ព្រះពុទ្ធដីកា 





( ព្រះត្រៃបិដកលេខ ៦៧ ) ( ទំព័រទី ៩ ដល់ទី ១៧ )








ពាវរីព្រាហ្មណ៍ អ្នកដល់ត្រើយនៃមន្ត ប្រាថ្នាសេចក្តីមិនមានកង្វល់ ចេញចាកបុរីជាទីរីករាយ នៃពួកអ្នកដែនកោសល ទៅកាន់ទក្ខិណាបថជនបទ ។



គាត់អាស្រ័យនៅ ទៀបច្រាំងស្ទឹងគោធាវរី ក្នុងទីព្រំដែនអស្សកៈ និងមុឡកៈ (ចិញ្ចឹមជីវិត) ដោយការស្វែងរកមើមនិងផលាផល ។



ស្រុកអាស្រ័យជិតស្ទឹងគោធាវរីនោះ ជាស្រុកសម្បូរ ព្រាហ្មណ៍ ក៏បានបរិច្ចាគមហាយ័ញ្ញ ដោយសួយ ដែលកើតអំពីស្រុកនោះ ។



លុះពាវរីព្រាហ្មណ៍ បរិច្ចាគមហាយ័ញ្ញរួចហើយ ក៏ចូលមកកាន់ អាស្រមវិញ កាលគាត់ត្រឡប់ចូលមកហើយ ព្រាហ្មណ៍ដទៃ បាន មកដល់ដែរ ។



ព្រាហ្មណ៍នោះ មានជើងងឡើង សស្លក់សស្ទើត មានធ្មេញព័ណ៌ ភក់ ក្បាលប្រឡាក់ធូលី ចូលមករកពាវរីព្រាហ្មណ៍នោះ ហើយ សូមទ្រព្យ ចំនួន ៥០០



ពាវរីព្រាហ្មណ៍ លុះឃើញព្រាហ្មណ៍យាចកនោះហើយ ក៏អញ្ជើញ ដោយអាសនៈ ហើយសាកសួរសេចក្តីសប្បាយស្រួល ទើបពោល នូវពាក្យនេះថា



ទេយ្យធម៌ណា ដែលខ្ញុំគប្បីឲ្យ ទេយ្យធម៌ទាំងអស់នោះ ខ្ញុំបរិច្ចាគ អស់រលីងហើយ ម្នាលព្រាហ្មណ៍ អ្នកចូរអនុញ្ញាត ដល់ខ្ញុំផងចុះ ខ្ញុំមិនមានទ្រព្យ ៥០០ ទេ ។



(ព្រាហ្មណ៍យាចកពោលថា) អ្នកដ៏ចម្រើន កាលបើខ្ញុំសូម ប្រសិនបើ អ្នកដ៏ចម្រើន មិនឲ្យ សូមឲ្យក្បាលអ្នក បែកជា ៧ ភាគ ក្នុងថ្ងៃជាគម្រប់ ៧ ។



ព្រាហ្មណ៍ អ្នកកុហកនោះ បានក្លែងក្លាយ ពោលពាក្យគួរខ្លាច ពាវរីព្រាហ្មណ៍ បានឮពាក្យនៃព្រាហ្មណ៍នោះហើយ ក៏កើតទុក្ខ ។



គាត់អត់អាហារ ដោតដោយសរ គឺសោកក្រៀមក្រំ មួយទៀត កាលព្រាហ្មណ៍មានចិត្តយ៉ាងនេះហើយ ចិត្តក៏មិនរីករាយ ក្នុងការ លះបង់ ។



ទេវតា អ្នកប្រាថ្នាប្រយោជន៍ បានឃើញពាវរីព្រាហ្មណ៍ កំពុងមានសេចក្តីតក់ស្លុត កើតទុក្ខ ទើបចូលទៅរក ពាវរីព្រាហ្មណ៍ ហើយពោលពាក្យនេះថា



(ព្រាហ្មណ៍នោះ) មិនដឹងប្រាកដនូវអំបែងក្បាល ព្រាហ្មណ៍នោះ ជាអ្នកកុហក ប្រាថ្នាទ្រព្យ ញាណសម្រាប់ដឹងនូវក្បាល ឬធម៌ធ្វើ ក្បាលឲ្យធ្លាក់ចុះ របស់គាត់នោះ មិនមានទេ ។



(ពាវរីព្រាហ្មណ៍សួរថា) នរណា អាចដឹងនូវក្បាល ដឹងធម៌ធ្វើ ក្បាលឲ្យធ្លាក់ចុះ ខ្ញុំសួរហើយ អ្នកចូរប្រាប់ដំណើរនោះដល់ខ្ញុំ ខ្ញុំ នឹងស្តាប់ពាក្យរបស់អ្នកនោះ ។



(ទេវតាតបថា) ខ្ញុំក៏មិនដឹងដំណើរនោះដែរ ការដឹងក្នុងដំណើរនុ៎ះ របស់ខ្ញុំមិនមានទេ លុះតែព្រះជិន: ទើបទ្រង់ជ្រាបនូវក្បាល និង ធម៌ធ្វើក្បាលឲ្យធ្លាក់ចុះ ។



(ពាវរីព្រាហ្មណ៍សួរថា) លើប្រឹថពីមណ្ឌលនេះ តើនរណា ទើបដឹងនូវក្បាល និងធម៌ធ្វើក្បាលឲ្យធ្លាក់ចុះ ម្នាលទេវតា អ្នកចូរ ប្រាប់បុគ្គលអ្នកដឹងនោះ ដល់ខ្ញុំ ។



(ទេវតាតបថា) ព្រះលោកនាយក ជាពូជពង្សរបស់ព្រះបាទឱក្កាក: ជាសក្យបុត្រ ជាអ្នកធ្វើនូវពន្លឺ ព្រះអង្គស្តេចចេញចាកកបិលវត្ថុបុរី (ទ្រង់ព្រះផ្នួស) ។



ម្នាលព្រាហ្មណ៍ ព្រះលោកនាយកនោះ ជាអ្នកត្រាស់ដឹង ដល់នូវ ត្រើយនៃធម៌ទាំងពួង ទ្រង់ដល់ហើយនូវអភិញ្ញានិងពលៈសព្វគ្រប់ ប្រកបដោយសមន្តចក្ខុ ក្នុងធម៌ទាំងពួង ទ្រង់ដល់នូវធម៌ទាំងពួងជា ទីអស់កិលេស ទ្រង់ផុតវិសេសហើយ និមិត្តធម៌ជាទីក្ស័យនៃឧបធិ ។



ព្រះមានព្រះភាគអង្គនោះ ទ្រង់ជាព្រះពុទ្ធ ក្នុងលោក មានបញ្ញាចក្ខុ តែងសម្តែងធម៌ អ្នកចូរទៅក្រាបទូលសួរព្រះសម្ពុទ្ធអង្គនោះចុះ ទ្រង់នឹងព្យាករនូវធម៌នោះ ដល់អ្នក ។



ពាវរីព្រាហ្មណ៍ ឮពាក្យថា សម្ពុទ្ធ ដូច្នេះហើយ ក៏មានចិត្ត អណ្តែតឡើង មានសោកស្រាល ទាំងបានបីតិដ៏ខ្លាំងក្លា ។



ពាវរីព្រាហ្មណ៍នោះ មានចិត្តត្រេកអរ មានចិត្តអណ្តែតឡើង មានចិត្តរីករាយ សួរទេវតានោះថា ព្រះលោកនាថ ទ្រង់គង់នៅ ក្នុងស្រុកណា និគមណា ឬក្នុងជនបទណា យើងនឹង ទៅនមស្ការព្រះសម្ពុទ្ធដ៏ឧត្តមជាងសត្វជើងពីរនោះក្នុងទីណា ។



(ទេវតាតបថា) ព្រះជិន: ទ្រង់សម្រេចសម្រាន្តព្រះឥរិយាបថ ក្នុងកោសលមន្ទីរ ជិតក្រុងសាវត្តី ទ្រង់មានបញ្ញាច្រើន មានបញ្ញា ដូចផែនដីដ៏ប្រសើរ ព្រះអង្គជាសក្យបុត្រ ទ្រង់មិនមានធុរៈ មិនមានអាសវៈ ជាឧត្តមបុរស ប្រសើរជាងជន ជ្រាបច្បាស់នូវក្បាល និងធម៌ធ្វើក្បាលឲ្យធ្លាក់ចុះ ។



លំដាប់នោះ ពាវរីព្រាហ្មណ៍ ហៅពួកព្រាហ្មណ៍ជាសិស្ស អ្នកដល់នូវត្រើយនៃមន្តថា ម្នាលមាណពទាំងឡាយ អ្នកទាំងឡាយ ចូរមក យើងនឹងប្រាប់ អ្នកទាំងឡាយ ចូរស្ដាប់ពាក្យរបស់យើង ។



ការកើតប្រាកដរឿយៗ ក្នុងលោក នៃព្រះសម្ពុទ្ធអង្គណា ដែលរកកម្របាន ថ្ងៃនេះ ព្រះសម្ពុទ្ធជាម្ចាស់អង្គនោះ ទ្រង់កើតហើយ ក្នុងលោក គេដឹងឮល្បីល្បាញប្រាកដថា ព្រះអង្គត្រាស់ដឹងឯង អ្នកទាំងឡាយ ចូរប្រញាប់ទៅកាន់ក្រុងសាវត្តី គាល់ព្រះអង្គ ទ្រង់ឧត្តមជាងសត្វជើងពីរនោះ ។



(ព្រាហ្មណ៍ជាសិស្សច្បងសួរថា) បពិត្រព្រាហ្មណ៍ ធ្វើម្តេចយើងទាំងឡាយ ឃើញហើយ ទើបស្គាល់ថាជាព្រះពុទ្ធ សូមលោក ប្រាប់ឧបាយ ជាហេតុឲ្យយើងស្គាល់ នូវព្រះសម្ពុទ្ធនោះ ដល់យើងទាំងឡាយ ដែលមិនធ្លាប់ស្គាល់ ។



(ពាវរីព្រាហ្មណ៍តបថា) មហាបុរិសលក្ខណៈទាំងឡាយ ៣២ ប្រការ មានមកក្នុងមន្តទាំងឡាយ (ដែលពួកព្រាហ្មណាចារ្យ) ព្យាករគ្រប់គ្រាន់ហើយ តាមលំដាប់ ។



មហាបុរិសលក្ខណៈទាំងនុ៎ះ រមែងមានក្នុងកាយរបស់មហាបុរសណា មហា មហាបុរសនោះ មានគតិទៀងតែ ២ មិនមានគតិទៅ ជាគម្រប់បីទេ ។





No comments:
Post a Comment