មហាបរិនិព្វានសូត្រទី៣(ង) - Business Buddhism


ថ្ងៃ ច័ន្ទ ទី 31 ខែ មីនា ឆ្នាំ 2025

demo-image

មហាបរិនិព្វានសូត្រទី៣(ង)

ចែករំលែកចំណេះដឹង
Buddhist%20Economics%20BEC20%20%2812%29
Buddhist%20Economics%20BEC20%20%2861%29
Buddhist%20Economics%20BEC30%20%2861%29
Buddhist%20Economics%20BEC30%20%2862%29
Buddhist%20Economics%20BEC30%20%2863%29
Buddhist%20Economics%20BEC30%20%2864%29
Buddhist%20Economics%20BEC30%20%2867%29
Buddhist%20Economics%20BEC30%20%2868%29
Buddhist%20Economics%20BEC30%20%2869%29
Buddhist%20Economics%20BEC30%20%2870%29
Buddhist%20Economics%20BEC30%20%2872%29
Buddhist%20Economics%20BEC30%20%2877%29
Buddhist%20Economics%20BEC30%20%2879%29
Buddhist%20Economics%20BEC30%20%2880%29
មហាបរិនិព្វានសូត្រទី៣(ង)
[១៤១] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទមានអាយុថា ម្នាល​អានន្ទ ប្រសិនបើអ្នកទាំងឡាយមានសេចក្តីត្រិះរិះយ៉ាងនេះថា ពាក្យប្រដៅ ដែល​មានគ្រូ​ប្រព្រឹត្ត​កន្លងទៅហើយ គ្រូរបស់យើងឈ្មោះថា មិនមានឡើយ ម្នាលអានន្ទ សេចក្តីនេះ អ្នកកុំចូលចិត្តយ៉ាងនេះឡើយ ម្នាលអានន្ទ ធម៌ណាក្តី វិន័យណាក្តី ដែលតថាគត​សំដែង​ហើយ បញ្ញត្តហើយ ដល់អ្នកទាំងឡាយ លុះអណើះឥតអំពី​តថាគតទៅ ធម៌ និងវិន័យ​នោះ ជាគ្រូរបស់អ្នកទាំងឡាយ ម្នាលអានន្ទ ក៏ក្នុងកាលសព្វថ្ងៃនេះ ពួក​ភិក្ខុហៅគ្នានឹង​គ្នា​ដោយពាក្យថា អាវុសោ អំណើះឥតនឹងតថាគតទៅ អ្នកទាំងឡាយ កុំហៅយ៉ាងនេះទៀត​ឡើយ ម្នាលអានន្ទ ភិក្ខុចាស់ជាង ត្រូវហៅភិក្ខុខ្ចីជាង ដោយនាមក៏បាន ដោយគោត្រក៏​បាន ដោយពាក្យថា អាវុសោ ក៏បាន ចំណែក​ភិក្ខុខ្ចីជាង ត្រូវហៅភិក្ខុចាស់ជាងថា ភន្តេ ក៏បាន ថាអាយស្មាក៏បាន ម្នាលអានន្ទ លុះអំណើះឥតនឹងតថាគតទៅ បើសង្ឃ​មានប្រាថ្នា​នឹងដកសិក្ខាបទ ចូរដកសិក្ខាបទ​ដែលតូច និងតូចដោយលំដាប់ចុះ ម្នាល​អានន្ទ អំណើះឥតនឹង​តថាគតទៅ សង្ឃត្រូវដាក់ព្រហ្មទណ្ឌដល់ឆន្នភិក្ខុផងចុះ ។ ព្រះអានន្ទក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គដ៏ចម្រើន ព្រហ្មទណ្ឌ តើដូចម្តេច ? ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ឆន្នភិក្ខុចង់ពោលនូវពាក្យណា ពោលនូវពាក្យនោះចុះ ប៉ុន្តែ​ពួក​ភិក្ខុមិនត្រូវនិយាយ មិនត្រូវទូន្មាន មិនត្រូវប្រដៅ ឆន្នភិក្ខុនោះឡើយ ។
[១៤២] លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើសេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា គប្បីមានសូម្បីដល់ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ចូរសាកសួរ (តថាគតចុះ) កុំឲ្យអ្នកទាំងឡាយ មានសេចក្តីក្តៅក្រហាយ ស្តាយ​ក្នុងកាលជាខាងក្រោយថា ព្រះសាស្តាមាននៅ ចំពោះមុខ​នៃយើងរាល់គ្នាៗ មិនបានជា​យកចិត្តទុកដាក់ ដើម្បីសាកសួរព្រះមានព្រះភាគ ក្នុងទីចំពោះ​ព្រះភក្ត្រសោះ ។ កាល​បើ​ព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ភិក្ខុទាំងនោះក៏នៅស្ងៀម ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយជាគម្រប់ ២ ​ដង ។បេ។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់នឹងភិក្ខុទាំងឡាយ ជាគម្រប់​ ៣ ដងថា ម្នាលភិក្ខុទាំងឡាយ បើ​សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា គប្បី​មាន​សូម្បី​ដល់​ភិក្ខុមួយរូប ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ចូរសាកសួរ (តថាគតចុះ) កុំឲ្យអ្នក​ទាំងឡាយ មានសេចក្តីក្តៅក្រហាយ ស្តាយ​ក្នុងកាលជាខាងក្រោយថា ព្រះសាស្តាមាន​នៅ ចំពោះមុខ​នៃយើងរាល់គ្នាៗ មិនបានជា​យកចិត្តទុកដាក់ ដើម្បីសាកសួរ​ព្រះមាន​ព្រះភាគ ក្នុងទីចំពោះ​ព្រះភក្ត្រសោះ ។ ភិក្ខុទាំងនោះក៏នៅតែស្ងៀម ជាគម្រប់​ ៣ ដង ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បើមាន​សេចក្តី​សង្ស័យ អ្នកទាំងឡាយមិនហ៊ានសាកសួរ (តថាគត) ព្រោះសេចក្តីគោរពក្នុងសាស្តា ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាសំឡាញ់ចូរប្រាប់ដល់ភិក្ខុជាសំឡាញ់ផងចុះ ។ លុះព្រះមានព្រះភាគ មានព្រះពុទ្ធដីកា យ៉ាងនេះហើយ ភិក្ខុទាំងនោះ ក៏នៅស្ងៀម ។ គ្រានោះ ព្រះអានន្ទមានអាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ជាអស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះ ចំឡែកពេកណាស់ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គមានសេចក្តីជ្រះថ្លាយ៉ាងនេះ ក្នុងភិក្ខុ​សង្ឃនេះ ព្រោះថា សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា មិនមានដល់ភិក្ខុ សូម្បីមួយរូប ក្នុងភិក្ខុសង្ឃនេះឡើយ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ អ្នកនិយាយដោយសេចក្តីជ្រះថ្លា ម្នាលអានន្ទ ញាណ​តថាគត ក៏ដឹងពិតក្នុងសេចក្តីនេះថា សេចក្តីសង្ស័យក្តី សេចក្តីងឿងឆ្ងល់ក្តី ក្នុងព្រះពុទ្ធ​ឬព្រះធម៌ ឬ​ព្រះសង្ឃ ក្នុងមគ្គ ឬបដិបទា មិនមានដល់ភិក្ខុ សូម្បីមួយរូប ក្នុងភិក្ខុសង្ឃ​នេះ​ឡើយ ម្នាលអានន្ទ ព្រោះថា បណ្តាភិក្ខុទាំង​ ៥០០ រូបនេះ ភិក្ខុណា ដែលមានគុណធម៌​យ៉ាង​ទាបបំផុត ភិក្ខុនោះ គង់ជាសោតាបន្នបុគ្គល មានសភាព​មិនធ្លាក់ចុះ​ក្នុងអបាយ ជានិយតបុគ្គល មានការត្រាស់ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ។
[១៤៣] គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយឲ្យបានដឹង សង្ខារ​ទាំងឡាយ មានសេចក្តី​សាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញុំាង​កិច្ចទាំងពួង​ឲ្យ​សម្រេច ដោយសេចក្តី​មិនប្រមាទចុះ ។ នេះជាបច្ឆិមវាចា របស់ព្រះតថាគត ។
[១៤៤] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលកាន់បឋមជ្ឈាន ចេញអំពី​បឋមជ្ឈាន ហើយចូលកាន់ទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ហើយចូលកាន់​តតិយ​ជ្ឈាន ចេញអំពី​តតិយជ្ឈាន ហើយចូលកាន់ចតុត្ថជ្ឈាន ចេញអំពី​ចតុត្ថជ្ឈាន ហើយចូល​កាន់​អាកាសានញ្ចាយតនសមាបត្តិ ចេញអំពីអាកាសានញ្ចាយតន​សមាបត្តិហើយ ចូល​កាន់វិញ្ញាណញ្ចាយតនសមាបត្តិ ចេញអំពីវិញ្ញាណញ្ចាយតន​សមាបត្តិ ហើយចូលកាន់​អាកិញ្ចញ្ញាយតនសមាបត្តិ ចេញអំពីអាកិញ្ចញ្ញាយតនសមាបត្តិ​ហើយ ចូលកាន់​នេវសញ្ញា​នាសញ្ញាយតនសមាបត្តិ ចេញអំពីនេវសញ្ញានាសញ្ញាយតន​សមាបត្តិហើយ ចូលកាន់សញ្ញាវេទយិតនិរោធ (សេចក្តីរលត់នៃសញ្ញា និងវេទនា) ។ គ្រានោះ ព្រះអានន្ទមានអាយុ ពោលទៅនឹង​ព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រ​អនុរុទ្ធ​ដ៏ចម្រើន ព្រះមានព្រះភាគបរិនិព្វានហើយឬ ។ ព្រះអនុរុទ្ធតបថា ម្នាលអាវុសោអានន្ទ​ព្រះមានព្រះភាគ មិនទាន់បរិនិព្វានទេ ព្រះអង្គទ្រង់ចូល​កាន់សញ្ញាវេទយិតនិរោធ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិហើយ ថយ​មក​ចូលកាន់នេវសញ្ញានាសញ្ញាយតនសមាបត្តិវិញ ចេញអំពី​នេវសញ្ញានាសញ្ញាយតន​សមាបត្តិហើយ ថយមកចូលកាន់អាកិញ្ចញ្ញាយតនសមាបត្តិវិញ ចេញអំពី​អាកិញ្ចញ្ញា​យតនសមាបត្តិហើយ ថយមកចូលកាន់វិញ្ញាណញ្ចាយតនសមាបត្តិវិញ ចេញអំពី​វិញ្ញាណញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់អាកាសានញ្ចាយតនសមាបត្តិ​វិញ ចេញអំពី​អាកាសានញ្ចាយតនសមាបត្តិហើយ ថយមកចូលកាន់ចតុត្ថជ្ឈានវិញ ចេញអំពី​ចតុត្ថជ្ឈានហើយ ថយមកចូលកាន់តតិយជ្ឈនវិញ ចេញអំពីតតិយជ្ឈាន​ហើយ ថយមកចូលកាន់ទុតិយជ្ឈានវិញ ចេញអំពីទុតិយជ្ឈានហើយ ថយមកចូលកាន់​បឋមជ្ឈាន​វិញ ចេញអំពី​បឋមជ្ឈានហើយ ក៏ចូលកាន់ទុតិយជ្ឈានទៀត ចេញអំពី​ទុតិយជ្ឈានហើយ ក៏ចូលកាន់តតិយជ្ឈានទៀត ចេញអំពី​តតិយជ្ឈាន​ហើយ ក៏ចូល​កាន់​ចតុត្ថជ្ឈានទៀត ។ លុះព្រះមានព្រះភាគ ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ក៏ទ្រង់​បរិនិព្វាន​ក្នុងចន្លោះ​នោះ [អដ្ឋកថា ថា ទ្រង់ចេញចាកចតុត្ថជ្ឈានហើយ ពិចារណា​អង្គឈាន ហើយទ្រង់បរិនិព្វាន ដោយភវង្គចិត្ត ជាអព្យាកតទុក្ខសច្ច ។] ។
[១៤៥] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ការកក្រើកនៃផែនដីធំ គួរស្បើម គួរព្រឺរោម ក៏កើតមាន ទាំងផ្គរ [ថា ស្គរនៃទេវតាក៏បាន] ក៏លាន់ឮគគ្រឹកក៏គ្រេង ព្រមនឹងការ​បរិនិព្វាន ។
[១៤៦] កាលព្រះមានព្រះភាគបរិនិព្វានហើយ សហម្បតិព្រហ្ម ក៏ពោល​នូវ​គាថា​នេះ ព្រមនឹងការបរិនិព្វានថា
ព្រះសាស្តា ដែលឥតបុគ្គលប្រៀបស្មើ ប្រាកដដូច្នេះ ព្រះតថាគត ជាសម្ពុទ្ធ​បរិបូណ៌ហើយដោយកំឡាំង ទ្រង់បរិនិព្វានហើយ ក្នុងលោកណា ពួកសត្វ​ទាំងអស់ មុខជានឹងដាក់ចុះនូវ​រាងកាយ ក្នុងលោក (នោះ) មិនខានឡើយ ។
[១៤៧] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះឥន្ទ្រជាធំជាងទេវតា ក៏​ពោល​នូវគាថានេះ ព្រមនឹងការបរិនិព្វានថា
សង្ខារទាំងឡាយ មិនទៀងហ្ន៎ មានកិរិយាកើតឡើង និងការសូន្យទៅជាធម្មតា លុះ​កើតឡើងហើយ ក៏រលត់ទៅវិញ កិរិយារម្ងាប់នូវសង្ខារ​ទាំងនោះបាន ទើប​នាំ​មកនូវសេចក្តីសុខ ។
[១៤៨] កាលព្រះមានព្រះភាគបរិនិព្វានហើយ ព្រះអនុរុទ្ធមានអាយុ ក៏ពោល​នូវ​គាថាទាំងនេះ ព្រមនឹងការបរិនិព្វានថា
ព្រះមុនីនាថអង្គណា ដែលមិនមានតណ្ហា ទ្រង់ប្រារព្ធនូវអនុបាទិសេសនិព្វាន​ហើយ ទ្រង់ធ្វើមរណកាល អស្សាសបស្សាសៈ នៃព្រះមុនីនាថ ជាតាទិបុគ្គល ដែល​មាន​ព្រះទ័យ​ខ្ជាប់ខ្លួននោះ មិនមានហើយ ។ ព្រះមុនីនាថ ទ្រង់អត់សង្កត់​វេទនា បានដោយ​ចិត្តមិនរួញរា សេចក្តី​រលត់នៃចិត្តក៏កើតមាន បីដូច​ជាការរលត់​នៃប្រទីប ។
[១៤៩] កាលព្រះមានព្រះភាគបរិនិព្វានហើយ ព្រះអានន្ទមានអាយុ ក៏ពោល​នូវ​គាថាទាំងនេះ ព្រមនឹងការបរិនិព្វានថា
កាលដែលព្រះសម្ពុទ្ធ ប្រកបដោយហេតុ ប្រសើរទាំងពួង ទ្រង់បរិនិព្វានហើយ សេចក្តីញាប់ញ័រក្តី សេចក្តីព្រឺរោមក្តី ក៏កើតមានប្រាកដ ។
[១៥០] កាលព្រះមានព្រះភាគបរិនិព្វានហើយ ភិក្ខុទាំងឡាយណា ដែល​មិនទាន់​ប្រាសចាករាគៈ មាននៅក្នុងទីនោះ ភិក្ខុទាំងនោះ ពួកខ្លះក៏ផ្គងឡើងនូវ​កំភួនដៃ ហើយ​កន្ទក់​កន្ទេញ ផ្តួលខ្លួនបម្រះននៀលទៅមក ហាក់ដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់ប្រញាប់បរិនិព្វានពេកណាស់ ព្រះសុគត ទ្រង់ប្រញាប់បរិនិព្វាន​ពេកណាស់ ព្រះសម្ពុទ្ធមានចក្ខុក្នុងលោក ប្រញាប់​បាត់ទៅពេកណាស់ ។ ឯពួក​ភិក្ខុណា ដែលប្រាសចាករាគៈហើយ ភិក្ខុទាំងនោះ មានសតិ និងសម្បជញ្ញៈ អត់សង្កត់ដោយគិត​ថា សង្ខារទាំងឡាយ​មិនទៀងពិត ព្រោះហេតុនោះ បុគ្គលគប្បីបាននូវ​សេចក្តី​ទៀងទាត់ ក្នុងខន្ធប្បវត្តិនេះអំពីណា ។
[១៥១] លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ ប្រាប់ពួកភិក្ខុថា ម្នាលអាវុសោទាំង​ឡាយ ណ្ហើយអ្នកទាំងឡាយ កុំសោយសោក កុំខ្សឹកខ្សួលឡើយ ម្នាលអាវុសោទាំងឡាយ សេចក្តីនេះ ព្រះមានព្រះភាគ ទ្រង់បានសំដែងហើយថា សេចក្តីព្រាត់ប្រាស វិនាស​ប្រែប្រួល ចាកសត្វ និងសង្ខារ ដែលជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងអស់ តែងមានជា​ធម្មតា ម្នាលអាវុសោទាំងឡាយ ព្រោះហេតុនោះ បុគ្គលគប្បីបាននូវសេចក្តី​មិនព្រាត់​ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះអំពីណា ធម្មជាតណាដែលកើតហើយ ដែលមានហើយ ដែល​បច្ច័យតាក់តែងហើយ មានសេចក្តីទ្រុឌទ្រោមជាធម្មតា ធម្មជាត​នោះឯង បុគ្គល​នឹង​ពោលឃាត់​ថា កុំទ្រុឌទ្រោមដូច្នេះ (ដោយហេតុណា) ហេតុនោះមិនមានឡើយ ម្នាលអាវុសោទាំងឡាយ ទេវតាទាំងឡាយ នឹងពោលទោស [អដ្ឋកថា ថា ពួកទេវតាពោល​ទោសថា លោកម្ចាស់ទាំងឡាយ មិនអាចអត់សង្កត់​សេចក្តី​សោក​ចំពោះខ្លួនឯងទៅហើយ ដូចម្តេច​នឹងឲ្យជនដ៏សេស ដកដង្ហើមស្រួលបាន ។] មិនខាន ។ ព្រះអានន្ទសួរថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ចុះពួកទេវតាធ្វើទុកក្នុងចិត្តដូចម្តេច ? ព្រះអនុរុទ្ធ​មានថេរវាចាថា ម្នាលអាវុសោអានន្ទ មានពួកទេវតា (ខ្លះ) ដែលសំគាល់​គឺនិម្មិតផែនដីក្នុងអាកាស រំសាយសក់ កន្ទក់កន្ទេញ ផ្គងឡើង​នូវកំភួនដៃ កន្ទក់កន្ទេញ ផ្តួលខ្លួន​ចុះបម្រះននៀលទៅមក បីដូច​ជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់​ប្រញាប់​បរិនិព្វាន​ពេកណាស់ ព្រះសុគត ទ្រង់ប្រញាប់​បរិនិព្វានពេកណាស់ ព្រះសម្ពុទ្ធ​មានចក្ខុក្នុងលោក ទ្រង់ប្រញាប់​បាត់បង់ពេកណាស់ ម្នាលអាវុសោអានន្ទ មានពួក​ទេវតា (ខ្លះ) ដែលសំគាល់នូវនិម្មិត គឺផែនដីលើផែនដី រំសាយសក់កន្ទក់កន្ទេញ ។បេ។ បាត់ទៅ ។ ពួកទេវតាណា ដែល​ប្រាសចាករាគៈ ទេវតាទាំងនោះ មានសតិសម្បជញ្ញៈ អត់​សង្កត់​ដោយ​គិតថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុនោះ បុគ្គល​គប្បីបាននូវសេចក្តី​ទៀងទាត់ ក្នុងខន្ធប្បវត្តិនេះអំពីណា ។ គ្រានោះ ព្រះអនុរុទ្ធមានអាយុ និងព្រះអានន្ទ​មាន​អាយុ ធ្វើធម្មីកថា អស់រាត្រីដែលនៅសល់នោះ ។ ទើប​ព្រះអនុរុទ្ធមានអាយុ ពោល​នឹង​ព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ អ្នកចូរចូលទៅកាន់ក្រុងកុសិនារា ហើយថ្វាយដំណឹងដល់ពួកមល្លក្សត្រិយ៍ អ្នកក្រុង​កុសិនារាថា បពិត្រ​វាសិដ្ឋគោត្រទាំង​ឡាយ ព្រះមានព្រះភាគបរិនិព្វានហើយ ឥឡូវ​អ្នកទាំងឡាយ ចូរសំគាល់​នូវ​កាល​គួរចុះ ។ ព្រះអានន្ទមានអាយុ ទទួលវាចានៃព្រះអនុរុទ្ធមានអាយុថា អើលោកម្ចាស់ ហើយក៏​ស្លៀក​ស្បង់​កាន់យកបាត្រ និងចីវរក្នុងបុព្វណ្ហសម័យ មិនមានភិក្ខុជាគម្រប់ពីរឡើយ ចូលទៅ​កាន់ក្រុងកុសិនារា ។
[១៥២] ក្នុងសម័យនោះឯង ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា កំពុងប្រជុំគ្នា ក្នុង​សណ្ឋាគារដ្ឋាន ដោយកិច្ចនីមួយ ។ ទើបព្រះអានន្ទមានអាយុ ចូលទៅកាន់​សណ្ឋាគារដ្ឋាន របស់ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ថ្វាយដំណឹង​ដល់ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារាថា បពិត្រវាសិដ្ឋទាំងឡាយ ព្រះមានព្រះភាគបរិនិព្វានហើយ ឥឡូវនេះ សូមទ្រង់ទាំងឡាយ សំគាល់​នូវកាល​គួរ​ចុះ ។ ពួកមល្លក្សត្រិយ៍ ពួកបុត្ររបស់មល្លក្សត្រិយ៍ ព្រះសុណិសារបស់មល្លក្សត្រិយ៍ និងភរិយា​របស់​មល្លក្សត្រិយ៍ ឮពាក្យនេះ របស់ព្រះអានន្ទមានអាយុ ហើយក៏កើតទុក្ខ តូចព្រះទ័យ ឆ្អែតដោយសេចក្តីទុក្ខក្នុងចិត្ត ខ្លះរំសាយសក់ កន្ទក់កន្ទេញ ផ្គងកំភួនដៃកន្ទក់កន្ទេញ ផ្តួល​ខ្លួនចុះ បម្រះននៀលទៅមក បីដូចជាមានជើងដាច់ហើយថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានឆាប់ពេកណាស់ ព្រះសុគតទ្រង់បរិនិព្វាន ឆាប់ពេកណាស់ ព្រះសម្ពុទ្ធមាន​ចក្ខុ​ក្នុងលោក បាត់បង់ទៅឆាប់ពេកណាស់ ។ គ្រានោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បង្គាប់​ពួករាជបុរសថា ម្នាលនាយ បើដូច្នោះ ចូរអ្នកទាំងឡាយប្រមូលគ្រឿងក្រអូប និង​កម្រងផ្កា និងគ្រឿង​តូរ្យតន្ត្រីទាំងអស់ ដែលមានក្នុងក្រុងកុសិនារា ។ ទើប​ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា នាំយក​គ្រឿងក្រអូប និង​កម្រងផ្កា និងគ្រឿង​តូរ្យតន្ត្រី និងសំពត់​ ៥០០ គូ ចូលទៅគាល់ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ក្នុងសាលវ័ន របស់​ពួកមល្លក្សត្រិយ៍ ដែលជាទីចូលទៅក្នុងក្រុង លុះចូលទៅដល់ហើយ ក៏ធ្វើសក្ការៈគោរព រាប់អានបូជា​ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយធ្វើពិតានសំពត់ តាក់តែងរោងបារាំយ៉ាងនេះ ពេញអស់​១ថ្ងៃនោះ ។ លំដាប់នោះ ​ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា មានសេចក្តីត្រិះរិះដូច្នេះថា កាលនេះ ជ្រុល​វេលាហើយ នឹងថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក្នុងថ្ងៃនេះ​មិនទាន់​ទេ ចាំថ្ងៃស្អែក សឹមយើងនឹងថ្វាយ​ព្រះភ្លើង​ព្រះសរីរៈ នៃព្រះមានព្រះភាគ ។ លំដាប់នោះ ​ពួកមល្លក្សត្រិយ៍ អ្នកក្រុង​កុសិនារា នាំគ្នាធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយ​ធ្វើពិតាន​សំពត់ តាក់តែងរោងបារាំទាំងឡាយ ហើយញុំាង​ថ្ងៃជាគម្រប់ពីរ ឲ្យកន្លង​ទៅទៀត ញុំាងថ្ងៃជាគម្រប់​បីឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគម្រប់បួន ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគម្រប់ប្រាំ ឲ្យកន្លងទៅទៀត ញុំាងថ្ងៃជាគម្រប់៦ ឲ្យកន្លងទៅទៀត លុះថ្ងៃជាគម្រប់៧ ទើបពួកមល្លក្សត្រិយ៍ អ្នកស្រុកកុសិនារា មានសេចក្តីត្រិះរិះ​យ៉ាង​នេះថា យើងរាល់គ្នា នឹងធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយ​របាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយហែរទៅ​តាមទិស​ខាងត្បូងក្រៅក្រុង ហើយថ្វាយព្រះភ្លើង​ព្រះសរីរៈ នៃព្រះមានព្រះភាគ អំពីខាងត្បូងនៃ​ក្រុង ។
[១៥៣] ក្នុងសម័យនោះឯង មល្លក្សត្រិយ៍ ៨ អង្គ ដែលជាប្រធាន ជម្រះសីសៈ​ហើយ ទ្រង់សំពត់ថ្មី គិតគ្នាថា យើងនឹងលើកព្រះសរីរៈ នៃព្រះមានព្រះភាគ ដូច្នេះ តែ​មិនអាច​នឹងលើករួចបាន ។ ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា ពោលនឹង​ព្រះអនុរុទ្ធ​មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជា​មល្លក្សត្រិយ៍ ជាប្រធាន​ទាំង ៨ អង្គនេះ ជម្រះសីសៈហើយ ទ្រង់សំពត់​ថ្មី គិតគ្នា​ថា យើងនឹងលើកព្រះសរីរៈ នៃព្រះមានព្រះភាគ ដូច្នេះ តែមិនអាចនឹងលើករួចបាន ។ ព្រះអនុរុទ្ធតបថា បពិត្រ​វាសិដ្ឋទាំងឡាយ បំណង​របស់ទ្រង់ទាំងឡាយផ្សេង បំណង​របស់ពួក​ទេវតាផ្សេង ។ ពួកមល្លក្សត្រិយ៍ សួរទៀតថា បពិត្រលោកម្ចាស់ដ៏ចម្រើន ចុះបំណង​របស់ពួកទេវតា តើដូចម្តេច ? ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋៈទាំងឡាយ បំណង​របស់ទ្រង់ទាំងឡាយថា យើងរាល់គ្នានឹងធ្វើសក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ហើយហែរទៅ​តាមទិស​ខាងត្បូងក្រៅក្រុង ហើយថ្វាយព្រះភ្លើង​ព្រះសរីរៈ នៃព្រះមាន​ព្រះភាគ អំពីខាងត្បូងនៃ​ក្រុង បពិត្រវាសិដ្ឋៈទាំងឡាយ ឯបំណង​របស់ពួកទេវតាថា យើងរាល់គ្នានឹងធ្វើ​សក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូប​ទាំងឡាយ ដែលជាទិព្វ ហើយហែរទៅ​ខាងជើង តាមទិសខាងជើង​នៃក្រុង ហើយចូលទៅកាន់​ក្រុងតាមទ្វារខាងជើង ហើយហែទៅត្រង់កណ្តាល តាមទីកណ្តាលនៃក្រុង ហើយចេញទៅតាមទ្វារ​ខាងកើត ហើយ​ថ្វាយព្រះភ្លើង​ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ [អដ្ឋកថា ថា សាលាជាមង្គល សម្រាប់តែងព្រះអង្គរបស់ពួកមល្លរាជ ហៅថា មកុដពន្ធនៈ ហៅថា ចេតិយ ព្រោះគេធ្វើវិចិត្ររចនាក្បូរក្បាច់វិសេសណាស់ ។] របស់មល្លក្សត្រិយ៍ ខាងកើត​នៃ​ក្រុង ។ ពួកមល្លក្សត្រិយ៍ ទូលថា បពិត្រលោកម្ចាស់ដ៏ចម្រើន បំណងរបស់ពួកទេវតា​យ៉ាង​ណា ការថ្វាយព្រះភ្លើងព្រះសរីរៈ នៃព្រះមានព្រះភាគ ក៏សូមឲ្យសម្រេច​យ៉ាងនោះចុះ ។ សម័យនោះឯង ក្រុងកុសិនារា ពាសពេញដោយផ្កាមន្ទាវរៈ ដោយគំនរប្រមាណ​ត្រឹម​ជង្គង់ រហូតដល់ទី​ជាចន្លោះនៃផ្ទះ និងទសម្រាប់បង្ហូរ​នូវគូថៈ និងកន្លែង​សម្រាប់​ចោល​នូវ​សម្រាម ។ គ្រានោះ ពួកទេវតា និងពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា នាំគ្នាធ្វើ​សក្ការៈ គោរពរាប់អាន បូជាព្រះសរីរៈនៃ​ព្រះមានព្រះភាគ ដោយរបាំ ចម្រៀង ភ្លេង ប្រគំ ផ្កា​កម្រង និងគ្រឿងប្រអូបទាំងឡាយ ជារបស់ទិព្វខ្លះ របស់មនុស្សខ្លះ ហើយហែទៅ​ខាងជើង​តាមទិសខាងជើងនៃក្រុង ហើយចូលទៅកាន់ក្រុង តាមទ្វារ​ខាងជើង ហើយហែ​ទៅត្រង់កណ្តាល តាមទីកណ្តាល​នៃក្រុង ហើយចេញទៅ​តាមទ្វារ​ខាងកើត ហើយថ្វាយ​ព្រះភ្លើង​ព្រះសរីរៈ នៃ​ព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ របស់ពួកមល្លក្សត្រិយ៍ ខាង​កើតនៃក្រុង ។ លំដាប់នោះ ពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា ពោលនឹង​​ព្រះអានន្ទមានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន យើងទាំងឡាយ នឹងប្រតិបត្តិ​ក្នុង​ព្រះសរីរៈនៃ​ព្រះតថាគតដូចម្តេច ? ព្រះអានន្ទតបថា បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃ​ព្រះចក្រពត្តិ​រាជយ៉ាងណា ពួកមហាបពិត្រគប្បី​ប្រតិបត្តិ ក្នុងព្រះសរីរៈនៃព្រះតថាគត យ៉ាងនោះចុះ ។ បពិត្រព្រះអានន្ទដ៏ចម្រើន ចុះពួក​ឥស្សរជន ប្រតិបត្តិ​ក្នុង​ព្រះសរីរៈនៃ​ព្រះចក្រពត្តិរាជដូចម្តេច ? បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន រុំសរីរៈនៃ​ព្រះចក្រពត្តិ​រាជ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួច​ហើយ ទើបរុំ​ដោយសំឡី លុះរុំដោយសំឡីហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃព្រះ​ចក្រពត្តិរាជ ដោយ​សំពត់ ៥០០ គូ ដោយ​ទំនងនេះ ហើយតំកល់ក្នុងព្រះមឈូសមាស ដែលដាក់ប្រេង ហើយ​គ្រប​ដោយមឈូសមាសដទៃ ហើយធ្វើជើងថ្ករ ទើបថ្វាយ​ព្រះភ្លើងនូវសរីរៈ នៃព្រះចក្រពត្តិរាជ ដោយគ្រឿង​ក្រអូបគ្រប់យ៉ាង ហើយគេធ្វើ​ព្រះស្តូប​នៃព្រះចក្រពត្តិរាជក្នុងផ្លូវធំ បែកជា ៤ បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន ប្រតិបត្តិ​ក្នុង​សរីរៈនៃ​ព្រះចក្រពត្តិ​រាជយ៉ាងនេះឯង បពិត្រវាសិដ្ឋៈទាំងឡាយ ពួក​ឥស្សរជន ប្រតិបត្តិក្នុងសរីរៈនៃ​ព្រះចក្រពត្តិ​រាជយ៉ាងណាមិញ ពួកមហាបពិត្រគប្បី​ប្រតិបត្តិ ក្នុងព្រះសរីរៈនៃព្រះតថាគត គប្បីធ្វើព្រះស្តូប​របស់ព្រះតថាគត ក្នុងផ្លូវ​ធំបែក​ជា ៤ ​យ៉ាងនោះចុះ ពួកជនណានឹងលើកឡើង​នូវផ្កាកម្រងក្តី គ្រឿង​ក្រអូបក្តី គ្រឿង​លំអិតក្តី ឬនឹងថ្វាយបង្គំ​ឬធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះស្តូបនោះ អំពើនោះ នឹងនាំមកនូវ​ប្រយោជន៍​និងសេចក្តីសុខ ដល់ជនទាំងនោះ អស់កាលយូរអង្វែង ។ គ្រានោះ ពួកមល្លក្សត្រិយ៍ អ្នក​ក្រុងកុសិនារា បង្គាប់​រាជបុរសថា ម្នាលនាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រមូលសំឡី​របស់ពួកមល្លជនមក ។ លំដាប់នោះ ពួកមល្លក្សត្រ អ្នកក្រុង​កុសិនារា នាំគ្នារុំសរីរៈនៃ​ព្រះមានព្រះភាគ ដោយសំពត់ថ្មី លុះរុំដោយសំពត់ថ្មីរួច​ហើយ ទើបរុំ​ដោយសំឡី លុះ​រុំ​ដោយសំឡីហើយ ក៏រុំដោយសំពត់ថ្មី (ថែមទៀត) រុំសរីរៈនៃព្រះមានព្រះភាគ ដោយ​សំពត់ ៥០០ គូ ដោយ​ទំនងនេះ ហើយតំកល់ក្នុងព្រះមឈូសមាស ដែលដាក់ប្រេង ហើយ​គ្រប​ដោយមឈូសមាសដទៃ ហើយធ្វើជើងថ្ករ ទើបថ្វាយ​ព្រះភ្លើងនូវព្រះសរីរៈ នៃព្រះមានព្រះភាគ ដោយគ្រឿង​ក្រអូបគ្រប់យ៉ាង ។
[១៥៤] សម័យនោះឯង ព្រះមហាកស្សបមានអាយុ និមន្តតាមផ្លូវឆ្ងាយ មកអំពី​ក្រុងបាវា ទៅកាន់ក្រុងកុសិនារា ជាមួយនឹងភិក្ខុសង្ឃជាច្រើន ប្រមាណ ៥០០ រូប ។ លំដាប់​នោះ ព្រះមហាកស្សបមានអាយុ ចៀសចាកផ្លូវ ទៅគង់ក្រោមម្លប់ឈើ១ ។ ក៏​សម័យនោះឯង មានអាជីវកម្នាក់ កាន់ផ្កាមន្ទារវៈ អំពីក្រុងកុសិនារា ដើរតាមផ្លូវ​ឆ្ងាយ ទៅកាន់ក្រុងបាវា ។ ព្រះមហាកស្សបមានអាយុ បានឃើញ​អាជីវកនោះ ដើរមក​អំពី​ចម្ងាយ លុះឃើញហើយ ក៏ពោល​ទៅនឹងអាជីវកនោះ ដូច្នេះថា ម្នាលអាវុសោ អ្នកដឹង​ដំណឹងព្រះសាស្តារបស់យើងខ្លះដែរ ។ អាជីវកតបថា អើអាវុសោ ខ្ញុំដឹងដែរ ព្រះសមណ​គោតម បរិនិព្វាន​ទៅ៧ថ្ងៃ គម្រប់នឹងថ្ងៃនេះហើយ ផ្កាមន្ទារវៈនេះ ខ្ញុំយកមកអំពី​ទី​បរិនិព្វាន របស់ព្រះសមណគោតមនោះ ។ បណ្តាភិក្ខុទាំងនោះ ពួក​ភិក្ខុទាំងនោះ ពួក​ភិក្ខុណា ដែលមិនទាន់​ប្រាសចាករាគៈ ពួកភិក្ខុនោះ ខ្លះក៏ផ្គងកំភួនដៃ កន្ទក់កន្ទេញ ដួលបម្រះននៀលទៅមក បីដូចជាមានជើងដាច់​ហើយថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន​ឆាប់ពេកណាស់ ព្រះសុគត ទ្រង់បរិនិព្វាន​ឆាប់ពេកណាស់ ព្រះសម្ពុទ្ធមាន​ចក្ខុ​ក្នុងលោក ទ្រង់បាត់ទៅឆាប់ពេកណាស់ ។ ឯពួកភិក្ខុណា ដែលប្រាសចាករាគៈហើយ ពួក​ភិក្ខុនោះ ក៏មានសតិ សម្បជញ្ញៈ អត់សង្កត់ថា សង្ខារទាំងឡាយមិនទៀង ព្រោះហេតុ​នោះ បុគ្គលគប្បីបាននូវ​សេចក្តីទៀងទាត់ ក្នុងខន្ធប្បវត្តិនេះ មកអំពីណា ។
[១៥៥] សម័យនោះឯង ភិក្ខុបួសចាស់ឈ្មោះសុភទ្ទ អង្គុយក្នុងកណ្តាល​បរិសទ្យ​នោះ ។ លំដាប់នោះ ភិក្ខុបួសចាស់ឈ្មោះសុភទ្ទ ពោលទៅនឹងពួក​ភិក្ខុទាំងនោះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ណ្ហើយអ្នកទាំងឡាយកុំសោកសៅ កុំខ្សឹកខ្សួលឡើយ ពួក​យើង​នឹងបានរួចស្រឡះហើយ ព្រោះថា ពួកយើង មហាសមណៈនោះ តែង​បៀតបៀនថា អំពើ​នេះគួរដល់អ្នក អំពើនេះ មិនគួរដល់អ្នក ក៏ឥឡូវនេះ ពួក​យើងនឹងប្រាថ្នាធ្វើនូវ​អំពើណា នឹងធ្វើ​អំពើនោះបាន មិនប្រាថ្នា​ធ្វើនូវអំពើណា នឹងមិនធ្វើ​អំពើនោះបាន ។ គ្រានោះ ព្រះ​មហាកស្សបហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ ណ្ហើយ អ្នករាល់គ្នា កុំសោកសៅ កុំខ្សឹកខ្សួលឡើយ ម្នាលអាវុសោទាំងឡាយ ពាក្យនេះ​ព្រះមានព្រះភាគ បានសំដែង​ជាមុន​ហើយថា សេចក្តីព្រាត់ប្រាសវិនាស ប្រែប្រួលចាកសត្វ និងសង្ខារ​ជាទី​ស្រឡាញ់ ជាទីពេញចិត្តទាំងអស់ តែងមានជាធម្មតា ម្នាលអាវុសោទាំងឡាយ ព្រោះ​ហេតុនោះ បុគ្គលគប្បីបាននូវសេចក្តីមិនព្រាត់ប្រាសនោះ ក្នុងខន្ធប្បវត្តិនេះ មកអំពី​ណា ធម្មជាតណា ដែលកើតហើយ មានហើយ ដែលបច្ច័យតាក់តែងហើយ សឹងមាន​សេចក្តី​ទ្រុឌទ្រោម ទៅជាធម្មតា ធម្មជាតនោះ បុគ្គល​នឹងពោលឃាត់ថា កុំទ្រុឌទ្រោមដូច្នេះ (​ដោយ​ហេតុណា) ហេតុនេះមិនមានឡើយ ។
[១៥៦] សម័យនោះឯង ពួកមល្លក្សត្រ ៤ អង្គ ដែលជាប្រធាន ទ្រង់ជម្រះសីសៈ ហើយ​ទ្រង់សំពត់​ថ្មីគិតគ្នាថា យើងនឹងឈួលនូវជើងថ្ករនៃ​ព្រះមានព្រះភាគ ដូច្នេះ តែ​មិនអាចនឹងឈួល​ឲ្យឆេះបាន ។ ទើបពួកមល្លក្សត្រិយ៍ អ្នកក្រុងកុសិនារា បានពោល​ទៅនឹង​ព្រះអនុរុទ្ធ​មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន មានហេតុដូចម្តេច មានបច្ច័យដូចម្តេច បានជាពួកមល្លក្សត្រិយ៍ ជាប្រធានទាំង ៤ អង្គនេះ ជម្រះសីសៈ ហើយ​ទ្រង់សំពត់​ថ្មីគិតគ្នាថា យើងនឹងឈួលជើងថ្ករ នៃ​ព្រះមានព្រះភាគ ដូច្នេះ តែ​មិនអាច​នឹង​ឈួល​ឲ្យឆេះបាន ។ ព្រះអនុរុទ្ធតបថា បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ពួក​ទេវតា​ផ្សេងគ្នា ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ចុះបំណង​របស់ពួក​ទេវតាដូចម្តេច ? បពិត្រវាសិដ្ឋៈទាំងឡាយ បំណងរបស់ពួក​ទេវតាថា ព្រះមហាកស្សបមានអាយុ​នេះ កំពុង​និមន្តតាមផ្លូវឆ្ងាយ ចេញអំពីក្រុងបាវា មកកាន់ក្រុងកុសិនារា ជាមួយនឹង​ភិក្ខុ​សង្ឃ​ជាច្រើន ប្រមាណ ៥០០ រូប ព្រះមហាកស្សបមានអាយុ មិនទាន់​បានថ្វាយបង្គំនូវព្រះបាទា នៃ​ព្រះមានព្រះភាគ ដោយដៃរបស់ខ្លួនដរាបណា ជើងថ្ករព្រះមានព្រះភាគ ក៏​មិនទាន់​ឆេះ​ដរាបនោះ ។ ពួកមល្លក្សត្រិយ៍តបថា បពិត្រលោកម្ចាស់​ដ៏ចម្រើន បំណង​របស់ពួក​ទេវតា យ៉ាងណា ការថ្វាយ​ព្រះភ្លើងនូវព្រះសរីរៈនៃ​ព្រះមានព្រះភាគ ក៏សូម​ឲ្យ​សម្រេច​យ៉ាង​នោះចុះ ។ គ្រានោះ ព្រះមហាកស្សបមានអាយុ ចូលទៅកាន់ជើងថ្ករនៃ​ព្រះមានព្រះភាគ ក្នុងមកុដពន្ធនចេតិយ របស់ពួកមល្លក្សត្រ ទៀបក្រុងកុសិនារានោះ លុះចូលទៅដល់ហើយ ក៏ធ្វើចីវរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ធ្វើប្រទក្សិណជើងថ្ករ​ ៣ ជុំហើយ បើកអំពីខាងព្រះបាទ [អដ្ឋកថា ថា ព្រះមហាកស្សបចូលចតុត្ថជ្ឈាន ចេញ​ចាកចតុត្ថជ្ឈាន ហើយអធិដ្ឋាន​ថា សូមឲ្យព្រះបាទទាំងគូទំលាយសំពត់ទាំង ៥០០ គូ ព្រម​ទាំងសំឡី​និងព្រះមឈូសមាស និងជើងថ្ករធ្វើដោយខ្លឹមចន្ទន៍ ហើយលៀនចេញ​មក​ប្រតិស្ឋានលលើក្បាល​របស់ខ្ញុំ ។ គ្រានោះ ព្រះបាទទាំងគូ ក៏ទំលាយ​សំពត់ទាំង ៥០០ គូ​ជាដើម លៀនចេញមក ដំណាលគ្នា​នឹងការអធិដ្ឋានចិត្តរបស់ព្រះមហាកស្សប ប្រៀបដូច​ព្រះចន្ទ្រពេញវង់ ចេញមកអំពីចន្លោះពពក ។ ព្រះមហាកស្សបក៏លាដៃឡើង​ចាប់ព្រះបាទាលើកដាក់លើសិរ្សៈរបស់លោក ។] ថ្វាយបង្គំព្រះបាទា នៃ​ព្រះមានព្រះភាគ ដោយសិរ្សៈ ។ ឯពួក​ភិក្ខុទាំង ៥០០ រូបនោះ ក៏ធ្វើចីវរឆៀងស្មាម្ខាងហើយ ប្រណម្យអញ្ជលី ធ្វើប្រទក្សិណ ៣ ជុំ ហើយថ្វាយបង្គំ​ព្រះបាទា នៃព្រះមានព្រះភាគ ដោយសិរ្សៈ ។ កាល​ដែល​ព្រះមហាកស្សបមានអាយុ នឹងពួក​ភិក្ខុទាំង​ ៥០០ រូបនោះ ថ្វាយបង្គំព្រះបាទា នៃ​ព្រះមានព្រះភាគរួចហើយ ជើងថ្ករព្រះមានព្រះភាគ ក៏ឆេះឯង [អដ្ឋកថា ថា ជើងថ្ករនោះឆេះឡើង ដោយអានុភាពនៃទេវតា ។] ។ ព្រះសរីរៈរបស់​ព្រះមានព្រះភាគ ដែលភ្លើង​ឆេះហើយ អាការៈណា ទោះព្រះឆវីក្តី​ព្រះចម្មៈក្តី ព្រះមំសៈក្តី ព្រះន្ហារូក្តី ព្រះ​លសិកាក្តី អាការៈនោះ ក៏ឆេះអស់ មិនមានផែះ និងកំញ៉មធ្យូងឡើយ សល់នៅតែ​ព្រះសរីរ​ធាតុសុទ្ធ [អដ្ឋកថា ថា​នៅសល់តែព្រះអដ្ឋិធាតុ ប្រៀបដូចផ្កាម្លិះក្រពុំខ្លះ ដូច​កែវមុក្តាដ៏ស្អាតខ្លះ ដូចកំទេចមាសខ្លះ ។] ។ សប្បិ ឬប្រេង ដែលភ្លើងឆេះ ក៏មិនមានផែះ​កំញ៉មយ៉ាងណាមិញ ព្រះសរីរៈរបស់​ព្រះមានព្រះភាគ ដែលភ្លើងឆេះហើយ អាការៈ​ណា ទោះព្រះឆវីក្តី ព្រះចម្មៈក្តី ព្រះមំសៈក្តី ព្រះន្ហារូក្តី ព្រះ​លសិកាក្តី អាការៈនោះ ក៏ឆេះអស់ មិនមានផែះ និងកំញ៉មឡើយ សល់នៅតែ​ព្រះសរីរ​ធាតុសុទ្ធ ក៏យ៉ាងនោះដែរ ។ បណ្តា​សំពត់ទាំង​ ៥០០ គូនោះ សំពត់ពីរ គឺសំពត់ជាន់ក្នុងបំផុត១ សំពត់​ជាន់ក្រៅបំផុត១ ក៏​ឆេះអស់ ។ លុះសរីរៈ​ព្រះមានព្រះភាគ ដែលត្រូវភ្លើងឆេះហើយ ធារទឹកក៏បង្អុរ​អំពីអាកាស រំលត់ជើងថ្ករ នៃ​ព្រះមានព្រះភាគ ។ ទាំងមានទឹកខ្ពុរចេញ អំពី​ដើមសាលព្រឹក្ស រំលត់ជើងថ្ករ នៃ​ព្រះមានព្រះភាគ ។ ទើបពួក​មល្លក្សត្រ អ្នកក្រុង​កុសិនារា រំលត់ជើងថ្ករ នៃ​ព្រះមានព្រះភាគ ដោយទឹកក្រអូបទាំងពួង ។ គ្រានោះ ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារា ក៏ធ្វើ​នូវការបញ្ឈរ​លំពែង [អដ្ឋកថា ថា ញុំាងបុរស​អ្នកកាន់លំពែងឲ្យឈរ​ព័ទ្ធជុំវិញព្រះសរីរធាតុ ។] រួចព័ទ្ធដោយកំពែងធ្នូ [ញុំាង​ពួកដំរី ពួកសេះ ពួករថ ពួកយោធា ឲ្យឈរព័ទ្ធជុំវិញព្រះសរីរធាតុ ធ្នូក៏ច្រុះព័ទ្ធជុំវិញ​ខាង​ក្រៅ​បង្អស់ ។] ហើយធ្វើសក្ការៈ គោរព រាប់អានបូជាព្រះសរីរធាតុ របស់​ព្រះមានព្រះភាគ ដោយ​របាំ ចម្រៀង ភ្លេង ប្រគំ ផ្កាកម្រង និងគ្រឿង​ក្រអូបទាំងឡាយ អស់៧ថ្ងៃ ក្នុង​សណ្ឋា​គារដ្ឋាន ។
[១៥៧] ព្រះបាទមាគធអជាតសត្តុវេទេហីបុត្ត ទ្រង់បានឮដំណឹងថា ព្រះមាន​ព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា ។ ទើប​ព្រះបាទមាគធអជាតសត្តុ​វេទេហី​បុត្ត បញ្ជូន​រាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមាន​ព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែក​នៃ​ប្រះសរីរធាតុ នៃព្រះមាន​ព្រះភាគដែរ យើងនឹងធ្វើព្រះស្តូបផង ការបូជាផង ចំពោះ​ព្រះសរីរធាតុ នៃ​ព្រះមានព្រះ​ភាគ ។ ពួកក្សត្រលិច្ឆវី អ្នកក្រុងវេសាលី ទ្រង់បានឮថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វាន​ហើយ ក្នុងក្រុងកុសិនារា ។ ទើបពួក​ក្សត្រលិច្ឆវី អ្នក​ក្រុង​វេសាលី បញ្ជូនរាជទូតទៅកាន់​សំណាក់​​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជា​ក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូប​ផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ។ ពួកក្សត្រសក្យៈ អ្នក​ក្រុង​កបិល​វត្ថុ ទ្រង់បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានហើយ ក្នុងក្រុង​កុសិនារា ។ ទើបពួក​ក្សត្រសក្យៈ អ្នក​ក្រុង​កបិលវត្ថុ បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាញាតិផ្ទាល់របស់យើង យើងគួរបាន​ចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះ​ព្រះសរីរធាតុ នៃ​ព្រះមានព្រះភាគ ។ ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ ទ្រង់បានឮ​ដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា ។ ទើបពួក​ក្សត្រថូលិ អ្នក​ក្រុង​អល្លកប្បៈ បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកនៅក្នុង​ក្រុង​កុសិនារា​ថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែក​ព្រះសរីរធាតុ ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះ​ព្រះសរីរធាតុ នៃ​ព្រះមានព្រះភាគ ។ ពួកក្សត្រកោឡិយៈ អ្នកក្រុងរាមគ្រាម ទ្រង់បានឮ​ដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា ។ ទើបពួក​ក្សត្រ​កោឡិយៈ អ្នក​ក្រុង​រាមគ្រាម បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែក​ព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ។ ព្រាហ្មណ៍ដែលនៅក្នុងដែនវេដ្ឋទីបៈ បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងក្រុងកុសិនារា ។ ទើបព្រាហ្មណ៍ ដែល​នៅក្នុងដែនវេដ្ឋទីបៈ បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាព្រាហ្មណ៍ យើងគួរបាន​ចំណែក​ព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ទ្រង់បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានហើយ ក្នុងក្រុងកុសិនារា ។ ទើបពួកមល្ល​ក្សត្រ អ្នកក្រុងបាវា បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបាន​ចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ។ លុះពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ពោលពាក្យយ៉ាងនេះ​ហើយ ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា បានពោលទៅនឹងពួក​គណៈទូតទាំងនោះ ដូច្នេះថា ព្រះមានព្រះភាគ ទ្រង់បរិនិព្វានហើយ ក្នុងគាមក្ខេត្ត​របស់យើង យើងនឹង​មិនឲ្យ​នូវ​ចំណែក​ព្រះសរីរធាតុនៃ​ព្រះមានព្រះភាគឡើយ ។
[១៥៨] កាលបើពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ពោលយ៉ាងនេះហើយ ទើប​ទោណព្រាហ្មណ៍ និយាយទៅនឹងពួកគណៈទូតទាំងនោះ ដូច្នេះថា
លោកទាំងឡាយដ៏ចម្រើន សូមស្តាប់ពាក្យរបស់ខ្ញុំមួយម៉ាត់សិន ព្រះពុទ្ធជាម្ចាស់​នៃ​យើង ព្រះអង្គជាខន្តិវាទ (អ្នកពោលសរសើរគុណនៃខន្តី) មែនពិត ការ​ប្រហារ​គ្នា (ច្បាំងគ្នា) ព្រោះតែចំណែកនៃ​ព្រះសរីរធាតុ របស់ឧត្តមបុគ្គលនេះ មិនប្រពៃ​ឡើយ ។ បពិត្រលោកទាំងឡាយដ៏ចម្រើន យើងទាំងអស់គ្នា (គួរតែ) ស្រុះស្រួល​គ្នា ព្រមព្រៀងគ្នា រីករាយរកគ្នា ចែកព្រះសរីរធាតុឲ្យជា ៨ ចំណែក ព្រះស្តូប​ទាំងឡាយ សូមផ្សាយទៅក្នុងទិសទាំងឡាយចុះ ពួកជនច្រើន គង់ជ្រះថ្លាចំពោះព្រះសម្ពុទ្ធ​ដ៏ មានចក្ខុ មិនលែង ។
[១៥៩] ពួកក្សត្រ និងព្រាហ្មណ៍ទាំងនោះ ទទួលពាក្យថា ម្នាលព្រាហ្មណ៍ បើ​ដូច្នោះ អ្នកចូរ​ចែកព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ឲ្យជា ​៨ ចំណែកស្មើគ្នាចុះ ។ ទោណព្រាហ្មណ៍ ក៏ទទួលពាក្យរបស់ពួកគណៈទូតទាំងនោះ ដោយពាក្យថា អើ​អ្នក​ដ៏ចម្រើន អើអ្នកដ៏ចម្រើន ហើយក៏ចែកព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ឲ្យជា ​៨ ចំណែកស្មើ​ភាគគ្នា ហើយនិយាយ​នឹងពួកគណៈទូតទាំងនោះដូច្នេះថា លោកទាំងឡាយ​ដ៏ចម្រើន សូម​លោកទាំងឡាយដ៏ចម្រើន ឲ្យ​តុម្ព [ជាឈ្មោះរង្វាល់​ម្យ៉ាងនៅប្រទេស​ឥណ្ឌៀក្នុងកាល​នោះ ។] នេះដល់ខ្ញុំចុះ ខ្ញុំនឹងធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះ​តុម្ព ។ ពួកក្សត្រ និង​ព្រាហ្មណ៍​ទាំងនោះ ក៏បានឲ្យតុម្ពដល់ទោណព្រាហ្មណ៍ ។
[១៦០] ឯពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ទ្រង់បានឮដំណឹង​ថា ព្រះមានព្រះភាគ ទ្រង់​បរិនិព្វានហើយ ក្នុងក្រុងកុសិនារា ។ ទើបពួក​ក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ក៏បញ្ជូនរាជទូតទៅកាន់សំណាក់​នៃ​ពួក​មល្លក្សត្រ អ្នកក្រុងកុសិនារាថា ព្រះមានព្រះភាគ ជាក្សត្រ យើងក៏ជាក្សត្រ យើងគួរបានចំណែកព្រះសរីរធាតុ​នៃ​ព្រះមានព្រះភាគដែរ យើងនឹង​ធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ។ ពួកមល្លក្សត្រតបថា ចំណែក​ព្រះសរីរធាតុរបស់​ព្រះមានព្រះភាគ មិនមានទេ ព្រះសរីរធាតុទាំងឡាយ របស់​ព្រះមានព្រះភាគ យើងចែកគ្នាអស់ហើយ ចូរ​អ្នកទាំងឡាយ នាំយក​ព្រះអង្គារ (ធ្យូង) អំពីកន្លែង ដែលថ្វាយព្រះភ្លើង​នេះទៅចុះ ។ ពួកក្សត្រមោរិយៈទាំងនោះ ក៏នាំយកព្រះអង្គារអំពីកន្លែង ដែលថ្វាយព្រះភ្លើង​នោះទៅ ។
[១៦១] គ្រានោះ ព្រះបាទមាគធអជាតសត្តុវេទេហីបុត្ត ទ្រង់បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងរាជគ្រឹះ ។ ឯពួកក្សត្រលិច្ឆវី អ្នកក្រុងវេសាលី ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមាន​ព្រះភាគ ក្នុងក្រុងវេសាលី ។ ពួកក្សត្រ អ្នកក្រុងកបិលវត្ថុ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងកបិលវត្ថុ ។ ពួកក្សត្រថូលិ អ្នកក្រុងអល្លកប្បៈ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងអល្លកប្បៈ ។ ពួកក្សត្រកោឡិយៈ អ្នករាមគ្រាម ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងរាមគ្រាម ។ ព្រាហ្មណ៍ អ្នកវេដ្ឋទីបៈ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងដែនវេដ្ឋទីបៈ ។ ពួកមល្លក្សត្រ អ្នកក្រុងបាវា ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងបាវា ។ ពួកមល្លក្សត្រ អ្នកក្រុងកុសិនារា ក៏បានធ្វើព្រះស្តូបផង ការបូជាផង ចំពោះព្រះសរីរធាតុនៃ​ព្រះមានព្រះភាគ ក្នុងក្រុងកុសិនារា ។ ទោណព្រាហ្មណ៍ ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះតុម្ព ។ ពួកក្សត្រមោរិយៈ អ្នកក្រុងបិប្ផលិវ័ន ក៏បានធ្វើ​ព្រះស្តូបផង ការបូជាផង ចំពោះព្រះអង្គារ ក្នុងក្រុងបិប្ផលិវ័ន ។ រួមព្រះស្តូប​តម្កល់ព្រះសរីរធាតុ​ទាំងអស់​មាន ៨ ជាគម្រប់ ៩ នឹងព្រះស្តូប​ដែលតម្កល់​ព្រះតុម្ព ជាគម្រប់ ១០ នឹងព្រះស្តូប​ដែល​តម្កល់ព្រះអង្គារ ឯធាតុនិធាន (ទីបញ្ចុះព្រះធាតុ)នេះ ធ្លាប់មានមកហើយយ៉ាងនេះ ។
[១៦២] ព្រះសរីរធាតុរបស់​ព្រះសម្ពុទ្ធដ៏មានចក្ខុ មានចំនួន ៨ ទោណៈ [បួនក្តាប់ ត្រូវជា​១កុឌវៈ ៤ កុឌវៈ ត្រូវជា១បត្ថៈ (នាឡិ) ៤ បត្ថៈ ត្រូវជា១អាឡ្ហកៈ ៤ អាឡ្ហកៈ ត្រូវជា​១ទោណៈ គឺទោណៈ១ ត្រូវជា ១៦ នាឡិតូច ។] ព្រះសរីរធាតុ៧ទោណៈ ជនទាំងឡាយធ្វើ​សក្ការបូជាក្នុងជម្ពូទ្វីប ព្រះសរីរធាតុ​របស់ព្រះសម្ពុទ្ធ​ជាបុរសដ៏ប្រសើរ​ខ្ពង់ខ្ពស់១ទោណៈ​ទៀត ពួកនាគរាជធ្វើសក្ការបូជាក្នុងរាមគ្រាម ។ ព្រះទាឋា (ចង្កូម)១ ពួកទេវតានាំយក​ទៅ​បូជា ព្រះទាឋា១ទៀត ពួកជនធ្វើសក្ការបូជាក្នុងគន្ធារបុរី ព្រះទាឋា១ទៀត ពួកជនធ្វើសក្ការបូជាក្នុងដែនរបស់ស្តេចកាលិង្គ ព្រះទាឋា១ទៀត ពួកនាគ​រាជ​នាំយកទៅ​ធ្វើសក្ការបូជា ។ ហេតុតែតេជះនៃ​ព្រះសរីរធាតុរបស់​ព្រះមានព្រះភាគនោះឯង មហាប្រឹឋពីនេះ ក៏បានប្រដាប់​ដោយគ្រឿងបូជាវិសេស ឯព្រះសរីរធាតុ របស់​ព្រះសម្ពុទ្ធ​មានចក្ខុនេះ គឺពួកសត្វ ដែលធ្លាប់​ធ្វើនូវ​គ្រឿង​សក្ការៈ ដ៏លើសលុបទាំងឡាយ បាន​ធ្វើ​សក្ការៈ ដោយល្អហើយយ៉ាងនេះ ។ ស្តេច​ទេវតា ស្តេចនាគ​និងស្តេច​មនុស្ស បានបូជា​ហើយ ចំពោះ​ព្រះសម្ពុទ្ធ​ជាម្ចាស់ ទាំងពួកមនុស្សអ្នកប្រសើរ ក៏​បានធ្វើ​បូជា​ព្រះអង្គ​ហើយ ដូច្នោះដែរ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរផ្គងអញ្ជលីឡើង ថ្វាយបង្គំព្រះពុទ្ធ​ជា​ម្ចាស់​នោះចុះ ព្រោះថាព្រះពុទ្ធជាម្ចាស់​ទាំងឡាយ ជាបុគ្គល​រកបានក្រ ដោយរយ​នៃ​កប្ប​ទាំង​ឡាយ ។ ព្រះទន្តទាំង ៤០ គត់ក្តី កេសាក្តី ព្រះលោមាក្តីទាំងអស់ ពួកទេវតាដែលនៅ​ក្នុង​ចក្រវាឡតៗគ្នា នាំយកទៅមួយៗម្នាក់ ។
ចប់ មហាបរិនិព្វានសូត្រ ទី ៣ ។
(ព្រះត្រៃបិដក ភាគ ១៦ ទំព័រទី ១៥៤​ ដល់ ៣៥០ សុត្តន្តបិដក ទីឃនិកាយ មហាវគ្គ; DN 16 - Maha-parinibbana Sutta: Last Days of the Buddha

 

baddha%20kh
rotator%20BB%20C
banner%20kh

head-img99

khmer+culture

logo%20kh
904x160-22-slow

khmer-traditional-game

cropped-headerbg16

chouk-banner-new-blog
Comment Using!!

No comments:

Post a Comment

Home