អម្ពដ្ឋសូត្រ
សូមនមស្ការថ្វាយបង្គំ
ចំពោះព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។
អម្ពដ្ឋសូត្រ ទី៣
[១៤១]
(សូត្រនេះ) ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក
[អដ្ឋកថា ថា ចារិកក្នុងទីនេះ សំដៅយកផ្លូវឆ្ងាយ។] ក្នុងកោសលជនបទ
ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន៥០០រូប បានស្តេចទៅដល់ស្រុកព្រាហ្មណ៍ឈ្មោះឥច្ឆានង្គលៈ
របស់ដែនកោសល។ ព្រះមានព្រះភាគ គង់នៅក្នុងដងព្រៃ ឈ្មោះឥច្ឆានង្គលៈ
ទៀបស្រុកឥច្ឆានង្គលៈនោះ។
[១៤២]
សម័យនោះឯង ព្រាហ្មណ៍ឈ្មោះបោក្ខរសាតិ នៅគ្រប់គ្រងឧក្កដ្ឋនគរ ដែលជាក្រុងកុះករដោយសត្វ
(និងមនុស្ស) បរិបូណ៌ដោយស្មៅ ឧស ទឹក បរិបូណ៌ដោយស្រូវអង្ករ
ជាព្រះរាជទ្រព្យដែលព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជទាន ជាព្រះរាជអំណោយ
ជារង្វាន់ដ៏ប្រសើរ គឺទ្រង់ប្រទានដោយដាច់ខាត។ ព្រាហ្មណ៍ឈ្មោះបោក្ខរសាតិ បានឮថា
ព្រះសមណគោតមដ៏ចំរើន ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវ
ទ្រង់ពុទ្ធដំណើរមកកាន់ចារិក ក្នុងកោសលជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន៥០០រូប
មកដល់ស្រុកឈ្មោះឥច្ឆានង្គលៈ គង់នៅក្នុងដងព្រៃឈ្មោះឥច្ឆានង្គលៈ
ទៀបស្រុកឈ្មោះឥច្ឆានង្គលៈ កិត្តិសព្ទ សំឡេងសរសើរនៃព្រះសមណគោតមដ៏ចំរើននោះ
ពីរោះឮខ្ចរខ្ចាយ សុសសាយមកយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ
ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង
ដោយប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ
ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក
ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ព្រះអង្គ
ជាអ្នកទូន្មាននូវបុរសដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ
ព្រះអង្គបានត្រាស់ដឹងនូវអរិយសច្ចធម៌ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត
ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ ចំពោះព្រះអង្គ ហើយញុំាងលោកនេះ
ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍
ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ទ្រង់សំដែងធម៌
មានលំអបទដើម បទកណ្តាល និងបទចុង ទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ
ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ការដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ
មានសភាពដូច្នេះ ជាការប្រពៃណាស់។
[១៤៣]
សម័យនោះឯង មាណពឈ្មោះអម្ពដ្ឋ ជាសិស្សរបស់ព្រហ្មណបោក្ខរសាតិ ជាអ្នករាយមន្ត
ចេះចាំនូវមន្ត ជាអ្នកដល់នូវត្រើយនៃត្រៃវេទ [អដ្ឋកថា ថា ត្រៃវេទនោះ បានដល់វេទ៣
គឺឥរុព្វេទ១ យជុព្វេ១ សាមវេទ១។] ព្រមទាំងគម្ពីរនិឃណ្ឌុ [ដីកាថា
គម្ពីរដែលសំដែងអំពីសព្ទ និងវិធីចែកសព្ទ តាមលំដាប់ពាក្យ (អក្ខរាភិធានសព្ទ
ឬសព្ទវចនាធិប្បាយ)។] គម្ពីរកេតុភៈ [ដីការថា គម្ពីរដែលនិយាយអំពីកំណត់កិរិយាសព្ទ មានវិកប្បច្រើនយ៉ាង
ដែលចែកចេញទៅជាវណ្ណៈ បទ សម្ព័ន្ធ និងអត្ថនៃបទ ជាដើម ដែលហៅថា មូលកិរិយាកប្បសាស្ត្រ។]
ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ [អដ្ឋកថា ថា
គម្ពីរដែលនិយាយពីរឿងព្រេង ប្រកបដោយពាក្យថា ឥតិហអាសៈឥតិហអាសៈ។] ជាគំរប់៥
ជាអ្នករៀនយកនូវបទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺស្ទាត់ជំនាញ ក្នុងលោកាយតសាស្ត្រ
និងមហាបុរិសលក្ខណព្យាករណសាស្ត្រ ជាអ្នកដែលអាចារ្យបានអនុញ្ញាតហើយ ទាំងខ្លួន
ក៏បានប្តេជ្ញាហើយថា ខ្ញុំចេះអ្វី អ្នកក៏ចេះនោះដែរ អ្នកចេះអ្វី ខ្ញុំក៏ចេះនោះដែរ
ក្នុងបាវចនៈ (ពាក្យជាប្រធាន គឺលទ្ធិសាសនា) ដែលប្រកបដោយត្រៃវិជ្ជា
ក្នុងសំណាក់អាចារ្យរបស់ខ្លួន។ គ្រានោះ បោក្ខរសាតិព្រាហ្មណ៍
ហៅអម្ពដ្ឋមាពណមកប្រាប់ថា នែអម្ពដ្ឋ ព្រះសមណគោតម ជាសក្យបុត្រនេះ ចេញចាកសក្យត្រកូល
ទៅទ្រង់ផ្នួសហើយ ត្រាច់មកកាន់ចារិកក្នុងកោសលជនបទ ឥឡូវ ទ្រង់ពុទ្ធដំណើរ
ព្រមដោយភិក្ខុសង្ឃច្រើន ចំនួន៥០០រូប មកដល់ស្រុកឥច្ឆានង្គលៈ
គង់ក្នុងដងព្រៃឥច្ឆានង្គលៈ ទៀបស្រុកឈ្មោះឥច្ឆានង្គលៈ កិត្តិសព្ទ
សំឡេងសរសើរនៃព្រះសមណគោតមដ៏ចំរើននោះ ពីរោះឮខ្ចរខ្ចាយ សុសសាយមកយ៉ាងនេះថា
ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មងគ្រប់យ៉ាង
ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ
ព្រះអង្គប្រកបដោយវិជ្ជា និងចរណៈ គឺសេចក្តីចេះដឹង និងក្រឹត្យ
ដែលបុគ្គលគប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក
ព្រះអង្គប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន
ព្រះអង្គទូន្មាននូវបុគ្គលដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ
ព្រះអង្គបានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត
ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ ដោយព្រះអង្គឯង ហើយញុំាងលោកនេះ
ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍
ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ទ្រង់សំដែងធម៌
មានលំអបទដើម បទកណ្តាល និងបទចុង ទ្រង់ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ
ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ការដែលបានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ
មានសភាពយ៉ាងនោះ ជាការប្រពៃណាស់ នែអម្ពដ្ឋមាណព អ្នកចូរមកណេះ ចូរចូលទៅរកព្រះសមណគោតម
លុះចូលទៅដល់ហើយ ចូរពិនិត្យនូវព្រះសមណគោតមមើល ទោះបីកិត្តិសព្ទ
សំឡេងសរសើរព្រះសមណគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយទៅពិតដូច្នោះមែន ឬមិនមែនដូច្នោះទេ
ទោះបីព្រះសមណគោតមដ៏ចំរើននោះ ប្រាកដដូច្នោះក្តី មិនប្រាកដដូច្នោះក្តី យើងនឹងដឹង
នូវព្រះសមណគោតមដ៏ចំរើននោះ ដោយពិត។ ម្នាលគ្នាយើងដ៏ចំរើន ទោះបីកិត្តិសព្ទ
សំឡេងសរសើរព្រះសមណគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយ សុសសាយពិតដូច្នោះក្តី
មិនពិតដូច្នោះក្តី ទោះបីព្រះសមណគោតមដ៏ចំរើននោះ ប្រាកដដូច្នោះក្តី
មិនប្រាកដដូច្នោះក្តី យើងនឹងដឹង នូវព្រះសមណគោតមដ៏ចំរើននោះ ដោយប្រការឯណានីមួយ
មិនខានឡើយ។ ម្នាលអម្ពដ្ឋ មហាបុរិសលក្ខណៈទាំងឡាយ៣២ប្រការ មានប្រាកដ
មកក្នុងមន្តទាំងឡាយរបស់យើងហើយ កាលបើមហាបុរស ប្រកបដោយមហាបុរិសលក្ខណៈណាហើយ
គង់មានគតិជាពីរយ៉ាង មិនខុសអំពីគតិទាំងពីរយ៉ាងនេះទេ គឺបើមហាបុរសនៅគ្រប់គ្រងផ្ទះ
នឹងបានជាស្តេចចក្កពត្តិ ឋិតនៅក្នុងធម៌ ជាស្តេចប្រកបដោយធម៌ មានជ័យជំនះ ផ្សាយរាជអំណាចរហូតដល់ផែនដី
ដែលមានសមុទ្រទាំង៤ព័ទ្ធជុំវិញ ព្រះអង្គដល់នូវភាវៈជាអ្នកមាំមួនក្នុងជនបទ
ប្រកបដោយរតនៈ៧ប្រការ រតនៈ៧ប្រការរបស់ព្រះអង្គនោះគឺ ចក្ករ័តន៍១ ដំរីរ័តន៍១
សេះរ័តន៍១ មណិរ័តន៍១ ស្រីរ័តន៍១ គហបតិរ័តន៍ (អ្នកជាប្រធាន
ត្រួតត្រាការងារក្នុងព្រះរាជវាំង)១ និងបរិណាយករ័តន៍១ គឺអគ្គមហាសេនាធិបតីមួយទៀត
ជាគំរប់៧ ចំណែកព្រះរាជឱរសរបស់ទ្រង់ ក៏មានចំនួនច្រើនពាន់ សុទ្ធតែជាអ្នកក្លៀវក្លា
មានរូបសណ្ឋានជាអ្នកអង់អាច អាចញាំញីនូវសេនារបស់ស្តេចឯទៀតបាន
ព្រះអង្គទ្រង់ប្រាបប្រាម គ្រប់គ្រងនូវផែនដីនេះ ដែលមានសាគរជាទីបំផុតដោយធម៌ គឺសីល៥
មិនបាច់ប្រើរាជអាជ្ញា មិនបាច់ប្រើសស្ត្រាវុធឡើយ
បើព្រះអង្គចេញពីព្រះរាជដំណាក់ទៅទ្រង់ព្រះផ្នួស
នឹងបានត្រាស់ជាព្រះអរហន្តសម្មាសម្ពុទ្ធក្នុងលោក
ជាអ្នកមានកិលេសជាគ្រឿងបិទបាំងបើកហើយ ម្នាលអម្ពដ្ឋ អញឯង ជាអ្នកឲ្យនូវមន្តទាំងឡាយ
(ដល់អ្នក) អ្នកក៏បានទទួលរៀននូវមន្តទាំងឡាយហើយ។ អម្ពដ្ឋមាណព
បានទទួលពាក្យរបស់បោក្ខរសាតិព្រាហ្មណ៍ថា បពិត្រលោកដ៏ចំរើន យ៉ាងនេះឯង
ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំបោក្ខរសាតិព្រាហ្មណ៍ ធ្វើប្រទក្សិណ ហើយឡើងជិះរថ
ដែលទឹមដោយសេះ ទៅជាមួយនឹងមាណព មានចំនួនច្រើននាក់ សំដៅទៅរកដងព្រៃឥច្ឆានង្គលៈ
បរយានទៅទល់ត្រឹមទៅ ដែលយានល្មមឈប់បាន ហើយក៏ចុះពីយាន ដើរទៅដោយជើងទទេ
ឆ្ពោះទៅកាន់អារាម។
[១៤៤]
សម័យនោះឯង ភិក្ខុទាំងឡាយច្រើនរូប កំពុងចង្ក្រមនៅក្នុងទីវាល។ គ្រានោះ អម្ពដ្ឋមាណព
ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងភិក្ខុទាំងឡាយនោះថា
បពិត្រលោកទាំងឡាយដ៏ចំរើន ឥឡូវនេះ ព្រះគោតមដ៏ចំរើន ព្រះអង្គគង់នៅក្នុងទីណា
ដ្បិតយើងខ្ញុំទាំងឡាយ ចូលមកក្នុងទីនេះ ដើម្បីនឹងគាល់ព្រះគោតមដ៏ចំរើននោះ។ គ្រានោះឯង
ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះដូច្នេះថា អម្ពដ្ឋមាណពនេះ
ជាមនុស្សកើតក្នុងត្រកូលល្បីល្បាញផង ត្រូវជាសិស្សរបស់បោក្ខរសាតិព្រាហ្មណ៍
ដែលល្បីល្បាញ (ដោយរូប ជាតិ មន្ត ត្រកូល និងប្រទេស)ផង
ការសំណេះសំណាលជាមួយនឹងកុលបុត្រ មានសភាពយ៉ាងនេះ
ជាការមិនធ្ងន់ដល់ព្រះមានព្រះភាគប៉ុន្មានទេ។ ភិក្ខុទាំងឡាយនោះ ក៏និយាយពាក្យនុ៎ះ
ទៅនឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ វិហារ (គន្ធកុដិ)នុ៎ះ បិទទ្វារហើយ ព្រោះហេតុនោះ
ចូរអ្នកស្ងៀម ស្ងប់សំឡេង ដើរចូលទៅកុំរលះរលាំង លុះចូលទៅដល់របៀងហើយ ក្អកគ្រហែម
គោះសន្ទះទ្វារ ព្រះមានព្រះភាគ គង់នឹងបើកទ្វារឲ្យអ្នក។ គ្រានោះ អម្ពដ្ឋមាណព
ស្ងៀមស្ងប់សំឡេង ដើរចូលទៅរកវិហារ ដែលមានទ្វារបិទ មិនរលះរលាំង ចូលដល់ទៅរបៀងហើយ
ក្អកគ្រហែម គោះសន្ទះទ្វារ។ ព្រះមានព្រះភាគ ក៏បើកទ្វារឲ្យ។ អម្ពដ្ឋមាណព ក៏ចូលទៅ។
ចំណែកខាងពួកមាណព ចូលទៅដល់ហើយ បានពោលពាក្យសំណេះសំណាល នឹងព្រះមានព្រះភាគ
លុះបញ្ចប់ពាក្យដែលគួរសំណេះសំណាល និងពាក្យគួររលឹកហើយ ទើបអង្គុយក្នុងទីសមគួរ។
[១៤៥]
ឯអម្ពដ្ឋមាណព សូម្បីកំពុងដើរ ក៏ហ៊ានចរចានូវពាក្យដែលគួររលឹកណាមួយ
ជាមួយព្រះមានព្រះភាគ ដែលទ្រង់កំពុងគង់ សូម្បីខ្លួនឈរ
ក៏ហ៊ានចរចានូវពាក្យដែលគួររលឹកណាមួយ ជាមួយព្រះមានព្រះភាគ ដែលទ្រង់កំពុងគង់។
គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ ទៅនឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ
អ្នកធ្លាប់តែចរចាជាមួយនឹងពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូចអាចារ្យធំ
(របស់អ្នក) ដូចអ្នកកំពុងដើរ កំពុងឈរ ហើយចរចានូវពាក្យ ដែលគួររលឹកណាមួយ
ជាមួយនឹងតថាគត ដែលកំពុងអង្គុយយ៉ាងហ្នឹងឬ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា
បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនមែនដូច្នោះទេ បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា
ព្រាហ្មណ៍កំពុងដើរ គួរនិយាយជាមួយនឹងព្រាហ្មណ៍កំពុងដើរ បពិត្រព្រះគោតមដ៏ចំរើន
ព្រាហ្មណ៍កំពុងឈរ គួរនិយាយជាមួយនឹងព្រាហ្មណ៍កំពុងឈរ បពិត្រព្រះគោតមដ៏ចំរើន
ព្រាហ្មណ៍កំពុងអង្គុយ គួរនិយាយជាមួយនឹងព្រាហ្មណ៍កំពុងអង្គុយ បពិត្រព្រះគោតមដ៏ចំរើន
ព្រាហ្មណ៍កំពុងដេក គួរនិយាយជាមួយនឹងព្រាហ្មណ៍កំពុងដេកដូចគ្នា
បពិត្រព្រះគោតមដ៏ចំរើន តែការនិយាយចរចារបស់ខ្ញុំ ជាមួយព្រះគោតមដ៏ចំរើន
ដូចគ្នានឹងការនិយាយចរចារបស់ខ្ញុំជាមួយនឹងពួកសមណៈត្រងោល ដែលជាគោត្រត្រកូលគហបតិ
ជាកណ្ហគោត្រ កើតអំពីព្រះបាទរបស់មហាព្រហ្មដូច្នោះដែរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ម្នាលអម្ពដ្ឋ ចំណែកអ្នកមានសេចក្តីត្រូវការហើយ ទើបបានមកក្នុងទីនេះ បើអ្នកទាំងឡាយមក
ដើម្បីប្រយោជន៍ណា គួរធ្វើទុកក្នុងចិត្តនូវប្រយោជន៍នោះឯងឲ្យសម្រេចទៅចុះ
តែអម្ពដ្ឋមាណព ជាអ្នកមិនធ្លាប់បានសិក្សាទេ ប្រកាន់ថា ខ្លួនធ្លាប់បានសិក្សាមកហើយ
ការប្រកាន់ដូច្នោះម្តេចបាន ព្រោះអ្នកមិនបានសិក្សាក្នុងត្រកូលនៃអាចារ្យដទៃសោះ។
លំដាប់នោះ អម្ពដ្ឋមាណព កាលត្រូវព្រះមានព្រះភាគ ត្រាស់ដោយវាទៈថា ខ្លួនមិនបានសិក្សា
(ដូច្នោះ)ហើយ ក៏ខឹង អាក់អន់ចិត្ត កាលនឹងពោលទ្រគោះទៅរកព្រះមានបុណ្យ
កាលនឹងពោលសង្កត់ព្រះមានបុណ្យ កាលនឹងពោលផ្ទញ់ព្រះមានបុណ្យ ក៏គិតថា
ព្រះសមណគោតមដ៏ចំរើន មុខជានឹងធ្វើអញឲ្យអាក្រក់ ហើយបានពោលពាក្យនេះនឹងព្រះមានព្រះភាគថា
នែព្រះគោតមដ៏ចំរើន ជាតិសក្យៈកាចណាស់ នែព្រះគោតមដ៏ចំរើន ជាតិសក្យៈអាក្រក់ណាស់
នែព្រះគោតមដ៏ចំរើន ជាតិសក្យៈមានចិត្តស្រាលណាស់ នែព្រះគោតមដ៏ចំរើន
ជាតិសក្យៈជាពូជគហបតិ មានសំដីច្រើនណាស់ ជាពូជគហបតិ ឥតធ្វើសក្ការៈពួកព្រាហ្មណ៍
ឥតធ្វើសេចក្តីគោរពពួកព្រាហ្មណ៍ ឥតរាប់អានពួកព្រាហ្មណ៍ ឥតបូជាពួកព្រាហ្មណ៍
ឥតកោតក្រែងពួកព្រាហ្មណ៍ឡើយ នែព្រះគោតមដ៏ចំរើន ត្រង់ដែលពួកសក្យៈនេះ ជាពូជគហបតិ
ពួកគហបតិ ឥតធ្វើសក្ការៈពួកព្រាហ្មណ៍ ឥតធ្វើសេចក្តីគោរពពួកព្រាហ្មណ៍
ឥតរាប់អានពួកព្រាហ្មណ៍ ឥតបូជាពួកព្រាហ្មណ៍ ឥតកោតក្រែងពួកព្រាហ្មណ៍
នេះឯងជាអំពើមិនត្រូវទំនងទេ នេះឯងជាអំពើមិនសមគួរទេ។ អម្ពដ្ឋមាណព
បាននិយាយបន្តុះបង្អាប់ពួកសក្យៈ ថាជាពូជគហបតិ នេះជាពាក្យដំបូង ដោយប្រការដូច្នេះ។
[១៤៦]
ព្រះអង្គ ទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ ចុះពួកសក្យៈបានប្រទូស្តនឹងអ្នកដូចម្តេច។
អម្ពដ្ឋមាណពឆ្លើយថា បពិត្រព្រះគោតមដ៏ចំរើន សម័យមួយ ខ្ញុំបានទៅកាន់នគរកបិលព័ស្តុ
ដោយកិច្ចនីមួយរបស់បោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យ (របស់ខ្ញុំ)
ហើយបានចូលទៅកាន់សណ្ឋាគារ គឺសាលាបង្រៀនចំណេះវិជ្ជា
សម្រាប់គ្រងរាជសម្បត្តិរបស់ពួកសក្យៈ សម័យនោះឯង ពួកសក្យៈ និងពួកកុមារនៃសក្យៈជាច្រើន
កំពុងអង្គុយលើអាសនៈដ៏ខ្ពស់ក្នុងសណ្ឋាគារ កំពុងតែសើចលេង ប្រឡែងគ្នា
ចាក់ក្រឡេកគ្នាទៅវិញទៅមក ទំនងជាសើចចំអកមករកខ្ញុំដោយពិត
ឥតមានអ្នកណាមួយអញ្ជើញខ្ញុំដោយអាសនៈសោះ នែព្រះគោតមដ៏ចំរើន ការនេះមិនទំនងទេ
ការនេះមិនសមគួរទេ ត្រង់ដែលពួកសក្យៈនេះ ជាពូជគហបតិ ពួកគហបតិ
ឥតធ្វើសក្ការៈពួកព្រាហ្មណ៍ ឥតធ្វើសេចក្តីគោរពពួកព្រាហ្មណ៍ ឥតរាប់អានពួកព្រាហ្មណ៍
ឥតបូជាពួកព្រាហ្មណ៍ ឥតកោតក្រែងពួកព្រាហ្មណ៍។ អម្ពដ្ឋមាណព
បាននិយាយបន្តុះបង្អាប់ពួកសក្យៈថា ជាពូជគហបតិ នេះជាពាក្យគំរប់ពីរ ដោយប្រការដូច្នេះ។
[១៤៧]
ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ប៉ុនអម្បាលសត្វបក្សីចៀបកប្បាស
នៅក្នុងសំបុករបស់ខ្លួន ក៏និយាយទៅតាមចំណង់បាន ម្នាលអម្ពដ្ឋ ឯនគរកបិលព័ស្តុនេះ
ជារបស់សក្យៈទាំងឡាយផងគេ ព្រោះហេតុនោះ
អម្ពដ្ឋមិនគួរខឹងសំបារក្នុងការសើចតិចតួចនេះទេ។ អម្ពដ្ឋមាណព ពោលពាក្យតបថា
ព្រះគោតមដ៏ចំរើន វណ្ណៈ (ត្រកូល) ទាំងឡាយ ៤នេះ គឺខត្តិយៈ១ ព្រាហ្មណ៍១ វេស្យៈ១
សុទ្ធៈ១ បពិត្រព្រះគោតមដ៏ចំរើន តាមពិត បណ្តាវណ្ណៈទាំងឡាយ៤នេះ វណ្ណៈទាំង៣
គឺខត្តិយៈ១ វេស្យៈ១ សុទ្ទៈ១ ត្រូវតែបំរើ ប្រតិបត្តិពួកព្រាហ្មណ៍ នែព្រះគោតមដ៏ចំរើន
ការនេះមិនទំនងទេ ការនេះមិនសមគួរទេ ត្រង់ដែលសក្យៈទាំងឡាយនេះ ជាពូជគហបតិ
ពួកគហបតិឥតធ្វើសក្ការៈពួកព្រាហ្មណ៍ ឥតធ្វើសេចក្តីគោរពពួកព្រាហ្មណ៍ ឥតរាប់អានពួកព្រាហ្មណ៍
ឥតបូជាពួកព្រាហ្មណ៍ ឥតកោតក្រែងពួកព្រាហ្មណ៍។ អម្ពដ្ឋមាណព
បាននិយាយបន្តុះបង្អាប់ពួកសក្យៈ ថាជាពូជគហបតិ នេះជាពាក្យគំរប់៣ ដោយប្រការដូច្នេះ។
[១៤៨]
លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានសេចក្តីត្រិះរិះដូច្នេះថា
អម្ពដ្ឋមាណពនេះខ្លាំងណាស់តើ ហ៊ានញាំញីពួកសក្យៈដោយវាទៈថា ជាពូជគហបតិ បើដូច្នោះ
ត្រូវតថាគតសួររកគោត្រមើល។ ទើបព្រះមានព្រះភាគ ត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណពថា
ម្នាលអម្ពដ្ឋ អ្នកជាគោត្រអ្វី។ អម្ពដ្ឋមាណពឆ្លើយតបថា នែព្រះគោតមដ៏ចំរើន
ខ្ញុំជាកណ្ហាយនគោត្រ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកកាលបើនឹកទៅរកនាម
និងគោត្ររបស់មាតាបិតា អំពីបុរាណ (នឹងដឹងថា) មានព្រះអង្គម្ចាស់ ជាពួកសក្យៈ
ឯខ្លួនអ្នក ជាកូននៃទាសីរបស់ពួកសក្យៈ (នោះ) ម្នាលអម្ពដ្ឋ
ពួកសក្យៈតែងអាងព្រះរាជាទ្រង់ព្រះនាម ឧក្កាកៈ ថាជាបុព្វបុរស។
[១៤៩]
ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ក្នុងកាលពីដើម មានព្រះរាជា
ទ្រង់ព្រះនាម ឧក្កាកៈ មានព្រះមហេសីជាទីស្រឡាញ់ ជាទីពេញព្រះហឫទ័យ
ទ្រង់មានបំណងនឹងបង្វែររាជសម្បត្តិ ឲ្យរាជបុត្ររបស់ព្រះមហេសីនោះ
ហើយក៏បង្វេះពួកព្រះរាជកុមារជាច្បង (៤ព្រះអង្គ) គឺព្រះរាជកុមារនាម ឧក្កាមុខ១
ករកណ្ឌុ១ ហត្ថិនិកៈ១ សិនិបុរៈ១ ឲ្យចេញអំពីដែន។ ព្រះរាជបុត្រទាំងនោះ
លុះព្រះបិតាបង្វេះចេញអំពីដែនហើយ ក៏នាំគ្នាទៅអាស្រ័យនៅក្នុងដងព្រៃឈ្មោះមហាសាក
ទៀបឆ្នេរស្រះបោក្ខរណី ជិតខាងហិមវន្តប្រទេស។ ព្រះរាជបុត្រទាំងនោះ
បានសម្រេចការរួមនៅជាមួយនឹងពួកព្រះភគិនីរបស់ខ្លួន ព្រោះការខ្លាចក្រែងក្លាយខូចជាតិ។
ម្នាលអម្ពដ្ឋ គ្រានោះ ព្រះបាទឧក្កាករាជ បានត្រាស់ហៅពួកអាមាត្យ ដែលជារាជបរិវារមកថា
ម្នាលអ្នកទាំងឡាយដ៏ចំរើន ឥឡូវនេះ កុមារទាំងឡាយទៅនៅក្នុងទីណា។
ពួករាជអាមាត្យក្រាបទូលថា បពិត្រព្រះសម្មតិទេព មានដងព្រៃឈ្មោះមហាសាក
នៅទៀបឆ្នេរនៃស្រះបោក្ខរណី ជិតខាងហិមវន្តប្រទេស ឥឡូវនេះ ពួកព្រះរាជកុមារ
ទៅនៅក្នុងដងព្រៃនោះ ព្រះរាជកុមារទាំងនោះ សម្រេចការនៅរួមជាមួយនឹងពួកភគិនីរបស់ខ្លួន
ដោយការខ្លាចក្រែងក្លាយខូចជាតិ។ ម្នាលអម្ពដ្ឋ គ្រានោះ ព្រះបាទឧក្កាករាជ
ក៏បន្លឺនូវព្រះឧទានវាចាថា អើហ្ន៎ កុមារទាំងឡាយ ពេញជាអង់អាច អើហ្ន៎
កុមារទាំងឡាយពេញជាមោះមុតមែន។ ម្នាលអម្ពដ្ឋ ចាប់ដើមអំពីកាលនោះមក ពួកសក្យវង្សក៏កើតប្រាកដឡើង។
ព្រះបាទឧក្កាករាជនោះហើយ ជាបុព្វបុរសរបស់ពួកសក្យៈ។ ម្នាលអម្ពដ្ឋ ព្រះបាទឧក្កាករាជ
មានទាសីម្នាក់ឈ្មោះនាងទិសា នាងនោះបានបង្កើតកូនប្រុសម្នាក់ឈ្មោះកណ្ហៈ។
លុះកណ្ហកុមារប្រសូតមក ក៏ស្រែកយំថា ម៉ែចូរលាងខ្ញុំ ម៉ែ ចូរផ្ងូតទឹកខ្ញុំ ម៉ែ
ចូរនាំខ្ញុំអំពីទីស្មោកគ្រោកនេះចេញ ខ្លួនខ្ញុំមុខជានឹងមានប្រយោជន៍ដល់ម៉ែ។
ម្នាលអម្ពដ្ឋ ក្នុងកាលឥឡូវនេះ មនុស្សទាំងឡាយស្គាល់ពួកបិសាចថា ជាបិសាច យ៉ាងណា
ម្នាលអម្ពដ្ឋ ក្នុងសម័យនោះឯង មនុស្សទាំងឡាយ ក៏ស្គាល់នូវពួកបិសាចថា ដូចជាកណ្ហកុមារ
យ៉ាងនោះដែរ។ មនុស្សទំាងនោះ នាំគ្នាពោលពាក្យយ៉ាងនេះថា កុមារនេះកើតមកហើយ ស្រែកយំថា
កុមារខ្មៅកើតហើយ បិសាចកើតហើយ។ ម្នាលអម្ពដ្ឋ ចាប់ដើមពីកាលនោះមក
មានពួកជនជាកណ្ហាយនគោត្រ ក៏កើតប្រាកដឡើង។ កណ្ហកុមារនោះឯងហើយ
ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ ម្នាលអម្ពដ្ឋ កាលបើអ្នកនឹកទៅរកនាម និងគោត្រ
ជារបស់មាតាបិតាអំពីដើម (នឹងដឹងថា) មានព្រះអង្គម្ចាស់ជាពួកសក្យៈ
ឯខ្លួនអ្នកជាកូននៃទាសី របស់ពួកសក្យៈ (នោះ) ដោយប្រការដូច្នេះឯង។
[១៥០]
កាលដែលព្រះមានព្រះភាគ ទ្រង់មានពុទ្ធតម្រាស់យ៉ាងនេះហើយ ពួកមាណពទាំងនោះ
ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន កុំញាំញីខ្លាំងពេក
នូវអម្ពដ្ឋមាណព ដោយពាក្យថាកូនទាសី បពិត្រព្រះគោតមដ៏ចំរើន អម្ពដ្ឋមាណព
ជាអ្នកមានកំណើតល្អផង អម្ពដ្ឋមាណព ជាកូននៃអ្នកមានត្រកូលផង អម្ពដ្ឋមាណព
ជាអ្នកចេះដឹងច្រើនផង អម្ពដ្ឋមាណព ជាអ្នកមានវាចាពីរោះផង អម្ពដ្ឋមាណព ជាបណ្ឌិតផង
អម្ពដ្ឋមាណព ជាអ្នកសមនឹងប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះ ជាមួយនឹងព្រះគោតមដ៏ចំរើនផង។
គ្រានោះ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះ នឹងពួកមាណពទាំងនោះថា
ប្រសិនបើអ្នកទាំងឡាយ ជាមាណព មានសេចក្តីត្រិះរិះយ៉ាងនេះថា អម្ពដ្ឋមាណព
មានកំណើតមិនល្អផង អម្ពដ្ឋមាណព មិនមែនជាកូននៃអ្នកមានត្រកូលផង អម្ពដ្ឋមាណព
ចេះដឹងតិចផង អម្ពដ្ឋមាណព មានវាចាមិនពីរោះផង អម្ពដ្ឋមាណព ជាមនុស្សឥតបញ្ញាផង
អម្ពដ្ឋមាណព មិនសមនឹងប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះ ជាមួយនឹងព្រះគោតមបានផង
ដូច្នេះ ចូរឲ្យអម្ពដ្ឋមាណពឈប់ចុះ ចូរអ្នកទាំងឡាយ
ប្រឹក្សាក្នុងពាក្យនោះជាមួយនឹងតថាគតវិញ តែបើអ្នកទាំងឡាយជាមាណព
មានសេចក្តីត្រិះរិះយ៉ាងនេះថា អម្ពដ្ឋមាណព មានកំណើតល្អផង អម្ពដ្ឋមាណព
ជាកូននៃអ្នកមានត្រកូលផង អម្ពដ្ឋមាណព ជាអ្នកចេះដឹងច្រើនផង អម្ពដ្ឋមាណព
មានវាចាពីរោះផង អម្ពដ្ឋមាណព ជាបណ្ឌិតផង អម្ពដ្ឋមាណព សមនឹងប្រឹក្សាឆ្លើយឆ្លងគ្នា
ក្នុងពាក្យនោះ ជាមួយនឹងព្រះគោតមបានផង ដូច្នេះ ចូរអ្នកទាំងឡាយឈប់ចុះ
ចូរឲ្យអម្ពដ្ឋមាណពប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះជាមួយនឹងតថាគត។
ពួកមាណពក៏ពោលថា បពិត្រព្រះគោតមដ៏ចំរើន អម្ពដ្ឋមាណព ជាអ្នកមានកំណើតល្អផង
អម្ពដ្ឋមាណព ជាកូននៃអ្នកមានត្រកូលផង អម្ពដ្ឋមាណព ជាអ្នកចេះដឹងច្រើនផង អម្ពដ្ឋមាណព
ជាអ្នកមានវាចាពីរោះផង អម្ពដ្ឋមាណព ជាបណ្ឌិតផង អម្ពដ្ឋមាណព សមនឹងប្រឹក្សាឆ្លើយឆ្លងគ្នា
ក្នុងពាក្យនោះ ជាមួយនឹងព្រះគោតមដ៏ចំរើនបានផង យើងទាំងឡាយ នឹងស្ងៀម
ឲ្យតែអម្ពដ្ឋមាណពប្រឹក្សាឆ្លើយឆ្លងគ្នា ក្នុងពាក្យនោះ ជាមួយនឹងព្រះគោតមដ៏ចំរើនចុះ។
[១៥១]
លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ
ប្រស្នាប្រកបដោយហេតុនេះឯង មកដល់អ្នកហើយ ទោះបីអ្នកមិនប្រាថ្នានឹងឆ្លើយ
ក៏ត្រូវតែឆ្លើយ បើអ្នកនឹងមិនឆ្លើយក្តី នឹងនិយាយវាសវាងទៅរកហេតុដទៃ ដោយរឿងដទៃក្តី
អ្នកនឹងនៅស្ងៀមក្តី នឹងដើរចេញទៅក្តី ក្បាលអ្នកនឹងបែកជា៧ភាគ ក្នុងទីនេះមិនខាន
ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ
ពាក្យរបស់ពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូច និងអាចារ្យធំ និយាយថា
ពួកកណ្ហាយនគោត្រ កើតអំពីណា អ្នកណា ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។
កាលបើព្រះសាស្តា ទ្រង់ត្រាស់សួរយ៉ាងនេះហើយ អម្ពដ្ឋមាណពក៏នៅស្ងៀម។ ព្រះមានព្រះភាគ
បានត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណព អស់វារៈពីរដងទៀតថា ម្នាលអម្ពដ្ឋ
អ្នកសំគាល់ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ ពាក្យរបស់ពួកព្រាហ្មណ៍ចាស់ៗ
មានអាយុច្រើន ជាអាចារ្យតូច និងអាចារ្យធំ និយាយថា ពួកកណ្ហាយនគោត្រ កើតមកពីណា អ្នកណា
ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ អម្ពដ្ឋមាណពក៏នៅស្ងៀម អស់វារៈពីរដង។ គ្រានោះ
ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះ នឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ
អ្នកចូរឆ្លើយឥឡូវនេះមក ឥឡូវនេះ មិនមែនជាកាលត្រូវអ្នកនៅស្ងៀមទេ ម្នាលអម្ពដ្ឋ
បុគ្គលណា ដែលតថាគតសួរប្រស្នា ប្រកបដោយហេតុ អស់វារៈ៣ដងហើយ មិនឆ្លើយ
ក្បាលរបស់បុគ្គលនោះ នឹងបែកជា៧ភាគ ក្នុងទីនេះមិនខាន។
[១៥២]
សម័យនោះឯង មានយក្ស [អដ្ឋកថា ថា យក្សក្នុងទីនេះ គឺព្រះឥន្ទ្រាធិរាជ។] ឈ្មោះវជិរបាណិ
(យក្សមានកែវវជិរក្នុងដៃ) កាន់ដំបងដែកយ៉ាងធំ ដែលភ្លើងកំពុងឆេះច្រាលរន្ទាល
សន្ធោសន្ធៅ មកឈរឯអាកាស ពីខាងលើអម្ពដ្ឋមាណព ដោយគិតថា បើអម្ពដ្ឋមាណពនេះ
ព្រះមានព្រះភាគសួរប្រស្នាប្រកបដោយហេតុ អស់វារៈបីដងហើយ នឹងមិនឆ្លើយទេ
អញនឹងសំពងក្បាលមាណពនេះឲ្យបែកជា៧ភាគ ក្នុងទីនេះឯង។ ព្រះមានព្រះភាគ និងអម្ពដ្ឋមាណព
ក៏ឃើញនូវយក្សឈ្មោះវជិរបាណិនោះដែរ។ គ្រានោះ អម្ពដ្ឋមាណពភ័យ តក់ស្លុត
ព្រឺរោមខ្ញាកឡើង ក៏ស្ទុះទៅរកព្រះមានព្រះភាគ យកជាទីពឹងពំនាក់ ស្ទុះទៅរកព្រះមានព្រះភាគ
យកជាទីជ្រកកោន ស្ទុះទៅរកព្រះមានព្រះភាគ យកជាសរណៈ ហើយចូលទៅអង្គុយជិត
ទើបក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា ព្រះគោតមដ៏ចំរើន
ត្រាស់ហើយនូវពាក្យនុ៎ះដូចម្តេច សូមព្រះគោតមដ៏ចំរើន ត្រាស់ម្តងទៀត។ ព្រះមានព្រះភាគ
ទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮឬទេ
ពាក្យរបស់ពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន ជាអាចារ្យតូច និងអាចារ្យធំ និយាយថា
ពួកកណ្ហាយនគោត្រ កើតមកពីណា អ្នកណា ជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ។ អម្ពដ្ឋមាណព
ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ពាក្យដែលខ្ញុំធ្លាប់បានឮមក ដូចព្រះគោតមដ៏ចំរើន
បានត្រាស់ហើយថា កណ្ហាយនគោត្រទាំងឡាយ កើតមកអំពីត្រកូលនោះ កណ្ហកុមារនោះហើយ
ដែលជាបុព្វបុរសរបស់ពួកកណ្ហាយនគោត្រ ដូច្នោះដែរ។
[១៥៣]
កាលបើអម្ពដ្ឋមាណព ពោលយ៉ាងនេះហើយ មាណពទាំងនោះ ក៏បន្លឺសំឡេងគឹកកងរំពងថា ម្នាលគ្នាយើង
អម្ពដ្ឋមាណព ជាមនុស្សមានជាតិទន់ទាបទេតើ ម្នាលគ្នាយើង អម្ពដ្ឋមាណព
មិនមែនជាកូននៃអ្នកមានត្រកូលទេតើ ម្នាលគ្នាយើង អម្ពដ្ឋមាណព
ជាកូននៃទាសីរបស់ពួកសក្យៈទេតើ ម្នាលគ្នាយើង ពួកសក្យៈ ជាម្ចាស់នៃអម្ពដ្ឋមាណពទេតើ
ព្រះសមណគោតម ជាអ្នកពោលត្រឹមត្រូវពិត យើងទាំងឡាយ បែរជាស្មានថា ព្រះសមណគោតម
ជាបុគ្គលដែលយើងគប្បីរុករានទៅវិញ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រិះរិះដូច្នេះថា
មាណពទាំងនេះមើលងាយខ្លាំងណាស់ នូវអម្ពដ្ឋមាណព ដោយពាក្យពោលថា ជាកូននៃទាសី បើដូច្នោះ
គួរតែតថាគត ជួយដោះស្រាយចេញ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះ
នឹងពួកមាណពទាំងនោះថា ម្នាលមាណពទាំងឡាយ អ្នកទាំងឡាយកុំមើលងាយខ្លាំងពេក នូវអម្ពដ្ឋមាណព
ដោយពាក្យពោថា ជាកូននៃទាសីឡើយ (កាលពីដើម) គាត់ជាកណ្ហឥសី ជាអ្នកថ្កើងថ្កាន
គាត់ទៅកាន់ទក្ខិណជនបទ (នៅជាខាងស្តាំនៃទន្លេគង្គា) បានរៀននូវព្រហ្មមន្តទាំងឡាយ
ហើយចូលទៅគាល់ព្រះបាទឧក្កាករាជ ហើយទូលសូមព្រះរាជធីតាទ្រង់ ព្រះនាមមទ្ទរូបី។
ព្រះបាទឧក្កាករាជ ក៏ទ្រង់ក្រោធ ពិរោធ អាក់អន់ព្រះហឫទ័យនឹងឥសីនោះថា មនុស្សចង្រៃ
ជាកូននៃទាសី មិនគួរនឹងហ៊ានមកសូមនាងមទ្ទរូបី ជាធីតារបស់អញសោះ ទើបទ្រង់ផ្គងសរឡើង។
ព្រះបាទឧក្កាករាជនោះ មិនអាចនឹងថ្លែង មិនអាចនឹងដាក់ចុះ នូវសរនោះចេញបាន
(ដោយអានុភាពនៃមន្តរបស់ឥសីនោះ)។
[១៥៤]
គ្រានោះ ពួកមាណពជាអាមាត្យ រាជបរិស័ទ ចូលទៅរកកណ្ហឥសី ហើយបានពោលពាក្យនេះថា
បពិត្រលោកដ៏ចំរើន សូមសួស្តីមានដល់ព្រះរាជា បពិត្រលោកដ៏ចំរើន
សូមសួស្តីមានដល់ព្រះរាជា។ កណ្ហឥសីតបថា សួស្តីគង់នឹងមានដល់ព្រះរាជា
ប៉ុន្តែបើព្រះរាជានឹងថ្លែងសរទៅខាងក្រោម ផែនដីក៏នឹងស្រុតរហូតទាំងព្រះរាជាណាខេត្ត។
ពួករាជអាមាត្យពោលថា បពិត្រលោកដ៏ចំរើន សូមសួស្តីមានដល់ព្រះរាជា
សូមសួស្តីមានដល់ជនបទ។ កណ្ហឥសីតបវិញថា សួស្តីគង់នឹងមានដល់ព្រះរាជា
សួស្តីគង់នឹងមានដល់ជនបទ ប៉ុន្តែបើព្រះរាជានឹងថ្លែងសរទៅខាងលើ
ភ្លៀងនឹងមិនធ្លាក់អស់៧ឆ្នាំ ពេញទាំងព្រះរាជាណាខេត្ត។ ពួករាជអាមាត្យពោលអង្វរថា
បពិត្រលោកដ៏ចំរើន សូមសួស្តីមានដល់ព្រះរាជា សូមសួស្តីមានដល់ជនបទ
សូមឲ្យភ្លៀងបង្អុរមក។ កណ្ហឥសីតបវិញថា សួស្តីគង់នឹងមានដល់ព្រះរាជា
សួស្តីគង់នឹងមានដល់ជនបទ ភ្លៀងគង់នឹងបង្អុរមក
ប៉ុន្តែបើព្រះរាជាទ្រង់ប្រគល់សរទុកលើព្រះរាជកុមារច្បង ព្រះរាជកុមារ
នឹងជាអ្នកមានសួស្តី នឹងមានរោមសម្លបចុះ គឺមិនភិតភ័យ។ លំដាប់នោះ ពួកមាណព
និងព្រះបាទឧក្កាករាជ ទ្រង់ប្រគល់សរទៅលើព្រះរាជបុត្រច្បង។ ព្រះរាជកុមារ
ដែលមានសួស្តី ក៏មានរោមសម្លបចុះ។ ព្រះបាទឧក្កាករាជ ត្រូវព្រហ្មទណ្ឌគម្រាម
ក៏ខ្លបខ្លាច ទើបទ្រង់ព្រះរាជទានព្រះរាជធីតាទ្រង់ ព្រះនាមមទ្ទរូបី ដល់កណ្ហឥសីនោះ។
ម្នាលពួកមាណព អ្នកទាំងឡាយ កុំមើលងាយអម្ពដ្ឋមាណព ដោយវាទៈថា ជាកូននៃទាសីខ្លាំងពេកឡើយ
កណ្ហឥសីនោះ ជាមនុស្សថ្កើងថ្កានដែរ។
[១៥៥]
លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងអម្ពដ្ឋមាណពថា ម្នាលអម្ពដ្ឋ
អ្នកសំគាល់សេចក្តីនោះដូចម្តេច ខត្តិយកុមារក្នុងលោកនេះ នៅរួមសំវាស
ជាមួយនឹងព្រាហ្មណកញ្ញា ក៏កើតបុត្រឡើង ព្រោះអាស្រ័យការនៅរួម នៃជនទាំងពីរនោះ
កូនណាដែលកើតអំពីខត្តិយកុមារ និងព្រាហ្មណកញ្ញា កូននោះគួរបានអាសនៈ ឬទឹក
ក្នុងពួកព្រាហ្មណ៍ដែរឬទេ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន
កូននោះគួរបាន។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគ ក្នុងកាលដែលធ្វើភត្ត
ឧទ្ទិសឲ្យមនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី
ក្នុងការទទួលភ្ញៀវក្តី បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍
គួរអញ្ជើញកូននោះឲ្យបរិភោគបាន។ ចុះពួកព្រាហ្មណ៍ គួរបង្រៀនមន្តកូននោះបាន ឬមិនបានទេ។
បពិត្រព្រះគោតមដ៏ចំរើន គួរបង្រៀនមន្តកូននោះបាន។ ចុះគួរហាម មិនឲ្យខត្តិយកុមារនោះ
បានពួកស្ត្រី (ដែលជាព្រាហ្មណកញ្ញា) ឬមិនគួរហាមទេ។ បពិត្រព្រះគោតមដ៏ចំរើន
មិនគួរហាមទេ។ ចុះជនទាំងឡាយ គួរអភិសេកកូននោះ ឲ្យជាក្សត្រិយ៍បានដែរឬទេ។
បពិត្រព្រះគោតមដ៏ចំរើន ហេតុនោះ មិនគួរទេ។ ពាក្យដែលខ្ញុំពោលនោះ ព្រោះហេតុអ្វី។
បពិត្រព្រះគោតមដ៏ចំរើន ព្រោះហេតុថា កូននោះ មិនបានកើតមកអំពីមាតា (ជាខត្តិយកញ្ញា)។
[១៥៦]
ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច
ព្រាហ្មណកុមារក្នុងលោកនេះ នៅរួមសំវាស ជាមួយនឹងខត្តិយកញ្ញា ក៏កើតបុត្រឡើង
ព្រោះអាស្រ័យការនៅរួម នៃជនទាំងពីរនាក់នោះ កូនណាដែលកើតអំពីព្រាហ្មណកុមារ
និងខត្តិយកញ្ញា កូននោះ គួរបានអាសនៈ ឬទឹក ក្នុងពួកព្រាហ្មណ៍ដែរឬទេ។ អម្ពដ្ឋមាណព
ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន កូននោះគួរបាន។ ចុះពួកព្រាហ្មណ៍
គួរអញ្ជើញកូននោះឲ្យបរិភោគ ក្នុងកាលធ្វើភត្ត ឧទ្ទិសឲ្យមនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី
ក្នុងពិធីបូជាក្តី ក្នុងការទទួលភ្ញៀវក្តី បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន
ពួកព្រាហ្មណ៍ គួរអញ្ជើញកូននោះឲ្យបរិភោគបាន។ ចុះពួកព្រាហ្មណ៍
គួរបង្រៀនមន្តកូននោះបាន ឬមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន គួរបង្រៀនមន្តកូននោះបាន។
ចុះគួរហាម មិនឲ្យព្រាហ្មណកុមារនោះ បានពួកស្ត្រី (ដែលជាខត្តិយកញ្ញា) ឬមិនគួរហាមទេ។
បពិត្រព្រះគោតមដ៏ចំរើន មិនគួរហាមទេ។ ចុះជនទាំងឡាយ គួរអភិសេកកូននោះ
ឲ្យជាក្សត្រិយ៍បានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនគួរទេ។
ពាក្យដែលខ្ញុំពោលនោះ ព្រោះហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះកូននោះ
មិនបានកើតមកអំពីបិតាជាក្សត្រិយ៍។
[១៥៧]
ព្រះមានព្រះភាគត្រាស់សួរថា ម្នាលអម្ពដ្ឋ ប្រៀបផ្ទឹមស្រីនិងស្រីក្តី
ប្រៀបផ្ទឹមប្រុសនិងប្រុសក្តី (ឃើញថា) ពួកក្សត្រិយ៍ ជាត្រកូលប្រសើរជាង
ពួកព្រាហ្មណ៍ជាត្រកូលទាបដូច្នេះឯង។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច
ពួកព្រាហ្មណ៍ក្នុងលោកនេះ កោរក្បាលព្រាហ្មណ៍ ព្រោះទោសណាមួយ ហើយរោយផេះមួយក្តាប់
ដាក់(លើក្បាល) រួចបណ្តេញចេញ ចាកដែនក្តី ចាកនគរក្តី ក៏ព្រាហ្មណ៍នោះ គួរបានអាសនៈ
ឬទឹក ក្នុងពួកព្រាហ្មណ៍ដែរឬ។ អម្ពដ្ឋមាណពក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន
នេះមិនគួរបានទេ។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញព្រាហ្មណ៍ ឲ្យបរិភោគ ក្នុងកាលធ្វើភត្ត
ឧទ្ទិសដល់មនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី
ក្នុងការទទួលភ្ញៀវក្តី បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍
នេះមិនគួរបានទេ។ ចុះពួកព្រាហ្មណ៍ គួរបង្រៀនមន្តព្រាហ្មណ៍នោះបាន ឬមិនបានទេ។
បពិត្រព្រះគោតមដ៏ចំរើន នេះមិនគួរបង្រៀនទេ។ ចុះគេគួរហាម មិនឲ្យព្រាហ្មណ៍នោះ
បានពួកស្ត្រី (ដែលជាព្រាហ្មណកញ្ញា) ឬមិនគួរហាមទេ។ បពិត្រព្រះគោតមដ៏ចំរើន គួរហាម។
[១៥៨]
ព្រះមានព្រះភាគទ្រង់ត្រាស់សួរថា ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច
ពួកក្សត្រិយ៍ក្នុងលោកនេះ កោរក្បាលក្សត្រិយ៍ ព្រោះទោសណាមួយ ហើយរោយផេះមួយក្តាប់
ដាក់(លើក្បាល) រួចបណ្តេញចេញ ចាកដែនក្តី ចាកនគរក្តី ចុះក្សត្រិយ៍នោះ គួរបានអាសនៈ
ឬទឹក ក្នុងពួកព្រាហ្មណ៍ដែរឬទេ។ អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន
គួរបាន។ ចុះពួកព្រាហ្មណ៍ គួរអញ្ជើញក្សត្រិយ៍នោះ ឲ្យបរិភោគ ក្នុងកាលធ្វើភត្ត
ឧទ្ទិសឲ្យមនុស្សស្លាប់ក្តី ក្នុងការជាមង្គលក្តី ក្នុងពិធីបូជាក្តី
ក្នុងការទទួលភ្ញៀវក្តី បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន គួរអញ្ជើញឲ្យបរិភោគបាន។
ចុះពួកព្រាហ្មណ៍ គួរបង្រៀនមន្តក្សត្រិយ៍នោះបាន ឬមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន
គួរបង្រៀនបាន។ ចុះគេគួរហាម មិនឲ្យក្សត្រិយ៍នោះ បានពួកស្ត្រី (ដែលជាព្រាហ្មណកញ្ញា)
ឬមិនគួរហាមទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរហាមទេ។ ម្នាលអម្ពដ្ឋ ក្សត្រិយ៍
ជាមនុស្សថោកទាបយ៉ាងក្រៃលែង ព្រោះពួកក្សត្រិយ៍ផងគ្នា កោរក្បាល ហើយរោយផេះមួយក្តាប់
(លើក្បាល) រួចបណ្តេញចេញ ចាកដែនក្តី ចាកនគរក្តី ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។
ម្នាលអម្ពដ្ឋ ក្នុងវេលាណាក្សត្រិយ៍ ទោះដល់នូវភាវៈជាអ្នកថោកទាបយ៉ាងក្រៃលែង ដូច្នេះ
វេលានោះ ពួកក្សត្រិយ៍ គង់នៅប្រសើរជាង ឯពួកព្រាហ្មណ៍ ជាមនុស្សថោកទាប។ ម្នាលអម្ពដ្ឋ
សមដូចជាព្រហ្មឈ្មោះសនង្កុមារ បានពោលគាថា ថា
[១៥៩]
ក្សត្រិយ៍ ជាមនុស្សប្រសើរបំផុត ក្នុងប្រជុំជន ដែលពោលអាងគោត្រ បុគ្គលដែលបរិបូណ៌ដោយវិជ្ជា
និងចរណៈ ជាមនុស្សប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស។
[១៦០]
ម្នាលអម្ពដ្ឋ គាថានោះ ព្រហ្មឈ្មោះសនង្កុមារ បានច្រៀងត្រូវហើយ មិនមែនច្រៀងខុសទេ
ជាសុភាសិត មិនមែនជាទុព្ភាសិតទេ ប្រកបដោយប្រយោជន៍ មិនមែនមិនប្រកបដោយប្រយោជន៍ទេ
តថាគត ក៏សំគាល់ឃើញតាម ម្នាលអម្ពដ្ឋ សូម្បីតថាគត ក៏តែងពោលយ៉ាងនេះថា
[១៦១]
ក្សត្រិយ៍ ជាមនុស្សប្រសើរបំផុត ក្នុងប្រជុំជនដែលពោលអាងគោត្រ
បុគ្គលដែលបរិបូណ៌ដោយវិជ្ជា និងចរណៈ ជាមនុស្សប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស។
ចប់ ភាណវារៈ ទី១។
[១៦២]
អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ចរណៈនោះ តើដូចម្តេច វិជ្ជានោះ
តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ការពោលប្រកាន់ជាតិក្តី
ការពោលប្រកាន់គោត្រក្តី ការពោលប្រកាន់មានះថា អ្នកគួរដល់យើង
ឬមិនគួរដល់យើងដូច្នេះក្តី ព្រោះបរិបូណ៌ ដោយវិជ្ជា និងចរណៈ
ដែលមិនមានគុណជាតិដទៃក្រៃលែងជាង តថាគតមិនបានពោលទេ ម្នាលអម្ពដ្ឋ លុះតែក្នុងទីណា
ដែលមានអាវាហៈក្តី វិវាហៈក្តី អាវាហៈ និងវិវាហៈក្តី
ទីនោះទើបតថាគតពោលអំពីការពោលប្រកាន់ជាតិដូច្នេះខ្លះ ការពោលប្រកាន់គោត្រដូច្នេះខ្លះ
ការពោលប្រកាន់មានះថា អ្នកគួរដល់យើង ឬមិនគួរដល់យើងដូច្នេះខ្លះ ម្នាលអម្ពដ្ឋ
បើពួកជនណាមួយ ដែលនៅជាប់ចំពាក់ ដោយការពោលប្រកាន់ជាតិក្តី
ជាប់ចំពាក់ដោយការពោលប្រកាន់គោត្រក្តី ជាប់ចំពាក់ដោយការពោលប្រកាន់មានះក្តី
ជាប់ចំពាក់ដោយអាវាហៈ វិវាហៈក្តី ពួកជននោះ ឈ្មោះថា ជាអ្នកឆ្ងាយចាកគុណសម្បត្តិ
គឺវិជ្ជា និងចរណៈ ដែលមិនមានគុណជាតិដទៃក្រៃលែងជាង ម្នាលអម្ពដ្ឋ ការដែលធ្វើឲ្យជាក់ច្បាស់នូវគុណសម្បត្តិ
គឺវិជ្ជា និងចរណៈ ដែលមិនមានគុណជាតិដទៃលើសលុបជាង រមែងមាន
ព្រោះបានលះបង់នូវការជាប់ជំពាក់ ដោយការពោលប្រកាន់ជាតិផង លះបង់នូវការជាប់ជំពាក់
ដោយការពោលប្រកាន់គោត្រផង លះបង់នូវការជាប់ចំពាក់ដោយការពោលប្រកាន់មានះផង
លះបង់នូវការជាប់ចំពាក់ដោយអាវាហវិវាហៈផង។
[១៦៣]
អម្ពដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ចរណៈនោះ តើដូម្តេច វិជ្ជានោះ
តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ
កើតឡើងក្នុងលោកនេះ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារដូចក្នុងសាមញ្ញផលសូត្រ)។បេ។
ម្នាលអម្ពដ្ឋ ភិក្ខុជាអ្នកបរិបូណ៌ដោយសីលយ៉ាងនេះ។បេ។ ចូលកាន់បឋមជ្ឈាន
នេះជាចរណៈរបស់ភិក្ខុនោះ។បេ។ ព្រះការរម្ងាប់វិតក្កវិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន
តតិយជ្ឈាន ចតុត្ថជ្ឈាន។ នេះជាចរណៈរបស់ភិក្ខុនោះ។ ម្នាលអម្ពដ្ឋ នេះឯងហៅថា ចរណៈ។
ភិក្ខុរមែងទាញ នាំបង្អោនទៅដើម្បីញាណទស្សនៈ។បេ។ នេះជាវិជ្ជារបស់ភិក្ខុនោះ។បេ។
(ភិក្ខុ) ដឹងច្បាស់ថា កិច្ចដទៃក្រៅអំពីសោឡសកិច្ចនេះទៅទៀត មិនមាន។
នេះជាវិជ្ជារបស់ភិក្ខុនោះ។ ម្នាលអម្ពដ្ឋ នេះឯងហៅថា វិជ្ជា។ ម្នាលអម្ពដ្ឋ ភិក្ខុនេះ
តថាគតពោលថា ជាអ្នកបរិបូណ៌ដោយវិជ្ជាខ្លះ បរិបូណ៌ដោយចរណៈខ្លះ បរិបូណ៌ដោយវិជ្ជា
និងចរណៈខ្លះ។ ម្នាលអម្ពដ្ឋ ការបរិបូណ៌ដោយវិជ្ជា ការបរិបូណ៌ដោយចរណៈដទៃដ៏លើសលុប
ឬថ្លៃថ្លាជាងគុណសម្បទា គឺវិជ្ជា ជាងគុណសម្បទា គឺចរណៈនេះ មិនមានឡើយ។ ម្នាលអម្ពដ្ឋ
ប្រធាននៃសេចក្តីសាបសូន្យ នៃគុណសម្បទា គឺវិជ្ជា និងចរណៈ
ដែលរកគុណជាតិដទៃលើសលុបជាងគ្មាន នេះមាន៤យ៉ាង។ ប្រធាននៃសេចក្តីសាបសូន្យ៤យ៉ាងនោះ
តើអ្វីខ្លះ។ ម្នាលអម្ពដ្ឋ សមណៈក្តី ព្រាហ្មណ៍ក្តី ពួកខ្លះ ក្នុងលោកនេះ
កាលដែលមិនបានសម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះឯង
ហើយរែកនូវអម្រែកដ៏ពេញ ដោយបរិក្ខារទៅកាន់ព្រៃ ដោយគិតថា អាត្មាអញ
នឹងបរិភោគផ្លែឈើដែលជ្រុះឯង។ សមណៈ និងព្រាហ្មណ៍នោះ ឈ្មោះថា គ្រាន់តែជាអ្នកបំរើរបស់បុគ្គលអ្នកបរិបូណ៌ដោយវិជ្ជា
និងចរណៈដោយពិត។ ម្នាលអម្ពដ្ឋ នេះជាប្រធាននៃសេចក្តីសាបសូន្យទី១ នៃគុណសម្បទា
គឺវិជ្ជា និងចរណៈ ដែលមិនមានគុណជាតិដទៃ លើសលុបជាងនេះឯង។
[១៦៤]
ម្នាលអម្ពដ្ឋ ម្យ៉ាងទៀតថា សមណៈ ឬព្រាហ្មណ៍ពួកមួយក្នុងលោកនេះ
មិនបានសម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈ មិនមានគុណជាតិដទៃក្រៃលែងជាងនេះឯង
មិនសម្រេចនូវការបរិភោគនូវផ្លែឈើដែលជ្រុះឯង ហើយក៏កាន់នូវចប និងល្អី
ដើរចូលទៅកាន់ព្រៃ ដោយគិតថា អាត្មាអញ នឹងយកមើមដំឡូង និងផ្លែឈើជាអាហារ។
សមណព្រាហ្មណ៍នោះ ឈ្មោះថា គ្រាន់តែជាអ្នកបំរើ របស់បុគ្គលអ្នកបរិបូណ៌ដោយវិជ្ជា
និងចរណៈដោយពិត។ ម្នាលអម្ពដ្ឋ នេះជាប្រធាននៃសេចក្តីសាបសូន្យទី២ នៃគុណសម្បទា
គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯង។
[១៦៥]
ម្នាលអម្ពដ្ឋ ម្យ៉ាងទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ មិនសម្រេចនូវគុណសម្បទា
គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯងផង មិនសម្រេចនូវការបរិភោគផ្លែឈើដែលជ្រុះឯងផង
មិនសម្រេចនូវការបរិភោគមើមដំឡូង និងផ្លែឈើផង តែធ្វើរោងភ្លើងទុកជិតស្រុក ឬជិតនិគម
ហើយនៅបំរើភ្លើង។ សមណព្រាហ្មណ៍នោះ ឈ្មោះថា គ្រាន់តែជាអ្នកបំរើ
របស់បុគ្គលអ្នកបរិបូណ៌ដោយវិជ្ជា និងចរណៈដោយពិត។ ម្នាលអម្ពដ្ឋ
នេះជាប្រធាននៃសេចក្តីសាបសូន្យទី៣ នៃគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯង។
[១៦៦]
ម្នាលអម្ពដ្ឋ ម្យ៉ាងទៀត សមណៈ ឬព្រាហ្មណ៍ពួកខ្លះ ក្នុងលោកនេះ មិនសម្រេចនូវគុណសម្បទា
គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯងផង មិនសម្រេចនូវការបរិភោគផ្លែឈើដែលជ្រុះឯងផង
មិនសម្រេចនូវការបរិភោគមើមដំឡូង និងផ្លែឈើផង មិនសម្រេចនូវការបំរើភ្លើងផង តែធ្វើរោងមានទ្វារ៤
នៅក្បែរផ្លូវធំ៤ ហើយគិតថា អ្នកណាមកអំពីទិសទាំង៤នេះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី
អាត្មាអញ នឹងបូជានូវសមណព្រាហ្មណ៍នោះ តាមអំណាច តាមកម្លាំង។ សមណព្រាហ្មណ៍នោះ ឈ្មោះថា
គ្រាន់តែជាអ្នកបំរើ របស់បុគ្គលអ្នកបរិបូណ៌ដោយវិជ្ជា និងចរណៈដោយពិត។ ម្នាលអម្ពដ្ឋ
នេះជាប្រធាននៃសេចក្តីសាបសូន្យទី៤ នៃគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះឯង។
ម្នាលអម្ពដ្ឋ ប្រធាននៃសេចក្តីសាបសូន្យ នៃគុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរ
មាន៤យ៉ាងនេះឯង។
[១៦៧]
ម្នាលអម្ពដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច ខ្លួនអ្នកព្រមទាំងអាចារ្យ
យល់ច្បាស់ក្នុងគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះខ្លះដែរឬ។
បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនមានទេ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ
ព្រមទាំងអាចារ្យ ដោយឡែកផ្សេង គុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរដោយឡែកផ្សេង
បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ព្រមទាំងអាចារ្យ ជាមនុស្សឆ្ងាយចាកគុណសម្បទា
គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ខ្លួនអ្នក
ព្រមទាំងអាចារ្យ កាលបើមិនទាន់បានសម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈ
ដ៏ប្រសើរនេះទេ ហើយនាំយកនូវអំរែកដ៏ពេញ ដោយគ្រឿងបរិក្ខារ តត្រុកចូលទៅកាន់ព្រៃ
ដោយគិតថា យើងនឹងយកផ្លែឈើដែលជ្រុះឯង ជាអាហារដូច្នេះឬ។ បពិត្រព្រះគោតមដ៏ចំរើន
ហេតុនេះ មិនមែនទេ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ខ្លួនអ្នក
ព្រមទាំងអាចារ្យ កាលបើមិនទាន់បានសម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈ
ដ៏ប្រសើរនេះផង ជាអ្នកមិនសម្រេចនូវការបរិភោគផ្លែឈើដែលជ្រុះឯងផង កាន់ចប និងល្អី
តត្រុកចូលទៅកាន់ព្រៃ ដោយគិតថា យើងនឹងយកនូវមើមដំឡូង និងផ្លែឈើជាអាហារដូច្នេះដែរឬ។
បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ
អ្នកសំគាល់ហេតុនោះដូចម្តេច ខ្លួនអ្នក ព្រមទាំងអាចារ្យ
កាលបើមិនបានត្រាស់ដឹងនូវគុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះផង ជាអ្នកមិនសម្រេចនូវការបរិភោគផ្លែឈើដែលជ្រុះឯងផង
ជាអ្នកមិនសម្រេចនូវការបរិភោគនូវមើមដំឡូង និងផ្លែឈើផង តែធ្វើរោងភ្លើងជិតស្រុកក្តី
ជិតនិគមក្តី ហើយនៅចាំបំរើភ្លើង ដូច្នេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ
មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ខ្លួនអ្នក ព្រមទាំងអាចារ្យ
កាលបើមិនសម្រេចនូវគុណសម្បទា គឺវិជ្ជា និងចរណៈ ដ៏ប្រសើរនេះឯងផង
មិនសម្រេចនូវការបរិភោគនូវផ្លែឈើដែលជ្រុះឯងផង មិនសម្រេចនូវការបរិភោគនូវមើមដំឡូង
និងផ្លែឈើផង មិនសម្រេចនូវការបំរើភ្លើងទេ តែធ្វើរោងមានទ្វារ៤ ក្បែរផ្លូវធំ៤ ហើយនៅ
ដោយគិតថា អ្នកណាមកអំពីទិសទាំង៤នេះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី អាត្មាអញ
នឹងបូជានូវសមណព្រាហ្មណ៍នោះ តាមអំណាច តាមកំឡាំងដូច្នេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន
ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នក ព្រមទាំងអាចារ្យ
ជាអ្នកសាបសូន្យហើយ ចាកគុណសម្បទា គឺវិជ្ជា និងចរណៈដ៏ប្រសើរនេះផង ខ្លួនអ្នក ព្រមទំាងអាចារ្យ
ជាអ្នកសាបសូន្យចាកប្រធាន នៃសេចក្តីសាបសូន្យនៃគុណសម្បទា គឺវិជ្ជា
និងចរណៈដ៏ប្រសើរមាន៤យ៉ាងនោះផង។
[១៦៨]
ម្នាលអម្ពដ្ឋបោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យរបស់អ្នក បានពោលពាក្យនេះថា
ពួកសមណៈត្រងោលណាមួយ ធ្លាប់ជាត្រកូលគហបតី ជាកណ្ហគោត្រ កើតអំពីព្រះបាទនៃមហាព្រហ្ម
ពួកព្រាហ្មណ៍ដែលបានត្រៃវិជ្ជា និងសាកច្ឆាដូចម្តេចបាន។ ខ្លួនឯង
សូម្បីតែនឹងបំពេញវត្ត ដែលជាផ្លូវសាបសូន្យចាក (វិជ្ជា) ក៏នៅមិនទាន់គ្រប់គ្រាន់។
ម្នាលអម្ពដ្ឋ អ្នកចូរមើលកំហុសប៉ុណ្ណេះ របស់បោក្ខរសាតិព្រាហ្មណ៍
ជាអាចារ្យនៃអ្នកចុះ។ ម្នាលអម្ពដ្ឋ បោក្ខរសាតិព្រាហ្មណ៍ បានបរិភោគនូវវត្ថុដែលទ្រង់ប្រោសព្រះរាជទាននៃព្រះបាទបសេនទិកោសល
តែព្រះបាទបសេនទិកោសល ទ្រង់មិនបានព្រះរាជទាន ដល់ព្រាហ្មណ៍នោះ ចំពោះព្រះភក្ត្រទេ
សូម្បីតែក្នុងវេលា ដែលទ្រង់ប្រឹក្សាជាមួយនឹងព្រាហ្មណ៍នោះ
តែងប្រឹក្សាពីខាងក្រៅព្រះសាណិ (រនាំង)។ ម្នាលអម្ពដ្ឋ ព្រាហ្មណ៍ណា ដែលគួរទទួលនូវភិក្ខា
ដែលគេនាំមកថ្វាយ ប្រកបដោយធម៌ហើយ ចុះហេតុដូចម្តេច បានជាព្រះបាទបសេនទិកោសល
ទ្រង់មិនព្រះរាជទានដល់ព្រាហ្មណ៍នោះ ចំពោះព្រះភក្ត្រខ្លះ។ ម្នាលអម្ពដ្ឋ
អ្នកចូរមើលកំហុសប៉ុណ្ណេះ របស់បោក្ខរសាតិព្រាហ្មណ៍ ជាអាចារ្យរបស់អ្នកចុះ។
[១៦៩]
ម្នាលអម្ពដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ព្រះបាទបសេនទិកោសល ក្នុងជនបទនេះ គង់នៅលើ
កដំរីក្តី ឋិតនៅលើរាជាសនៈ ក្នុងរថក្តី និងប្រឹក្សារឿងអ្វីៗ ជាមួយនឹងពួករាជអាមាត្យ
ឬជាមួយនឹងព្រះរាជវង្សានុវង្ស។ ព្រះអង្គបានស្តេចចេញពីប្រទេសនោះ
ទៅទ្រង់ឋិតនៅក្នុងទីដ៏សមគួរ ក៏ស្រាប់តែមានបុរសជាតិសូទ្រៈ ឬទាសៈ របស់បុរសជាតិសូទ្រៈនោះ
មកឈរក្នុងប្រទេសនោះនិយាយថា ព្រះរាជាបសេនទិកោសល ទ្រង់មានព្រះរាជឱង្ការយ៉ាងនេះខ្លះ
ព្រះរាជាបសេនទិកោសល ទ្រង់មានព្រះរាជឱង្ការយ៉ាងនេះខ្លះ។ បុរសនោះ
បើគ្រាន់តែនិយាយតាមទំនង ដែលស្តេចទ្រង់មានព្រះរាជ ឱង្ការក្តី
ប្រឹក្សានូវការដែលស្តេចទ្រង់ប្រឹក្សាក្តី ដោយហេតុមានប្រមាណប៉ុណ្ណេះ តើនឹងហៅថាស្តេច
ឬហៅថាអាមាត្យធំរបស់ស្តេច បានដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ
មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នកក៏ដូច្នោះដែរ ម្យ៉ាងទៀត ឥសីទាំងឡាយណា
ដែលជាបុព្វបុរស របស់ព្រាហ្មណ៍ទាំងឡាយ ជាអ្នកកសាងមន្ត ជាអ្នករាយមន្ត លំអាននៃមន្តបុរាណនេះ
ដែលពួកឥសីណាបាន (ស្វាធ្យាយ) មកហើយ បានសូត្រមកហើយ បានសន្សំមកច្រើនហើយ ឥឡូវនេះ
ព្រាហ្មណ៍ទាំងនោះ តែងច្រៀង (ស្វាធ្យាយ) តាមលំអាននៃមន្តនោះ
តែងសូត្រតាមលំអាននៃមន្តនោះ តែងពោលតាមលំអាននៃមន្តដែលពួកឥសីបានពោលមក
តែងបង្រៀនតាមលំអាននៃមន្ត ដែលពួកឥសីបានបង្រៀនមក ឥសីទាំងនោះ គឺឥសីណាខ្លះ
គឺឥសីឈ្មោះអដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គិ១ អង្គីរសៈ១ ភារទ្វាជៈ១
វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ តថាគតក៏ធ្លាប់បានរៀនមន្តទាំងនោះដែរ ឯខ្លួនអ្នក
ព្រមទាំងអាចារ្យ នឹងបានឈ្មោះថាជាឥសី ឬជាអ្នកប្រព្រឹត្ត ដើម្បីភាវៈជាឥសី
ដោយការរៀនមន្តប៉ុណ្ណោះ ហេតុនេះ មិនមែនដូច្នោះទេ។ ម្នាលអម្ពដ្ឋ
អ្នកសំគាល់ហេតុនោះដូចម្តេច អ្នកធ្លាប់បានឮពួកព្រាហ្មណ៍ចាស់ៗ មានអាយុច្រើន
ជាអាចារ្យតូចធំ ធ្លាប់និយាយមកដូចម្តេច ឥសីទាំងឡាយណា ដែលជាបុព្វបុរស
របស់ព្រាហ្មណ៍ទាំងឡាយ ដែលជាអ្នកសាងមន្ត ជាអ្នករាយមន្ត លំអាននៃមន្តបុរាណនេះ
ដែលពួកឥសីណាបានច្រៀង (ស្វាធ្យាយ) មកហើយ បានសូត្រមកហើយ បានសន្សំមកច្រើនហើយ ឥឡូវនេះ
ព្រាហ្មណ៍ទាំងឡាយ តែងស្វាធ្យាយ តាមលំអាននៃមន្តនោះ តែងសូត្រតាមលំអាននៃមន្តនោះ
តែងពោលតាមលំអាននៃមន្ត ដែលពួកឥសីបានពោលមក តែងបង្រៀនតាមលំអាននៃមន្ត
ដែលពួកឥសីបានបង្រៀនមក ឥសីទាំងនោះ គឺឥសីណាខ្លះ គឺឥសីឈ្មោះអដ្ឋកៈ១ វាមកៈ១ វាមទេវៈ១
វេស្សាមិត្តៈ១ យមតគ្គិ១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ដូច្នេះឬ
ឥសីទាំងនោះ បានងូតទឹកដ៏ស្អាត លាបស្រឡាបដោយគ្រឿងក្រអូបសាយល្អ មានសក់
និងពុកមាត់កាត់ស្រេចហើយ ពាក់កម្រងផ្កា និងគ្រឿងប្រដាប់ ស្លៀកសំពត់ស
ជាអ្នកឆ្អែតស្កប់ស្កល់ មានគេផ្គាប់ផ្គុនបម្រើ ដោយកាមគុណ៥ ដូចជាខ្លួនអ្នក
ព្រមទាំងអាចារ្យ ក្នុងកាលឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ
មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ បរិភោគបាយ នៃស្រូវសាលី ប្រាសចាកមន្ទិល
មានសម្លច្រើនមុខ និងម្ហូបក្រៀមច្រើនមុខ ដូចជាខ្លួនអ្នក ព្រមទាំងអាចារ្យ ក្នុងកាលឥឡូវនេះ
យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ
ត្រេកត្រអាលដោយពួកស្ត្រីមានចង្កេះរៀវ ដោយសំពត់ព័ទ្ធព័ន្ធ ដូចជាខ្លួនអ្នក
ព្រមទាំងអាចារ្យ ក្នុងកាលឥឡូវនេះ យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ
មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ ត្រាច់ទៅដោយរថ ដែលទឹមដោយសេះ កាត់រោមកន្ទុយ
ចាក់ពាហនៈ ដោយដងចន្លួញដ៏វែង ដូចជាអ្នក ព្រមទាំងអាចារ្យ ក្នុងកាលឥឡូវនេះ
យ៉ាងនេះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ឥសីទាំងនោះ
ប្រើបុរសដែលសៀតដាវវែង ឲ្យរក្សាទៀបជើងកំពែងនគរ មានស្នាមភ្លោះព័ទ្ធជុំវិញ
ទាំងស៊កគន្លឹះខ្ជាប់ ដូចជាខ្លួនអ្នក ព្រមទាំងអាចារ្យ ក្នុងកាលឥឡូវនេះ យ៉ាងនេះដែរឬ។
បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនមែនដូច្នោះទេ។បេ។ ម្នាលអម្ពដ្ឋ ខ្លួនអ្នក
ព្រមទាំងអាចារ្យ មិនមែនជាឥសី មិនមែនជាអ្នកប្រតិបត្តិ ដើម្បីភាវៈជាឥសីទេ
ដោយប្រការដូច្នេះឯង ម្នាលអម្ពដ្ឋ ម្យ៉ាងទៀត អ្នកណា មានសេចក្តីសង្ស័យ
ឬងឿងឆ្ងល់ចំពោះតថាគត ឲ្យអ្នកនោះមកសួរប្រស្នា ចំពោះតថាគតចុះ តថាគត
នឹងជំរះដោះស្រាយឲ្យ។
[១៧០]
លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចេញអំពីវិហារ ហើយទ្រង់យាងទៅកាន់ទីចង្ក្រម។
អម្ពដ្ឋមាណព ក៏ចេញអំពីវិហារ ទៅកាន់ទីចង្រ្កមដែរ។ លំដាប់នោះ អម្ពដ្ឋមាណព
ក៏ចង្រ្កមតាមព្រះមានព្រះភាគ ដែលកំពុងចង្រ្កម
បានសង្កេតមើលនូវមហាបុរិសលក្ខណៈ៣២ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ។
លុះអម្ពដ្ឋមាណព បានឃើញនូវមហាបុរិសលក្ខណៈ៣២ប្រការ
ក្នុងព្រះកាយរបស់ព្រះមានព្រះភាគដោយច្រើន វៀរលែងតែមហាបុរិសលក្ខណៈ២ប្រការ គឺវត្ថគុយ្ហប្រទេស
ដែលស្រោបដោយស្រោម [អដ្ឋកថា ថា គុយ្ហប្រទេស របស់ព្រះមានព្រះភាគ ដូចជាអង្គជាតនៃគោ
និងដំរី ដែលលឹបចូល ឬបិទបាំងដោយស្រោម ស្រដៀងនឹងផ្ទៃនៃផ្កាឈូកមាស។]១
ព្រះជិវ្ហាល្មមល្វន់ល្វៃ [អណ្តាតពួកជនឯទៀត ក្រាស់ក៏មាន ស្តើងក៏មាន ខ្លីក៏មាន
មិនស្មើក៏មាន។ ឯព្រះជិវ្ហារបស់ព្រះមហាបុរស ទន់ វែង ទាំងធំទូលាយ ប្រកបដោយសម្បុរ។
ព្រះអង្គអាចមូរព្រះជិវ្ហានោះឲ្យស្រួចបាន ព្រោះព្រះជិវ្ហានោះទន់
ហើយស៊កចូលទៅដល់រន្ធព្រះនាសិក និងរន្ធព្រះកាណ៌ទាំងពីរបាន
ព្រោះព្រះជិវ្ហារបស់ព្រះអង្គវែង អាចបិទបាំងនូវព្រះនលាដ ត្រឹមជើងព្រះកេសាបាន
ព្រោះព្រះជិវ្ហាធំទូលាយ។]១ ក៏មានសេចក្តីងឿងឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។
គ្រានោះ ព្រះមានព្រះភាគ មានសេចក្តីត្រិះរិះដូច្នេះថា អម្ពដ្ឋមាណពនេះ
បានឃើញនូវមហាបុរិសលក្ខណៈ៣២ប្រការ របស់តថាគត ដោយច្រើនហើយ
វៀរលែងតែមហាបុរិសលក្ខណៈ២ប្រការ គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយស្រោម១ ព្រះជិវ្ហាល្មមល្វន់ល្វៃ១
ក៏មានសេចក្តីងឿងឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។ អម្ពដ្ឋមាណព
បានឃើញវត្ថគុយ្ហប្រទេស ដែលលឹបចូលទៅក្នុងស្រោម របស់ព្រះមានព្រះភាគយ៉ាងណា លំដាប់នោះ
ព្រះមានព្រះភាគ ក៏ទ្រង់និម្មិតនូវរូប ដែលសម្រេចដោយឫទ្ធិយ៉ាងនោះ។ គ្រានោះ
ព្រះមានព្រះភាគ ទ្រង់លៀននូវព្រះជិវ្ហា ហើយមូរស៊កតាមរន្ធព្រះកាណ៌ទាំងពីរផង
មូរស៊កតាមរន្ធព្រះនាសិកទាំងពីរផង បិទបាំងនូវមណ្ឌលនៃព្រះនលាដទាំងអស់
ដោយព្រះជិវ្ហាផង។
[១៧១]
គ្រានោះ អម្ពដ្ឋមាណព មានសេចក្តីត្រិះរិះដូច្នេះថា ព្រះសមណគោតម
ប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ គ្រប់គ្រាន់ មិនមែនមិនគ្រប់គ្រាន់ទេ។ អម្ពដ្ឋមាណព
បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ណ្ហើយចុះ
យើងជាអ្នកមានកិច្ចច្រើន យើងជាអ្នកមានការងារត្រូវធ្វើច្រើន សូមលាទៅក្នុងកាលឥឡូវនេះ។
ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអម្ពដ្ឋ អ្នកសំគាល់មើលនូវកាលដ៏សមគួរ ក្នុងវេលានេះចុះ។
លំដាប់នោះ អម្ពដ្ឋមាណព ក៏ឡើងជិះរថ ទឹមដោយសេះ បរចេញទៅ។
[១៧២]
សម័យនោះឯង បោក្ខរសាតិព្រាហ្មណ៍ ក្រោកឡើង ដើរចេញទៅជាមួយនឹងពួកព្រាហ្មណ៍ច្រើននាក់
ទៅអង្គុយក្នុងអារាមរបស់ខ្លួន រង់ចាំអម្ពដ្ឋមាណពនោះដែរ។ គ្រានោះ អម្ពដ្ឋមាណព
បររថសំដៅទៅរកអារាមរបស់ខ្លួន បរយានទៅទល់ត្រឹមទីដែលល្មមឈប់យាន ហើយក៏ចុះអំពីយាន
ដើរទៅដោយជើងទទេ ចូលសំដៅទៅរកបោក្ខរសាតិព្រាហ្មណ៍ លុះចូលទៅដល់ហើយ
ក៏សំពះបោក្ខរសាតិព្រាហ្មណ៍ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអម្ពដ្ឋមាណព
អង្គុយក្នុងទីដ៏សមគួរស៊ប់ហើយ បោក្ខរសាតិព្រាហ្មណ៍ ក៏បានពោលពាក្យនេះថា ម្នាលអម្ពដ្ឋ
អ្នកបានឃើញព្រះគោតមដ៏ចំរើននោះដែរឬ។ អម្ពដ្ឋមាណពឆ្លើយថា បពិត្រលោកដ៏ចំរើន
យើងខ្ញុំបានឃើញព្រះគោតមដ៏ចំរើននោះហើយ។ បោក្ខរសាតិព្រាហ្មណ៍សួរថា ម្នាលអម្ពដ្ឋ
កិត្តិសព្ទសរសើរព្រះគោតមដ៏ចំរើននោះ ល្បីខ្ចរខ្ចាយ មានដូច្នោះមែនឬ ឬមិនមែនដូច្នោះទេ
ម្នាលអ្នកដ៏ចំរើន ចុះព្រះគោតមដ៏ចំរើននោះ ព្រះអង្គ ប្រាកដដូច្នោះមែន
មិនមែនផ្សេងពីនោះទេឬ។ អម្ពដ្ឋមាណពឆ្លើយថា បពិត្រលោកដ៏ចំរើន
កិត្តិសព្ទសរសើរព្រះគោតមដ៏ចំរើននោះ ល្បីខ្ចរខ្ចាយទៅ មានដូច្នោះមែន
មិនមែនជាយ៉ាងដទៃទេ បពិត្រលោកដ៏ចំរើន ព្រះគោតមដ៏ចំរើននោះ ព្រះអង្គ ប្រាកដដូច្នោះមែន
មិនមែនផ្សេងពីនោះទេ បពិត្រលោកដ៏ចំរើន ព្រះគោតមដ៏ចំរើននោះ
ប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ ដ៏បរិបូណ៌ មិនមែនមិនបរិបូណ៌ទេ។
បោក្ខរសាតិព្រាហ្មណ៍សួរថា ម្នាលអម្ពដ្ឋ ចុះអ្នកបាននិយាយចរចា
ជាមួយនឹងព្រះសមណគោតមខ្លះដែរឬ។ អម្ពដ្ឋមាណពឆ្លើយថា បពិត្រលោកដ៏ចំរើន
ខ្ញុំបាននិយាយចរចា ជាមួយនឹងព្រះសមណគោតមខ្លះដែរ។ បោក្ខរសាតិព្រាហ្មណ៍សួរថា
ម្នាលអម្ពដ្ឋ ចុះអ្នកនិយាយចរចាជាមួយនឹងព្រះសមណគោតម ថាដូចម្តេចខ្លះ។ លំដាប់នោះ
អម្ពដ្ឋមាណពបានដំណាលពាក្យដែលខ្លួនបានចរចា ជាមួយនឹងព្រះមានព្រះភាគ
ប្រាប់បោក្ខរសាតិព្រាហ្មណ៍ ដោយសព្វគ្រប់។
[១៧៣]
កាលដែលអម្ពដ្ឋមាណពពោលយ៉ាងនេះហើយ បោក្ខរសាតិព្រាហ្មណ៍ ក៏ពោលពាក្យនេះ
នឹងអម្ពដ្ឋមាណពថា ឱ អាចង្រៃ អ្នកប្រាជ្ញយើង ឱ អាចង្រៃ អ្នកពហុស្សូតយើង ឱ អាចង្រៃ
អ្នកត្រៃវិជ្ជាយើង នែអ្នកដ៏ចំរើន បានឮថា ព្រោះតែការប្រព្រឹត្តនូវប្រយោជន៍
មានសភាពយ៉ាងនេះ បុរស លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ
ត្រូវចូលទៅកាន់តិរច្ឆាន ប្រេត អសុរកាយ នរក ម្នាលអម្ពដ្ឋ អ្នកបានពោលស្ទាក់ទទឹងទាស់
យ៉ាងនេះ នឹងព្រះគោតមដ៏ចំរើននោះ ដោយពាក្យណា ខណៈនោះ ព្រះគោតមដ៏ចំរើន
ត្រឡប់យកពាក្យនោះ មកនិយាយជាគ្រឿងប្រៀបធៀបនឹងពួកយើងយ៉ាងនោះៗ ឱ អាចង្រៃ
អ្នកប្រាជ្ញយើង ឱ អាចង្រៃ អ្នកពហុស្សូតយើង ឱ អាចង្រៃ អ្នកត្រៃវិជ្ជាយើង
នែអ្នកដ៏ចំរើន បានឮថា ព្រោះតែការប្រព្រឹត្តនូវប្រយោជន៍ មានសភាពយ៉ាងនេះ បុរស
លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ត្រូវចូលទៅកាន់តិរច្ឆាន ប្រេត អសុរកាយ
នរក។ បោក្ខរសាតិព្រាហ្មណ៍ ក៏ខឹងអាក់អន់ចិត្ត ធាក់អម្ពដ្ឋមាណពផ្តួល
រួចក៏ចង់ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងវេលាមួយរំពេចនោះ។ គ្រានោះ ព្រាហ្មណ៍ទាំងនោះ
បានពោលពាក្យនេះ នឹងបោក្ខរសាតិព្រាហ្មណ៍ថា បពិត្រលោកដ៏ចំរើន ថ្ងៃនេះហួសកាល
នឹងដើរទៅរកព្រះសមណគោតមហើយ ចាំព្រឹកស្អែកសិន សឹមលោកបោក្ខរសាតិដ៏ចំរើន
អញ្ជើញទៅជួបនឹងព្រះសមណគោតមចុះ។
[១៧៤]
លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ ឲ្យគេចាត់ចែងខាទនីយៈ ភោជនីយាហារដ៏ផ្ចិតផ្ចង់
ក្នុងលំនៅរបស់ខ្លួន ហើយឲ្យលើកដាក់ក្នុងរទេះ មានមនុស្សកាន់គប់ភ្លើងនាំមុខ
បរចេញអំពីឧក្កដ្ឋនគរ សំដៅទៅរកដងព្រៃ ឈ្មោះឥច្ឆានង្គលៈ បរយានទៅទល់ត្រឹមទីដែលល្មម
ឈប់យានហើយ ក៏ចុះអំពីយាន ដើរទៅដោយជើងទទេ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល
នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យដែលគួររលឹកហើយ
ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះបោក្ខរសាតិព្រាហ្មណ៍អង្គុយក្នុងទីដ៏សមគួរហើយ
ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន អម្ពដ្ឋមាណព
ជាកូនសិស្សរបស់ខ្ញុំ បានមកក្នុងទីនេះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ម្នាលព្រាហ្មណ៍ អម្ពដ្ឋមាណព ជាកូនសិស្សរបស់អ្នក បានមកក្នុងទីនេះដែរ។
បោក្ខរសាតិព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន
ចុះព្រះអង្គបានពោលចរចាពាក្យណាមួយ ជាមួយនឹងអម្ពដ្ឋមាណពដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា
ម្នាលព្រាហ្មណ៍ តថាគតបានពោលចរចាពាក្យនីមួយ នឹងមាណពខ្លះដែរ។
បោក្ខរសាតិព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ពាក្យនីមួយ
ដែលព្រះអង្គបានពោលចរចា ជាមួយនឹងអម្ពដ្ឋមាណពនោះ តើដូចម្តេចខ្លះ។ លំដាប់នោះ
ព្រះមានព្រះភាគ ក៏បានប្រាប់ពាក្យដែលបានពោលចរចា ជាមួយនឹងអម្ពដ្ឋមាណពទាំងអម្បាលនោះ
ដល់បោក្ខរសាតិព្រាហ្មណ៍ ដោយសព្វគ្រប់។
[១៧៥]
កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ
ទើបបោក្ខរសាតិព្រាហ្មណ៍ពោលពាក្យយ៉ាងនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន
អម្ពដ្ឋមាណព ជាមនុស្សល្ងង់ សូមព្រះគោតមដ៏ចំរើន អត់ទោស ដល់អម្ពដ្ឋមាណពផងចុះ។
ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សូមឲ្យអម្ពដ្ឋមាណព មានសេចក្តីសុខចុះ។
លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ បានសង្កេតមើល នូវមហាបុរិសលក្ខណៈ៣២ប្រការ
ក្នុងព្រះកាយរបស់ព្រះមានព្រះភាគ។ បោក្ខរសាតិព្រាហ្មណ៍
ក៏បានឃើញមហាបុរិសលក្ខណៈ៣២ប្រការ ក្នុងព្រះកាយរបស់ព្រះមានព្រះភាគដោយច្រើនហើយ វៀរលែងតែមហាបុរិសលក្ខណៈ២ប្រការ
គឺវត្ថគុយ្ហប្រទេស ដែលស្រោបដោយស្រោម១ ព្រះជិវ្ហាល្មមល្វន់ល្វៃ១
ក៏មានសេចក្តីងឿងឆ្ងល់ សង្ស័យ មិនស៊ប់ចិត្ត មិនជ្រះថ្លា។ គ្រានោះ ព្រះមានព្រះភាគ
មានសេចក្តីត្រិះរិះដូច្នេះថា បោក្ខរសាតិព្រាហ្មណ៍នេះ បានឃើញមហាបុរិសលក្ខណៈ៣២ប្រការ
របស់តថាគត ដោយច្រើនហើយ វៀរលែងតែមហាបុរិសលក្ខណៈ២ប្រការ គឺវត្ថគុយ្ហប្រទេស
ដែលស្រោបដោយស្រោម១ ព្រះជិវ្ហាល្មមល្វន់ល្វៃ១ ក៏មានសេចក្តីងឿងឆ្ងល់ សង្ស័យ
មិនស៊ប់ចិត្ត មិនជ្រះថ្លា។ បោក្ខរសាតិព្រាហ្មណ៍ បានឃើញនូវវត្ថគុយ្ហប្រទេស
ដែលស្រោបដោយស្រោម របស់ព្រះមានព្រះភាគយ៉ាងណា លំដាប់នោះ ព្រះមានព្រះភាគ
ក៏ទ្រង់និម្មិតនូវរូប ដែលសម្រេចដោយឫទ្ធិយ៉ាងនោះឯង។ គ្រានោះ ព្រះមានព្រះភាគ
ទ្រង់លៀននូវព្រះជិវ្ហា ហើយមូរស៊កតាមរន្ធព្រះកាណ៌ទាំងពីរ
មូរស៊កតាមរន្ធព្រះនាសិកទាំងពីរ ទាំងបិទបាំងនូវមណ្ឌលនៃព្រះនលាដទាំងអស់
ដោយព្រះជិវ្ហា។ លំដាប់នោះ បោក្ខរសាតិព្រាហ្មណ៍ មានសេចក្តីត្រិះរិះដូច្នេះថា
ព្រះសមណគោតម ប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ ដ៏បរិបូណ៌មែន មិនមែនខ្វះខាតទេ។
គាត់ក៏ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ
ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃនេះ។ ព្រះមានព្រះភាគ
ទ្រង់ទទួលដោយតុណ្ហីភាព។ កាលបើបោក្ខរសាតិព្រាហ្មណ៍ បានដឹងថា ព្រះមានព្រះភាគ
ទទួលនិមន្តហើយ ក៏បង្គាប់ឲ្យគេក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគថា
បពិត្រព្រះគោតមដ៏ចំរើន កាលដល់ហើយ ភត្តក៏សម្រេចហើយ។
[១៧៦]
វេលានោះ ក្នុងបុព្វណ្ហសម័យ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ស្តេចចូលទៅកាន់លំនៅនៃបោក្ខរសាតិព្រាហ្មណ៍
ព្រមដោយព្រះភិក្ខុសង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ កាលនោះ
បោក្ខរសាតិព្រាហ្មណ៍ បានអង្គាសព្រះមានព្រះភាគ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់
ដោយដៃខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ចំណែកពួកមាណព ក៏អង្គាសភិក្ខុសង្ឃឲ្យឆ្អែតស្កប់ស្កល់។
កាលបើបោក្ខរសាតិព្រាហ្មណ៍ ដឹងថា ព្រះមានព្រះភាគ សោយរួចហើយ
លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យកអាសនៈមួយទាបជាង អង្គុយក្នុងទីដ៏សមគួរ។
ព្រះមានព្រះភាគ បានទ្រង់សំដែងនូវអនុបុព្វីកថា ចំពោះបោក្ខរសាតិព្រាហ្មណ៍
ដែលអង្គុយក្នុងទីដ៏សមគួរ អនុបុព្វីកថានោះ តើដូចម្តេច គឺព្រះអង្គប្រកាសនូវទានកថា១
សីលកថា១ សគ្គកថា១ កាមាទីនវកថា ដ៏លាមក អាក្រក់សៅហ្មង១ នេក្ខម្មានិសង្សកថា១។
ព្រះមានព្រះភាគ ទ្រង់ជ្រាបថា បោក្ខរសាតិព្រាហ្មណ៍ មានចិត្តស្រួល មានចិត្តទន់
មានចិត្តប្រាសចាកនីវរណធម៌ មានចិត្តរីករាយ មានចិត្តជ្រះថ្លាក្នុងកាលណា ព្រះអង្គក៏ទ្រង់ប្រកាសព្រះធម្មទេសនា
ដែលព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច១ សមុទយសច្ច១
និរោធសច្ច១ មគ្គសច្ច១ ដល់បោក្ខរសាតិព្រាហ្មណ៍នោះ ក្នុងកាលនោះ។ សំពត់ដ៏ស្អាត
ប្រាសចាកពណ៌ខ្មៅ គួរទទួលនូវគ្រឿងជ្រលក់ដោយល្អ យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ
ដ៏ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់បោក្ខរសាតិព្រាហ្មណ៍ លើអាសនៈនោះឯងថា
ធម្មជាតណានីមួយដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ រមែងរលត់ទៅវិញជាធម្មតា
មានឧបមេយ្យដូច្នោះឯង។
[១៧៧]
គ្រានោះ បោក្ខរសាតិព្រាហ្មណ៍ ឃើញអរិយសច្ចធម៌ច្បាស់ហើយ បានដល់អរិយសច្ចធម៌ហើយ បានដឹងច្បាស់អរិយសច្ចធម៌ហើយ
បានចុះចិត្តស៊ប់ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានសេចក្តីងឿងឆ្ងល់
ដល់នូវសេចក្តីក្លៀវក្លា មិនបាច់មានអ្នកដទៃដឹកនាំ
ក្នុងពាក្យប្រៀនប្រដៅរបស់ព្រះសាស្តា ទើបក្រាបបង្គំទូលព្រះមានព្រះភាគថា
បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់
បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសដោយអនេកបរិយាយនេះឯង
ប្រៀបដូចជាបុគ្គលបើករបស់ដែលផ្កាប់ឲ្យផ្ងារឡើង ឬដូចគេបើកបង្ហាញរបស់ដែលគេបិទបាំងទុក
ឬដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹតដោយគិតថា
មនុស្សដែលមានភ្នែក (ភ្លឺ) នឹងមើលឃើញនូវរូបទាំងឡាយបាន បពិត្រព្រះគោតមដ៏ចំរើន
ខ្ញុំព្រះអង្គ ព្រមទាំងបុត្រ ភរិយា និងបរិសទ្យ ព្រមទាំងអាមាត្យ
សូមដល់នូវព្រះគោតមដ៏ចំរើនផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាសរណៈ
សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យ
ជាសរណៈ ស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ ម្យ៉ាងទៀត (បើ) ព្រះគោតមដ៏ចំរើន
ស្តេចចូលទៅរកត្រកូលឧបាសកឯទៀត ក្នុងឧក្កដ្ឋនគរយ៉ាងណា សូមព្រះគោតមដ៏ចំរើន
ចូលមករកត្រកូលបោក្ខរសាតិ ក៏យ៉ាងនោះដែរ នឹងបានពួកមនុស្សកំឡោះក្រមុំណា ក្នុងត្រកូលនោះៗ
ក្រាបថ្វាយបង្គំ ក្រោកទទួល ឬថ្វាយអាសនៈ ឬទឹក ឬធ្វើចិត្តជ្រះថ្លា
ចំពោះព្រះគោតមដ៏ចំរើន កិច្ចមានការថ្វាយបង្គំជាដើមនោះ គង់ជាប្រយោជន៍ និងសេចក្តីសុខ
ដល់ពួកជនកំឡោះក្រមុំទាំងនោះ អស់កាលជាអង្វែង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា
ម្នាលព្រាហ្មណ៍ ពាក្យដែលអ្នកនិយាយ (មកនេះ) ពីរោះហើយ។
ចប់ អម្ពដ្ឋសូត្រ ទី៣។
No comments:
Post a Comment