណា ហេតុនោះមិនមែនជាឋានៈ មិនមែនជាបច្ច័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅតែម្តង ដូចជាអណ្តូងទេ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនមែនចោតជ្រៅទៅតែម្តង ដូចជាអណ្តូង ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី១ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយៗ តែងរីករាយក្នុងមហាសមុទ្រ។ សេចក្តីពិស្តារ ដូចពាក្យខាងដើមដែរ។បេ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មហាសមុទ្រ ជាទីនៅអាស្រ័យនៃពួកសត្វធំ ៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះគឺ ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យ នៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះ គឺត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៨ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលពួកអសុរឃើញហើយ ៗ តែងរីករាយក្នុងមហាសមុទ្រ។
ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ដែលមានទំនាបទៅដោយលំដាប់ មានទីជម្រាលទៅដោយលំដាប់ មានទីទេរទៅដោយលំដាប់ មិនចោតជ្រៅទៅតែម្តង ដូចជាអណ្តូង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើ ដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងនូវអរហត្តផលតែម្តងទេ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងនូវអរហត្តផលតែម្តងទេ ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យ ចំឡែក ទី១ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយក្នុងធម្មវិន័យនេះ។បេ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីអាស្រ័យនៃពួកសត្វធំ ៗ ជាច្រើន ពួកសត្វធំ ៗ ទាំងនេះ ដែលនៅក្នុងមហាសមុទ្រនោះគឺ ត្រីឈ្មោះតិមិ ឈ្មោះតិមិង្គលៈ ឈ្មោះតិមិរមិង្គលៈ និងពួកអសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ ដែលនៅក្នុងមហាសមុទ្រ យ៉ាងណាមិញ។បេ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំ ៗ ជាច្រើនពួក បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះ គឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើអោយជាក់ច្បាស់នូវសោតាបត្តិផល។បេ។ អរហន្ត និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីភាវៈនៃខ្លួនជាអរហន្ត ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យនៃពួកបុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យនោះ គឺ សោតាបន្នបុគ្គល និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។បេ។ អរហន្ត និងបុគ្គលដែលកំពុងប្រតិបត្តិ ដើម្បីភាវៈនៃខ្លួនជាអរហន្ត ដោយហេតុណា ម្នាលភិក្ខុទាំងឡាយ នេះជាហេតុអស្ចារ្យចំឡែក ទី៨ ក្នុងធម្មវិន័យនេះ ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម្មវិន័យនេះ មានហេតុជាអស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលពួកភិក្ខុឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។
អង្គុត្តរនិកាយ អដ្ឋកនិបាត នវមភាគ
(ព្រះត្រៃបិដក ភាគ ៤៨)
……………………………….……………………….

No comments:
Post a Comment